Friday, January 4, 2013

សេច​ក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​ប្រជុំ​នៃ​សម័យ​ប្រជុំ​ពេញ​អង្គគណៈ​រដ្ឋមន្ត្រី ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៣



សម្តេច​តេជោ៖ឆ្នួន​ផ្ទុះ​សន្តិភាព​មួយ​បាន​កើត​លើ​ទឹកដី​ប៉ៃលិន



ក្នុង​កាស​អញ្ជើញ​ចូល​រួម​ជា​អធិបតី​កាត់​ខ្សែ​បូរ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់ នូវ​សមិទ្ធផល​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន នា​ថ្ងៃ​ទី​៣ ខែ​មករា ​ឆ្នាំ២០១៣ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ស្ថាបនិក​នៃ​នយោ​បាយ​ឈ្នះឈ្នះ ដែល​អម​ដំណើរ​ដោយ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី បាន​សម្តែង​ការ​រីក​រាយ ចំពោះ​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​របស់​ខេត្ត​ប៉ៃលិន ដែល​ជា​ខេត្ត​មួយ​ស្ថិត​នៅ​ភូមិភាគ​ពាយព្យ​ជាប់​ព្រំដែន​ថៃ និង​ជា​អតីត​តំបន់​ខ្មែរ​ក្រហម ​ដែល​បាន​ធ្វើ​សមាហរណ​កម្ម​ទ្រង់​ទ្រាយ​ធំ​លើក​ដំបូង​ជាមួយ​រាជរដ្ឋា​ភិបាល​កាលពី​ឆ្នាំ១៩៩៦ ដែល​ជា​ជំហាន​ឆ្ពោះ​ទៅ​រកការ​ដួល​រលំ​នៃ​ពួក​ខ្មែរក្រហម​ ទាំង​អង្គការ​ចាត់​តាំង​នយោ​បាយ និង​យោធា​នៅ​ឆ្នាំ១៩៩៨។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​ពិតជា​មានការ​រីករាយ​ ដោយ​សារ​តែ​ប៉ៃលិន​បច្ចុប្បន្ន​ មិន​មែន​ជា​ក្រុងប៉ៃលិន​កាល​ពី​អតីត​កាល ដែល​សង្គ្រាម​បាន​ផ្ទុះឡើង​ក្រោយពី​រដ្ឋ​ប្រហារ​ថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​១៩៧០។ បន្ទាប់​មក​នៅ​ក្នុង​ដំណាក់​កាល​១៩៧០-៧៥ គ្មាន​ទេ​សេចក្តី​សុខ​សម្រាប់​កុមារ ដែល​បាន​កើត​នៅ​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ១៩៧០ និង​បន្ទាប់​មក​ទៀត​កុមារ​ដែល​រស់​នៅ​ក្នុង​ជំនាន់ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥-១៩៧៩ ក៏គ្មាន​ទេ​នូវ​សេចក្តី​សុខ។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា មិន​គ្រាន់តែ​តំបន់​នេះ​ទេ ប៉ុន្តែ​នៅ​ទូទាំង​ប្រទេស​របប​ប្រល័យ​ពូជ​សាសន៍​មួយ ​បាន​កាប់​សម្លាប់​ប្រជា​ពល​រដ្ឋ​របស់​យើង ហើយ​បន្ត​មក​ទៀត តំបន់​នៃ​សង្គ្រាម​នេះ​ គឺ​គ្មាន​ទេ​សេចក្តី​សុខ​សម្រាប់​កុមារ និង​យុវជន​ដែល​កើត​ក្នុង​តំបន់​នេះ។

សម្តេច​តេជោ​ដែល​ធ្លាប់​បាន​អញ្ជើញ​មក​ដោយ​ផ្ទាល់​កាលពី​អំឡុង​ឆ្នាំ​១៩៩៦ ទទួល​ស្វាគមន៍​បង​ប្អូន​កម្លាំង​ប្រដាប់​អាវុធខ្មែរ​ក្រហម​ ដែល​ផ្តាច់​ខ្លួនមក​ធ្វើ​សមាហរណកម្ម​ជា​មួយ​រដ្ឋាភិបាល​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​យុវជន​ដែល​កើត​នៅ​ក្រោយ​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០ មក​ទល់​នឹង​ពេល​ធ្វើ​សមាហរណកម្ម​ឆ្នាំ១៩៩៦ គឺ​មាន​រយៈ​ពេល​២៦​ឆ្នាំ​ ទើប​ពួកគេ​ទទួល​នូវ​សមិ​ទ្ធ​ផល​ពី​សន្តិភាព​តាម​រយៈនៃ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​ខ្ញុំ​បាន​ដាក់​ចេញ និង​ដឹកនាំ​អនុ​វត្តន៍។

សម្តេច​តេជោ​សែន​មាន​ប្រសាសន៍​ថា ខ្ញុំ​ពិតជា​មាន​មោទនភាព​ដែល​បាន​កើត​​នៅ​លើ​ទឹកដី​ខ្មែរ ហើយ​ដែល​បាន​រួម​ចំណែក​ជាមួយ​ជន​រួម​ជាតិ​របស់​យើង​អនុវត្ត​នូវ​នយោបាយ​ឈ្នះ​ឈ្នះ នាំ​មក​នូ​វ​សន្តិភាព​ទាំងស្រុង​ជូន​ជាតិ​មាតុភូមិ​របស់​យើង ហើយ​អ្វី​ដែល​ខ្ញុំ​រីករាយ​បំផុត​នៅ​ត្រង់​ថា​សមិទ្ធ​ផល​ដែល​បាន​មក​ពី​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បាន​ចាប់​សាកល្បង​នៅ​ដើម​ឆ្នាំ១៩៩៦ នៅ​តំបន់​ឱ​រ៉ា​ល់ បន្ទាប់​មក​ឆ្នួន​ផ្ទុះ​សន្តិភាព​មួយ​បាន​កើត​លើ​ទឹកដី​ប៉ៃលិន។

ទាក់​ទង​នឹង​ការ​អនុវត្តន៍​នយោបាយ​ឈ្នះ​ឈ្នះ​ លុប​បំបាត់​ចោល​អង្គការ​ចាត់​តាំង​យោធា និង​នយោបាយ​របស់​ខ្មែរក្រហម​ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​លើក​ជា​សំណួរ​ថា តើ​អ្នក​ប៉ៃ​លិន​ខាត ​ឬ​ចំណេ​ញ ​ដែល​យើង​បាន​អនុវត្តន៍​នយោបាយ​ឈ្នះ​ឈ្នះ បញ្ចប់​នូវ​សង្គ្រាម​ដែល​អ្នក​ជំនាន់​មុន​បាន​ផ្តើម បាន​សាង​ឡើង ជា​ពិសេស​រដ្ឋប្រហារ ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​១៩៧០?។ សូម្បី​តែ​អ៊ុនតាក់​ ​ដែលបាន​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ ២០០០​លាន​ដុល្លារ​សហ​រដ្ឋ​អា​មេ​រិកក៏​មិន​អាច​ដោះ​ស្រាយ​បាន​ដែរ។ សម្តេច​តេជោ​បញ្ជាក់​ថា ​ប្រធាន អនុប្រធាន​អ៊ុនតាក់ មេ​បញ្ជា​ការ​យោធា​របស់​អ៊ុនតាក់មកដល់​ប៉ៃលិន​អត់​ហ៊ាន​ចូលទេ ប៉ុន្តែ ហ៊ុន សែន អាច​ចូល​ក្នុង​ប៉ៃលិន​បាន ហើយ​ប្រជាពល​រដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស ពិសេស​ប្រជាពលរដ្ឋ​នៅ​ប៉ៃលិន​សុទ្ធ​តែ​បាន​ទទួល​ផល​ប្រយោជន៍ ដោយ​គ្មាន​អ្នក​ណាមួយ​ចាញ់​នៅ​ក្នុង​ល្បែង​នៃ​នយោបាយឈ្នះ​ឈ្នះទេ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា សម្រាប់​បញ្ហា​ក្តីក្តាំ​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​ គឺជា រឿង​មួយ ប៉ុន្តែ​សម្រាប់​ប្រជាជន​នៅ​ទូទាំងប្រទេស​ត្រូវ​ទទួលស្គាល់​ថា ផល​ប្រយោជន៍​ដែល​ទទួល​បាន​ មកពី​ឆ្នួន​ផ្ទុះ​សន្តិភាព​នៅ​តំបន់​ប៉ៃលិន។ និយាយ​ជា​រួម​បើ​យើង​មិន​ដាក់​ចេញ​នយោ​បាយ​ឈ្នះ​ឈ្នះ សេចក្តី​សុខ​មិនមែន​ត្រឹមតែ​គ្មាន​សម្រាប់​អ្នក​ប៉ៃលិន​ទេ អ្នក​នៅ​បាត់​ដំ​បង អ្នក​នៅ​ទូទាំង​ប្រទេស​ក៏​អត់​មាន​សេចក្តី​សុខ​ដែរ ដោយសារ​ត្រូវ​បញ្ជូន​​ភស្តុភារ និង​ថវិកា​មក​រ៉ាប់រង សង្គ្រាម​នៅ​តំបន់​ប៉ៃលិន​នេះ។

សម្តេច​តេជោ​ ហ៊ុន សែន មាន​ប្រសាសន៍​បញ្ជាក់​ថា ខ្ញុំ​គិត​ថា សន្តិភាព​ដែល​បាន​កើតក្រោម​នយោបាយ​ឈ្នះ​ឈ្នះ ចាប់ពី​តំបន់​ប៉ៃលិន​ទៅ​តំបន់​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​ វា​បាន​ផ្តល់​នូវ សេចក្តី​សុខ​សម្រាប់​យើង​ទាំងអស់​គ្នា ហើយ​សមិទ្ធផល​ទាំង​ឡាយ​ដែល​បាន​កើត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន និង​នៅ​ទូទាំង​ប្រទេស ប្រាកដ​ណាស់​ គឺកើត​មកពី​នយោបាយ​ឈ្នះ​ឈ្នះ នេះ​ឯង។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​រំលឹក​ពី​អតីត​កាល នៃ​ការ​អនុវត្តន៍​នយោបាយ​បង្រួប​បង្រួម​ជាតិ​របស់​សម្តេច​ថា ខ្ញុំ​បាន​មើល​ឃើញ​ច្បាស់​តាំងពី​ការ​ចាប់​ផ្តើម​នៃ​តួនាទី​ជា​រដ្ឋមន្ត្រីការប​រទេស និង​បន្ទាប់​ទៅជា​នាយករដ្ឋមន្ត្រី ខ្ញុំ​មិន​ដែល​ជឿ​ថា នឹង​យក​សង្គ្រាម​ដើម្បី​បញ្ចប់​សង្គ្រាម​ទេ ដូច្នេះ​បានជា​ខ្ញុំ​ត្រូវ​ចរចាសន្តិភាព ដែល​ជំហាន​ដំបូង​ថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ​ហ្វ៊ែ​រ​អង់​តា​ឌឺ​ន័​រ ជាមួយ​សម្តេចព្រះ​នរោត្តម សីហនុ។ បន្ទាប់​មក​ទៀត​បាន​សាក​ល្បង​នៅ​ឱ​រ៉ាល់​នៃ​នយោ​បាយ​ឈ្នះ​ឈ្នះ រុញច្រាន​សភាពការណ៍​មក​ដល់​ប៉ៃលិន។

សូម​បញ្ជាក់​ថា នយោបាយ​ឈ្នះឈ្នះ មាន ៣​ចំណុច ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​បងប្អូន​អតីត​ខ្មែរ​ក្រហម ​ដែល​បានផ្តាច់​ខ្លួន​ធ្វើ​សមាហរណកម្ម​ជាមួយ​សង្គម​ជាតិគឺ​ ទី១-ធានា​អាយុ​ជីវិត និង​សុវត្ថិភាព​រូប​កាយ។ ទី២-ធានា​អាជីព និង​មុខរបរ និង​ទី៣-ធានា​សន្តិសុខ​លើ​ទ្រព្យ​សម្បត្តិ ទាំង​អចលនទ្រព្យ និង​ចលនទ្រព្យ។

ទាក់​ទង​នឹង​បញ្ហា​នេះ​សម្តេច​តេជោ​សែន​មាន​ប្រសាសន៍​ថា នយោបាយ​ឈ្នះ​ឈ្នះ ដែល​មាន​ចំណុច​ទាំង​៣ នេះ បាន​ធ្វើ​ឲ្យ​អង្គការ​ចាត់​តាំង​នយោបាយ និង​យោធា​មួយ​ត្រូវ​រលំរលាយ ហើយ​ខ្ញុំ​បាន​សិក្សា​ពី​ចិត្ត​សាស្ត្រ​របស់​បងប្អូន​ច្បាស់​ណាស់ ហើយ​យើង​អាច​ធ្វើ​បានដោយ​មិន​បាន​ចំណាយ​គ្រាប់​កាំភ្លើង​សូម្បី​មួយ​គ្រាប់​នោះ​ឡើយ។

ក្នុង​កាស​អញ្ជើញ​ចូល​រួម​ជា​អធិបតីកាត់​ខ្សែ​បូរ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់ នូវសមិទ្ធផល​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដោយ​មាន​ការ​ចូល​រួម​អបអរសាទរ ពី​សំណាក់​អភិបាល​ខេត្ត​ច័ន្ទបូរី អភិបាល​ស្រុក​ពោង​ណាំរុន អភិបាល​រង​ស្រុក លោក​ឧត្តម​នាវាទោ ល ស៊ុនថៃ លោក យ៉ាណយ ឆៃយ៉ា មេបញ្ជា​ការ​កងកម្លាំង​ការពារ​ព្រំដែន​នៃ​ព្រះរាជា​ណាចក្រ​ថៃ​ផង ម្តេចតេជោ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា បាន​ធ្វើ​ការ​អំពាវនាវ​ទៅ​ភាគី​ថៃ កុំ​ឲ្យ​បិទ​ទ្វារ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ (ជា​ឯកតោ​ភាគី) ច្រើន​ដង​ពេក ប្រយ័ត្ន​ខាត​បង់​អត្ថប្រយោជន៍​ច្រើន​ផ្នែក​ពាណិជ្ជកម្ម ព្រោះ​ក្នុង​មួយ​ឆ្នាំ​ថៃ នាំ​ចូល​កម្ពុជា​ជាង ២.០០០លាន​ដុល្លារ។

ដោយ​ចាត់​ទុក​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ទទួល​បាន​ផល​ប្រយោជន៍​ល្អ សម្តេច​តេជោ​បាន​ស្នើ​ឲ្យ​ខេត្ត​ទាំង​ពីរ (ប៉ៃលិន-ច័ន្ទបូរី) និង​ខេត្ត​ដទៃ​ដែល​ជាប់​ព្រំដែន​កម្ពុជា-​ថៃ ត្រូវ​មាន​ការសហការ​គ្នា​ឲ្យបាន​ល្អ ក្នុង​ការអនុវត្តន៍​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិ​បាល​នៃ​ប្រទេស​ទាំង​ពីរ ចៀស​វាង​កា​របិទច្រក​ព្រំដែន​ច្រើនដង ដែល​នាំ​ឲ្យ​ខាត​បង់​ផលប្រ យោ​ជន៍ផ្នែក​ពាណិជ្ជកម្ម​របស់​ប្រទេស​ថៃ។

សមិទ្ធផល​នានា​ជា​សំណង់​ប្រវត្តិសាស្ត្រ​ ដែល​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ ​ដោយ​សម្តេច​តេជោ និង​លោក​ជំទាវកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅ​ពេល​នេះ​ រួមមាន​សំណង់​រូបសំណាក​លោកយាយ​យ៉ាត​ឆ្លាក់​ពី​ថ្លើម​ថ្មភ្នំ​ព្រះវិហារ​មាន​កំពស់ ៣,៩ម៉ែត្រ ភ្នែន ២,៤ម៉ែត្រ​ មាន​ទម្ងន់ ៣០តោន ​ចំណាយ​អស់​ថវិកា ១៥១ ៥០០ដុល្លារ​អាមេរិក។ ព្រះ​ពុទ្ធរូប​ផ្ចាញ់​មារ កំពស់ ២៧ម៉ែត្រ​ស្ថិត​នៅ​លើ​កំពូលភ្នំ​យ៉ាត​ ចំណាយ​អស់​ថវិកា ៩៤ ១០០ដុល្លារ​អាមេរិក​ រូបសំណាកហ្លួង​ព្រះ​ស្តេច​កន ​ចំណាយ​អស់​ថវិកា ១៥៦ ៥០០ដុល្លារ​អាមេរិក សួន​ឧ​ស្យា​ន និង​ទីកន្លែង​សំរាប់​ហាត់ប្រាណ​ ចំណាយ​អស់​ថវិកា ២២ ៥០០ដុល្លារ​អាមេរិក ​រូប​សំណាក​សេះ​មាស​ចំនួន៨ ចំណាយ​អស់​ថវិកា ២៦ ៧៥០ដុល្លារ​អាមេរិក ពិសេស​ការ​កសាង​សំណង់​ប្រវត្តិសាស្ត្រ​វិមានឯករាជ្យ ដែល​ជា​សមិទ្ធផលដ៏​ថ្លៃថ្លា​បំផុត​សំរាប់​ថ្នាក់ដឹកនាំ និង​ប្រជា​ពលរដ្ឋ​ខេត្ត​ប៉ៃលិន ​ដែល​បាន​កសាង​ឡើង​នៅ​ថ្ងៃទី១៥ ខែ​ធ្នូ ឆ្នាំ២០១១ និង​បញ្ចប់​ការ​សាង​សង់​នៅ​ថ្ងៃទី១៥ ខែ​ធ្នូ ​ឆ្នាំ២០១២ ចំណាយ​អស់​ថវិកា ២៨១ ៦៨៨ដុល្លារ​អាមេរិក​ រួម​ទាំង​សមិទ្ធផល​នានា ​ដូចជា​ផ្លូវ​ស្ពាន​ចំនួន១៧ ទៀត​ក្នុង​ខេត្ត​ប៉ៃលិន។

ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ អ៊ី ឈាន អភិបាលខេត្ត​ប៉ៃលិន​រាយការណ៍​ថា ចាប់​តាំង​ពី​​ការ​ធ្វើ សមាហរណកម្ម​នៅ​ថ្ងៃទី១៥ ខែ​សីហា ឆ្នាំ១៩៩៦ ដែល​ក្នុង​រយៈពេល​នេះ ​ក្រោម​នយោបាយ​អនុ​គ្រោះសណ្តោស​ប្រណី​ ពី​សំណាក់​រាជរដ្ឋាភិបាល ជាពិសេស ពី​សំណាក់​សម្តេច​​តេ​ជោ ហ៊ុន សែន ខេត្ត​ប៉ៃលិន​បាន​ទទួល​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​រុញ​ច្រាន​​ខេត្ត​ឲ្យ​រីក​ចំរើន​ ប្រែមុខមាត់​ថ្មី និង​ប្រែ​ខ្លួន​ពី​សំណល់​ខ្ទេចខ្ទាំ​នៃ​សង្គ្រាម​ពី​ទី​រហោ​ដ្ឋាន​គួរ​ឲ្យ​ខ្លាច ​មក​ជា​ទីកន្លែង​ទាក់ទាញ គួរ​ឲ្យ​ចង់​រស់នៅ។

ឯកឧត្តម ​អភិបាលខេត្ត​ថ្លែងបញ្ជាក់​ថា ទាំងអស់​នោះ​ គឺជា​លទ្ធផល​ផ្លែផ្កា​ពិតប្រាកដ​នៃនយោ​បា​យឈ្នះឈ្នះ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ​ពី​បែកបាក់​វេទ​នា មក​សប្បាយ ពី​ឃ្លាត ឆ្ងាយ​មក​ជួបជុំ ពី​ទ្រហោយំ មក​ក្អាកក្អាយ ពី​អន្តរា​យមក​រុងរឿង ដូច​ប៉ៃលិន​ក្នុង​ពេល​បច្ចុប្បន្ន ដែល​កំពុង​រីក​ស្រស់​បំព្រង។ អ្វី​ដែល​ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិនកាន់តែ​ដឹង​គុណ ហើយ​ចងចាំ​ក្នុង​ក្រអៅបេះដូង​មិន​អាច​បំភ្លេច​បាន​នោះ​ គឺ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​មិន​ត្រឹមតែ​ផ្តល់​នូវ​​ទំនុក​ចិត្ត ដើមទុន និង​លទ្ធភាព​ក្នុង​ការអភិវឌ្ឍ​​ខេត្ត​ឲ្យ​រីក​ចំរើន​ប៉ុណ្ណោះ​​ទេ​ ប៉ុន្តែ​សម្តេច​​តេជោ​ និង​លោកជំទាវ ​ថែមទាំង​បាន​ផ្តល់​នូវ​កិត្តិយស​ជា​ប្រវត្តិ​សាស្ត្រ​បន្ថែម​ទៀត ​ដោយបាន​ប្រទាន​កិត្តិនាម​ដល់​ខេត្ត​ប៉ៃលិន​ថា​ ជា​ប៉ៃលិន​ឆ្នួន​ផ្ទុះ​នៃ​សន្តិភាព៕