Sunday, September 9, 2012

ស្ថានភាព​អាកាសធាតុថ្ងៃទី៩ខែកញ្ញានិង​ព្យាករ​ណ៍អាកាសធាតុ​ថ្ងៃ​ទី​១០ខែដល់​ថ្ងៃ​ទី១២​ខែកញ្ញាឆ្នាំ​២០១២





លោក​លឹ​ម​គាន​ហោ​ចុះ​ចែក​អត្ដសញ្ញាណប័ណ្ណ​ជូន​ប្អូនៗ​ក្មួយៗ​ចំនួន​៦.៣១៤​នាក់​

ដោយ​ ៖ សុខ​ ​ខេមរា
​ខេត្ដកណ្ដាល​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​៩​ ខែកញ្ញា​ ឆ្នាំ​២០១២​ លោក​ លឹ​ម​ គាន​ហោ​ រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​  អនុប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ខេត្ដកណ្ដាល​ និង​ជា​ប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​ពញាឮ​ បាន​អញ្ជើញ​ចុះ​ចែក​អត្ដ​ សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្អូនៗ​ ក្មួយៗ​យុវជន​ចំនួន​៦.៣១៤​នាក់​ ។​
​ពិធី​ប្រគល់​អត្ដសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នេះ​បាន​ធ្វើ​ឡើង​នៅ​ស្នាក់​ការ​រ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ពញាឮ​ ខេត្ដកណ្ដាល​ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ សមាជិក​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំ​ ស្រុក​ពញាឮ​ ។​
​លោក​រដ្ឋមន្ដ្រី​បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​ប្អូនៗ​ ក្មួយៗ​យុវជន​ទាំងអស់​ដែល​ទើបនឹង​គ្រប់​អាយុ​បោះ​ឆ្នា​ត​ និង​ទទួល​បាន​អត្ដ​ សញ្ញាណ​ប័ណ្ណ​ថ្ងៃនេះ​ មេត្ដា​រួសរាន់​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​បាន​ទាន់​ពេលវេលា​ ព្រោះ​សន្លឹក​ឆ្នោត​របស់​ប្អូនៗ​ ក្មួយៗ​មាន​តម្លៃ​ណាស់​សម្រាប់​ប្រទេស​ជាតិ​ ។​
​លោក​អនុប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​គណបក្ស​ប្រជាជន​ខេត្ដកណ្ដាល​ បាន​ជំរុញ​ដល់​គណៈ​ពង្រឹង​ឃុំ​ មេត្ដា​យកចិត្ដទុកដាក់​ឱ្យ​អស់ពី​កម្លាំងកាយ​ធ្វើ​យ៉ាងណា​ជួយ​ដឹក​ប្អូនៗ​ក្មួយៗ​ដែល​ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នា​ត​ឱ្យ​បាន​គ្រប់ៗ​គ្នា​ផង​ ៕

ព្រឹត្តិបត្រ​ព័ត៌មាន​និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់​សម្រាប់ថ្ងៃ​ទី​៩ខែកញ្ញា​និង​ថ្ងៃ​ទី​១០ដល់​ថ្ងៃ​ទី​១២ខែកញ្ញាឆ្នាំ​២០១២​​


ស្ថានភាព​អាកាសធាតុថ្ងៃទី៨ខែកញ្ញានិង​ព្យាករ​ណ៍អាកាសធាតុ​ថ្ងៃ​ទី​៩ខែដល់​ថ្ងៃ​ទី១១​ខែកញ្ញាឆ្នាំ​២០១២





ព្រឹត្តិការណ៍នយោបាយប្រចាំសប្តាហ៍

ភ្នំពេញ: ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លងទៅ​នេះ គិតពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១២ មាន​រឿងរ៉ាវ​នយោបាយ​ជាតិ​ជាច្រើន​បាន​កើតឡើង​។ សម្រាប់​ព្រឹត្តិការណ៍​នយោបាយ​ប្រចាំ​សប្តាហ៍​នេះ គេហទំព័រ CEN សូម​សង្ខេប​ជូន​នូវ​ហេតុការណ៍​សំខាន់ៗ មួយចំនួន ដូចខាងក្រោម​៖ 

១. សហជីព​កម្មករ ស្នើសុំ​រដ្ឋមន្ត្រីក្រសួង​ការងារ ឲ្យ​កម្មករ​បាន​ឈប់សម្រាក ដើម្បី​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​

​ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា​មុនី បាន​សរសេរ​លិខិត​មួយច្បាប់ ជូន​លោក វង សូ​ត រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ស្នើសុំ​លោក​រដ្ឋមន្ត្រី ជួយ​អន្តរាគមន៍​ឲ្យ​ថៅកែ​រោងចក្រ សហគ្រាស អនុញ្ញាត ផ្តល់​ឱកាស​ដល់​កម្មក​រ កម្មការិនី ឈប់សម្រាក បាន​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ លោក ជា មុនី បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី ថា ប្រតិទិន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានកំណត់​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១២​។ ក្នុងខណៈ​ពេល​នេះ ដើម្បី​បំពេញ​សិទ្ធិ និង​ករណីយកិច្ច​ជា​ពលរដ្ឋ​ពេញលក្ខណៈ គឺ​កម្មករ កម្មការិនី ដែល​ធ្លាប់​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​រួចហើយ នៅតាម​បណ្តា​ឃុំ​-​សង្កាត់ ឯ​ស្រុកកំណើត​របស់​ពួកគេ តែ​ពួកគេ​បាន​មក​បម្រើ​ការងារ​នៅក្នុង​រោងចក្រ សហគ្រាស ក្រៅ​ទីតាំង​ស្រុកកំណើត ត្រូវការ​ឱកាស​ឈប់សម្រាក​ទៅ​ចូលរួម​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​របស់​ពួកគេ​។ ដោយឡែក កម្មករ កម្មការិនី ដែល​ដល់​អាយុ​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត នៅតាម​បណ្តា​ឃុំ​-​សង្កាត់ ឯ​ស្រុកកំណើត​របស់​ពួកគេ​នោះ គឺ​ពួកគេ​ក៏​ត្រូវការ​ពេលវេលា​ទៅ​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត តាម​ការកំណត់​ផងដែរ​។​

​លោក ជា មុនី បាន​គូសបញ្ជាក់​ជម្រាបជូន​លោក វង សូ​ត ថា "​ដូច្នេះ ខ្ញុំបាទ​សូម​សំណូមពរ​ឯកឧត្តម មេត្តា​ជួយ​អន្តរាគមន៍​ឲ្យ​ថៅកែ (​និយោជក​) ឬ​អ្នក​គ្រប់គ្រង​រោងចក្រ សហគ្រាស អនុញ្ញាត​ផ្តល់ឱកាស​ដ៏​សមស្រប តាម​ចម្ងាយ​នៃ​ទីតាំង​ជាក់ស្តែង ដល់​កម្មករ កម្មការិនី បាន​ទៅ​ចូលរួម​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ ដោយ​មិន​តម្រូវ​ឲ្យ​កាត់​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ ដែល​ត្រូវ​ទទួលបាន ដោយ​ក្តី​អនុគ្រោះ​"​។​

២. ក្រសួង​ការងារ អនុញ្ញាត​ឲ្យ​កម្មករឈ​ប់​សម្រាក ដើម្បី​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​

​ជា​ការឆ្លើយតប​នឹង​សំណើ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តីជូនដំណឹង ដើម្បី​អនុញ្ញាត​ឲ្យ​កម្មករនិយោ​ជិត ឈប់​សម្រាក​ពី​មួយថ្ងៃ ទៅ​បី​ថ្ងៃ ដើម្បី​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ធ្វើ​នៅ​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២ បង្ហាញថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តីជូនដំណឹង​លេខ​២៥០ កប​/​ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១២ ណែនាំ​ដល់​ម្ចាស់ និង​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ដែល​ស្ថិត​ក្នុង​ដែន​អនុវត្ត​ច្បាប់ ស្តីពី ការងារ ឲ្យ​បង្កលក្ខណៈ​ងាយស្រួល និង​អនុញ្ញាត​ឲ្យ​កម្មករនិយោ​ជិត​បាន​ឈប់សម្រាក ដើម្បី​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត តាម​កាលរិច្ឆេទ​ដូចខាងក្រោ​ម​៖

១-​កម្មករ និយោជិត ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ឬ​នៅក្នុង​ទី​រួម​ខេត្ត​ណាមួយ​នៃ​ខេត្ត​ទាំង​២៣ ហើយ​ត្រូវ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត នៅក្នុង​រាជធានី​ភ្នំពេញ​នោះ​ផ្ទាល់ ឬ​នៅក្នុង​ទី​រួម​ខេត្ត​នោះ​ផ្ទាល់ ត្រូវ​បាន​ឈប់សម្រាក​រយៈពេល​មួយថ្ងៃ គឺ​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១២​។​

២-​កម្មករ និយោជិត ធ្វើការ​នៅ​ក្នុង​ខេត្ត​ណាមួយ​នៃ​ខេត្ត​ទាំង​២៣ ហើយ​ត្រូវ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត នៅក្នុង​ខេត្ត​នោះ​ផ្ទាល់ ត្រូវបាន​ឈប់សម្រាក​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១២ និង​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១២​។​

៣-​កម្មករ និយោជិត ធ្វើការ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នៅ​ខេត្ត​ណាមួយ នៃ​ខេត្ត​ទាំង​២៣ ឬ​ធ្វើការ​នៅ​ខេត្ត​ណាមួយ​នៃ​ខេត្ត​ទាំង​២៣ ហើយ​ត្រូវ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នៅ​រាជធានី​ភ្នំពេញ ឬ​នៅ​ខេត្ត​ណាមួយ​ផ្សេងទៀត ត្រូវ​បាន​ឈប់សម្រាក​រយៈពេល​បី​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១១-១២-១៣ ខែតុលា ឆ្នាំ​២០១២​។​

៣. គណបក្ស​សង្គ្រោះ​ជាតិ ប្រមូល​ស្នាម​មេដៃ ឲ្យ​គ្រប់ ៤.០០០ នាក់​

​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រួម​គ្នា​បង្កើតឡើង​ដោយ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស មកដល់ពេលនេះ កំពុងតែ​ប្រមូល​ស្នាម​មេដៃ ឲ្យបាន​ចំនួន ៤.០០០ នាក់ តាម​ច្បាប់​តម្រូវ ដើម្បី​ឲ្យមាន​សុពលភាព ក្នុង​ការចុះបញ្ជី​បង្កើត​គណបក្ស​ថ្មី នៅ​ក្រសួង​មហាផ្ទៃ​។ ការដើរ​ប្រមូល​ស្នាម​មេដៃ​នេះ ធ្វើឡើង​ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​យល់ព្រម​តាម​ការស្នើសុំ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២​។​

​លោក ប៉ុល ហំ​ម អនុប្រធាន​គណៈកម្មាធិកា​រ​បណ្តោះអាសន្ន នៃ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ បាន​មានប្រសាសន៍ថា លោក​ទើបតែ​បាន​ទទួល​លិខិត​ពី​ក្រសួង​មហាផ្ទៃ ដែល​ចុះហត្ថលេខា​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ គឺជា​សេចក្តីស្នើសុំ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក ស ខេង បានអនុញ្ញាត​ឲ្យ​ហើយ​។​

​លោក ប៉ុល ហំ​ម បាន​បន្តថា ចំពោះ​ការប្រមូល​ស្នាម​មេដៃ ពី​សមាជិក​ចំនួន ៤.០០០ នាក់ ដាក់​ជូន​ក្រសួង​មហាផ្ទៃ សម្រាប់​សុំ​ចុះបញ្ជី​គណបក្សនយោបាយ គឺ​គណបក្ស​កំពុងតែ​ដំណើការ ហើយ​ការប្រមូល​ស្នាម​មេដៃ​នោះ គណបក្ស​នឹង​ប្រមូល​ឲ្យបាន​លើស​ចំនួន ៤.០០០ នាក់ មិន​ជា​ការ​ពិបាក​ទេ ដែល​នឹង​យកទៅ​ដាក់​ជូន​ក្រសួងមហាផ្ទៃ នៅ​ពេល​ខាង​មកនេះ គ្រាន់​តែ​គណបក្ស​ត្រូវការ​ពេល​បន្តិច​។​

​លោក ប៉ុល ហំ​ម បានបញ្ជាក់​ថា បន្ទាប់​ពី​ប្រមូល​ស្នាម​មេដៃ គ្រប់ ៤.០០០ នាក់ រួចហើយ គឺ​ត្រូវ​ផ្ញើ​ឯកសារ​ជូន​លោក សម រង្ស៊ី ចុះហត្ថលេខា​លើ​ស្នាម​មេដៃ​សមាជិក​ដោយផ្ទាល់ ឬ​មួយ​ត្រូវ​ឲ្យ​លោក សម រង្ស៊ី ផ្ទេរសិទ្ធិ​មក​ឲ្យ​រូបលោក ដើម្បី​មាន​សិទ្ធិ​ចុះហត្ថលេខា​នោះ ដាក់​ជូន​ក្រសួង​មហាផ្ទៃ នៅ​ពេល​សុំ​ចុះបញ្ជី​គណបក្ស​។​

៤. ចិន​ប្រាប់​កម្ពុជា​ថា ខ្លួន​បន្ត​រក្សា​ជំហរ​ដោះស្រាយ​ដោយ​សន្តិវិធី ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា និង​ចិន ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នោះ បាន​ជួបពិភាក្សា​ការងារ​ជាមួយគ្នា កាលពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ឯ​ប្រទេស​ចិន​។​

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា នៅ​ក្នុង​កិច្ច​ពិភាក្សា​រវាង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ជាមួយ​លោក វេន ជា​បាវ នាយករដ្ឋមន្ត្រី​ប្រទេស​ចិន​នោះ គឺ​នាយក​រដ្ឋមន្ត្រី​ចិន​បាន​បញ្ជាក់ថា បញ្ហា​សមុទ្រ​ចិន គឺ​ចិន​បន្ត​ការពិភាក្សា​ជាមួយ​អាស៊ាន ចិន​នឹង​អនុវត្ត DOC ឲ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ចិន​នឹង​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ដោយ​សន្តិវិធី ជាមួយ​បណ្តា​ប្រទេស​ដែល​ពាក់ព័ន្ធ ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា នាយករដ្ឋមន្ត្រី​ចិន បាន​អរគុណ​ប្រទេស​កម្ពុជា ចំពោះ​ការគាំទ្រ​របស់​ខ្លួន នៅក្នុង​ប្លុក​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ បន្ទាប់ពី​មាន​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​បណ្តា​ប្រទេស​មួយចំនួន អំពី​ជម្លោះទឹកដី​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួ របស់​ចិន បាន​រាយការណ៍​ថា លោក វេន ជា​បាវ នាយករដ្ឋមន្ត្រី​ចិន បាន​ថ្លែង​ទៅកាន់​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា ចិន​នឹង​បង្កើន និង​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ ជាមួយ​ប្រទេស​កម្ពុជា​។​

៥. អង្គការ​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​ថៃ បញ្ឈប់​ការចោទប្រកាន់​ជនជាតិ​អ៊ិស្លាម​កម្ពុជា

​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ផ្ញើលិខិត​មួយច្បាប់​ជូន​លោក ស៊ូ​រ៉ា​ពុង តូ​វី​ចាក់​ឆៃ​គុល រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ ដោយ​លើកឡើង​ថា ការចោទប្រកាន់​ពូជសាសន៍ និង​សាសនា ចំពោះ​ជនជាតិ​កម្ពុជា​កាន់​សាសនា​អ៊ិស្លាម ដោយ​បណ្ដា​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​របស់​ថៃ នឹង​ក្លាយ​ជា​ការរំលោភ​បំពាន​សិទ្ធិ​ជនជាតិ​កម្ពុជា​កាន់សាសនា​មូស្លីម​យ៉ាងធ្ងន់ធ្ងរ ដែល​អាច​បង្ក​ឲ្យមាន​ភាព​តានតឹង​ផ្នែក​នយោបាយ​កាន់តែខ្លាំង និង​ចាំបាច់​ត្រូវតែ​បញ្ឈប់​។​

​នៅក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១២ លោក អ៊ូ វីរៈ បាន​លើកឡើង​ថា “​ខ្ញុំ​សរសេរ​លិខិត​នេះ​ផ្ញើ​ជូន​ឯកឧត្តម ដើម្បី​ឆ្លើយតប​ចំពោះ​ការ​ចោទ​របស់​ឧត្តមសេនីយ៍ ប្រា​យុ​ត ចាន់​អូ​ចារ អគ្គមេបញ្ជាការ​កងទ័ព​ថៃ ដែលថា ជនជាតិ​កម្ពុជា​កាន់​សាសនា​អ៊ិស្លា​មមួយ​ចំនួន បាន​ចូលរួម​ក្នុង​ការបះបោរ​ហិង្សា នៅ​ភាគខាងត្បូង​ប្រទេស​ថៃ និង​ថា​ជនជាតិ​កម្ពុជា​កាន់​សាសនា​អ៊ិស្លា​មទាំង​នេះ កំពុងតែ​ផ្ដល់​ការផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដោយ​ប្រយោល ដល់​បណ្ដាញ​បះបោរ​។ ជា​លទ្ធផល​នៃ​ការចោទប្រកាន់​នេះ ជនជាតិ​កម្ពុជា​កាន់​សាសនា​អ៊ិស្លាម ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ អាច​នឹង​ត្រូវ​បាន​រារាំង​មិនឲ្យ​ចូល​ក្នុង​ប្រទេស​ថៃ តាម​ប្រទេស​កម្ពុជា​ទេ ឬ​យ៉ាងហោចណាស់ អាច​នឹង​ត្រូវ​គេ​តាមដាន​ដោយ​ការបំពាន​ពុំខាន​ឡើយ​”​។​

​លោក អ៊ូ វីរៈ បាន​បន្តថា ប្រសិនបើ​ការតាមដាន​ទៅលើ​ជនជាតិ​កម្ពុជា​កាន់​សាសនា​អ៊ិស្លាម​នេះ មានការ​កើតមានឡើង​ប្រាកដ​មែន​នោះ ទង្វើ​នេះ​នឹង​ត្រូវ​ចាត់ទុក​ថា ជា​សកម្មភាព​ប្រមូល​ព័ត៌មាន​ពូជសាសន៍ និង​សាសនា​ដោយ​ខុសច្បាប់ ហើយ​នេះ​ជា​ការរំលោភ​លើ​មាត្រា​២ និង​មាត្រា​៧ នៃ​សេចក្ដីប្រកាស​ជា​សកល ស្ដីពី សិទ្ធិមនុស្ស (​ស​.​ស​.​ស​.​ម​) និង​មាត្រា​២៦ នៃ​កតិកាសញ្ញា​អន្តរជាតិ ស្ដីពី សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ (​ក​.​អ​.​ស​.​ព​.​ន​) ដែល​ហាមឃាត់​នូវ​រាល់​ការរើសអើង ដោយ​មូលហេតុ​ដូចជា ពូជសាសន៍ ឬ​សាសនា​។​

​លោក អ៊ូ វីរៈ បាន​បន្ថែមថា ដោយសារ​តែ​ដំណើរ​វិវឌ្ឍន៍​ដ៏​ប្រុងប្រយ័ត្ន បាន​ផ្សារភ្ជាប់​ជាមួយ​ជម្លោះព្រំដែន ជាពិសេស​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​កាលពី​ប៉ុន្មាន​ខែ​ថ្មីៗ ការប្រកាស​បែប​នេះ បង្ហាញ​អំពី​ដំណើរ​ថយ​ក្រោយ​យ៉ាង​សំខាន់​មួយ នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ថៃ​។​

៦. សម្តេច​ហ៊ុន​សែន នឹង​ចែក​ប័ណ្ណ​កាន់កាប់​ដីធ្លី​លើកដំបូង នៅ​ខេត្ត​ក្រចេះ នា​ថ្ងៃ​ទី​២១​កញ្ញា 

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សម្តេច​នឹង​អញ្ជើញ​ទៅ​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដល់​ប្រជាពលរដ្ឋ​កម្ពុជា លើកដំបូង នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ នា​ថ្ងៃ​សុក្រ ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១២​។ ការផ្តល់​ប័ណ្ណកម្មសិទ្ធិ​សម្គាល់​ដីធ្លី​នោះ បន្ទាប់ពី​ក្រុម​យុវជន​ស្ម័គ្រចិត្ត ចុះ​វាស់វែង​ដីធ្លី ចាប់តាំងពី​ចុង​ខែ​មិថុនា ឆ្នាំ​២០១២​។​

​ក្នុង​ពិធី​ផ្តល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា នៅ​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "​កំណត់​យក​ថ្ងៃ​សុក្រ ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១២ ដើម្បី​ទៅ​ចែក​ប័ណ្ណកម្មសិទ្ធិ (​ប័ណ្ណ​កាន់កាប់​ដីធ្លី​) ឲ្យ​ប្រជាពលរដ្ឋ នៅ​ក្បាល​ត្រាច នៅ​ស្រែ​ចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ នេះ​ជា​លើកដំបូង ដែល​ផ្តល់​កម្មសិទ្ធិឲ្យ​ប្រជាពលរដ្ឋ ហើយ​មិនមែន​កម្មសិទ្ធិ​បឋម​ទេ តែ​ជា​កម្មសិទ្ធិ​ស្ថាពរ​តែ​ម្តង​។ មួយ​ខេត្ត រើស​ឲ្យ​ខ្ញុំ ទៅ​មួយ​កន្លែង​។ មួយ​ខេត្ត រើស​មួយ​កន្លែង​។ ប៉ុន្តែ​អ្នក​ដែល​មក​ជួបជុំ​នោះ យក​តែ​អ្នក​ទទួល​ដី​បាន​ហើយ​។ ជួនកាល​យើង​ទៅ​ជជែក​ជាមួយ​គាត់​។ សួរនាំ​គាត់ គាត់​ធ្វើ​អី​។ យើង​អាច​បើក​វេទិកា​ឆ្លងឆ្លើយ​ជាមួយ​គាត់ ដើម្បី​យើង​បាន​សួរនាំ​គាត់​ថា បន្ទាប់ពី​បាន​កម្មសិទ្ធិ​ដី​ហ្នឹងហើយ យកទៅលក់ ឬ​ក៏​យក​ទៅ​ដាំ​ដុះ​"​។​

​មកដល់​ត្រង់​ចំណុច​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋ​ថា "​សូម​អំពាវនាវ​ទៅ​ប្រជាពលរដ្ឋ​បាន​ដី​ហ្នឹង សុំ​មេត្តា​កុំ​លក់ ទុក​តកូនតចៅ​ថ្ងៃក្រោយ​។ ហា​ហុកសិប​ឆ្នាំ​ទៀត ដី​នៅ​តែ​ជា​ដី​របស់​យើង ហើយ​កម្មសិទ្ធិ​នេះ មិនមែន​ជា​កម្មសិទ្ធិ​ក្លែងក្លាយ​ទេ​ណា៎​!"​។​

៧. សំណើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ នៅ​មិន​ទាន់​បញ្ជូន​ដល់​សភា​ទេ​

​សមាជិ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភាជាតិ បានឲ្យដឹងថា រាជរដ្ឋាភិបាល​នៅ​មិន​ទាន់​បញ្ជូន​សំណើ​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​មាត្រា​ខ្លះ​នៃ​រដ្ឋធម្មនុញ្ញ មក​ស្ថាប័ន​នីតិបញ្ញត្តិ​ដើម្បី​ពិនិត្យ និង​ធ្វើ​វិសោធនកម្ម​មាត្រា​ខ្លះ នៃ​រដ្ឋធម្មនុញ្ញ​នៅ​ឡើយ​ទេ គឺ​កំពុង​រង់ចាំ​។​

​លោក ជាម យៀប សមាជិក​សភា​មណ្ឌល​ព្រៃវែង និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភាជាតិ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២​ថា មកដល់ពេលនេះ រដ្ឋសភា​នៅ​មិនទាន់​បាន​ទទួល​សំណើ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បញ្ជូន​មក​សម្ត​ច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ស្នើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​នៅ​ឡើយ​ទេ​។​

​លោក ជាម យៀប បានបញ្ជាក់​ថា ការធ្វើ​វិសោធនកម្ម​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សំខាន់ៗ គឺ​រដ្ឋសភា​ត្រូវការ​សំឡេង​ពីរភាគបី ដែល​តម្រូវ​ឲ្យមាន​សំឡេង​សមាជិក​សភា​ជា​ង ៨០ នាក់​ឡើងទៅ នៃ​សំឡេង​សមាជិក​សភា​ទាំង ១២៣ នាក់​។​

​សម្តេច​តេជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដោយ​ស្នើសុំ​ឲ្យមាន​ការធ្វើ​វិសោធនកម្ម​មា​ត្រា​២ នៃ​រដ្ឋធម្មនុញ្ញ ដែល​ជា​ការ​សំដៅ​ទៅលើ​ការកែប្រែ​ខ្សែបន្ទាត់​ព្រំដែន នៃ​ប្រទេស​កម្ពុជា បន្ទាប់ពី​ក្រុម​អ្នកជំនាញ​បច្ចេកទេស​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម បាន​ធ្វើការ​វាស់វែង​ខ្សែ​បន្ទាត់​ព្រំដែន​ប្រទេស​ទាំង​ពីរ ដែល​លទ្ធផល​បង្ហាញ​ថា ប្រទេស​កម្ពុជា​មាន​ផ្ទៃក្រឡា​ធំ​ជាង​បច្ចុប្បន្ន ពោល​គឺ​ធំ​ជាង​ផ្ទៃក្រឡា​ដែល​បារាំង​វាស់ និង​គូស​ផែនទី​ឲ្យ ដែល​មាន​ទំហំ​តែ ១៨១.០៣៥ គីឡូម៉ែត្រ​ក្រឡា​នោះ “​គឺ​លើស​ទំហំ​ផ្ទៃ​ដី​កម្ពុជា​បច្ចុប្បន្ន ៣០០ គីឡូម៉ែត្រ​ក្រឡា​”​។​

៨. លោកស្រី មូរ សុខ​ហួរ ស្នើសុំ​អភ័យឯកសិទ្ធិសភា ពី​សាលា​ឧទ្ធរណ៍​

​សមាជិកសភា​គណបក្ស​សមរង្ស៊ី នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១២ នឹងដាក់​លិខិតតវ៉ា​ជាថ្មីទៀត ជូនទៅ​អគ្គ​មហា​អយ្យការ​អម​សាលាឧទ្ធរណ៍ ដើម្បី​ស្នើសុំ​អភ័យឯកសិទ្ធិ​សមាជិក​សភា​របស់​លោក​ស្រី ត្រឡប់មកវិញ​។ ការស្នើសុំ​នេះ ធ្វើឡើង​បន្ទាប់​ពី​លោកស្រី​បាន​បំពេញ​កាតព្វកិច្ច​ចប់សព្វគ្រប់ តាម​ដីកា​បង្គាប់​របស់​តុលាការ ហើយ​តុលាការ​សាលាឧទ្ធរណ៍ ក៏បាន​សម្រេច​កាលពី​ខែ​មុន​ថា យល់ព្រម​ផ្តល់​អភ័យឯកសិទ្ធិ​សភា​ជូន​លោក​ស្រី​ផងដែរ​។​

​លោកស្រី មូរ សុខ​ហួរ សមាជិក​សភា​មណ្ឌល​កំពត របស់​គណបក្ស​សម​រង្ស៊ី និង​ជា​ប្រធាន​លេខាធិការដ្ឋាន ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ថា លោកស្រី​កំពុងតែ​ធ្វើលិខិត ហើយ​យកទៅ​ដាក់​នៅ​សាលាឧទ្ធរណ៍ នា​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១២​។ បន្ទាប់ពី​បាន​ទទួល​លិខិត​នោះ​ហើយ ទើប​គេ​ចេញ​សាលក្រម​ចុងក្រោយ និង​ប្រគល់​អភ័យឯកសិទ្ធិសភា​ព​ពេញលេញ ជូន​លោក​ស្រី​ធ្វើ​ជា​អ្នកតំណាងរាស្ត្រ​។​

​លោកស្រី មូរ សុខ​ហួរ បាន​មានប្រសាសន៍​បញ្ជាក់​ថា "​គេ​បាន​ប្រាប់​ខ្ញុំ​ហើយ​ថា ដីកា​សាលក្រម​នោះ ចៅក្រម​គេ​មាន​ហើយ នៅ​តុលាការ គឺ​ចាំតែ​ខ្ញុំ​សរសេរ​លិខិត​ទៅ​ទេ​។ ដូច្នេះ​ខ្ញុំ​នឹង​បញ្ជូន​លិខិត​នោះ​ទៅ​"​។​

​លោកស្រី មូរ សុខ​ហួរ បាន​បញ្ជាក់បន្ថែម​ថា "​យុត្តិធម៌ លុះត្រាតែ​មាន​ការធានា​នូវ​អ្វី​ដែល​ជា​ច្បាប់ និង​អ្វី​ដែល​ជា​រដ្ឋធម្មនុញ្ញ​។ ខ្ញុំ​បំពេញ​តួនាទី​ខ្ញុំ ជា​អ្នកតំណាងរាស្ត្រ​។ ខ្ញុំ​ទទួល​រងគ្រោះ​នូវ​ការចោទប្រកាន់ និង​រងគ្រោះ​ដោយ​ការ​កាត់សេចក្តី​មិន​យុត្តិធម៌ និង​មាន​ការ​គំរាម​មិនឲ្យ​មាន​មេធាវី​ជួយ​ការពារ​ក្តី​ខ្ញុំ​ទេ នៅ​ចំពោះមុខ​តុលាការ​។ ដូច្នេះ​ខ្ញុំ​ចង់ឲ្យ​មាន​ប្រព័ន្ធយុត្តិធម៌ សម្រាប់​ការពារ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា ហើយ​លើសពីនេះ​ទៀត ខ្ញុំ​ចង់​ឲ្យ​ស្ថាប័ន​កំពូល គឺ​សភាជាតិ ដែល​ចេះ​ការពារ​សមាជិក​របស់​ខ្លួន​។ ដូច្នេះ​បើ​និយាយ​អំពី​យុត្តិធម៌ ត្រូវតែ​មាន​ស្ថាប័ន​យុត្តិធម៌​មួយ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ទាំង ១៥ លាន​នាក់​"​។​

៩. លោក ជា មុនី​៖ រូបសំណាក ជា វិជ្ជា មិន​ដាក់​នៅ​ជិត​វត្ត​លង្ការ​ទេ​

​រូបសំណាក​លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើ​ពី​ថ្មភក់​ពណ៌​ខៀវ ត្រូវបាន​ឆ្លាក់​បាន ៥០ ភាគរយ​ហើយ តែ​មិនមែន​ដាក់​តាំង​នៅ​សួនច្បារ ជិត​វត្ត​លង្ការ​ទេ​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២​។​
    
​លោក ជា មុនី ដែល​ជា​ប្អូនប្រុស ស្នង​តំណែង​មេ​សហជីព​បន្ត​ពី​លោក ជា វិជ្ជា បានឲ្យដឹងថា "​រូបសំណាក​លោក ជា វិជ្ជា ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​អនុញ្ញាត​ឲ្យ​សាងសង់ កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១១​។ ជាទូទៅ យើង​ត្រូវ​ទទួលយក​សេចក្តីជូនដំណឹង និង​ចំណារ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​"​។​

​លោក ជា មុនី បានបញ្ជាក់​ថា "​រូបសំណាក​នេះ វា​មាន​លក្ខណៈ​ស្មុគស្មាញ​។ យើង​មិន​ចង់​ធ្វើ​ព័ត៌មាន​លម្អិត ហើយ​អត់​មាន​ដាក់​នៅ​វត្ត​លង្ការ​ទេ​"​។​
    
​សូមជម្រាបថា រូបសំណាក​លោក ជា វិជ្ជា ត្រូវ​បាន​ជួល​ជាង​ឆ្លាក់ តាំងពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១២ នៅ​កន្លែង​ឆ្លាក់​រចនា​បន្ទាយស្រី​២ ស្ថិតក្នុង​ខេត្ត​សៀមរាប​។ រូបសំណាក​នេះ ធ្វើ​ពី​ប្រភេទ​ថ្មភក់ ពណ៌​ខៀវ យក​មក​ពី​ភ្នំ​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដោយ​មាន​ជើង​ទម្រ​មួយ​ម៉ែត្រ និង​កម្ពស់ ១,៦៨ ម៉ែត្រ នឹង​អាច​ឆ្លាក់​រួចរាល់​នៅ​ពាក់កណ្តាល​ខែ​តុលា ឆ្នាំ​២០១២​។ 

១០. សមាជិកសភា​ថា គ្មាន​អ្នកណា​រារាំង​លោក​សម​រង្ស៊ី មិនឲ្យ​ចូល​ស្រុកទេ​

​នៅពេលនេះ លោក សម រង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង ដែល​និរទេស​នៅ​ក្រៅប្រទេស មិន​អាច​វិល​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ប្រឡូក​ក្នុង​នយោបាយ​ដោយផ្ទាល់​ឡើងវិញ​បានឡើយ​។ ក៏​ប៉ុន្តែ​លោក ជាម យៀប សមាជិកសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល បាន​លើកឡើង​ថា នៅ​កម្ពុជា គ្មាន​អ្នកណា​រារាំង​លោក សម រង្ស៊ី មិនឲ្យ​ចូល​ស្រុកទេ​។​

​លោក ជាម យៀប ដែល​ជា​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ថា ក្នុងនាម​លោក​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា លោក​បាន​តាមដាន​រឿង​លោក សម រង្ស៊ី ហើយ​ឃើញ​ថា អត់​មាន​អ្នកណា​លើកឡើង ឬ​ដេញ​ចោល ឬ​រារាំង ទៅ​នឹង​ការ​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ទេ​។​

​លោក ជាម យៀប បានបញ្ជាក់​ថា "​គ្មាន​អ្នកណា​ឃាត់ឃាំង​អី​គាត់​ទេ​។ គាត់​ចូល​មក​។ ប៉ុន្តែ​គាត់​ចូលមក គាត់​ត្រូវ​គោរព​អនុវត្ត​អ្វី​ដែល​ជា​សាលដីកា និង​សាលក្រម​របស់​តុលាការ ដែល​ជា​ច្បាប់​"​។​

​ចំពោះ​ករណី​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​កំបាំងមុខ លោក សម រង្ស៊ី ត្រូវបាន​លោក ជាម យៀប បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា ករណី​លោក សម រង្ស៊ី មិនមែន​ជា​រឿង​នយោបាយ​ទេ​។ ការងារ​នេះ ជា​ការងារ​បច្ចេកទេស​របស់​តុលាការ​។ លោក​បញ្ជាក់ថា "​អ៊‌ីចឹង​ទេ សុំ​ឲ្យ​គាត់​ចូល​មក​។ គ្មាន​អ្នកណា​ទៅ​ឃាត់ឃាំង​អី​ទេ គឺ​នរណា​ក៏​គ្មាន​សិទ្ធិ​ទៅ​ឃាត់ឃាំង​លោក សម រង្ស៊ី មិន​ឲ្យ​គាត់​ចូល​មក​ប្រទេស​កម្ពុជា​នោះ​ទេ​។ តែ​បន្ទាប់​ពី​គាត់​មក​ដល់ គាត់ (​សម រង្ស៊ី​) ត្រូវតែ​គោរព​តាម​អំណាច​សាលដីកា ឲ្យបាន​ចប់​ជា​មុន​សិន តែ​ប៉ុណ្ណឹង​ទេ​"​។​

១១. សមាជិក​សភា​បក្ស​ប្រជាជន​កម្ពុជា ប្រតិកម្ម​តប​លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី​

​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​សមាជិក​សភា បានចាត់ទុក​លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​នោះ​ថា ជា​អ្នក​ចាំតែ​និយាយ​ត្រាប់​តាម​ពីក្រោយ​មន្ត្រី​គណបក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​តែប៉ុណ្ណោះ​។​

​លោក ជាម យៀប សមាជិក​សភា​មណ្ឌល​ព្រៃវែង នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​យ៉ាងច្រើន​លើសលប់ (៥​កញ្ញា ឆ្នាំ​២០១២) បាន​មាន​ប្រតិកម្ម​តប​ទៅ​នឹង​លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ថា លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី និង​ជា​សាស្ត្រាចារ្យ​មួយរូប ក៏​បានដឹង​ដែរ​ថា សហរដ្ឋអាមេរិក​នៅ​ពេល​បច្ចុប្បន្ននេះ មិនមែន​ជា​ប្រទេស​ដែល​អនុវត្ត​ការគោរព​សិទ្ធិ​មនុស្ស​បាន​មួយរយ​ភាគរយ​ដែរ គឺ​តែងតែ​មាន​ការខ្វះចន្លោះ នៅ​កន្លែង​ខ្លះ​មិន​ខាន​ទេ​។​

​លោក ជាម យៀប បាន​មានប្រសាសន៍​ទៀតថា ចំពោះ​ការលើកឡើង​របស់​លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី ដូចជា បឹងកក់ និង​បុរី​កីឡា​នោះ មិនមែន​មាន​តែ​រឿង​ប៉ុណ្ណឹង​ទេ គឺ​នៅ​មាន​រឿង​ជាច្រើន​ទៀត ដូចជា អ្នក​ចំណាកស្រុក និង​អ្នក​រស់នៅ​ក្រៅ​ស្រុក គ្មាន​លទ្ធភាព​ទិញ​សំបុត្រ​យន្តហោះ មក​ចូលរួម​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​បាន​ទេ ដូច្នេះ​លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី ត្រូវតែ​និយាយ​ឲ្យមាន​តម្លាភាព ឲ្យបាន​ច្បាស់លាស់ និង​ថ្លឹងថ្លែង សំយោគ វាយតម្លៃ​ឲ្យបាន​ច្បាស់ ចាំ​ដាក់ចូល​ក្នុង​របាយការណ៍​របស់ខ្លួន​។​

​លោក ជាម យៀប បញ្ជាក់ថា "​លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី នេះ គាត់​ច្រើន​ស្តាប់​តែ​ម្ខាងៗ គឺ​ស្តាប់​តែ​គណបក្ស​ប្រឆាំង ដែល​មិនសូវ​ត្រូវ​ជាមួយ​រាជរដ្ឋាភិបាល គេ​ប្រឆាំង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ បន្ទាប់បី​ស្តាប់​គណបក្សប្រឆាំង​រួច គាត់​តែងតែ​លើក​បញ្ហា​នោះ​មក​និយាយ​ដដែលៗ ដូចជា គ​.​ជ​.​ប​. អី​នោះ គាត់​ឈឺឆ្អាល​ជាង​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ទៀត​"​។​

១២. ត​ភ្ជាប់​សហគមន៍​អាស៊ាន ឲ្យក្លាយ​ជា​ទៅ​ជា​សង្គម​តែមួយ គ្រួសារ​តែ​មួយ​

​នៅក្នុង​កិច្ចប្រជុំ ស្តី​ពី​ការតភ្ជាប់​អាស៊ាន កាលពី​ព្រឹក​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០១២ ដែល​ប្រព្រឹត្ត​ឡើង​នៅ​សណ្ឋាគារ Inter-Continental លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស បាន​មានប្រសាសន៍ឲ្យ​អ្នក​រាយការណ៍​ព័ត៌មាន​ដឹងថា កិច្ចប្រជុំ​នេះ ជា​ការពិភាក្សា​សម្រាប់​ការតភ្ជាប់​អាស៊ាន ដែល​ការកសាង​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥ ចាំបាច់​ត្រូវតែ​មាន​ការតភ្ជាប់​អាស៊ាន​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មានប្រសាសន៍​បន្ត​ថា ការតភ្ជាប់​អាស៊ាន គឺ​ត​ភ្ជាប់​ទាំង​ផ្នែក​រឹង គឺ​ការតភ្ជាប់​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​រឹង និង​ទន់​។ ផ្នែក​ទន់ គឺជា​ព័ត៌មាន ព្រមទាំង​ការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន ព្រមទាំង​ស្ថាប័ន​អាស៊ាន​ផងដែរ​។ លោក​បាន​បញ្ជាក់ថា "​យើង​ធ្វើ​យ៉ាងណា ឲ្យ​សហគមន៍​អាស៊ាន ទៅ​ជា​សង្គម​តែមួយ គ្រួសារ​តែ​មួយ​"​។​

​សូមបញ្ជាក់​ថា កិច្ចប្រជុំ​ស្តីពី​ការតភ្ជាប់​អាស៊ាន​នេះ មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​៧ និង​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១២ ដោយ​មាន​ការចូលរួម​ពី​តំណាង​ប្រទេស​ជា​សមាជិក​អាស៊ាន និង​អគ្គលេខាធិការ​អាស៊ាន​ផងដែរ​។​

១៣. វិស័យ​ឯកជន មាន​ភាពចាំបាច់ សម្រាប់​ការតភ្ជាប់​អាស៊ាន​

​ប្រមុខ​ការទូត​កម្ពុជា បានប្រកាសថា សមាគម​អាស៊ាន មាន​គោលបំណង​ជំរុញ​ការតភ្ជាប់​តំបន់ ខណៈពេល​ដែល​អាស៊ាន កំពុង​ឆ្ពោះ​ទៅ​ជា​សហគមន៍​អាស៊ាន នា​ឆ្នាំ​២០១៥ ដោយ​ត្រូវការ​ចូលរួម​យ៉ាង​ពេញលេញ​ពី​វិស័យ​ឯកជន​។​

​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​មានប្រសាសន៍ថា "​ក្នុង​ការតភ្ជាប់​តំបន់​អាស៊ាន ឲ្យបាន​ចប់​សព្វគ្រប់ ខ្ញុំ​គិតថា វិស័យ​ឯកជន គួរតែ​ត្រូវ​ចាត់ទុក​ជា​ដៃគូ​ដ៏​សំខាន់​ពេញលេញ​មួយ​។ អាស៊ាន​ត្រូវតែ​ធ្វើ​សមាហរណកម្ម មាន​ភាពទាក់ទង​គ្នា​ឲ្យបាន​ច្រើន ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច ជា​កន្លែង​ដែល​វិស័យ​ឯកជន​ដើរតួ​ជា​ម៉ាស៊ីន​យ៉ាងសំខាន់ សម្រាប់​កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​"​។​

​ចំណែក​អគ្គលេខាធិការ​អាស៊ាន លោក សុរិន ពិត​សុ​វ៉ាន់ (Surin Pitsuwan) បាន​ផ្ញើ​សេចក្តីថ្លែងការណ៍ ដែល​ត្រូវបាន​ចែកចាយ​នៅក្នុង​សន្និសីទ នា​ព្រឹក​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០១២ ថា "​សកម្មភាព​ក្រុម​ក្នុង​តំបន់ បាន​បង្កើតឲ្យមាន​កិច្ចខិតខំ​ប្រឹងប្រែងដ៏​អស្ចារ្យ​មួយ ក្នុង​ការធានា​ដល់​ធន​ធាន​ហិរញ្ញវត្ថុ សម្រាប់​គម្រោង​ត​ភ្ជាប់​អាស៊ាន​។ ប៉ុន្តែ​ផ្ទុយទៅវិញ ការតភ្ជាប់​អាស៊ាន នឹង​មិន​អាច​សម្រេច​ទៅ​បាន​ឡើយ ប្រសិន​ពួកយើង​ពឹងផ្អែក​តែ​ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង របស់​រដ្ឋាភិបាល​តែម្នាក់ឯង​។ វិស័យ​ឯកជន មាន​តួនាទី​ដ៏​មហិមា​មួយ ក្នុង​ការតភ្ជាប់​នេះ​"​។​

​លោក​អគ្គលេខាធិការ​អា​ស៊ាន បាន​បន្តទៀតថា "​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវការ​លើស​ពី​មួយ​ទសវត្សរ៍​ទៀត ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នកវិនិយោគ​ទុន ដែលមាន​ចំណាប់អារម្មណ៍ ក្នុងការ​ធ្វើ​វិនិយោគទុន​ក្នុង​តំបន់​អាស៊ាន​។ ពួក​យើង​ក៏​ជឿជាក់​ដែរ​ថា ការវិនិយោគទុន នឹង​អាច​នាំ​ទៅដល់​ការផ្លាស់ប្តូរ​ដ៏​ល្អ​បំផុត និង​ផ្តល់​ផល់​ប្រយោជន៍​ដល់​ទាំង​សាធារណៈ ទាំង​វិស័យ​ឯកជន ហើយ​ការធ្វើឲ្យ​ប្រសើរឡើង​នូវ​ការទំនាក់ទំនង​ក្នុង​តំបន់​អាស៊ាន នឹង​អាចជួយ​សម្រួល​ដល់​ការ​ប្រតិបត្តិការ​ជំនួញ​ក្នុង​តំបន់​"​។​

១៤. រដ្ឋ​សភា​កម្ពុជា​បញ្ជាក់​ថា ជម្លោះ​ដែន​កោះ នៅ​សមុទ្រ​ចិន​ខាងត្បូង ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី​

​ប្រមុខ​ដឹកនាំ​រដ្ឋ​សភា​កម្ពុជា បានបញ្ជាក់​ជំហរ​របស់​ខ្លួន ទៅកាន់​ប្រធានសភា​ឥណ្ឌូណេស៊ី​ថា ជម្លោះ​នៅ​ដែន​កោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង រវាង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន រួមមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ព្រុយ​ណេ គឺ​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី និង​គោរព​តាម​ក្រម​ប្រតិបត្តិ ដែល​បាន​ព្រមព្រៀង រួម​ទាំង​ច្បាប់​អន្តរជាតិ​នានា​។​

​ជំហរ​របស់​ថ្នាក់ដឹកនាំ​រដ្ឋសភា​កម្ពុ​ជា​ដូច្នេះ បាន​បញ្ជាក់​ទៅ​កាន់​ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី ដែល​បាន​ជួបប្រជុំគ្នា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​វិមាន​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ​។ ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី លោក ម៉ា​ហ្ស៊ូ​គី អា​លី (Marzuki Alie) បាន​សួរ​ពី​យោបល់​របស់​រដ្ឋ​សភា​កម្ពុជា​យ៉ាងណាខ្លះ ចំពោះ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២​នេះ​។​

​សមាជិកសភា លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម របស់​រដ្ឋសភា បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត ក្រោយ​ពី​កិច្ចប្រជុំ​ថា ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ហើយ​ថា អ្វី​ដែល​មានចែង​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម របស់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដែល​ទោះបីជា​មាន​ការពន្យារពេល​ចេញ​សេចក្តីថ្លែងការណ៍​នោះ​បន្តិច​មែន តែ​សេចក្តីថ្លែងការណ៍​រួម​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺ​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន ដែល​មិនមែន​ជា​តុលាការ តែ​ជា​អ្នកសម្របសម្រួល គឺ​យើង​គាំទ្រ​នូវ​សេចក្តីថ្លែងការណ៍​ទាំង ៦ ចំណុច ដែល​រួមមាន ការស្នើ​សុំ​ឲ្យ​ប្រទេសភាគី​នៃ​ជម្លោះ​នេះ អនុវត្ត​ឲ្យបាន​ពេញទី​នូវ​សេចក្តីថ្លែងការណ៍​សម្រាប់​អនុវត្ត DOC និង​ជំរុញ​ឲ្យបាន​ឆាប់រហ័​ស​នូវ COC ដើម្បី​អនុវត្ត​ឲ្យបាន​ឆាប់រ​ហ័ស​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​

១៥. គ​.​ជ​.​ប បង្កើត​មជ្ឈមណ្ឌល​ស្វែងរក​ឈ្មោះ​អ្នកបោះឆ្នោត តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅតាម​ខេត្ត​រាជធានី​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប បាន​ចុះ​ពិនិត្យមើល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត និង​សម្រេច​ជាគោលការណ៍ បង្កើត​មជ្ឈមណ្ឌល​ស្វែងរក​ឈ្មោះ​អ្នកបោះឆ្នោត តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​លេខាធិការដ្ឋាន​រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ពី គ​.​ជ​.​ប ចុះ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១២ បានបង្ហាញ​ថា ចាប់តាំងពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ដែល​បាន​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែកញ្ញា​មក ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ចុះ​ពិនិត្យមើល​ដំណើរការ​នេះ នៅតាម​បណ្ដា​ឃុំ​-​សង្កាត់ នៃ​រាជធានី​-​ខេត្ត​មួយចំនួន រួមមាន ខេត្ត​ស្វាយរៀង ព្រៃវែង តាកែវ កំពត និង​កែប​។​

​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប បាន​មានប្រសាសន៍ថា នៅ​សប្ដាហ៍​ទី​២ នៃ​ខែ​កញ្ញា​នេះ ថ្នាក់ដឹកនាំ គ​.​ជ​.​ប នឹង​ត្រៀម​ចុះទៅពិនិត្យ​មើល​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត នៅ​ខេត្ត​មួយចំនួនទៀត​។ លោក​បន្តថា ជា​ទូទៅ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍ ដំណើរការ​នេះ​បាន​ប្រព្រឹត្តទៅ​ល្អ​ទាំង​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព និង​ទទួលលទ្ធផល​គួរកត់សម្គាល់​។ នៅ​រាជធានី​ភ្នំពេញ អភិបាល​រាជធានី និង​អភិបាល​ខណ្ឌ​ទាំង ៩ បាន​ជួយ​ជំរុញ​ឲ្យ​គ្រប់​សង្កាត់​ទាំងអស់ ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ស្វែងរក​ឈ្មោះ​អ្នកបោះឆ្នោត ដើម្បី​ជា​ជំនួយ​ក្នុង​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បាន​បន្ថែមថា នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា គ​.​ជ​.​ប បាន​សម្រេច​ជា​គោលការណ៍ ឲ្យ​លេខាធិការដ្ឋាន​រាជធានី​-​ខេត្ត​រៀបចំ​ការបោះឆ្នោត (​ល​ធ​/​ខ​ប​) រៀបចំ​បង្កើត​មជ្ឈមណ្ឌល​ស្វែងរក​ឈ្មោះ​អ្នកបោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត តាម​គេ​ទំព័រ www.voterlist.org.kh ដើម្បី​ផ្ដល់ព័ត៌មាន​ជូន​អ្នក​បោះឆ្នោត​។ បន្ថែម​លើ​នេះ គ​.​ជ​.​ប ក៏​បាន​ធ្វើលិខិត​មួយ កាលពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ផ្ញើ​ជូន​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​ជួយ​អន្តរាគមន៍​ដល់​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត បង្កលក្ខណៈ​ងាយស្រួល​ឲ្យ​សាលាឃុំ​-​សង្កាត់ នៃ​រាជធានី​-​ខេត្ត​ណា ដែល​មាន​លទ្ធភាព និង​សមត្ថភាព​អាច​ប្រើប្រាស់​កុំព្យូទ័រ ជាមួយនឹង​អ៊ីនធឺណិត សំដៅ​ពង្រឹង​គុណភាព​បញ្ជី​បោះឆ្នោត និង​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ក្នុង​ការស្វែងរក​ឈ្មោះ និង​ទិន្នន័យ​ក្នុង​ពេល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​។​

១៦. រយៈពេល ៧​ថ្ងៃ គ​.​ជ​.​ប ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី បាន​ជាង​មួយ​សែន​នាក់​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រកាស​ពី​លទ្ធផល​បណ្ដោះអាសន្ន នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១២ ប្រជាពលរដ្ឋ​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត ចំនួន ១០១.២៦៧ នាក់ ស្មើនឹង ១៦,៣៤ ភាគរយ ដែល​តួលេខ​នេះ បាន​ទទួល​ពី​ឃុំ​-​សង្កាត់ ចំនួន ១.៥៧២ ក្នុង​ចំណោម​ឃុំ​-​សង្កាត់ ចំនួន ១.៦៣៣ ទូទាំង​ប្រទេស​។​

​សេចក្ដីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១២ បាន​លើកឡើង​ថា ស្មៀនឃុំ​-​សង្កាត់ បានកែតម្រូវ​ឈ្មោះ​អ្នក​បោះឆ្នោត​បាន​ចំនួន ៨.៦៦០ នាក់ និង​លុបឈ្មោះ​បាន​ចំនួន ៣០.៤៧៥ នាក់​។ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត មាន​រយៈពេល ៤២​ថ្ងៃ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១២​។​

​តាម​របាយការណ៍ គិត​ត្រឹម​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០១២ មាន​គណបក្សនយោបាយ​ចំនួន ៥ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​នរោត្តម​រណឫទ្ធិ គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ បានដាក់​តំណាង​ចូលរួម​សង្កេតមើល​ដំណើរការ​នេះ​។ រីឯ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ចំនួន ៣ គឺ​ខុមហ្វ្រែល NDI និង IFES ក៏​បាន​ដាក់​អ្នកសង្កេតការណ៍ ចូលរួម​សង្កេតមើល​ការងារ​នេះ​ផងដែរ​៕