Tuesday, January 8, 2013

សម្តេច​តេ​ជោ​និង​លោក​ជំទាវ​បង្ហាញ​ពី​ទឹក​ចិត្ត​ចំពោះ​ក្មួយៗ​វីរ​និស្សិត​ស្ម័គ្រចិត្ត



សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី បាន​ប្រ​កាស​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៣ ថា មាន​តែ​ពាក្យ ៤ម៉ាត់ ​ប៉ុណ្ណោះ សម្រាប់​វីរ​និស្សិត​ស្ម័គ្រចិត្ត ​ដែល​បាន​ចុះ​បំពេញ​បេសក​កម្ម​វាស់វែង​ដីធ្លី​ជូន​ប្រជាជន ក្នុង​នយោ​បាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដី​ធ្លី «គឺ​ការ​ពេញ​ចិ​ត្ត ការ​ស្រឡាញ់ ការ​អាណិត និង​ការ​គោរព​ចំពោះ​ក្មួយ​កូនៗ​ទាំងឡាយ» ដែល​បាន​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​បេសក​កម្ម​ជា​ប្រវត្តិ​សាស្ត្រ​នេះ។
នៅ​ក្នុង​ពិធី​ជប់​លៀង​ជូន​វីរនិស្សិត​ស្ម័គ្រចិត្ត​ដែល​បាន​បញ្ចប់​បេសកកម្ម​ក្នុង​ជំហាន​ដំបូង ​នៅ​ទីក្រុង​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ​ សម្តេច​​តេ​ជោ​មាន​ប្រសាសន៍​ពន្យល់​ថា ការ​ពេញចិត្ត​គឺ​សំដៅ​ទៅ​លើ​គ្រប់​សកម្មភាព​ដែល​កូនៗ​ ក្មួយៗ ​បាន​បំពេញ​ជូន​ជាតិ និង​ប្រជាជន​របស់​យើង ដែល​នេះ​មិនមែន​ជា​ការ​ចៃដន្យ​ទេ ក៏ប៉ុន្តែ​ជា​សកម្មភាព​ដែល​មានការ​ទទួលខុសត្រូវ ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​ពេញចិត្ត​ពេញ​ថ្លើម ហើយ​ភាព​ឥត​ខ្ចោះ​នៅ​ទី​នេះ បាន​បង្កើត​នូវ​មោទន​ភាព ដែល​បាន​ធ្វើ​ឲ្យ​យុវជន​នេះ​ក្លាយទៅជា​យុវជន​គំរូ​សម្រាប់​យុវជន​ដទៃ​ទៀត ដែល​កំពុងតែ​ដើរ​ខុស​លើ​ផ្លូវ​ខុស ដែល​មាន​ការ​សេព​គ្រឿងញៀន​ជាដើម។ ការ​ស្រ​ឡាញ់​របស់​សម្តេច​គឺ​សំដៅ​ទៅរក​ចរិត​ស្លូតបូត សុភាព​រាបសារ យល់​ពី​ការ​លំបាក​របស់​ប្រជាជន មាន​វិន័យ មាន​សមត្ថភាព មានការ​ទទួល​ខុស​ត្រូវ និង​មាន​សាមគ្គីភាព​ផ្តល់​នូវ​ការ​ស្រឡាញ់​ពេញចិត្ត​ពេញ​ថ្លើម​ពី​សំណាក់​អ្នក​ទទួល​ខុស​ត្រូវ ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ឯ​មូលដ្ឋាន ពី​សំណាក់​មន្ត្រី​ដែល​ធ្វើការ​ជាមួយគ្នា និង​ពី​សំណាក់​ស្ថាប័ន ដែល​មាន​ការ​ពាក់​ព័ន្ធ​ផង​ដែរ ដែល​ពូ និង​មីង ពិតជា​មាន​ការ​ពេញចិត្ត ពេញ​ថ្លើម ស្រឡាញ់​នូវ​ទង្វើ​ទាំងអស់​នេះ។
សម្តេច​តេ​ជោ​មានប្រសាសន៍ថា ការ​អាណិត​នោះ​ គឺ​ការ​លះបង់​របស់​ក្មួយៗ​ពិតជា​មាន​តម្លៃ​ធំ ធេង ព្រោះ​ពេល​ដែល​ក្មួយៗ​ចេញ​ទៅ​នេះ ​ចំ​ពេល​វេលា​នៃ​ធាតុអាកាស​មិន​អំណោយ​ផល ហើយ​មិនធ្លាប់​បែកចេញ​ពី​គ្រួសារ​ដែល​គួរ​ឲ្យ​អាណិត ប៉ុន្តែ​ការងារ​នេះ ​គឺជា​មោទនភាព ព្រោះ​ថា ​ការងារ​កាន់តែ​លំបាក​គឺ​កាន់​តែ​មាន​មោទនភាព​យើង។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ពូ​ធ្លាប់​បាន​និយាយ​ហើយ​ថា បើសិនជា​ការងារ​នេះ​វា​ស្រួល ​គឺ​មិន​មាន​ការ​ចាំ​បាច់​ត្រូវ​ពឹង​ពាក់​ក្មួយៗ​ទេ ប៉ុន្តែ​ការងារ​ដ៏​លំបាក​នេះ​ហើយ ​ទើប​យើង​មើល​ឃើញ​តម្លៃ​ពិត​របស់​វា វា​ដូចគ្នា​នឹង​ថ្ងៃ​រំដោះ ៧មករា ​ជាដើម ប្រសិនបើ​ការ​ផ្តួលរំលំ ប៉ុល ពត វា​ងាយស្រួល​ដូចជា​រាល់​ថ្ងៃ​នេះ វា​ក៏​គ្មាន​ន័យ គ្មាន​តម្លៃ​សម្រាប់​ការ​ចងចាំ​របស់​យើង​នោះ​ដែរ។ ប៉ុល ពត បាន​សម្លាប់​មនុស្ស ហើយ​យើង​បាន​យក​ជីវិត​ធ្វើ​ដើមទុន​ដើម្បី​រំដោះ​ប្រទេស​របស់​យើង។ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា “អ្វី​ដែល​ពូ និង​មីង​គោរព​បំផុត គឺ​វីរភាព​របស់​ក្មួយៗ​ទាំង​ឡាយ​ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ក្នុង​កែវភ្នែក​របស់​ប្រជាជន នៅ​ក្នុង​កែវភ្នែក​អ្នក​ដែល​ទទួល​ផល ពី​នយោបាយ​ចាស់ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​នេះ ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​មិន​អាច​​បំភ្លេច​បាន​នោះ​ឡើយ”។
សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសសន៍​ថា ខ្ញុំ​ពិត​ជា​មាន​មោទនភាព​យ៉ាង​ក្រៃលែង​ដោយ​បេសក​កម្ម​លើក​នេះ យុវជន​ចេញមុខ​មក​ទទួល​ខុស​ត្រូវ​ក្នុង​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ ដែល​ក្នុង​នោះ​ក្រុម​កុលបុត្រ​ខ្មែរ​មាន​តួនាទី​ជា​អ្នក​សម្រប​សម្រួល និង​មាន​សមាសភាព​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សមាគម​សិស្ស និស្សិត​ក្មេង​វត្ត សហព័ន្ធ​និស្សិត​បញ្ញវន្ត​ប្រជាធិប​តេយ្យ​កម្ពុជា ​(ក២២) ​សកម្មជន​​យុវជន​គណបក្ស​ប្រជា​ជន​កម្ពុជា​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​រាជ​ធានី​ភ្នំពេញ​ (ក្រុម៧៧) សមាគម​មូស្លីមកម្ពុជា ដែល​ក្រុម​ទាំង​អស់​នេះ​ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​បេសកកម្ម​ជា​ប្រវត្តិ​សាស្ត្រ​នេះ។
សម្តេ​ច​តេជោ​បាន​មាន​ប្រសាសន៍​ផ្តាំ​ផ្ញើ​ទៅវីរនិស្សិត​ស្ម័គ្រចិត្ត​ ដែលត្រូវ​បន្ត​បំពេញ​បេសកកម្ម​វាស់​វែង​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋនូវ​ពាក្យស្លោក​មួយ​ឃ្លា​ថា “ពេល​នៅ​ឲ្យ​ប្រជាជន​ស្រ​ឡាញ់ ពេល​ចេញ​ឲ្យ​ប្រជាជន​នឹក​” ដោយសម្តេច​​តេ​ជោ​បញ្ជាក់​ថា នេះ​គឺជា​មោទនភាព​ដ៏​ល្អ​សម្រាប់​ប្រជា​ជន​របស់​យើង។
ឯកឧត្តម ហ៊ុន ម៉ានិត តំណាង​ក្រុម​យុវជន​កុលបុត្រ​ខ្មែរ និង​តំណាង​ឲ្យ​ក្រុម​វីរ​យុវនិស្សិត​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ​បាន​រាយការណ៍​ថា ក្នុង​រយៈពេល ៦ខែ ​កន្លង​មក​នេះ​ ក្រុម​វីរៈ​យុវជន​ទាំង​អស់ ដែល​មានកំលាំង​សរុប ២១១៦​នាក់ បែង​ចែក​ជា ១៦៨ក្រុម និង​ចុះ​អនុវត្ត​លើ​ខេត្ត​គោល​ដៅ​ចំនួន២០ ដោយ​បាន​សំរេច​នូវ​គោល​ដៅ​ធំៗ​ជាច្រើន​ក្នុង​ការ​ចុះ​វាស់វែង​​ដីធ្លី ​ចែក​ផ្តល់​កម្ម​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ។ ក្រៅ​ពី​ការងារ​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ វីរៈ​យុវជន​ស្ម័គ្រចិត្ត សម្តេច​តេ​ជោនូវ​បាន​បំពេញ​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​លើ​ការងារ​មនុស្សធម៌​ជាច្រើន​ទៀត​ ជូន​ប្រជា​ពលរដ្ឋ​នៅ​តាម​គោលដៅ​របស់​ខ្លួន ដូចជា​ចុះ​អនុវត្ត​តាមរយៈ​ការ​កសាង​នូវ​សមិទ្ធផល​សង្គម​នានា ដែល​ជា​​តំរូវ​ការ​ខ្វះខាត​ពិតប្រាកដ ពិសេស​ទៅទៀត​នោះ​ក្រុម​វីរៈ​យុវជន​ស្ម័គ្រ​សម្តេច​​តេ​ជោ​ក៏បាន​កសាង​នូវ​អនុស្សាវរីយ៍​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ម្នាក់ៗ ក្នុង​នោះ​បាន​រៀប​អាពាហ៍​ពិពា​ហ៍​​​រវាង​វីរៈ​យុវជន និង​វីរៈ​យុវជន ក៏ដូចជា​វីរៈ​យុវជន​ជាមួយ​កូនចៅ​ប្រជាពលរដ្ឋ​តាម​មូល​ដ្ឋាន​មាន​ចំនួន ៥៧គូ និង​បាន​ភ្ជាប់​ពាក្យ​តាម​ប្រពៃណី​ជាតិ​មាន ៥៩គូ។
ឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​ការអនុវត្ត​នយោបាយ​ចាស់​សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី​មានប្រសាសន៍​ថា បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ នៃ​ការអនុវត្ត​នយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​ គឺ​ជា​ឱកាស​ដ៏​កម្រ​មាន​សម្រាប់​យុវជន​ជំនាន់​ថ្មី ក្នុង​សម័យ​សម្តេច​​តេ​ជោ ក្នុង​ការ​ចូលរួម​បំពេញ​បេសកកម្មជូន​ជាតិ​មាតុភូមិ​ និង​ប្រជាជន។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​មាន​ប្រសាស​ន៍​បន្ត​ថា ក្នុង​ឋានៈ​ជា​វីរៈ​យុវជនស្ម័គ្រចិត្ត ក្រៅពី​ការ​ដក​ពិសោធន៍​​លើ​ការងារ​ជំនាញ​ក្នុង​ការ​ការ​ងារ​ចុះបញ្ជី​សុ​រិ​យោ​ដី ក្មួយៗ​យុវជន នៅ​​បាន​បង្កើត​ស្នាដៃ​ជាច្រើន​ទៀត​ដល់​សង្គម ដែល​ការ​ងារ​នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ទឹកចិត្ត​គោរពស្រឡាញ់​ប្រជាជន ការ​ចែក​រំលែក​​នូវ​ការ​លំបាក​របស់​ប្រជាជន ការ​យល់​ដឹង​ពី​សុខទុក្ខ​របស់​ប្រជាជន ផ្សារភ្ជាប់​ខ្លួន​ជាមួយ​ប្រជាជន ដែល​ទាំងអស់​នោះ​សុទ្ធ​តែ​ជា​អនុស្សាវរីយ៍​ដ៏​ល្អ និង​មិន​អាច​បំភ្លេច​បាន ក្នុង​ទឹកចិត្ត​របស់​ប្រជាជន និង​ក៏​ជា​ការ​អនុវត្ត​យ៉ាង​ល្អ​តាម​ការ​ផ្តាំផ្ញើ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ថា ​ពេល​នៅ​ឲ្យ​ប្រជាជន​ស្រឡាញ់ ពេល​ចេញទៅ​ឲ្យ​ប្រជាជន​នឹក​។
ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ថ្លែង​ថា វីរៈ​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​បានធ្វើការវាស់វែង​ក្បាល​ដី​សម្រេច​បាន ៣៤ម៉ឺន​ក្បាលដី ស្មើនឹង​ទំហំ​ប្រមាណ ៥៥​ម៉ឺន​ហិកតា បាន​បិទ​ផ្សាយ​ជា​សា​ធារណៈ​នូវ​ទិន្នន័យ​ក្បាលដី ដែល​រង់​ចាំ​តែ​ធ្វើ​ពិធី​ចែក​ប័ណ្ណ​បាន​ជាង ១៣ម៉ឺន​ក្បាលដី​ ពាក់ព័ន្ធ​ប្រជាពលរដ្ឋ ៨ម៉ឺន​គ្រួសារ និង​ប្រជាពលរដ្ឋ​បាន​ទទួល​ប័ណ្ណ​ដល់ដៃ​ហើយ​ជិត ៨ម៉ឺន​ប័ណ្ណ។
សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​កិច្ច​ការ​ងារ​នេះ​ក្នុង​ជំហាន​ទី២ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី១៥ ខែ​មករា ដែល​នឹង​បញ្ចប់​នៅមុន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ២០១៣ ខាង​​មុខ​នេះ។ កន្លង​មក​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន​​បាន​សហ​ការ​ធ្វើ​ការ​កាត់ចេញ​ផ្ទៃ​ដី​ពីដី​គម្រប​ព្រៃឈើ ដែល​រហូត​មក​ដល់​ពេល​នេះ​ មាន​ព្រះរាជ​ក្រឹត្យ និង​អនុក្រឹត្យ​ជិត២០០ ​ត្រូវ​បាន​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ និង​ចុះហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី​រួច​ហើយ៕