Thursday, May 9, 2013

អាយ៉ៃ​​​ឆ្លើយ​ឆ្លង​​រវាង​​ សម រង្ស៊ី-កឹម​ សុខា កើត​​ជម្ងឺ​​ភ្លេច​​សម្តី​ខ្លួន​ឯង (ភាគទី២)

ការ​វាយ​ប្រហារ​គ្នារវាង​ កឹម​ សុខា និ​ង​ សម​ រង្ស៊ី កាន់​តែ​ឡើង​កម្តៅ​ក្តៅ​ឡើងៗហើយ។ ទាំង​សង​ខាង​សុទ្ធ​​តែ​បង្ហាញ​ពី​ភាព​ខ្លាំងរបស់​ខ្លួន ដោយ​យក​ប្រជា​ធិបតេយ្យ សិទ្ធិ​មនុស្ស មក​បិទ​បាំង។ ក្នុង​បរិបទ​​នៃ​ជម្លោះ​នេះ គណបក្ស​សមរង្ស៊ី ខិត​ខំ​ពន្យល់​ទៅ​អ្នក​គាំទ្រខ្លួន​ថា កឹម​ សុខា​ ជាអាយ៉ង​សម្តេច​ ហ៊ុន សែន។ ឯ កឹម​ សុខា ខំ​ពន្យល់​ទៅ​អ្នក​គាំទ្រ​របស់​ខ្លួន​ថា បក្ស​សមរង្ស៊ី​ ជា​​បក្ស​​បុគ្គល​​និយម គួ្រសារ​និយម ផ្តាច់ការ គ្មាន​ប្រជា​ធិបតេយ្យដូច​ កឹម​ សុខា ឡើយ។

ដើម្បី​ផ្តួលរំលំ​ កឹម​ សុខា គណបក្ស​សមរង្ស៊ី​ បាន​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយទាំង​អស់​ដែល​ខ្លួន​មាន ។ ​ពេល​នោះ​ទាំង​កាសែត វិទ្យុ សម រង្ស៊ី បាន​ផ្សាយ​យ៉ាង​កង​រំពងពីមហិច្ឆតា​ស្រេក​ឃ្លាន​​អំណាច​​របស់​ កឹម​ សុខា និង​ភាព​ជាប់​ជំពាក់​រវាង​ កឹម​ សុខា ជាមួយ​សម្តេច ហ៊ុន សែន ប្រមុខ​​គណបក្ស​ប្រជា​ជន​កម្ពុជា។

វិទ្យុភ្លើង​ទៀន​​បានពិព័ណ៌នាពី​សាវតា​របស់​ កឹម​ សុខា យ៉ាងដូច្នេះថា​៖  « លោក​ប្រធាន​ស្តីទី គង់ គាំ ក៏​បានជម្រាប​ជូន​ប្រជា​ពលរដ្ឋ និង​សកម្ម​ជន​គណបក្ស​សមរង្ស៊ី បន្ត​ទៀត​ផង​ដែរ​ថា កាល​ណោះ​អង្គការ​អន្តរជាតិ​គេ​បាន​ធ្វើ​ការ​ទូន្មាន​លោក កឹ សុខា ថា ប្រសិន​បើ​ចង់​ធ្វើ​នយោបាយ ឲ្យ​លោក កឹសុខា មក​ចូល​រួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​សមរង្ស៊ី មិន​ចាំបាច់​បង្កើត​ផ្សេង​នោះ​ទេ ក៏ប៉ុន្តែ​ដោយ​សារ​តែ​មហិច្ឆតា​រ​បស់លោក កឹ សុខា ចង់​ធ្វើ​ជា​ប្រធាន​បក្ស និង​ការ​អូស​ទាញ​បំពាក់​បំប៉ន​មនោគមន៍វិជ្ជា​ពី​សំណាក់​លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​លោក​ កឹ សុខា បង្កើត​គណបក្ស​ផ្សេង តែ​ខ្លាច​ប្រជា​ពលរដ្ឋ​លោក​មិន​ស្គាល់ លោក​ កឹ សុខា ក៏​បាន​យក​ឈ្មោះ​សិទ្ធិ​មនុស្ស​មក​ដាក់ ដែល​ជា​ឈ្មោះ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស »

 ចំណែក​លោក សម រង្ស៊ី ដែល​ កឹម​ សុខា ដាក់​បណ្តាសារ​ឲ្យ​ខ្ចាត់​​ព្រាត់​ពី​ប្រទេស​នោះ ទំនង​​ជា​ដឹង​​ថា លោក​អនុប្រធាន​ទីងមោង​របស់​គាត់ ពុំ​មាន​ស្មារតីគ្រប់​គ្រាន់​សម្រាប់​វាយ​បក​ទៅ​ កឹម​ សុខា ទើប​លោក សម រង្ស៊ី ជួយ​ស្រែក​ពី​ក្រៅ​ប្រទេសក្នុងន័យ​ជាន់​ក កឹម​ សុខា មិនឲ្យ​រើ​រួច​​ពី​ពាក្យ​ថា អាយ៉ង​សម្តេច​ ហ៊ុន សែន។​ លោក សម រង្ស៊ី បាន​រៀប​រាប់​យ៉ាង​ដូច្នេះថា​៖  យើង​មិន​ចាំ​បាច់​និយាយ​ពី​គណបក្ស​ថ្មី​ថ្មោង គណបក្ស​តូច​តាច ដែល​តាំង​ខ្លួន​ជា​គណបក្ស​ប្រឆាំង ប៉ុន្តែជា​គណបក្សដែល​លោក ហ៊ុន សែន បាន​ជួយ​បង្កើត លោក ហ៊ុន សែន ធ្វើ​ជា​ឆ្មប ​បានបង្កើត​គណបក្ស​តូច​តាច គណបក្សខ្លះហ្នុង​អត់​មាន​អ្នកណា​គេ​មាន​ជំនឿ គេ​ឲ្យ​តម្លៃ ថា​ជា​គណបក្ស​ប្រឆាំង​ពិត​ប្រាកដទេ គឺជា​គណបក្ស​ដែល​ជំពាក់​ជំពិន​តាំង​ពី​កំណើត គឺ​ជំពាក់​ជំពិន​ជាមួយ​គណបក្ស​ប្រជា​ជន គឺ​ជា​គណបក្ស​ដែល​បន្លំ គឺ​ជា​គណបក្ស​ប្រឆាំង​មក​បំបែក​សម្លេងអ្នក​ប្រឆាំង​មែនទែន

សេចក្តី​ពន្យល់របស់​ សម រង្ស៊ី ដែល​ថា កឹម​ សុខា ជា​អាយ៉ង​សម្តេច ហ៊ុន សែន ប្រមុខ​គណបក្ស​ប្រជា​ជន​កម្ពុជា ត្រូវ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិសុំការ​បំភ្លឺ​ពី​ កឹម​ សុខា។​ សំណួរ​​សំខាន់​​ដែល​គ្រប់​មជ្ឈដ្ឋាន​អ្នក​សារព័ត៌មានដាក់​ជូន​ទៅ​ កឹម​ សុខា នោះ​ គឺ តើ​ កឹម​ សុខា ជា​មនុស្ស​របស់​សម្តេច ហ៊ុន សែន ដូច សម រង្ស៊ី​ថា​មែនទេ? សំណួរ​នេះ បាន​តាម​លង កឹម​ សុខា គ្រប់​ពេលវេលា​ទាំង​អស់ មិន​ថា កឹម​ សុខា នៅ​ក្នុង​ប្រទេស ឬក្រៅ​ប្រទេស​នោះ​ទេ សូម្បី​​តែ​អ្នក​​គាំទ្រ​ កឹម​ សុខា ក៏​មិន​ទាន់​អស់​មន្ទិលពី​រឿង​អាយ៉ងនេះ​ដែរ។​ ទី​បំផុត កឹម​ សុខា ចេះ​ត្រឹម​តែ​ឆ្លើយ​ថា គេ​ចោទ​ខ្ញុំ​តែ​ប៉ុណ្ណោះ! សូម​ស្តាប់​ការ​បញ្ជាក់​របស់ កឹម​ សុខា៖  ចោទ​នេះ វា​ចោទ​ហួសហេតុ មក​មូល​បង្កាច់​ថា គណបក្ស​សិទ្ធិ​មនុស្ស​អាយ៉ង​គេ​នេ លោក សម រង្ស៊ី និយាយ​ផ្ទាល់​មាត់​​តែម្តង​ពី​ម្សិល​មិញ​នេះ តាម​ព័ត៌មាន​ផ្សាយ​ពេញ​ពិភពលោក មិញ​នេះ អ្នក​ព័ត៌មាន​សួរ​ខ្ញុំ​ទៀត ថា​លោក សម រង្ស៊ី ចោទ​ថា​យើង​ហ្នឹង ​គណបក្សសិទ្ធិ​មនុស្ស​អាយ៉ង​គេ គ្មាន​ឧត្តម​គតិ​ជាតិ​ដូច​គាត់​ទេ

ពេល​នេះ​អវសាន្ត​នៃ​ជីវិត​នយោបាយ​របស់ កឹម​ សុខា ចេញ​ជា​រូប​រាងហើយ។​ នៅក្រៅ​ប្រទេស សម រង្ស៊ី បាន​ប្រាប់​ទៅ​គ្រប់​បណ្តា​ញសារព័ត៌មាន​ថា កឹម​ សុខា ជា​អាយ៉ង​គណបក្ស​ប្រជា​ជន​កម្ពុជា។​ ឯ​ក្នុង​ស្រុក​ គង់ គាំ បាន​ដើរ​គ្រប់​ច្រកល្ហកពន្យល់​ទៅ​អ្នក​គាំទ្រ​​សម រង្ស៊ី កុំឲ្យ​ច្រឡំ​ជឿ កឹម​ សុខា។ ជាក់​ស្តែង​នៅ​ក្នុង​កម្ម​វិធី​សំណេះ​សំណាល​មួយ ដែល​រៀប​ចំ​ដោយ​គណបក្ស​សមរង្ស៊ី លោក គង់ គាំ បាន​ទម្លាយ​ឲ្យ​ដឹង​ថា កឹម​ សុខា មិន​ស្មោះ​ត្រង់​ទេ ពេល​មួយ កឹម​ សុខា បាន​ណាត់​ជួបខ្ញុំ​ គង់ គាំ ក្នុង​ចេតនា​អូសទាញ គង់ គាំ ឲ្យ​ចេញ​ពី​ទីងងឹត មក​ទីភ្លឺ ដូច​​ដែល​ កឹម​ សុខា ធ្លាប់​អូស​ទាញ ម៉ៅ មុនីវណ្ណ​ យ៉ាង​នោះ​ដែរ។​ ប៉ុន្តែ​ជំនួប​​នេះ គង់ គាំ បាន​សម្តែង​​​នូវ​​ការ​​សោក​ស្តាយ ដោយ​សារ​មាន​វត្ត​មាន​លោកឧបនាយក​ ញឹក ប៊ុនឆៃ ដែល​គេ​ស្គាល់​​ថា ជា​មនុស្ស​របស់​រាជ​រដ្ឋាភិបាល។ គង់ គាំ បាន​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះថា​៖  និយាយ​ពី​សិទ្ធិ​មនុស្ស កឹ សុខា អត់​ស្មោះ​ត្រង់ គាត់​ទូរស័ព្ទ​មក​ខ្ញុំ​ថា បងខ្ញុំ​ចង់​ជួប​បង ខ្ញុំ​ថា មាន​អី មក​ជួប​កន្លែង​ខ្ញុំ​គណបក្ស​សមរង្ស៊ី​យ៉ាង​ម៉េច?​ ថា​ទេ​ចង់​ទៅ​ជួប​នៅ​ខាង​ក្រៅ ខ្ញុំ​នៅ​ឯខាង​ព្រែក​លាប​ អញ្ជើញ​មក​ជួប​ខ្ញុំ​ព្រែក​លា​មក ខ្ញុំ​ទៅ ទៅ​ដល់​គាត់​ចត​ឡាននៅ​ចិញ្ចើម​ផ្លូវព្រែក​លាហ្នឹ ខ្ញុំ​ទៅ​ដល់​ក្រោយ​ឡាន​គាត់ គាត់​ទូរស័ព្ទ​ថា បង​ដល់​ណា​ហើយ ខ្ញុំ​ថា​ខ្ញុំ​នៅ​ក្រោយ​ឡាន​ឯកឧត្តម​ហ្នឹ​ហើយៗ គាត់​ប្រាប់ខ្ញុំ​វិញ​ថា អញ្ជើញ​ឯកឧត្តម​ចុះ​ពីលើ​ឡាន​ឯកឧត្តម មក​ជិះ​ឡានខ្ញុំដើម្បីនិយាយ​គ្នា​បាន​ច្រើន​ ខ្ញុំ​ក៏​ឡើង​ឡាន​គេ​ទៅៗ​ដល់​ហ្នុង ញឹក ប៊ុនឆៃ នៅ​កាហ៊ើក្នុង​ហ្នុង។ បើ​ស្មោះត្រង់​ម៉េច​មិន​និយាយ​ប្រាប់​មុន​ថា មាន​ ញឹក ប៊ុនឆៃ ផង​ទៅ ខ្ញុំ​ក៏​ប្រយ័ត្ន​ប្រយែង​បន្តិច​ទៅ ព្រោះ​មាន​អ្នក​ថ្មី​មួយ​​

វត្ត​មាន​លោក ញឹក ប៊ុនឆៃ បាន​ដាស់​អារម្មណ៍​លោក​អនុ​ប្រធាន​ទីមោងឲ្យ​លោត​ចេញ​ពីកន្ត្រក​ មក​ពិចារណា​ពី​ល្បិចកល​របស់​ កឹម​ សុខា។​ ក្នុង​ជំនួប​នោះ​គេ​ឃើញ​មាន​វត្ត​មាន​របស់​លោក ញឹក ប៊ុនឆៃ, កឹម​ សុខា និង គង់ គាំ បាន​ពិភាក្សា​លើ​ប្រធាន​បទ​រួប​រួម​គ្នា។ ពេល​នោះ កឹម​ សុខា បាន​ខិតខំ​បញ្ចុះ​បញ្ចូល​ គង់ គាំ ដែល​គណបក្ស​សម​រង្ស៊ី​ ហៅ​ថា ជា​ការ​បែង​ក្រឡា​របស់ កឹម​ សុខា។​ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ គង់ គាំ​ ប្រាកដ​ក្នុង​ចិត្តគឺ​ថា កឹម​ សុខា ពិត​ជា​មនុស្ស​របស់​សម្តេច ហ៊ុន សែន ត្រង់​ថា អ្វី​ដែល​បាន​ជជែក​គ្នា​ដោយ​សម្ងាត់​នោះ ត្រូវ​ កឹម​ សុខា យក​ទៅ​រាយការណ៍​ជូន​សម្តេច​ទាំង​អស់ នេះ​បើ​តាម​ការ​រៀប​រាប់​របស់ គង់ គាំ ក្បាច់​គាត់​ជម្ល​ខ្ញុំ​មួយ​ទៀត លោក កឹ សុខា ទេ​អ្នក​ជម្ល​ខ្ញុំថា បើ សម រង្ស៊ី មិន​រួប​រួម​ទេ ប្រហែល​ខ្ញុំ​គិត​គូរ​រូប​រួមហ៊្វុនស៊ិនប៉ិច និង​នរោត្តម រណឫទ្ធិ​ហើយ គេវ៉ៃក្រឡា​ទុក​អញ្ចឹង ប៉ុន្តែ​ឆ្ងល់​អញ្ចេះជិះ​ពី​ព្រែក​លា​ទៅ ទៅ​ចុះ​នៅ​ឯស្វាយ​ចន្ទីស្គន់ណោះ ទៅ​ស៊ី​នំបញ្ចុក​ជាមួយ​គ្នា​នៅ​​ហ្នុង ប៉ុន្តែ​វិល​ត្រឡប់​មក​វិញ​ ហ៊ុន សែន និយាយ​ថា អដឹង​ហើយទៅ​ស៊ី​នំ​បញ្ចុក​នៅ​ឯណា​នោះ! ខ្ញុំ​អត់​និយាយ​សោះ ស្តាប់​តែ​ កឹ សុខា ស្តាប់​តែ ញឹក ប៊ុនឆៃ ប៉ុន្តែ​ ហ៊ុន សែន ដែល​ថាហ្នឹង​ថាកុំ​ចង់​យក​ការ​ណ៍​ពី​ ហ៊ុន សែន អត់​បាន​ទេ ដូច្នេះ​ល្បែង​នេះ ល្បែង​ ហ៊ុន សែន​ ទាំង​អស់

 សេច​ក្តី​បញ្ជាក់​របស់​ គង់ គាំ អម្បាញ់មិញ​នេះ ដូច​ជា ដេញ​ទាន់ ជាន់កែង កឹម​ សុខា ពេកហើយ។ ម្តង​នេះ កឹម​ សុខា លែង​គិត​ពី​រឿង​អាយ៉ង មិន​អាយ៉ងជាមួយ​គណបក្ស​សម​រង្ស៊ី​ទៀត​ហើយ គេឃើញ​ កឹម​ សុខា ដើរ​បន្ទាប​បន្ថោកគណបក្ស​សមរង្ស៊ី​គ្រប់ទីកន្លែង ដើម្បី​ឲ្យ​គេ​ឯង​ដឹង​ថា គណបក្ស​សមរង្ស៊ី​កើត​ចេញ​ពី​ឈាម និង​ទឹក​ភ្នែក​ប្រជា​ពលរដ្ឋ ជា​បក្ស​ស្រេក​ឃ្លាន​​អំណាច ខ្លាច​បាត់​បង់​កៅអី​ជា​ដើម។​ សេចក្តី​នេះ កឹម​ សុខា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ ស្លាប់មនុស្ស​ច្រើន​ណាស់​ណា ទម្រាំ​តែ​បាន​២៦កៅអី ​ស្លាប់​មនុស្សអស់​ប៉ុន្មាន​នាក់ខ្មែរ មិន​មែនធម្មតា​ទេ​ណា ជាប់​គុក​អស់​ប៉ុន្មាន​នាក់ វេទនា​អស់​ប៉ុន្មាន​នាក់ ច្រើន​ណាស់ ដូច្នេះ អស់​លោក​បាន​សោយ​សុខ តំណាង​រាស្ត្រ​ប្រាក់​ខែ ១០លាន​ហើយ បង​ប្អូន​សុខ​ខ្លួន​លោកហើយ អត់​សួរ​លោក​ជំនប់នៅ​តាម​មូល​ដ្ឋាន​ទេ ប្រាក់​ខែប៉ុន្មាន ហើយ​នៅ​ជាមួយ​ប្រជារាស្ត្រ​វេទនា​យ៉ាង​ណា?​ បាន​ប៉ុន្មាន?​តំណាង​រាស្ត្រ​ឥឡូវ​ឡើង​ដល់ ​១០លានរៀល អញ្ចឹង​ហើយ​គេ​មិនមែន​ចង់​បាត់​បង់​តំណែង​ទេ​បង​ប្អូន អស់​លោក ២៦នាក់​នោះ គេ១០លាន​រៀល​ក្នុង​មួយ​ខែ គេ​ខ្លាច​រួម​គ្នា​ទៅ គេ​អត់​បាន​ឈរ​ទៀត ដូច្នេះរួម​មិន​រួម​ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​ខ្ញុំ​ខំ

 តាម​ពិត​អ្វី​ដែល​ កឹម​ សុខា លើក​ឡើង​មុន​នេះ គឺ​ជា​តថភាព​ដែល​ប្រ​ជា​រាស្ត្រ​ខ្មែរឃើញ​មុន កឹម​ សុខា ទៅ​ទៀតថា សម រង្ស៊ី​ បុគ្គល​និយម គ្រួសារ​និយម បក្ខ​ពួក​និយម ព្រោះ​ថា មុន​នឹង​ កឹម​ សុខា ផ្សងព្រេងបង្កើត​គណបក្ស​សិទ្ធិ​មនុស្ស សម រង្ស៊ី ត្រូវ​សម្តេច​ ហ៊ុន សែន ប្រមុខ​គណបក្ស​​ប្រជា​ជនកម្ពុជា​ធាក់​ធ្លាក់​ពី​លើ​រេញប្រជា​ធិបតេយ្យពីរលើក​រួច​ទៅ​ហើយ ចុះ​ពេល​នេះ អាក្រូច​​ដូច​​អាពោត​ដែរឬអី​​ បាន​ជា កឹម​ សុខា ទៅ​ធ្វើជា​​អាយ៉ង សម រង្ស៊ី?

ភាព​មិនប្រាកដ​ប្រជានេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យុវជន​ជំនាន់​នេះ​ខ្ពើម កឹម សុខា និង​ សម រង្ស៊ី​ ហើយ​ងាក​មក​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​ កឹម សុខា ពុំ​បាន​សិក្សា​ពី​អវត្តមាន​របស់​យុវជន​ ក្នុង​គណបក្ស​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ស៊ី​ជម្រៅ​ឡើយ​ ថា​ហេតុ​អ្វី​បាន​ជា​យុវជន​មិនគាំទ្រ​គណបក្ស​សិទ្ធិ​មនុស្ស​?​ ករណីនេះ​ កឹមសុខា បាននិយាយទាំង​មិនចេះ​អៀន​ខ្មាស់​ថា​ ៖ « លោកយាយ លោកតា ខ្ញុំស្តាយណាស់អត់មានយុវជនមកយើងទាំងអស់គ្នានេះខំតស៊ូនេះ គឺដើម្បីក្មេងក្រោយៗ ប៉ុន្តែក្មេងអត់មកស្តាប់យើងទេ​ » 

តាមពិត​ យុវជន​មិនស្តាប់​ពាក្យ​រោយ​រាយ​គ្មាន​ប្រយោជន៍​​របស់ ​កឹម សុខា​ ពិត​ជា​មាន​ហេតុ​ផល​​ដូច​​បុរាណ​ពោល​ផ្តាំថា​    « មានភ្លើង ទើបមានផ្សែង» និង​ « ដាំស្វាយ បានផ្លែស្វាយ​ » នោះអី​ ។ មួយវិញ​ទៀត​ ពាក្យ​ថា​ ៖ « អង្គុយលើចង្អេរ លើកខ្លួនឯង » នេះ​ជា​មាយាទរបស់ កឹម សុខា ។ ពេល​នេះ​ដើម្បី​ផ្តួល​រំលំ សម រង្ស៊ី​ កឹម សុខា បាន​បញ្ជាក់​ជូន​អ្នក​គាំ​ទ្រ​ គណបក្ស​សិទ្ធិ​មនុស្ស​ថា​ សម រង្ស៊ី ពុំ​មែនជាអ្នក​ស្នេហា​ជាតិ​ដូច​ កឹម សុខា នោះទេ​។ ជាក់​ស្តែង​ សម រង្ស៊ី តែង​ចោទ​ សម្តេច ហ៊ុន សែន​ ថា​កាន់​អំណាច​យូរ​ ចុះ សម រង្ស៊ី វិញ​ ធ្វើ​ត្រឹម​តែ​ជា​មេបក្ស​សោះ ម្តេច​ក៏​កាន់​អំណាច​មួយ​ជីវិត​ដែរ​?​ សូម​ស្តាប់​សេច​ក្តី​ពន្យល់​របស់​ កឹម សុខា ៖ « អញ្ចឹងសូមឲ្យបងប្អូនកុំឲ្យតែឮថា ពួកប្រឆាំងៗ សុទ្ធតែអ្នកស្នេហាជាតិទាំងអស់នោះខ្លះប្រឆាំងគេ ដើម្បីខ្លួនឯង មិនមែនប្រឆាំងគេដើម្បីជាតិឯណា?​​ មិនមែនប្រឆាំងគេ ដើម្បីប្រជារាស្ត្រឯណា​?​បើយើងមិនហ៊ានកែខ្លួនឯង​​ផង​ ​ចង់ទៅកែគេយ៉ាងម៉េច​?​ ចោទថាគេហ្នឹងកាន់អំណាច​​យូរហើយខ្លួនឯងហ្នឹងមិនទាន់ធ្វើនាយករដ្ឋមន្ត្រីផង ធ្វើប្រធានបក្ស មួយជីវិតដែរ​ » 

ព្យុះ​កំហឹង​រវាង​មេបក្ស​ប្រឆាំង​ទាំង​ពីរ​ ប្រៀប​បាន​នឹងភ្នំភ្លើង​ផ្ទុះ​​ បានក្លាយទៅជា​ជម្ងឺ​មហា​រីក​​ទៅ​ហើយ​។ សម្រាប់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​បាន​ត្រឹម​តែ​អង្គុយ​មើល​ អាយ៉ៃ​ឆ្លង​ឆ្លើយ​​រវាង​​អ្នក​ខ្លាំង​ទាំង​ពីរ​​យ៉ាង​ជក់​​ចិត្ត​ ។ ប៉ុន្តែ​មិនទាន់ទាំង​ចប់​ចម្រៀង​អាយ៉ៃ​ផង​ អ្នក​ទស្សនា​បានវិលទៅកាន់​លំនៅដ្ឋាន​វិញ​អស់​ នៅសល់​តែ​ តា​មេក្រូ​ តែម្នាក់​គត់​ រង់​ចាំ​សារ​មេក្រូ​ និង​ទារ​លាភ​សក្ការៈ​ខ្លះៗ​ពីអ្នក​ខ្លាំង​ទាំង​ពីរ​។

ភាពមានៈ​នៃ​មេ​បក្ស​ប្រឆាំង​ទាំង​ពីរនេះ​​ ត្រូវ​លោក ម៉ម សូណង់​ដូ​ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ បានរិៈគន់​ឥត​សំចៃ​មាត់​ថា​ ទង្វើ​របស់ កឹម សុខា និង សម រង្ស៊ី ជាទង្វើ​ល្ងង់​ខ្លៅ​បំផុត​ ដែល​ក្នុង​ជីវិត​របស់​លោក មិនដែល​ឃើញ​ទាល់​តែ​សោះ​។ លោក ម៉ម សូណង់​ដូ​ ដែល​គេ​ស្គាល់​ថា​ ជាអ្នក​គាំទ្រ​បក្ស​ប្រឆាំង​ ទាំង​ងងឹត​ងងល់​ដែរ​នោះ​ បានទូន្មាន​ កឹម សុខា ថា​ មិន​ត្រូវ​​បង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​ជឿ​លើខ្លួន​ទេ​ និង​មិនត្រូវ​យក​ធម៌​ព្រះពុទ្ធ​ទៅ​បោក​ប្រាស់​រាស្ត្រ​នោះឡើយ​ ហើយ​បើ​ចង់​ឲ្យ​គេ​ជឿ​ ទាល់​តែ​ធ្វើ​អ្វី​មួយ ឲ្យ​គេ​ឃើញ​ជាក់​ស្តែង​សិន​។​ លោក​ ម៉ម សូណង់​ដូ​ បាន​ស្រោច​ទឹក​ឲ្យ កឹម សុខា មុន​នឹង​រូប​លោក​ចូល​គុគ​ព្រៃ​ស យ៉ាង​ដូច្នេះ​ ៖ « ប្រសិន​​បើគេជឿយើងកើត ទាល់តែយើងបញ្ចេញស្នាដៃអីមួយឲ្យច្បាស់លាស់ប្រសិនបើយើងទើប​​នឹង​​កើតមួយថ្ងៃ ពីរថ្ងៃ ហើយចង់បង្ខំប្រជាពលរដ្ឋឲ្យថាយើងល្អពីព្រោះយើងមើលសៀវភៅ​​ឃើញអ្នកដឹកនាំជាតិពីមុនៗមកថាល្អអញ្ចេះ ហើយយើងយកមកសម្តែងនៅមុខប្រជាពលរដ្ឋយើងយកធម៌ព្រះពុទ្ធមកសម្តែងនៅមុខប្រជាពលរដ្ឋ ក៏វាអត់បានការអីដែរ កុំអួត​​​ថា​​​ខ្លួន​​ឯង​​ពូកែ ខ្លួនឯងស្រឡាញ់ជាតិជាងគេអត់អាចនិយាយអញ្ចឹងបានទេ ដូចអ្នកទាត់បាល់អន្តរជាតិ អញ្ចឹង គេលក់ខ្លួន​​គេ​​ថ្លៃរាប់លានដុល្លារ ប៉ុន្តែមុននឹងគេទិញរាប់លានដុល្លារគេ​​សួរថា តើហ្អែងទាត់នៅក្លឹបណា​?​ ទាត់បានប៉ុន្មានឆ្នាំហើយ ? ហើយបានពានរង្វាន់ប៉ុន្មានហើយ​? បើឃើញថាហ្អែងនៅកន្លែងណាឈ្នះនៅកន្លែងហ្នឹង នោះទើបអញយក ប៉ុន្តែ សម្រាប់មនុស្សខ្លះ អត់ដឹងអីសោះ អត់ដឹងមកពីក្នុងព្រៃណាហើយអួតថា​​ខ្ញុំ​​អ្នក​​ទាត់បាល់ដែរ ខ្ញុំចង់បានលុយប៉ុណ្ណេះ គឺគ្មាននរណាគេឲ្យទេ ទាត់ខ្យល់សោះហ្នឹង រឿងគឺតែប៉ុណ្ណឹងទេ តើយើងតស៊ូហ្នឹង ដើម្បីបោករាស្ត្រ​? ឬជួយប្រជាពលរដ្ឋ ឬមួយស្រឡាញ់ជាតិ ឬក៏សម្រាប់តែក្រុមពួករបស់យើងមួយដែរ​?​បើសម្រាប់តែក្រុមពួកយើងមួយដែរ គឺមិនចាំបាច់ទៅតវ៉ាអីទេ គឺយើងនៅតែខូចដដែលហ្នឹង រឿងនេះបើយើងថាគេទៅប្រកួតតែឯង តែយើងសំពត់ធ្លុះដែរនោះ តើយើងចង់ឲ្យប្រជាពលរដ្ឋធ្វើយ៉ាងម៉េចដែរ​?​ ប្រសិនបើយើងចង់ដោះស្រាយបញ្ហាជាតិយើងត្រូវហ៊ាននិយាយពិត ហ៊ានលាតត្រដាង យ៉ាងណាក៏ដោយ គឺត្រូវមានគណបក្សមួយ គ្រប់គ្រងជាតិយើងដែរហើយគណបក្សណាមួយក៏ខ្មែរដែរ​ » ។​

បើទោះជា​ ម៉ម​ សូណង់​ដូ​ បាន​ផ្តល់​ដំបូន្មាន​ដល់​ កឹម សុខា​ ឲ្យ​លះបង់​នូវ​គំនិត​អត្មិះ​មានះ​ ដែល​មាន​នៅក្នុង​កាយ​វាចា​ចិត្ត​យ៉ាង​នេះ​ក្តី​ ក៏ភាពទំនើង រឹង​រូស​របស់ កឹម សុខា នៅតែ​មិនអាច​កែ​បានឡើយ​។​
ដើម្បី​ជៀស​វាង​អ្នក​គាំទ្រ​គណបក្ស​សិទ្ធិមនុស្ស​ចោទ​ថា​ លំអៀង​ម្ខាងៗ​ លោក ម៉ម សូណង់​ដូ​​ បានរិៈគន់​យ៉ាង​​ពេញ​​ទំហឹង​ ចំៗ​ ទៅលោក​ សម រង្ស៊ី ថា សម រង្ស៊ី គឺជា​កំពូល​អ្នក​ល្ងិត​ល្ងង់​ ប្រកាប់​ប្រចាក់គ្នា​​ក្នុង​​ផ្ទៃ​​បក្ស​ ហើយ​មាយាទ​បែប សម រង្ស៊ី នេះ​ ដឹក​នាំ​អាជីវកម្ម​​បក្ស​ប្រឆាំង​ ៣០០ឆ្នាំ ទៀត​​​​ ក៏នៅតែ​ចាញ់​ដែរ​។ លោក ម៉ម​ សូណង់​ដូ​ បាន​ឲ្យ​ដំបូន្មាន​ថា​ ៖ « ខ្ញុំបន្ទោសបំផុត តើបន្ទោសនរណាគេ​?​ គឺខ្ញុំបន្ទោសគណបក្ស សម រង្ស៊ី ហ្នឹងតែម្តងគឺគណបក្ស​​នយោបាយប្រឆាំងហ្នឹងតែម្តង សព្វថ្ងៃ យុទ្ធសាស្ត្រ​​របស់​​គាត់ ហើយនិងការឆ្លាតវៃរបស់គាត់ គឺទាបបំផុត​​អ្វីដែលខ្ញុំបន្ទោសគណបក្សប្រឆាំង សម រង្ស៊ី ហ្នឹង ហើយដែលខ្ញុំថាគណបក្សប្រឆាំងហ្នឹងជាគណបក្សអន់ គឺគាត់ឈរដល់ ៣០០អាណត្តិទៀត ក៏នៅតែចាញ់គេអញ្ចឹង ឥឡូវខ្ញុំសូមនិយាយអំពីយុទ្ធសាស្ត្ររបស់គាត់ ទី គឺរឿងដែលគាត់គាំទ្រឲ្យមាន ៥០ បូក  តាមធម្មតា ៥០ បូក  គឺវាល្អហើយ ខ្ញុំគាំទ្រដែរទេតើ អ្វីដែលគាត់បានធ្វើក្នុងនាមគាត់ជាមេគណបក្សប្រឆាំង​​សម្រាប់កាលៈទេសៈសព្វថ្ងៃ គាត់មិនត្រូវរើសយុទ្ធសាស្ត្រ ៥០ បូក  ទេ បើគាត់រើសយកយុទ្ធសាស្ត្រ ៥០ បូក ទាល់តែគាត់ហ្នឹងជាគណបក្សធំណាស់ ហើយការបោះឆ្នោតហ្នឹងគាត់គិតថា អញនឹង​​ឈ្នះ​​ នោះទើបយើងរើស ៥០ បូក  ហើយបើយើងនៅទាបជាងគេបំផុត គាត់បែរជាទៅគាំទ្រ ៥០ បូក  អាហ្នឹងហើយដែលខ្ញុំថា គាត់ជាអ្នកដឹកនាំមួយខ្សោយជាទីបំផុតអវិជ្ជាជាទីបំផុតក្នុងអាជីវកម្មរបស់គាត់ដែលធ្វើជាគណបក្សប្រឆាំង  នេះខ្ញុំនិយាយឲ្យត្រង់ ដែលយើងយក៥០ បូក ពេលណាដែលយើងមានគណបក្ស​​​ធំ​​ ខ្លាំង នោះទើបយើងយក ៥០ បូក  យើងមានសំណាងនឹងឈ្នះ ពីព្រោះគណបក្សយើងធំចំណែកពេលនេះ មិនត្រឹមតូចទេ តែគាត់ឈ្លោះគ្នាទៀត គាត់បែរជាយក ៥០ បូក អាហ្នឹងហើយ ដែលខ្ញុំត្រូវ​​បន្ទោសគាត់ » 

ការ​រិៈគន់​ ចំៗ លើ កឹម សុខា និង សម រង្ស៊ី របស់​លោក ម៉ម សូណង់ដូ អ្នក​គាំទ្រ​​បក្ស​ប្រឆាំង​​ទាំងពីរ​ ស្វាគមន៍​​ និង​ទទួល​យក​បាន​​ ព្រោះ​ពួកគេ​ទាំង​នោះ​ក៏​មើល​ឃើញ​យ៉ាង​ច្បាស់​ដែរ​ថា​ ទង្វើ​របស់ កឹម សុខា និង សម រង្ស៊ី អាច​នឹង​ដឹកនាំ​ពួកគេ​ជួប​នឹង​គ្រោះ​មហន្តរាយ​ បើ​ពួក​គេ​បន្ត​គាំទ្រ​ពួកបក្ស​ប្រឆាំង​តទៅទៀត​។ ចំណែក​បងប្អូន​នៅក្រៅប្រទេស​ បាន​ផ្ញើបណ្តាំ​តាមបទបង្ហាញ​ភាគទី​២នេះ​ ទៅមេបក្ស​ប្រឆាំង​ទាំង​ពីរ​ថា​ បើ​ កឹម សុខា​និង សម រង្ស៊ី មិនស្តាប់​នរណា​ក៏ហី​ចុះ​ តែ​សូម​ឲ្យ​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​យក​សម្តី​លោក ម៉ម សូណង់​ដូ​ មក​ឆ្លុះ​បញ្ចាំង​នូវ​ទង្វើ​ប្រាំ​ថ្ងៃ​របស់​ខ្លួន​ផង​។

ចុង​ក្រោយ​នៃ​បទបង្ហាញ​នេះ​ លោក ម៉ម សូណង់​ដូ​ ដែល​ក្រាញននាល​ដើម្បី​ការពារ​​មេ​បក្ស​​ប្រឆាំង​ទាំងពីរ​​ បានធ្វើ​សេចក្តី​សន្និដ្ឋាន​​ថា​ ទាំង​ សម រង្ស៊ី ទាំង​ កឹម សុខា​ មិនមែន​ធ្វើ​នយោបាយ​ដើម្បី​ផល​ប្រយោជន៍ជាតិ​នោះទេ​ ហើយ​លោក ក៏បានទទួល​ស្គាល់​ដែរ​ថា​ មេបក្ស​ប្រឆាំង​ទាំង​ពីរ​ពិត​ជាបាន​ប្រកាប់​ប្រចាក់​គ្នា​មែន​។ នេះ​ទំនង​ជា ម៉ម សូណង់​ដូ យល់​ឃើញ​ថា​ បើនៅតែ​បន្ត​បិទ​បាំង​នូវ​អំពើ​ខិលខូច​ មេបក្ស​ទាំង​ពីរ​នេះ​ទៀត​ ឬុប​លោក​ក៏អស់​តម្លៃ​ជា​មនុស្ស​ ដូច​មេបក្ស​ប្រឆាំង​ទាំងពីរ​នោះដែរ​។ នេះ​ជា​សម្តី​របស់​លោក ម៉ម សូណង់​ដូ​ ៖ « អ្វីដែលខ្ញុំបានសង្កេតឃើញតាំង​​ពីឆ្នាំ១៩៩៣រហូតមកដល់ថ្ងៃនេះ​​ ខ្ញុំឃើញអ្នកដើរតួនាទីជាគណបក្សប្រឆាំងហ្នឹង កៅអីហ្នឹងកាន់តែស្រុតទៅៗ   ហើយទន្ទឹមនឹងការស្រុតហ្នឹងឃើញគណបក្សប្រឆាំងដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យហ្នឹង ឃើញតែជេរ តិតៀនគ្នា ឈ្លោះប្រកែកគ្នាហើយម្នាក់ៗពើងទ្រូងរៀងខ្លួន សព្វថ្ងៃ ខ្ញុំសង្កេតឃើញពួកគណបក្សនយោបាយគាត់មិនមែនធ្វើការសម្រាប់ជាតិទេគឺធ្វើការសព្វថ្ងៃនេះសម្រាប់ផ្ចាញ់ផ្ចាល់គ្នា កាប់ចាក់គ្នា ហាក់ដូចជាប្រទេសមួយ និងប្រទេសមួយទៀតជាសត្រូវនឹងគ្នាចង់ស៊ីសាច់ហុតឈាមគ្នា ដូចគ្មានអើពើទៅដល់អនាគតជាតិរបស់ខ្លួន មិនអើពើទៅដល់អនាគតប្រជាពលរដ្ឋរបស់ខ្លួនផងដែរគឺខ្ញុំយល់ឃើញអញ្ចឹង​ » 
តើ កឹម សុខា និង សម រង្ស៊ី មាន​ល្បិច​អ្វីទៀត​ ដើម្បី​បោករាស្ត្រ​ ?​ ៕​​