Saturday, June 16, 2012

សិស្សនិស្សិត សិល្បៈករ និងអ្នកសារព័ត៌​មាន​អបអរសាទរ​ខួប​ ឆ្នាំ​ទី​៥០ និង​ឆ្នាំទី៤ នៃ​ប្រាសាទ​ព្រះ​វិហារ​ ក្លាយ​ជាសម្បត្តិ ​របស់​ខ្មែរ ​និង​សម្បត្តិ​របស់​​ពិភពលោក



សិស្ស ​និស្សិត​ សិល្បៈករ​ និង​អ្នក​សារព័ត៌មាន​នៅ​ មជ្ឈមណ្ឌលព័ត៌​មានដើម​អម្ពិល​ប្រមាណជា ១ពាន់នាក់ នៅ​ព្រឹកថ្ងៃ​សុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១២ នេះ បាននាំ​គ្នា​ប្រារព្ធទិវា​រំលឹក ខួបអនុស្សាវរីយ៍​ឆ្នាំទី៥០ (១៥ មិថុនា ១៩៦២-១៥ មិថុនា ២០១២) ថ្ងៃ​ដែលតុលាការ​យុត្តិធម៌​អន្តរជាតិ​ឡាអេ កាត់ក្តី​ប្រគល់​ ប្រាសាទ​ព្រះវិហារ និង​តំបន់​ជុំវិញ​ប្រសាទឲ្យ​មក​កម្ពុជា​ ព្រម​ទាំងរំលឹក​ដល់ខួប​អនុ ស្សាវរីយ៍ឆ្នាំទី៤ (៧ កក្កដា ២០០៨-៧ កក្កដា ២០១២) ថ្ងៃដែល ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ចុះ​​ក្នុងបញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក​​ នៅ​ទី​ក្រុង​កេប៊ិច ប្រទេស​កាណាដា។

អញ្ជើញ ​ចូលរួមជា​អធិបតី និង​ធ្វើ​ជា​វាគ្មិន​ក្នុង​ពីធី​ដែល​ប្រារព្ធ​ធ្វើ​ឡើង​ នៅវិទ្យាស្ថាន​ជាតិអប់រំ ជិត​វិមាន​ឯករាជ្យ​មាន ឯកឧត្តម​ កែវ រ៉េមី រដ្ឋលេខាធិការ​ទីស្តីការគណៈ​រដ្ឋមន្រ្តី លោក​បណ្ឌិត​សភាចារ្យ រស់ ចន្រ្តាបុត្រ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជាប្រវត្តិ​វិទូខ្មែរ លោក​បណ្ឌិត សុខ ទូច សាកល​វិទ្យាធិការ​សាក​លវិទ្យាល័យ​ខេមរៈ លោក លី ឆេង ប្រធាន​សមាគម​គ្រឹះស្ថាន អប់រំ​ឧត្តមសិក្សា​កម្ពុជា។

​មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ កែវ​ រ៉េមី​ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​សិស្ស​និស្សិត​ ដែល​បាន​រៀប​ចំ​កម្ម​វិធី​ ដែល​មាន​អត្ថន័យ​ផ្តល់​នូវ​ការ​ចង​ចាំ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ អំពី​ទិវា​ជា​ប្រវត្តិសាស្រ្ត​ ដែល​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​សម្រេច​កាត់​សេច​ក្តី​​ប្រគល់​ប្រាសាទ​ ព្រះវិហារ​ឲ្យ​​កម្ពុជា​។ ឯកឧត្តម​ កែវ​ រ៉េមី​ ក៏​បាន​មាន​ប្រសាសន៍​រំលឹក​អំពី​បេសកកម្ម​ដ៏​ឧត្តុង​ឧត្តម​របស់​កម្ពុជា​ ដឹក​នាំ​ដោយ​ឯកឧត្តម សុខ អាន ក្នុង ​​សកម្មភាព​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​បេតិកភ័ណ្ឌ​ពិភព​ លោក​ ដោយ​ជោគ​ជ័យ​កាល​ពី​ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០០៨ ជា​ពិសេស​​គឺ​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ក្នុង​ការ​ក៏​សាង​សុខ​សន្តិភាព​ ស្ថេរភាព​ជាតិ​ ពិសេស​ទប់​ស្កាត់​ការ​ប៉ុន​ប៉ង​រំលោភ​បំពាន​លើ​ប្រាសាទ​ព្រះ​វិហារ​សារជាថ្មី​។​
ទាក់ ​ទង​នឹង​សាល​ដីការ​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ទីក្រុង​ឡាអេ​ ថ្ងៃទី​១៥ ខែ មិថុនា ឆ្នាំ ១៩៦២ លោក​បណ្ឌិត​សភាចារ្យ រស់ ចន្ត្រាបុត្រ​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សាល​ដី​ការ​នេះ​មាន​ចំណុច​សំខាន់​៣ ទី១ សម្រេច​ថា ប្រាសាទ​ព្រះ​វិហារ និង​ទឹក​ដី​តំបន់​ជុំ​វិញ​ប្រាសាទ​ស្ថិត​នៅ​ក្នុង​អធិបតេយ្យ​ភាព​នៃ​ព្រះ​ រាជាណា​ចក្រ​កម្ពុជា។ ទី២ ប្រទេសថៃ​មាន​កាតព្វកិច្ច ដកកង​កម្លាំង​ទ័ព ឬប៉ូលីស ឬអ្នក​ថែរក្សា ឬឆ្មាំ​ដទៃទៀត​ដែលថៃ​បានដាក់​ក្នុងប្រសាទ​ព្រះវិហារ ឬក្នុង​តំបន់​ក្បែរ​ប្រាសាទ ដែល​ស្ថិតក្នុង​ទឹកដី​កម្ពុជា។ ទី៣ តុលាការ​បាន​សម្រេច​ថា ប្រទេស​ថៃ​មានកាតព្វ​កិច្ច​ប្រគល់​មកឲ្យ​ប្រទេស​កម្ពុជា វិញ នូវវត្ថុ​ទាំងឡាយ​តាម​ប្រភេទ​ដែល​បានបញ្ជាក់​នៅក្នុង​សេចក្តី​ស្នើសុំ​ ឲ្យវិនិច្ឆ័យ​ទី៥ របស់​កម្ពុជា ដែល​ត្រូវបាន​យក​ចេញ ពីប្រាសាទ ដោយ​អាជ្ញាធរ ពាក់ព័ន្ធ​របស់ថៃ ចាប់តាំ​ពីកាល បរិច្ឆេទនៃ​ការកាន់កាប់​ប្រាសាទ​នេះដោយ​ប្រទេសថៃ​នៅឆ្នាំ១៩៥៤ ។​ សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិ​ធម៌​អន្តរជាតិ​ទី​ក្រុង​ឡាអេ​ ត្រូវ​បាន​ធ្វើ​ជាភាសា អង់គ្លេស និង​ភាសាបារាំង ហើយ​អត្ថបទ​ភាសាអង់​គ្លេសយក​ជាផ្លូវការ ធ្វើនៅវិមាន​សន្តិភាព​ក្រុងឡាអេ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ជា៣ ច្បាប់ មួយច្បាប់​រក្សាទុកនៅ បណ្ណាសារដ្ឋា​របស់​តុលាការ និង​ច្បាប់​ដទៃ​ទៀត​បញ្ជូន​ទៅ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ​រៀងៗខ្លួន ។

លោក​បណ្ឌិត​សភាចារ្យ​ រស់ ចន្ត្រាបុត្រ​ បាន​មាន​ប្រសាសន៍​បញ្ជាក់ថា សាល​ដី​កា​តុលាការ​​យុត្តិ​ធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​ ថ្ងៃទី ១៥ ខែ​មិថុនា ឆ្នាំ ១៩៦២ គឺ​កើត​ឡើង​ដោយ​សារ​ ចលនាការតស៊ូមតិក្នុងឆាកអន្តរជាតិរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបាទ សម្តេច នរោត្តម សីហនុ ឯ​ព្រឹត្តិការណ៍​ថ្ងៃទី ៧ កក្កដា ឆ្នាំ ២០០៨ ដែល​ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​ចុះ​បញ្ជីរ​ជា​សម្បត្តិ​បេតិ​កភ័ណ្ឌ​ពិភព ​លោក​ គឺ​កើត​ឡើង​ដោយ​សារ​ ការ​ដឹក​នាំ​​ដ៏​ឈ្លាស​វៃ​ប្រកបដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន សែន ដែល​អាច​ចាត់​ទុក​ថា ជា​សាល​ដីកា​មួយ​ទៀត​សម្រាប់បញ្ជាក់​ថា ​ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​របស់​ប្រទេស​កម្ពុជា​។​


ប្រាសាទព្រះ ​វិហាររបស់​កម្ពុជា ត្រូវបាន​សាងសង់​ឡើង​នៅអំឡុង​ចុងសតវត្សរ៍​ទី៩ និង​ដើម​សតវត្សរ៍​ទី១០ ដោយ​ព្រះ​មហាក្សត្រ​ខ្មែរ៤អង្គ ព្រះនាម​ព្រះបាទ​យសោវរ្ម័ន​ទី១ សាងសង់​ក្នុងគ.ស ៨៨៩-៩១០ បន្ទាប់​មក ព្រះ​បាទ​សូរ្យវរ្ម័ន​ទី១ សាងសង់​ក្នុងគ.ស ១០០២-១០៥០ រួចសាង​សង់​បន្ត​ដោយ ព្រះបាទ​សូរ្យវរ្ម័ន​ទី២ ក្នុងគ.ស ១១១៣-១១៥០ និង​បានបញ្ចប់​ដោយ ព្រះបាទជ័យ​វរ្ម័នទី៦ ក្នុងគ.ស ១០៨០-១១០៩ ។