Tuesday, May 7, 2013

ទស្សនៈ របាយការណ៍​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៣ របស់​អង្គការ Freedom House និង James Heenan មើល​ងាយ​កិត្តិយស​អ្នកសារ​ព័ត៌មាន​រាប់​រយ​រាប់​ពាន់​នាក់​ក្នុង​ប្រទេស​ កម្ពុជា


សន្និសីទសារព័ត៌មានរបស់ Karin Kalikar នៃអង្គការ Freedom House នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ នៅទីក្រុងវ៉ាស៊ីនតោន ស.រ.អា ហើយត្រូវបានធ្វើសេចក្តីរាយ ការណ៍ ដោយវិទ្យុអាស៊ីសេរីនៅ ថ្ងៃទី២ ខែ ឧសភា និងបានត្រូវចុះនៅលើទំព័រមុខនៃសារព័ត៌មាន The Cambodia Daily និង Phnom Penh Post នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ ប្រាកដ​ជាបាន​មើល​ងាយ​ដល់កិត្តិ​យស​អ្នក​សារព័ត៌មាន​រាប់​រយ​​រាប់ពាន់នាក់ ដែលកំពុងបំពេញការងារក្នុងប្រទេសកម្ពុជា។ មុនពេល​ដែល​របាយ​ការណ៍​សេរីភាព​សារព័ត៌មានទាំងស្រុង ឆ្នាំ២០១៣ អាច​ត្រូវបើកមើលបានតាមអ៊ិនធើណិត និងអាច​ចូល​ទៅមើល​បាន​ (ដោយខ្ញុំ) ការធ្វើសេចក្តីរាយ ការណ៍ដោយ វិទ្យុអាស៊ីសេរី គួរ​តែ​ជា​មូល​ដ្ឋាន​នៃការ​សន្ទនា​នេះ។ ប៉ុន្តែ គួរកត់សម្គាល់ថា នៅក្នុងរបាយការណ៍ សង្ខេបដែលផ្សាយដោយអង្គការ Freedom House ដែល​មាន​មូលដ្ឋាននៅ Washington D.C. នៅក្រោម ចំណងជើង ប្រទេសអាស៊ីប៉ាស៊ីហ្វិក របាយការណ៍​នោះមិន​បាន​និយាយ​អ្វីមួយ​ម៉ាត់​ទាល់​តែ​សោះ​​អំពី​កម្ពុជា។ ហើយសម្រាប់ «ការ​ធ្លាក់ចុះ៖ ការធ្លាក់ចុះដ៏ធ្ងន់ធ្ងរបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់ឆ្នាំ២០១២ បានកើត ឡើង​ក្នុង​ប្រទេស​ម៉ាល់ឌីវ និងសេរីលង្កា»។

វិទ្យុអាស៊ីសេរីខេមរភាសា បានដកស្រង់សម្តី Karin Kalika ដែលនិយាយថា៖ «កម្ពុជាបានត្រូវចាត់ ថ្នាក់ជាប្រទេស ពិតជា​គ្មាន​សេរីភាព​ទាំងស្រុង ហើយយើងឃើញថា កម្ពុជា​បាន​ទទួល​ពិន្ទុ​ដែល​ទាប​ ជាងមុន បើប្រៀបធៀបទៅនឹងឆ្នាំកន្លងមក។ នេះគឺ​ជា​និន្នា​ការ​អវិជ្ជមាន​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។ ម្យ៉ាងវិញទៀត សារព័ត៌មាន The Cambodia Daily បានធ្វើសេចក្តីរាយការណ៍ថា «នៅ​ក្នុង​របាយការណ៍​សេរីភាព​សារព័ត៌មាន ឆ្នាំ២០១៣របស់ខ្លួន អង្គការ Freedom  House បាននិយាយថា កម្ពុជានៅតែ «មិនមានសេរីភាពសម្រាប់ អ្នកសារ​ព័ត៌មាន​»​។ សារព័ត៌មាន Phnom Penh Post បាន​រាយការណ៍ដូចគ្នា ប៉ុន្តែបានបន្ថែមមូលហេតុ ដែលមាន​នៅក្នុង​របាយការណ៍​នេះដោយ​ពន្យល់​ពីការ​ ធ្លាក់ចុះនៃការផ្តល់ចំណាត់ថ្នាក់នេះ គឺ៖ «កំណើន នៅក្នុងចំនួនអ្នក​សារ​ព័ត៌មាន​ដែល​ជាប់​ពន្ធ​នាគារ... និងការ​កើន​ឡើង​គួរកត់​សម្គាល់​ក្នុងការគម្រាមកំហែង និង អំពើហឹង្សា​ប្រឆាំង​ទៅ​នឹង​អ្នក​សារ​ព័ត៌មាន»។ តើនេះមានន័យយ៉ាងដូចម្ត៉េច? វាអាចមានន័យច្រើន ប៉ុន្តែ​ន័យ​ មួយ​ក្នុង​ចំណោម​នោះ គឺថា អង្គការ Freedom House បាននិយាយថា អ្នកសារព័ត៌មានទាំងអស់មិនអាច ខុស ហើយ​ពួក​គេ​មិន បាន​ធ្វើអ្វីខុសទេ។ នេះគឺជ្រុលហួសហេតុខ្លាំងពេកហើយ។ ប្រសិនបើដូច្នេះ ហេតុអ្វី បានជាអង្គការ Freedom House មិន​ប្រាប់​ទៅ​រដ្ឋា​ភិបាល​ទាំង​អស់​ក្នុង​ពិភព​លោក​ឱ្យ​ដុត​ចោល​ច្បាប់​សារ ព័ត៌មាន ក្រមសារព័ត៌មាន បទបញ្ញត្តិសារព័ត៌មានទាំងអស់ទៅ?

តាមពិត អង្គការ Freedom House គាំទ្រដល់គោលការណ៍នៃច្បាប់តែមួយសម្រាប់ទាំងអស់គ្នា ពេញ​មួយ​ពិភពលោក ដូចពាក្យថា «​ទំហំ​មួយ​ពាក់ត្រូវទាំងអស់គ្នា» ដែលនេះមិនមែនជាលក្ខណៈអាមេរិក ទាល់តែសោះ ដោយបញ្ចេញអាកប្បកិរិយាជាអ្នក ការ​ពារ​សេរីភាព​សារ​ព័ត៌មាន​តាំងពី Tokyo ដល់ San Francisco តាំងពីតំបន់អាកតិច ដល់អង់តាទិច តាំងពីប្រទេសចិន ដល់មជ្ឈិមបូព៌ា ដល់អឺរ៉ុប និង​ដល់ អាមេរិក។​ អាកប្បកិរិយានេះ មិនស្រប ទាំងស្រុងជាមួយនឹងស្មារតី នៃសេចក្តី​សម្រេច​មហា​សន្និ​បាត​អង្គការ សហប្រជាជាតិឆ្នាំ១៩៩៣ «ដើម្បី​លើកទឹកចិត្ត និងគាំទ្រ​សេរីភាព​នៃ​សារ​ព័ត៌មាន​ទូទាំងពិភពលោក»។ ការពិត និងសច្ចធម៌ គឺថាប្រជាជនក្រីក្រ រដ្ឋាភិបាលក្រីក្រ ប្រទេស​ក្រីក្រ ចង់​បាន​ប្រភេទនៃ «សេរីភាពជាសកល» ច្រើនជាងមនុស្សទាំងអស់ដែលនៅ ឬជាប់ពាក់ព័ន្ធនឹងអង្គការ Freedom House។​ តើអង្គការ Freedom House បានឃើញនូវផលប៉ះពាល់ទេ ពេលនេះ? ហេតុអ្វីអង្គការ Freedom House គ្រាន់តែគាំទ្រ «សេរីភាព​ ជាសកល» ដល់​ប្រទេស​ដាច់ៗ​ដោយ​ឡែក​ពីគ្នា​តែ​ប៉ុណ្ណោះ ហើយហេតុអ្វីមិនជម្រុញ «សេរីភាពជាសកល» ទូទាំង​សកល​លោក ទៅវិញទៅ? អង្គការ Freedom House មានចម្លើយ៖ អាកប្បកិរិយាពុតត្បុត និងបំរើផលប្រយោជន៍ខ្លួនឯង។ មាន​ឧទាហរណ៍​មួយ នៃរបាយការណ៍សង្ខេបស្តីពីសេរីភាពសារព័ត៌មានឆ្នាំ ២០១៣ នៃអង្គការ Freedom House នេះ បាននិយាយថា៖ «នេះ គឺជា​ឆ្នាំទី៧ជាប់ៗគ្នាហើយ ដែល សេរីភាពក្នុងពិភពលោក បានបង្ហាញការធ្លាក់ចុះជាងការកើនឡើងទូទាំងពិភពលោក។ អាច​ជា​កំហុស​របស់​ អង្គការ Freedom House!»។ ខ្ញុំអាចមើលឃើញថាតើ ថ្នាក់ដឹកនាំនៃអង្គការ Freedom House គ្រវីក្បាល តតាត់ ហើយ​ដក​ដង្ហើម​ធំ​ទៀត​ផង។ ខ្ញុំត្រូវនិយាយថា វាគឺជាការហួសពេលយូរមកហើយ សម្រាប់ Freedom House ធ្វើស្វ័យទិតៀន។

នៅទិវាសេរីភាពសារព័ត៌មាន ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ ក្នុងរាជធានីភ្នំពេញ លោក James Heenan ដែលជា​តំណាង​របស់​ឧត្តម​ស្នង​កា​រ​អង្គការ​ សហប្រជាជាតិសម្រាប់សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលការពិតគឺថាគាត់មិនតំណាងឱ្យប្រទេសណានោះទេ ប៉ុន្តែ​គឺជា​តំណាង​ឱ្យ​ស្ថាប័ន​អន្តរជាតិមួយដ៏ខ្ពង់ខ្ពស់ នោះ គាត់មិនខុសគ្នាពីមនុស្សរបស់អង្គការ Freedom House ទេ។ គាត់​គាំទ្រ​សេរីភាព​សារ​ព័ត៌មាន​ជាសកល ទុកជានីតិច្បាប់មួយរបស់អង្គការសហប្រជាជាតិ ហើយគាត់កំពុងតែប្រឹងប្រែងដាក់នីតិច្បាប់មួយនេះ មកលើ ប្រទេស​កម្ពុជា​តាមគ្រប់មធ្យោបាយ។ គាត់មិនមែនជាមនុស្សទី១ទេ ប៉ុន្តែក៏មិនមែនជាមនុស្សចុងក្រោយដែរ។ នេះ គឺជា​ប្រភព​ដើម​នៃ​ជម្លោះ​ទាំង​អស់ ដែលបណ្តាលឱ្យមានជនរងគ្រោះដែលមិនគួរមានក្នុងចំណោមអ្នក សារព័ត៌មានមួយចំនួនក្នុងប្រទេសកម្ពុជា។

អង្គការ Freedom House គួរសួរទៅដល់អ្នកសារព័ត៌មាននៅឯសារព័ត៌មាន The Cambodia Daily, The Phnom Penh Post, Kyodo News, សារព័ត៌មានភាសាខ្មែរក្នុងស្រុកជា ច្រើនទៀត ថាតើហេតុអ្វី បានជាពួកគេនៅតែបន្តធ្វើការងារពួកគេ ប្រកបរបរចិញ្ចឹមជីវិត យក​ចិត្ត​ទុក ដាក់ថែរក្សាគ្រួសារ សង្គម និង «ពិភពលោក» របស់ពួកគេ។ ពួកគេ គឺជាអ្នកដែលទទួលការប្រមាថដោយអង្គការ Freedom House ។ ពួកគេ គឺជាមនុស្សដែលគួរឱ្យគោរព ដែលជាអ្នកមិនអនុញ្ញាត្តិឱ្យមានការរំលោភបំពានណាមួយ ដោយរដ្ឋាភិបាល ណានោះទេ ប៉ុន្តែ​ពួកគេបំពេញការងារខ្លួននៅក្នុងច្បាប់ មិនមែនជាមួយនឹងប្រភេទសេរីភាពជាសកល ក្នុងគំនិត ពួកគេទេ។ អង្គការ Freedom House គិតស្រមៃថា អ្នកសារព័ត៌មានទាំងអស់ក្នុងប្រទេសកម្ពុជា គឺទាបជាង មនុស្សទៅទៀត ហើយ​ដែល​សុទ្ធ​តែជា​មនុស្ស​ទម្លាក់​ខ្លួន​របស់​ពួក​គេ​ឱ្យ​ ទទួលយកនូវសម្ពាធដោយរដ្ឋាភិបាល។

ទាំងអង្គការ Freedom House និងលោក James Heenan គួរគិតពិចារណាទៅលើការសង្កេត ដែលធ្វើឡើងដោយលោក ប៉ែន បូណា (មិនមែនជាបងប្អូនសាច់ញ្ញាតិរបស់ខ្ញុំទេ) នៃវិទ្យុបារាំងអន្តរជាតិ (RFI) ដែល​ឆ្លាត​វៃចៀស​វាង​មិន​ដាក់​បញ្ចូល​អ្នក​សារព័ត៌មាន​ទាំង​អស់​ក្នុង​ ប្រភេទ​តែមួយ ដោយនិយាយថា៖ ក្នុងប្រទេស កម្ពុជា មានអ្នកសារព័ត៌មានចំនួនបីក្រុម ទី១ គឺក្រុម​ដែល​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដោយ​ទទួល​យក​ការ​កំណត់ ព្រំដែនមួយនៅក្រោមសម្ពាធ ហើយក្រុមនេះកម្រនឹងជួបបញ្ហាណាស់ ទី២ គឺក្រុមដែលឯករាជ្យ ប៉ុន្តែអនុវត្តន៍ តាមច្បាប់ និង​ក្រម​ប្រតិបត្តិ ហើយអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈ ហើយក្រុមនេះនៅឆ្ងាយពីបញ្ហា និង ទី៣ គឺ​ក្រុម​ដែល​មិន​រវល់​ជា​មួយ​នឹង​ក្រម​ប្រតិបត្តិវិជ្ជាជីវៈ ហើយដើរតួជាអ្នកតស៊ូមតិផ្នែកនយោបាយ ហើយ ក្រុមនេះងាយទទួលរងគ្រោះ និងទំនងជាជួបនូវបញ្ហា។

ថ្ងៃសុក្រកន្លងទៅនេះ ខ្ញុំបានជួបមិត្តភ័ក្រកម្ពុជារបស់ខ្ញុំម្នាក់ ដែលស្គាល់គ្នាប្រហែល២០ឆ្នាំ ហើយ។ គាត់បាននិយាយថា ក្នុង​នាម​ជា​បុគ្គល​មួយ​រូប ប្រជាជនអាមេរិក និងប្រជាជនអាមេរិកដែលមានសញ្ជាតិដើម កម្ពុជា គឺមិនគួរឱ្យទុកចិត្តនោះទេ។ ពួក​គេ​ចង់​បាន​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ត្រូវបានផលប្រយោជន៍នោះ ដឹកមុខ ហើយឱ្យផលប្រយោជន៍ទាំងនោះគ្រប់គ្រងបានទៀត ហើយ​ថែម​ទាំង​មិន​បាន​គិត​អ្វី​បន្តិ​ច​សោះ​អំពីផល វិបាក និងផលវិបាកដែលអាចកើតឡើងដោយអចេតនា ដែលអាចធ្លាក់ទៅលើប្រជាជនដទៃទៀត ជាពិសេស ប្រជាជន​ក្នុង​ស្រុក​។ ឥឡូវដល់យករឿងនេះមកគិត រឿងនេះ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដ អំពីអ្វីទៅជាអង្គការ Freedom House ហើយ​អ្នក​ណា​ទៅគឺ​លោក​ James Heenan នោះ។ ប៉ុន្តែ ខ្ញុំត្រូវតែកែតម្រូវទស្សនៈ ជ្រុលនិយមរបស់មិត្តខ្ញុំ ដោយប្រាប់ទៅគាត់ថា ពិត​ទៅ​ក៏មាន​ប្រជាជាន​អាមេរិក និងប្រជាជនអាមេរិក ដែល មានសញ្ជាតិដើមកម្ពុជាជាច្រើនដែរ ដែលមានសន្តានចិត្តសប្បុរសដែរ។

ថ្ងៃទី ខែ ឧសភា ឆ្នាំ២០១៣
សាស្ត្រចារ្យ ប៉ែន ងឿន
ទីប្រឹក្សាសកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ កម្ពុជា
pngoeun@puthisastra.edu.kh

សម្តេច​​តេជោ​​ស្នើ​​ទីក្រុង​​ម៉ាកាវ​ជំរុញ​​ទេសចរ​និង​​វិនិយគ​ទុន​មក​​កាន់​​កម្ពុជា

សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា នា​ថ្ងៃ​ទី៦ ខែឧសភា ឆ្នាំ២០១៣ បាន​ស្នើ​ឲ្យ​ទីក្រុង​ម៉ា​កាវ ដែល​ជា​តំបន់​រដ្ឋបាល​ពិសេស​មួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជំរុញ​ទេសចរ និង​វិនិយោគទុន​ ព្រមទាំង​ជំរុញ​ឲ្យ​មានការ​ហោះ​ហើរ​ត្រង់​ពីទីក្រុង​ម៉ា​កាវ ​មកកាន់ប្រទេស​កម្ពុជា។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ បាន​មាន​ប្រ​សា​សន៍​បែប​នេះ ក្នុង​ឱកាស​អនុ​ញ្ញា​ត​ឲ្យឯកឧត្តម Edmund Ho អនុ​ប្រធាន​សភា​ប្រឹក្សា​នយោ​បាយ​ប្រជា​ជន​ចិន ​និង​ជាអតីត​ប្រមុខ​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ ចូល​ជួបសម្តែងការ​គួរសម និង​ពិភាក្សា​ការ​ងារ នៅ​វិមាន​សន្តិភាព។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា ពាក់​​ព័ន្ធ​ទៅ​នឹង​ទំនាក់​ទំនង​កម្ពុជា​ ជាមួយ​ទីក្រុង​ម៉ា​កាវ សម្ដេច​តេ​ជោបាន​ស្នើ​ឲ្យ​ភាគីនៃ​ថ្នាក់​ដឹក​​នាំ​ទីក្រុង​ម៉ា​កាវ ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​លើកស្ទួយ​ទំនាក់ទំនង​លើ​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា ​និង​ទីក្រុង​ម៉ា​កាវ និង​វិស័យ​ផ្សេងៗ​ទៀត​ផង​ដែរ។

ឯកឧត្តម អ៊ាង សុផល្លែត បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សម្តេច​តេជោ​នាយករដ្ឋមន្ត្រីក៏បាន​ឆ្លើយ​តប​ទៅនឹង​ការអញ្ជើញ​របស់​ឯកឧត្តម Edmund Ho ក្នុង​ការអញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ ទៅ​កាន់​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​សកលលើក​ទី​២ ដែល​នឹងប្រារព្ធ​​ធ្វើឡើង​នៅទីក្រុង​ម៉ាកាវ សាធារណរដ្ឋ​ប្រជា​មានិត​ចិន នា​ខែ​កញ្ញា ឆ្នាំ២០១៣ ​ខាងមុខនេះ​។

ឯកឧត្តម Edmund Ho បាន​ជំរាប​ជូន​សម្តេច​តេ​ជោ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​ប្រទេស​កម្ពុជា​នៅ​ពេលនេះ គឺ​ទី​១, ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការនៃ​ប្រទេស​ទាំងពីរ​ចិន​-​កម្ពុ​ជា ពិសេស​កិច្ច​សហ​ប្រតិ​បត្តិការ​រវាង​កម្ពុជា ​ជាមួយនឹង​ទីក្រុង​ម៉ា​កាវ ដែល​ជា​យុទ្ធសាស្ត្រ​នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន និង​ទី​២, ដើម្បីគោរព​ជំរាប​ជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​អំពី​ការ​រៀប​ចំ​វេទិកា​សេដ្ឋកិច្ច​ទេសចរ​ណ៍​សកល​លើក​ទី២​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ទីក្រុង​ម៉ា​កាវ ​តាមរយៈ​នោះ ​លោក​សូម​គោរព​អញ្ជើញ​សម្ដេច​តេជោ​នាយករដ្ឋ​មន្ត្រី ដើម្បី​ថ្លែង​សុន្ទរកថា​គន្លឹះ​ទៅកាន់​វេទិកា​ដ៏​មាន​សារៈសំខាន់នេះ៕

សម្តេច​តេជោ​៖ បក្ស​ប្រឆាំង គ្មាន​​សិទ្ធិ​​វេតូ ជំទាស់ មិន​ឲ្យ​​រៀប​ចំ​​ការ​បោះ​ឆ្នោត​​ទេ​

ដោយ​ប្រកាស​ឲ្យ​ដឹង​អំពីការយឺតយ៉ាវ​របស់​បក្ស​ប្រឆាំង ក្នុង​ការដាក់​បញ្ជី​បេក្ខជន ចុះឈ្មោះ ចូល​រួម​ការបោះឆ្នោត នា​ខែ​កក្កដា​ខាងមុខ ដោយសារតែបញ្ហា​ជម្លោះ​ផ្ទៃក្នុង​រវាង​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ ហើយ​បាន​យក​លេសចាប់​ពិរុទ្ធជំទាស់​នឹង ​គជប សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ឲ្យ​ដឹង​ថា គណ​បក្ស​ប្រឆាំងមិន​មាន​សិទ្ធិដើម្បី​ធ្វើ​វេតូ Veto ជំទាស់ មិន​ឲ្យ គជប រៀបចំ​ការបោះឆ្នោត​ឡើយ។

ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ៤៤ នៅ​ខេត្ត​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០១៣ សម្តេច​តេ​ជោមាន​ប្រសាសន៍​ថា អស់លោក​មិនទាន់​ឯកភាព​គ្នា​លើ​បញ្ជី​ខ្លួនឯង​សោះ ​អស់លោក​បែរជា​និយាយ​ថា យក​ពេល​ហ្នឹង​ដើម្បី​តស៊ូជាមួយ គជប ដែល​អស់​លោក​គួរ​ខ្មាស​ខ្លួនឯង​ផង។ ខ្ញុំ​ជូន​ព័ត៌មាន​ត្រឡប់​ទៅវិញ អស់លោក​កុំ​និយាយ​ថា បើ គជប មិន​សម្រួល​បញ្ជី មិន​ពន្យារ​ការបោះឆ្នោត​ទេ មិនចុះឈ្មោះ​ទេ។ ខ្ញុំ​សូម​រំលឹកថា ច្បាប់​បោះ​ឆ្នោត​គេ​បាន​កំណត់​ថា ជា​រៀងរាល់ ៥ឆ្នាំ​ ម្តង នៅ​ថ្ងៃអាទិត្យ នា​អាទិត្យ​ទី៤ នៃ​ខែកក្កដា ​ត្រូវ​បោះឆ្នោត ហេតុអ្វី​បាន​ជា​អស់លោក​ហ៊ាន​ឲ្យ​ពន្យារ​ការបោះឆ្នោត ២ ទៅ ៣ ខែ បើ​ពន្យារ​ការ​បោះ​ឆ្នោត​វា​ទាល់តែ​ទៅ​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ ហើយ​តើ​អ្នកណា​គេ​ទៅប្រជុំ ហើយ​មាន​កូរ៉ុម​ឯណា​ប្រជុំ។

សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា ម្ង៉ៃៗ​ក្រុមប្រឆាំង​បាន​ជេរ​តែ គជប វា​ដូចគ្នា​នឹង​ការ​ប្រកួត​ដែល​វាយ​គេ​មិន​ឈ្នះ​ទៅ​ទាត់​អា​ប៊ីត ហើយ​ថែមទាំង​មាន​អនុសាសន៍​លើក​ឡើងថា សុំ​បិទ​បញ្ជី​បោះ​ឆ្នោត​ឲ្យ​បាន​មុន នៅ​ពេលដែល គជប បាន​ធ្វើតាម​នីតិ​វិធី​របស់​គេ​ច្បាស់លាស់ ហេតុអ្វី​បានជា​អនុសាសន៍ ដែល​អង្គការក្រៅរដ្ឋាភិបាល​មាន​សិទ្ធិ​ធំ​ជាង​សភា​ទៅ​ហើយ ព្រោះ​រដ្ឋសភា​ជា​អ្នក​កំណត់​ឲ្យ​តាមច្បាប់បោះឆ្នោត​ ហើយ​បាន​រៀបចំ​នីតិវិធី ដែល​មាន​កំណត់​ក្នុង​ច្បាប់។ សម្តេច​តេជោ​ថ្លែងថា តើ​អនុសាសន៍​ថា អនុសាសន៍​របស់​ក្រុមប្រឆាំង​មាន​មើល​ច្បាប់​ឬ​អត់​?​ខ្ញុំ ​សូម​និយាយ​ជួយ​ការពារ គជប ទៅ​ចុះ ព្រោះ គជប ត្រូវបាន​គេ​ជេរ​រហូត​ទៅ​ហើយ។ ខ្ញុំ​សូម​អំពាវនាវ សូមមេត្តា​ដាក់ឈ្មោះ​បេក្ខជន​ឈរឈ្មោះមក ព្រោះ​បើ​មិន​ចុះឈ្មោះ​ទេ​ការ​បោះ​ឆ្នោត​នឹង​មានតែ​គណបក្ស​ដែល​បាន​ចុះឈ្មោះ​ តែប៉ុណ្ណោះ​សូមកុំឆ្ងល់​ពេក។ មិនមែន​លោ​ក​ឯង​មាន​សិទ្ធិ​វេតូ​បំផ្លាញ​ចោល​ការបោះឆ្នោត​មួយ​នេះ​ទេ សូម​ឲ្យ​ច្បាស់​លើរឿង​ហ្នឹង។ បើ​​មិន​ចូល​ទេ​គណបក្ស​ដទៃ​កាន់តែ​អរ ព្រោះ​សន្លឹកឆ្នោត​ដែល​ត្រូវ​បោះ​ឲ្យ​លោក​ផ្ទេរ​ឲ្យ​បក្ស ប៉ុន្មាន​ទៀត​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ទេ។

សម្តេចតេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា បក្ស​ប្រឆាំង​គ្មាន​សិទ្ធិ​វេតូ​ទេ ហើយ​អនុសាសន៍​របស់​អង្គការ​ក្រៅ រដ្ឋាភិ​បាល​ក៏​គួរតែ​ត្រូវ​ពិនិត្យ​ច្បាប់ និង​នីតិវិធី​ដែរ។ កុំ​ចេះតែ​លើក រួចហើយ​ថា គជប មិន​ទទួលយក​អនុសាសន៍ ហើយ​ត្រូវ​ដឹងថា អស់លោក​មិនមែន​ធំ​ជាង​រដ្ឋសភា​ទេ បើ​អស់​លោកធំ​ជាង​រដ្ឋ​សភា គឺ​គណបក្ស​ប្រជាជន​នឹង​យក​អង្គការក្រៅរដ្ឋាភិបាល​រាប់ពាន់​ចេញ​មក ដើម្បី​នឹង​បង្ហាញ​អំពី​ការគាំទ្រ។

រំលឹក​ដល់​ជម្លោះ​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅក្នុង​ខ្សែអាត់ នៅមុន​ពេលមិន​ទាន់​បានរួម​គ្នា​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ ដែល​មាន​ពាក្យ​គួរ​ឲ្យ​ចាប់អារម្មណ៍​ថា «​អា​នាក់​មួយនោះ​ដាក់​កន្ទុយ​ចូល​ប្រជុំ​សភា​» និង​ពាក្យ​ថា «​បើ​ខ្ញុំ​អញ្ចឹង អ្នកឯង​អញ្ចឹង​ឲ្យ​បក្ស​អ្នក​ឯង​រលំរលាយ​ខ្ចាត់ព្រាត់​» ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​បណ្តាញ​ឃោសនា​នានា សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា គេ​បាន​ប្រើ​ពាក្យ​ប្រមាថ​ហៅ​គ្នា​ដូច​សត្វ​ព្រោះ​មនុស្ស​គ្មាន​កន្ទុយទេ និង​បាន​ដាក់​បណ្ដាសា​គ្នា ប៉ុន្តែ​មិនឃើញ​មាន​អ្នកវិភាគ​សង្គម​ចេញ​មក​វិភាគ​សម្តី​អស់​ហ្នឹង​ទេ ប៉ុន្តែនៅ​ពេលដែល​យើង​ប្រើ​ភាសា​អ្វីមួយ​ចំនួន​គេ​ថា យើង​ប្រើ​សម្តី​អសុរោះ​ទៅ​វិញ។

ពាក់ព័ន្ធនឹង​កាបោះឆ្នោត​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ទី៥ ខែឧសភា ឆ្នាំ២០១៣ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​កត់សម្គាល់ថា ប្រធានបទដែល​គេ​ឃោសនា​នៅ​ប្រទេស​ម៉ាឡេ​ស៊ី និង​ប្រធានបទ​នៅ​កម្ពុជា​ប្រហាក់​ប្រហែលគ្នា​គឺ​បក្ស​ប្រឆាំង​លើកឡើង​ពី​ពុករលួយ ជនបរ​ទេស​មក​បោះឆ្នោត បញ្ជី​បោះឆ្នោត និង​អ្នកបោះ​ឆ្នោត​ខ្មោច បញ្ហាទឹក​ថ្នាំ ដឹក​អ្នក​បោះ​ឆ្នោត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​ដំណាក់កាល​ចុង​ក្រោយ ​គឺ​ការ​បន្លំ​សន្លឹក​ឆ្នោត ដែល​កត្តា​ទាំង​នេះ​ដូចគ្នា​បេះបិទ​ជាមួយ​បក្ស​ប្រឆាំង​នៅ​កម្ពុជា។ ចំណែក​ប្រធានបទ​របស់​គណបក្ស​កាន់​អំណាច​វិញ​គឺ​ការ​រក្សា​សន្តិភាព ស្ថិរភាព និង​ជំរុញ​ការ​អភិវឌ្ឍន៍​​តាមផ្លូវ​ដែលមាន​រួច​ហើយ។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍លើកជា​សំណួរ​ថា​ តើ​ផ្លាស់ប្តូរ​ពី​សន្តិភាព​ទៅកាន់​អស្ថិរភាព និង​ហិង្សា​ឬ​? ​ដែល​ចំណុច​នេះ​វា​ដូចគ្នា​ខ្លាំងណាស់។

សម្តេចតេជោ​ក៏បាន​ស្នើ​ឲ្យវិទ្យុ និង​កាសែត​បរទេស​នានា ដែល​អួត​អាង​ថា ​ខ្លួន​ជា​អ្នកមាន​វិជ្ជា​ជីវៈ និង​តាំងខ្លួន​ជា​អ្នក​ឯករាជ្យ អព្យាក្រឹត្យ​នោះ​ និយាយ​ការពិត​ដោយ​មិនត្រូវ​បំផ្លើស​ការ​ពិត​។ ជាក់​ស្តែង​គ្រាន់តែ​នៅពេល​ដែលមាន​កម្មវិធី​នាយករដ្ឋមន្ត្រី ដែល​មាន​ប្រជាជន​ចូលរួម​រាប់ពាន់​រាប់ម៉ឺន​នាក់ ​បែរជា​និយាយថា មាន​មនុស្ស​ត្រឹមតែ​រាប់រយនាក់​ចូល​រួម ប៉ុន្តែ​នៅពេលដែល​បក្ស​ប្រ​ឆាំង​ប្រារព្ធ​កម្មវិធី​ ដែលមាន​មនុស្ស​ចូលរួម​ត្រឹមតែ​រាប់រយ​នាក់ បែរជា​ផ្សាយ​ថា ចំនួន​រាប់​ពាន់​នាក់​ទៅវិញ។

នៅក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ៤៤ ក្នុង​ខេត្តកំពង់ស្ពឺនោះ​ដែរ សម្តេច​អគ្គ​មហា សេនា​ប​តី​តេ​ជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ឲ្យ​ដឹងថា ឥឡូវនេះ​បញ្ហា​ក្រុមប្រឆាំង​បែរជា​មក​សរសើរ​ប្រទេស​ចិន និង​ប្រទេស​វៀតណាម​ថា ប្រទេស​ចិន​បក្ស​តែមួយ​ទេ ប្រទេស​វៀត​ណាម​បក្ស​តែមួយ ប៉ុន្តែ​គេ​ជឿនលឿន​ មកពី​គេ​ដូរ​មេដឹកនាំ ​ដែល​ការ​និយាយ​របស់​គេ​បាន​បាញ់​សំដៅ​មក​រក​ខ្ញុំ​ទៀតហើយ គេ​បាញ់​មក​រក ហ៊ុន សែន។ ទាក់​ទង​នឹង​បញ្ហា​នេះសម្តេច​តេ​ជោបាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​ឥឡូវនេះ ​ខ្ញុំ​សូម​ប្រកាស​ជូន​ថា​ ខ្ញុំ​ធ្វើ​ឲ្យ​ដូច​ចិន និង​វៀត​ណាម​តែម្តង។ សម្តេច​តេ​ជោ​ពន្យល់​ថា ធ្វើ​ឲ្យ​ដូច​នឹង​នៅ​ត្រង់​ថា មេ​ដឹក​នាំ​របស់​ចិន​ចាក​ចេញ​ពី​​តំណែង​នៅពេល​ដែល​គាត់​អាយុ​ ៧០ឆ្នាំ មេដឹកនាំ​វៀតណាម​នៅ​ពេល​ដែល​គាត់​ចាក​ចេញពី​តំណែង​អាយុ​ជាង ​៧០ឆ្នាំ ឯខ្ញុំ​ទើបតែ​អាយុ ៦១ឆ្នាំ​ ទេ​ឆ្នាំនេះ»។

សម្តេចតេជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍បញ្ជាក់​បន្ថែមថា «​ឥឡូវ ​ខ្ញុំ​ទទួលយក​ហើយ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ដូច​វៀតណាម និង​ចិន ព្រោះ​នៅ​ពេលដែល​ផ្លាស់​ឯកឧត្តម ផាំ វ៉ាន់ខាយ ដាក់​ឯកឧត្តម ង្វៀន តាន់​យ៉ុង ឯកឧត្តម ផាំ វ៉ាន់ខាយ មាន​អាយុ ៧៦ឆ្នាំ ហើយ​ឯកឧត្តម វេន ជាប៉ាវ មាន​អាយុ ៧៤ឆ្នាំ បើ​អញ្ចឹង​ចាំ​ខ្ញុំ​អាយុ ៧៤ឆ្នាំ ​ចាំ​ខ្ញុំ​ចាកចេញ។ នៅ​ឆ្នាំ២០១៨ ខ្ញុំ​ទើបនឹង​មាន​អាយុ ៦៦ឆ្នាំ​ ដល់​ឆ្នាំ២០២៣ ខ្ញុំ​ទើបនឹង​មាន​អាយុ ៧១ឆ្នាំ អញ្ចឹង​ទេ​សូម​លោក​ចាំ​ចុះ ខ្ញុំ​មិន​ចាំបាច់​នៅ​ដល់​អាយុ​ដូច​ឯកឧត្តម ផាំ វ៉ាន់ខាយ ទេ ខ្ញុំ​ធ្វើ​ត្រឹមតែ​អាយុ​ប៉ុន​ឯកឧត្តម វេន ជា​ប៉ាវ បាន​ហើយ។ សម្តេច​តេ​ជោ​ថ្លែងថា ខ្ញុំ​ទទួល លោក​ឯង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ខ្វះ​ធន​ធាន​មនុស្ស​ខ្ញុំ​ក៏​ទទួល​ ឲ្យ​ខ្ញុំ​ជា​គ្រូ​បឋម​ក៏​ខ្ញុំ​ទទួល ​ហើយ​ប្រាប់​ទៅ​លោក​ប្អូន​ទៀតថា លោក​ប្អូន​កុំ​ល្ងង់​ពេក បើ ហ៊ុន សែន អន់​ហើយ​ទុក​ទៅ​ស្រួល​យកឈ្នះ ប៉ុន្តែ​ផ្ទុយទៅវិញ​ទេ​បើ​គេផ្តួល​ ហ៊ុន សែន ​បាន​ស្មើនឹង​កាត់​ជើង​គណបក្ស​ប្រជាជន​បាត់​ម្ខាង​ទៅ​ហើយ។

សម្តេចតេជោ​មាន​ប្រសាសន៍​ថា ​ខ្ញុំ​កាន់អំណាច​ពី​ក្មេង ហើយ​ពេលនេះ​ខ្ញុំ​មិនទាន់​ចាស់​ទេ ខ្ញុំ​គ្រាន់តែ​ធ្វើ​នាយករដ្ឋមន្ត្រី​យូរតែប៉ុណ្ណោះ ខ្ញុំ​ធ្វើ​យូរ​មិន​ទាស់​ខុស​អ្វី វា​មិន​ខុស​ទេ ព្រោះ​យូរ ​ឬ​ឆាប់​វា​ស៊ីសង​លើ​ប្រជាជន​បោះឆ្នោត។ បើប្រជាជន​បោះ​ឲ្យ​ខ្ញុំ​នៅ​ទៀត​ ហើយ​ខ្ញុំ​នៅ​តែ​បន្ត​និយាយ​ថា បើ​ស្រឡាញ់ ហ៊ុន សែន បើ​អាណិត ហ៊ុន សែន បើ​ពេញចិត្ត បើ​ជឿទុក​ចិត្ត​ខ្ញុំ សូម​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​បាន​ហើយ

ទស្សន​វិភាគ៖ ភាព​ខុស​គ្នា​នៃ​ស្នាដៃ​ពិត​របស់​គណ​បក្ស​ប្រជាជន​​កម្ពុជា និងការ​សន្យា​ខ្យល់​របស់​​បក្ស​ប្រឆាំង​

សមដូចពាក្យចាស់លោកពោលថា «អ្នកថា ចាំតែថា អ្នកធ្វើ ចេះតែធ្វើ»។  ពា​ក្យ​ពុំ​នោ​ល​ខា​ង​លើនេះ កំពុងតែឆ្លុះ​បញ្ចាំង​អំពីត​ថភាព​ជាក់​ស្តែង​នៅក្នុងសង្គមកម្ពុជាបច្ចុ​ប្ប​ន្ន​យ៉ា​ង​ប្រ​ត្យ​ក្ស ស្តែងទ្បើងតាមរយៈតួរអង្គពីរ គឺរាជរដ្ឋាភិបាលដែល​ដឹក​នាំដោយ​គណបក្សប្រជាជន​កម្ពុជា និង​គណបក្សប្រឆាំង ដែ​ល​កំ​ពុ​ង​ប្រកួត​គ្នា​នៅលើទីលាន​ប្រជាធិបតេយ្យសេរីពហុបក្ស។

តើតួអង្គណាមួយជាអ្នកសន្យាខ្យល់ ហើយតួអង្គណាជាអ្នកមាន​ស្នាដៃពិតប្រាកដសម្រាប់​ជូន​ជាតិមាតុភូមិ? ​ដោយ​សេ​ចក្តី​ស្រេ​ក​ឃ្លា​ន និងភាពចង់ឈ្នះទាំង​ពុំផ្អែកលើ​អ្វីដែល​ជាការពិត​ នៃគោល​នយោបាយរបស់​ខ្លួន​ បាន​ធ្វើ​ឲ្យ​អ្នកន​យោ​បាយ​ក្នុង​សង្គ​មក​ម្ពុ​ជា​មួយ​ចំនួ​ន​ង​ប់​ង​ល់​ឆ្កួត​វង្វេ​ង​ទៅ​នឹងមហិច្ឆតាចង់កាន់​អំណាច ដោយមិនខ្វល់អំពីភាពត្រឹមត្រឹមត្រូវ ឬអ្វីជាគុណធម៌ សី​ល​ធម៌ សច្ចធម៌ក្នុងភាពជាមនុស្ស។

ជាក់ស្តែង ដោយចេតនាចង់​ឈ្នះជ្រុល​ហួសលើគណបក្សប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះជាតិ បាន​ដាក់​ចេ​ញ​នូវ​គោល​នយោបាយ​បែបប្រជាភិថុតិប្រាសចាកពីការពិត ដោយគ្មាន​ភា​ព​​ខ្មាសអៀន ដើ​ម្បី​តែ​ទា​ក់ទាញនូវការគាំទ្រ ដែលក្នុងនោះ គេសង្កេតឃើញមានដូចជា ការ​សន្យា​ឱ្យ​ចាស់ៗពីអាយុ៦៥ឆ្នាំទ្បើងទៅ ៤០.០០០ រៀល ក្នុង១ខែ  សន្យាតម្លើងប្រាក់​បៀវត្សរ៍​ដល់​កម្មករ មន្រ្តីរាជការ​ កសិករ​ទទួល​បាន​ការ​​ធានា​តម្លៃ​កសិផល ប្រជាពលរដ្ឋក្រីក្រ ទទួលបាន​ការ​ព្យាបាល​ជំងឺដោយឥតគិតប្រាក់ និង​ការសន្យាបញ្ចុះតម្លៃប្រេង ជីកសិកម្ម អគ្គិសនី និងបញ្ចុះ​អត្រាការប្រាក់ ជាដើម។

ការពិត​គោល​នយោបាយរបស់​គណ​បក្សប្រ​ឆាំង ​ត្រូវបាន​ក្រុមអ្នក​តាម​ដា​នស្ថានការណ៍​នយោបាយកម្ពុជា យល់ឃើញថា​ គណបក្សស​ង្គ្រោះជាតិ​កំពុងតែ​ខិត​ខំបំ​ប៉ោ​ង ជាអតិបរមា​នូវសារនយោបាយ​ភូត​កុហក បោកប្រាស់​ប្រជាពល​រដ្ឋម្ចាស់​ឆ្នោត ក្នុង​គោ​ល​ដៅ​បិទ​បាំ​ង​នូវ​សមិទ្ធ​ផល​ដ៏ធំធេង ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានា​យក​រដ្ឋម​ន្ត្រី នៃ​ព្រះ​រាជា​ណា​ច​ក្រ​​កម្ពុជា។

អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ ក្នុង​គោ​ល​ន​យោ​បា​យ​ដែ​ល​បាន​លើ​ក​ទ្បើ​ង​ដោ​យ​គណបក្សប្រឆាំង គឺមិន​មែន​ជាភាព​អច្ឆរិយ​នៃ​នយោបាយដ៏មហាអស្ចារ្យដល់សង្គម​នោះឡើយ ផ្ទុយទៅ​វិញ​ ពួក​គេបាន​និង​កំ​ពុង​ទាញ​យក​ផល​ចំ​ណេញ​ពី​សន្តិភាព​ និង​ក៏ដើម្បី​បំ​ផ្លាញ​សន្តិភាព​ឱ្យ​ខ្ទេចខ្ទាំតែប៉ុណ្ណោះ​។ ការពិត​ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់​បំ​ផុត​ ក្នុង​ការធានាបាន នូវ​ស្ថិរភាព​ សន្តិសុខ និង​ការ​អភិវឌ្ឍន៍ រីក​ចំ​រើន​គ្រប់​វិស័យ​។
ដូច្នេះ គោលនយោបាយរបស់បក្សប្រឆាំង មិនមានឥទ្ធិពល ដើម្បី​គ្រប​ដណ្តប់​លើ​ជោគ​ជ័យ​ និង​សមិទ្ធផល​ដ៏ច្រើន​សន្ធឹក​សន្ធាប់​របស់​គណបក្សប្រជាជន​កម្ពុជាបាន​ឡើយ។ ម៉្យាង​វិញ​ទៀត​ ប្រជាពល​រដ្ឋម្ចាស់​ឆ្នោត​ គឺពួក​គាត់​នឹង​មិនអាចផ្លាស់ប្តូរផ្នត់គំនិតនៃកា​រស្រលាញ់​គាំទ្រ​របស់ខ្លួន​ចំ​ពោះ​គណបក្សប្រជាជនកម្ពុជាបាន​ទេ ។ ដោយគ្រាន់​តែលើក​ឡើង​នូវ សមិទ្ធផល និង​ស្នាដៃធំៗ ៨ យ៉ាង របស់​គណ​បក្ស​ប្រជាជនកម្ពុជា ក៏មាន​តម្លៃលើសលប់​សម្រាប់​សារឈ្នះ​នៃការដណ្តើម​ប្រជាប្រិយ៍ភាព​លើ​គូប្រកួត​បាន​ដែរ នេះ​មិន​គិត​អំ​ពី​មហាសមិទ្ធផល​ថ្មីៗជាច្រើន​ដែល​គ្រប​ដណ្តប់​ក្នុង​សង្គម​ខ្មែរ​។

សមិទ្ធផល​ និង​ស្នាដៃធំៗ៨យ៉ាង​របស់​គណបក្សប្រជាជន​កម្ពុជា​ រួម​មាន៖
​​
ទី១‑  គណបក្សប្រ​ជាជន​កម្ពុជាបានសង្រ្គោះ​ជាតិ​ឲ្យ​រស់​ឡើងវិញ រួច​ផុតពី​របប​ប្រល័យ​ពូជសាសន៍ នា​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ទប់ស្កាត់​មិនឲ្យ​របប​ដ៏យង់ឃ្នង​នេះ​ វិល​ត្រឡប់​មកវិញ និង​បាន​ធ្វើ​ឲ្យ​អង្គការ​ចាត់តាំង​នៃ​របប​ប្រល័យ​ពូជ​សាសន៍ ត្រូវ​រលំរលាយ​ទាំងស្រុង​ រក​យុ​ត្តិ​ធ​​ម៌​​ជូន​ប្រជាជន​កម្ពុជា តាំង​ពី​ឆ្នាំ ១៩៧៩ ហើយ​បាន​ផ្តើម​គំនិត និង​ជំរុញ​ដំណើរការ​នៃ​អង្គ​ជំ​នុំ​ជ​ម្រះ​​វិសាមញ្ញ ដើម្បី​កាត់​សេចក្តី​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅក្នុង​របប​កម្ពុជា​ប្រ​ជាធិ​ប​តេ​យ្យ​។

ទី២‑ បាន​ដណ្តើម​មក​ ជូន​ប្រជាជន​វិញ និង​ធ្វើ​ឲ្យ​មាន​ការរីកចម្រើន​ឥតឈប់ឈរ​នូវ​សិ​ទ្ធិ​​សេរីភាព​គ្រប់យ៉ាង កិត្តិ​យស​ សេចក្តីថ្លៃថ្នូរ និង​លទ្ធិប្រជាធិបតេយ្យ ដែល​បាន​បាត់បង់​ក្នុង​របប​ប្រល័យ​ពូជសាសន៍។ សម្រេចបាន​ការបោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ជាបន្តបន្ទាប់ ទាំ​ង​​នៅ​ថ្នាក់​ជាតិ និង​មូលដ្ឋាន ទាំង​សកល និង​អសកល។

ទី៣‑ បាន​ធ្វើជា​កម្លាំង​ស្នូល​ក្នុង​ដំណើរការ​បង្រួបបង្រួម​ជាតិ រហូត​បានសម្រេច​កិ​ច្ច​ព្រ​ម​ព្រៀ​ង​​ទីក្រុង​ប៉ារីស នា​ថ្ងៃ​ទី​ ២៣ ខែតុលា ឆ្នាំ ១៩៩១ និង​ជា​កម្លាំង​ស្នូល​ក្នុង​ការកសាង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទី ២ ដែល​ប្រកាន់​យក​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ ​សេរី​ពហុប​ក្ស។

ទី៤‑ បាន​អនុវត្ត​ដោយ​ជោគជ័យ ​នូវ​ដំណើរការ​សន្តិភាវូបនីយកម្ម​ប្រទេសជាតិ​ទាំ​ង​មូ​ល តាមរយៈ​នយោបាយឈ្នះឈ្នះ លើ​មូលដ្ឋាន​ការ​បង្រួបបង្រួម​ជាតិ​ ដែល​បាន​នាំមក​នូវ​សន្តិ​ភា​ព ឯកភាព​ជាតិ និង​ឯកភាព​ទឹកដី​ទាំងស្រុងជា​លើក​ដំបូង។

ទី៥‑ បាន​ការពារ​យ៉ាងគត់មត់​នូវ​រាល់​សមិទ្ធផល​របស់​ជាតិ ដោះស្រាយ​ភាពជាប់គាំង​ខាង​នយោបាយ​ ក្រោយ​ពេល​បោះឆ្នោត ហើយ​ធ្វើជា​កម្លាំង​ស្នូល​ក្នុង​ការដោះស្រាយ​ស្ថិរភាព​នៃ​រាជបល្ល័ង្ក ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ពី​ប្រព័ន្ធ ២/៣ មក​ប្រព័ន្ធ​ភាគច្រើន​ដាច់ខាត និង​ការ​រក្សា​​ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​បានរឹងមាំ ធ្វើ​ឲ្យ​ប្រជាជន​បាន​រស់នៅ​យ៉ា​ង​សុខសាន្ត។

ទី៦‑ បាន​ស្តារ​ខឿនសេដ្ឋកិច្ច​សង្គម​ឡើងវិញ​ ជា​ជំហានៗ តាំងពី​លេខសូន្យ រហូត​មាន​ការរីកចម្រើន​យ៉ាង​ខ្លាំង​ដូច​បច្ចុប្បន្ន។ ទាក់ទាញ​បាន​អ្នកវិនិយោគទុន​ក្នុងប្រទេស និង​ក្រៅ​ប្រ​ទេ​ស បង្កើត​រោងចក្រ សហគ្រាស ធនាគារ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កសិដ្ឋាន សំណង់​ធំៗ សេ​វា​ក​ម្ម​​ទេសចរណ៍ បង្កើន​បាន​ការងារ និង​មុខរបរ​ជូន​ប្រជាជន។ កសាង​សមិទ្ធផល​លើ​គ្រប់​វិស័យ មាន​ផ្លូវ ស្ពាន ទំនប់​ ប្រឡាយ ស្រះទឹក អណ្តូងទឹក មណ្ឌល​អភិវឌ្ឍ សាលារៀន មន្ទីរ​ពេទ្យ វត្ត​អារាម។ល។ ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​កាន់តែ​បាន​ល្អ​ប្រសើរ​ឡើង។

ទី៧‑ បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យនូវ​ការកែទម្រង់​រដ្ឋ​ដ៏​ស៊ីជម្រៅ ធ្វើឲ្យ​ការងារ​គ្រ​ប់​គ្រង​រដ្ឋ គ្រប់គ្រង​សង្គម គ្រប់គ្រង​សេដ្ឋកិច្ច និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ កាន់តែ​មា​ន​ប្រ​សិ​ទ្ធ​ភា​ព​​ឡើង ដែល​ធានាបាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព ការពង្រឹង​លទ្ធិ​ប្រជា​ធិប​តេ​យ្យ និង​នីតិរដ្ឋ ការពង្រឹង​យុត្តិធម៌ សមធម៌សង្គម និង​ការលើកកម្ពស់​ជីវភាព​ប្រជាជន មន្រ្តី​រាជការ និង​កងកម្លាំង​ប្រដាប់អាវុធ។

ទី៨‑ បាន​ស្តារ​កិតិ្តយស កិត្យានុភាព​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើវិញ​ នៅលើ​ឆា​ក​​អន្តរជាតិ ធ្វើឲ្យ​កម្ពុជា​បានក្លាយ​ជា​ប្រទេស​ដែល​មាន​លក្ខណៈ​ស្មើភាព និង​ស្មើ​សិទិ្ធ​ជាមួយ​បណ្តា​ប្រទេស​លើ​ពិភពលោក មាន​ទំនាក់ទំនង​មិត្ត​ភាព និង​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្រប់​ប្រទេស និង​ដៃគូ​អន្តរជាតិ​នានា ដែល​ជំរុញ​បាន​ខ្លាំងក្លា​ការអភិវឌ្ឍនសង្គម​ជាតិ។ សម្រេចបាន​ជោគជ័យ​ ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង តា​ម​រ​យៈ​​ការចរចា​ដោ​យ​ស​ន្តិ​វិ​ធី ការពារ​បាន​យ៉ាងគត់មត់​នូវ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​មាតុភូមិ។

ដូច្នេះ ស្នាដៃពិត ដែលស្តែងទ្បើងតាមរយៈសមិទ្ធផលទាំងអស់នេះហើយ ដែលជា​គ្រឹះ​ដ៏រឹងមាំ មិ​ន​អាច​ដួល​រលំ​បាន​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា តាំង​ថ្នា​ក់​លើ រ​ហូ​ត​ដល់​មូល​ដ្ឋា​ន ​នៃ​កម្លាំ​ង​គាំ​ទ្រ​របស់ប្រជាពលរដ្ឋ ហើយពួកគាត់ទាំងនោះថែមទាំងសច្ចាគាំទ្របេក្ខភាព សម្តេច ហ៊ុន សែ​ន ជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិបន្តទៀត សមតាមការប្រកាសរបស់សម្តេចតេជោថា «បើស្រលាញ់ បើអាណិត បើ​ពេញចិត្ត បើជឿទុកចិត្ត ហ៊ុន សែន​សូមបោះឆ្នោត​ជូនគណបក្ស​ប្រជាជន​កម្ពុជា»។

សរុបមក សេចក្តីពិត និងអំពើល្អ រមែងតែឈ្នះអំពើអាក្រក់។ សមិទ្ធផលពិត តែ​ង​តែ​ឈ្នះ នូវការសន្យាខ្យល់ បោកប្រាស់ ប្រជាភិថុតិ ព្រោះ​ប្រជាពលរដ្ឋកម្ពុជាលោកមាន​គតិ​វិនិ​ច្ឆ័​យ​ច្បាស់លាស់ យល់ និងស្គាល់នូវអ្វីដែលជាអំពើល្អ អ្វីជាអំពើអាក្រក់ ខុស ឬត្រូវ ពិសេ​ស​ពួ​ក​គា​ត់​មិ​ន​​​បណ្តោយខ្លួនឲ្យក្រុមបក្សប្រឆាំងបោកបញ្ឆោត​ពង្វ​ក់​បា​ន តា​ម​តែ​ទំនើ​ងចិ​ត្តរ​បស់​ពួកគេ​នោះ​​បានឡើយ។
អត្ថបទដោយៈ ឧត្តម សក្តិ