Wednesday, February 15, 2012

បទសម្ភាសន៍ លោក​បណ្ឌិត ឈឹម ផលវរុណ ជាមួយ​ទូរទស្សន៍​បាយ័ន ​ ស្តីពី សកម្មភាព​នៃការ​​ចាក​ចេញ​របស់​សកម្ម​ជន និង​មន្រ្តី​គណបក្ស​ប្រឆាំង​មកចូល​រួមជា​​​មួយ​នឹងគណបក្ស​ប្រជាជន​​កម្ពុជា​


ថ្ងៃទី ១៣ខែ កុម្ភះ​ ​ ឆ្នាំ២០១២

លោក សត្យា រក្ស
          សំណួរ៖ ​ទាក់​ទង​នឹង​ព្រឹត្តិការណ៍​នៃ​ការ​ចាក​ចេញ​របស់​សកម្ម​ជន​នៃ​គណបក្ស​ ប្រឆាំង​ទាំង​ សម រង្ស៊ី ទាំង​ គណបក្ស​ កឹម សុខា យើង​ឃើញ​ថា ការ​ចាក​ចេញ​នេះ​មាន​លក្ខណៈ​ជា​ទ្រង់​ទ្រាយ​ធំ​ ដើម្បី​ចូល​រួម​ជា​មួយ​គណបក្ស​​ប្រជាជន​កម្ពុជា​។​ អញ្ចឹង​ការ​ចាក​ចេញ​ដែល​ខុស​​​ពី​ប្រក្រតី​នេះ​ តើ​លោក​បណ្ឌិត​យល់​ឃើញ​យ៉ាង​ណាដែរ​​បាទ​?​

លោក​បណ្ឌិត ឈឹម ផលវរុណ
          ចម្លើយ៖​  នៅ​ពេល​ដែល​យើង​គិត​ឃើញ​អំពី​ទិដ្ឋភាព​នៃ​ការ​ចាក​ចេញ​ពី​គណបក្ស​មួយ​ទៅ​ គណបក្ស​មួយ​​ យើង​កុំ​ទាន់​និយាយ​ថា ពី​គណបក្ស​ប្រឆាំង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ ។ ប្រជាពល​រដ្ឋ​ត្រូវ​គិត​ថា ស្អី​ទៅ​គណបក្ស?​ ហេតុ​អ្វី​បាន​មនុស្ស​បង្កើត​គណបក្ស​ ចូលរួម​គណបក្ស ​ហើយ​ស្រាប់​តែ​ចេញ​ពី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ​ ច្បាស់ជា​វា​មាន​បញ្ហា​អ្វី​មួយ​​ហើយ​។ អញ្ចឹង​ដើម្បី​ឲ្យ​យើង​ដឹង​ពី​បញ្ហា​ យើង​ត្រូវ​ដឹង​ថា​ គណបក្ស​ជា​អ្វី​?​ ហើយ​បើ​គណបក្ស​រៀប​អត់​ត្រូវ​ក្នុង​ទ្រឹស្តី​នៃ​​វិទ្យាសាស្រ្ត​នយោបាយ​ ក៏​ដូច​ជាទ្រឹស្តី​នៃ​នីតិ​រដ្ឋ​ធម្មនុញ្ញទេ ​គឺ​ការ​ប្រមូល​គ្នា​ធ្វើ​ជា​គណបក្ស​ហ្នឹង​ វា​អត់​បាន​អ្វី​ក្រៅ​ពី​លទ្ធផល​ឡប់​ឡែ​ហ្នឹង​ឯង​។ អញ្ចឹង​ហើយ​និយម​ន័យ​គណបក្ស​ក្នុង​ន័យ​ច្បាប់​ « គណបក្ស​គឺ​ជា​ក្រុម​មនុស្ស​មួយ​ក្រុម​ ដែល​មាន​ទស្សនៈ​នយោបាយ​ស្រដៀង​គ្នា​ រួម​គ្នា​ចងក្រង​​ជា​ក្រុម​នយោបាយ​មួយ​ ហើយ​ក្រុម​នយោបាយ​នេះ​នឹង​រីក​ចម្រើន​ធំធាត់​តទៅ​ក្នុង​ជីវភាព​នយោបាយ​ ដើម្បី​ទៅ​ប្រកួត​ប្រជែង​គ្នា​ជាមួយ​គណបក្ស​ដ៏ទៃ​ នៅ​លើ​ទីលាន​ប្រជា​ធិប​តេយ្យ​សេរីពហុបក្ស​ » បាន​ន័យ​ថា​ប្រកួត​ប្រជែង​បោះ​ឆ្នោត​ហ្នឹង​ឯង​។​ អញ្ចឹង​ហើយ​បាន​ជា​ច្បាប់​​គេ​កំណត់​សឹង​តែ​ជា​ស្តង់​ដាហើយ។​​ ប្រទេស​យើង​ក៏​កំណត់​អញ្ចឹង​ដែរ បើ​គណបក្ស​មួយ​ប​ង្កើត​ហើយ​ខក​ខាន​ក្នុង​ការ​ចូលរួម​​ប្រកួត​ប្រជែង​បោះ​ ឆ្នោត​ពីរ​ដង​ គឺ​វា​មាន​ន​លក្ខណៈ​សម្បត្តិ​ជា​គណបក្ស​ ប៉ុន្តែ​នៅ​ក្នុង​ន័យ​វិទ្យាសាស្រ្ត​នយោបាយ​ គឺ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​ បើ​សិន​ជា​គណបក្ស​ហ្នឹង​ទោះ​បី​មាន​លក្ខណៈ​ជា​ច្បាប់​ហើយ​ តែ​ការ​រៀប​ចំ​គណបក្ស​វា​អត់​មាន​ វា​មាន​តែ​សំបក​នៃ​ទម្រង់​ច្បាប់​មួយ​ថា​កើត​នឹង​គេ​ដែរ​ អញ្ចឹង​វា​អត់​មាន​ធាតុ​ខាង​ក្នុង​ដែល​យើង​ហៅ​ថា គោល​នយោបាយ​ កម្ម​វិធី​នយោបាយ​ អាហ្នឹង​ហើយ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​នយោបាយ​របស់​សមាជិក​ បើ​វា​ខ្វះ​អាហ្នឹង​ ហើ​យ​អត់​មាន​រចនាសម្ព័ន្ធ​ ហើយ​អត់​មាន​ប្រជា​ធិប​តេយ្យ​ផ្ទៃក្នុង​បក្ស​ ដូច្នេះ​គណបក្ស​ហ្នឹង​អត់​អាច​រីក​ធំធាត់​ទេ​។​ ត្រង់​ហ្នឹង​ដែល​យើង​មើល​ទម្រង់​លក្ខណៈ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​​ ហើយ​មុន​មើល​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ យើង​មើល​គណបក្ស​ទូទៅ​កាល​បោះ​ឆ្នោត​ ១៩៩៣ កើត​ ២០ គណបក្ស​ ហើយ​សឹង​តែ​ទាំង​អស់​ លើក​លែង​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ចេញ ខ្លះ​កើត​ពី​រណសិរ្ស​ ខ្លះ​ទៅ​បង្កើត​ភ្លាម​ៗ​ដូច​ប្រញិប​ប្រញាប់​។​ ដល់​អញ្ចឹង​ទៅ​គណបក្ស​ខ្លះ​ដែល​អត់​បាន​អសនៈ​សភា​ ក៏​រលាយ​បាត់​ទៅ។​ ដល់​គណបក្សដែល​បំលែង​ពី​រណសិរ្ស​មក​គណបក្ស​នោះ នៅ​ពេល​បាន​អសនៈ​ ប៉ុន្តែ​អត់​បាន​រៀប​ចំ​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​គណបក្ស​ពិត​ប្រាកដ​ វា​នៅ​ចរិត​ជា​រណសិរ្ស​​ ក្រោយ​មក​ក៏​បែក​បាក់​គ្នា​ អង្កន់​រហូត​ដល់​ពេល​នេះ​ ហើយ​យើង​ឆ្ងល់​ថា ហេតុ​ម៉េច​គណបក្ស​ប្រជា​ជន​កម្ពុជា​ មាន​ការ​វិវឌ្ឍន៍​រហូត​ ហើយ​មាន​សាវតា​យូរអង្វែង​​រាប់​ឆ្នាំ ប៉ុន្តែ​​អស់​លោក​ គណបក្ស ប្រឆាំង​មិន​ទទួល​ស្គាល់​ មាន​តែ​បន្តុះ​​បង្អាប់​ សាវតា​​ និង​អាយុ​គណបក្ស​ទៅវិញ​។ អតីតភាព​គណបក្ស​សំខាន់​ណាស់​ ដែល​គេ​វិវ​ឌ្ឍន៍​ពី​​ដំណាក់​កាល​មួយ​ទៅ​ដំណាក់​កាល​មួយ ពី​ជំនាន់​ទៅ​ជំនាន់​មួយ​ ពីក្រុម​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន​ បន្ត​ន្ទាប់​ គឺ​ការ​លូត​លាស់​ហ្នឹង​វា​រត់​កាត់​អ្វី​ខ្លះ​ អាហ្នឹង​ហើយ​គឺ​ជា​នយោបាយ​នៃ​ការ​អភិវឌ្ឍន៍​ ផ្ទៃក្នុង​ និង​ទម្រង់​របស់​គណបក្ស​។​ ឯនៅ​គណបក្ស​​ សម រង្ស៊ី ពិត​មែន​គណបក្ស​ហ្នឹង​មាន​អាយុ​ច្រើន​ជាង​​គណបក្ស​កឹម សុខា ប៉ុន្តែ​គណបក្សហ្នឹង​ ពុំ​ទាន់​មាន​លក្ខណៈ​ពេញ​លេញ​ជា​គណបក្ស​ ដែល​សម​នឹង​អាយុ​ ដែល​កើត​​នៅ​ឆ្នាំ ១៩៩៤-១៩៩៥ ទេ ជា​មួយ​នឹង​មោទនភាព​ដែល​ការ​កើត​គណបក្ស​ សម រង្ស៊ី ភ្លាម​​ត្រូវ​ប្រកួត​ប្រជែង​បោះ​ឆ្នោត​ ១៩៩៨ បាន​ ១៥ អសនៈ​។​ ប៉ុន្តែ​គណបក្ស​ សម រង្ស៊ី ត្រូវ​រៀន​សូត្រ​​អំពី​បទ​ពិសោធន៍​និង​ការ​ជួប​ប្រទះ​ របស់​​គណបក្ស​ ហ៊្វុន​ស៊ីប៉ិច​ ហ្នឹង​បាន​ខ្លួន​ឯង​អាច​រៀប​គណបក្ស​បាន បើ​គ្រាន់​តែ​ខ្លួន​បែក​ចេញ​ពី​គណបក្ស​ ហ្វ៊ុន​ស៊ីន​ប៉ិច ប៉ុន្តែ​ធ្វើ​នយោបាយ​ដើម្បី​តែ​រឿង​ តតាំង​ប្រឆាំង​ តែ​អត់​រៀប​ចំ​ជា​យន្ត​​ការ​នយោបាយ​ច្បាស់​លាស់​ គណបក្ស​ ហ្នឹង​ទទួល​បាន​​​ត្រឹម​តែ​សម្លេង​ដែល​ប្រជា​ពលរដ្ឋ​​មិន​ទាន់​ពេញ​ចិត្ត​ នឹង​រដ្ឋាភិបាល​ទេ​ មិន​មែន​ជា​សម្លេង​ឆ្នោត​ដែល​ប្រជា​ពលរដ្ឋ​បោះ​ឆ្នោត​ស្រឡាញ់​កម្ម​ វិធីនយោបាយ​​គណបក្ស​ទេ​ ព្រោះ​វា​អត់​មាន​អ្វី​ស្រឡាញ់​ អញ្ចឹងបាន​​ជា​សន្លឹក​ឆ្នោត​ដែល​​ម្ចាស់​ឆ្នោត​អត់​ពេញ​ចិត្ត​នឹង​គណបក្ស​ ប្រជាជន​កម្ពុជា នេះ​យើង​និយាយ​​ឲ្យ​ត្រង់​តែ​ម្តង​​។​ អញ្ចឹង​ដរាប​ណា​អ្នក​ដែល​អត់​ស្រឡាញ់​គណបក្ស​ប្រជាជន​កម្ពុជាតិច ដរាប​នោះ​គណបក្ស​ សម រង្ស៊ី ក៏​កាន់​តែ​ស្តួច​ អាហ្នឹង​អត់​ទាន់​និយាយ​បញ្ហា​ផ្ទៃ​ក្នុង​បក្ស​ផង ​។ មួយ​ទៀត​ គណបក្ស ​​សម រង្ស៊ី បង្កើត​ឡើង​មាន​ទម្រង់​ត្រឹម​តែ​ គេ​​ហៅ​ថា ក្រសួង​ការងារ​ទេ គឺ​ដើម្បី​យក​នយោបាយ​បាយ​ជា​មុខ​របរ​នៃ​ចំណូល និង​តំណែង។​​ ដល់​អញ្ចឹង​ទៅ​ការ​គិត​គូរ​អំពី​ការ​រៀប​ចំ​រចនាសម្ព័ន្ធ​គណបក្ស​ ដើម្បី​ឲ្យ​យន្ត​ការ​នយោបាយ​ដើរ អត់​គិត​ទេ គិត​ធ្វើ​យ៉ាង​ណា​រក​មនុស្ស​ទៅ​ឈរ​ឈ្មោះ​ រក​មនុស្ស​ដែល​មាន​លុយ​ ដល់​អញ្ចឹង​ទៅ​ប្រកួត​ប្រជែង​យក​តំណែង​ យូរ​ៗ​ទៅ​មាន​ការ​អាក់​អន់​ចិត្ត​គ្នា មិន​មែន​អាក់​អន់​ចិត្ត​រឿង​អ្វី​ទេ អាក់​អន់​ចិត្ត​គ្នា​រឿង​ផល​ប្រយោជន៍​ហ្នឹង ក៏​មាន​ទំនាស់​។ ទាញ​មក​ប្រៀប​ធៀប​គណបក្ស កឹម សុខា គណបក្ស កឹម សុខា មាន​លក្ខណៈ​ផ្លូវ​ច្បាប់​ ដែល​ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​ក៏​ពិត​មែន​ ប៉ុន្តែ​នេះ​ជា​សំបក​ផ្លូវ​ការ​ទេ​ តែ​ក្នុង​គណបក្ស​ក៏​មិន​ទាន់​មាន​​លក្ខណៈ​​សម្បត្តិ​​ជា​គណបក្ស​​ ជា​ក្រុម​នយោបាយ​ទេ​ គ្រាន់​តែ​ជា​បន​នយោបាយ​ទេ​។​ ពាក្យ​បន​នយោបាយ​មិន​មែន​ចង់​បណ្តុះ​បង្អាប់​ទេ កាល​ណា​គេ​តិះ​តៀន​ថា ខ្លួន​កម្រិត​ត្រឹម​​តែ​បន​នយោបាយ​ ខ្លួនគួរ​​ខំប្រឹង​រៀប​ចំ​។ មូលហេតុ​អ្វី​ខ្ញុំ​ហ៊ាន​​ថា​ បន​នយោបាយ​។​ អារឿង​បង្កើត លោកនេះ​ជា​ប្រធាន​នេះ លោក​នោះ​ជា​ប្រធាន​នោះ​ នរណា​ក៏​គេ​ធ្វើ​បាន​ដែរ វា​គ្មាន​សំខាន់​ទេ តែ​សំខាន់​ថា យន្ត​ការ​​នយោ​បាយ​ទាំង​អស់​ដែល​ខ្លួន​ថា​មាន​ វា​ដើរ​ឬ​អត់?​​ ហើយ​ដើម្បី​ចង់​ឲ្យ​គណបក្ស​​មួយ​ដើរ​បាន​ គេ​យក​ចំណុច​បី យក​មក​វាស់​ ទី១​ តើ​អ្នក​ដែល​ចូល​រួម​ក្នុង​គណបក្ស​ហ្នឹង មាន​លទ្ធភាព​ក្នុង​ការ​បង្កើត​ឆន្ទៈ​នយោបាយ​ក្នុង​ក្រុម​របស់​ខ្លួន​ដែរ​ អត់?​​ ទី២ តើ​អ្នក​ដែល​នៅ​ជា​សមាជិក​សមាជិកា​របស់​គណបក្ស​ មាន​លទ្ធភាព​ក្នុង​ការ​សម្តែង​ឆន្ទៈ​នយោបាយ​ ក្នុង​បក្សឬ​​អត់?​​ ទី៣ តើ​សមាជិក​សមាជិកា​​ គ្រប់​ជាន់​ថ្នាក់​មាន​លទ្ធភាព​កម្រឹត​ណា​ ក្នុង​ការ​ចូលរួម​ផ្ទាល់​​ ឬ​មិន​ផ្ទាល់​តាម​បែប​តំណាង​ ក្នុង​ការ​សម្រេច​ឆន្ទៈ​នយោបាយ​ក្នុង​បក្ស​ដែរ​ឬអត់?​​។ បើចំណុច​បី​ហ្នឹងខ្វះ​ហើយ អាហ្នឹង​ហើយ​បន​នយោបាយ​ បាន​ន័យ​ថា អ្នក​ដែល​ចូលរួម​ក្នុង​គណបក្ស​សិទ្ធិ​មនុស្ស​ គ្រាន់​តែ​ជា​បន​ភឿន​របស់​លោក កឹម សុខា ដង្ហែ​តាម​លោក​ កឹម សុខា ទេ ពី​ព្រោះ​អត់​មាន​អ្វី​ដែល​ផ្អែក​លើ​ឆន្ទៈ​នយោបាយ​ទេ។​ លោកកឹម សុខាក្រឡេកឃើញយាយមួយដើរអត់មានស្បែកជើងគាត់ថា គាត់ឈ្នះឆ្នោតគាត់ទិញស្បែកជើងឲ្យពាក់ស្រាប់តែឃើញយាយនោះសើចអត់មានធ្មេញ​​ គាត់ថាគាត់​​ឈ្នះឆ្នោតដូរធ្មេញឲ្យ​​ទៀត។ ​​ បាន​ន័យ​ថា អត់​មាន​របស់​មួយ​ដែល​បាន​ជជែក​គ្នា​​ជា​ក្រុម​ បង្កើត​នូវ​កម្ម​វិធី​នយោបាយ​ទេ ដល់​បន​ភឿន​របស់​គាត់​ទះ​ដៃ​ក្រេវ​​ៗ​ ហើយ​ក៏​និយាយ​បន្ទរ​តាម។​​ អាហ្នឹង​គេ​មិន​ហៅ​ថា គោល​នយោបាយ​ កម្ម​វិធី​នយោបាយ​ទេ អញ្ចឹង​ដល់​ពេល​ខ្វះ​អាហ្នឹង​ យូរ​ៗ​ទៅ​ម្នាក់​ៗ​ចូលរួម​ដោយ​សម្លឹង​លើ​​ផល​ប្រយោជន៍​ មិន​សម្លឹង​លើ​វត្ថុបំណង​ចង់​យក​គំនិត​នយោបាយ​របស់​ខ្លួន​ទៅ​ប្រកួត​ប្រជែង​ ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​គណបក្ស​ដ៏​ទៃ​ទៀត​ ដើម្បី​បង្ហាញ​អំពី​គំនិត​ និង​ជម្រើស​នៃ​ការ​កសាង​ប្រទេស​ទេ អញ្ចឹង​ហើយ​ដែល​យើង​មើល​ឃើញ​ ពួក​គាត់​ស្វែង​ចង់​បាន​ការ​គាំទ្រ​ពី​ប្រជា​ពល​រដ្ឋ​ គឺ​គាត់​គិត​តែ​ពី​វាយ​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ដល់​វាយ​ទាំង​ងងឹត​ងងល់​ ឡើង​វិកល​ចរិត​។​ នយោបាយ​ហ្នឹង​នយោបាយ​វិកល​ចរិត​ហើយ ដល់​នយោបាយ​វិកល​ចរិត​យូរៗ​ទៅ​ អាផ្ទៃ​ក្នុង​ខ្លួន​ឯង​មើល​ទៅ​អស់​សង្ឃឹម​ វា​កើត​ហេតុ​ផល​នៃ​ការ​ចាក​ចេញ​ហើយ។​

លោក សត្យា រក្ស
          សំណួរ៖ ​បើ​យើង​ងាក​មក​មើល​ក្រុម​របស់​ កឹម សុខា ដែល​លោកបណ្ឌិតហៅ​ថា បន​របស់​កឹម សុខា យើង​ឃើញ​ថា ប៉ុន្មាន​ខែ​មុន​នេះ​គឺមាន​មនុស្ស​ពី​ សម រង្ស៊ី បាន​ចាក​ចេញ​មក​ចូលរួម​ជា​មួយ​គណបក្ស​ សិទ្ធិ​មនុស្ស របស់​កឹម សុខា ហើយ​ពេល​នោះ​យើង​ឃើញ​ថា កឹម សុខា គឺ​បាន​បំពង​សំលេង​ខ្លាំង​ណាស់​ថា​ អ្នក​ដែល​ចាក​ចេញពី​សម រង្ស៊ី ហ្នឹង​ គឺ​ដោយ​ហេតុ​ថា គណបក្ស​ សម រង្ស៊ី គ្មាន​ប្រជាធិបតេយ្យ ហើយ​គេ​បាន​អះ​អាង​ថា ពួក​ទាំង​នោះ​គឺ​ចេញ​ពី​​ងងឹត​មក​​ទី​​ភ្លឺ​ ដោយ​គាត់​អះ​អាង​ថា គណបក្ស​របស់​គាត់​ប្រជាធិតេយ្យ​ពិត​ប្រាកដ ប្រៀប​បាន​នឹង​ទី​ភ្លឺ​ រហូត​ដល់​អួត​ថា ពន្លឺ​ព្រះ​ច័ន្ធ​ ជា​ដើម​។ល។​ ប៉ុន្តែ​ឥឡូវ​នេះ​យើង​ឃើញ​ថា ចរន្ត​នៃ​ការ​ចាក​ចេញ​ទាំង​គណបក្ស​ សម រង្ស៊ី ក្តី ទាំង​គណបក្ស​ កឹម សុខា ក្តី គឺ​បាន​ចាក​ចេញ​យ៉ាង​គគ្រឹក​គគ្រេង​​ មក​ចូលរួ​ម​ជា​មួយ​គណបក្ស​ប្រជាជន​ ស្ទើ​តែ​គ្រប់​ខេត្ត​ខ័ណ្ឌ​ទូ​ទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា។​ អញ្ចឹង​ព្រឹត្តិការណ៍​នេះ​គឺ​បាន​ធ្វើ​ឲ្យ​ កឹម សុខា​ ហាក់​បី​ដូច​ជា ​ត្រូវ​គេ​យក​ដុំ​អ្វី​មួយ​ទៅ​ញុក​មាត់​កឹម សុខា អញ្ចឹង។ ហើយ​សម្រាប់​ខាង​ សម រង្ស៊ី នោះ​ក៏​ហាក់​បី​ដូច​ជា គ្មាន​ពាក្យ​អ្វី​ហ្នឹង​ថ្លែង​ដែរ​ អញ្ចឹង​ចំពោះ​អំនួត​​របស់​គណបក្ស កឹម សុខា ក្តី គណបក្ស សម រង្ស៊ី ក្តី តើ​លោក​បណ្ឌិត​មាន​អ្វី​ដើម្បី​បំភ្លឺ​​​ជូន​ជន​រួម​ជាតិ​?

លោក​បណ្ឌិត ឈឹម ផលវរុណ
          ចម្លើយ៖​  អំម្បាញ់​មិញ​​នេះ​ខ្ញុំ​និយាយ​អំពី​ហេតុ​ផល​នៃ​កត្តា​សត្យានុម័ត​។​ ឥឡូវ​យើង​ចូល​ដល់​ហេតុ​ផល​នៃ​កត្តាមួយ​ ដូច​លោក សត្យារក្ស​ បានទាញ​មិញ​នេះ​ អស់​លោក ​គណបក្ស​ប្រឆាំង សម រង្ស៊ី ក្តី សិទ្ធិមនុស្ស​​​របស់​លោក កឹម សុខា ក្តី គឺ​គេ​គ្រាន់​តែ​បង្កើត​ ដូច​យើង​បង្កើត​ពាង​មួយ​ដើម្បី​ប្រមូល​ទឹក​ភ្លៀង​ទេ បើ​និយាយ​ភាសា​មួយ​ទៀត​គ្រាន់​តែ​បង្កើត​កន្លែង​​មួយ​ ដើម្បី​ប្រមូល​មនុស្ស​ អញ្ចឹង​គេ​អត់​ខ្វល់​ទេ។​​ មនុស្ស​ហ្នឹង​មាន​ទស្សនៈ​នយោបាយ​យ៉ាង​ម៉េច​គេ​អត់​ខ្វល់​​ទេ​ ធ្វើ​ម៉េច​ឲ្យ​តែ​បាន​មនុស្ស​រត់​ចូល​ ដូច​ក្រោល​គោ​ គណបក្ស​គេ​ គឺ​ជា​គណបក្ស​ទម្រង់​ក្រោល​គោ​។​ ខ្ញុំ​​អត់​​​ថា មនុស្ស​ដែល​ចូលរួមទេ​​​ តែត្រូវ​​យល់​អំពី​គោលនយោបាយ​របស់​គណបក្ស ត្រូវ​តែ​យល់​អំពី​កម្ម​វិធី​នយោបាយ​របស់​គណបក្ស និង​ត្រូវ​ទទួល​ស្គាល់​លក្ខន្តិក​របស់​គណបក្ស​ គេ​អត់​មាន​ទាម​ទារ​ទេ។​ យើង​មើល​រត់​ពី​ សម រង្ស៊ី មក​ចូល​ កឹម សុខា​។​កឹម សុខា​ ថា ល្អ​ណាស់​ ហើយ​ដៀល​ប្រមាថ​គណបក្ស​ សម រង្ស៊ី ថា ងងឹង ហើយ​ភ្លឺ​តែ​ឯង​អីអញ្ចឹង​ទៅ ។ អស់​លោក​គណបក្ស​ សម រង្ស៊ី ក៏​អញ្ចឹង​ដែរ​ នៅ​ពេល​ដែល​មនុស្ស​នៅ​ជុំ​គ្នា​ សុទ្ធ​តែ​អួត​ សុទ្ធ​តែ​ស្នេហាជាតិ​កំពូល​ គ្មាន​នរណា​ស្នេហា​ជាតិ​ដល់​ទេ សុទ្ធ​តែ​ទិញ​មិន​បាន សម្លុត​មិន​ខ្លាច​ ដល់​ពេល​របូត​ទៅ​ មិនមែន​​រឿង​សម្លុត​មិន​ខ្លាច​ទេ ទៅ​ជា​ស្លឹក​ឈើ​ជ្រុះ​​ ហើយ​ថា មាន​គេទិញ។​ អញ្ចឹង​បាន​ន័យ​ថា ពួក​គាត់​អត់​ផ្អែក​ទៅ​លើ​​ តើ​អ្នក​ទាំង​អស់​ហ្នឹង​ជា​សហ​សេវិក​​នយោបាយ​ជា​មួយ​ខ្លួន ខ្លះ​ជា​ស្ថាបនិក​​រាប់​ឆ្នាំ ​តើ​អ្នក​ហ្នឹង​គេ​ទិញ​តាំង​ពី​ពេល​ហ្នឹង​ ឬ​ ទើប​គេ​ទិ​ញ​ពេល​នេះ​​ ចុះ​បើ​ចៃដន្យ​ខ្លួន​ឯង​ជួប​ប្រទះ​វិញ​ ព្រោះ​យើង​យក​បទ​ពិសោធន៍​ គណបក្ស​ សម រង្ស៊ី ចេញ​មិន​ដឹង​ប៉ុន្មាន​ដំណរ​ហើយ។​ លោក សម រង្ស៊ី ខ្លួន​ឯង​ក៏​ធ្លាប់​ចេញ​ពី​ប្រវត្តិ​គណបក្ស​ដែរ​ ហើយ​មិន​ចេញ​ដោយ​ស្រួល​ទេ​ គេ​ដេញ​ទៅ​ទៀត​​ ហើយ​លោក​ សម រង្ស៊ី អនុវត្ត​នូវ​ប្រវត្តិ​របស់​គាត់​ដដែល​ហ្នឹង​ អ្នក​ដែល​អត់​ទាន់​ចេញ​ជេរ​ អ្នក​ចេញ​មុន​ អ្នក​ចេញ​បន្ទាប់​ដែល​ធ្លាប់​ជេរ​អ្នក​ចេញ​មុន ត្រូវ​អ្នក​នៅ​ជេរ​បន្ត​ទៀត​ អ្នក​ចេញ​បន្ទាប់​ទៀត​ ត្រូវ​អ្នក​នៅ​ជេរ​បន្ត​ទៀត​ ចេញជេរ​ៗ រហូត​ហេង​ស៊យ​​នៅ​តែ​ប៉ុន្មាន​អ្នក​ហ្នឹង ហើយ​តើ​គេ​គិតយ៉ាង​​ម៉េច​ឥឡូវ​ ស្អីគេ​ទៅ​គណបក្ស​ ប្រៀប​ដូច​គ្រាន់​តែ​ជា​ក្រោល​គោ​មួយ​ហើយ​នាំ​គ្នា​លក់​ហើយ​ទិញ ហើយ​មនុស្ស​ចូល​ទៅ​តាម​មេ​ហ្វូង​អញ្ចឹង​ វា​អត់​កើត​ នយោបាយ​គេ​អត់​គិត​អញ្ចឹង​ទេ។​​ គេ​គិត​តែ​ប្រមូល​មនុស្ស​ដែល​មាន​ទស្សនៈ​នយោបាយ​ដូច​គ្នា ឬ​ក៏​ស្រដៀង​គ្នា ដើម្បី​ពួតផ្តុំ​ជា​កម្លាំង​ចលករ​នយោបាយ​ ដល់​ពេល​គ្រាន់​តែ​អួត​ៗ សុទ្ធ​តែ​ប្រជាធិបតេយ្យ​អស្ចារ្យ​ ដល់​ពេល​អួត​បាន​ថ្ងៃ​ហ្នឹង​ ស្អែក​ឡើង​រត់​ចូល ​កឹម​ សុខា ទៅ​ជា​អ្នក​អត់​កើត ​​ដល់​ កឹម សុខា​ អ្នក​ទទួល​ផល​ព្រោះ​គាត់​ក្រោល​គោ​ថ្មី។​​ ខ្ញុំ​និយាយ​នេះ​មិន​មែន​មាន​ន័យ​ថា អ្នក​ដែល​ចេញ​មិន​មែន​ជា​មនុស្ស​ទេ គឺ​គាត់​ជា​មនុស្ស​ ប៉ុន្តែ​និយាយ​​បន​នយោបាយ​លោក​ កឹម សុខា អា​ទម្រង់​ជា​អង្គការ​ចាត់​តាំង​ វា​គ្រាន់​តែ​ជា​ក្រោល​គោ​ប្រមូល​មនុស្ស​ទេ​​។​ នៅ​ពេល​ដែល​មនុស្ស​ចេញ​ពី​គណបក្ស​ សម រង្ស៊ី មក​ចូល​ក្រោ​ល​គោ​​គណបក្ស​របស់​លោក កឹម សុខា គាត់​ថា អ្នក​ហ្នឹង​ល្អ​ណាស់​ ប្រជា​ធិបតេយ្យ​ពិត​ ចេញ​ពី​ភព​ងងឹត​មក​ចូល​ភព​ភ្លឺ​ អត់​គិត​ថា គេ​យក​មក​ហ្នឹង​ តើ​អ្នក​ដែល​ចូល​ហ្នឹង​មាន​ទស្សនៈ​ដូច​ កឹម សុខា ឬ​អត់?​​ តើ​គេ​មាន​ទស្ស​នៈ​ចង់​បាន​អ្វី​ចំពោះ​នយោបាយ​ហ្នឹង?​​ តើ​គេ​យល់​អំពី​នយោបាយ​របស់​ កឹម សុខា ទេ​?​ ចំណុច​ហ្នឹង​គ្រាន់​តែ​ប្រមូល​​អត់​គិត​ពី​ទស្សនៈ​ អាហ្នឹង​ដូច​សត្វ​ធាតុ​អញ្ចឹង ដូច​ក្រោល​គោ​អញ្ចឹង​ មិន​មែន​មនុស្ស​ជា​គោ​ទេ គណបក្ស​ហ្នឹង​ជា​គណបក្ស​ក្រោល​គោ​ លក្ខណៈ​គ្រាន់​តែ​ប្រមូល​ហ្វូង​មនុស្ស​។​ ដល់​ពេល​គេ​ចូល​ ហើយ​ថ្មី​​ៗ​នេះ​ជាក់​ស្តែង​ អ្នក​ដែល​ចេញ​ពី​គណបក្ស សម រង្ស៊ី ចូល​ទៅ​ភ្លក់​​បាន​ពី​រ​ បី ខែ​បាន​គេ​ដឹង​ (ទើប​តែ​ពេល​នេះ​បាន​ដឹង​ច្បាស់​) បាន​ដឹង​ថា ចេញ​ពី​ទី​ងងឹត​​ មក​ងងឹត​សូន្យ​សុង ព្រោះ​ព្រះ​ច័ន្ទ​ចំពេល​ក្នើត​បាន​ពន្លឺ​ព្រះ​អាទិត្យ​គ្រាន់​ភ្លឺ​លេង​ មួយ​សន្ទុះ​ទៅ​ ប្រយ័ត្ន​តែ​ប៉ះ​ខែ​រនោច​ ងងឹត​សូន្យ​សុង បើ​អត់​ប្រើ​ពន្លឺ​អ្វី​ផ្សេង​ៗ​ មើល​ម៉េច​ឃើញ។​​​ អញ្ចឹង​ចេញ​ពី​ទី​ងងឹត​​មក​ទី​ងងឹត​​សូន្យ​សុង​ ដល់​​អញ្ចឹងទៅ​​លោក កឹម សុខា អត់​មាន​អ្វី​និយាយ​ទេ​នៅ​ពេល​ដែល​អ្នក​ទាំង​អស់​ហ្នឹង​ គាត់​ចាប់​ផ្តើម​មើល​ឃើញ​ថា កន្លែង​កឹម សុខា យ៉ាប់។​​ យើង​មើល​បទសម្ភាសន៍​នៅ​តាម​ ទូរទស្សន៍ វិទ្យុ យើង​ឃើញ​ អស់​លោក​ដែល​គាត់​បាន​ចាក​ចេញ​គាត់​បញ្ជាក់​ហេតុ​ផល​ច្បាស់​ណាស់​ ហើយ​ហេតុ​ផល​មិន​ខុស​ពី​យើង​ តិះ​តៀន​គណបក្ស​ សម​ រង្ស៊ី និង​ គណបក្ស កឹម សុខា ​​ទេ​​​ គាត់​និយាយ​ដូច​យើង​អញ្ចឹង​ អញ្ចឹង​បាន​ន័យ​ថា គាត់​ទៅ​ភ្លក់​ដោយ​សារ​​​គាត់​អត់​បាន​ទៅ​ឃើញ​ផ្ទាល់​ តែ​យើង​ យើង​ស្វែង​យល់​ទេ​ អញ្ចឹង​ជា​ការ​ល្អ​ដែរ​កុំអាល​​ជឿ​ពួក​យើង​ ទៅ​ឲ្យ​ដល់​កន្លែង​ទៅ ទៅ​ដល់​ស្ទាប​ មើល​ឲ្យ​ឃើញ​ទៅ ថាតើ​វេទិកា​របស់​យើង​និយាយ​ខុស​ឬ​ត្រូវ​ ចំណុច​ហ្នឹង​ហើយ​ កឹម សុខា ឥឡូវ​នេះ​អត់​ហ៊ាន​និយាយ​ហេតុ​អ្វី​ តើ​មាន​ទស្សនៈ​អ្វី​ ចំពោះ​ការ​ចាក​ចេញ​របស់​មន្រ្តី​ សុទ្ធ​តែ​ថ្នាក់​ដឹក​នាំ​បក្ស​ខេត្ត​ បក្ស​ស្រុក អត់​ហ៊ាន​និយាយ​ទេ ព្រោះ​មិន​ដឹង​និយាយ​ថា ម៉េច​​ បើ​ខ្លួន​ទើប​អួត​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​។​

          លោក សត្យា​ រក្ស
          សំណួរ៖ ឥឡូវនេះ វេទិកា របស់ កឹម សុខា គឺគ្មានអ្វីក្រៅអំពី​ការលើកពីប្រវត្តិ​គណបក្ស​ប្រជាជន​​ លើកឡើងទាក់ទងទៅនឹងបញ្ហាផ្តាច់ការ​ គ្មានប្រជាធិបតេយ្យអីជាដើម​ ដែល កឹម សុខា ធ្លាប់​បាន​ប្រើប្រាស់ភាសានេះ​តាំងពីយូរមកហើយ​។ មកដល់ពេលនេះគឺចូលដល់តំណាក់កាលដែល កឹម សុខា រកពាក្យអ្វីដើម្បីនិយាយកើតត​ទៅទៀតហើយ​​។ មានកិច្ចសន្យាមួយដែល កឹម សុខា ធ្លាប់​កញ្ជ្រោល បោកបាច​ ក្រោយពីបោះឆ្នោតអាណត្តិទី៤នោះ​។​ គឺ កឹម សុខា បាន​អួតកាល​ពី​មុន​បោះឆ្នោត​ថា​ ខ្លួននឹងឈ្នះឈាន​ទៅដល់ប្រកាស​រដ្ឋាភិបាល កឺម សុខា ទៅទៀត​ ហើយគាត់ថា គាត់នឹង​ទទួល​បាន​ ៥០-៦០ អសនៈ ឯណោះ​។ ប៉ុន្តែដល់ពេលទទួលលទ្ធផលពិតប្រាកដ​ គឺទទួលបានតែ៣កៅអី​។ ហើយ​ពេលនោះ​គណបក្សដែលគាត់តែធ្លាប់​ស៊ីសាច់ហុតឈាម​ អួតគ្នា ប្រកួតប្រជែង​គ្នាជា​មួយ​គណបក្ស សម រង្ស៊ី នោះ​ ក្រោយពីបោះឆ្នោតគឺបបួលគ្នា​រួបរួម​។ ពេលនោះ សម រង្ស៊ី គាត់បាន​អះអាង​ច្បាស់​​ណាស់​ថា នឹងរួបរួមឲ្យខាងតែបាន​។ ចំណែកឯ កឹម សុខា គាត់អះអាង​ថា​ឆ្នាំ២០១២នេះ គាត់​នឹង​​រួម​បញ្ចូលគ្នា​​ឲ្យខាងតែបាន ដើម្បីយកជ័យជំនះ ផ្តួលរំលំ​គណបក្ស​ប្រជាជន​។ ជុំវិញបញ្ហានេះ តើលោក​​បណ្ឌិតមានអ្វីដើម្បីបញ្ជាក់ជូនជនរួមជាតិ​ បើ​ប្រៀបធៀប​ទៅនឹង​ចរិតអួតអាង​របស់ កឹម សុខា ដែល​ចេះ​​តែ​បរាជ័យ​​ជារហូត​មកនោះ​បាទ​​?​​​

          លោកបណ្ឌិតឈឹម ផលវរុណ
          ចម្លើយ​៖ ចំណុចនេះខ្ញុំចង់បញ្ជាក់នូវន័យចំតែម្តង​ ដើម្បីឲ្យងាយយល់​។ ខ្ញុំអាចនិយាយថា លោក កឹម សុខា គឺជាមេបក្សខួរក្បាលអន់​ ពីព្រោះដោយសារគំនិតទុច្ចរិតរបស់គាត់នោះហើយ ដែល​ធ្វើ​ឲ្យ​លោក កឹម សុខា មាន​បញ្ហាខួរក្បាល​ខាងការគិតគូរផ្នែកនយោបាយនេះ​នៅស្ទើរ​។ សាវតា​របស់​គាត់​ តើហេតុអ្វី​បានជាគាត់បានឈានទៅធ្វើជាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​?​។ រឿង ប្រធាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជានេះ មិនមែនជាគោលបំណងដែលអាមេរិក​ ឬក៏ IRI សំឡឹងឃើញលោក កឹម សុខា ទេ​។ តាមពិត​គឺមានបេក្ខជនគេ ២-៣ នាក់ទៀត​ ដែលសុទ្ធតែជានិន្នាការគណបក្ស សម រង្ស៊ី គឺខ្ញុំចង់​បញ្ជាក់​ឲ្យ​អស់​ ហើយការ​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជានេះ ទោះបីដាក់ឈ្មោះអីផ្សេងក៏ដោយ​ គឺ​មជ្ឈមណ្ឌល​នេះអត់ទាន់កើតទេ ប៉ុន្តែអាមេរិកមានលុយបម្រុង​ឲ្យធ្វើការងារហើយ​។ អញ្ចឹង​លុយមាន​ហើយ គ្រាន់តែបង្កើតដើម្បីយកលុយនោះមកប្រើប្រាស់​ ដើម្បី​លើកស្ទួយ​ដល់​នយោបាយ​គណបក្ស​ប្រឆាំង​ នេះបើ​និយាយ​ឲ្យអស់​ ហើយពេលនោះលោក កឹម សុខា គឺមិនថិតនៅក្នុងចក្ខុរបស់អាមេរិកទេ​ ពីព្រោះលោក កឹម សុខា ត្រូវបានអាមេរិក និងអស់លោកខាលិច​គេមិនឲ្យ​តម្លៃរួច​ទៅ​ហើយ​នៅ​ពេល​ដែល​លោក កឹម សុខា​ ធ្វើជាអគ្គលេខាធិការ គណបក្សលោកតា សឺន សាន​ ។ គ្រាន់តែ​ចាញ់ឆ្នោត​ឆ្នាំ១៩៩៨ លោក កឹម សុខា សុខចិត្តរំលាយ​គណបក្សមួយដែលមានប្រវត្តិ​នៅក្នុងរណសិរ្ស ដើម្បី​ថ្នូរ​យក​​តំណែង​សមាជិក​ព្រឹទ្ធសភា​ ដូច្នេះគេចាត់ទុកថាគឺជាអគ្គលេខាធិការខួរក្បាលអន់​តាំងពីដើមទី​មក​ម្លេះ​ អញ្ចឹងគេមិនបានមើលឃើញលោក កឹម សុខា ក្នុងផ្លូវល្អទេ​។​ ប៉ុន្តែដោយសារលោក សម រង្ស៊ី គាត់​ត្រូវការ​លោក កឹម សុខា​ ដែរ ព្រោះគេចាត់ទុកថា​លោក កឹម សុខា ក៏ជាតួអង្គប្រឆាំងមួយ​ដែល​អាច​យក​ធ្វើ​ជា​គ្នា​​។ ចំណុចនេះហើយ​ ទើបបានលោក សម រង្ស៊ី គាំទ្រឲ្យលោក​ កឹម សុខា​ ធ្វើជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ហើយអាមេរិក គេតាមតែលោក សម រង្ស៊ី ទេ ពីព្រោះ​គេមាន​គោលជំហរ​​នយោបាយ​គាំពារនិន្នាការប្រឆាំង​រួចទៅ​ហើយ​ នេះគឺជាការ​ពិត។​ ដូច្នេះ​ហើយ​ទើបគេ​ដាក់​លោក កឹម សុខា​ ។ អញ្ចឹង លោក សម រង្ស៊ី គាត់គិតថា លោក កឹម សុខា គឺជាមនុស្សរបស់គាត់​។ ប៉ុន្តែ លោក កឹម សុខា គឺជាក្រពើវង្វេងបឹង យើងមិនបាច់ឆ្ងល់ទេ​ ពីព្រោះគាត់វង្វេងតាំងពីជីវិតឪ គាត់​ទៅទៀត​​។​ នៅពេលដែលធ្វើមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលពេលនោះខ្ញុំនៅក្នុងនោះដែរ​ទើបខ្ញុំ​បាន​ដឹង​​ ។ អ្នកដែលមកចូលរួមនៅក្នុងវេទិការរបស់មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា​កាលនោះ សឹងតែ​លើស​​ពី៩០% សុទ្ធតែជា​សកម្មជនរបស់គណបក្ស សម រង្ស៊ី អញ្ចឹង​ហើយ​ទើប​មានការ​ចូលរួម​ដល់​ទៅ​៥០០ ឬ៣០០​ និងមានពេលខ្លះដល់ទៅ៨០០ នេះជាការពិត​។ តើធ្វើម៉េចដើម្បីសកម្មជនគណបក្ស សម រង្ស៊ី ចូលរួម​បាន?​ មិនមែនមន្ត្រីមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជាទៅប្រកូកប្រកាសបានទេ​ គឺ​គណបក្ស​ សម រង្ស៊ី បានប្រើ​អង្គការចាត់តាំង​​របស់ខ្លួន​តាមរយះ​អគ្គលេខាបក្ស​ រហូតទៅដល់មូលដ្ឋាន​ ចាត់ចែង ឬក៏រុញឲ្យ​សកម្មជនមូលដ្ឋានរបស់ខ្លួនចូលរួម​នៅក្នុង​វេទិការ​របស់​មជ្ឈមណ្ឌល​ សិទ្ធិមនុស្ស​កម្ពុជា​​។​ ត្រង់នេះហើយដែលយើងមើលឃើញទិដ្ឋភាពហ្នឹង​។ មានពេលខ្លះមានក្រុមប្រជាពលរដ្ឋ​មួយ​ក្រុម​ ដែលមាននិន្នាការគាំទ្រគណបក្សប្រជាជន​កម្ពុជា ចូលរួមដើម្បីចោទ​សំណួរតតាំងជាមួយលោក កឹម សុខា​ ហើយយើងឃើញថា លោក កឹម សុខា ហាក់ដូចជាមានចំណុចមួយព្រួយ​ រាង Error ខួរក្បាល ហើយខ្លាចអត់ហ៊ានមកចូលរួម​ក្នុងវេទិការផង​​។​ អញ្ចឹងសរុបមកវិញលោក កឹម សុខា គាត់​កេង​ចំណេញ​​ពីទិដ្ឋភាព​ ដែលចូលរួមគគ្រឹគគគ្រេងហ្នឹង​ គឺកេងចំណេញពីសកម្មជនគណបក្ស សម រង្ស៊ី ទេ​។ ចុងក្រោយគាត់បង្កើត​រចនាសម្ព័ន្ធភ្នាក់ងារស្មគ្រចិត្ត​ គឺយកសកម្មជនគណបក្ស សម រង្ស៊ីទាំងអស់​ ពីព្រោះ​ភាគច្រើន​អ្នកស្មគ្រចិត្ត​ទាំងនោះភាគច្រើន​សុទ្ធតែពួកលោក សម រង្ស៊ី​ ។​ ក្រោយមក​គាត់​ខ្ចប់​បាន​មួយ​បង្វិច​នៃអ្នកស្មគ្រចិត្ត​នោះមក​បង្កើតជា​ គណបក្ស​សិទ្ធិមនុស្ស នេះឯង​។ អញ្ចឹង​ហើយ​បាន​ជា​នៅ​ដំណាក់​កាល​មួយ​នោះ​ គឺគណបក្ស សម រង្ស៊ី និងលោក កឹម សុខា មានទំនាស់គ្នា​។ ពេលនោះ​គណបក្ស​ សម រង្ស៊ី បានប្រកាសលែងឲ្យ​មន្ត្រី​សកម្មជន​របស់ខ្លួនទៅចូលរួមនៅក្នុង​វេទិការ​។ ក្រោយ​ពី​ពេល​នោះមក​គឺគាត់​ពិបាករក​អ្នកចូលរួមខ្លាំងណាស់​ វេទិការលោក កឹម សុខា ធ្លាក់ចុះគ្រឹប​។ អញ្ចឹង​មាន​ន័យថា​ លោក កឹម សុខា កេងពីលោក សម រង្ស៊ី ពេលកេងទៅគឺគាត់មានមោទនៈភាពជ្រុលថា​នឹង​យក​បានសម្លេង សម រង្ស៊ី យ៉ាងកុះករ ទើប​បាន​បង្កើត​ជា​ផលិតផល​​ក្លែងក្លាយមួយថា នឹង​បាន៥៨ ទៅ៦០ កៅអី គឺបញ្ជីបេក្ខជន​ យកទាំងខាង សម រង្ស៊ីផង គឺយក​របស់ហ្នឹងទៅ​លក់​ឲ្យខ្មែរ​នៅក្រៅ​ប្រទេស​​ទៅ ទើបធ្វើ​ឲ្យគគ្រឹគគគ្រេង​​កាលពេល​ឃោសនាបោះឆ្នោតហ្នឹង​។​ គាត់គិត​ស្មានថាខ្លួនឈ្នះ តែ​ដល់​ពេល​បានតែ​៣កៅអី​ ទើបបានភ្ញាក់កំណើតថា អញចប់ហើយនយោបាយ​។ ពេលដែល​ដឹងថា​ចាញ់​ហើយ​ ក៏ប្រកាស​ចាប់ដៃជា​មួយ សម រង្ស៊ី ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត​ ហើយ​កៀកស្មា​គ្នា​ទៅ​ឡាំប៉ា​​នៅ​​ឯសហភាព​អ៊ឺរុប​។ ដូច្នេះចរឹតនយោបាយរបស់ពួកគាត់នេះគឺកេងប្រវ័ញ្ចគ្នា​។ ប៉ុន្តែលោក កឹម សុខា ដឹងថា មិនអាចរួបរួមជាមួយលោក សម រង្ស៊ីទេ​ ពីព្រោះលោក សម រង្ស៊ី អត់បាន​ទទួល​ស្គាល់​លោក កឹម សុខា ជា​សមភាគីទេ លោក សម រង្ស៊ីនៅតែចាត់ទុក​ថាលោក កឹម សុខា គឺជាកូនចៅ គឺជា​មនុស្ស​នៅក្រោម​ក្លៀក​របស់​គាត់។​​ ដល់អញ្ចឹងទៅ លោក កឹម សុខា ខូច​ គាត់ដឹងថា សម រង្ស៊ី មិន​រួបរួម​ទេ ប៉ុន្តែ​ខ្លួនយកពាក្យរួបរួម​ដើម្បីកេងចំណេញ​ អញ្ចឹងដើម្បីកេង​ចំណេញគាត់ត្រូវតែភូតរាស្ត្រ​​ គឺគាត់​ភូតថា​​ឆ្នាំ២០១២ នឹងធ្វើឲ្យបាន​ ប៉ុន្តែរហូតមកដល់ពេលនេះហើយគឺមិនទាន់បានធ្វើស្អីទេ។ បើនិយាយ​ឲ្យខ្លី​​ លោក កឹម សុខា ត្រូវមកលន់តួសុំទោស​យើង ពីព្រោះយើងបានប្រាប់ហើយ​ថា​សម្ព័ន្ធភាពនេះ គឺ​ទៅ​អត់រួច​ទេ​។ លោក កឹម សុខា ចោទមកថា យើងអត់ចង់ឲ្យគេរួបរួមទេ​ ព្រោះ​ខ្លាច​គេ​នោះ​ឈ្នះ​គណបក្ស​​ប្រជាជន​​កម្ពុជា​​​។​ តាមពិតការវិភាគរបស់យើងនោះគឺ​ច្បាស់ណាស់​ ហើយគាត់​ហ៊ានថា​ការវិភាគ​​របស់​យើងនេះជាចេតនា​អាក្រក់​ មិនចង់ឲ្យគេនោះរៀបអាពាពិពាហ៍​ក្លែងក្លាយ​ទៅទៀត​។ ដល់ពេលឥឡូវ​ បរាជ័យគឺមិនហ៊ានមាត់បន្តិចទេ​។​ បើសិនជាក្មេងមានសីលធម៌ គឺត្រូវ​មកលន់តួ​សុំទោស​យើង​ ហើយបើជាមេបក្សមានសីលធម៌ខ្ពស់​ គឺត្រូវសុំទោសប្រជាពលរដ្ឋ​ ដែលខ្លួន​ឯង​សន្និដ្ឋាន​បោកប្រាស់​នោះ​។

ដូច្នេះសូមប្រជាពលរដ្ឋយល់ថា ​ មិនអាចរួមគ្នាទេ ផ្ទុយទៅវិញ​ពួក​នោះដណ្តើមគ្នាទៅវិញទៅមក​ទេ​ ហើយចុងក្រោយបននយោបាយមិនអាចធ្វើអ្វីបានទៅមុខទេ​។ យើងឃើញថា​សូម្បីតែការ​ប្រកួត​ប្រជែង​គឺជាការប្រកួតប្រជែង របស់​ពួកគាត់​​រវាងគ្នាគាត់ តែប៉ុណ្ណោះ​។​ ការពិតគណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី គឺអត់មានទៅប្រកួតប្រជែងជាមួយគណបក្សប្រជាជនទេ គឺ​ពួកគេ​ប្រកួត​ប្រជែង​តែ​គ្នា​គេតែ​ប៉ុណ្ណោះ​។​ គណបក្ស សម រង្ស៊ី ខំធ្វើម៉េចឲ្យសម្លេងរបស់ខ្លួននៅដដែល​ បើ​មិនកើន​ក៏ហី​ទៅ​ចុះ ធ្វើម៉េចកុំឲ្យធ្លាក់ចុះ​ និងកុំឲ្យខាង កឹម សុខា យក​។​ ឯខាង កឹម សុខា គឺមិនអាច​យក​បាន​ពី​សម្លេង​អ្នក​គាំទ្រ​​របស់គណបក្ស​​ប្រជាជន​កម្ពុជាទេ​ គឺទៅយកពីគណបក្ស សម រង្ស៊ី ។ ដូច្នេះ​ពួកគេ​មាន​ការ​ប្រយ័ត្ន​គ្នា​ទៅវិញ​ទៅមក​​​។​ ប៉ុន្តែពេលទៅឃោសនា គេដើរតួខ្លួនជា​បេក្ខជននាយករដ្ឋមន្ត្រី​ ដូចជា​អស្ចារ្យ​ណាស់​​។​ តាមពិតមួយជីវិតគុណនឹង១០ ក៏ទៅមិនរួចដែរ​ ពីព្រោះវាមិនមែនជាគណបក្ស​ គឺវា​មាន​ត្រឹមតែ​ជា​បននយោបាយ​ វាអត់មានកម្មវិធីនយោបាយ​ និងគ្មានគោលនយោបាយ ។ ម្យ៉ាងទៀត​គឺ​អត់ចេះ​ធ្វើគោល​នយោបាយ​ថែមទៀត​។ បើប្រៀបធៀបជាមួយគណបក្សប្រជាជនកម្ពុជា​ គឺខុសគ្នា​ឆ្ងាយ​ណាស់ ។ កឹម សុខា​ សរសេរនយោបាយតែមួយឃ្លាមិនចេញផង ដូច្នេះទៅបង្កើត​កម្មវិធី​នយោបាយ​ម៉េច​នឹងចេញ​​។​ រីឯគណបក្ស សម រង្ស៊ី គឺអត់ខ្វល់នឹង​រឿងកម្មវិធីនយោបាយទេ​ គឺធ្វើ​ម៉េច​ឲ្យ​តែ​មាន​សកម្មភាព​តតាំងប្រឆាំង​​គគ្រឹគគគ្រេង​។ អញ្ចឹងការធ្វើនយោបាយគឺគេ​មិនធ្វើអញ្ចឹងទេ​។​

លោក សត្យា​ រក្ស
សំណួរ៖ សរុបមក យើងឃើញថា លោក កឹម សុខា កំពុងតែអស់ផ្លូវដើរហើយ​ ដោយសារ​តែ​ការ​ភូត​កុហក​របស់គាត់ហ្នឹង​ដល់ទីបញ្ចប់ហើយ​​ ពីព្រោះអស់ក្បួនភរត​ទៅទៀត​។ ចំណុចនេះ​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើការពិចារណា​ទាំងអស់គ្នា​ យើងមិនគួរបន្តចាញ់បោក ឬមិនគួរបន្តជឿ​មនុស្សដូច កឹម សុខា ហ្នឹងទៀតទេ​ ពីព្រោះវានាំឲ្យខូចប្រយោជន៍ដែលយើងកំពុងបំពេញការងារ​ប្រចាំថ្ងៃរបស់យើង​។
 ខ្ញុំចង់ឲ្យលោកបណ្ឌិតបំភ្លឺចំណុចមួយទៀត ​ គឺឥឡូវនេះគណបក្សប្រឆាំង​ទាំងពីរ គឺទាំងកឹម សុខា ក្តី ទាំង សម រង្ស៊ីក្តី ហាក់បីដូចជាកំពុងខ្សោះខ្យល់ហើយ​ និងយ៉ាប់យឺនមែនទែន​។ ភាព​យ៉ាប់យឺន​របស់​គណបក្សប្រឆាំងនេះ តើ​វាធ្វើ​ឲ្យប៉ះពាល់​ទៅដល់​ដំណើរការប្រជា​ធិបតេយ្យ​នៅកម្ពុជាដែរឬទេ?​​​

លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ៖ ទិដ្ឋ​ភាព​ជាក់​ស្តែង​ដែល​យើង​ឃើញ​ថា ​គណបក្ស​ប្រឆាំង​ សម រង្ស៊ី និង​ កឹម សុខា កំពុង​ជួប​ចលាចល​ហ្នឹង​ វា​ជា​ទិដ្ឋ​ភាព​ល្អ​មួយ​ ដើម្បី​ឲ្យ​អន្តរជាតិ​ ដែល​ពី​មុន​មក​ជឿ ឲ្យ​តែ​លោក​ សម រង្ស៊ី និយាយ​ ឲ្យ​តែ​ កឹម សុខា និយាយ​ ឲ្យ​តែ​គណបក្ស​ប្រឆាំង​និយាយ​ថា រំលោភ​សិទ្ធិ​ រំលោភ​អី​ គេ​ជឿ​ រឹត​តែ​ថា គណបក្ស​គ្រប់​គ្រង​រដ្ឋាភិបាល​គាប​សង្កត់​អត់​មាន​ឱកាស​​ឲ្យ​គណបក្ស​ ប្រឆាំង​ធ្វើ​នយោបាយ​បាន​ស្រួល​ ។ល។​ ដល់​ឥឡូវ​បាន​គេ​ដឹង​ថា ទិដ្ឋ​ភាព​ដែល​គណបក្ស​ប្រឆាំង​​ស្រាត​ឲ្យ​គេ​ឃើញ​ ព្រោះ​លាក់​យូ​រ​ហើយ​។​​ អារឿង​ស្អុយ​គគ្រុក​​នៅ​ក្នុង​គណបក្ស​ រឿង​អសកម្ម​នៅ​ក្នុង​គណបក្ស​ លាក់​យូរ​ហើយ​ យើង​គិត​ប៉ុណ្ណេះ​ទៅ របៀប​គេ​លាក់​គេ​ពូកែ​ណាស់​ សូម្បីតែ​​រូប​ភាព​អភិវឌ្ឍន៍​ប្រទេស​ ខ្មែរ​ទាំង​មូល​ គេ​យក​វាំងនន​​ខ្មៅ​មក​បាំង​ កុំ​ឲ្យ​បរទេស​មើល​ឃើញ​ ហើយ​គេ​ទៅ​ចាប់ចំណុច​ល្ហែក​ៗ​តូច​ៗ​ ប្រាប់​បរទេស​ឲ្យ​មើល​ ហើយ​ផ្ទៃ​ធំ​រីក​ចម្រើន​គេ​បាំង​ជិត​។​ ល្បិច​គេ​បាំង​បាន​រាប់​ឆ្នាំ​ដែរ​ អាល្បិច​គេ​បាំង​​ភាព​អាក្រក់​របស់​​របស់​គណបក្ស​ខ្លួន​ក៏​អញ្ចឹង​ដែរ​ ដល់​ឥឡូវ​នេះ​បរទេស​​ សូម្បី​អាមេរិក​ បណ្តា​ប្រទេស​លោក​ខាង​លិច​ ក៏​គេ​ស្គាល់​សមត្ថភាព​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ សម រង្ស៊ី និង​កឹម សុខា ច្បាស់​ណាស់​ ខ្ញុំ​មិន​មែន​គ្រាន់​តែ​ថា ខ្ញុំ​ប្រស្រ័យ​ទាក់​ទង​ពិភាក្សា​​កិច្ច​ការ​នយោបាយ​នៅ​កម្ពុជា ការ​អភិវឌ្ឍន៍​នូវ​នយោបាយ​ការ​បរទេស​ រវាង​កម្ពុជា​ សហរដ្ឋ​អាមេរិ​ក​ កម្ពុជា ជាមួយ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត​ ខ្ញុំ​បាន​ជួប​គេ​សុំ​សម្ភាសន៍​ ខ្ញុំ​ថា ការ​រីក​ចម្រើន​នេះ​​ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ឯង​ធ្លាប់​មើល​ច្រឡំ​ ដោយ​សារ​តែ​អស់​លោក​គណបក្ស​ប្រឆាំង​យក​វាំង​នន​បាំង​អ្នក​ឯង​ ឥឡូវ​អ្នក​ឯង​មិនបាច់​ខំ​ប្រឹង​មើល​ទេ​ គ្រាន់​តែ​យក​ដៃ​វែក​​វាំង​នន​ចេញ​បន្តិច​ អ្នក​ឯង​នឹង​ឃើញ​ពន្លឺ​ដ៏​ភ្លឺ​ពី​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា ហើយ​ជា​សុទិដ្ឋិនិយម​សម្រាប់​អ្ន​ក​ឯង​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា សហ​ប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​អ្នក​ឯង​គឺ​ល្អ​ណាស់​ បើ​អ្នក​ឯង​ជឿ​តែ​អស់​លោក ប្រឆាំង​​ គឺ​អត់​បាន​ការ ឥឡូវ​ទិដ្ឋភាព​ហ្នឹង​យើង​មើល​ឃើញ​។​ អញ្ចឹង​បាន​ខ្ញុំ​ចង់​ឆ្លើយ​មក​លោក សត្យា រក្ស ចង់​បញ្ជាក់​ថា ទិដ្ឋភាព​ ដែល​យើង​ឃើញ​ថា គណ​បក្ស​ប្រឆាំង​កំពុង​ជួប​បញ្ហា​ គឺ​ជា​ចំណុច​ល្អ​សម្រាប់​ប្រជាជាតិ​ខ្មែរ​ ផ្តល់​ជូន​ប្រជាជន​កម្ពុជា​​ទាំង​មូលឲ្យ​​មើល​ឃើញ​ផង ផ្តល់​ជូន​មតិ​អន្តរជាតិ​ ដែល​ច្រឡំ​ជឿ​អស់​លោក​ប្រឆាំង​ ក៏​មើល​ឃើញ​ដែរ​ សូម្បី​តែ​អង្គការ​សិទ្ធិ​មនុស្ស​​បរទេស​ ដែល​ខំ​ស្រែក​ក្តែង​ៗ​ជួយ​អស់​លោក​ប្រឆាំង​ហ្នឹង​ ហើយ​ខំ​ស្រែក​ជេរ​ពី​ខាង​ក្រៅ​ ជេរ​រដ្ឋាភិបាល​ ក៏​ពួក​គាត់​ខ្សោះ​ដែរ​ ខ្សោះ​នឹង​ស្រែក​ជួយ​ បើ​ឈាម​នៅ​មាន តែ​វា​ស្ងួត​បំពង​ក ហើយ​យើង​ទាញ​មើល​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ​ដំណើរ​ប្រជាធិបតេយ្យ​វា​ត្រូវ​ការ​ចលករ​​នយោបាយ​ ប៉ុន្តែ​បើ​ចលករ​នយោបាយ​​គណបក្ស​ប្រឆាំង​មហាអន់​ រឿង​អ្វី​ទៅ​បន្ទោស​ចលករ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​ចលករ​ដឹក​នាំ​ប្រទេស។​​ ដំបូង​គេ​មើល​ឃើញ​មិន​ដឹង​ចលករ​ណា​អសកម្ម​ ឥឡូវ​នៅ​ពេល​ដែល​បង្ហាញ​ច្បាស់​ថា ចលករ​នយោបាយ​ប្រឆាំង​ គឺ​ខ្សោយ​ក្រោម​សូន្យ​ អញ្ចឹង​គេ​ដឹង​ថា ជា​ការ​គ្រប់​គ្រាន់​ហើយ​ដែល​ការ​គ្រប់​គ្រង​ប្រទេស​ទាំង​ស្រុង​ដោយ​គណបក្ស​ ប្រជាជន​កម្ពុជា​ គឺ​ជា​ឱ​កាស​មួយ​ដើម្បី​ឲ្យ​កម្ពុជា​ឈាន​ទៅ​អភិវឌ្ឍន៍​យ៉ាង​លឿន​ទៅ​មុខ ដោយ​គេ​ចាត់​ទុក​ថា កម្លាំង​ប្រឆាំង​អសមត្ថភាព​។​ ការ​ប្រឆាំង​​នេះ​ វាគ្រាន់​តែ​ជា​កម្លាំង​ទប់​ស្កាត់​ទេ​ មិន​មែន​       កម្លាំង​ជម្រុញ​​ទេ។​​ បើ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ជឿន​លឿន​ គឺ​គេ​ដើ​រ​តួ​ជា​គណបក្ស​ប្រឆាំង​បែប​ប្រជាធិបតេយ្យ​ កម្លាំង​ហ្នឹង​វា​ជួយ​រុញ​ ជួយ​កែ​ ជួយ​ទប់​នូវ​ចំណុច​ណា​អាក្រក់​ ជួយ​រុញ​នូវ​ចំណុច​ដែល​​ល្អ​ ប៉ុន្តែ​គណបក្ស​ប្រឆាំង​កម្ពុជា​ អត់​បាន​រុញ​ទេ គឺ​មាន​តែ​ទាញ​ថយ​ក្រោយ​ ហើយ​គេ​អរ​ណាស់​នៅ​ពេល​ដែល​គេ​ទាញ​ថយ​ក្រោយ​ ហើយ​បរទេស​បាន​មើល​ឃើញ​ថា កម្ពុជា​ថយ​ក្រោយ​គេ​អរ​ណាស់​ ហើយ​បើបរទេស​ណា​ហ៊ាន​តែ​ច្រ​ឡំ​​អត់​ដឹង​ចិត្ត​អស់​លោក​ប្រឆាំង ហ៊ាន​តែ​ថា កម្ពុជា​ទៅ​មុខ​ គេ​ខឹង​បរទេស​នោះ​​ណាស់​ ។​

-មតិ​លោក សត្យា រក្ស
ជាក់ ​ស្តែង​ដូច​លោក​បណ្ឌិត​ជ្រាប​ហើយ ទាក់​ទង​នឹង​ការ​ស្ទង់​មតិ​កាល​ពី​ប៉ុន្មាន​ខែ​មុន​ សូម្បី​តែ​គេ​ស្ទង់​មតិថា កម្ពុជា​ដើរ​ក្នុង​ផ្លូវ​ត្រូវ​ ៨៦% កឹម សុខា ច្រឡោត​តោតតូង។

-មតិ​លោកបណ្ឌិត ឈឹម ផលវរុណ
ហើយ ​ចោទ​ថាគេ​អត់​មាន​ស្តង់ដា ហើយ​អង្គការ​ហ្នឹង​ជាអង្គការ​ធ្លាប់​ ឲ្យ​លុយ​កឹម សុខា ធ្វើ​មជ្ឈមណ្ឌល​ផង​ ហើយ​អង្គការ​ហ្នឹងជា​អង្គការ​អត់​មាន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ទេ​។​ ​លោក​ កឹម សុខា ខឹង​ណាស់​ត្រង់​ហ្នឹង​ហើយ​ដែល​ចង់​បញ្ជាក់​ថា ពួក​គាត់​នេះ​គ្មាន​បាន​ប្រយោជន៍​ ខ្ញុំ​ហ៊ាន​ប្រើ​ពាក្យ​ហ្នឹង ហើយ​អាចត​តាំង​គ្នាបាន​ គ្មាន​បាន​ប្រយោជន៍​ក្នុង​ដំណើរ​ការ​ប្រជាធិបតេយ្យ​ទេ​។​ អញ្ចឹង​ខ្ញុំ​ទាញ​បន្តិច​នៅ​អាល្លឺម៉ង់​។ អាល្លឺម៉ង​ក៏​ពហុបក្ស​ ដែរ​ ប៉ុន្តែ​មាន​គណបក្ស​ជ្រុល​និយម​ ជាតិ​និយម​ជ្រុល​ហួស​ហេតុ​​ គណបក្ស​គ្មាន​បាន​ប្រយោជន៍​ទេ ប៉ុន្តែ​លក្ខខ័ណ្ឌ​នៃ​ប្រជាធិបតេយ្យ​សេរីពហុបក្ស​​ គេ​ចេះ​តែ​គោរព​​សិទ្ធិ​នយោបាយ​ហ្នឹង​ទៅ​ ប៉ុន្តែ​គ្មាន​ប្រជាពលរដ្ឋ​អាល្លឺម៉ង់​ណា​ទៅ​ឲ្យ​អស់​លោក​គណបក្ស​ជ្រុល​និយម ​ដូច​នេះ​ជាប់​ឆ្នោត​បានទេ​។​ ឯប្រជាពលរដ្ឋ​កម្ពុជា​ទោះ​បី​ជា​យើង​អនុវត្ត​ប្រជាធិបតេយ្យ​ទើប​បាន​ជិត​ ២០ ឆ្នាំ បើប្រៀប​ធៀប​នៅ​អាមេរិក​ក្តី នៅ​អាល្លឺម៉ង់​ក្តី ខុស​គ្នា ឆ្ងាយ​ណាស់​ ប៉ុន្តែ​ប្រជាពល​រដ្ឋ​ខ្មែរ​ ក៏​​មាន​បទ​ពិសោធន៍​យ៉ាង​ច្បាស់​មិន​អាច​យក​ពួក​ជ្រុល​និយម​ ឲ្យ​មក​ដឹក​នាំ​ប្រទេស​ទេ ពីព្រោះ​ចំណុច​នេះ​ហើយ​បាន​ជា​នយោបាយ​ជ្រុល​និយម​របស់​ កឹម សុខា ក្តី របស់​គណបក្ស​ សម រង្ស៊ី ក្តី គឺ​បើ​មិន​កែ​ទេ​ គឺ​គ្មាន​ភ័ព​​វាសនា​ទេ ក្នុង​ជីវិត​នយោបាយ​ប្រកួត​ប្រជែង​នោះ គ្រាន់តែ​បញ្ហា​យើង​គួរ​ពិចារណា​ប៉ុណ្ណេះ​ទេ ថា​តើ​មាន​ចរន្ធ​នយោបាយ​ណា​ផ្សេង​ទៀត​អាច​ដើរ​តួរ​ជា​ គណបក្ស​ប្រឆាំង​ក្នុង​ន័យ​ប្រជាធិបតេយ្យ​ ដើម្បី​កុំ​ឲ្យ​គណបក្ស​ប្រឆាំង​ អាឡិអាឡក់​ទាំង​អស់​ហ្នឹង​ មកទប់​ស្កាត់​ដំណើរ​ការ​ប្រជាធិប​តេយ្យ​ យើង​ជំនួស​​ដោយ​កម្លាំង​នយោបាយ​មួយ​ផ្សេង​ទៀត​ ដែល​ផ្តល់​នូវ​ជម្រើស​ អាហ្នឹង​យើង​ថា ល្អ​ប៉ុន្តែ​ខ្ញុំ​ជឿថា ពិបាក​រក​បន្តិច​ ព្រោះ​ថា ការ​ធ្វើ​នយោបាយ​​វាទាម​ទារ​នូវ​សមត្ថភាព​ ទាម​ទារ​នូវ​សុឆន្ទៈ​ សុភ័ក្ត​វិនិច្ឆ័យ​ចំពោះ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​សព្វ​ថ្ងៃ។​ បើ​គណបក្ស​ទាំង​អស់​នោះ​ ទោះ​កើត​ថ្មី​ កើត​ក្រោយ​នៅ​តែ​មិន​ទទួល​ស្គាល់​​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​​ បច្ចុប្បន្នទេ​ ហើយ​នៅ​តែ​ឈរ​ជំហរ​ដូច​ កឹម សុខា ដូច​ សម រង្ស៊ី ទេ ទោះ​គណបក្ស​ថ្មី​ហ្នឹង​ កើត​មួយ​រយ​លាន​ដង​ក៏​ដោយ​ ក៏​គ្មាន​បាន​ប្រយោជន៍​អ្វី​សម្រាប់​ដំណើរ​ការ​ប្រជាធិបតេយ្យ​ដែរ​៕
សម្រង់ព័ត៌មាន លោក នូសាវុធឌី

សម្តេច​តេជោ៖ ​សម័យនេះ​ ផ្លូវ​ជាតិ​ដែល​មាន​ទទឹង ៧ ម៉ែត្រ ​វាលែង​សម​ស្រប​ទៅ​ហើយ


កំណាត់ ​ផ្លូវជាតិ​លេខ​ ៦អា​ ដែល​បាន​បើក​ការដ្ឋាន​ពង្រីក​បន្ថែម​នាព្រឹក​​ថ្ងៃ​ទី ​១៤ កុ​ម្ភៈ ឆ្នាំ ២០១២​ មាន​ប្រវែង ​៤០,៥​ គីឡូម៉ែត្រ​ចាប់ពី​គីឡូម៉ែត្រ​លេខ​ ៤​ ខាងមុខ​ក្រសួង​សុខាភិបាល​ថ្មី​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ ទៅ​ដល់​ថ្នល់កែង​ ក្នុង ​ស្រុក​បាធាយ​ខេត្ត​កំពង់ចាម​ ត្រូវ​បាន​ សម្តេច​អគ្គ​មហាសេនា​បតីតេ​ជោ ហ៊ុន សែន កំណត់​​ឈ្មោះ​ជា​ថ្នី​ថា ​«ផ្លូវ​ជាតិ​លេខ​៦»ដោយលែង​ហៅ​ផ្លូវ​ជា​តិ​លេខ​ ៦ អា (A) ​ទៀត​ហើយ​​​។​

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​មានប្រសាសន៍ថា យោងតាម​សភាពការណ៍​ជាក់ស្តែង យើង​គប្បី​បញ្ចប់ ការ​​ហៅ​ ផ្លូវ​នេះ ជា​កំណាត់​ផ្លូវ​លេខ ៦អា  គឺ​យើង​គប្បី​ហៅ​ផ្លូវ​នេះ​ជា«ផ្លូវជាតិ​លេខ៦»តែ​ម្តង។ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ មានប្រសាសន៍ថា នៅក្នុង​សម័យនេះ ផ្លូវជាតិ​ដែលមាន​ទទឹង ៧ ម៉ែត្រ​វា លែង​សមស្រប​ទៅនឹង​សភាពការណ៍​ហើយ ផ្លូវជាតិ ដែលមាន​ទទឹង ៧ ម៉ែត្រ​វា​អាច​សមស្រប​ទៅនឹង​ទស​វត្ស ៦០ ឬ​ទសវត្ស ៧០ ឬ​ទសវត្ស ៨០ និង រហូតមកដល់​ទសវត្ស ៩០ ក៏​វា​នៅ​សមស្រប។ ប៉ុន្តែ​ចូលមក​ចុង​ទសវត្ស ៩០ ផ្លូវ​មួយចំនួន​យើង​បាន​ចាប់​ពង្រីក​ទទឹង ១១ ម៉ែត្រ ហើយ​​ឥឡូវ​នេះ ទទឹងផ្លូវ ១១ ម៉ែត្រ​ក៏​នៅ​តែ​តូច។ សម្តេច​តេ​ជោ​បញ្ជាក់​ ថា យើង​កំពុងតែ​រក​ទុន​ដើម្បី ពង្រីក​​ផ្លូវ​នានា​របស់​យើង​បន្ថែមទៀត។ “ខ្ញុំ​ពិតជា​មាន ការសប្បាយរីករាយ​ណាស់ ដោយសារតែ​ការផ្លាស់ប្តូរ​មុខមាត់​ថ្មី​របស់​យើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ តាមរយៈ នៃ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​កម្លាំង​យើង​ផ្ទាល់​ផង និង ដោយ​មិត្តភក្តិ​ជួយ​ផង ហើយ​ក្នុងនោះ សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ជួយ​ច្រើនជាងគេ”។ 

សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្រ្តី​មានប្រសាសន៍បញ្ជាក់ ​ថា ការវិវឌ្ឍន៍​​នេះ​បានកើត​ចេញពី​ស្មារតី​នៃ​សហ​ប្រតិ​ប​តិ្ត​ការ​មិត្តភាព រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​ប្រជាមានិត​ចិន។សម្តេច​តេ​ជោ​ បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹមថា លោក​ទូត​ក៏​នឹងចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ ៦ រហូត​ដល់​ខេត្តសៀមរាប​នៅពេល​ខាងមុខនេះ។

សម្តេច​តេ​ជោ​ ថ្លែងឲ្យ​ដឹង​ថា ក្រោម​កម្ចីសម្បទាន​រប​ស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង ថវិកា​បដិភាគ​​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទឹកប្រាក់​ដែល​ត្រូវ​ប្រើប្រាស់​ ក្នុង​គម្រោង​នេះ​សរុប​ប្រមាណ ៧០ លាន ២ សែន ៥ ម៉ឺន​ដុល្លា​សហ រដ្ឋ​អាមេរិក ។ ​ការសាងសង់​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ ៦ ពី ៧ ម៉ែត្រ​ដល់ ២៦ ម៉ែត្រ សាងសង់​ស្ពាន ថ្មី​ចំនួន ២៦ កន្លែង ប្រវែង ១ ពាន់ ៣៧០ ម៉ែត្រ។ ក្នុងនោះ​សាងសង់​ស្ពាន​ថ្មី​ចំនួន ២៣ កន្លែង​មាន​ទ​ទឺង ២៥ ម៉ែត្រ​ជំនួស​ស្ពាន​ចាស់​ដែល​តូចចង្អៀត និង សាងសង់​ស្ពាន​ភ្លោះ​ថ្មី ៣ កន្លែង​ទៀត នៅ​អម​សងខាង ស្ពាន​ចាស់​មាន​ទទឹង ១២ ម៉ែត្រ​កន្លះ លូ​គ្រប់​ប្រភេទ ៩ កន្លែង​ប្រវែង ២៣៨ ម៉ែត្រ និង ខ្នែង​ផ្លូវ​ប្រសព្វ​ប្តូរ ទិស​ចរាចរណ៍​ទំនើប​មួយកន្លែង​ប្រវែង ១៥០ ម៉ែត្រ។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន​ថ្លែងថា សំរាប់​តួ​ផ្លូវ​ដែល​សាង សង់​នឹងត្រូវ​លើក​កំពស់ និង ពង្រីក​ទៅតាម​លក្ខណៈ​បច្ចេកទេស ២ ផ្សេងគ្នា ក្នុងនោះ​សំរាប់​ផ្លូវ​ក្នុង​ក្រុង ជា​កំរិតស្តង់ដារ​ផ្លូវធំ ផ្លូវ​ក្នុង​ក្រុង​នៃ​ក្រម​រចនា​ប្លង់​របស់​ប្រទេស​ចិន។ កំរាល​ផ្លូវ​ជា​ប្រភេទ​បេតុង​កៅស៊ូ AC តួ ផ្លូវ​មាន​ទទឹង ២៦ ម៉ែត្រ ដែលមាន​ទ្រូង​ថ្នល់​ចាក់​កៅស៊ូ សំរាប់ធ្វើ​ចរាចរណ៍​ទ​ទឹង ២០ ម៉ែត្រ​កន្លះ​ក្នុងនោះ គន្លង​ទិសដៅ​ចរាចរណ៍​សំរាប់​រថយន្ត​ទទឹង ៣ ម៉ែត្រ​កន្លះ មាន ៤ គន្លង(ពីរ​ទៅ​ពី​មក)គន្លង​សំរាប់​ម៉ូតូ​ទទឹង ៣ ម៉ែត្រ​មាន ២ គន្លង(មួយ​ទៅមួយ​មក) គែម​ផ្លូវ​ទទឹង ២ តឹក​កន្លះ​សងខាង សួន​ពុះ​ចែក​កណ្តាល​ទ្រូងផ្លូវ និង ទិសដៅ​ចរាចរណ៍​ទទឹង ២ ម៉ែត្រ​កន្លះ មាន​បង្គោល អគ្គិសនី​មួយ​ជួរ លូបង្ហូរទឹក​ភ្លៀង​ទទឹង១ម៉ែត្រ​កន្លះ សងខាង។ដោយឡែក​សំរាប់​ផ្លូវ​ក្រៅ​ក្រុង​ស្តង់ ដារ​ផ្លូវ​កំរិត​ផ្លូវ​ទី ១ នៃ​រចនា​ប្លង់​របស់​ប្រទេស​ចិន។ កំរាល​ផ្លូវ ជា​ប្រភេទ​បេតុង​កៅស៊ូ AC តួ​ផ្លូវ​មាន​ទទឹង ២៦ ម៉ែត្រ ដែលមាន​ទ្រូង​ថ្នល់​ចាក់​កៅស៊ូ​សំរាប់ធ្វើ​ចរាចរណ៍ ទទឹង ២០ ម៉ែត្រ​កន្លះ ក្នុងនោះ​គន្លង​ទិសដៅ​ចរាចរណ៍​សំរាប់​រថយន្ត​ទទឹង ៣ ម៉ែត្រ​កន្លះ​មាន ៤ គន្លង (ពីរ​ទៅ​ពី​មក)គន្លង​សំរាប់​ម៉ូតូ​ទទឹង ៣ ម៉ែត្រ មាន ២ គន្លង (មួយ​ទៅមួយ​មក)គែម​ផ្លូវ​ទទឹង ២ តឹក​កន្លះ​សង ខាង​សួន​ពុះ​ចែក​កណ្តាល​ទ្រូងផ្លូវ និង ទិសដៅ​ចរាចរណ៍ ទទឹង ២ ម៉ែត្រ​កន្លះ​ជាយ​ផ្លូវ​ក្រាល​ដីក្រហម​ទទឹង ១ ម៉ែត្រ​សងខាង។
ឯកឧត្តម ផាន គ័ង​ស៊ា ឯកអគ្គរដ្ឋ​ទូត​នៃ​សាធារណ​រដ្ឋ​ប្រជាមានិតចិន​ មានប្រសាសន៍កត់​សម្គាល់​ថា  នៅពេលដែល​កំណាត់​ផ្លូវជាតិ​លេខ ៦ នេះ​សាងសង់​រួចរាល់ នឹង​ក្លាយទៅជា​ផ្លូវ​នាគ​បៃតង និង ជា​ផ្លូវ​ដែលមាន​សេចក្តីសង្ឃឹម​យ៉ាងពិត​ប្រាកដ។ ឯកឧត្តម​ឯកអគ្គរដ្ឋ​​ទូតចិន​​មាន​ប្រ​សាសន៍​ថា ចំណងមិត្តភាព​កម្ពុជា-ចិន​បាន​បន្ត​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ប្រជាជន​ចិន​យក​ប្រជាជន កម្ពុជា​ជា​មិត្ត​ល្អ មិត្ត​ពិតប្រាកដ​អាច​ជឿ​ទុកចិត្តបាន ពឹងផ្អែក​បាន ហើយ​ជានិច្ចកាល​ប្រជាជន​កម្ពុជា​តែង តែ​គាំទ្រ​ដល់​ភាគី​ចិន​លើ​គ្រប់បញ្ហាសំខាន់ៗដែល​ពាក់​ព​ន្ធ័​និង​ ផលប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ ចំណែក ភាគី​ចិន​នឹង​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​តាម​មាគ៌ា​អភិវឌ្ឍន៍​ប្រកបដោយ​ឯក រាជ្យ និង ភាពម្ចាស់ការ​បំផុត។

កំណាត់ ​ផ្លូវជាតិ​លេខ ៦ ប្រវែង ៤០ គីឡូម៉ែត្រ​កន្លះ ដែល​ប្រារព្វ​ពិធីបើកការដ្ឋាន​សាងសង់ ពង្រីក​នៅពេលនេះ ស្ថាបនា​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​គ្រុប និង ត្រួតពិនិត្យ​បច្ចេកទេស ដោយ​ក្រុម ហ៊ុន​សំណង់​ក្វាង​ចូ​វ​វ៉ាន​អាន របស់​ប្រទេស​ចិន និង​រយៈពេល​សាងសង់ ៣៨ ខែ ដោយ​គ្រោង​បញ្ចប់​នៅ​ខែ កុម្ភៈ​ឆ្នាំ ២០១៦ ខាងមុខនេះ។ ផ្លូវជាតិ​លេខ៦គឺជា​ផ្លូវ​ដ៏​សំខាន់បំផុត​ក្នុង​បណ្តាញ​ផ្លូវ​គមនាគមន៍​របស់ ​ប្រទេស​កម្ពុជា និង ក៏​ជា​ផ្លូវ​មួយ​ដែលមាន​ការធ្វើ​ចរាចរ​ណ៍​ដ៏​មមាញឹក​ជាងគេ គឺអាច​និយាយបានថា ផ្លូវជាតិ​លេខ ៦ ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​ធំ​របស់​កម្ពុជា។ ផ្លូវ​នេះ​ទៀតសោត​មិន​គ្រាន់តែ ត​ភ្ជាប់​រាជធានី​ភ្នំពេញ​ទៅកាន់​ប្រាសាទ​អង្គរ ដែលជា​រតនៈសម្បត្តិរ​បស់​អរិយធម៌​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ត​ភ្ជាប់​ទៅកាន់​ខេត្តបន្ទាយមានជ័យ ប៉ោយប៉ែត និង ភូមិភាគ​ពាយព្យ​ក្លាយទៅជា​ច្រករបៀង សេដ្ឋកិច្ច​ដែល​ត​ភ្ជាប់​ជាមួយនិង​ប្រទេស​ថៃ។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ដាស់តឿន​យុវជន​បង្កើត​ចិត្ត​ស្រឡាញ់​មួយជី​វិត​


សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​​ ដាស់តឿន​ដល់​យុវជនយុវនារី​កម្ពុជា​ កុំ​ឲ្យ​ប្រែ​ក្លាយ​ទិវា​នៃ​សេចក្តីស្រឡាញ់ ថ្ងៃ​១៤​កុម្ភៈ ដែល​គេ​​ហៅ​ថា Valentine’s day  ទៅ​ជា​ការដឹក​ដៃ​គ្នា​ឡើង​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​។ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ឧទ្ទិស​ដល់​សេចក្តីស្រឡាញ់ ត្រូវ​កើតមាន​ក្នុង​ដួងចិត្ត​យុវជន ឲ្យបាន​គ្រប់ ៣៦៥ ក្នុង​មួយ​ឆ្នាំ និង​មាន​រៀង​រហូត​មួយ​ជីវិត​។​​​

ក្នុង ​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់ ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ ៦ អា ចាប់ពី​គីឡូ​ម៉ែត្រ​លេខ ៤ ខ័ណ្ឌ​ឬស្សីកែវ​ រាជធានីភ្នំពេញ​ ដល់​ថ្នល់កែង ស្រុ​ក​បាធាយ​ ខេត្ត​កំពុង​ចាម​ ក្រោម​ប្រាក់កម្ចីសម្បទាន​​របស់សាធារណរដ្ឋ​ប្រជាមានិត​​ចិន នា​​ព្រឹក​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី បាន​លើកឡើង​ថា "​ថ្ងៃនេះ ជា​ថ្ងៃ​បុណ្យ​នៃ​សេចក្តីស្រឡាញ់ តែ​ការស្រឡាញ់​នេះ មិនមែន​ទៅ​នាំគ្នា​ឡើង​អូ​តែ​ល​ទេ​។ កុំ​... ហើយ​ក៏​​មិនមែន​ជា​វប្បធម៌​របស់​ខ្មែរ​ទៅ​ទៀត ហើយ​ស្រឡាញ់​ក៏​មិនមែន​មួយ​ថ្ងៃ​ដែរ​។ ស្រឡាញ់ ត្រូវមាន ៣៦៥ ថ្ងៃ កុំ​ស្រឡាញ់​តែ​មួយ​ថ្ងៃ​។ ស្រឡាញ់​តែ​មួយ​ថ្ងៃនេះ​មិន​គង់វង្ស​ទេ​។ ត្រូវតែ​ស្រឡាញ់ ៣៦៥ ថ្ងៃ​"​។​​​

សម្តេចតេជោ​ បានមាន​ប្រសាសន៍​​គូសបញ្ជាក់ថា "​សុំ​ផ្តាំផ្ញើ​ទៅ​ក្មួយៗ ហើយ​បើ​បានជា​ស្រឡាញ់ ត្រូវ​ស្រឡាញ់​មួយ​ជីវិត​ទៅ​។ ស្រឡាញ់​មិនមែន​តែ​ថ្ងៃ​បុណ្យ​សង្សារ​ទេ ( បុណ្យ​សេចក្តីស្រឡាញ់ ថ្ងៃ​១៤​កុម្ភៈ ) នេះ​ជា​វប្បធម៌​របស់​បរទេស​ទេ​។ ស្រឡាញ់​របស់​ខ្មែរ ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​ស្រឡាញ់​ដែរ​។ សម្តេច​តេជោ​បាន​ផ្តល់​ អនុសាសន៍ថា ឥឡូវ​បើ​យើង​រាំង​ស្កាត់​ចំពោះ​យុវជន​ក៏​វា​លំបាក តែ​សុំ​ឲ្យ​យុវជន​យុវនារី យល់ឃើញថា នេះ​មិនមែន​ជា​វប្បធម៌​របស់​យើង​ទេ ក៏ប៉ុន្តែ​ធ្វើ​ម៉េច​បើ​ក្មួយ ឬ​ក៏​អ្នក​ដទៃ បានជា​ធ្វើ​អា​ហ្នឹង ( ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់ ថ្ងៃ​១៤​កុម្ភៈ ) ទៅហើយ​។ បុណ្យ​នៃ​ក្តីស្រឡាញ់ ហើយ​អាក្តី​ស្រឡាញ់​របស់​យើង​ គឺ​មិនមែន​សំដៅ​តែ​ចំពោះ​ប្រុស​ស្នេហ៍ ឬ​ស្រី​ស្នេហ៍​នោះទេ អាហ្នឹង​ឲ្យតែ​ស្រឡាញ់ ហើយ​កុំឲ្យ​ស្រឡាញ់​តែ​មួយ​ថ្ងៃ សុំ​ឲ្យ​ស្រឡាញ់​មួយជីវិត ហើយ​ស្រឡាញ់ ២៤​ម៉ោង ស្រឡាញ់​មួយអាទិត្យ ស្រឡាញ់​មួយខែ ស្រឡាញ់ ៣៦៥ ថ្ងៃ ក្នុង​មួយ​ឆ្នាំ ស្រឡាញ់​ត​រៀង​រហូត​ទៅ​។ កុំ​ស្រឡាញ់​តែ​មួយ​ថ្ងៃនេះ ហើយ​ស្អែក​បោះបង់ចោល​"​។​​​