Friday, March 22, 2013

សេច​ក្តី​​ប្រកាស​​ព័ត៌មាន​​ ស្តីពី​លទ្ទ​ផល​​នៃ​សម័យ​ប្រជុំ​​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី ថ្អៃទី ២២ មីនា ២០១៣





សម្តេច​តេជោ៖ ជីវិត និង​អនាគត​ខ្ញុំ​ស្ថិត​​ក្នុងដៃ​​ព្រះ​សង្ឃ​និង​ប្រជា​ជន​កម្ពុជា​



ថ្លែង​នៅក្នុង​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ពុទ្ធាភិសេក និងសម្ពោធ​ឆ្លង​សមិទ្ធផល​នានា ​ក្នុង​មជ្ឈ​ម​ណ្ឌល​សាសនា វប្បធម៌ ទេសចរណ៍ ព្រះវិហារ​សំពៅ​ត្រៃលោក ត្រៃលក្ខណ៍ ​ក្នុងស្រុក​សន្ទុក​ខេត្ត​កំពង់ធំ នាថ្ងៃទី​២១ ​ខែមីនា ​ឆ្នាំ​២០១៣ សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នា​យក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ប្រកាសដាក់​ខ្លួនរបស់​សម្តេច​ជូន​ព្រះ​សង្ឃ និង​ប្រជា​ជន​កម្ពុជាក្នុង​ការ​សម្រេច​អំពី​ជោគ​រវាសនា​របស់​សម្តេចសម្រាប់​ការ​បោះ​ឆ្នោត​សកល​នា​ពេល​ខាង​មុខ​នេះ​។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា បញ្ហា​នៅ​ទីនេះ ជីវិត​របស់ខ្ញុំ អនាគត​របស់​ខ្ញុំ​ ​កំពុងតែស្ថិត​នៅក្នុង​ដៃ​របស់​ព្រះសង្ឃ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ហើយ។ ខ្ញុំ​កាន់​តំណែង​ក្នុង​កិត្តិយស ដោយ​ការ​បោះ​ជឿ​ទុកចិត្ត​របស់​ប្រជាជន ព្រោះ​ដំណាក់​កាល​ប្រជាធិប​តេយ្យ​សេរី​ពហុបក្ស ​មាន​បក្សច្រើន​ចូលរួម​ធ្វើការ​ប្រកួត​ប្រជែង ដូច្នេះ​ដើម្បី​បន្ត​ឲ្យ​ខ្ញុំ​ធ្វើ​នាយក​រដ្ឋ​មន្ត្រី​បាន ខ្ញុំ​សុំ​ពឹងពាក់​វិញ។ ខ្ញុំ​បាន​បំពេញ​ករណីយកិច្ច​ក្នុងឋានៈ​ជា​ពលរដ្ឋ ក្នុងឋានៈ​ជា​នា​យក​រដ្ឋមន្ត្រី​ដែល​មាន​ការទទួល​ខុសត្រូវ ដែល​នាំ​មក​នូវ​សន្តិភាព នយោបាយ​ឈ្នះ-ឈ្នះ ជា​នយោ​បាយ​របស់​ខ្ញុំ ​ដែល​បានការ​គាំទ្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​ធ្វើ​ការអភិវឌ្ឍន៍​គ្រប់​ទីកន្លែង។ សម្តេច​តេ​ជោ​ថ្លែងថា ខ្ញុំ​ផ្ញើ​សារ​ចំពោះ​ប្រជាជន​នៅ​ទីនេះ និង​ប្រជាជន​នៅ​ទូទាំ​ង​ប្រទេស ជោគ​វាសនា​របស់ខ្ញុំ​នៅ​ពេល​ខាងមុខ​ស្ថិតនៅលើ​ដៃ​របស់​ប្រជាជន​។

សម្តេច​តេជោ​បាន​រំលឹកឡើង​វិញ​ថា កាល​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ (១៦-១៧ ខែមីនា)​កន្លង​ទៅ​ នៅ​ក្នុង​មហាសន្និបាត​វិសាមញ្ញតំណាង​ទូទាំង​ប្រទេស ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អនុម័ត​ជា​ផ្លូវ​ការ​ បេក្ខភាព​ខ្ញុំ សម្រាប់​បន្ត​មុខ​តំណែ​ង​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ ២០១៣-២០១៨ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​សម្រាប់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល​ជាង ៣៤ឆ្នាំ​ កន្លង​មក​នេះ បងប្អូន​ប្រជាពលរដ្ឋ​បាន​ឃើញ​ហើយ​នូវសមិទ្ធផល​ដែល ហ៊ុន សែន ដឹក​នាំ​​នោះ​ គឺ​សមិទ្ធផល​សន្តិភាព ដែល​រក​មិនបាន​រាប់​រយឆ្នាំ​មក​ហើយ ដែល​ប្រទេស​បែកបាក់​ជា​ចំរៀកៗ។ គ្មាន​បក្សប្រឆាំង​បក្ស​បញ្ឆោត​ណា​បានធ្វើ​ទេ។

ដោយ​ធ្វើការ​ប្រៀប​ធៀប​រវាង​អ្នក​ដឹកនាំ​ប្រទេសដូច​ជា​អ្នកកាន់​ចង្កូតរថយន្ត ​ សម្តេចតេជោ​នាយ​ក​រដ្ឋ​​មន្ត្រី​​ថ្លែង​ថា បើ​និយាយ​ពី​រថយន្ត​វា​អត់​ខុសគ្នា​ជាមួយនឹង​នយោបាយ​ប្រទេសជាតិ​ទេ បាន​សេច​ក្តី​ថា ជីវិត​មនុស្ស​លើ​រថយន្ត​ពឹង​ផ្អែកលើ​អ្នកបើកបរ​នេះឯង។ មនុស្ស​មួយ​ឡាន​ត្រូវផ្អែក​ទៅ​លើ​មនុស្ស​ម្នាក់​នោះ អញ្ចឹង​បានជា​គេ​ត្រូវ​ជ្រើសរើស​ឲ្យ​បាន​ត្រឹមត្រូវ​ណាស់​ស​ម្រាប់​តួនាទី​របស់​នាយករដ្ឋមន្ត្រី។ ប្រទេស​មួយ​រក្សា​ស្ថិរភាព​បាន​ ឬ​មិនបាន អភិវឌ្ឍន៍​បាន​ឬ​មិនបាន​ក៏​វា​ចំណុះលើ​អ្នក​បើកបរ​ដែរ។ អ្នក​បើកបរ លន់ នល់ អ្នក​បើកបរ ប៉ុល ពត ក៏បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​ខ្ទេចខ្ទាំ ហើយៗ​អ្នក​បើកបរ ហ៊ុន សែន បាន​ចេញ​ដំណើរ​តាំងពី​ឆ្នាំ១៩៧៩ រហូត​មកដល់​ពេលនេះ។ សម្តេច​តេជោ​មាន​ប្រសាសន៍​ថា ជួសមុខ​ឲ្យ​សម្តេច ជា ស៊ីម សម្តេច ហេង សំរិន ខ្ញុំ​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះមុខ​បញ្ហា​នេះ ហើយ​ឥឡូវ​អាច​ឲ្យ​ខ្ញុំ​សុំ​បាន​វិញ​ទេ សុំ​សន្លឹក​ឆ្នោត​ពី​ព្រះសង្ឃ និង​ប្រជា​ពលរដ្ឋ​ម្នាក់ ១សន្លឹក​បានទេ ​នៅ​ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​គូស​បញ្ជាក់​ដែរថា អ្នកដទៃ​ក៏​និយាយ​អញ្ចឹង​ដែរ​ថា សូម​បោះ​ឆ្នោតឲ្យ​គេៗ​ ខ្ញុំ​និយាយ​ដូចជា​មិន​ខុស​ទេ ព្រោះ​គេ​មាន​សិទ្ធិ​និយាយ ហើយ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​អត់​មាន​ហាមឃាត់​អី​ផង។ នេះ​ជា​សិទ្ធិ​នយោបាយ​ដែល​ត្រូវ​និ​យា​យ។ បើ​នាយករដ្ឋមន្ត្រី​អត់មាន​សិទ្ធិ​និយាយ​ទេ​ចប់​ហើយ។ សម្តេច​តេ​ជោ​បានប្រសាសន៍​បញ្ជាក់​ជា​ថ្មី​ទៀតថា បើសិន​ជា​ស្រឡាញ់ អាណិត ពេញចិត្ត និង​ជឿទុកចិត្ត​លើ ហ៊ុន សែន សូម​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រជាជន​បាន​ឃើញ​ហើយ​នូវ​សមិទ្ធផល​ក្រោម​ការ​ដឹកនាំ​របស់ ហ៊ុន សែន។ ឥឡូវ​ដល់​ពេល​ដែល​ខ្ញុំ​ពឹងពាក់​ហើយ។ រឿងនេះ​សម្រេច​ជោគ​វាសនា​របស់​នាយក​រដ្ឋមន្ត្រី។ អ្នក​ដែល​គេ​ចង់​ដណ្តើម​កន្លែង​គឺ​កន្លែង​នាយករដ្ឋមន្ត្រី​នេះតែម្តង អញ្ចឹង​បើ​គណបក្ស​ប្រជាជន​មាន​សម្លេង​​ភាគតិច​ពី​ក្នុង​សភា​បាន​សេចក្តីថា ខ្ញុំ​ក្លាយ​ទៅ​ជា​អ្នក​មិន​មែនជា​នាយករដ្ឋ​មន្ត្រី​ទៀត​ទេ។

គួរ​បញ្ជាក់​ថា សមិទ្ធផល​នានា​ក្នុង​មជ្ឈមណ្ឌល​សាសនា វប្បធម៌ ទេស​ចរណ៍​ព្រះវិហារ​សំពៅ​ត្រៃ​លោក ត្រៃ​លក្ខណ៍ ដែល​ស្ថិតនៅ​ក្នុងស្រុក​សន្ទុក ខេត្ត​កំពង់ធំ ដែល​ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ក្រោម​អធិបតីភាព​របស់​សម្តេច​​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ​បាន​ដំណើរការ​សាង​សង់​រួចរាល់​ជា​ស្ថាពរ​ក្រោម​កម្លាំង​មហា​សាមគ្គី​ពី​សំណាក់​ព្រះសង្ឃ ពុទ្ធបរិស័ទ និង​ប្រជា​ពល​រដ្ឋ​មកពី​គ្រប់​ទិសទី ទាំង​ក្នុង និង​ក្រៅ​ប្រទេស ជា​ពិសេស​ក្រុម​ការងារ​គណបក្ស​ប្រជា​ជន​កម្ពុជា ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន​ ១ ២៦២ ៤៤៨ ដុល្លារ​អាមេរិក៕

អត្ថបទៈ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស