Wednesday, December 28, 2011

បទ​អត្ថាធិប្បាយ​៖ ប្រធាន​ស្តី​ទីគណ​បក្ស សម រង្ស៊ី ការពារ​ខ្លួន​ទាំង​បំ​ពាន​ច្បាប់



លោកគង់​ គាំ ប្រធាន​ស្តី​ទី​គណបក្សសម រង្ស៊ី បាន​សារភាព​ថា​ គណ​បក្ស​ប្រឆាំង​ពិត​ជាបាន​ដាក់​ចេញ​​នូវ​គោលការណ៍​មួយ ដោយ​តម្រូវ​ឱ្យ​សមាជិកក្រុម​ប្រឹក្សាឃុំ សង្កាត់​ចំ​នួន ២៦៦០ រូប ​របស់​ខ្លួនធ្វើ​ការ​សច្ចាប្រណិធាន ឬ​ហៅ​ថា​ ស្បថ ពិត​ប្រាកដមែន​ គឺ​នៅ​ថ្ងៃ​ទី​២៨ ខែ មករា ឆ្នាំ ២០១២ មួយ​ថ្ងៃ​មុនការ​បោះឆ្នោត​ព្រឹទ្ធសភា​មក​ដល់​​​    នេះ​បើ​យើង​តាមការ​​ស្រង់​សម្តី​ចុះ​ផ្សាយក្នុង​​គេហទំ​ព័រ​របស់​សារ​ព័ត៌មានមួយ​ចំ​នួន​កាលពី​ថ្ងៃ​ទី​២៧ ខែ ធ្នូ​ ឆ្នាំ ២០១១​។
គណបក្ស​សម រង្ស៊ី ត្រូវ​បាន​គេដឹង​ថា​    ជាញឹក​ញាប់​តែ​ង​តែប្រឌិត​នូវ​បញ្ហា  ​ បង្កើត​ជារឿង​រ៉ាវផ្សេង​ៗ ​ដើម្បីជាលេស​​ធ្វើ​ការ​ចោទ​ប្រកាន់​មក​លើ​រាជ​រដ្ឋាភិបាល​ថា ​ជាអ្នក​បាន​រំ​លោភ​លើ​សិទ្ធិ​មនុស្ស។ ប៉ុន្តែ ក្នុង​ពេល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ខិត​ជិត​ចូល​មក​ដល់​ បែ​ជា​ផ្ទុះឡើង​នូវ​ការ​បញ្ជាដាច់​ខាតពី​លោក សម រង្ស៊ី ពី​បរទេសមក​ដល់​សមាជិក​របស់​ខ្លួន​ឱ្យ​ស្បថ និង​ដក​ទូ​រស័ព្ទ​ដៃ​ ។ តើ​អំ​ពើ​បែប​នោះ​ក្រុមអ្នក​​ការ​ពារ​សិទ្ធិ​មនុស្សមួយ​ចំនួន​ដែលតែង​តែ​គាំ​ទ្រ​បក្ស​ប្រឆាំង​មាន​ប្រតិកម្ម​យ៉ាង​ណា​?​នៅ​ឈរឱប​ដៃមើល​ និង​នាំ​គ្នា​ស្រែក​បន្ទរ​ស្វាគមន៍​នូវ​សកម្ម​ភាព​ខុសច្បាប់​នោះ​  ឬ​ក៏​គួរគប្បី​នាំ​គ្នាចេញសេចក្តី​ថ្លែង​ការ​ណ៍​ថ្កោល​ទោស លោ​ក សម រង្ស៊ី ដែល​បាន​ និង​កំ​ពុង​​រំ​លោភ​សិទ្ធិស្រប​ច្បាប់​​របស់​សមាជិក​គណបក្ស​ខ្លួន​ឯងនោះ​​​។​
ការ​ចេញ​មុខមកការ​ពារខ្លួន​ទាំង​បំ​ពាន​ច្បាប់​​របស់​លោក គង់​ គាំ​ នេះ​ បន្ទាប់​ពី​មាន​ការ​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​របស់​បណ្តាញ​ប្រជាជន​កម្ពុជាដើម្បី​សន្តិភាព​ (CPNP)​ដែល​បាន​បង្ហើប​នូវ​ព័ត៌មាន​ដ៏រសើប​មួយ អាច​នឹង​ធ្វើ​ឱ្យ​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់​របស់​គណបក្ស​សម រង្ស៊ី​ ដក​សេចក្តី​ទុក​ចិត្តទាំង​ស្រុង​ចេញ​ពី​ការ​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ​ ដោយ​សារហេតុ​ផល «​បង្ខំ​ឱ្យ​ពួក​គេស្បថ ថា ត្រូវ​តែ​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ សម ​រង្ស៊ី និង​ទូ​រស័ព្ទ​ដៃ​ត្រូវ​បាន​ដក​ហូត» ដែល​ការ​ចេញ​បទ​បញ្ជារបស់​លោកសម រង្ស៊ី​ បែប​នោះ ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​​វាយ​តម្លៃថា​ ​គឺជាអំ​ពើផ្ទុយ​ពី​គោល​ការ​ណ៍​លទ្ធិ​ប្រជាធិប​តេយ្យ និង​រំ​លោភ​សិទ្ធិ​មនុស្សយ៉ាង​ធ្ងន់​ធ្ងរ »។​
បណ្តាញ​ប្រជាជន​កម្ពុជា​ដើម្បី​សន្តិភាព​ ដែលបង្កើត​ឡើង​ដោយ​អង្គការមិន​មែន​រដ្ឋាភិបាល​ ​សមាគម​និង​សហជីព​នៅ​កម្ពុជា​ចំ​នួន​១៤៩ បាន​ផ្សព្វ​ផ្សាយ​ថា​ តាម​ព័ត៌មាន​ដែលពួក​​គេទទួល​បាន​ក្រៅ​ផ្លូវ​ការ​ និង​គួរ​ឱ្យ​ទុកចិត្តបាន​ ផ្តល់​ដោយ​គណបក្ស​សម រង្ស៊ី​ ទើប​មាន​ការ​ចេញ​ផ្សាយ​នូវ​សេចក្តី​ថ្លែង​ការ​ណ៍​នេះ​ឡើង​ដោយ CPNP បាន​ដាក់​ចំ​ណង​ជើង​ថា​ សិទ្ធិ​ស្រប​ច្បាប់​របស់​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវ​បាន​គំ​រាម​ដក​ហូត​ដោយ​លោក សម រង្ស៊ី​។
CPNP បាន​ហៅ​ទង្វើ​របស់​លោក សម រង្ស៊ី ថា​បាន​ធ្វើ​ឡើង​បំ​ពាន​ច្បាប់​ទាំង​កំ​រោល​ និង​ចាត់​ទុក​ថា​ ការ​បង្ខំឱ្យ​ស្បថ​ គឺជាអំ​ពើ​ផ្តាច់​ការ រំ​លោភលើច្បាប់​រដ្ឋធម្មនុញ្ញ​ ផ្ទុយ​ពី​​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ  និង​ជាការ​រំ​លោភ​សិទ្ធិ​មនុស្សពេញ​ទី​ ដោយ​យោង​ថា​ អំ​ណាច​ទាំង​អស់​ជារបស់​ប្រជាពល​រដ្ឋ មិន​មែន​ជារបស់​បុគ្គល​ ឬ​ត្រូវ​បាន​បំ​ពាន​ទាំង​បង្ខំ​ដោយ​បុគ្គល​ ឬ​ក្រុម​អ្នក​នយោបាយ​ណា​មួយ​ឡើយ។
 សេចក្តី​ថ្លែង​ការណ៍​បាន​បន្ថែម​ថា​ ច្បាប់​ការពារ​កិត្តិយស និង​សេចក្តី​ថ្លៃ​ថ្នូ​ររបស់​ប្រជាពល​រដ្ឋ។ ការ​បង្ខិត​បង្ខំ​ត្រូវ​បាន​ហាម​ឃាត់​ជាដាច់​ខាត​។ ក្រៅ​ពី​នេះ​CPNP បាន​ហៅ​ការ​ដក​ហូត​ទូ​រស័ព្ទ​ដៃពី​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់​ គឺជា​ការ​ដក​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ អាច​ជាការ​សង្ស័យ​មិនទុកចិត្ត​គ្នា​។ ជាមួយ​នឹង​ការ​ប្រដូច​ទង្វើ​នោះ​ទៅ​នឹង​របបប៉ុល​ពត​ CPNP បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ដោយ​ចាត់​ទុក​បទ​បញ្ជារបស់​លោក សម រង្ស៊ី ថា​ជាអំ​ពើ​ក្បត់​នឹង​ឆន្ទៈ​របស់​ប្រជាពល​រដ្ឋដែល​ជា​ម្ចាស់​ឆ្នោត​។
ជាការ​ចេញ​មុខបក​ស្រាយ​ក្នុង​អ្វី​មួយ​ដែល​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​ យល់​ថា​ជាការ​និយាយបង្វែង​ដាន បំ​ភ័ន្ត​សាធារណៈមតិ​ ដោយហេតុលោក គង់ គាំ​ បានឆ្លើយ​តប​វិញ​ថា​​ ការ​តម្រូវ​ឱ្យក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ស្បថ​នោះ​ គឺ​ដើម្បី​បញ្ជាក់​ពី​ជំ​ហរស្មោះត្រង់​ជាមួយម្ចាស់​ឆ្នោត​ ប្រជាពល​រដ្ឋ និង​ប្រទេស​ជាតិ​។
គេបាន​ដឹង​ថា​ ការ​ឱ្យ​សមាជិក​របស់​ខ្លួន​ស្បថ​ មិន​មែន​កើត​ឡើង​ជា​លើក​ទី​មួយ​ទេ​ គឺគណបក្ស​សម រង្ស៊ី​ បាន​អនុវត្តរបៀប​នេះ​រៀង​រាល់​ពេល​បោះ​ឆ្នោតជាច្រើន​ដង​​កន្លង​មក​ហើយ​។
ការតម្រូវ​ឱ្យ​ស្បថ​នេះ​ បើ​ទោះបី​​ជា​លោក គង់​ គាំ​ បដិសេធ​ថា ​មិនមែន​​ដើម្បីបង្ហាញ​ការ​ស្មោះ​ត្រង់​ជាមួយ​បក្សសម រង្ស៊ី​ ​ក្តី​ ប៉ុន្តែ ​ក្នុង​ន័យ​ដែល​គេអាចសង្ស័យ​ថា​ «មិន​អាច​ក្បត់​បក្ស​បាន​ជា​ដាច់​ខាត​»នេះ​ហើ​យ​ គឺ​ជា​បទ​បញ្ជាដាច់​ណាត់​ ទើប​បានជា​​មាន​ការ​ដាក់កំ​ហិត​បន្ថែម​ទៀត​ដោយ​​តម្រូវឱ្យ​គ្រប់​គ្នា​ត្រូវ​តែ​ដក​ទូ​រ​ស័ព្ទដៃនៅ​ថ្ងៃ​ទី​២៨ ខែ​ មករា ឆ្នាំ ២០១២​។ តើ​លោក គង់ គាំ​ បកស្រាយ​យ៉ាង​ណាដែរជុំ​វិញ​ការ​បង្ខំ​ឱ្យ​ស្បថ និង​ឱ្យ​ដក​ទូ​រស័ព្ទដៃ​​ ដែល​ជាអំ​ពើ​រំ​លោភលើ​សិទ្ធិ​មនុស្សយ៉ាង​ចំ​ហរបែប​នេះ​?  តើ​លោក​គង់​ គាំ​ ចេះ​ច្បាប់​ដែរ​ឬ​ទេ ​នៅ​ពេល​ដែល​ខ្លួន​គាត់​គាំ​ទ្រនូវ​អំពើ​ខុសច្បាប់​បែប​នោះ?
ចម្លើយ​សំ​រាប់​ជាមេរៀន​ដើម្បី​បង្ហាញ​ជូន​ដល់ ​លោក គង់​ គាំ​ ឱ្យស្គាល់​អំពី​​នីតិ​ច្បាប់​ ជាដំ​បូង​​ ប្រសិន​បើ​គណបក្សសម រង្ស៊ី យក​គោលការណ៍ដែល​តម្រូវ​ឱ្យ​ស្បថ មក​ប្រើ​មែន​នោះ  គឺជាកំ​ហុសដែល​ត្រូវ​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ដោយ​ជៀសមិន​ផុត​ ដោយ​ហេតុថា យោង​តាម​ជំ​ពូក​ទី​១១ ប្រការ១១ នៃបទ​បញ្ជា​​ និងនីតិ​វិធី​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា​នី​តិកាល​ទី​៣​ រៀប​ចំ​ដោយ​ ​គជប​  បាន​ចែង​ថា​​ «ធ្វើ​ការ​គាប​សង្កត់​ ឬ​គំ​រាម​កំហែង​ ឬ​បង្ខំ​ធ្វើ​សម្បថឱ្យ​គេបោះ​ឆ្នោត​ឱ្យ​គណបក្ស​នយោបាយ​របស់​ខ្លួន​ ឬគណបក្ស​នយោបាយ​ណាមួយ​ដែល​ខ្លួន​​ចូល​ចិត្ត »នឹង​ត្រូវ​ទទួល​ទោសទណ្ឌដោយ​ពិន័យ​ជាប្រាក់​ពី​៥លានរៀល​ ទៅ​២៥លាន​រៀល​ ដោយ​ពុំ​ទាន់​គិត​ដល់​ទោស​ព្រហ្ម​ទណ្ឌ​ផ្សេង​ទៀត​ចំ​ពោះជន​ណា​ ឬ​ក៏​គណបក្ស​ណា​ដែល​បាន​ប្រព្រឹត្តអំពើ​រំ​លោភ​ច្បាប់​ ប្រសិន​រក​ឃើញថាមាន​កំ​ហុស​មែននោះ ។ ការ​ពិន័យ​ និង​ដាក់​ទោសទណ្ឌនេះ​​ក៏​មាន​ចែង​ក្នុង​មាត្រា ១២៤ ថ្មី​ នៃច្បាប់​អំពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា​ផង​ដែរ។
ដូច្នេះ​ ការ​ធ្វើ​នយោបាយ​របស់​មេបក្ស​ប្រឆាំង​ លោក សម រង្ស៊ី​ ដែល​ផ្តើម​ចេញ​ពី​ការ​គាប​សង្កត់​ និង​បង្ខំ​ឱ្យ​សមាជិក​របស់​ខ្លួន​ស្បថ និង​ការ​ដក​ហូតសិទ្ធិ​បញ្ចេញ​មតិ​តាម​រយៈ​ការ​ដក​ទូ​រស័ព្ទ​ដៃមិន​ឱ្យប្រើ​ នៅមុន​ថ្ងៃ​បោះ​ឆ្នោត​នោះ គឺបាន​បង្ហាញ​ពីយុទ្ធ​វិធី​គំ​រាម​កំ​ហែង​ រំ​លោភ​សិទ្ធិ​មនុស្ស និង​ជាន់​ឈ្លី​​លើច្បាប់ដោយ​មិន​អាច​ប្រកែក​បាន​ឡើយ​។
សមាជិក​របស់​គណបក្ស​ សម រង្ស៊ី អាច​ពិចារណា​​​​​ដើម្បីការពារ​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន។ ម៉្យាង​ទៀត​​ ដើម្បី​ឱ្យ​មាន​នូវ​យុត្តិ​ធម៌ក្នុង​ការ​សំ​រេចចិត្តក្នុង​សកម្ម​ភាព​នយោបាយ​ តើ​គួរគប្បី​ត្រូវ​នាំ​គ្នាងើប​ឡើង​​ប្រឆាំង​តវ៉ា​យ៉ាង​ណាវិញទៅ​លោក សម រង្ស៊ី​​ ប្រសិន​បើ​បទ​បញ្ជា​នោះ ជាអំពើ​ផ្ទុយពី​​ផ្លូវ​ច្បាប់​ ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត     និង​​​រំ​លោភ​លើ​ឆន្ទៈ​របស់​ខ្លួន​បែប​នេះ​​?។

ដោយៈ ពូន សំ​រេច