Saturday, June 30, 2012

សេច​ក្តី​ជូន​ព័ត៌មាន របស់​នាយកដ្ឋាន​ព័ត៌មាន និង​ឯកសារ អាស៊ាន កម្ពុជា២០១២ ស្តីអំពី​កិច្ច​ប្រជុំអា​ស៊ាន ថ្ងៃទី ០៦ ដល់១៣ កក្កដា ២០១២



Press Release of Department of Information and Documentation of ASEAN Cambodia 2012



វិចារណកថា៖ ការចោទប្រកាន់ដោយគ្មានវិចារណញ្ញាណចំពោះករណីដីសម្បទានសេដ្ឋកិច្ច


វិចារណកថា
ការចោទប្រកាន់ដោយគ្មានវិចារណញ្ញាណចំពោះករណីដីសម្បទានសេដ្ឋកិច្ច
ដោយ រាជ្យ សុវណ្ណនគរ
         
នៅក្នុង​រយៈពេល​ថ្មីៗ​នេះ និង ជា​ពិសេស បន្ទាប់​ពីពិធី​សំណេះ​សំណាល​របស់ សម្តេច​អគ្គមហា​សេ​នា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា ជាមួយ​យុវជន​ស្ម័គ្រចិត្ត ជាង​១០០០ នាក់ ដើម្បីជួយ​វាស់វែង និង កសាង​ប័ណ្ណសំគាល់​សិទ្ធិកាន់​កាប់ដី​ធ្លីជូន​ប្រជាពល​រដ្ឋនៅ​ទូទាំង​ប្រទេស​រួច​មក យើងសង្កេតឃើញថា កាសែត The Cambodia Daily បានធ្វើកា​រចុះផ្សាយ​កែ​តម្រូវ​ឡើងវិញ​កាលពី​ថ្ងៃ​ទី២៧ ខែមិថុនា​នេះ តាមរបៀប អង្អែល​ខ្នង ខោក​ក្បាល និង អ្នក​ចេះដឹង​ខុស​តម្រា គ្មាន​បទ​ពិសោធន៍​ពាក់ព័ន្ធ​នឹង​ការងារ និង មិនស្គាល់​បែប​បទនី​តិវិធី​រដ្ឋបាល​បន្តិច​សោះ​នោះ បាន​បន្ត​ចោទ​ប្រកាន់​វិធាន​ការ​របស់​សម្តេច​តេជោ គឺជា​ការខុស​នឹង​ច្បាប់។
          អ្នកសារ​ព័ត៌មាន​ដែល​តាំងខ្លួន​ឯង​ថាជា​អ្នកមាន​វិជ្ជាជីវៈ​ អ្នក​សង្គម​ស៊ីវិល និង អ្នកន​យោ​បាយ​ ដែល​បង្ក​បញ្ហា​ដើម្បី​បំផ្លិច​ផ្លាញ ត្រូវសិក្សា​ស្វែង​យល់​ឲ្យបាន​ច្បាស់អំពី​វិធាន​ការរ​បស់​សម្តេច​តេជោ និង បទបញ្ជា​លេខ ០១ បប ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ ស្តីពី​ការពង្រឹង ​និង​ បង្កើន​ប្រសិទ្ធ​ភាព​នៃការ​គ្រប់​គ្រង​សម្បទាន​ដី​សេដ្ឋ​កិច្ច ទាំង​ពាក្យ​ពេជ្រ និង បែប​បទ​នីតិវិធី​រដ្ឋបាល​នៃចំណាត់​ការ​ការងារ។
នៅក្នុង​បទ​បញ្ជា​នេះ បាន​ចែង​យ៉ាង​ច្បាស់​អំពី ១.ការ​ផ្អាក​ជាប​ណ្តោះ​អាសន្ន​នូវកា​រផ្តល់​សម្បទាន​ដី​​​សេដ្ឋ​កិច្ច ដោយ​រួមទាំង​គម្រោង​ស្នើសុំទាំង​ឡាយណា​ដែលមិន​ទាន់​ទទួល​បានកា​រឯកភា​ព​ជាគោល​ការណ៍​​ដោយ​អាជ្ញាធរ​រដ្ឋបាល​មាន​សមត្ថ​កិច្ច ២.ពង្រឹង​ការអនុវត្ត​គោល​នយោបាយ និង លក្ខខណ្ឌ​ទាំងឡាយ​ដែល​ចេញ​ដោយ​រាជរ​ដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ដីសម្បទាន​សេដ្ឋកិច្ច ការអនុវត្ត​កិច្ចសន្យា សៀវភៅ​បន្ទុក​របស់​សម្ប​ទានិក និង ជាពិសេស​ការអនុវត្ត​គោល​នយោបាយ​រូបមន្ត​ស្បែក​ខ្លា មាន​ន័យថា បើប៉ះ​ពាល់ដី​សហ​គមន៍ ដីប្រជាពល​រដ្ឋ ត្រូវផ្តល់​អត្ថប្រ​យោជន៍​ពិត​ប្រាកដ និង អត្ថិភា​ពជូន​ប្រទេសជាតិ និង ប្រជាពល​រដ្ឋ ៣.ក្រុមហ៊ុន​ទាំងឡាយ​ដែលមិន​អនុវត្តតាម​កិច្ច​សន្យា សៀវភៅ​បន្ទុក គោល​នយោបាយ និង បទបញ្ជា​របស់​រាជរដ្ឋាភិបាល នឹងត្រូវ​ដកហូត​មកវិញ និង ៤.ចំពោះ​សម្បទាន​ដីសេដ្ឋ​កិច្ចដែល​ទទួល​បាន​ការ​អនុញ្ញាត​ជាគោល​ការណ៍​ពីរដ្ឋា​ភិបាល​រួចហើយ មុនបទ​បញ្ជា​ចេញ ត្រូវបន្ត​អនុវត្ត​តាមគោល​ការណ៍​ច្បាប់ និង នីតិវិធី​ជាធរមាន។ ទាំងនេះ គឺជានីតិ​វិធីច្បាប់​ដែលត្រូវ​ប្រកាន់​ភ្ជាប់ក្នុង​នាមជា​ប្រទេស​គោរពច្បាប់។
នៅត្រង់​ចំណុចទី ៤ ចុង​ក្រោយ​នេះហើយ​ដែលអ្នក​សារព័ត៌មាន និង អ្នក​នយោបាយ​មួយចំនួន បានចោទ​ប្រកាន់​រាជរដ្ឋា​ភិបាល និង ជាពិសេស សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី ថាបាន​អនុវត្ត​ខុសច្បាប់ និង បទបញ្ជា​របស់ខ្លួន​ឯងដែល​បានចេញ​រួចហើយ។ ក៏ប៉ុន្តែ​ផ្ទុយទៅវិ​ញ អ្នក​ទាំងនេះ មានចេត​នារិះគន់ ដើម្បី​បង្កភាព​រាំងស្ទះ​ដល់ការ​អនុវត្តគោល​នយោបាយ​របស់រាជ​រដ្ឋាភិបាល បំភាន់​មតិសាធារ​ណៈជន និង កេង​យកចំណេញ​ផ្នែក​នយោបាយ​តែប៉ុណ្ណោះ។
តែទោះ​បីជាយ៉ាង​ណាក៏ដោយ ការ​សម្រេចចិត្ត និង បទបញ្ជា​របស់រាជ​រដ្ឋាភិបាលនេះ គឺជាការ​សម្រេច​ដ៏ត្រឹមត្រូវ និង ប្រកប​ដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ដែល​ជាវិធាន​ការដោះ​ស្រាយបញ្ហា​ដីធ្លីស៊ី​ជម្រៅ ដល់ឫស​គល់ និង ឈ្នះ-ឈ្នះ សម្រាប់ប្រជា​ជាតិ និង​ប្រទេស​ជាតិ​ខ្មែរ​ទាំងមូល ដែល​ជាបុរេ​លក្ខខណ្ឌ​មួយដ៏សម​ស្របបំផុត ដោយ​មានការ​អប់អរ​សាទរ​ទទួល​យក និង ចូល​រួម​ពីសំណាក់​ប្រជាជន​គ្រប់ជាន់​ថ្នាក់ ក្នុងការ​បញ្ចប់​ទំនាស់ ការមន្ទិល​សង្ស័យ និងការអភិវឌ្ឍសេដ្ឋកិច្ច​សង្គមប្រក​បដោយ​ចីរភាព​ ជាពិសេស​ការកាត់​បន្ថយភាព​ក្រីក្ររបស់​ប្រជាពលរដ្ឋ​នៅសហគមន៍​ជនបទ៕