Monday, July 23, 2012

បទវិចារណកថា៖ ល្បិចថ្មី៖ បក្ស​​អ្នក​ចាញ់ សង្គ្រោះ​បក្ស​អ្នក​ទោស


បទវិចារណកថា   
ល្បិចថ្មី៖ បក្ស​​អ្នក​ចាញ់ សង្គ្រោះ​បក្ស​អ្នក​ទោស

          គណបក្សប្រឆាំងពីរ « ​មួយ​ជា​បក្ស​អ្នក​ចាញ់ និង​បក្ស​មួយ​ទៀតដែល​មាន​មេបក្ស​ជាអ្នក​ទោស ​»  ​បាន នឹង​កំពុងទូងស្គរ ប៉ាវឃ្មោះ​ ប៉ុន្មានថ្ងៃនេះ ដោយយកលេស​ថា អំពាវនាវ​អ្នក​ស្នេហា​ជាតិ អ្នក​ស្រលាញ់ប្រជាធិបតេយ្យឲ្យចូលរួម​ចលនា​ប្រជាធិបតេយ្យ​សង្រ្គោះ​​​ជាតិ។
តើសង្គម​ជាតិ​ដែលមាន​សន្តិភាព​ពេញ​បរិបូរណ៍ និង​ការ​អភិវឌ្ឍរីកចំ​រើន​ដូចសព្វ​ថ្ងៃ​នេះ ត្រូវ​​ការ​សង្គ្រោះ​​​ ដូច​អ្វី​​ដែល​ពួក​គេបាន​នាំគ្នាចុះ​ហត្ថ​លេខាព្រមព្រៀង​គ្នា​រវាងលោក កឹម សុខា ប្រធានគណ​បក្ស​សិទ្ធិ​មនុស្ស និងទណ្ឌិតសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី​នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វី​លី​ពីនដែរឬ​ទេ។ ការពិត​មិន​មែន​ជាចលនា​សង្គ្រោះជាតិ​ទេ គឺពួក​គេនាំគ្នា​បង្កើត​ចល​នា​​សង្គ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​កេង​ចំ​ណេញ​នយោបាយ​របស់​ក្រុម​ប្រឆាំង​ ដើម្បី​សម្រេច គោល​បំណង​ផ្តួលរំលំរដ្ឋាភិបាលតែ​ប៉ុណ្ណោះ​។ ប៉ុន្តែ ផែន​ការ​នោះ​នឹង​មិន​អាច​ទទួល​បាន​ជោគ​ជ័យ​ឡើ​យ​ ពី​ព្រោះ​សន្តិភាព​សព្វ​ថ្ងៃ​បាន​ស្ថិត​ជ្រៅ​ដក់​ជាប់​នៅ​ក្នុង​ដួង​ចិត្តរបស់​ប្រជាពល​រដ្ឋទៅ​ហើយ​។
​គណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី ដែលប្រកាសធ្វើ​ចលនាសង្រ្គោះ​ជាតិ​និង​យកមកឃោសនាយ៉ាង​គគ្រឹក​គគ្រេងនោះ​ ត្រូវបាន​អ្នកវិភាគ​វាយតម្លៃ​ថា ហាក់ដូចជា ​គណបក្ស​ទាំង​ពីរ​​ប្រើពាក្យសង្រ្គោះជាតិខុសសម័យកាល​ទៅហើយ ពី​ព្រោះ​ថា បើនិយាយនៅទ​ស​វត្សទី​៧០​​ទើប​សមជាង ពី​ព្រោះ​​​នៅទសវត្សឆ្នាំ១៩៧០ ដល់១៩៧៨ ប្រទេសកម្ពុជាជួប​ការលំបាក​ដូចជា​មានសង្រ្គាម ខ្មែរ​បាក់បែកគ្នាមានខ្មែរ ស ខ្មែរក្រហម ខ្មែរស៊ីជម្ពូរ ខ្មែរឥស្សរៈ។​ ជាពិសេស​សម័យ៣​ឆ្នាំ៨ខែ​និង​២០ថ្ងៃ ពេលនោះប៉ុលពតកាប់សម្លាប់ ប្រជាជនកម្ពុជាអស់ជាង៣លាននាក់ នៅ​សម័យ​នោះ​បើប្រើពាក្យថាសង្រ្គោះទើបត្រូវ តែមកដល់ សម័យតេជោសែន ប្រជាពល​រដ្ឋ​មាន​ជីវ​ភាព​សមរម្យ មានហេដ្ឋារចនា ផ្លូវថ្នល់ ស្ពានតូចធំ មន្ទីរពេទ្យ សាលារៀន​នៅជិត​ប្រជា​ពលរដ្ឋ សួរថា ​តើចលនា​សង្រ្គោះ​ជាតិ​នេះ​ សង្រ្គោះពីប្រជាពលរដ្ឋដែលរស់​នៅសុខដ​មរម្យ​នា ជួប​ជុំ​​ក្រុម​គ្រួសារ រស់នៅ​ក្នុង​ប្រទេស​ដែល​មានសន្តិភាព និងសន្តិសុខស្ងប់ស្ងាត់ដូចសព្វថ្ងៃតើនាំ​គ្នា​រត់ចោល​ផ្ទះ​សម្បែង​ទៀតឬ? គឺប្រជាពល​រដ្ឋនឹង​មិន​ចូល​រួម​ចលនានោះឡើយ។
ប្រទេស​កម្ពុជា ​បាន ​និង​មាន​ឈ្មោះ​បោះ​សំឡេង​លើ​ឆាកអន្តរជាតិ​ ជា​​ពិសេ​ស​​ឆ្នាំ​២០១២​នេះរាជរដ្ឋាភិបាលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និង​ជា​ប្រធានអា​ស៊ានគួរណាស់​គណបក្ស​ប្រឆាំង​ចូលរួម​គាំទ្រ និងមានមោទភាពជាមួយគ្នា ហេតុអ្វីគណបក្ស​ប្រឆាំងទាំងនោះ​ចេះតែធ្វើ​ព្យុះ​ធ្វើផ្គរទៅវិញ ? ។ 
          កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១២ វិទ្យុបរទេសដែលផ្សាយជាខេមរៈភាសារបាន​បំពងសំឡេង ឬបន្ទរនូវចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ និងគ្រោងបង្កើតគណបក្សថ្មី​ដែល​​​ក្នុង​នោះលោក សម រង្ស៊ី ជាប្រធានលោក កឹម សុខា អនុប្រធាន និងបាន​រៀបចំរចនា​សម្ព័ន្ធ​ជាបីគណៈកម្មាការ គឺគណៈកម្មាធិការ​នីតិប្រតិបញ្ញត្តិ គណៈកម្មាធិការប្រតិបត្តិ និង​គណៈ​កម្មា​ធិ​ការ​វិន័យ​។
តាមការវិភាគនិងការតាមដានសភាពការណ៍នយោបាយប៉ុន្មានសប្តាហ៏នេះ ចាប់​តាំង​ពី​គណបក្សប្រឆាំងទាំងពីរជួបគ្នានៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៦ -១៧  កន្លង​មក​យើងឃើញមានវិទ្យុបរទេសនិយាយខេមរៈភាសារមួយចំនួ​នតូច ជួយបន្ទរនូវយុទ្ធនា​ការ​គណ​បក្ស​ប្រឆាំង នេះសបញ្ជាក់ឲ្យឃើញថា ទាំងគណបក្សប្រឆាំង ទាំងវិទ្យុ ទាំងនោះបាន នឹង​កំពុង​តែ​ប្រើ​ការឃោសនាបោកប្រាស់ប្រជាពល​រដ្ឋម្ចាស់​ឆ្នោតដោយ​គ្មាន​ការ​អៀន​ខ្មាស ពី​ព្រោះ​ប្រជា​ពលរដ្ឋ​បានដឹង​ហើយ​ថា គណ​បក្ស​ប្រឆាំងទាំងពីរនេះធ្លាប់ចុះហត្ថលេខាកាលពីខែឧសភា ឆ្នាំ​២០០៩ ក្រោយពេលដែល​គណ​បក្ស​ប្រ​ឆាំង​​ទាំងពីរនេះ​ចាញ់ឆ្នោតកាលពីឆ្នាំ២០០៨ ហើយក៏​ធ្លាប់​​ធ្វើ​​កិច្ចព្រមព្រៀង​ជា​មួយ​គ្នា​ តើសា​ធារ​ណៈជនបានដឹងទេថា មិនបានប៉ុន្មានខែផងស្រាប់តែ​ក្រុម​គណបក្សទាំងពីរបានឈ្លោះ​ទាស់​ទែង​គ្នា ហែកហួរគ្នាមិនចេះអៀនខ្មាសម្តង​ហើយម្តង​ទៀត​ប្រៀ​​​ប​​ដូច​ជា​ប្តី​ប្រពន្ធ​ដែល​ធ្លាប់​ឈ្លោះ​ទាស់​ទែង​គ្នា រហូតដល់​ឈានដល់ការលែងគ្នាទោះបីជួប​ជុំ​រស់​នៅ​ជាមួយ​គ្នាវិញ​ ក៏មិន​ដូច​ការ​ស្រលាញ់​​នាគ្រាដំបូងឡើយ។ ចំណែកគណបក្សសិទ្ធមនុស្ស និង គណបក្សសម រង្ស៊ី គឺខុសគ្នា​ប៉ុន្មាននោះទេ មានតែពិបាកជាងប្តីប្រពន្ធទៅទៀតពី ព្រោះប្តី ប្រពន្ធមានគ្នាតែពីរនាក់ ចំណែកគណបក្ស​នយោបាយមានរចនាសម្ព័ន្ធ និងសមាជិកដែលសុទ្ធ តែ​ជាប់​ពាក់​ព័ន្ធ​នឹង​ផល​ប្រយោជន៏។​
ការចុះហត្ថលេខានៅឆ្នាំ២០០៩ នៅទីស្នាក់ការគណបក្ស​សិទ្ធ​មនុស្ស​នៅ​ភ្នំ​ពេញ​នៅ​ពេល​នោះ​​ គឺលោក សម រង្ស៊ី មិនទាន់មានទោសជាប់ខ្លួនផងបែរជាកិច្ចព្រៀម​ព្រៀង​នោះ នៅ​តែ​រក្សា​មិនបានទម្រាំស្ថានភាពឥឡូវនេះ​លោក សម រង្ស៊ី គ្មាន​កន្លែង​ឈរ​នឹង​ផង​ ម្តង​នៅ​ប្រទេស​បារាំង ម្តងនៅប្រទេសហ្វីលីពីន ជាពិសេសលោក សម រង្ស៊ី មាន​ទោស​ មិ​ន​មាន​សិទ្ធិ​បោះ​ឆ្នោ​ត នឹង​ក៏​គ្មានសិទិ្ធឲ្យគេបោះឆ្នោតឱ្យ​ផង​ វារិត​តែ​ងាយប្រេះ​បែក​ខ្លាំង​ណាស់​នូវ​សម្ព័ន្ធ​ភាព​នោះ​។
          បើគណបក្សទាំងពីបង្កើតគណបក្សថ្មីមួយ ត្រូវតែមានសមាជិកថ្មី ហើយត្រូវ​ឆ្លងកាត់​ការ​ចុះ​បញ្ជីពីក្រសួងមហាផ្ទៃនឹងត្រូវបញ្ជូនឈ្មោះគណបក្សឲ្យមុន៩០ថ្ងៃនៃការបោះឆ្នោត បើតាមការ​ធ្វើបទសម្ភាសន៏របស់លោក កឹម សុខា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២​ពីទីក្រុងម៉ានីល​ប្រទេសហ្វីលីពីន តាមរយៈវិទ្យុសំឡេង​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ថា​គណបក្ស​ថ្មីមិន​ទាន់​បង្កើត ​ប៉ុន្តែ​នៅ​ពេលបោះឆ្នោតសកលឆ្នាំ២០១៣ លោក នឹងបញ្ជូនឈ្មោះអ្នកដែលឈរឈ្មោះ​តំណាង​រាស្រ្ត​នៃ​ខេត្ត​នីមួយៗក្នុងបញ្ជីគណបក្សថ្មី។
ចំណុចនេះ អ្នកវិវាគឯករាជ្យបានកត់សម្គាល់ឃើញថា បើសិន​បេក្ខជនឈរ​ឈ្មោះបោះ​ឆ្នោតរវាងគណបក្សទាំងពីត្រូវ​រួម​គ្នា​មែន​នោះ ​​ប្រាកដជាបាត់សមា​សភាព៥០​ភាគរយ​នៃ​គណ​ប​ក្ស​​​និមួយៗ ហើយ​បើ​ស្ថានភាពអញ្ចឹងពិតណាស់វា  នឹងមានជម្លោះផ្ទៃក្នុងរវាង​សមាជិកធ្លាប់​ឈរ​ឈ្មោះកន្លងមកក៏ដូចជាសមាជិកនៃគណៈកម្មាធិការ​នីមួយៗនៃគណបក្សនីមួយ​ៗអន់ចិត្ត។​ ឧទាហរណ៏​បុគ្គល «ក»​ធ្លាប់​ឈរ​ឈ្មោះនៅ​​មណ្ឌលភ្នំពេញនៅក្នុងបញ្ជីគណបក្សសិទ្ធិមនុស្ស ឬគណបក្ស​សម រង្ស៊ី នោះបានន័យ​ថា ​មាន​ចំនួន​៤៨នាក់ ដោយគិតពីអ្នកពេញសិទ្ធ និងអ្នកបំរ៉ុង បើសិន​បញ្ជូន​ឈ្មោះ​ចូល​គណ​បក្ស​ថ្មី​ គឺ​បញ្ជូនបានតែ២៤តែប៉ុណ្ណោះ រួមទាំងអ្នកពេញសិទ្ធិ និងបំរ៉ុង តើគួរ​យក​ឈ្មោះពី​គណ​បក្ស​សិទ្ធិ​មនុស្ស​ប៉ុន្មាន​ និងគណបក្សសម រង្ស៊ី​ ប៉ុន្មាននាក់​? ត្រង់នេះ​គឺជាចំណុចរសើប​ និង​ជា​ចំណុច​ដែល​មាន​ជម្លោះជាមិនខាន។
          ជារួម ចលនាសង្គ្រោះ​ជាតិ​ដែល​ប្រកាសបង្កើត​ឡើង​ដោយ​បក្ស​ប្រឆាំង​ទាំង​ពីរ ​វាគ្រាន់​តែ​ជាចលនាបោកប្រាស់ថ្មី​មួយ​ទៀត ​ ដើម្បី​កេង​នយោបាយ​ពីគ្នាទៅ​វិញ​ទៅ​មក​ ជាពិសេស បង្កើត​ឡើង​ដើម្បី​ជួយ​សង្គ្រោះមេបក្ស​​ទណ្ឌិត​ ដែល​នីរទេស​ខ្លួន​តែប៉ុណ្ណោះ​។

អត្ថបទ​ដោយៈ រួម ជាតិ