Tuesday, September 11, 2012

កិច្ចប្រជុំរវាង គ.ជ.ប ជាមួយគណៈ​បក្សនយោបាយ និង​អង្គការ​មិនមែនរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយអំពី ការប្រព្រិត្ត​ទៅនៃការ​ពិនិត្យបញ្ជី​ឈ្មោះ​បោះឆ្នោត និងចុះឈ្មោះបោះឆ្នោត

ឯកឧត្តម ឃ្លោក ប៊ុតឌី សមាជិក គណៈកម្មាធិកការជាតិរៀបចំការបោះឆ្នោត បានមាន​ប្រសាសន៍ថា គិតចាប់ពីថ្ងៃទ១ រហូតមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ មាន​រយៈពេល ១០ ថ្ងៃហើយ នេះនៅតាមសាលា ឃុំ សង្កាត់ ទូទាំងប្រទេស ចំនួន ១៦៣៣ ដោយ​​មានប្រជាជន ដែលមានសិទ្ធបោះឆ្នោត បាននិងកំពុងដំណើរការចុះឈ្មោះ និង​ពិនិត្យ​​បញ្ជីឈ្មោះ នៅតាមកា​រិយាល័យ​របស់ខ្លួន ដោយពុំមានបណ្តឹង​ណាមួយ​កើតឡើង សំរាប់​ការពិនិត្យ​នេះសំរាប់ ជ្រើសរើស​តំណាងរាស្រ្ត នីតិកាលអាណត្តិទី៥ ឆ្នាំ២០១៣ ។
ឯកឧត្តម បានបន្តថា គណបក្សនយោបាយ និងអង្គការ ក្រៅរដ្ឋាភិបាលចំនួន៨ បានដាក់​តំណាង​​របស់​ខ្លួន​ទៅចូលរួមដំណើរ ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះ​ឆ្នោត​ឆ្នាំ២០១២ ដែល​ចាប់ផ្ដើម​ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ខាងមុខ។

ឯកឧត្តម  ទេព នីថា អគ្គលេខាធិការគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត  បាន​មាន​ប្រសាសន៍ថា មានគណបក្សនយោបាយចំនួន៥ និងអង្គការសង្គមស៊ីវិល៣ បាន​តំណាង​​របស់ខ្លួនមកចូលរួមពិនិត្យដំណើរ ការពិនិត្យ បញ្ជីឈ្មោះ និងចុះឈ្មោះ​បោះឆ្នាំ២០១២ នេះ បើគិតពីថ្ងៃទី១ ខែកញ្ញាមក រហូតដល់ពេលនេះ មានគណបក្ស៥ ដែលបាន​ដាក់តំណាងរបស់ខ្លួន សង្កេតមើល​ការ​ពិនិត្យ​ឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដែលមាន​តំណាងគណបក្សចំនួនសរុបប្រមាណ ៣.៣៩៩នាក់។
ឯកឧត្តម បានមានប្រសាន៍បន្តថា គណបក្សនយោបាយដែលបា​នដាក់​បាន​ដាក់​តំណាង ពេញសិទ្ធ និងបម្រុងរួមមាន គណបក្សប្រជាជនកម្ពុជា បានដាក់តំណាង ពេញសិទ្ធិ និង បម្រុងចំនួន ២.៥១៧នាក់ ក្នុងនោះស្រីចំនួន ២៥៧នាក់ គណបក្ស​ហ៊្វុនស៊ិនប៉ិច បានដាក់​តំណាងពេញសិទ្ធិ និងបម្រុងចំនួន ៨៦៨នាក់ ក្នុងនោះស្រីចំនួន ៩៧នាក់ គណបក្ស នរោត្តម រណឫទ្ធិបានដាក់តំណាងពេញសិទ្ធិ និងបម្រុងចំនួន ១០នាក់ គណ​បក្សសញ្ជតិ កម្ពុជា បានដាក់​តំណាពេញសិទ្ធ និងបម្រុងចំនួន២នាក់ គណបក្ស សាធារណ​រដ្ឋប្រជាធិបតេយ្យ បានដាក់​តំណាងពេញសិទ្ធិ និងបម្រុងចំនួន២នាក់។ ចំណែកអង្គការសង្គមស៊ីវិលរួមមាន អង្គការខុមហ្វ្រែល មូលនិធិអន្តរ​ជាតិសម្រាប់​ប្រព័ន្ធ​បោះឆ្នោត (IFES) វិទ្យាស្ថានជាតិប្រជាធិប​តេយ្យសម្រាប់កិច្ច​ការអន្តរជាតិ (NDI) 
គួរបញ្ជាក់ផងដែរថា សំរា​ប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣ខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងចំណាយថវិកា សរុបចំនួន ជាង២០លានដុល្លារ ដើម្បីបម្រើដល់ការងារបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត

រដ្ឋ​សភា​កម្ពុជា​ដោយ​មាន​ការ​ចូល​រួម​សហការ​ពី​អង្គ​ការ​អាយ​អូជីធី​ និង​មជ្ឈមណ្ឌល​ភីឌីភី​កំពុង​រិះរក​វិធាន​ការ​ ដើម្បី​ចូល​រួម​កាត់​បន្ថយ​ការ ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​

នៅ​វិមាន​រដ្ឋសភា ​មាន​ការ​ជួប​ជុំ​នៅ​ក្នុង​អង្គ​សិក្ខា​សាលា​មួយ​រវាង​ សមាជិក​រដ្ឋ​សភា​ ក្នុង​គណៈកម្មការ​សុខាភិបាល​សង្គមកិច្ច​ អតីត​យុទ្ទជន ​យុវនិតិសម្បទា​ការ​ងារ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​និង​កិច្ច​ការ​នារី​ជា​មួយ ​អង្គ​ការ​អាយ​អូជីធី ​និង​មជ្ឈ​មណ្ឌល​ភីឌីភី​ព្រម​ទាំង​ បណ្តា​ផ្នែក​ពាក់​ព័ន្ធ​មួយ​ចំនួ​នទៀត​ ដើម្បី​រិះ​រក​វិ​ធាន​ការ​ចូល​រួម​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង ​ស្រវឹ​ង​នៅ​កម្ពុជា​។   បញ្ហា​គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ជា​បញ្ហា​កង្វល់​របស់​ប្រទេស​កម្ពុជា​មួយ ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​ក៏​ជា​បញ្ហា​កង្វល់​រួម​ជា​សាកល​ផង​ដែរ​។    យោង​តាម​របាយ​ការណ៍​អង្គការ​សុខភាព​ពិភព​លោក​ឆ្នាំ២០០៧​ បាន​បង្ហាញ​ថា ​អ្នក​ប្រើប្រាស់​គ្រឿងស្រវឹង ​នៅ​លើ​ពិភព​លោក​មាន​ប្រមាណ​២០០​០​លាន​នាក់​។​គ្រឿង​ស្រវឹង​បាន​បង្ករ​ អោយ​មនុស្ស​ស្លាប់​ប្រមាណ​៣.៧ភាគរយ ​និង​កើត​មាន​ជំងឺ​ប្រចាំ​កាយ​ប្រហែល​៤.៤​ភាគ​រយ​។

    
លោក​ជំទាវ ​ហូ ​ណូន ​ប្រធាន​គណៈកម្មការ​សុខាភិ​បាល​សង្គមកិច្ច​អតីត​យុទ្ទជន ​យុវនិតិ​ សម្បទា​ការ​ងារ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​និង​កិច្ច​ការនារី ​បាន​លើក​ឡើង​ក្នុង​អង្គសិក្ខាសាលា​នេះ​ថា​ ដើម្បី​ចូល​រួម​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង ​ស្រវឹង​នៅ​កម្ពុជា​រដ្ឋ​សភា​កម្ពុជា​ បាន​អនុម័ត​នូវ​ច្បាប់ ​ពាក់​ព័ន្ធ ​ដូច​ជា​ច្បាប់​ស្តី​ពីច​រា​ចរណ៍​ផ្លូវ​គោក​ដែល​ច្បាប់​នេះ​ បាន​ហាម​ប្រាម​ដាក់​ពិន័យ​ និង​ផ្តន្ទាទោស​ចំពោះ​អ្នក​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ក្នុង​ពេលបើកបរ​។​ ជាមួយ​នេះ​ រាជ​រដ្ឋាភិបាល​តាម​រយៈ ​ស្ថាប័ន​ពាក់​ព័ន្ធ​ បាន​ដាក់​ចេញ​នូវ​ចរាចរ​ និង​សេចក្តី​ណែនាំ​ព្រម​ទាំង​ចាត់​វិធាន​ការ​ផាក​ពិន័យ ​យ៉ាង​តឹង​រឹង​ជា​បន្ត​បន្ទាប់​ ហើយ​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋា​ ភិបាល​ក៏​ជា​ការ​ ប្តេជ្ញា​ចិត្ត​មួយ​ទៀត​ ដើម្បី​កាត់​បន្ថយ​ការ​សេប​គ្រឿង​ស្រវឹង​។កន្លងមកនេះ​ រដ្ឋ​សភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​គ្រឿង​ ស្រវឹង​ និង​កាត់​បន្ថយ​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​៕

កិច្ចប្រជុំ​ឧត្តមមន្ត្រី​អាស៊ាន​លើក​ទី​៣០​ផ្តោត​លើ​ថាមពល​បៃតង​

            របៀបវារៈ​ស្តីពី​ថាមពលបៃតង​ រំពឹង​ថា​ត្រូវ​បាន​លើក​យក​មក​ធ្វើការ​ពិភាក្សា​ ក្នុង ​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​អាស៊ាន​ថាមពល​លើក​ទី​៣០ ​ដែល​ចាប់​ដំណើរការ​នៅ​រាជធានី​ភ្នំពេញ​ ចាប់ពី​ ថ្ងៃទី​១១​ ដល់​ថ្ងៃទី​១៤ ​ខែកញ្ញា​ ឆ្នាំ​២០១២​នេះ។​លោក វិចទ័រ ហ្សូ​ណា អគ្គនាយករង នាយកដ្ឋាន​ថាមពល នៃ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​១០ ខែកញ្ញា​ម្សិលមិញ​ថាកិច្ចប្រជុំ​ថ្ងៃ​ដំបូង​នេះ (​កិច្ច ប្រជុំ បច្ចេកទេស ឬ​កិច្ចប្រជុំ​ត្រៀម​) គឺជា ​កិច្ចប្រជុំ​រៀបចំ​ឯកសារ ឬ​របៀបវារៈ ដើម្បី​ដាក់ជូន រដ្ឋ មន្ត្រី​អាស៊ាន ដែល​ត្រូវធ្វើ​ការ​ពិភាក្សាគ្នា នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១២​នេះ​។

លោក​បន្តថា កិច្ច ប្រជុំ​នេះ​គឺ​ផ្តោត​សំខាន់​លើ​ការ​តភ្ជាប់​អាស៊ាន​បៃតង ពោលគឺ​ចង់​ផ្សារភ្ជាប់​ថាមពល ដែល គ្មាន ផ្សែង​ទៅលើ​បរិយាកាស បើទោះបី​ដឹងថា ការងារ​នេះ​នឹងមិន​អាចធ្វើ​ទៅបាន​ក៏ដោយ ក៏​នៅតែ ខិត ខំប្រឹងប្រែង​ជម្នះ​។ លោក បញ្ជាក់ថា បើកាលណា​គេ​និយាយ​ពី​ថាមពលបៃតង គឺ​គេ​និយាយ ថាមពល​កកើត​ឡើងវិញ ដូចជា​ថាមពល​ពន្លឺព្រះអាទិត្យ ថាមពលខ្យល់ វា​រី​អគ្គិសនី ជាដើម​។

ប្រភព​បញ្ជាក់ទៀតថា កិច្ចប្រជុំ​នេះ​ក៏​នឹងធ្វើ​ការពិភាក្សា​លើ​ការតភ្ជាប់ ឬ​ការ​បញ្ជូន​បណ្តាញ​ខ្សែ ថាមពល​ទៅកាន់​ប្រទេស​ជា​សមាជិក​ទាំង​១០​ប្រទេស ខណៈ​ប្រទេស​ទាំងអស់​បាន​នឹង​កំពុង ធ្វើ បទប្បញ្ញត្តិ​ស្តង់ដារ និង​ច្បាប់ ដើម្បី​ធ្វើ​ការតភ្ជាប់​ថាមពល​បាន​។ ដូច្នេះ​ការតភ្ជាប់​បណ្តាញ​ខ្សែថាមពល​ទៅកាន់​តំបន់​នេះ វា​នឹងត្រូវ​ចំណាយ​នូវ​ធនធាន​ច្រើន​បំផុត ពោលគឺ​ធនធាន​ថវិកា តែ ម្តង​។​លោក វិចទ័រ ហ្សូ​ណា​បន្តថា ការតភ្ជាប់​បណ្តាញ​ខ្សែ​ថាមពល​នេះ គឺ​ដើម្បី​ងាយស្រួល​ធ្វើ​គ្រប់ គ្រង​នូវ ការប្រើប្រាស់​ថាមពល​។​

 
​យ៉ាងណាក៏ដោយ ​បញ្ហា​សាងសង់​ទំនប់​ថាមពល​វា​រី​អគ្គិសនី​នៅ​សា​យ៉ា​បូរី​មិន​ត្រូវបាន​គេ​លើកយក​ធ្វើការ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​នេះ​ទេ​។​

 
​តាម ​កម្មវិធី​គ្រោងទុក នៅ​ថ្ងៃទី​១១ ខែកញ្ញា​នេះ គឺមាន​កិច្ចប្រជុំរដ្ឋម​ន្ត្រី​អាស៊ាន​ថាមពល​បូក បី និង​អាស៊ី​បូព៌ា ដែល​ធ្វើ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។
ថ្ងៃទី​១២ ខែកញ្ញា គឺជា​កិច្ចប្រជុំ​នៃ​វេទិកា ធុរកិច្ច​ថាមពល​អាស៊ាន​(​ការតភ្ជាប់​អាស៊ាន​បៃតង​) ដែល​នឹង​ធ្វើឡើង​នៅ​វិមាន​សន្តិភាព ក្រោម​ការបើក ​ដោយ​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ថ្ងៃទី​១៣ ខែកញ្ញា គឺជា​កិច្ចសន្ទនា​រវាង​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ទាំង​១០ ជាមួយ និង​សហគ្រិនភាព និង​មន្ត្រី​ប្រតិបត្តិ​(CEO) នៅ ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។ និង​ថ្ងៃទី​១៤ គឺជា​កិច្ច សន្ទនា​រវាង​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ជាមួយនិង​មន្ត្រី​ពាណិជ្ជកម្ម​អាស៊ាន សហរដ្ឋអាមេរិក​( AMEM dialogue with the US-ASEAN Business Council)

អា​ក្រពើ​ដឹកឈើ​គ្រញូង​ឃ្លាន​ស៊ី​បង្អែម​ ម្ចាស់​រត់​ព្រលឹង​ចុង​សក់ ​

កំពង់ធំ ​៖​ គ្រោះថ្នាក់​ចរាចរ​ មួយ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ផ្សារ​ស្រយូវ ដោយសារតែ​មាន​រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង​បាន​ជ្រុល​ស​ចង្កូត​មក​បុក​រះ​ តូប​បង្អែម​ និង​តូប​លក់​ផ្លែឈើ ​ម្ចាស់​តូប ​រត់​ព្រលឹង​ចុង​សក់​ សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់​ដល់​ជីវិត។
​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​វេលា​ម៉ោង ១​នាទី នៅ​ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១២ ​នៅ​ចំនុច​ភូមិ ​ប៉ុក​យ៉ុ​ក​ សង្កាត់​ស្រយូវ​ ក្រុង​ស្ទឹងសែន​ ខេត្តកំពង់ធំ ​ មាន​រថយន្ត​មួយគ្រឿង ប្រភេទ រថយន្ត​សេរី​ខ្ពស់ គេ​និយម​ហៅថា អា​ក្រពើ ពណ៌ ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2I-1200 បាន​បើក​បុក​រះ​នៅ ចំនុច​មុខ​ផ្សារ​ស្រយូវ បណ្តាល​ឲ្យ​តុ​លក់​បង្អែម និង​លក់​ផ្លែឈើ​មុខ​ផ្សារ ត្រូវបាន​ក្រពប់​ដូច​គេ​ជះ​ចោល​ទាំង ស្រុង ហើយ​រថយន្ត​បាន​រអិល​ទាំង​ទទឹង​ទៅ​ទើរ​ក្នុង​រោង​របស់​ផ្សារ សំណាងល្អ​ករណីនេះ មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ តែ​ទោះយ៉ាងណា​ ក៏បាន​ធ្វើ​ឲ្យ​អ្នកលក់​បង្អែម និង​លក់​ផ្លែឈើ របួសធ្ងន់​ម្នាក់ ស្រាល ម្នាក់ ក្នុង​នោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ឃុ​ត លី​មៃ ភេទ ស្រី អាយុ ១៦​ឆ្នាំ ទទួលរង​របួសស្រាល រស់នៅ​ភូមិ ភូមិ​ត្រពាំងវែង សង្កាត់ ស្រយូវ ខេត្តកំពង់ធំ និង​ម្នាក់ ឈ្មោះ​ធិ​ន គឹម​ធី ភេទ ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ កើតហេតុ របួសធ្ងន់ បែកក្បាល និង​បាក់ដៃ។
​ ​ក្រោយពី​កើតហេតុ​ ត្រូវ​បាន​លោក អនុសេនីយ៍ឯក គុំ គឹម​អុន កំលាំង​នៃ​អធិការដ្ឋាន​នគរបាល ក្រុង​ស្ទឹងសែន សហការ​ជាមួយ​កំលាំង​ផ្នែក កំលាំង​សង្កាត់​កំពង់ស្វាយ កំលាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ បាន​ចុះ​ទៅពិនិត្យ​នៅក្នុង​រថយន្ត ប្រទះឃើញ​មាន​ឈើ​គ្រញូង ជាច្រើន​កំណាត់ ដែលមានមុខ​២៥​ទៅ ៣០ ជាច្រើន​សន្លឹក​បាន​ផ្ទុក​នៅក្នុង​រថយន្ត ចំណែក​តៃកុង​រថយន្ត​ក្រោយពី​កើតហេតុ​បាន ​ចេញពី​រថយន្ត​ហើយ ដាក់​មេ​ប្រូច​បាត់ស្រមោល ។​
​ ​លោក អនុសេនីយ៍ឯក គុំ គឹម​អុន កំលាំង​នៃ​អធិការដ្ឋាន​នគរបាល ក្រុង​ស្ទឹងសែន​ បាន​ឲ្យ​ដឹងថា រថយន្ត​ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​អធិការ​ ចំណែក​​ឈើ​ដែលមាន​ចំនួន ជិត​២០​ដុំ ត្រូវបាន​ប្រគល់​ឲ្យ​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ខេត្តកំពង់ធំ រក្សាទុក៕

ប៊ុនរដ្ឋា​

បើក​សន្និបាត​បូកសរុប​ការងារ ទេសចរណ៍​ឆ្នាំ​២០១១​និង​ឆមាស​ទី​១​ឆ្នាំ​២០១២​និង​ទិសដៅ​អនុវត្ត​បន្ត ឆមាស​ទី​២​ឆ្នាំ​២០១២​និង​ឆ្នាំ​២០១៣

សៀមរាប ​៖ ​តំបន់​ទេសចរណ៍ វប្បធម៌​-​ប្រវត្តិសាស្ត្រ​ សៀមរាប​-​អង្គរ ​នៃ​ដែនដី ​សុវណ្ណ​ភូមិ​ ដែល​សម្បូរ​ទៅ​ដោយ​ ប្រាង្គ​ប្រាសាទ​រាប់​រយ​ពាន់ ​ជា​កេរ្តិ៍មរតក​ ដ៏​មហាសាល​ និង​មានតម្លៃ ​ជាស​កល ដែល​ស្ថាបត្យកម្ម ដូនតា​ខ្មែរ ​និង​ជា​សក្ខីភាព​ នៃ​មោទនភាព ​ចំពោះ​កុលបុត្រ ​កុលធីតា​ខ្មែរ​ គ្រប់​ជំនាន់​ និង​ជា​តំបន់​ទេសចរណ៍​ ប្រកបដោយ​ភាព ​ទាក់ទាញ​បំផុត​នៅ​កម្ពុជា​ក៏ដូចជា​ក្នុង​ពិភពលោក​ទាំងមូល​ទើប​ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​ទេសចរ​មានការ​កើនឡើង​ជា​រៀង​រាល់ឆ្នាំ​ទោះបី​បច្ចុប្បន្ន​សកលលោក​ទាំង​មួល​ កំពុង​ប្រឈម​ទៅ​នឹង​ភាព​មិន​ច្បាស់លាស់​ នៃ​ការវិវត្តន៍​ថ្មីៗ ​ឥត​ឈប់ឈរ ​ទាំង​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច​ សង្គម​ និង​បរិស្ថាន។
 វិស័យ​ទេសចរណ៍​ដែលជា​វិស័យ​មួយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ជា​អន្តរ​វិស័យ ដែលមាន​ទម្រង់ ប្រទាក់ក្រឡា​គ្នា ទាំង​នៅ​កម្រិត​សកល តំបន់ និង​កម្រិត​ជាតិ ហើយ​ត្រូវបាន​ចាត់ទុកជា​សមាស​ធាតុ មួយ​ដ៏​សំខាន់​ក្នុង​កិច្ច អភិវឌ្ឍន៍ សេដ្ឋកិច្ច​សង្គម និង​ការពង្រឹង​ទំនាក់ទំនង រវាង​គ្នា និង​គ្នា ពិសេស​ជំរុញ វប្បធម៌ ប្រពៃណី និង​សន្តិភាព​។​
 ពិធី​នេះ​ស្ថិត​ក្រោយ​អធិបតីភាព​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ច័ន្ទ សុផល ប្រធាន​ក្រុម ប្រឹក្សា​ខេត្ត លោក​អភិបាលខេត្ត ស៊ូ ភិ​រិ​ន្ធ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​តំណាង ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ អ្នក​ប្រកប​សេវា​ខាង​វិស័យ​ទេសចរណ៍ ប្រមាណ​ជាង ៣០០​នាក់ គឺ​ប្រជុំ​នៅ សណ្ឋាគារ អង្គរ សេន​ជូ​រី ខេត្តសៀមរាប​។ ហើយ​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា វិស័យ​ទេសចរណ៍ កម្ពុជា គឺជា "​ទេសចរណ៍​បៃតង​" (មាស​បៃតង​) ជា​វិស័យ​អាទិភាព​មួយ ត្រូវ បានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ ចតុកោណ របស់​រាជរដ្ឋាភិបាល​។ ចំណូល​នៃ​វិស័យ​ទេសចរណ៍​ត្រូវ បាន​ចា​ត់ប​ញ្ចូល​ភ្លាមៗ ទៅក្នុង​ចរន្ត​សេដ្ឋ កិច្ច​ជាតិ រួមចំណែក​បង្កើត​ការងារ លើកកម្ពស់​ជីវភាព​រស់​នៅ ជំរុញ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ធ្វើ​ឲ្យ​មាន​លំនឹង​ផ្នែក​ជញ្ជីងពាណិជ្ជកម្ម និង​កាត់បន្ថយ​ភាព​ក្រីក្រ​។​
 ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្ត​ភាព និង​ការទទួលខុសត្រូវ នឹង​រួមចំណែក​យ៉ាងសកម្ម​ដល់​កិច្ច​អភិវឌ្ឍ ថែរក្សា ការពារ និង​អភិរក្ស​សម្បត្តិ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធនធានធម្មជាតិ របស់​ប្រទេសជាតិ។​
 លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តសៀមរាប បាន​រាយការណ៍​ថា ជាក់ស្តែង​ក្នុង​ឆមាស​ទី​១ ដើមឆ្នាំ ២០១២​នេះ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ចូលមក​ទស្សនា ក្នុង​ខេត្តសៀមរាប មាន​ជាង ២​លាន ១​សែន​នាក់ គឺ​កើន ៣១,១៣% បើ​ប្រៀប​ធៀប នឹង​រយ​:​ពេល​ដូចគ្នា​ឆ្នាំ​២០១១ មក​ទស្សនា ប្រាង្គ​ប្រាសាទ វប្បធម៌ ប្រពៃណី​ សិល្ប​: របាំ សិលាចារឹក​ តំបន់​រមណីយដ្ឋាន និង​សម្បត្តិ​ដ៏​មានតម្លៃ​ជា ប្រវត្តិសាស្ត្រ ជាច្រើន​ទៀត ស្រប​នឹង​សុខ​សន្តិភាព នាពេល​បច្ចុប្បន្ន នៅ​កម្ពុជា​។ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ១.០៥៨.៦៥៧​នាក់ កើន ៣៤,៩៤% ធៀប​ទៅ​ឆ្នាំ​២០១១ ក្នុង​រយ​:​ពេល​ដូចគ្នា មាន​ចំនួន ៧៨៤.៥០៩​នាក់​។ លោក​បាន​បន្ត​ថា ​ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ ជាប់​លំដាប់​លេខ​១ គឺ​ជនជាតិ​កូរ៉េ មាន​ចំនួន ១៩៤.១៤៤​នាក់ កើន ១៨,៣៣% វៀតណាម លំដាប់​លេខ​២ មាន​ចំនួន ១២៧.៨៩៤​នាក់ កើន ១២,០៨% ចិន​លំដាប់​លេខ​៣ មាន​ចំនួន ៧៨.៤៣២​នាក់ កើន ៧,៤០% ជប៉ុន​លំដាប់​លេខ​៤ មាន​ចំនួន ៦៤.៦២០​នាក់ កើន ៦,១០%បន្ទាប់មក ថៃ ឡាវ រុស្សី អា​មេ​រិក បារាំង អង់គ្លេស និង​ភ្ញៀវ​មកពី​បណ្តា ប្រទេស​ផ្សេងៗ ជាច្រើន​ទៀត​។​
​ ​ដោយឡែក​នៅ​ខេត្តសៀមរាប​មាន​រមណីយដ្ឋាន​ទេសចរ​ណ៍​១៥​កន្លែង ដែល​អាច​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​បាន​ក្នុងនោះ​មាន​រមណីយដ្ឋាន​៧​កន្លែង កំពុងដំណើរការ​ដោយ​៣​កន្លែង​គ្រប់គ្រង​ដោយ​ឯកជន​(​មេ​ជ្រៃ​.​ចុង​ឃ្នៀ​ស​.​និង​កំពង់​ភ្លុក​) ២​កន្លែង​គ្រប់គ្រង​ដោយ​សហគម​ន៍​មូលដ្ឋាន​(​កំពង់​ឃ្លាំង និង​ត្រាវ​កុដិ​) ១​កន្លែង​កំពុង​រៀបចំ​ធ្វើ​គឺ​រមណីយដ្ឋាន​ទេសចរ​ណ៍​ខ្នារ​ពោធិ​នៅ​ស្រុក​សូទ្រនិគម។ ក្រៅពីនោះ​ទៀត​ខេត្តសៀមរាប​មាន​តំបន់​ប្រាសាទបុរាណ​ចំនួន​៥១២​កន្លែង (​ទាំង​ក្នុង​និង​ក្រៅ​តំបន់​អង្គរ​) ស្ពាន​បុរាណ​ចំនួន​៥៩​កន្លែង ផ្ទះ​បុរាណ​ចំនួន​៥៨​កន្លែង វត្ត​បុរាណ​ចំនួន​១០៣​កន្លែង​(​ក្នុងចំណោម​វត្ត​២២១​កន្លែង​) ដែល​អាច​ឲ្យ​ភ្ញៀវទេសចរ​ណ៍​ទៅ​ទស្សនា​បាន។ បច្ចុប្បន្ននេះ​នៅក្នុង​ខេត្តសៀមរាប​មាន​សណ្ឋាគារ​សរុប​ចំនួន​១៥២​កន្លែង​ស្មើ​និង​១០៨៥៤​បន្ទប់ អាផាត​មេន​សរុប​មាន​ចំនួន​៨​កន្លែង​ស្មើនិង​១៩៧​យូ​នី​ត សំរាប់​ទទួលភ្ញៀវ​ទេសច​រ​ណ៍​មក​ស្នាក់នៅ​។
​ ​នៅ​ចុងបញ្ចប់​កម្ម​វិធា​នេះដែរ​មាន​ចែកជូន​ប័ណ្ណសរសើរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ចូលរួម​អនុវត្ត​​ ក៏ដូចជា​បាន​ចូលរួម​ផ្សព្វផ្សាយ ទីក្រុង​ស្អាត សេវាកម្ម​ល្អ​ផងដែរ៕
 វាសនា​

ស្នងការ​រង​ខេត្ដកំពង់ស្ពឺ​ហ៊ាន​តារា​និងបក្ខពួក​ត្រូវ​ស្ដ្រី​ខារ៉ាអូខេ​ប្ដឹង​ពី​បទ​ប្រព្រឹត្ដ​អនា​ចារ​

ដោយ​ ៖ វិចិត្រា 
​ខេត្ដកំពង់ស្ពឺ​ ៖​ លោកស្នងការ​រង​ខេត្ដ​កំពង់ស្ពឺ​ លោក​ហ៊ាន​ តារា​ រួម​ទាំង​មិត្ដភក្ដិ​ ត្រូវ​បាន​ស្ដ្រី​បម្រើ​ការងារ​នៅ​ក្នុង​ហាង​ខា​រ៉ា​អូ​ខេ​រស្មី​អង្គរ​ នៅ​ទីរួមខេត្ដ​កំពង់ស្ពឺ​ម្នាក់​ប្ដឹង​ ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​រំលោភ​សេព​សន្ថវៈ​ និង​សមគំនិត​បន្ទាប់​ពី​លោក​ស្នង​ការ​រង​រូប​នេះ​ រួម​ទាំង​បក្ខពួក​បាន​ចូល​ ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​ ហើយ​ស្រវឹង​ចាប់​ សម្រាត​ខោអាវ​ស្ដ្រី​ដែល​អង្គុយ​កំដរ​ប៉ុនប៉ង​រំលោភ​កណ្ដាលវាល​ តែ​មិន​សម្រេច​។​
​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ហាង​ខារ៉ាអូខេ​ រស្មី​អង្គរ​ បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​កើតហេតុ​ លោក​ ហ៊ាន​ តារា​ ស្នងការ​រង​ខេត្ដកំពង់ស្ពឺ​ ជាមួយនឹង​មិត្ដភក្ដិ​ឈ្មោះ​ សួ​ស​ ថុ​ល​ ភេទ​ ប្រុស​ ជា​ម្ចាស់​ភោជនីយដ្ឋាន​ផ្ទះ​ក្រហម​ និង​ម្នាក់​ទៀត​ឈ្មោះ​ ណុ​ប​ បញ្ញា​ រួម​ទាំង​ បក្ខពួក​បាន​ចូល​មក​ផឹកស៊ី​និង​ច្រៀង​នៅ​ ក្នុង​ហាង​ខារ៉ាអូខេ​រស្មី​អង្គរ​ ដោយ​មាន​ ស្រី​អង្គុយ​កំដរ​ផង​ ។​ លុះ​ផឹកស៊ី​រហូត​ដល់​ ម៉ោង​១១​យប់​ ស្រាប់តែ​មាន​ស្ដ្រី​បម្រើ​ការ​ នៅ​ក្នុង​បន្ទប់​ដែល​លោកស្នងការ​រង​ ហ៊ាន​ តារា​ ផឹកស៊ី​រត់​ចេញ​មក​ក្រៅ​ ក្នុង​ស្ថានភាព​ សម្លៀក​បំពាក់​រហែក​ញ៉េ​រ​ញ៉ៃ​ និង​ស្រែក​ឱ្យ​ អ្នកធ្វើការ​ជាមួយ​ជួយ​ ។​
​ស្ដ្រី​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​មាន​ ឈ្មោះ​ បឿ​ ចាន់​ អាយុ​២៩​ឆ្នាំ​ បាន​រៀបរាប់​ ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង​ ប្រមាណ​១០​យប់​ ខ្លួន​បាន​ទៅ​អង្គុយ​កំដរ​ក្នុង​ បន្ទប់​ខារ៉ាអូខេ​ដែល​មានឈ្មោះ​ ហ៊ាន​ តារា​ ស្នងការ​រង​ខេត្ដកំពង់ស្ពឺ​,​ ឈ្មោះ​ ណុ​ប​ បញ្ញា​ និង​ឈ្មោះ​ សួ​ស​ ថុ​ល​ ដែល​ចូល​ច្រៀង​ក្នុង​ ហាង​ខារ៉ាអូខេ​រស្មី​អង្គរ​ ។​ លុះ​អង្គុយ​កំដរ​បាន​ បន្ដិច​ ឈ្មោះ​ ហ៊ាន​ តារា​ ដែល​ជា​ស្នងការ​រង​ ខេត្ដកំពង់ស្ពឺ​បាន​ឈោង​មក​ហែក​អាវ​របស់​ ខ្លួន​ ដោយ​មានឈ្មោះ​ សួ​ស​ ថុ​ល​ ចូលរួម​ ។​ បន្ទាប់​មក​ ខ្លួន​បាន​ព្យាយាម​រត់​ចេញពី​បន្ទប់​ ប៉ុន្ដែ​ត្រូវ​ឈ្មោះ​ សួ​ស​ ថុ​ល​ ចាប់​ជាប់​ យក​ ទៅ​ថើប​ញក់ញី​ ប៉ុន្ដែ​ពេល​នោះ​មាន​អ្នក​ ចាក់​ឌី​ស​(CD)​ម្នាក់​ចូល​មក​ទាន់​ក៏​រត់​ចុះ​ ទៅ​ហៅ​មេការ​ឱ្យមក​ជួយ​ ។​
​ស្ដ្រី​រង​គ្រោះ​បន្ដ​ថា​ ពេល​នោះ​មេការ​ របស់​ខ្លួន​ឈ្មោះ​ សេង​ បាន​ឡើង​មក​ជួយ​អូស​ ដៃ​រត់​ចុះ​ទៅ​ក្រោម​ ប៉ុន្ដែ​បន្ដិច​ក្រោយមក​ បានឱ្យ​គេ​មក​ហៅ​ខ្លួន​ឡើង​ទៅ​ម្ដងទៀត​ ដោយ​មាន​ម្ចាស់​ហាង​ទៅ​អង្គុយ​ជាមួយ​ ។​ នៅ​ ពេល​ទៅ​លើក​ក្រោយ​នេះ​ ឈ្មោះ​សួ​ស​ ថុ​ល​ បាន​និយាយ​អាសអាភាស​ឌឺដង​ពាក្យ​សំដី​ ដាក់ខ្លួន​។​ បន្ដិច​ក្រោយមក​ ស្រាប់តែ​ចាប់​ ហែក​អាវ​ម្ដងទៀត​ និង​ធ្វើ​សកម្មភាព​បែប​ អនាចារ​ជា​ច្រើន​ទៀត​ ពេល​នោះ​ខ្លួន​បាន​ រើបម្រះ​រត់​ចេញ​មក​ក្រៅ​ ដោយ​មាន​ម្ចាស់​ ហាង​ជា​អ្នក​ជួយ​អន្ដរាគមន៍​ ។​
​លោក​ ហ៊ាន​ តារា​ ស្នងការ​រង​នគរបាល​ ខេត្ដកំពង់ស្ពឺ​ ទទួលស្គាល់​ថា​ ពិតជា​មាន​ រឿង​បែប​នេះ​កើតឡើង​មែន​ តែ​លោក​មិន​ មែន​ជា​អ្នក​ប្រព្រឹត្ដ​នោះ​ទេ​ ខណៈ​អ្នក​ដែល​ ប្រព្រឹត្ដ​ គឺ​ឈ្មោះ​ សួ​ស​ ថុ​ល​ ។​​លោក​ សួ​ស​ ថុ​ល​ បាន​សារភាព​ទទួល​ ស្គាល់​ដែរ​ថា​ ខ្លួន​ពិតជា​បាន​ប្រព្រឹត្ដ​ ប៉ុន្ដែ​ មិនមែន​ធ្ងន់ធ្ងរ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​។​
​ទោះបី​ទាំង​លោកស្នងការ​រង​ ហ៊ាន​ តារា​ និង​លោក​ សួ​ស​ ថុ​ល​ ម្ចាស់​ភោជនីយដ្ឋាន​ ផ្ទះ​ក្រហម​ បាន​អះអាង​ថា​មិន​បាន​ប្រព្រឹត្ដ​ ដូច​ការ​ចោទប្រកាន់​ ប៉ុន្ដែ​នៅ​ក្នុង​ហេតុ​ ការណ៍​នេះ​ ស្ដ្រី​រង​គ្រោះ​មាន​សាក្សី​ជា​ច្រើន​ ដែល​ជា​អ្នកបម្រើ​ការងារ​ជាមួយ​ខ្លួន​ ពិសេស​ រួម​ទាំង​ម្ចាស់​ហាង​ខារ៉ាអូខេ​រស្មី​អង្គរ​ថែម​ ទៀត​ផង​ ៕

ក្រុមការងារ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​ប្រជុំ​ពិភាក្សា​អំពី​បេក្ខភាព​ប្រទេស​ទី​ម័​រ​ខាងកើត​ក្នុង​សមាជិក​អាស៊ាន​

ដោយ​ ៖ សាគុណ
​ភ្នំពេញ​ ៖ ​លោកស្រី​ សឿ​ន​ រដ្ឋ​ចា​វី​ រដ្ឋលេខាធិការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរ​ ជាតិ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ក្រោយ​សម្រាក​នៃ​កិច្ចប្រជុំ​លើក​ទី​២​របស់​ក្រុមការងារ​ ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​ ដែល​បាន​ប្រព្រឹត្ត​កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១២​ នៅ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់​ ដោយ​មានការ​ចូលរួម​ពី​គណៈប្រតិភូ​ជាន់ខ្ពស់​នាំ​ ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​នោះ​ថា​ ក្រុមការងារ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​ បាន​ចាប់ផ្តើម​ពិភាក្សា​ស៊ីជម្រៅ​លើ​សំណើ​របស់​ប្រទេស​ទី​ម័​រ​ខាងកើត​ក្នុង​ការ​ចូល​ជា​សមាជិក​ អាស៊ាន​ ថា​តើ​មាន​បញ្ហា​អ្វីខ្លះ​សម្រាប់​ការ​កសាង​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥​នោះ​ ។​
​លោកស្រី​រដ្ឋលេខាធិការ​បាន​ថ្លែង​ថា​ ដើម្បី​សិក្សា​អំពី​ការ​ចូល​ជា​សមាជិក​អាស៊ាន​របស់​ ប្រទេស​ទី​ម័​រ​ខាងកើត​ឲ្យ​បាន​ស៊ីជម្រៅ​នោះ​ គឺ​លេខាធិការ​អាស៊ាន​បាន​ផ្តល់​ឯកសារ​ចំនួន​២​ គឺ​ ឯកសារ​ទី​១​ ស្តី​ពី​សមាជិកភាព​របស់​អាស៊ាន​ សិទ្ធិ​ភារកិច្ច​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ និង​ប្រទេស​ជា​ប្រធាន​អាស៊ាន​ ។​ ឯកសារ​នេះ​ត្រូវ​បាន​កែសម្រួល​ហើយ​ធ្លាប់​បាន​ដាក់​ជូន​កិច្ច​ ប្រជុំ​ម្តង​រួច​មក​ហើយ​ ក្នុង​កិច្ចប្រជុំ​លើក​ទី​១​នៅ​ទីក្រុង​ហ្សា​កា​តា​ ។​ ឥឡូវ​ឯកសារ​នេះ​ត្រូវ​បាន​ លេខាធិការដ្ឋាន​អាស៊ាន​ធ្វើការ​កែសម្រួល​បន្ថែម​នូវ​ព័ត៌មាន​ផ្សេងៗ​ទៀត​ដែល​ចាំបាច់​សំខាន់ៗ​ សម្រាប់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ ធ្វើការ​ពិចារណា​ទៅ​លើ​លទ្ធភាព​ សមត្ថភាព​ របស់​ប្រទេស​ទី​ម័​រ​ខាងកើត​ថា​តើ​ប្រទេស​នេះ​អាច​បំពេញ​កាតព្វកិច្ច​ជា​សមាជិក​អាស៊ាន​ដែរ​ឬ​ អត់​ ។​ យើង​បានដឹង​ហើយ​ថា​ប្រទេស​ជា​សមាជិក​អាស៊ាន​ភាគច្រើន​ក៏​បាន​ប្រកាស​គាំទ្រ​ជា​ នយោបាយ​ចំពោះ​សំណើសុំ​របស់​ប្រទេស​ទី​ម័​រ​ខាងកើត​ក្នុង​ការ​ចូល​ជា​សមាជិក​អាស៊ាន​ក៏​ដោយ​ ក៏​ប៉ុន្តែ​ដោយ​យោង​ទៅ​លើ​ទិដ្ឋភាព​ផ្សេងៗ​ជា​ច្រើន​ដែល​យើង​ត្រូវ​ពិចារណា​ថា​តើ​ការ​អនុ​ញ្ញាត​ឲ្យ​ទី​ម័​រ​ខាងកើត​ចូល​ជា​សមាជិក​អាស៊ាន​ តើ​មាន​ផលវិបាក​អ្វី​ដល់​អាស៊ាន​ ឬ​ខ្លួនឯង​យ៉ាងណា​ ។​
​លោកស្រី​រដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា​ ឥឡូវនេះ​យើង​ដឹង​ហើយ​ថា​អាស៊ាន​ កំពុង​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​កសាង​សហគមន៍​អាស៊ាន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​នេះ​ ដូច្នេះ​អាស៊ាន​បច្ចុប្បន្ន​ខុស​ពី​អាស៊ាន​១៥​ឆ្នាំ​មុន​ នៅ​ពេល​ដែល​កម្ពុជា​ មី​យ៉ា​ន់​ម៉ា​ វៀតណាម​ ឡាវ​ ចូល​ជា​សមាជិក​អាស៊ាន​ ។​ អាស៊ាន​បច្ចុប្បន្ន​មាន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជា​ច្រើន​ ពិសេស​កិច្ច​សហប្រតិបត្តិការ​រវាង​តំបន់​អាស៊ាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ ។​ ប្រទេស​ជា​សមាជិក​ អាស៊ាន​មួយ​ចំនួន​មានការ​ព្រួយបារម្ភ​អំពី​កង្វះខាត​ផ្នែក​ធនធានមនុស្ស​របស់​ប្រទេស​ទី​ម័​រ​ខាង​ កើត​ ហើយ​បើ​ទោះជា​ប្រទេស​ទី​ម័​រ​ខាងកើត​មាន​ចំណូល​ច្រើន​ដែល​បាន​មក​ពី​ប្រេង​ ក៏​ប៉ុន្តែ​បើ​ យើង​សិក្សា​ទៅ​លើ​ចំនួន​បរិមាណ​ធនធានមនុស្ស​របស់​គាត់​ គឺ​មានការ​ខ្វះខាត​ច្រើន​ ដែល​នេះ​ ជា​ផលវិបាក​មួយ​ដែល​អាស៊ាន​ត្រូវ​ធ្វើការ​ពិចារណា​ឲ្យ​បាន​ដិត​ដល់​ព្រោះ​សេចក្តីសម្រេច​របស់​ អាស៊ាន​ឈរ​នៅ​លើ​កុងសង់ស៊ីស​ ។​ ចំពោះ​ឯកសារ​ទី​២​របស់​អគ្គលេខាធិការដ្ឋាន​អាស៊ាន​ ដែល​ត្រូវ​បាន​ពិភាក្សា​ដែរ​នោះ​គឺ​រំលេច​អំពី​ទិដ្ឋភាព​ដែល​ពាក់ព័ន្ធ​ទាំងអស់​ដែល​ប្រទេស​ជាស​ មា​ជិ​ក​អាស៊ាន​ទាំងអស់​ត្រូវ​បំពេញ​ ក្រៅពី​នេះ​ក៏​បាន​ពិភាក្សា​ផង​ដែរ​ទៅ​លើ​របាយការណ៍​ បឋម​ដែល​សិក្សា​ជា​ឯករាជ្យ​មួយ​ទៅ​លើ​ថា​តើ​អាច​មាន​ផល​ប៉ះពាល់​អ្វីខ្លះ​ នៅ​ពេល​ដែល​ទី​ម័​រ​ ខាងកើត​ចូល​ជា​សមាជិក​អាស៊ាន​ទៅ​លើ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ទាំងអស់​របស់​អាស៊ាន​ ៕​

កម្លាំង​ចម្រុះ​ជលផល​បន្ត​បង្ក្រា​ប​ឧបករណ៍​នេសាទ​នៅតាម​ព្រៃ​​លិច​ទឹក​ក្នុងស្រុក​ពញាឮ​

ដោយ​ ៖ ស្ឥាងជ័យ
​ខេត្តកណ្តាល​ ៖​ ព្រឹក​ថ្ងៃ​ទី​១០-១១​ ខែកញ្ញា​ ឆ្នាំ​២០១២​ កម្លាំង​ខណ្ឌ​រដ្ឋបាល​ជលផល​កណ្តាល​ អធិការដ្ឋាន​ជលផល​ចតុមុខ​ អាជ្ញាធរ​និង​កងកម្លាំង​នគរបាល​ដឹកនាំ​ដោយ​លោក​ តុង​ សូវ​មី​ អភិបាលស្រុក​ពញាឮ​ និង​លោក​ឃ្លាំង​ វណ្ណ​ធុ​ល​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កណ្តាល​ បាន​ចុះ​ធ្ប​ង្ក្រា​ប​បទល្មើស​នេសាទ​ជាក់ស្តែង​នៅ​តាម​បឹងបួ​ក្នុង​ឃុំ​ចំនួន​៤​ នៃ​ស្រុក​ពញាឮ​ ខេត្តកណ្តាល​។​ ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នោះ​ដែរ​កម្លាំង​ចម្រុះ​បា​នប​ង្រា​ប​បាន​សៃ​យឺន​ចំនួន​៧០​មាត់​លូ​ របាំង​ស្បៃ​មុង​ចំនួន​២​ពាន់​ម៉ែត្រ​ បង្គោល​ចំនួន​៦០០​ដើម​ ។​ជាមួយ​គ្នា​នោះ​ដែរ​​ កម្លាំង​ចម្រុះ​បាន​ធ្ចា​ក់លែង​កូន​ត្រី​ចំនួន​៦០០​គីឡូក្រាម​ ស្មើនឹង​មួយ​លាន​កូន​ត្រី​ ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​ ។​
លោក​ ឃ្លាំង​ វណ្ណ​ធុ​ល​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កណ្តាល​បាន​ឲ្យ​ដឹង​ថា​ ដោយ​អនុវត្ត​តាម​ការចង្ឥុលបង្ហាញពីលោក ណៅ ធួក ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​រដ្ឋបាល​ជលផល​នៅ​ព្រឹក​ ថ្ងៃ​ទី​១០-១១​ ខែកញ្ញា​ ឆ្នាំ​២០១២​ លោក​និង​លោក​អភិបាលស្រុក​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ សរុប​២០​នាក់​ ប្រើប្រាស់​ម​យោ​បាយ​ការ​ណូ​ត​ចំនួន​២​គ្រឿង​ ចុះ​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​ជាក់ស្តែង​នៅ​តាម​បឹងបួ​ ព្រៃ​លិច​ទឹក​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ចំនួន​៤​ឃុំ​ គឺ​ឃុំ​ភ្នំ​បាត​ ឃុំ​ពញាឮ​ ឃុំ​កំពង់​អុស​ និង​ឃុំ​កោះ​ចិន​ ក្នុងស្រុក​ពញាឮ​ ។​ ជា​លទ្ធផល​កម្លាំង​ចម្រុះ​បាន​ដកហូត​ឧបករណ៍​នេសាទ​ល្មើសច្បាប់​មួយ​ចំនួន​រួម​មាន​សៃ​យឺន​ចំនួន​៧០​មាត់​លូ​ របាំង​ស្បៃ​មុង​ចំនួន​២​ពាន់​ម៉ែត្រ​ បង្គោល​ចំនួន​៦០០​ដើម​ និង​ធ្វើការ​រំដោះ​បានកូន​ត្រី​ចំនួន​៦០០​គីឡូក្រាម​ ស្មើនឹង​ប្រមាណ​មួយ​លាន​កូន​ត្រី​ផង​ដែរ​ ។
លោកនាយ​ខណ្ឌ​បាន​បន្ត​ថា​ បន្ទាប់​ពី​ធ្ប​ង្ក្រា​ប​បទល្មើស​នេសាទ​ ហើយ​បាន​រំដោះ​កូន​ត្រី​ជា​ច្រើន​ក្បាល​ រួច​មក​កម្លាំង​ចម្រុះ​បាន​ធ្វើការ​ប្រលែង​កូន​ត្រី​ទាំងនោះ​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​។​ រីឯ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ទាំងអស់​ត្រូវ​នាំ​ទៅ​រក្សា​ទុក​ ដើម្បី​ធ្ដុ​ត​បំផ្លាញ​ចោល​ នៅ​ពេល​ក្រោយ​៕ 

សមត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​

ដោយ​ ៖ វណ្ណា
​ប៉ោយ​ប៉ែ​ត​ ៖​ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១២​ សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​ឃាត់ខ្លួន​ជន​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​ នៅ​ចំណុច​ផ្សារ​រ៉ា​ចាស់​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​ ។​
​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ជន​ជួញដូរ​ថ្នាំ​ញៀន​មានឈ្មោះ​ ឆេ​ង​ ផល្លា​ ហៅ យ៉ា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ រស់នៅ​បន្ទប់​ជួល​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ។​ ក្នុង​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ឆែកឆេរ​ ឃើញ​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ពណ៌​ផ្កាឈូក​ចំនួន​១៨​គ្រាប់​ ។​ ក្រោយ​ឃាត់ខ្លួន​យក​មក​សាកសួរ​ សមត្ថកិច្ច​បាន​ឈាន​ ទៅ​ឆែកឆេរ​បន្ទប់​ស្នាក់​នៅ​របស់​គេ​ឋិត​នៅ​ខាងត្បូង​ផ្សារ​រ៉ា​ថ្មី​ ចម្ងាយ​២០​ម៉ែត្រ​ ក្នុង​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ។​ ព័ត៌មាន​លំអិត​សូម​រង់ចាំ​អាន​កាសែត​ នគរវត្ដ​ ៕

បញ្ជ្រាប​យេ​ន​ឌ័​រ​ស្ដ្រី​ក្នុង​ផែនការ​ស្ថិតិ​នៅ​ថ្នាក់​សង្កាត់​ខណ្ឌ​១៧២​រូប​

ដោយ​ ៖ សំរិត
​ភ្នំពេញ​​ ៖​ នារី​ជា​ក្រុមប្រឹក្សា​សង្កាត់​ ក្រុមប្រឹក្សា​ខណ្ឌ​ប្រមាណ​១៧២​រូប​មក​ពី​៩៦​សង្កាត់​ និង​៩​ខណ្ឌ ​ក្នុង​រាជធានី​ភ្នំពេញ​បាន​មក​ទទួល​វគ្គ​បណ្ដុះបណ្ដាល​ ស្ដី​ពី​បញ្ហា​យេ​ន​ឌ័​រ​ យុទ្ធសាស្ដ្រ​ប​ញ្ជ្រ​ប​យេ​ន​ឌ័​រ​ ក្នុង​ផែនការ​ស្ថិតិ​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ដ្រី​និង​កុមារ​នៅ​សាលារ​ជ​ធានី​នា​ព្រឹក​ថ្ងៃ​ទី​១១​ កញ្ញា​ ឆ្នាំ​២០១២​ ។​
​លោកស្រី​ ទូច​ សា​រ៉ុ​ម​ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​  បើ​និយាយ​ពី​ការ​បញ្ជ្រាប​ យេ​ន​ឌ័​រ​គឺ​យើង​បាន​ចាប់​អនុវត្ដ​តាំងពី​ឆ្នាំ​២០០៣​មក​ម្លះ​ សម្រាប់​រាជធានី​ភ្នំពេញ​ដែល​កាលនោះ​មានឈ្មោះ​ថា​ (​កម្មវិធី​សិលា​)​ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​(UNDP)​, (ADB)​ និង​ក្រោយមក​ទៀត​មានការ​ប្ដូរ​ឈ្មោះ​ជា​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​រយៈពេល​១០​ឆ្នាំ​ (២០១០​-២០១៩)​ ។​ ដូច្នេះ​យើង​ធ្វើការ​បញ្ជ្រាប​យេ​ន​ឌ័​រ​អស់​រយៈពេល​ជាង​៩​ឆ្នាំ​មក​ហើយ​ ។​ លោកស្រី​ ទូច​ សា​រ៉ុ​ម​ នៅ​តែ​មានការ​ព្រួយ​បារ​ម្ម​ណ៍​ពី​បញ្ហា​យេ​ន​ឌ័​រថា​ ការ​ផ្លាស់​ប្ដូរ​ទម្លាប់​ និង​ឥរិយា​បទ​ថ​របស់​មនុស្ស​ត្រូវការ​ពេល​ វេលា​យូរ​ វា​ទាមទារ​ឱ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា​ឬ​អាច​និយាយ​បាន​ថា​ ការ​ប្រើ​កម្លាំង​សរុប​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ​នៅ​មូលដ្ឋាន​ ដើម្បី​ឱ្យ​គេ​យល់​ទើប​គេ​ចូលរួម​ ។​
​លោកស្រី​ គឹ​ម​ ស៊ី​ផា​ន់​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សមភាព​យេ​ន​ឌ័​រ ​ក្រសួង​កិច្ចការ​នារី​ បាន​បញ្ជាក់​ថា​ គោលបំណង​កម្មវិធី​បញ្ជ្រាប​យេ​ន​ឌ័​រ​ស្ដ្រី​ទៅ​ក្នុង​ផែនការ​ស្ថិតិ​ គឺ​ចង់​បង្កើន​ និង​លើកកម្ពស់​ស្ដ្រី​ឱ្យ​យល់​ដឹង​ពី​បញ្ហា​យេ​ន​ឌ័​រ​រួមការ​ងារ​អភិវឌ្ឍន៍​សង្គម​ជាតិ​ និង​ការងារ​នយោបាយ​ ការទូត​ ។​ យើង​ចង់​លើកកម្ពស់​ស្ដ្រី​ឱ្យ​យល់​ដឹង​ពី​ការ​អនុវត្ដ​សកម្មភាព​ក្នុង​ផែន​ ការ​ជាតិ​នានា​  និង​ពី​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ដ្រី​ និង​កុមារ​នៅ​ថ្នាក់​រាជធានី​ ត្រូវ​ផ្ដល់​បន្ដ​ទៅ​ថ្នាក់​ខណ្ឌ​ សង្កាត់​ឱ្យ​មាន​ការយ់​ដឹង​កាន់តែ​មាន​ប្រសិទ្ធភាព​ ដើម្បី​ឱ្យ​នារី​ ជា​ក្រុមប្រឹក្សា​នៅ​ថ្នាក់​ សង្កាត់​ និង​ខណ្ឌ​នេះ​យក​ទៅ​អនុវត្ដ​បន្ដ​នៅ​ថ្នាក់​មូលដ្ឋាន​កាន់តែ​ល្អ​ប្រសើរ​ឡើង​ ។​ លោកស្រី​បញ្ជាក់​ទៀត​ថា​ ស្ដ្រី​និង​បុរស​មាន​សិទ្ធិ​ចូលរួម​ និង​ទទួលផល​ស្មើគ្នា​ ។ ​ស្ដ្រី​និង​បុរស​មាន​ភាព​ស្មើគ្នា​ក្នុង​ការ​ទទួល​បាន​ព​ត៌​មាន​ ធនធាន​ និង​សេវាកម្ម​ កម្មវិធី​ដូច​គ្នា​ ។​ ស្ដ្រី​និង​បុរស​មាន​លទ្ធភាព​ស្មើគ្នា​ក្នុង​ការ​ត្រួតពិនិត្យ​លើ​សេចក្ដី​សម្រេចចិត្ដ​ ស​មិ​ទិ្ធ​ផល​របស់​កម្មវិធី​អន្ដរាគមន៍​ ។​ ដោយឡែក​ស្ដ្រី​ចូលរួម​ក្នុង​កម្មវិធី​ផែនការ​វិញ​គឺ​ ស្ដ្រី​នឹង​ទទួល​បាន​នូវ​ផលប្រយោជន៍​ដោយ​ស្វ័យប្រវត្ដិ​ពី​កម្មវិធី​ទូទៅ​ ។​ កម្មវិធី​ដែល​ទទួល​បាន​រៀបចំ​ឡើង​ ផ្អែក​លើ​តួនាទី​តំណាង​នៃ​យេ​ន​ឌ័​រ​ ។​ ស្ដ្រី​ត្រូវ​តែ​មានកម្ម​វិធី​ដាក់​បន្ថែម​ លើ​តួនាទី​យេ​ន​ឌ័​រ​ ក្រោយ​ពេល​ដែល​ការ​រៀបចំ​គម្រោង​ត្រូវ​បាន​បញ្ចប់​ ៕​

ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ទទួល​អំណោយ​ជា​ម៉ូតូ​ប្រដេញ​ម៉ាក​ YAMAHA.XT​ ស៊េរី​ ២០១២​ ពី​នាយ​នគរបាល​ស្ថានទូត​អូ​ស្រា្ត​លី​ប្រចាំ​កម្ពុជា​

ដោយ​ ៖ វណ្ណៈ
​ខេត្តកំពង់ចាម​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១២​នេះ​ នៅ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ មាន​រៀបចំ​ពិធី​ប្រគល់​ម៉ូតូ​ប្រដេញ​ដែល​ជា​អំណោយ​របស់​លោក​ ហ្គា​រី​វិញ​ នាយ​នគរបាល​សម្របសម្រួល​ជាន់ខ្ពស់​​ នគរបាល​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ និង​លោក​ អៀន​ ជា​សហការី​ ប្រគល់​ដល់​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ សម្រាប់​កម្លាំង​កង​អន្តរាគមន៍​ប្រើ​ ប្រាស់​ល្បាត​ការពារ​សន្តិសុខ​សង្គម​ ។​ ពិធី​ប្រគល់​នេះ​ ដឹកនាំ​ដោយ​លោក​ ហ្គា​រី​វិញ​ នាយ​នគរបាល​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ និង​លោក​ អៀន​ ជា​សហការី​ ចំណែក​ឯខាង​ភាគី​ កម្ពុជា​មាន​លោក​ឧត្តមសេនីយ៍ត្រី​ ឆាយ​ គឹ​មសុ​ន​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ និង​លោក​ ស្នងការ​រង​ជា​ច្រើន​រូប​ទៀត​ ក៏​មាន​វត្តមាន​នា​ឱកាស​នោះ​ដែរ​ ។​
​សូម​បញ្ជាក់​ថា​ នេះ​ជា​អំណោយ​លើក​ទី​៥​ហើយ​ ដែល​លោក​ ហ្គា​រី​វិញ​ ប្រគល់​ជូន​មក​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ ហើយ​ក៏​ជា​មោទនភាព​មួយ​របស់​ស្នងការ​ ឆាយ​ គឹ​មសុ​ន​ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​ទំនាក់ទំនង​ ការ​កសាង​ ដែល​សម្រេច​បាន​នូវ​សមិទ្ធផល​ ទាំងឡាយ​នេះ​ ។​ ក្នុង​ឱកាស​នោះ​ លោក​ឧត្តមសេនីយ៍​ស្នងការ​ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ លោក​ ហ្គា​រី​វិញ​ នាយ​នគរបាល​ប្រចាំ​ស្ថានទូត​អូស្ត្រាលី​ ដែល​បាន​ប្រគល់​ម៉ូតូ​ជា​អំណោយ​ ដល់​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ តាម​រយៈ​លោក​អគ្គស្នងការ​នគរបាល​ជាតិ​ ហើយ​លោក​ ក៏​សូម​ថ្លែងអំណរគុណ​ដល់​លោកនាយ​នគរបាល​ប្រចាំ​ស្ថានទូត​អូស្ត្រាលី​ ដែល​បាន​វគ្គ​បណ្តុះបណ្តាល​ដល់​កងកម្លាំង​នគរបាល​ខេត្តកំពង់ចាម​ ចំនួន​៤​វគ្គ​កន្លង​មក​ហើយ​ មិនតែប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ប្រគល់​ម៉ូតូ​ដែល​មាន​តម្លៃ​ក្នុង​ម៉ូតូ​១​ គ្រឿង​ ៨​ពាន់​ដុល្លារ​ជាង​ នៅ​លើក​ទី​៥​នេះ​ ហើយ​លោក​ ឧត្តមសេនីយ៍​ស្នងការ​ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ លោក​ ហ្គា​រី​វិញ​ នាយ​នគរបាល​ប្រចាំ​ស្ថានទូត​ អូ​ស្រា្ត​លី​នឹង​ជួយ​បណ្តុះបណ្តាល​ជំនាញ​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​ខេត្ត​ កំពង់ចាម​បន្ត​ទៀត​ ហើយ​អ្វី​ដែល​លោក​ ហ្គា​រី​វិញ​ជួយ​មកនេះ​ គឺជា​មោទនភាព​របស់​កងកម្លាំង​ នគរបាល​ ពិសេស​មិន​សំរាប់​តែ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ទាំងមូល​នោះ​ទេ​ គឺ​សម្រាប់​ កម្លាំង​នគរបាល​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​ដែល​លោក​ ហ្គា​រី​វិញ​ បាន​ជួយ​បណ្តុះ​ បណ្តាល​កន្លង​មក​ ។​
នា​ឱកាស​នោះ​ លោក​ ហ្គា​រី​វិញ​ បាន​មាន​ប្រសាសន៍​ថា​ ខាង​នគរបាល​អូស្ត្រាលី​មាន​សេចក្តី​រីករាយ​ជា​និច្ច​ក្នុង​ការ​ជួយ​បណ្តុះបណ្តាល​ដល់​នគរបាល​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ហើយ​សក្ខីភាព​ទាំង​អស់នេះ​ លោក​សូម​កោត​ស​សើរ​ដល់​នគរបាល​កម្ពុជា​ដែល​ អនុវត្ត​បាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​ ៕

មតិ​មិត្ដ​អ្នក​អាន ៖​ ​អាជ្ញាធរ​និង​សមត្ថកិច្ច​ស្ទឹង​មាន​ជ័យ​ជួយ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​មុខ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ផង​

ដោយ​ ៖ នស្សិតឆ្នាំទី៣
​ខ្ញុំបាទ​ជា​និស្សិត​ឆ្នាំ​ទី​៣​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​ ដែល​បច្ចុប្បន្ន​នេះ​ខ្ញុំ​ស្នាក់​នៅ​ភូមិ​ព្រែក​ទាល់​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ សូម​គោរព​ចូល​មក​ នាយក​កាសែត​នគរវត្ដ​ស្នើ​សុំ​ជួយ​ចុះ​ផ្សាយ​អត្ថបទ​របស់ខ្ញុំ​ក្រោម​ចំណងជើង​ថា​ “​អាជ្ញាធរ​ និង​សមត្ថកិច្ច​ស្ទឹង​មាន​ជ័យ​ជួយ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​មុខ​មន្ទីរពេទ្យ​ រុ​ស្ស៊ី​ (​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត​)​ផង​”​ ដោយ​ក្ដី​អនុគ្រោះ​ ។​
​ជា​រឿយៗ​ខ្ញុំ​តែង​សង្កេត​ឃើញ​កាសែត​នគរវត្ដ​មាន​ចុះ​ផ្សាយ​អំពី​មតិ​លិខិត​មិត្ដ​ អ្នក​អាន​ដែល​ផ្ញើ​ទៅ​ការិយាល័យ​និពន្ធ​កាសែត​នគរវត្ដ​ ។​ ត្រង់​ចំណុច​នេះ​ខ្ញុំ​ចាប់​ អារម្មណ៍​ ពីព្រោះ​ថា​លិខិត​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​សរសេរ​រៀបរាប់​ពី​ការ​ពិត​ ដែល​បាន​កើតឡើង​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​ ។​ ចំណែក​ខ្ញុំ​ក៏​មាន​លិខិត​មួយ​ ចង់​និយាយ​អំពី​ភាព​អនាធិបតេយ្យ​ឬ​ការ​លក់ដូរ​ឥត​សណ្ដាប់ធ្នាប់​នៅ​មុខ​មន្ទីរពេទ្យ​មិត្ដភាព​ ខ្មែរ​-​សូ​វៀត​នេះ​ដែរ​ ។​
​នៅ​ពេល​ល្ងាច​ចាប់ពី​ម៉ោង​ប្រមាណ​៥​រហូត​ដល់​យប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​លេខ​ ២៧១​ ខាង​មុខ​មន្ទីរពេទ្យ​ក្នុង​ដែន​សមត្ថកិច្ច​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខ្ញុំ​តែងតែ​សង្កេត​ ឃើញ​ក្រុម​អាជីវករ​លក់ដូរ​មួយ​ចំនួន​នៅ​ទីនោះ​បាន​ដាក់​តាំង​លក់ដូរ​ម្ហូបអាហារ​ លយ​លៀន​ចូល​ដល់​ផ្លូវ​លេខ​២៧១​ជា​រៀងរាល់ថ្ងៃ​ ។​ អ្នក​លក់ដូរ​ទាំងនោះ​មិន​ គិតគូរ​អំពី​ការ​កកស្ទះ​ចរាចរ​នា​វេលា​ល្ងាច​នោះ​ទេ​ ពីព្រោះ​ថ្មើរ​ហ្នឹង​នៅ​មុខ​មន្ទីរ​ ពេទ្យ​រុ​ស្ស៊ី​កកស្ទះ​ចរាចរ​ជា​រឿយៗ​អាស្រ័យ​ដោយ​ការ​តាំង​លក់​របស់របរ​ម្ហូបអាហារ​ លយ​ចូល​មក​ផ្លូវ​លេខ​២៧១​ ដែល​ធ្វើ​ឱ្យ​អ្នក​ឈប់​ទិញ​ម្ហូបអាហារ​ និង​របស់របរ​ ទាំងនោះ​ចត​ម៉ូតូ​ រថយន្ដ​កាន់តែ​ហៀរ​ចូល​ស្ទើរតែ​ដល់​ទ្រូងផ្លូវ​ ។​ បញ្ហា​នេះ​ហើយ​ នាំ​ឱ្យ​កកស្ទះ​ចរាចរ​ និង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ ។​
​ការ​លក់ដូរ​មិន​បាន​គិតគូរ​អំពី​សុវត្ថិភាព​របស់​អ្នក​ធ្វើ​ដំណើរ​ ហើយ​បែរជា​គិត​ ផលប្រយោជន៍​ផ្ទាល់ខ្លួន​ពុំ​មែន​ជា​ប្រការ​ល្អ​នោះ​ទេ​ ។​ ចំណោទ​នេះ​ពុំ​មែន​ជា​ការ​ ហាមប្រាម​ដល់​អាជីវក​រទាំង​អម្បាលម៉ាន​នោះ​មិន​ឱ្យ​លក់​នៅ​ទីនោះ​ឡើយ​ ប៉ុន្ដែ​ ការ​លក់ដូរ​រាល់​ទំនិញ​សព្វសារពើ​គួរតែ​លក់ដូរ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​ របៀបរៀបរយ​ កុំឱ្យ​លយ​លៀន​ចូល​ស្ទើរតែ​ដល់​ទ្រូងផ្លូវ​ទៅ​ហើយ​នោះ​ ។​ ក្រុម​អាជីវករ​អាច​លក់ដូរ​ ដោយ​កុំ​យក​ផ្លូវ​សាធារណៈ​ធ្វើ​ជា​កន្លែង​តាំង​លក់​ម្ហូបអាហារ​ របស់របរ​ដោយ​ភ្លេច​ គិត​អំពី​សុវត្ថិភាព​ដល់​អ្នក​ធ្វើ​ដំណើរ​ ។​ និយាយ​បែប​នេះ​ពុំ​មែន​ចោទប្រកាន់​មួល​បង្កាច់​ដល់​ក្រុម​អាជីវករ​មួយ​ចំនួន​ទៀត​ដែល​លក់ដូរ​មាន​របៀបរបប​នោះ​ទេ​ ។​
​ការ​លក់ដូរ​មាន​របៀបរៀបរយ​មិន​បង្ក​ឱ្យ​កកស្ទះ​ចរាចរ​វា​ជា​ការ​រួមចំណែក​កាត់​ បន្ថយ​គ្រោះថ្នាក់​ទាំងអស់​គ្នា​ ហើយ​សាមីខ្លួន​ក៏​អាច​លក់ដូរ​ដោយ​សុខ​ស្រួល​ផង​ដែរ​។​ បើ​ទោះបីជា​អាជីវករ​លក់ដូរ​អនាធិបតេយ្យ​ក៏​គេ​មិន​ដែល​ឃើញ​អាជ្ញាធរ​ និង​ សមត្ថកិច្ច​សង្កាត់​ស្ទឹង​មាន​ជ័យ​ ឬ​ក៏​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​យកចិត្ដ​ ទុកដាក់​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ទីនោះ​ដែរ​ ។​ ដោយ​គេ​បណ្ដែតបណ្ដោយ​ឱ្យ​អាជីវករ​ មួយ​ចំនួន​លក់ដូរ​រញ៉េរញ៉ៃ​ទៅ​វិញ​ ប្រការ​នេះ​អាច​បណ្ដាល​មក​ពី​សមត្ថកិច្ច​បាន​ ទទួល​លាភ​សក្ការ​ពី​ក្រុម​អាជីវករ​ទាំងនេះ​ ទើប​មិន​ចាប់​វិធានការ​រៀបចំ​របៀប​ រៀបរយ​ដើម្បី​រក្សា​សុវត្ថិភាព​ដល់​អ្នក​ធ្វើ​ចរាចរ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ ។​
​ខ្ញុំ​សង្ឃឹមថា​ នៅ​ពេល​ដែល​កាសែត​នគរវត្ដ​ចេញផ្សាយ​ដូច​អ្វី​ដែល​ខ្ញុំ​បាន​រៀប​ រាប់​មកនេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពិតជា​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​មុខ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត​ឡើង​វិញ​ ដើម្បី​កុំឱ្យ​កកស្ទះ​ចរាចរ​នា​វេលា​ល្ងាច​ និង​កាត់​ បន្ថយ​គ្រោះថ្នាក់​ចរាចរ​ផង​ដែរ​ ។​
​ជា​ចុងបញ្ចប់​ខ្ញុំ​សូម​ជូនពរ​ដល់​នាយក​កាសែត​នគរវត្ដ​ និង​បុគ្គលិក​ទាំងអស់​ ព្រមទាំង​ប្រជាពលរដ្ឋ​អ្នក​អាន​កាសែត​នគរវត្ដ​ឱ្យ​សមប្រកប​តែ​ពរ​៥​ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ ប​ដិ​ភាណៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ៕​​