Wednesday, June 6, 2012

បទវិចារណកថា៖ ការបដិ​សេធ​មិន​ទទួល​ទ្ធផល​ការ​បោះឆ្នោត គឺមាន​ន័យ​ស្មើ​នឹង​ក្បត់​ឆន្ទៈ​ប្រជា​ពលរដ្ឋ


បទវិចារណកថា
ការបដិសេធមិនទទួលទ្ធផលការបោះឆ្នោត គឺមានន័យស្មើនឹងក្បត់ឆន្ទៈប្រជាពលរដ្ឋ
         
ទោះបីជា​លទ្ធផល​នៃការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិទី៣ កាល​ពី​ថ្ងៃ​ទី​០៣​​ខែ​មិថុនា​ ឆ្នាំ​២០១២  គណៈ​កម្មា​ធិការ​ជាតិរៀប​ចំការ​បោះឆ្នោត​មិនទាន់​ប្រកាស​ជាផ្លូវការ​យ៉ាង​ណា​ក៏​ដោយ ក៏​មាន​សារ​ព័ត៌​មាន​ខ្លះ​បាន​ផ្សព្វ​​ផ្សាយស្តី​អំពីលទ្ធ​ផល​ទូទាំង​ប្រទេស បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​១៥៨៩ក្នុង​ចំណោម​ឃុំ សង្កាត់​ចំនួន ១៦៣៣​ឃុំ រីឯឃុំ សង្កាត់ដែល​សេស​សល់​ចំនួន៤៤ ទៀត​បាន​ទៅ​​គណបក្សផ្សេង។ ប៉ុន្តែ​ត្រូវ​បាន​គណបក្ស​សម រង្ស៊ី បដិសេធ​មិន​ទទួលយក។
ផ្ទុយទៅវិញលោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស នៅអល់​អែករា​រែក​មិន​ទាន់​​និយាយថា​ទទួលយក ឬក៍មិន​ទទួល​យក​នោះទេ ប៉ុន្តែលោក កឹម សុខា មានការសប្បាយចិត្ត  ហើយ​ប្រកាស​ទទួល​ស្គាល់​ថា ​​គណបក្សសិទ្ធិមនុស្ស បាន១៨ឃុំ ​។
យើងឃើញថា រៀងរាល់ការបោះឆ្នោ​តម្តងៗ គណបក្សប្រឆាំងតែងតែស្រែកមិនទទួល​ស្គាល់​លទ្ធផល​នៅពេលដែលដឹងថាគណបក្សរបស់ខ្លួនចាញ់ឆ្នោត នេះវាជាទម្លាប់ និងចរិតពិតរបស់គណបក្ស​ប្រឆាំង។
ជាក់ស្តែងតាមបទពិសោធន៏នៃការបោះឆ្នោតព្រឹទ្ធសភាកន្លងមក មុនកាល​បរិច្ឆេទ​មិន​ទាន់​ដល់​ថ្ងៃ​បោះ​​ឆ្នោត​គណបក្សសម រង្ស៊ី ក៏ធ្លាប់ចោទប្រកាន់ថា គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតមិនឯករាជ្យ និង​បាន​លំ​អៀងគាំទ្រ​គណ​បក្ស​កាន់​អំណាច​ជាដើម។ការចោទប្រកាន់ដូច​នេះវាមិនសមហេតុសមផលនោះ​ទេ ពី​ព្រោះនៅក្នុង​​សមាសភាព​គ..​ប​ ក៏​មាន​​តំណាងគណបក្សសម រង្ស៊ី ជាសមាជិកផងដែរ។
ដោយឡែកនាយកប្រតិបត្តិនៃអង្គការខុមហ្រែល បាននិយាយថា ការបោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ទោះបីជាមានរបាយការណ៏ថា មានភាពមិនប្រក្រតីយ៉ាងណាក៏ដោយ ក៏​បរិយាស មាន​​សន្តិភាព និងដំណើការនៃការបោះឆ្នោតមានភាពល្អ និងមានអ្នកចូលរួមបោះ​ឆ្នោត​​​ប្រហែល​​៦០ភាគរយ។
ជាធម្មតាការបោះឆ្នោតនៅលើពិភពលោក   ឈ្មោះអ្នកបោះឆ្នោតនៅក្នុងបញ្ជីមិនបានមក
ចូលរួមបោះឆ្នោត១០០ភាគរយនោះទេ ។  ទោះយ៉ាង​ណា ចំ​នួន​អ្នក​បោះឆ្នោត​នៅ​កម្ពុជា​ គឺមិន​បាន​ប៉ះ​ពាល់​ដល់​ដំ​ណើរការលទ្ធិ​ប្រជា​ធិបតេយ្យ​នោះទេ ផ្ទុយទៅ​វិញ​ គឺអាច​និយាយបាន​ថា កម្ពុជាបាននាំមុខគេក្នុង​ចំ​ណោម​បណ្តាប្រទេសមួយ​ចំ​នួន​ ដែល​មាន​ចំ​នួន​អ្នក​បោះ​ឆ្នោត​តិចជាង​នេះ​   តួយ៉ាងដូចជា​តាមរយៈសារ​ព័ត៌​មាន The Christian Science កាល​​ពីថ្ងៃទី ២១ខែមិនា ឆ្នាំ២០១១ ​បានលើកយក​ការបោះឆ្នោត ប្រធាធិបតី នៅប្រទេសហៃទី ជុំទី១ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១១ មានអ្នក​ចូល​រួម​បោះឆ្នោត ២២,៧៩ ភាគរយ  និង​ការ​បោះឆ្នោតជុំទី២ មានអ្នកចូលរួមបោះឆ្នោតចំនួនតែ ២២,៥២​ភាគរយប៉ុណ្ណោះ។
​ក្រោយពីការ​បោះ​ឆ្នោត​ គឺនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១១ ក្រុមប្រឹក្សាសន្តិសុខ​នៃអង្គ​ការ​សហប្រជា​តិ បានចេញសេចក្តីថ្លែងការណ៏​បញ្ជាក់ថា ​«សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សូមអបអរសារទ​ចំពោះ​ប្រជាពលរដ្ឋហៃទី ដែលដំណើរការ​បោះ​ឆ្នោតដោយសន្តិភាព និងស្វាគមន៏នូវ​រដ្ឋាភិបាល​ថ្មី.......»  ។
ដោយឡែក ការបោះ​ឆ្នោតនៅ​ក្នុងប្រទេសកម្ពុជា គឺមាន​អ្នក​ចូល​រួម​ទៅ​បោះឆ្នោត​ជាង​៦០ភាគរយ នោះគឺជា​ចំ​នួន​មួយ​ដែល​ខ្ពស់​ឆ្ងាយពីបណ្តាប្រទេសមួយ​ចំនួន​​ មិន​ត្រឹម​តែប៉ុណ្ណោះ ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ក្នុងប្រទេសកម្ពុជា គឺបាន​ប្រព្រឹត្តទៅ​ដោយ​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិធម៌ ដោយមាន​អ្នក​សង្កេតការណ៍​រាប់​ម៉ឺន​នាក់ រួម​ទាំង​មាន​តំ​ណាង​មកពីគណបក្សនយោបាយ​ទាំង​អស់​ដែល​ប្រកួត​ប្រជែង​​ចូល​រួម​សង្កេតការណ៍​ផង​ដែរ។​
ដូច្នេះ បើគណបក្សប្រឆាំងបដិសេធលទ្ធនៃការបោះឆ្នោតនេះ គឺមានន័យថា បក្ស​សម រង្ស៊ី គឺបាន​ ក្បត់នឹង​ឆន្ទៈប្រជាពល​រដ្ឋ ពីព្រោះ​ការ​ប្រជាពលរដ្ឋបានអនុវត្តនូវ​កាតព្វកិច្ចរបស់​ខ្លួន​រួចហើយ ដើម្បីជ្រើស​អ្នក​ដឹក​នាំ​មូល​ដ្ឋាន និង​ការអភិវឌ្ឍន៏ភូមិឃុំ ។ បើប្រជា​ពល​រដ្ឋ​​​បានបោះ​ឆ្នោតជូនហើយ​ បែជាគណបក្សសម រង្ស៊ី  មិនព្រមទទួលយក គឺមានន័យថា បក្ស​ប្រឆាំង​ មិនចង់ឱ្យមានការអភិវឌ្ឍន៏ប្រទេស​ ហើយមិន​ត្រឹម​តែប៉ុណ្ណោះ គឺជាការ​ភ្លេចខ្លួន​ថាកម្ពុជាជាប្រទេសមានច្បាប់ទម្លាប់មិន​មែន​អាណាធិបតេយ្យ​ដូច​មេ​បក្ស​ប្រឆាំង​នោះ​ទេ។

អត្ថដោយៈ រួម ជាតិ