Thursday, July 19, 2012

សេចក្តី​ជូន​ដំណឹង​ស្តីពី​សម័យ​​ប្រជុំ​​ពេញ​អង្គ​គណៈ​រដ្ឋ​​មន្រ្តី ​​ថ្ងៃទី​​ ២០ ខែកក្កដា​​​ ឆ្នាំ ​២០១២ វេលាម៉ោង​​ ០៨:៣​០នាទី​​

សេចក្តីជូនដំណឹង
ថ្ងៃទី​​ ២០ ខែកក្កដា​​​ ឆ្នាំ ​២០១២ វេលាម៉ោង​​ ០៨:៣​០នាទី​​ នៅ​វិមាន​សន្តិ​ភាព​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​​​ នឹង​មាន​បើក​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្រ្តី ​​ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​បំផុត​របស់​ សម្តេច​អគ្គ​​មហា​សេនា​​​បតី​​​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ក្នុង​អាណត្តិទី៤​​ ដើម្បី​ពិភាក្សា​លើ​របៀប​វារៈ​ដូចខាង​ក្រោម​​៖
១-​​​ សេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ​អភិ​វឌ្ឍន៍​ទេសចរណ៍ ២០១២-២០២០
២-​​ សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីបរិស្ថាន និងសុខភាព​។​
-​​ សេចក្តី​ព្រាង​អនុ​ក្រឹត្យ ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​អគ្គ​លេខា​ធិការដ្ឋាន​ នៃ​គណៈ​ស្ថាបត្យ​ករ​កម្ពុជា ​។
៤-​​​​​បញ្ហា​ផ្សេងៗ ៖ សំណើ​សុំ​ការ​យល់​ព្រម​ពី​គណៈ​រដ្ឋមន្ត្រី ដើម្បី​ផ្ញើសុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​លើ :               
៤.១- អនុសញ្ញាចំនួន០២​របស់​អាជ្ញាធរ​ជាតិ​អាវុធ​គីមី ៖
៤.១.១-​អនុសញ្ញា​ស្តីពី​ការ​ជូន​ដំណឹង​ជា​បន្ទាន់​ ពី​គ្រោះថ្នាក់​មហន្ត​រាយ​នុយ​ក្លេអ៊ែរ ​។​
៤.១.២-​អនុ​សញ្ញាស្តី​ពី​សុវត្ថិ​ភាព​នុយ​ក្លេ​អ៊ែរ ។
៤.២-​កិច្ចព្រមព្រៀង​ពិធី​សារ និង​អនុស្សរណៈ​យោគយល់​គ្នា​របស់​រដ្ឋលេខា​​​ធិការ​ដ្ឋានអាកាសចរ​ស៊ីវិល ៖
៤.២.១-​កិច្ចព្រមព្រៀង​ពហុ​ភាគី​អាស៊ាន ស្តី​ពី​សេរី​ភាវូបនីយ៍កម្មពេញលេញ  នៃ​សេវា​កម្ម ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវអាកាសរួម​​ទាំង​ពិធី​សារ​​ចំនួន ០២
៤.២.២-​ពិធីសារ​អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី​៦ នៃសេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​នៅ​ក្នុង​តំបន់​អាស៊ាន​ ។
៤.២.៣-​អនុស្សរណៈ​យោគ​យល់   ស្តីពី​កិច្ច​សន្យា​សេវា​កម្ម​ផ្លូវ​អាកាស​របស់​អាស៊ាន​ជាមួយ ដៃ​គូ ។
 អាស្រ័យហេតុនេះ​​សូមសាធារណៈមតិជាតិ និង​អន្តរជាតិ​ជ្រាបជាព័ត៌មាន។
រាជធានីភ្នំពេញថ្ងៃទី១៩ ខែកក្កដា​​ ​​​ ឆ្នាំ២០១២
-របៀបវារៈនេះ​អាចនឹង​មានការ​កែប្រែ​​
នៅ​ក្នុង​ករណី​​ជាក់​ស្តែង​។

អបអ​រសារទពិធីកែ​សម្រួល​កងទ័ព ចេញពី​តំបន់​គ្មានក​ងទ័ពបណ្តោះ​អាសន្ន​នៅតំបន់​ប្រាសាទ​ព្រះវិហារ


រាជ​រដ្ឋាភិបាល​កម្ពុជា ដក​​កង​​ទ័ពចំ​នួន​​៤៨៥​នាក់​ ​ចេញ​​ពីតំ​បន់​​គ្មាន​កង​ទ័ព​​បណ្តោះ​អាសន្ន​ តាម​ដីកា​បង្គាប់​​របស់​​តុលា​ការ​ ICJ



ដោយ​អនុវត្តតាម​ដីកាបង្គាប់​របស់​តុលាការ​យុត្តិធម៌អន្តរជាតិ​ រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃពុធ ទី​១៨ ខែ កក្កដា ឆ្នាំ ២០១២នេះ បាន​សម្រេច​ដក​កង​ទ័ព​ជាឯកតោភាគីជំ​ហាន​ទី១ ចំ​នួន​ ៤៨៥នាក់ ចេញ​ពី​តំ​បន់​គ្មាន​កង​ទ័ព​បណ្តោះ​អាសន្ន( PDZ ) ជាជំ​នួសវិញ​ដោយ​នគរបាល​ចំ​នួន​២៥៥នាក់​ និង​សន្តិសុខអភិរក្ស​ប្រាសាទ​ចំ​នួន​១០០នាក់។
ពិធី​កែសម្រួល​កងទ័ព​នេះ​​ បាន​ប្រារព្ធធ្វើ​ឡើង​នៅទី​បញ្ជាការ​សន្តិភាព​ ៥មករា ‑  ព្រះ​វិហារ​ ​​​ ក្រោម​អធិបតី​ភាព​​ដ៏ខ្ពង់​ខ្ពស់​របស់​​ ឯកឧត្តម​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ដោយ​មាន​ការ​ចូល​រួមពី​តំណាង​​រាជ​រដ្ឋាភិបាល​ សមាជិកសភា ព្រឹទ្ធ​សភា អាជ្ញាធរគ្រប់​លំ​ដាប់​ថ្នាក់​  អនុព័ន្ធ​យោធា​នៃបណ្តាប្រទេស​ជាមិត្តនៅ​កម្ពុជា​ និង​​គ្រប​ដណ្តប់​ព្រឹត្តិការណ៍​ដោយ​អ្នក​សារព័ត៌មានជាតិ និង​ អន្តរ​ជាតិ​ប្រមាណ​ជាងមួយរយ​នាក់​ ថែម​ទាំង​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈស្ថានីយ៍ទូ​រទស្សន៍​បាយ័ន​ទៀត​ផង​។
​ព្រឹត្តិការណ៍​ជាប្រវត្តិសាស្ត្រនៃការ​កែសម្រួល​កង​ទ័ព​នេះ​ ក៏បានធ្វើ​ឡើង​​​ក្នុង​ពេល និង​ម៉ោង ជាមួយ​គ្នា​ នៃពិធី​អប​អរ​សាទរ​ខួប​លើក​ទី៤ នៃការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហារ​របស់​ប្រទេស​​កម្ពុជា​ ជា​សម្បត្តិបេតិកភណ្ឌពិភព​លោក ខែ កក្កដា ឆ្នាំ ២០០៨​ ‑ ២០១២ ផង​ដែរ។
យោង​តាម​សេចក្តីសម្រេចរបស់​រាជ​រដ្ឋាភិបាល​កម្ពុជា​​​ ចុះ​ថ្ងៃទី​៣ ខែ កក្កដា ឆ្នាំ ២០១២  ដែល​អាន​ដោយ​ប្រធាន​លេខាធិការ​ដ្ឋាន​ក្រុម​ការងារ​សម្រប​សម្រួល​បទ​ឈប់​បាញ់​ ឯកឧត្តម នាយឧត្តម​សេនីយ៍​ នាង​ ផាត​ រដ្ឋលេខាធិការ​ក្រសួង​ការ​ពារជាតិ​ បាន​បញ្ជាក់​ថា​ នេះ​ គឺជា​ជំ​ហាន​ទី​១  នៃការ​ដក​កង​ទ័ព​ជាឯកតោភាគី​របស់​ភាគី​កម្ពុជា​ ចេញ​ពី​តំ​បន់​គ្មាន​កង​ទ័ព​បណ្តោះអាសន្ន​ (PDZ ) ចេញ​ពី​ចំ​នុចអាទិភាពមួយ​ចំ​នួន​ ដូច​ជា​ បរិវេណ​ជុំ​វិញ​​ប្រាសាទ​ព្រះវិហារ វត្តកែវ​សិក្ខាគិរី​ស្វារៈ ជណ្តើរ​បុរាណ​ខាង​កើត និង​ជណ្តើរបុរាណ​ខាង​ជើង​ ។   នេះ​ គឺជា​ការ​អនុវត្តតាម​ដីកាបង្គាប់​របស់​តុលាការ​យុត្តិធម៌ អន្តរជាតិ​​ (ICJ) ​ ចុះ​ថ្ងៃទី​១៨ ខែ កក្កដា ឆ្នាំ ២០១១​ កន្លង​ទៅ​។

ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​ ​បាន​មាន​ប្រសាសន៍​ថា ​ការ​កែសម្រួល​កង​ទ័ពនេះ​ ធ្វើឡើង​ បន្ទាប់​ពី​មាន​ជំ​នួប និង​ការ​ឯកភាព​គ្នា​ប្រកប​ដោយ​សុឆន្ទៈ ​រវាង​សម្តេចអគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា ​​និង​លោក​ជំ​ទាវ យីង​​ឡាក់​ ស៊ីណាវ៉ាត្រា នាយក​រដ្ឋមន្ត្រី​ថៃ នៅ​ទី​ក្រុង​សៀម​រាប​​កាលពី​ថ្ងៃទី​១៣ ខែ កក្កដា ឆ្នាំ ២០១២  និង​ដើម្បី​ជំ​រុញ​ប្រសិទ្ធភាព​នៃការអនុវត្តន៍ ដីកាបង្គាប់​របស់​តុលាការ​អន្តរជាតិ (ICJ)​ដោយ​ស្មគ្រ័ចិត្តតាម​នីតិវិធី​រៀង​ៗខ្លួន​ និង​ក៏ដើម្បី​បង្ហាញ​នូវ​​បរិយាកាសទុកចិត្តគ្នា​ និង​សហប្រតិបត្តិ​ការល្អ​​​រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា‑ ថៃ ​និង​យោង​តាម​ការ​សម្រេចរបស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ទទួល​យក​ខ្លឹម​សារ​លក្ខខណ្ឌប្រតិបត្តិ​ (TOR ) ដែល​ផ្តួចផ្តើម​ដោយ​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី​២៦ ​ខែ មីនា ឆ្នាំ ២០១២ កន្លង​ទៅ​ផង​ដែរ ទើបមាន​ការ​កែសម្រួល​កង​ទ័ព​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃនេះ​។ 
ឯកឧត្តម ទៀ បាញ់ បាន​បន្ត​ថា ពី​ធី​នេះ​  គឺជា​ការ​ឯកភាព​គ្នា​ប្រកប​ដោយ​សុឆន្ទៈយ៉ាង​មុត​មាំរបស់​រដ្ឋាភិបាល​នៃប្រទេសទាំងពីរ ដើម្បី​ឆ្ពោះ​ទៅ​រក​សន្តិភាពពិត​ប្រាកដ​នៅ​តាម​ព្រំ​ដែន ។
 ឯកឧត្តម​បាន​បន្តថា ការកែសម្រួល​កង​ទ័ព​ក្នុង​ពេល​នេះ​​បញ្ជាក់​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា​ប្រទេស​កម្ពុជាគោរព​តាម​យ៉ាង​ត្រឹម​ត្រូវ​នូវ​ករណី​យកិច្ច​ ជារដ្ឋភាគី​សមាជិក​អង្គការ​សហប្រជាជាតិ​​​​ និង​ច្បាប់​អន្តរជាតិ​ ជាពិសេស គោរព​បាន​នូវ​សិទ្ធិ​ជាម្ចាស់​ផ្ទះ​ ដែល​មាន​កាតព្វ​កិច្ច​ថែ​រក្សាសម្បត្តិ​បេតិកភណ្ឌ​មនុស្ស​ជាតិ ក្នុង​ដំ​ណាក់​កាល​​ដែល​យើង​កំ​ពុង​រង់​ចាំការ​បក​ស្រាយ​របស់​តុលាការ​យុត្តិ​ធម៌​​អន្តរជាតិ។

ឯកឧត្តម ទៀ បាញ់​ បាន​ចាត់​ទុកព្រឹត្តិការណ៍​ថ្ងៃនេះ គឺជា​ជោគ​ជ័យ​ថ្មី​មួយទៀត ឆ្លុះ​បញ្ចាំង​​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់ថែម​ទៀត​ ​អំពី​ការគាំទ្រ​របស់​សហគមន៍​អន្តរជាតិ​ មកលើ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំដោយ​សម្តេចតេជោ​ ហ៊ុន សែន ដែល​តែង​តែប្រកាន់យក​នូវ​គោលការ​ណ៍​​សន្តិភាព​ដើម្បី​ដោះ​ស្រាយ​បញ្ហា​​ ។​​​
មូល​ហេតុ​នៃការ​កែសម្រួល​កង​ទ័ព​នេះ  បាន​ធ្វើ​ឡើង​​បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​ក្រុម​ប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ​ អំពី​ការ​ឈ្លានពាន​ពី​សំ​ណាក់​ប្រទេស​ថៃ​នៃរដ្ឋាភិបាល​អាប់​ភី​ស៊ីត​​ រំ​លោភមក​លើ​អធិបតេយ្យភាព​កម្ពុជា​ និង​ថ្ងៃបន្ទាប់​មក​ទៀត​​ថៃ​នៅ​តែ​បន្ត​សកម្មភាពឈ្លាន​ពាន​ ទន្ទ្រាន​រំ​លោភលើ​ទឹកដីកម្ពុជា​ ទើប​នៅ​ថ្ងៃទី​២៨​ ខែ មេសា​ ឆ្នាំ ២០១១ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​​ចិត្តដាក់​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ស្នើសុំ​បកស្រាយ​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឆ្នាំ ១៩៦២​។
ឆ្លើយ​តប​តាម​ការស្នើសុំរបស់​រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១៨​ខែ កក្កដា ឆ្នាំ ២០១១​តុលាការ​​នេះ​បាន​ចេញ​នូវ​សេចក្តី​សម្រេចរបស់​ខ្លួន​ ដោយ​បាន​ចង្អុល​នូវ​វិធានការណ៍​បណ្តោះ​អាសន្ន តម្រូវ​ឱ្យ​ភាគីទាំង​ពីរត្រូវ​ដក​ជាបន្ទាន់​នូវ​បុគ្កលិកយោធា ដែល​មាន​វត្តមាន​នៅ​តំ​បន់គ្មាន​យោធា​បណ្តោះ​អាសន្ន​ (PDZ)  និង​ជម្រុញ​ឱ្យ​ភាគីទាំងពីរត្រូវ​តែអត់​ធ្មត់ មិន​ធ្វើ​នូវ​សកម្មភាព​ណាមួយ​ដែល​នាំឱ្យ​​មាន​ជម្លោះរីករាលដាលបន្ត​ទៀត​។

យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​ របស់​ក្រុម​ការងារ​សម្រប​សម្រួល​បទ​ឈប់​បាញ់​កម្ពុជា បាន​បង្ហាញ​ថា ការ​កែសម្រួល​កង​ទ័ព​នេះ​​ គឺជា​ដំ​ណើរឆ្ពោះ​ទៅ​កាន់​សហគមន៍​អាស៊ាន​ឆ្នាំ ២០១៥ ដើម្បី​​សន្តិភាព​ និង​វិបុល​ភាព​ព្រមទាំង​គោរព​បាន​នូវ​អនុសញ្ញាឡាអេ​ឆ្នាំ ១៩៥៤ ស្តី​ពី​ការ​ការពារ​ទ្រព្យ​សម្បត្តិ​វប្បធម៌ក្នុង​ពេល​មាន​ជម្លោះ​ប្រដាប់​អាវុធ​ និង​អនុសញ្ញាឆ្នាំ ១៩៧២ ស្តី​ពី​ការ​ការពារ​បេតិកភណ្ឌវប្បធម៌ពិភព​លោកផង​ដែរ។  ​ក្រុម​ការងារ​សម្រប​សសម្រួល​អ្នក​សង្កេត​ការណ៍​បទ​ឈប់​បាញ់​កម្ពុជា​ បាន​កំ​ណត់​ចំ​នុចទាំង​បួន A.B.C.D នៃតំ​បន់​គ្មាន​កង​ទ័ព​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​៣ ខែ សីហា ឆ្នាំ ២០១១​ហើយ​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការកំ​រិត​បច្ចេកទេស​ ដើម្បី​​ឈាន​ទៅរក​ការ​អនុវត្តពេញ​លេញ​ដីកាបង្គាប់​តុលាការយុត្តិធម៌​អន្តរជាតិ​ (ICJ) ។
ការងារ​បន្ត​ចំ​ពោះ​មុខបន្ទាប់​ពី​កែសម្រួល​កង​ទ័ព​នេះ​ គឺ ក្រុម​ការងារ​ទាំង​ពីរនឹង​ប្រគល់​ភារ​កិច្ច​ជូន CMAC និង​TMAC ដើម្បី​ធ្វើ​ការ​ដោះ​មីននៅ​ចំ​នុចចាំបាច់​ A.B.C.D ដែល​កំ​ណត់​ដោយ​ ICJ  ដើម្បី​សម្រួល​ដល់​ដំ​ណើរការ​កែសម្រួល​កងទ័ព​ជំ​ហាន​បន្ទាប់​ទៀត និង​សម្រាប់​អ្នក​សង្កេតការណ៍​បទ​ឈប់​បាញ់​បំ​ពេញ​ភារកិច្ច​របស់​ខ្លួន​ស្រប​តាម​លក្ខខ័ណ្ឌប្រតិបត្តិ​ (TOR )។
ជារួម​ការ​សម្រេច​ចិត្តរបស់​រាជ​រដ្ឋាភិបាល​ នៅ​ក្នុង​ការ​កែសម្រួលកងទ័ព​ជាឯកតោភាគីជំ​ហាន​ទី​១ នេះ​ គឺជា​កត្តាចាំបាច់​បំ​ផុត​ ដើម្បី​រក្សាសន្តិភាព​យូរអង្វែង​តាម​បណ្តោយព្រំ​ដែន​ និង​ការ​ពារ​បាន​នូវ​បេតិកភណ្ឌពិភព​លោក​ដែល​ជា​សម្បត្តិ​របស់​មនុស្ស​ជាតិ​ប្រកប​ដោយ​ចី​រភាព​។

មន្ត្រី​​ព័ត៌​មាន មន្ត្រី​​ទំនាក់​​ទំនង​​សាធារណៈ ​មក​ពី​​អង្គភាព​ និងស្ថាប័ន​នានា របស់​​រាជ​​​រដ្ឋាភិ​បាល ទទួល​ការ​​បំពាក់​​បំប៉​ន​​សមត្ថ​ភាព​​ជា​អ្នក​នាំ​​ពាក្យ​


នៅ​វិមាន​សន្តិភាព នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១២ មន្ត្រី​អ្នក​នាំ​ពាក្យ​មក​ពី​អង្គភាព និង​ស្ថាប័ន​នានា របស់​រាជរដ្ឋាភិបាល បាន​ទទួល​ការ​ហ្វឹក​ហ្វឺន​ ក្នុង​រយៈ​ពេល​៣ថ្ងៃ ដើម្បី​បំប៉ន​សមត្ថ ភាព​ក្នុង​តួនាទី​ជា​អ្នក​នាំ​ពាក្យ​ សុច្ចរិត ត្រឹម​ត្រូវ​ ពី​រាជរដ្ឋាភិបាល​ជូន​ប្រជា​ពលរដ្ឋ​ តាម​រយៈ​អ្នក​សារព័ត៌​មាន​​។
វគ្គ​ហ្វឹក​ហ្វឺន​ដែល​រៀប​ចំ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​ប្រារព្ធ​ពិ​ធី​បើក​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ ឯកឧត្តម​​ ប្រាក់​ សុខុន រដ្ឋមន្ត្រីប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ​។ មាន​ប្រសាសន៍​ក្នុង​ពិធីបើក​វគ្គ​ហ្វឹកហ្វឺន​ ឯកឧត្តម​ ប្រាក់​ សុខុន បាន​ថ្លែង​អំណរ​គុណ​ចំពោះ​វត្ត​មាន​មន្ត្រី មក​ពី​ស្ថាប័ននានា ដែល​បាន​មក​ចូល​រួម​ក្នុង​វគ្គ​ហ្វឹក​ហ្វឺន​នេះ។ ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ព្រះ​រាជាណាចក្រកម្ពុជា ជា​ប្រទេស​ដែល​បើក​ចំហរ និង​ផ្តល់​សេរី​ភាព គ្រប់​យ៉ាង​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ទទួល​ព័ត៌មាន​។ ព័ត៌មាន​ច្រើន​ដែល​ប្រជា​ពលរដ្ឋ​មាន​​សិទ្ធិ​សេរី​ភាពទទួលបាន គឺ​មាន​គ្រប់​បែប​យ៉ាង តាម​រយៈប្រព័ន្ធ​ផ្សព្វផ្សាយ​ដូច​ជា វិទ្យុ​ ទូរទស្សន៍ កាសែត និង​ អ៊ីនធើណេត ពិសេស​ប្រព័ន្ធបណ្តាញ​សង្គម​ ដែល​កំពុង​ពេញ​និយម។ ទោះបីយ៉ាង​ណា​ព័ត៌មាន​ទាំង​នោះ មិន​មែន​សុទ្ធ​តែ​ជា​ព័ត៌មានល្អ​ទាំងអស់​នោះ​ទេ ដូច្នោះ ​អ្នក​នាំពាក្យ​មាន​តួនាទី ត្រូវ​ផ្តល់​ព័ត៌មាន​ត្រឹម​ត្រូវ សុច្ចរិត ទាន់​ពេល​ជូន​ប្រជា​ពលរដ្ឋឲ្យ​បាន​ជ្រាប​អំពី​ គោល​ជំហរ​ និង​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ និង​ដោយ​ឡែក​សំរាប់​ស្ថាប័ន ដែល​ខ្លួន​កំពុង​ធ្វើ​ការ​ផង​ដែរ។
ក្នុងឱកាស​នោះ​ដែរ ជា​មួយ​នឹង​ការ​លើក​ឡើងនូវ​បទ​ពិសោធន៍​ និង​ការ​ងារ​ ដែលធ្លាប់ធ្វើក្នុង​តួនាទី​ជា អ្នក​កាសែត ជាអ្នកនាំ​ពាក្យ និងជា​អ្នកការទូត​នា​ពេល​កន្លង​មក ឯកឧត្តម ប្រាក់ សុខុន​ បានមាន​ប្រសាសន៍​ផ្តល់​ជាអនុសាសន៍ថា  ដើម្បី​ធ្វើ​ជាអ្នក​នាំ​ពាក្យ​ ត្រូវ​ប្រកាន់ភ្ជាប់៤ចំណុច​សំខាន់ៗរួម​មាន៖
ទី១,​អ្នក​នាំពាក្យ ត្រូវ​មាន​គុណសម្បត្តិ​ និងមាន​ជំហរប្រកាន់​ភ្ជាប់​នូវ​គោល​ការណ៍របស់​ស្ថាប័ន​ដែល​ខ្លួ​ន​ត្រូវ​នាំ​ពាក្យ​ និង​គោល​ជំហរ​របស់​រាជ​រដ្ឋាភិបាល​។
ទី២,​អ្នក​នាំពាក្យ​ ត្រូវ​មាន​សមត្ថភាព​ខាង​វិនិច្ឆ័យអ្វី​ខុស​ អ្វី​ត្រូវ អ្វី​ដែល​ត្រូវ​និយាយ អ្វី​ដែល​មិន​ត្រូវ​និយាយ ហើយ​នៅ​ពេល​ណា។
ទី៣,អ្នក​នាំពាក្យ ត្រូវមាន​គំនិត​សំយោគព័ត៌មាន ​និយាយ​ឲ្យ​ខ្លីៗ ចំ​បញ្ហា ចំ​ប្រធាន​បទ​ ដើម្បី​ឲ្យ​គេ​ស្រួល​​ស្តាប់​ និង​ស្រួល​យល់​។
ទី៤,​អ្នក​នាំពាក្យ​ ត្រូវ​មាន​ចរិក​ជា​អ្នកការទូត​ផង​ដែរ ក្នុង​ពេល​ដែល​ខ្លួន​ត្រូវ​ឆ្លើយ​សំណួរអ្នក​សារព័ត៌​មាន។
ឯកឧត្តម​ ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​រៀប​ចំ​វគ្គហ្វឹហ្វឺន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា វគ្គ​ហ្វឹកហ្វឺនបំប៉ន សមត្ថភាព​មន្ត្រី​ព័ត៌មាន មន្ត្រី​ទំនាក់​ទំនង​សាធារណៈ និង​អ្នក​នាំពាក្យ​ បាន​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​២យ៉ាង ទី១,ការងារ​ព័ត៌មាន​ នៅ​ក្នុង​ស្ថាន​ភាព​វិបត្តិ​ និង​ទី​២,វិបត្តិ​សារគមនាគមន៍ នៅ​ក្នុង​រាជ​រដ្ឋាភិបាល។
សូម​បញ្ជាក់​ថា ក្រៅ​ពី​ការ​បង្កើត​ឲ្យ​មាន​អ្នក​នាំ​ពាក្យ​តាម​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល​ ដើម្បី​ផ្តល់​ព័ត៌​មាន​​​ជូន​ប្រជា​ពលរដ្ឋ​តាម​រយៈ​អ្នក​សារ​ព័ត៌មាន រាជរដ្ឋាភិបាល​ក៏​បាន​បង្កើតឌឹប៉ាតឺម៉ង់​ផ្សព្វផ្សាយ និង​​សារគមនាគមន៍នៅ​សកល​វិទ្យាល័យភូមិន្ទ​ភ្នំ​ពេញ ដើម្បី​ធ្វើ​ការ​បណ្តុះ​បណ្តាល​ វិជ្ជា​ជីវៈ​សារព័ត៌​មាន​ ដល់​​សិស្ស និស្សិត ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​សារព័ត៌មាន​ មានវិជ្ជា​ជីវៈ និង​ការ​​ទទួល​ខុស​ត្រូវ​ក្នុង​អាជីព​របស់​ខ្លួន​ក្នុង​ប្រទេស​ដែល​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរីផង​ដែរ៕

វេទិកា​ធុរកិច្ច អាមេរិក-​អាស៊ាន​ផ្តោត​លើ​ប្រធាន​បទ​«ការប្តេជ្ញា​ឆ្ពោះ​ទៅរ​កកា​រតភ្ជាប់»


​វេទិកា​​ធុរកិច្ច​អាមេរិក-អាស៊ាន​នៅក្រោម​ប្រធាន​បទ «ការប្តេជ្ញា​ឆ្ពោះទៅ​រក​ការ​តភ្ជាប់​»​​​​បាន​ប្រព្រឹត្ត​​ទៅនៅ​ក្នុងខេត្ត​សៀមរា​ប ដែលជា​​​​ទឹកដី​​ដ៏បរ​មបុរាណនៃអរិយ​ធម៌អង្គរ​នៃព្រះ​ រាជា​ណា​ចក្រ​កម្ពុជា នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១២ ដោយមាន​វត្តមាន​លោក​ជំទាវ ហ៊ី​លឡារី គ្លីនតុន​​ រដ្ឋ​មន្រ្តីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​និងវត្តមាន​ឯកឧត្តម ធេន​ សេន​ ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋសហភាព​មីយ៉ាន់ម៉ា លោកជំទាវ យីងឡាក់ នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​ថៃ​​​ត្រូវបាន​ចាត់​ទុកថា ជាព្រឹត្តិ​ការណ៍​​មានសារ​សំខាន់​សម្រាប់​កម្ពុជា ជាពិសេស​ស​ម្រាប់​បណ្តា​ ប្រទេស​អាស៊ាន​ទាំងអស់​នោះ ។
ក្នុង​ពិធី​ពិសា​អាហារ​ពេលល្ងាចនៃ​វេទិកា​ធុរកិច្ច​អាមេរិក-អាស៊ាន​ សម្តេច​អគ្គ​មហា​ សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រ​កម្ពុជា ក្នុងនាម​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០១២ បានមាន​ប្រសាសន៍​ចាត់ទុកវត្ត​មាន​របស់ លោកជំទាវ ហ៊ីលឡារី គ្លីន តុន​ នៅក្នុង​វេទិកា​ធុរកិច្ច​អាមេរិក-អាស៊ាន​គឺជាការ​ផ្តល់សញ្ញា​លើកទឹក​ចិត្តដ៏​សំខាន់​ ដល់​វិនិយោគិន​ និង​ធុរជន​ឤមេរិក ​។
សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា ជាការ​ពិត​យើង​ត្រូវការ​នូវ​ការ​វិនិយោគ​របស់​ឤមេរិកនៅកម្ពុជា និងនៅប្រទេស​សមាជិក​ឤស៊ាន​ដទៃទៀត​ ក្នុងគោល​បំណង​​ចែក​រំលែក​ ស្ថាន​ភាព «ឈ្នះ-ឈ្នះ» ជាមួយ​គ្នា។ និយាយ​ដោយឡែក​កម្ពុជា​ចង់ឃើញ​ការវិនិយោគ​របស់​ ឤមេរិក​ច្រើនថែម​ទៀត​ នៅក្នុង​វិស័យ​សំខាន់​ៗ ដូចជា​ការផលិត​ថាមពល​ប្រេង និងហ្គាស​ព្រម​ទាំង​វិស័យ​ជាច្រើន​ផ្សេងទៀត​ផងដែរ។
​ក្នុង​​ឋានៈ​ជាប្រធាន​ឤស៊ាន សម្តេច​តេជោនាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា​ ខ្ញុំសូម​តាំ​ង​នាម​ឲ្យប្រទេស​ជាសមាជិក​ឤស៊ាន​ទាំងអស់ សូមសម្តែង​នូវការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ គំនិត​ផ្តួច​ផ្តើម​រួមនៃក្រុមប្រឹក្សា​ធុរកិច្ច​ឤមេរិក-ឤស៊ាន និង​សភាពាណិជ្ជកម្ម​ឤមេរិក ដែល​បាន​ រៀប​ចំ​វេទិកា​ដ៏មាន​សារសំខាន់​នេះ ក្នុងទិសដៅ​ចាប់យក​កាលានុវត្ត​ភាព ដែល​មាន​ចំពោះ​មុខ​ តាម​រយៈ​ការ​ពិភាក្សា​ស្វែងរក​ដំណោះ​ស្រាយលើ​បញ្ហា​ប្រឈម​នានា និងការ​គូសវាស​ទិស​ដៅ​ នៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ឤស៊ាន និងសហរដ្ឋ​ឤមេរិក​ក្នុង​បរិការណ៍​នៃ«ការតភ្ជាប់»​ ដែល​ជា​ឤទិភាព​មួយ​ដ៏សំខាន់​របស់ឤស៊ាន ។​
សម្តេច​​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ខ្ញុំយល់​ថា​ សហ​រដ្ឋ​ឤមេរិក​ក្នុង​នាមជា​ដៃគូដ៏សំខាន់​បំផុតមួយ​របស់ឤស៊ាន ទាំងក្នុង​ទិដ្ឋភាព​នយោបាយ​សន្តិសុខ​ និង​សេដ្ឋកិច្ច ពិតជាមាន​ផលប្រយោជន៍ក្នុងការ​ចូលរួម​ជាមួយ​នឹងឤស៊ាន ដើម្បី​បុព្វហេតុ​ នៃ​ការ​កសាង​សហគមន៍​ឤស៊ាន​ជាមហា​គ្រួសារ​ជិតស្និទ្ធមួយ ដែលមាន​ភាពសុខដុម​ ទាំងផ្នែក​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដោយឈរ​លើគោលការណ៍វិធាន​នៃច្បាប់​សុខ​សន្តិភាព និងភាពរឹងមាំផ្នែកសេដ្ឋកិច្ច។ ដោយបាន​រំឭក​​នូវ​ប្រសាសន៍​របស់លោក​ជំទាវ​ គ្លីនតុន ដែល​បាន​លើកឡើង​នៅក្នុង «វេទិកាធុរកិច្ច អាមេរិក-អាស៊ាន» កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១១ នៅកោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី ដែល​លើក​ឡើង​ថា « ​ គោលនយោបាយ សេដ្ឋកិច្ច​ គឺជា​នយោបាយ​ការ​បរទេស» សម្តេច​តេជោ​មាន​ប្រសាសន៍​ថា  ខ្ញុំជឿជាក់​ថា​លោកជំទាវ​មាន​ ប្រសាសន៍​ពិតជា​ត្រឹមត្រូវព្រោះថា ក្នុងវេទិកា​ពិភពលោក​ប​ច្ចុប្បន្ន​គោលនយោបាយ​សេដ្ឋកិច្ច​ គឺជា​ស្នូលនៃ​វិបុលភាព និង​ឥទ្ធិពល​របស់​ប្រទេស​ទាំងឡាយ។ ដូច្នេះ​ការជួយឱ្យ​ប្រទេស​ជាដៃគូ​ ទទួល​បាននូវ​ការរីក​ចម្រើន​និងការផ្តល់​កាលានុវត្ត​ភាព នៃការ​អភិវឌ្ឍន៍​ជូនដល់​ប្រជាពលរដ្ឋ​ របស់យើង​ទាំងអស់​គ្នា គឺជាទិដ្ឋភាព​មួយដ៏សំខាន់​មិនឤចខ្វះបាន​នៅក្នុង​ទំនាក់​ទំនង​របស់​ យើង។
​សម្តេច​តេជោ​បានមាន​ប្រសាសន៍​ផ្តល់​ជាអនុសាសន៍​ថា យើង​ក៏គួរ​រិះរក​នូវ​មធ្យោបាយ​បន្ថែម​ផ្សេងទៀត ដើម្បី​លើក​កម្ពស់កិច្ច​សហប្រតិបត្តិការ​ឤស៊ាន-សហរដ្ឋ​ឤមេរិកដូចជា​ ការ​ពិនិត្យលទ្ធភាព អំពីការ​រៀបចំឱ្យ​មាននូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរវាង​សហរដ្ឋ​ឤមេរិក​ និង​ឤស៊ាន ឬភាពជាដៃ​គូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​ជាដើម ដើម្បី​ធានា​ថា សហរដ្ឋ​ឤមេរិក​ និង​ឤស៊ាន​មាន​កម្មវិធីជាក់ស្តែង​សម្រាប់អភិវឌ្ឍ​ទំនាក់ទំនង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ដែល​ ផ្តល់​ផល​​ប្រយោជន៍​ទៅវិញ​ទៅមក ។
អំពីជំហរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​នាយក​រដ្ឋមន្រ្តី​ថ្លែង​ថា ខ្ញុំ​សូម​​គាំទ្រ​ យ៉ាងពេញ​ទំហឹង​ចំពោះ​គំនិត​បង្កើន និង​ពង្រឹង​ភាពជាដៃ​គូ យុទ្ធសាស្ត្រ​រវាង​សហរដ្ឋ​ឤមេរិ​ក​ និង​ឤស៊ានរួមបញ្ចូលទាំងភាព​ជាដៃគូរវាង​រដ្ឋាភិបាល និង​វិស័យឯកជន​របស់ប្រទេស​យើង​ ទាំង​អស់​​គ្នាផង​ដែរ ដើម្បី​ជំរុញ​កសាងហេដ្ឋារចនាសម្ព័ន្ធ​ទាំងផ្នែក​រឹង និងផ្នែក​ទន់​សំដៅ​ ធានា​ឱ្យ​មាន​ការ​តភ្ជាប់គ្នា​យ៉ាងពេញលេញ​នៅក្នុងតំបន់។ សម្តេច​តេជោ​មាន ប្រសាសន៍​ថា​ សម្រាប់​កម្ពុជា​វិញយើងបានប្រឹ​ងប្រែង​បង្កើត​បរិស្ថាន​វិនិយោគ​មួយ ដែល​មាន​លក្ខណៈ​សេរី​បំផុត​នៅក្នុង​តំបន់​ តាមរយៈ​ការអនុវត្ត​គោលនយោបាយ​បើកចំហ និង​ការផ្តល់​នូវរបបសារពើពន្ធ​ និងបរិស្ថាន​វិនិយោគ​អនុគ្រោះ ដែល​គ្មានការរើសអើង​ជូនដល់ធុរជន​ចាប់តាំងពី​ឆ្នាំ ១៩៩៣ មក។​ ទន្ទឹម​នឹង​នេះ យើងកំពុងតែ​ជំរុញ​អនុវត្ត​យ៉ាងសកម្ម​នូវរបៀបវារៈ​កែទម្រង់​ផ្ទៃក្នុង​ប្រទេស ដោយ​ផ្តោត​ជា​ ពិសេស​ទៅលើ​ការសម្រួល​ពាណិជ្ជ​កម្ម។
សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា យើង​ដឹង​យ៉ាងច្បាស់​ថា​ បរិយាកាស​វិនិយោគ​របស់​យើង​ត្រូវតែ​វិវឌ្ឍន៍ឆ្ពោះ​ទៅប្រសព្វ ជាមួយ​នឹងស្តង់​ដារអន្តរជាតិ​ តាមរយៈ​ការលុប​បំបាត់​នូវ​ឧបសគ្គ​បែបបទ និងចំណាយ​មិនចាំបាច់មួយ​ចំនួន​ ដើម្បី​ធានា​ប្រសិទ្ធភាព​ធុរកិច្ច​ឱ្យកាន់តែ​ប្រសើរ។ បច្ចុប្បន្ន​កិច្ចការទាំងអស់នេះ កំពុង​ដើរស្រប​គ្នាជាមួយ​ នឹងការជំរុញ​អនុវត្ត​កិច្ច​ព្រម​ព្រៀងវិនិយោគគ្រប់ជ្រុង​ជ្រោយឤស៊ាន ដែល​កំណត់​អំពី​ការកសាង​​បរិស្ថាន​វិនិយោគ​មួយមាន​លក្ខណ​សេរី និង​បើកចំហ​ស្របតាម​ការប្រតិបត្តិ​ជាអន្តរជាតិ។​ លើសពីនេះទៀត​កម្ពុជា​ក៏មាន​ផងដែរ​នូវរបប​ពាណិជ្ជកម្ម សេរី​ប្រកប​ដោយតម្លាភាពជាមួយ​ប្រទេស​សមាជិក​ឤស៊ាន និង​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់ខ្លួន។
សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​ ការប្តេជ្ញា​របស់​ឤស៊ាន​ឆ្ពោះទៅ​រក «ការតភ្ជាប់» នៅក្នុងតំបន់​ត្រូវបានកំណត់​យ៉ាងច្បាស់​នៅក្នុង «ផែនការ​មេ​ ស្តីពី​ការ​តភ្ជាប់​ឤស៊ាន» ដែល​ជាផែនការ​គ្រប់ ជ្រុងជ្រោយ​មួយរៀបរៀង​ឡើង​ ក្នុង​ទិសដៅ​ប្រមូលផ្តុំ​ការខិតខំ​ប្រឹងប្រែងរបស់យើង ដើម្បីឈានទៅបង្កើត​ឱ្យបាន​នូ​វ​ «សហគមន៍​សេដ្ឋកិច្ច​ឤស៊ាន​»​នៅឆ្នាំ ២០១៥ ខាងមុខ។ ខ្ញុំសូម​គូសបញ្ជាក់​ថា «ផែនការ​មេស្តីពី​ការតភ្ជាប់​ឤស៊ាន​»​ មាន​រួម​បញ្ចូល​នូវសមាស​ភាគបី​សំខាន់ៗ​គឺៈ
ទីមួយ-ការត​ភ្ជាប់ជារូ​​បវ័ន្ត ទីពីរ-ការ​តភ្ជាប់​ខាងផ្នែក​ស្ថាប័ន និង​ទីបី-ការត​ភ្ជាប់​ រវាង​ប្រជាជន ។
សម្តេច​តេជោនាយក​រដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​ឲ្យដឹងថា នៅក្នុង​ឤស៊ាន​យើង​ បាន​ចាត់​ទុកការ​តភ្ជាប់​ជារូបវន្ត​នេះថា ជា​គន្លឹះមួយ​ដ៏សំខាន់​សម្រាប់​កាត់បន្ថយ​គម្លាតអភិវឌ្ឍ​ផ្ទៃក្នុង​តំបន់​ និង​សម្រាប់ធានាជោគជ័យ​នៃសមាហរណ​កម្មឤស៊ាន ហើយដើម្បី​សម្រេច​បានតាម​គោលដៅ​នេះ យើង​បានកំណត់​ទិដ្ឋភាព​គន្លឹះៗមួយចំនួន​នៅក្នុងការ​អនុវត្តរួម​មានៈ
​ទី១-ការ​រៀបចំ​បង្កើតយន្តការ​ផ្លូវការ​សម្រាប់​កៀរគរហិរញ្ញ​ប្បទាន និង​សម្រប​សម្រួល​ការ​ចូលរួមរបស់ដៃគូ​អភិវឌ្ឍនានា​រួមទាំងការ​ទាក់ទាញ​នូវការចូលរួម ពី​សំណាក់​វិ​ស័យ​ឯកជន​ផង​ដែរ ​។
ទី២-ការជំរុញ​ដាក់​ឱ្យដំណើរ​ការយ៉ាងឆាប់រហ័ស​នូវយន្តការ​ហិរញ្ញប្បទាន​នេះ។
សម្តេចតេជោ​នាយករដ្ឋមន្ត្រី​បានមាន​ប្រសាសន៍លើកឡើង​ថា ដោយ​មានជំនួយ​ឧបត្ថម្ភ​ពី​ធនាគា​​រ​អភិវឌ្ឍន៍ឤស៊ី ប្រទេស​ជាសមាជិកអាស៊ាន​បានរួមគ្នា​បង្កើត​ឡើងនូវ​ «មូលនិធិហេដ្ឋា​រចនាសម័្ពន្ធ​អាស៊ាន» ដែល​បច្ចុប្បន្ន​បានចាប់ផ្តើម​ដំណើរ​ការរួច​ហើយ  ប៉ុន្តែ​មូលនិធិ​ ដែលមាន​ទំហំ​តែប្រមាណ ៥០០ លានដុល្លារ​ឤមេរិក គឺពិតជា​នៅតូច​នៅឡើយ ហើយ​មិន​​ទាន់ឤច​ឆ្លើយ​តប​បាន​គ្រប់គ្រាន់ទៅនឹង​សេចក្តីត្រូវ​ការដ៏​ធំនៅក្នុងការ​តភ្ជាប់ឤស៊ាននោះទេ ឤស្រ័យ​ហេតុនេះ​ ឤស៊ាន​កំពុងតែ​ចាត់វិធានការ​ចាំបាច់​នានា សំដៅទាក់ទាញ​ដៃគូហិរញ្ញ​ប្បទាន​ ដទៃ​ទៀតឱ្យ​ចូល​រួម​បង្កើន​ទំហំ​នៃមូល​និធិនេះ ពិសេស​គឺដៃគូ​បូកបី​របស់ឤស៊ាន និង​ស្ថាប័ន​ពហុភាគីជាដើម។​ លើសពីនេះ​ទៀត ឤស៊ាន​ដឹងយ៉ាងច្បាស់​ថា «ការ​តភ្ជាប់​ជារូបវ័ន្ត» ពិតជា​មិនទាន់​គ្រប់គ្រាន់​ នៅទ្បើយ​ទេ សម្រាប់​គោលដៅ​នៃសហគមន៍​សេដ្ឋកិច្ច​ឤស៊ាន​មួយ​ ដែល​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ខ្ពស់។ យើងត្រូវតែ​ដាក់ «ការតភ្ជាប់» នេះទៅក្នុង​បរិការណ៍​មួយដែល​ ទូលាយ​ជាង​នេះ​ដោយផ្សារភ្ជាប់​ទៅនឹង​សេចក្តី​ត្រូវការ​ក្នុងការ​​​​​​​រៀបចំឡើង នូវប្រព័ន្ធ​សម្រួល​ប្រទាក់​ក្រឡាគ្នា​ (Logistic system) រវាង​ការតភ្ជាប់​ជារូបវន្ត​ជាមួយនឹងខ្សែសង្វាក់​នៃការសម្រួល​ពាណិជ្ជកម្ម​ និង​ការ​ធ្វើសេរីភា​វូបនីយកម្ម​នៃបណ្តាញ​សេវា​នៅក្នុង​គ្រប់ទិដ្ឋ​ភាព នៃគោល​នយោបាយ​ និង​ការ​អនុវត្ត​ដែលក្នុងនេះ ការតភ្ជាប់​ខាងផ្នែក​ស្ថាប័នគឺជាស្នូល​ដ៏សំខាន់​មួយ​ទៀត ។
សម្តេច​តេជោបញ្ជាក់ថា ការតភ្ជាប់​ល្អប្រសើរ​ទាំងខាងផ្នែក​រូបវ័ន្ត​ ទាំង​ខាង​ផ្នែក​ស្ថាប័ន​នៅ​ក្នុង​ឤស៊ានពិតជាមានសារសំខាន់​ខ្លាំងណាស់​ សម្រាប់ការ​កាត់បន្ថយ​ គម្លាត​អភិវឌ្ឍន៍​រវាង​ប្រទេស​សមាជិកសម្រាប់​ការធានា​ភាពជោគជ័យ​នៃសមាហរណ​កម្មឤស៊ាន និង​សម្រាប់លើ​ក​កម្ពស់​កិត្យានុភាព​ឤស៊ាន​ក្នុងនាមជា​ដៃគូ​យុទ្ធសាស្ត្រ មិនឤច​ខ្វះបានមួយ​ជាមួយ​នឹងប្រទេស​ និងតួ​អង្គសំខាន់ៗ​ផ្សេង ​ទៀតនៅ​លើសកលលោក​។
សូមបញ្ជាក់ថា​ឆ្លងកាត់រយៈ​​ពេល ៤៥ ឆ្នាំនៃកិច្ចសហ​ប្រតិបត្តិការ​ និងការធ្វើ​សមាហរណ​កម្ម ដើម្បីកសាងសហគមន៍​​នៅក្នុងតំបន់អាស៊ី​អាគ្នេយ៍ប្រទេសឤស៊ាន​សម្រេចបាន​នូវវឌ្ឍនភាព​​ គួរឱ្យកត់សម្គាល់​លើគ្រប់វិស័យ។ បច្ចុប្បន្ន​នេះ អាស៊ាន​កំពុងតែ​បន្តផ្តោត​ឤទិភាព​ខ្ពស់​ ទៅលើ​ការ​ខិតខំសម្រេចឱ្យបាននូវ​គោលដៅ​នៃការកសាង​សហគមន៍តំបន់​នៅឆ្នាំ២០១៥ ខាងមុខ។​ ក្នុង​​ក្រប​ខ័ណ្ឌនេះ ទន្ទឹមនឹងកិច្ចប្រឹងប្រែង​សំដៅ​សម្រេច​ឱ្យបាន​នូវ​ផែនការ​សកម្មភាព​នានា​ ក្នុងការ​កសាងសហគមន៍​អាស៊ាន​នៅតាម​សសរស្តម្ភ​ទាំងបី ពោលគឺ​សហគម​ន៍នយោបាយ-សន្តិសុខ​​ សហគមន៍​សេដ្ឋកិច្ច និង​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន​ត្រូវបានផ្តោតការ​យកចិត្តទុកដាក់​ ពិសេស​ទៅលើរបៀបវារៈនៃ «ការតភ្ជាប់»​ នៅក្នុងវេទិកា​ធុរកិច្ចអាមេរិកអាស៊ាន​នៅខេត្ត​សៀមរាប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
          លោកជំទាវ ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រី​ក្រសួងការ​បរទេសសហរដ្ឋអាមេ​រិក នាថ្ងៃទី ១១​​កក្កដា ឆ្នាំ២០១២​​។ ក្នុងពេល​ស្នាក់អាស្រ័យ​បំពេញទស្សន​កិច្ចនៅព្រះរាជាណាចក្រ​កម្ពុជា​ លោក​ជំទាវ ហ៊ីលឡារី គ្លីនតុន បាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយសម្តេចអគ្គ​សេនាបតី​តេជោ ហ៊ុន សែន​ និងបានចូលរួម​ក្នុងវេទិកា​តំបន់អាស៊ាន ជាមួយរដ្ឋមន្ត្រី​ការបរទេស​នៃប្រទេសចំនួន ២៧​ ផ្សេង​ទៀត​នៅវិមាន​សន្តិភាព​រាជធានីភ្នំពេញ។ លោកជំទាវ ហ៊ីលឡារី គ្លីនតុន បាន​ដឹកនាំគណៈ​​ប្រតិ​ភូ​ធុរកិច្ច​ដ៏ធំមួយ​របស់អាមេរិក​មកកម្ពុជា ដើម្បី​ចូលរួមវេទិកា​ធុរកិច្ចអាមេរិក-អាស៊ាន ដែល​​រៀបចំ​ដោយ​​ក្រុមប្រឹក្សា​ធុរកិច្ចអាមេរិក​អាស៊ាន និងសភាពាណិជ្ជ​កម្ម​អាមេរិក​នៅទីក្រុង​សៀមរាប​ នា​ថ្ងៃ​ទី ១៣ កក្កដា ឆ្នាំ ២០១២។