Saturday, December 17, 2011

ឯកអគ្គរាជទូត​អូស្ត្រាលី ​៖​ ការ​ជួញដូរ​មនុស្ស​គឺ​ជា​ឧក្រិដ្ឋកម្ម​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​


ភ្នំពេញ ​៖​ ថ្លែង​នៅ​ក្នុង​ពិធី​បិទ​វេទិកា​យុវជន​នៃ​កម្មវិធី​ MTV​ ខែ​ ធ្នូ ​ឆ្នាំ​ ២០១១​នៅ​សណ្ឋាគារ ​​សូហ្វីតែល​ភ្នំពេញ​ លោក​ស្រី​ ផេ​ន​នី ​រី​ឆា​ដស៍​ ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​បាន​ចាត់​ទុក​​ការ​ជួញដូរ​ មនុស្ស​ គឺ​ជា​ឧក្រិដ្ឋកម្ម​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​បំផុត​ ព្រោះ​វា​បាន​បំផ្លាញ​ជីវិត​មនុស្ស ​ជនរងគ្រោះ​ និង​ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​គ្រួសារ​ និង​ សហគមន៍​របស់​ពួក​គេ។​

លោកស្រី​មានប្រសាសន៍​ថា​ បញ្ហា​ទាំងនេះ វា​កំពុងតែ​កើតឡើង ​នៅក្នុង​ប្រទេស​កម្ពុជា។​ ដូច្នេះ​យើង​ទាំង​អស់គ្នា​សុទ្ធតែ​មានការ​ទទួលខុសត្រូវ​ដើម្បី​បញ្ចប់​ ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​នេះ ហើយក្នុងនាម​ជា​​រាជរដ្ឋាភិបាល​ យើង​ត្រូវតែ​ធ្វើការ​ការពារ​ជនរងគ្រោះ ​អប់រំ​ដល់​អ្នក​ដែល​ងាយ​រងគ្រោះ ​និង កាត់ទោស​ជនល្មើស​ដើម្បី​ការពារ​កុំ​ឲ្យ​ឧក្រិដ្ឋកម្ម​នេះ​ កើតមានឡើង​តទៅទៀត។

លោក ស្រី​បាន​បន្ត​ថា ប៉ុន្តែ​រដ្ឋាភិបាល​ទាំងឡាយ ​មិនអាច​ធ្វើការ​ទាំងនេះ​ម្នាក់ឯង​បាន​នោះ​ទេ យើង​អាច​ផ្លាស់ប្ដូរ​បញ្ហា​នេះ បាន​លុះត្រាតែ​មានការ​ចូលរួម​ពី​អ្នក​ទាំងអស់គ្នា។

លោក សា​យ៉ា​កា​ណេ សី​សូវ​ង្ស អគ្គលេខាធិការ​រង ​អាស៊ាន សម្រាប់​សហគមន៍ សន្តិសុខ នយោបាយ របស់​អាស៊ាន​ដែល​ចូលរួម​នៅក្នុង​វេទិកា​នោះ បាន​ថ្លែង​ឲ្យ​ដឹង​ថា វេទិកា​នេះ គឺ​ចាប់ផ្ដើម​រវាង​អាស៊ាន ​និង កម្មវិធី​ MTV EXIT​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស។

លោក បន្ត​ទៀត​ថា នៅក្នុង ឆ្នាំ ១៩៩៧ អាស៊ាន​បាន​ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​ជា​អន្តរជាតិ ក្នុង​នោះ​រួមមាន​ ការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​និង​ ការ​ជួញដូរ​មនុស្ស​ជាដើម។ បញ្ហា​ជួញដូរ​មនុស្ស​នេះ ត្រូវ​ដាក់​ន​បញ្ចូល​ហើយ​ចុះហត្ថលេខា​នៅ​ឆ្នាំ ២០០៤។ រហូត​មក​ទល់​ពេលនេះ សកម្មភាព​សហការ​គ្នា​ក្នុង​តំបន់​អាស៊ាន នៅតែមាន​សារៈសំខាន់​ពាក់ព័ន្ធ​នឹង​កា​ជួញដូរមនុស្ស៕
សំអឿន

កិច្ច​​ប្រជុំ​​កំពូល​​ស្ដី​ពី​​សភា​​ពាណិជ្ជ​កម្ម​​ទូ​ទាំង​​ប្រទេស​​លើក​​ទី​១​​​ បង្ហាញ​​ភាព​​ជា​​ដៃ​​គូ​​រវាង​​វិស័យ​​ឯកជន​​ និង​​រដ្ឋាភិបាល​


ភ្នំពេញ​៖​ នា​រសៀល​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ​ ឆ្នាំ​២០១១​ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ រាជ​ធានី​ភ្នំពេញ​ មាន​បើក​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​សភាពាណិជ្ជ​កម្ម​ទូ​ទាំង​ប្រទេស​លើក​ទី​ ១​ ដែល​កិច្ច​ប្រជុំ​នេះ​រៀប​ចំ​ក្នុង​ឱកាស​ពិព័រណ៍​ផលិត​ផល​នាំ​ចេញ​-នាំ​ចូល​ និង​ខេត្ត​១​ ផលិត​ផល​១​ កម្ពុជា​លើក​ទី​៦​ ឆ្នាំ​២០១១​ បូក​ ACMECS​ ដោយ​មាន​ការ​ចូល​រួម​បើក​កិច្ច​ប្រជុំ​ក្រោម​អធិបតី​ភាព​របស់​លោក​ម៉ៅ​ ថូរ៉ា​ រដ្ឋ​លេធិការ​ក្រសួង​ពាណិជ្ជ​កម្ម​ តំណាង​លោក​ទេសរដ្ឋ​មន្រ្តី​ចម​ ប្រសិទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​ ប្រធាន​ អនុប្រធាន​ និង​សមាជិក​សភាពាណិជ្ជ​កម្ម​រាជ​ធានី​-ខេត្ត​ទូទាំង​ប្រទេស​ជា​ច្រើន​នាក់​ផ ​ង​ដែរ​។

ថ្លែង​នាឱកាស​បើក​កិច្ច​ប្រជុំ​នេះ​លោក​ម៉ៅ​ ថូរ៉ា​ រដ្ឋ​លេខាធិការ​ ក្រសួង​ពាណិជ្ជកម្ម​បាន​ជម្រាប​ជូន​អំពី​ប្រវត្តិ​ខ្លះ​ៗ​ នៃ​ការ​បង្កើត​សភាពាណិជ្ជកម្ម​នៅ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥​ រហូត​មក​ដល់​ឆ្នាំ​២០១១​នេះ​ បន្ទាប់​ពី​ច្បាប់​ស្ដីពី​សភា​ពាណិជ្ជ​កម្ម​បាន​អនុម័ត​នៅ​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​១៩៩៥​ ដែល​មាន​៤ ​ជំពូក​ ចែក​ចេញ​ជា​២២​ មាត្រា​ ដែល​ច្បាប់​នេះ​និយាយ​អំពី​សកម្មភាព​ តួនាទី ​និង​ភារកិច្ច​របស់​សភា​ពាណិជ្ជកម្ម​ ដែល​ជា​គ្រឹះ​ស្ថាន​សាធារណៈ​ ធ្វើ​សកម្មភាព​ដើម្បី​ប្រយោជន៍​ខាង​វិស័យ​ពាណិជ្ជ​កម្ម​ ឧស្សា​ហកម្ម​ កសិកម្ម​ សិប្ប​កម្ម​ និង​សេវាកម្ម​ក្នុង​មណ្ឌល​របស់​ខ្លួន​។

លោកម៉ៅ ថូរ៉ា​ បាន​បន្ត​ថា ​ក្រសួង​ពាណិជ្ជកម្ម​បាន​ខិត​ខំរៀប​ចំឲ្យ​មាន​កិច្ច​ប្រជុំកំពូល​សភា​ ពាណិជ្ជ​កម្មទូទាំង​ប្រទេស​លើក​ទី​១​ គឺ​ក្នុង​គោល​បំណង​ពង្រឹង​សកម្មភាព​សភាពាណិជ្ជកម្ម​ទាំង​អស់​ ជា​ពិសេស​ធ្វើ​ឲ្យ​មាន​វឌ្ឍនភាព​ការងារ​នៃ​សភាពាណិជ្ជកម្ម​ទូទាំង​ប្រទេស​ ដែល​រាជរដ្ឋា​ភិបាល​តែង​តែ​ចាត់​ទុក​សភាពាណិជ្ជ​កម្ម​ជាសរសស្តម្ភ​របស់​ វិស័យ​ឯកជន​ និង​ជាភាព​ដៃគូ​ក្នុង​ការ​ធ្វើការ​ងារ​ជា​មួយ​រាជ​រដ្ឋាភិ​បាល។​ លោក​បាន​សង្ឃឹមថា​ កិច្ច​ប្រជុំ​នាពេលនេះ​នឹង​ទទួល​បាន​នូវ​គំនិត​ដ៏ល្អៗ​ ពី​សមាជិក​សភាពាណិជ្ជកម្ម​ទាំង​អស់​ ដើម្បី​កែលម្អ​នូវ​ការងារ​ ក៏​ដូច​ជាដាក់​ចេញ​នូវទិ​ស​ដៅ​ថ្មីៗ​ សម្រាប់​សកម្ម​ភាព​សភាពាណិជ្ជកម្ម​ទូទាំង​ប្រទេស។

លោក​ឧកញ៉ា​ស៊ន​ សុខ​ណា ​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​លើក​ឡើង​ថា ​សភា​ពាណិជ្ជ​កម្ម​បាន​ដើរ​លើ​កំណាត់​ផ្លូវ​ដ៏វែង​ឆ្ងាយ​ និង​សម្រេច​បាន​សមិទ្ធិផល​ដ៏​គួរ​ឲ្យកត់​សម្គាល់​ ហើយ​នា​ពេល​ខាង​មុខ​យើង​ប្ដេជ្ញា​ប្រឹង​ប្រែង​ដើម្បី​ការ​អភិវឌ្ឍន៍​ និង​ភាព​ថ្កុំថ្កើន​របស់​វិស័យ​ឯកជន​ទាំង​មូល​  និង​ធ្វើឲ្យវិស័យ​ឯកជន​កាន់​តែរីកចំរើន​ប្រកប​ដោយ​និរន្តភាព​ទាំង​មាន​ តម្លាភាព​ សមត្ថភាព​ តស៊ូ​មតិ​ក្នុង​នាម​វិស័យ​ឯកជន​ ទំនុក​ចិត្ត​ក្នុង​ចំណោម​អ្នក​ចូលរួម​ និង​ឥទ្ធិពល​លើ​ម្ចាស់​ជំនួយ។

លោក​ឧកញ៉ា​បន្ត​ថា​ យើង​មាន​ភារកិច្ច​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​ធ្វើ​នៅ​ឆ្នាំក្រោយ​ គឺ​ចំ​ពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន។​ ក្នុងនាម​តំណាង​ឲ្យវិស័យ​ឯក​ជន​យើង​ត្រូវ​ធ្វើជា​ប្រធាន​ក្រុម​ប្រឹក្សា​យោ​ បល់​​ធុរកិច្ច​អាស៊ាន​ នៅ​ពេល​នោះ​នឹង​មាន​កិច្ច​ប្រជុំ​កំពូល​សំខាន់ៗ​ដែល​ទាមទារ​នូវ​ការ​ត្រៀម​ លក្ខណៈ​យ៉ាង​ច្រើន​ទាំង​ធនធាន​ និ​ងមនុស្ស ​ហើយយើង​ត្រូវ​បញ្ជូន​សារ​ច្បាស់លាស់​មួយ​គាំទ្រ​ដល់​រដ្ឋាភិបាល​បង្ហាញ​ ឲ្យប្រទេស​ក្នុង​តំបន់​និង​ពិភព​លោក​ឃើញ​ថា​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​អាច​ ដើរ​តួនាទី​យ៉ាង​សំខាន់​ឆ្ពោះ​ទៅ​រក​កំណើន​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍន៍​ប្រទេស​ ប្រកប​ដោយ​សាមគ្គី​ភាព​ និង​អនាគត​ភ្លឺ​ស្វាង​។

ជាចុង​បញ្ចប់​នៃកិច្ច​ប្រជុំ​លោក​ម៉ៅ ​ថូរ៉ា​បាន​បូកសរុប​កិច្ច​ប្រជុំ ​និង​បាន​ថ្លៃង​អំណរ​គុណចំពោះ​គណៈ​កម្មការ​រៀបចំ​ពិព័រណ៍​ជាពិសេស​នាយកដ្ឋាន ​ជំរុញ​ពាណិជ្ជកម្ម​ដែល​បាន​សហការ​គ្នាជា​មួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ និង​សភាពាណិជ្ជ​កម្ម​រាជធានី​-ខេត្ត​ទាំង​អស់​ក្នុង​ការ​ខិត​ខំ​ជំរុញ​ឲ្យ​ ព្រឹត្តិការណ៍​នៃ​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​សភាពាណិជ្ជកម្ម​បាន​កើត​មាន​ ឡើង​នាពេល​នេះ ​ដែល​និង​ពាំនាំ​លទ្ធផល​ជា​ផ្លែ​ផ្កា ​និង​ជាត្រី​វិស័យ​សម្រាប់​ទិស​ដៅ​នៃ​ការ​អនុវត្ត​នា​បណ្ដាឆ្នាំ​បន្ត​ បន្ទាប់​ និង​បំពេញ​ការងារ​ប្រកប​ដោយ​ភាព​រលូន​ក្នុង​ផល​ប្រយោជន៍​បម្រើការ​អភិវឌ្ឍន៍ ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​៕ 

  ឡាយោ

ក្រសួង​ឧស្សាហកម្ម ​រ៉ែ និង​ថាមពល​​ជម្រុញ​ការ​កសាង​​​សម្ព័ន្ធ​ភាព ​ការ​ប្រមូល​ផ្ដុំ​សហ​គ្រាស​ធុន​តូច​និង​មធ្យម​


ភ្នំពេញ៖ ឯកឧត្ដម​ ស៊ុយ​ សែម​ រដ្ឋ​មន្រ្តី​ក្រសួង​ឧស្សាហ៍កម្ម​រ៉ែ ​និង​ថាមពល​បាន​អញ្ជើញ​អធិបតី​ក្នុង​​កិច្ច​ប្រជុំ​ ប្រចាំ​ឆ្នាំ​របស់​អគ្គ​នាយក​ដ្ឋាន​ឧស្សាហកម្ម​២០១១​ដល់​២០១២​ជំរុញ​ការ​ ផ្លាស់​ប្ដូរ​ជា​មូល​ដ្ឋាន​នៃ​ឧស្សាហកម្ម​ និង​ផែន​ការ​សកម្មភាព​ឆ្នាំ២០១២​ក្នុង​ការ​លើកកំពស់​ផលិត​ភាព​និង​ភាព​ ប្រកួត​ប្រជែង​នៃ​វិស័យ​ឧស្សាហកម្ម​ កាលពី​រសៀល​ថ្ងៃ​ទី១៦ ​ខែធ្នូ ​នៅ​ទីស្ដី​ការ​ក្រសួង​។


ឯកឧត្ដម​ អគ្គ​នាយក​ដ្ឋាន​ឧស្សាហកម្ម ​បាន​ឱ្យ​ដឹង​ថា ​កិច្ច​ប្រជុំ​រយៈពេល​៣​ថ្ងៃ​បាន​ពិភាក្សា​ជា​មួយ​ ដៃ​គូរ​ពាក់​ព័ន្ធ​និង​អ្នក​ជំនាញ ​ការ​អន្តរ​ជាតិ​ហើយ​ទទួល​បាន​ផល​ប្រយោជន៍​សំខាន់ៗ​ចំនួន​ពីរ​ទី១​ ទទួល​បាន​ធាតុ​ចូល​ជា​ច្រើន​សំរាប់​តំរង់​ទិស​នៃ​ការរៀបចំ​ផែន​ការ​សេដ្ឋ​ កិច្ច ​ជា​យុទ្ធសាស្រ្ត​ឆ្នាំ២០១២​ ដែល​ជំរុញ​ការ​លើក​កំពស់​​សុខុដុមនីយកម្ម​ គុណ​ភាព​និង​ភាព​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​បណ្ដា​យុទ្ធ​សាស្រ្ត​អន្តរាគមន៍​ សកម្មភាព​ផ្សេងៗ​របស់​ដៃគូរ​អភិវឌ្ឍន៍​និង​ភាគី​ពាក់​ព័ន្ធ​ទី២​ការ​កសាង​ នូវ​ប្រព័ន្ធ​កម្មវិធីថ្មី​ជា​មួយ​ភាគី​ស្ថាប័ន​ពាក់​ព័ន្ធ​និង​លើក​កំពស់​ ភាព​ជា​ម្ចាស់​និង​ធ្វើ​ជា​អ្នក​ដឹក​នាំ​របស់​អគ្គ​នាយកដ្ឋាន​ឧស្សាហកម្ម​ ក្នុង​ការ​សម្រប​សម្រួល​និង​ការ​ធានា​សមាហរណកម្ម​នៃ​ក្រប​ខណ្ឌ​ជាយុទ្ធ​ សាស្រ្ត​នៃការអនុវត្ត​ផែន​ការ​សកម្មភាព​របស់​ភាគី​ស្ថាបន័​ពាក់​ពន្ធ័​ក្នុង ​វិស័យ​ឧស្សាហកម្ម​និង​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​។

កិច្ច​ប្រជុំ​បាន​ពិភាក្សា​សិក្សា​ឡើង​វិញ​នូវ​មេរៀន​បទ​ពិសោធន៍​បញ្ហា​ ប្រឈម​ពាក់​ព័ន្ធ​និង​ការ​អនុវត្តន៍​តួនាទី​ភារកិច្ច​របស់​នាយក​ដ្ឋាន​និង​ អង្គភាព​នីមួយៗ​។​ឆ្លង​តាម​ការ​ពិភាក្សា​និង​វាយ​តំលៃ​យ៉ាង​ល្អិត​ល្អន់​ កិច្ច​ប្រជុំ​បាន​លើក​ឡើង​នូវ​របៀបវីរៈ​ថ្មី​ជាយុទ្ធ​សាស្រ្ត​សំរាប់​ឆ្នាំ​ ២០១២​ គឺការ​ជម្រុញ​ការ​កសាង​នូវ​សម្ព័ន្ធ​ភាព​ការ​ប្រមូល​ផ្ដុំ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​គោល​ដៅ​លើក​កំពស់​ទំហំ​សេដ្ឋកិច្ច​និង​ការ​ប្រកួត​ប្រជែង​ នៃ​សហគ្រាស​កម្មន្ត​សាល​នៅ​កម្ពុជា​និង​ជម្រុញ​សមត្ថភាព​ទទួល​យក​នូវ​កាលា​ នុវ​ត្ត​ភាព​នានា​នៃ​សមាហរណកម្ម​តំបន់​និង​អាស៊ាន​។​ វាមាន​សារៈសំខាន់​និង​សម​ស្រប​ទៅ​នឹង​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ជាម្ចាស់​ ផ្ទះ​ក្នុង​ការរៀប​ចំ​នៃ​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ឆ្នាំ២០១២​ខាងមុខនេះ​។

ឯកឧត្ដម ​ស៊ុយ ​សែម ​មាន​ប្រសាសន៍ថា ​បច្ចុប្បន្ននេះចរន្ត​ដំណើរ​ការ​និង​ទំរង់​រូប​ភាព​នៃ​ការវិវត្តន៍​ សេដ្ឋកិច្ច​កម្ពុជា​មាន​លក្ខណៈ​ប្រែប្រួល​ប្រចាំ​រួម​ជា​មួយ​ការ​កើន​ឡើង​ បន្ត​បន្ទាប់​នៃ​ដៃ​គូរ​និង​តួ​អង្គ​ជា​ច្រើន​និង​ភាព​ចំរុះ​នៃ​បរិស្ថាន​ ហិរញ្ញវត្ថុ​ហើយ​ផល​កំណើន​នៃ​ផល​ទន់​ជាតិ​សរុប​ (GDP)​ មាន​ការ​កើន​ឡើង​ប៉ុន្តែ​ផល​ចំណែក​វិស័យ​កម្មន្ត​សាល​ជា​ប្រភព​ចលករដ៏​ សំខាន់​ក្នុង​ការ​បង្កើត​ការ​ងារ​និង​អភិវឌ្ឍ​ជាតិ​នៅ​មាន​កំរិត​និង​មាន​ កំណើន​យឺត​នៅ​ឡើយ​។ 

ឯកឧត្ដម ​បាន​នែ​នាំ​ដល់​មន្រ្តី​មន្ទីរ​តាម​ខេត្ត​ក្រុងទាំង​អស់​ត្រូវ​ចូល​រួម​ សហការ​អនុវត្តន៍​ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង​សហគ្រាស​និង​សិប្បកម្ម​ឱ្យ​ មាន​ប្រសិទ្ធភាព​និង​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​តួនាទី​របស់​ខ្លួន​ឱ្យ​បាន ​ល្អ​បំផុត​ចាប់​ពី​ឆ្នាំ២០១២​នេះ​ត​ទៅ​។​

ឯកឧត្ដម​រដ្ឋ​មន្រ្តី​បាន​គូស​បញ្ជាក់ថា ​ការ​អនុវត្ត​ច្បាប់​អាច​ជួយ​ឱ្យ​យើង​ជួយ​រែក​ពន់​ទទួល​បាន​ជោគ​ជ័យទី១ ​ការ​ពង្រឹង​ការ​អុវត្តន៍​ច្បាប់នឹង​ធានាផល​ប្រយោជន៍​និង​សមត្ថភាព​សាធារណៈ​ បរិស្ថាន​និង​សង្គម​នៅ​ក្នុង​សកម្មភាព​នានា​របស់​រោង​ចក្រ​និង​សិប្បកម្ម​ ទី២​ការ​ជួយ​គាំ​ពារ​និង​ជម្រុញ​បង្កើត​នូវ​បរិស្ថាន​ធុរៈកិច្ច​សម​ស្រប​មួយ ​សំរាប់​ជំរុញ​ការ​រីក​ចំរើន​និង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​៕

សម្តេច​តេ​ជោ​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​រោង​ចក្រ​ផលិត​ម៉ូ​ទ័​រ​ខ្នាត​តូច​របស់​ក្រុមហ៊ុន​មី​នេ​បៀរ


ភ្នំពេញ  ៖ ​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​ ១៧​ ធ្នូ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ដំណើរ​ការ​របស់​ក្រុម​ ហ៊ុន​មី​នេ​បៀរ​ ជា​ក្រុម​មកពី​ ប្រទេស​ជប៉ុន​ ដែល​ផលិត​ម៉ូ​ទ័​រ​ខ្នាត​តូច​ដ៏​មាន​សារៈ​សំខាន់​នោះ​។

នៅក្នុង​ ពិធី​សម្ពោធ​រោងចក្រ​ដែល​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​សង្កាត់​កន្ទោក ខណ្ឌ ពោធិ​មានជ័យ រាជធានី​ភ្នំពេញ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា អ្វីដែល​ខ្ញុំ​ពេញចិត្ត​គឺ​នៅ ត្រង់​ថា ខ្ញុំ​បានសម្រេច​នូវ​កា​រស​ម្យា​របស់ខ្ញុំ​ជាមួយ​ក្រុមហ៊ុន​មី​នេ​ បៀរ«រោងចក្រ​មី​នេ​បៀរ​ប្រៀបបាន​ខ្ញុំ  បានធ្វើ​ឆ្មប​បង្កើត​វា ខ្ញុំ​មិនអាច​ឲ្យ​រោងចក្រ​នេះ​ដួលរលំ​បានទេ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​កត្តា​ជាច្រើន​បើសិន ជា​រោងចក្រ​នេះ​ទទួលជោគជ័យ យើង​ក៏​ទទួលជោគជ័យ​ដូចគ្នា»។សម្តេច​តេ​ជោ​ថ្លែងថា​ខ្ញុំ​រីករាយ​ដោយ សារ​កម្ពុជា បច្ចុប្បន្ននេះ​បាន​ឈានដល់​ដំណាក់កាល​ថ្មី​មួយ នៃ​ការទាញយក​វិនិយោគ​ផ្នែក​បច្ចេកវិទ្យា ជាន់ខ្ពស់​មកកាន់​ប្រទេស​របស់ខ្លួន នៅក្នុង​នេះ​ជា​ដំណាក់កាល​ប្រកួតប្រជែង​យ៉ាងខ្លាំង​នេះ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អះអាងថា ក្នុង​ថា​នៈ​ជា​អ្នកទទួលខុសត្រូវ ទាំង​ជានា​យក​រដ្ឋ មន្ត្រី ទាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា និង ជា​ប្រធាន​តំបន់​សេដ្ឋកិច្ច​ពិសេស ខ្ញុំ​ត្រូវតែ​មានការ ទទួលខុសត្រូវ​ដើម្បី​ឲ្យ​រោងចក្រ​នេះ​មាន​ដំណើរការ​ទៅបាន ហើយ​ទទួលបាន​ជោគជ័យ។នៅក្នុង សង្កថា​សម្តេច​តេ​ជោ​បាន​ព្រមាន​ដោយ​ចំហ​ចំពោះ​ស្ថាប័ន​ទាំងឡាយណា ដែល​ធ្វើ​ឲ្យ​ដំណើរការ​របស់ រោងចក្រ​មី​នេ​បៀរ​រាំងស្ទះ ដោយ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ និង ជំរុញ​ឲ្យ​មាន​ការស៊ីបអង្កេត​ដោយ​អង្គ ភាព​ប្រឆាំង​អំពើរ​ពុករលួយ​ទៀតផង។

ពាក់ព័ន្ធ​ជាមួយ​ការផ្សព្វផ្សាយ​ដែលថា ក្រុមហ៊ុន​មី​នេ​បៀរ ដែល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​នេះ អាស្រ័យ​ដោយ​ទឹកជំនន់​នៅ​ប្រទេស​ថៃ ហើយ​ថា ក្រុមហ៊ុន​នេះ​បាន​រើ​ទីតាំង​ពី​ថៃ​មកកាន់​កម្ពុជា​នោះ សម្តេច​តេជ​នោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា រោងចក្រ​ដែល​បង្កើត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​រាជធានី​ភ្នំពេញ​នេះ មិនមែនជា​កាកសំណល់​ដែល​សល់​ពី​ប្រទេស​ថៃ ដោយសារ​ប្រទេស​ថៃ​មាន ទឹកជំនន់​ទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បានមក​បណ្តាក់ទុន​នៅ​កម្ពុជា​តាំងពី​មុនពេល​មាន​ ទឹកជំនន់​នៅ​ប្រទេស ថៃ ហើយ​ចំណែក​ក្រុមហ៊ុន​មី​នេ​បៀរ​នៅក្នុង​ប្រទេស​ថៃ​ក៏​មិនបាន​ដូរ​ទីតាំង​ របស់ខ្លួន​នោះដែរ។

ក្រុមហ៊ុន​មី​នេ​បៀរ​បង្កើតឡើង​នៅ​ឆ្នាំ ១៩៥១ ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ជា​ក្រុមហ៊ុន​ដែល មាន​ដើមទុន​ចំនួន ៨៣៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ក្រុមហ៊ុន​នេះ​បាន​បង្កើត​រោងចក្រ​ចំនួន ៣២ ដំណើរការ​ក្នុង ១១ ប្រទេស រួមមាន​ប្រទេស​ជប៉ុន ថៃ ចិន សឹង្ហ​បូរី ម៉ាឡេស៊ី សហរដ្ឋអាមេរិក អង់គ្លេស អាឡឺម៉ង់ ស្លូ​វ៉ា​គី និង ប្រទេស​ឆេ​ក។រោងចក្រ​ផលិត​ម៉ូ​ទ័​រ​របស់​ក្រុមហ៊ុន​មី​នេ​បៀរ​បាន​ចំណាយពេល​ តែ ១ ឆ្នាំ​ប៉ុណ្ណោះ​ក្នុង​សំណើរ​ការសាងសង់​រោង​ចក្រ​របស់ខ្លួន​ក្នុង​តំបន់​ សេដ្ឋកិច្ច​ពិសេស ក្នុង​រាជធានី ភ្នំពេញ ដោយ​ចំណាយ​ទឹកប្រាក់​សរុប​ជាង ៦០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។រោងចក្រ​នេះ​ត្រូវ​តម្លើង ម៉ូ​ទ័​រ​នៅក្នុង​កម្ពុជា ប៉ុន្តែ ក​នៃ​ម៉ូ​ទ័​រ​ត្រូវ​នាំចូល​មកពី​ប្រទេស​ថៃ ហើយ​ផលិតផល​សម្រេច​ត្រូវ​នាំ​ចេញទៅ ប្រទេស​ថៃ​វិញ។

លោក ខៃ​នូ​ម៉ា យូ​ស៊ី​ហ៊ី​ស្សា ប្រធាន​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​មី​នេ​បៀរ មានប្រសាសន៍ ថា ប្រសិនបើ​យើង​ទទួលជោគជ័យ ក្រុមហ៊ុន​ផលិតកម្ម​បរទេស​ដទៃទៀត​ក៏​នឹង​មក​ធ្វើការ​វិនិយោគ​ក្នុង ប្តរ​ទេស​កម្ពុជា​ដូច​ក្រុមហ៊ុន​របស់​យើង​ដែរ។បើសិនជា​ហេតុការណ៍​នេះ​អាច​ កើត​មានបាន​មែន​នោះ ប្រ​ទរ​ស​កម្ពុជា​នឹង​អាច​ទទួលបាន​នូវ​ទុនបម្រុង​បរទេស​កាន់តែ​ច្រើនឡើង​ ថែមទៀត គឺ​តាមរយៈ​ការនាំ ចេញ​របស់​វិនិយោគិន​បរទេស​នេះ។លោក ខៃ​នូ​ម៉ា យូ​ស៊ី​ហ៊ី​ស្សា ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​ក៏​នឹង អាច​ប្រមូល​ពន្ធ​លើ​ប្រាក់ចំណូល​កាន់តែច្រើន ក៏ប៉ុន្តែ​អ្វូ​ដែល​សំខាន់​ជាង​នេះ​គឺមាន​សកម្ម​ភាពរស់រវើក ប្រភេទ​ថ្មី​ជាច្រើន ដែល​នាំ​ឲ្យ​មាននូវ​ការអភិវឌ្ឍ​លើ​វិស័យផ្សេងៗទៀត​ចូលមក​កម្ពុជា​នោះឯង៕

ស្នាយ​ពល

រាជ​រដ្ឋាភិបាល​ជប៉ុន​នឹង​គាំទ្រ​បណ្តា​ក្រុមហ៊ុន​ជប៉ុន​ដែល​មក​ធ្វើ​វិនិយោគ​នៅ​កម្ពុជា​


ឯកឧត្តម​​ ស៊ីអ៊ីស្សូ ម៉ាគីណូ (Seishu MAKINO)​ ​អនុរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​និង ឧស្សាហកម្ម​ប្រទេស​ ជប៉ុន​មានប្រសាសន៍​​ឲ្យ​ដឹង​ក្នុង​ជំនួប​សំដែង​កា​រគួរសមនា​​ថ្ងៃ​ទី ​១៦ ខែ​ធ្នូ ឆ្នាំ ២០១១​​ជា​មួយ ​សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព ​រាជធានី​ភ្នំពេញ​​ថា​រដ្ឋាភិបាល​ជប៉ុន​នឹង​គាំទ្រ​បណ្តា​ក្រុមហ៊ុន ​ជប៉ុន​ដែល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា ​។
ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានឲ្យ​ដឹង​​ថា ឯកឧត្តម​ Seishu MAKINO  បាន​ជំរាបជូន​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ថា លោក​បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ដែលជា​គណៈប្រតិភូ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ កម្ពុជា ។ ​នៅ​ព្រឹក​ថ្ងៃទី ១៦ ធ្នូ ឆ្នាំ ២០១១ លោក​បានទទួល​ព័ត៌មាន​ថា មាន​​ក្រុមហ៊ុន​ជប៉ុន​មួយចំនួន​​​ចង់​មក​វិនិយោគទុន​នៅ​កម្ពុជា។ ឯកឧត្តម Seishu MAKINO មាន​ប្រសាសន៍​ថា រដ្ឋា​ភិ​បាលជ​ប៉ុន​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​ក្រុមហ៊ុន​ជប៉ុន​ទាំងឡាយណា ដែល​មក​បណ្តាក់ទុន​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា ហើយ​រដ្ឋាភិបាល​នឹង​ប្រឹងប្រែង​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​តំបន់​សេដ្ឋកិច្ច​ អាស៊ី​បូព៌ា​ឬ​មហា​​​អនុតំបន់​មេគង្គ​ឲ្យ​រឹងមាំ និង ទទួលបាន​លទ្ធផល​ឈ្នះ ឈ្នះ ។ 
ឯកឧត្តម Seishu MAKINO បានស្នើ​ឲ្យ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្ត​ជួយ​គាំទ្រ និង ពង្រឹង​នូវ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ កាន់តែ​រឹងមាំ​ថែមទៀត។
លោក WATANABE ប្រធាន​គណៈកម្មការ​សិក្សា​ធុរកិច្ច​នៅ​ប្រទេស​តាម​មហា​អនុតំបន់ មេគង្គ ដែល​រួម​ដំណើរ​ជាមួយឯកឧត្តម​ Seishu MAKINO ក៏​បាន​ជំរាបជូន​សម្តេច​តេ​ជោ​ ថា សភា​ពាណិជ្ជ​កម្ម​ជប៉ុន​​បានកើត​ឡើង ហើយ​បេសកម្ម​របស់លោក​នៅ​កម្ពុជា​នាពេលនេះ គឺ​ដើម្បី​ចូលរួម​ក្នុង​សិក្ខា សាលា​ស្តីពី​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា ។ លោក​ផ្ទាល់​បានធ្វើ​ការពិភាក្សា ជាមួយ​សភាពាណិជ្ជកម្ម កម្ពុជា និង បានធ្វើ​ទស្សនកិច្ច​ទៅកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស និង បាន​ចូលរួម​ការតាំង​ពិ​ព័រ​ណ៌​ភូមិ ១ ផលិតផល ១ ដែល​គណៈ​ប្រតិភូ​អមដំណើរ​ជាមួយ​លោក​មាន ៤០ នាក់ មាន​ការចាប់អារម្មណ៍យ៉ាងខ្លាំង។ បច្ចុប្បន្ន​លោក WATANABE ​កំពុងតែធ្វើការ​សិក្សា​ទៅលើ​ធុរកិច្ច ពាណិជ្ជកម្ម នៅក្នុង​​មហា​អនុតំបន់​មេគង្គ​ផងដែរ។
មាន​ប្រសាសន៍​ក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជា​ជន និង រដ្ឋាភិបាល​ជប៉ុន​ដែល​បានផ្តល់​ជំនួយ​បន្ទាន់​មកដល់​កម្ពុជា​ពាក់ព័ន្ធ​នឹង​ បញ្ហា​ទឹកជំនន់​។ ​តំណាង​ឲ្យ​ប្រជាជន​កម្ពុជា សម្តេច​តេ​ជោ ​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ប្រជាជន  រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ទទួលរង​នូវ​ផល​លំបាក​ទាំងឡាយ​ដែល​បណ្តាលមកពី​គ្រោះធម្មជាតិ​កន្លង​ មក​នោះ។
សម្តេចអគ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន មានប្រសាសន៍ថា ទោះបី​ជាមាន​វិបត្តិ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ពិភពលោក និង ភាពមិនប្រាកដប្រជា នៃ​សេដ្ឋកិច្ច​របស់​សហគម​ន៍​អឺរ៉ុប និង សហរដ្ឋអាមេរិក រួមទាំង​ទឹកជំនន់ ដែល​បាន​រាតត្បាត​កម្ពុជា​កម្ល​ង​មក​ក៏ដោយ ក៏​សេដ្ឋកិច្ចកម្ពុជា​នឹងមាន​កំណើន​ពី ៦,៤%​ទៅ៧%ដែរ។ សម្តេច​តេ​ជោ​ថ្លែងថា កម្ពុជា​នឹង​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មាន​ស្ថិរភាព​ នយោបាយ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ដែលជា​កត្តា​ទាក់​ទាំ​ញ​អ្នកវិនិយោគ​។ សម្តេច​តេជោ​ បាន​មាន​ប្រសាសន៍​​ឲ្យ​ដឹង​ថា កន្លងមក​រូបសម្តេច​ផ្ទាល់ និង ឯកឧ​ត្ត​ម​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ សេរីភាវូបនីយកម្ម និង គាំពា​វិនិយោគ រវាង​ប្រទេស​ទាំងពីរ ដែល​ការ​នេះ​គឺជា​កិច្ចព្រមព្រៀង​ដ៏​កម្រ​មួយ​ដែល​បាន​ចុះហត្ថលេខា​ដោយ​នាយក ​រដ្ឋមន្ត្រី ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់​អំ​ពី​កាតរ​ការពារ និង គាំពារ​វិនិយោគ​ជប៉ុន​មក កាន់​កម្ពុជា​។
សម្តេច​តេជោ​ មានប្រសាសន៍ថា កន្លងមក​ជប៉ុន​បានផ្តល់​ជំនួយ​មកកាន់​កម្ពុជា​យ៉ាងច្រើន ប៉ុន្តែ​ដោយ ឡែក​ការវិនិយោគ​ពី​ជប៉ុន​មកវិញ​គឺមាន​ចំនួន​តិច​បើទោះជា​ពេលនេះ​ការវិនិយោគ​ មាន​សន្ទុះ​កើន​ឡើងក៏ដោយ។ សម្តេច​តេ​ជោ​ថ្លែងថា យុទ្ធសាស្ត្រ​របស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​គឺ​ការពារ​អ្នក​ វិនិយោគ ដែល​បាន​បោះទុន​វិនិយោក​នៅ​កម្ពុជា និង ឲ្យ​បានទទួល​ជោគជ័យ ដែល​តាមរយៈ​នោះ​អ្នក​វិនិយោគ នឹង​អាចជួយ​ទាក់ទាញ​អ្នកវិនិយោគ​ដទៃទៀត​មកកាន់​កម្ពុជា​ជាមិនខាន។ សម្តេច​នាយក​រដ្ឋមន្រ្តី​ ថ្លែង​ថា នៅពេលនេះកម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ ​រ​វាង​កម្ពុជា-ជប៉ុន​ឲ្យ​កាន់​តែ​រឹងមាំ​ថែម ទៀត ជាពិសេស ទៅលើ​វិស័យ​វិនិយោគ និង វិស័យ​ពាណិជ្ជកម្ម​នោះ។
សម្តេចតេជោ​ ​ក៏បាន​ស្នើ​ឲ្យ​លោក WATANABE ក៏ដូចជារាជ​​រដ្ឋាភិបាល​ជ​ប៉ុន​បន្ត​ជួយ​ធ្វើការ​សិក្សា​លើ បញ្ហា​សេដ្ឋកិច្ច ធុរកិច្ច ជាពិសេស លើ​បញ្ហា​បរិស្ថាន​នៅតាម​ប្រទេស​ក្នុង​មហា​អនុតំបន់​មេគង្គ​ផងដែរ៕