Sunday, August 5, 2012

ជំនាញ​ជលផល នឹង​ចុះ​ស៊ើបអង្កេត​ដីព្រៃ​លិច​ទឹក​នៅ​ស្រុក​ស្រី​សន្ធរ នា​សប្តាហ៍​ក្រោយ​

កំពង់ចាម: សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម នឹង​ចុះទៅពិនិត្យ និង​ស៊ើបអង្កេត​ដីព្រៃ​លិច​ទឹក ដែល​ឈ្មួញ​បាន និង​កំពុង​ប្រមូល​ទិញ​រាប់រយ​ហិកតា ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​កូនដំរី ព្រែក​យួន បឹង​ប្រាំ និង​តំបន់​តម្រុយ​តាម​បណ្តោយ​មាត់​ទន្លេតូច ក្នុងភូមិ​សាស្ត្រ​ឃុំ​ប្រាំ​យ៉ា​ម ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម នៅ​សប្តាហ៍​ក្រោយ គឺ​ថ្ងៃ​អង្គារ ទី​៧ ខែសីហា ឆ្នាំ​២០១២​។​

​ទាក់ទិន​នឹង​ការចុះពិនិត្យ និង​ស៊ើបអង្កេត​នេះ នៅ​បន្ទាប់ពី​មាន​ព័ត៌មាន​ថា ដីព្រៃ​លិច​ទឹក​នៅ​រដូវវស្សា​ក្នុង​តំបន់​ឃុំ​ប្រាំ​យ៉ា​ម​នោះ គឺមាន​ឈ្មួញ​បាន និង​កំពុង​ប្រើប្រាស់​គ្រឿងចក្រ​ឈូសឆាយ បាន​ប្រហែល​ជិត ១០០ ហិកតា និង​ជាច្រើន​រយ​ហិកតា​ផ្សេងទៀត ឈ្មួញ​កំពុង​ដើរ​បាញ់ថ្នាំ​ពណ៌​ក្រហម ដើម្បី​សម្គាល់ថា​ជា​ដី​របស់ខ្លួន​កាន់កាប់​។ ប៉ុន្តែ​សកម្មភាព​ចូលទៅ​ទន្ទ្រាន​កាន់កាប់​រយៈពេល​ជិត​មួយឆ្នាំ​នេះ គឺ​នៅ​ពុំទាន់​មានការ​ហាមឃាត់​ពី​ខាង​អាជ្ញាធរ ឬ​ខាង​សមត្ថកិច្ច​ជលផល​នោះទេ​។​

​ឈ្មួញ​បាន​ចូលទៅ​ប្រមូល​ទិញ​ដី ហើយ​ធ្វើការ​កាប់​រាន​ឈូសឆាយ​យក​ដី​ដាក់​ដាំ​ដំណាំ ពី​ប្រជាពលរដ្ឋ ក្នុង​មួយ​ហិកតា​ថ្លៃ​ពី ៧០០ ទៅ ៨០០ ដុល្លារ បាន​ដី​រាប់រយ​ហិកតា​តាម​បណ្តោយ​មាត់​ទន្លេតូច ដែលជា​ព្រៃ​លិច​លិច​ទឹក​ត​ភ្ជាប់​ទៅនឹង​បឹង​ធម្មជាតិ​ជាច្រើន នៅ​ជុំវិញ​តំបន់​នោះ​។ បច្ចុប្បន្ន​ឈ្មួញ​កំពុង​ឈូសឆាយ​បាន​ប្រហែល​ពី ៣០ ទៅ ៤០ ហិកតា និង​កន្លែង​មិនទាន់​ឈូសឆាយ គេ​បាន​បោះបង្គោល​ព្រំ​ចំណាំ​។ 

​ប៉ុន្តែ​លោក ឡេង ហម មេឃុំ​ប្រាំ​យ៉ា​ម ធ្លាប់បាន​ប្រាប់​គេហទំព័រ CEN ថា ពិត​ជាមាន​ឈ្មួញ​បានមក​ប្រមូល​ទិញ​ដីព្រៃ​លិច​ទឹក នៅក្នុង​ឃុំ​ប្រាំ​យ៉ា​ម​នេះ​មែន ហើយ​ដី​ទាំងអស់នោះ មិនមែនជា​ព្រៃ​លិច​ទឹក​ស្ថិតក្នុង​ដែន​នេសាទ​ទេ គឺជា​ដី​ដែល​ប្រជាពលរដ្ឋ​បានកា​ប់រាន​ដើម្បី​ធ្វើស្រែ​ប្រាំង តែ​អត់​មាន​ប្រភពទឹក​សម្រាប់​ស្រោចស្រព ក៏​នាំគ្នា​លក់​ឲ្យ​ឈ្មួញ​ទៅ ហើយ​ការទិញ​លក់​នោះ មានការ​ឯកភាព​ពី​ខាង​អាជ្ញាធរ គឺ​អត់​មានការ​ឃុបឃិត ឬ​បិទបាំង​នោះទេ​។​

​ផ្ទុយ​ពី​អះអាង​របស់លោក ឡេង ហម តាម​ការ​បង្ហើប​ពី​មន្ត្រី​ស្រុក​ស្រី​សន្ធរ​ម្នាក់ បាន​ឲ្យ​ដឹងថា កាលពី​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​ទើបបាន​កន្លងផុតទៅ​ប៉ុន្មាន​ខែ​នេះ គឺមាន​ក្រុមការងារ​ចុះជួយ​គណបក្ស​ប្រជាជន​កម្ពុជា​មួយក្រុម ប្រចាំ​ស្រុក​ស្រី​សន្ធរ មានបំណង​ចុះទៅពិនិត្យ និង​ស៊ើបអង្កេត ស្រាវជ្រាវ ដីព្រៃ​លិច​ទឹក​ដែល​បាន និង​កំពុង​រង​ការកាប់​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ប្រាំ​យ៉ា​ម​នោះ តែ​កាលណោះ​មាន​អភិបាលរង​ស្រុក​នេះ​ម្នាក់ បានចេញ​មុខមក​រារាំង​ក្រុមការងារ​នោះ​មិន​ឲ្យ​ចុះទៅ​។ ប៉ុន្តែ​សង្ឃឹមថា ការចុះពិនិត្យ ស្រាវជ្រាវ និង​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម នៅ​សប្តាហ៍​ក្រោយនេះ ទំនងជា​គ្មាន​ការរារាំង និង​លូកដៃ​ចូលមក​ជ្រៀតជ្រែក ពី​អភិបាលរង​ស្រុក​ម្នាក់​នោះ​ទៀត​ទេ​។​

​លោក យឹម ប៊ុន​រ៉េត នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម បាន​ប្រាប់ CEN កាលពី​ថ្ងៃទី​៤ ខែសីហា ថា ខាង​លោក​បានទទួល​ផែនការ​ពី​នាយ​ខណ្ឌ​រួចហើយ នឹង​ទៅកាន់​តំបន់​តាម​មាត់​ទន្លេតូច ក្នុងភូមិ​សាស្ត្រ​ឃុំ​ប្រាំ​យ៉ា​ម ស្រុក​ស្រី​សន្ធរ ដែល​លេចឮ​ព័ត៌មាន​ថា មាន​ការកាប់​ទន្ទ្រានព្រៃ​លិច​ទឹក នៅ​ថ្ងៃ​អង្គារ ទី​៧​សីហា សប្តាហ៍​ក្រោយនេះ​។ ប៉ុន្មាន​ថ្ងៃនេះ ខាង​ជលផល​កំពុង​ជាប់រវល់​ចុះបង្ក្រាប​បទល្មើស​នេសាទ ដោយ​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តកំពង់ចាម​កំពុង​សម្រុក​ឡើង​ខ្លាំង ធ្វើ​ឲ្យ​សម្បូរ​អ្នក​លួច​ចាប់​កូន​ត្រី និង​មេត្រី​ដែល​កំពុង​ពង​កូន​៕

កម្ពុ​ជាមាន​ចំការ​ដំនាំ ជីវៈថាមពល ប្រមាណ​ជា ៣០.០០០​ហិកតា​

ភ្នំពេញ: ចំការ​ដំនាំ​ជីវថាមពល​ដែលជា​ប្រភេទ​ដំនាំ​សំរាប់​ធានា​ផ្គត់ផ្គង់​ប្រេង​ជីវម៉ាស​និង​ជីវៈ​អេតាណុល ដើម្បី​កាត់បន្ថយ ផលប៉ះពាល់ ដល់​កំណើន កំដៅ នៅលើ​ផែនដី ពី​ការប្រើប្រាស់ ប្រេងឥន្ធនៈ និង​ឧស្ម័ន​នោះ ត្រូវបាន​គេ​អះអាងថា មាន​ប្រមាណ​ជា ៣០.០០០​ហិកតា​។ 

​លោក តូច សុ​វណ្ណា ប្រធាន​នាយកដ្ឋាន​បច្ចេកទេស​ថាមពល នៃ​ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល បាន​មានប្រសាសន៍ តាមរយៈ​បទ​បង្ហាញ នៅក្នុង​សន្និសីទ ស្តីអំពី​ប្រសិទ្ធិភាព ថាមពល​នា​កិច្ចប្រជុំ​កំពូល​អាស៊ី​ខាងកើត​លើក​ទី​២​ថា កម្ពុជា​ជា​ប្រទេស​ដែលមាន​សក្តានុពល​លើ​ផ្នែក​នេះ​។​

​លោក​បាន​ឲ្យ​ដឹងថា នៅក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ននេះ មាន​ផ្ទៃដី​ដាំ​ល្ហុងក្វង ចំនួន​ប្រ​ម៉ាណ​ជា​១.០០០​ហិកតា ផ្ទៃដី​ដាំដូង​ប្រេង មាន​ចំនួន ៤.០០០​ហិកតា ដែល​អាច​នឹង​ពង្រីក​សក្តានុពល​នៃ​ការដាំដុះ រហូតដល់​ទៅ​១០.០០០​ហិកតា ហើយ​ក្រៅពីនេះ​កម្ពុជា ក៏​នៅមាន​ផ្ទៃដី ដាំ​ចំការ​អំពៅ ចំនួន​២០.០០០ ហិកតា​ទៀត​។​

​    ​លោក​បាន​បន្តទៀតថា​ជាមួយនឹង​សក្តានុពល​នេះ ឥឡូវ​កម្ពុ​ជាមាន​ក្រុមហ៊ុន​កំពុងតែ​ដាំ​ល្ហុងក្វង​នេះ​ចំនួន​១០ ប៉ុន្តែ ទោះបីជា យ៉ាងណាក៏ដោយ នៅក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង នេះ​នៅ​មិនទាន់មាន​ក្រុមហ៊ុន​ណាមួយ​ដែលមាន​គម្រោង​ពង្រីក​ការដាំដុះ​មាន​លក្ខណៈ​ធំដុំ នៅឡើយ​ទេ​។​

​    ​លោក​បាន​បន្តទៀតថា សំរាប់​ប្រេង​ជីវៈ​អេតាណុល​នេះ​វិញ កម្ពុ​ជាមាន​ក្រុមហ៊ុន​កូរ៉េ​មួយ ដែល​បាន​កសាង​រោងចក្រ មាន​សម​ត្ថិ​ភាព ផលិត អេតាណុល បាន​នៅក្នុង​មួយឆ្នាំ ៣៦.០០០​តោន ដោយ​ស្រូបយក​នូវ​វត្ថុធាតុដើម​ពី​តំឡូង​មី ប្រមាណ​ជា ១០០.០០០​តោន​៕

សាសនា​ឥស្លាម និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​

ភ្នំពេញ: ​ខ្ញុំ​សូម​អរគុណ​ចំពោះ​អស់លោកអ្នក​ម្តងទៀត ចំពោះ​ការឆ្លើយតប​នឹង​ខ្ទង់​សារព័ត៌មាន “​សួរ​ឯកអគ្គរដ្ឋទូត​” របស់ខ្ញុំ​។ ខ្ញុំ​ចូលចិត្ត​អាន​អ្វីដែល​លោកអ្នក​ផ្ញើមក​ខ្ញុំ ហើយ​ខ្ញុំ​រីករាយ​ដែល​ខ្ញុំ​អាច​ប្រាស្រ័យ ទាក់ទង​ជាមួយ​អ្នកមាន​ភាព​វៃឆ្លាត​និង​មានការ​ចង់ដឹង​។ សូម​បន្ត​ផ្ញើ​សំណួរ​មក​ខ្ញុំ​តាមរយៈ​អ៊ីម៉េល AskAMBToddPP@state.gov ។​

​នៅពេលនេះ អ្នក​កាន់សាសនា​ឥស្លាម​នៅ​ទូទាំង​សាកលលោក​អបអរ​ខែ​បុណ្យ​រ៉ា​ម៉ា​ដាន (Ramadan) តាម​សាសនា​របស់គេ ហើយ​លោកអ្នក​ជាច្រើន​បាន​សួរ​ខ្ញុំ​ថា តើ​នៅ​សហរដ្ឋអាមេរិក​មាន អ្នក​កាន់សាសនា​ឥស្លាម​ដែរឬទេ​? ជនជាតិខ្មែរ​ប្រហែលជា​មានការ​ភ្ញាក់ផ្អើល​ពេល​លឺថា ឥស្លាម​គឺជា សាសនា​ធំ​មួយ​ដែល​គេ​ប្រតិបត្តិ​នៅ​សហរដ្ឋអាមេរិក​។ 
​ដោយសារ​សាសនា​ឥស្លាម​មាន​ចំណែក​មួយ ទាំង​ក្នុងសង្គម​កម្ពុជា ទាំង​ក្នុងសង្គម​អាមេរិក ស្ថានទូត​សហរដ្ឋអាមេរិក​បាន​ចូលរួម​ក្នុង​ការអបអរ​បុណ្យ រ៉ា​ម៉ា​ដាន​តាំងពី​ឆ្នាំ ២០០៣ មក​។ យើង​ថែមទាំង​បានរៀបចំ​ពិធី​អបអរ​បុណ្យ​រ៉ា​ម៉ា​ដាន​ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លងមកនេះ​។​
​នៅ​ប្រទេស​កម្ពុជា​ក៏មាន​អ្នក​កាន់សាសនា​ឥស្លាម​ច្រើន​គួរសម​ដែរ​។ 

​តាមពិតទៅ ស្ថានទូត​របស់​យើង​មានសំណាង​ដោយបាន​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ ជាមួយ​ក្រុម​អ្នក​កាន់សាសនា​ឥស្លាម​នៅ​កម្ពុជា ហើយ​ជួយ​គេ​នៅពេល​យើង​អាចជួយ​បាន​។ អ្នក​កាន់សាសនា​ឥស្លាម​នៅ​កម្ពុជា​បាន​រស់​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​ឃោរឃៅ​នៃ​ពួក​ខ្មែរក្រហម ហើយ​សព្វថ្ងៃនេះ គេ​ប្រតិបត្តិ​សាសនា​ឥស្លាម​ដោយ​ចំហ ដោយ​មិន​ខ្លាច​ការធ្វើ​បាប​។ សហគមន៍​របស់គេ​កំពុងតែ​រីកធំឡើង ហើយ​គេ​កំពុងតែ​រួមចំណែក​ក្នុង​ការកសាង​ប្រទេស​កម្ពុជា​អោយមាន​ភាពប្រសើរឡើង​។ ពិតមែនតែ​សាសនា​ឥស្លាម​របស់គេ មិនមែនជា​សាសនា ដែល​ប្រតិបត្តិ​ដោយ​មនុស្ស​ភាគច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ក្តី តែ​គេ​ទទួលបាន​ការអត់ឱន ដែល​នេះ បង្ហាញ​ពី​ការអភិវឌ្ឍន៍​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​រប​ស់​ប្រទេស​កម្ពុជា​។​

​ខ្ញុំ​បាន​ចូលរួម​ពេញលេញ​ជា​លើកដំបូង​ក្នុង​ពិធីបុណ្យ​រ៉ា​ម៉ា​ដាន នៅពេល​ខ្ញុំ​ធ្វើជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​ប្រទេស​ព្រុយ​ណេ​។ វា​ជាការ​ប្រសើរ​ណាស់​ដែល​បានឃើញ​ដោយផ្ទាល់​នូវ​ការ​ឧទ្ទិស និង​ចិត្តសប្បុរស​នៅ​រដូវ​បុណ្យ​នេះ​។ រ៉ា​ម៉ា​ដាន​គឺជា​ពេលវេលា​យ៉ាងសំខាន់​សំរាប់​អ្នក​កាន់សាសនា​ឥស្លាម ពីព្រោះ​វា​ជា​ពេលដែល​គម្ពីរ​កូ​រ៉ា​ន​ត្រូវបាន​គេ​បង្ហាញ​ជា​លើកដំបូង​។ 
​វា​ជា​ខែ​ដែល​អ្នក​កាន់សាសនា​ឥស្លាម​ទាំងអស់ រួមទាំង​ជនជាតិ​អាមេរិក​កាន់សាសនា​ឥស្លាម​រាប់លាន​អ្នកផង ធ្វើការ​ថ្វាយបង្គុំ​សុំ​ការណែនាំ និង​ការលើក លែង​ទោស​ចំពោះ​អំពើ​បាប​កន្លងមក​។ គេ​ដឹង​ពី​បុណ្យ​រ៉ា​ម៉ា​ដាន​ដោយ​ការ​តម​អាហារ​ពី​ពេល​ថ្ងៃ​ជិត​រះ ដល់ ពេល​ថ្ងៃ​លិច ហើយ​ខ្ញុំ​មានការ​ស្ញប់ស្ញែង​ចំពោះ​ការ​តំរូវអោយ​ប្រកាន់​តំណម​នេះ​អោយបាន​ខ្ជាប់ខ្ជួន​។ ការ​តម​អាហារ​គឺជា​រឿង​ពិបាក តែ​ឥស្លាម​សាសនិក​មាន​ជំនឿ​យ៉ាងរឹងមាំ​លើ​បំណង​នៃ​ការ​តម​នេះ ពោលគឺ​ដើម្បី​បង្រៀន​ពី​វិន័យ​ក្នុង​ខ្លួន​និង​ការចេះ​អត់ទ្រាំ ដើម្បី​យល់​ចំពោះ​អ្នក​ដែល​ស្ថិតក្នុង​ស្ថានភាព​ខ្សត់ខ្សោយ​។ 

​ដូច​ប្រពៃណី​របស់​ជនជាតិ​អាមេរិក​កាន់សាសនា​ឥស្លាម​រាប់លាន​នាក់​ដែរ ឥស្លាម​សាសនិក​នៅ​កម្ពុជា បញ្ចប់​ការ​តម​អាហារ​ជាមួយនឹង​អាហារ​ស្រាយ​បួស ដែលជា​អាហារ​ពិសេស​នៅពេល​ថ្ងៃ​លិច​។ ជាធម្មតា ឥស្លាម​សាសនិក​ប្រារព្ធ​ការបរិភោគ​អាហារ​នេះ​នេះ​ជាមួយ​មិត្តភក្តិ​និង​ក្រុមគ្រួសារ តែ​នៅ​ក្នុងឱកាស ពិសេស សហគមន៍​ទាំងមូល​ចូលរួម​ផងដែរ​។ 
​ហេតុដូច្នេះ​ហើយ​បានជា​ស្ថានទូត​សហរដ្ឋអាមេរិក​បានរៀបចំ​ពិធី​បរិភោគ​អាហារ​ស្រាយ​បួស​នៅ​ថ្ងៃទី​២ សីហា​កន្លងមកនេះ ដល់​ក្រុម​ឥស្លាម​សាសនិក​នៅ​រាជធានី​ភ្នំពេញ​។ វា​គឺជា​ឱកាស​មួយ​ប្រសើរ​ណាស់​សំរាប់​អោយ​យើង​រៀនសូត្រ​ពីសា​សនា​ឥស្លាម នៅ​កម្ពុជា​។​
​សំណួរ​មួយទៀត​ដែល​គេ​បាន​សួរ​ខ្ញុំ​ជា​ញឹកញាប់​គឺថា “​តើ​លោក​គិត​យ៉ាងដូចម្តេច​ចំពោះ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​?” ខ្ញុំ​គិតថា ប្រទេស​កម្ពុជា​កំពុង​តែមាន​ភាពជឿនលឿន​ក្នុង​ផ្នែក​សិទ្ធិមនុស្ស​។ 

​តាំងពី​ឆ្នាំ​១៩៩២ មក ប្រទេស​កម្ពុជា​បាន​បង្កើត​រដ្ឋធម្មនុញ្ញ​មួយ ដែល​ទទួលស្គាល់​សិទ្ធិមនុស្ស​មួយចំនួន ដែល​ត្រូវបាន​គេ​ទទួលយក​ជា​សាកល បានរៀបចំ​ការបោះឆ្នោត​ជា​បន្តបន្ទាប់  និង​បង្ហាញ​ការឈាន​មុខ​គេ ក្នុង​ការរក្សា​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​។  ទោះជា​យ៉ាងនេះ​ក្តី ខ្ញុំ​ជឿជាក់ថា​នៅមាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​។​

​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​មាន​មោទនភាព​ក្នុង​ការជួយ​ដល់​អង្គការ​ក្នុងស្រុក​មួយចំនួន ដើម្បី​ផ្តល់ សិទ្ធិអំណាច​ផ្នែក​នយោបាយ សេដ្ឋកិច្ច​និង​សង្គម​ដល់​ពលរដ្ឋ​កម្ពុជា​។ ជាពិសេស​ដូចជា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ជាដើម បាន​កំពុងតែ​ខិតខំ​បណ្តុះ​បរិយាកាស ដែល​ក្នុងនោះ​ប្រជាជន​កម្ពុជា​គ្រប់រូប​មាន សេរីភាព​និង​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​របស់គេ​។ 
​ជំនួយ​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​ជួយ​ដល់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ក្នុងការ​បង្កើត​គេហទំព័រ sithi.org ដើម្បី​ប្រមូល​និង​ចែករំលែក​ព័ត៌មាន​ស្តីពី​សិទ្ធិមនុស្ស ដើម្បីអោយ​សកម្មជន​និង​សាធារណជន​ទូទៅ​មាន ការយល់ដឹង​កាន់តែច្រើន ហើយ​អាច​ចូលរួមចំណែក​ក្នុងន័យ​ស្ថាបនា​ដល់​ការពិភាក្សា​លើ​បញ្ហា​ដែល​ប៉ះ ពាល់​ដល់​ជីវិត​រស់នៅ​របស់គេ​។ ទីភ្នាក់ងារ USAID ក៏បាន​ជួយ​ផងដែរ​ដល់​គំរោង​តាមដាន​សវនាការ (Trial Monitoring Project) របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដើម្បី​ជួយ​កែលំអ​និតិ​វិធី​និង​ការ ប្រតិបត្តិ​របស់​តុលាការ​នៅ​ប្រទេស​កម្ពុជា ដែលនាំអោយ​មានការ​គោរព​តាម​បទដ្ឋាន​កាន់តែ​ច្រើនឡើង​ក្នុង ការកាត់ក្តី​ប្រកបដោយ​ភាពត្រឹមត្រូវ​។ 

​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ខ្ញុំ​មានការ​តាំងចិត្ត​ក្នុងការ លើក​កំពស់​តំលៃ​នៃ​សិទ្ធិមនុស្ស និង​ក្នុងការ​ពិភាក្សា​ជាមួយ​សង្គម​ស៊ីវិល ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន ស្តីពី​ការខិតខំ​ដើម្បី​រក្សា​ឧ​ត្ត​ម​គតិ​ទាំងនេះ​នៅក្នុង​ប្រទេស​កម្ពុជា​។ 

​សូម​អរគុណ​ចំពោះ​សំណួរ​របស់​លោកអ្នក​។ សូម​បន្តធ្វើ​ការទាក់ទង​មក​ខ្ញុំ​តាម​អ៊ីម៉េល AskAMBToddPP@state.gov  ។ 

​លោកអ្នក​អាច​សួរ​ខ្ញុំ​នូវ​សំណួរ​អ្វី​ក៏បាន​ដែរ​។ សូម​ចូលរួម​បើក​មើល Blog របស់ខ្ញុំ​តាម​អាសយដ្ឋាន http://blogs.usembassy.gov/todd/ ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​បំផុត​!៕

លោក​ទិ​ត​សុធា​៖ ការរួបរួម​គ្នា​ដោយ​ក្រុម​ដែលមាន​កម្លាំង​ខ្សោយ ទាញ​ទម្លាក់​ការរួបរួម​គ្នា​នោះ​ឲ្យ​រឹតតែ​ខ្សោយ​

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​បង្ហាញ​នូវ​ការព្រួយបារម្ភ​អំពី​គម្រោង របស់​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សម រង្ស៊ី មេគណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​នោះ ខណៈដែល​ចលនា​បាន​កំពុង​អន្ទង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​គ្មាន​អ​សនៈ​ក្នុង​រដ្ឋសភា ឲ្យ​ចូលរួម​នៅក្នុង​ចលនា​នោះដែរ​ក៏ដោយ​។​

​ជា​ប្រតិកម្ម​តប លោក ទិ​ត សុធា អនុប្រធាន និង​ជា​អ្នកនាំពាក្យ នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការបង្រួបបង្រួម​គណ​បក្សនយោបាយ ជា​សិទ្ធិ​របស់​អ្នក​យោ​បាយ ក៏ប៉ុន្តែ​គណបក្សនយោបាយ​ដែល​បម្រុង​នឹងចូលរួម ក្នុង​ចលនា​គណបក្សប្រឆាំង​ទាំងពីរ​ហ្នឹង សុទ្ធតែជា​គណបក្ស​ចុះខ្សោយ​បំផុត គឺ​មិនមាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ទេ សូម្បី​គណបក្សប្រឆាំង​ទាំងបី​នោះ ក៏​ខ្វះ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ផងដែរ សម្រាប់​គណបក្ស​ដែល​រួមគ្នា​នោះ គ្មាន​អី្វ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​មានការ​ព្រួយបារម្ភ​ទេ​។​

​លោក ទិ​ត សុធា បាន​មានប្រសាសន៍ថា “​ទោះបីជា​មានការ​រួបរួម​គ្នា ក៏ប៉ុន្តែ​ជាការ​រួបរួមគ្នា​ដោយ​ក្រុម​ដែលមាន​កម្លាំង​ខ្សោយ ធ្វើ​ឲ្យ​ទាញ​ទម្លាក់​ការរួបរួម​គ្នា​នោះ​ឲ្យ​រឹតតែ​ខ្សោយ​ថែមទៀត​”​។​

​លោក គង់ ប៊ុនធឿន ប្រធាន​គណបក្ស​ចលនា​ប្រជាធិបតេយ្យ បាន​ឲ្យ​ដឹងថា ខាង​ក្រុមការងារ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ បានធ្វើការ​ទំនាក់ទំនង​មក​ខាង​លោក​រួចហើយ ប៉ុន្តែ​នៅ​មិនទាន់​លម្អិត​ពី​ការងារ​ដែល​ត្រូវ​ជួបគ្នា​នោះ​នៅឡើយ​ទេ​។ 

​លោក​បាន​បញ្ជាក់ថា “​គោលជំហរ​របស់ខ្ញុំ គឺ​នឹង​រួបរួម​ជាមួយ​ចលនា​អ្នកប្រជាធិបតេយ្យ ពីព្រោះ​គណបក្ស​ខ្ញុំ ជា​ចលនា​គណបក្ស​ប្រជាធិបតេយ្យ​ស្រាប់​។ ការរួបរួម​នេះ ដោយ​ខ្ញុំ​សម្លឹង​ឃើញថា ប្រជាពលរដ្ឋ​ទាំងអស់​ស្រឡាញ់​ការរួមសាមគ្គីគ្នា មិន​ចង់​មានការ​បែកបាក់ គឺ​សុំ​ឲ្យ​ខ្មែរ​រួបរួម​ជាតិខ្មែរ​តែមួយ មិន​ឲ្យ​មានការ​បែកបាក់​សាមគ្គី​គ្នា ហើយដោយ​សារ​លោក កឹម សុខា និង​លោក សម រង្ស៊ី គាត់​បាន​បង្រួបបង្រួម​គ្នា​ទៅហើយ វា​ត្រូវ​ទៅនឹង​ចំណង់​ចំណូលចិត្ត​របស់ខ្ញុំ និង​មនសិការ​របស់​គណបក្ស​ចលនា​ប្រជាធិបតេយ្យ ចង់បាន​ការរួបរួម​ជាតិ​មួយ ដើម្បី​ឲ្យ​ឆ្ពោះទៅរក​ការឯកភាព​ជាតិ​មួយ ឲ្យ​បាន​ដំណើរ​ការល្អ​”​។​

​លោក យ៉ែម ប៉ុ​ញ្ញ​រិ​ទ្ធ អនុប្រធាន​នៃ​ចលនា​ប្រជា​ធិ​តេ​យ្យ​សង្គ្រោះ​ជាតិ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង នៃ​គណបក្ស​សិទ្ធិមនុស្ស បាន​មានប្រសាសន៍​បញ្ជាក់ថា គោលការណ៍​របស់​ចលនា​ប្រជា​ធិ​តេ​យ្យស​ង្គ្រោះ​ជាតិ ស្វាគមន៍​ដោយ​ការចូល​រួបរួមគ្នា​ទាំងអស់គ្នា ក៏ប៉ុន្តែ​មកដល់ពេលនេះ លោក​មិនទាន់បាន​ជួបពិភាក្សា ជាមួយ​តំណាង​គណបក្ស​ចលនា​ប្រជា​ធិ​តេ​យ្យ​នៅឡើយ​ទេ តែ​នឹងមាន​ពេល​វ​លា​សមរម្យ ដើម្បី​ជួប​ជជែក​គ្នា​ពេល​ឆាប់ ហើយ​មកដល់ពេលនេះ​មាន​គណបក្ស​មួយចំនួន ដែល​ធ្លាប់បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​កន្លងមក និង​គណបក្ស​ខ្លះទៀត​មិនទាន់បាន​ចូលរួម​ក្នុងការ​បោះឆ្នោត សុទ្ធ​តែមាន​គម្រោង​ចូលរួម​ជាមួយ​ចលនា​ប្រជា​ធិ​តេ​យ្យស​ង្គ្រោះ​ជាតិ នាពេលខាងមុខ​៕

ផ្តល់​​គោយន្ត​14​​​គ្រឿង​ជូន​ដល់​ក្រុម​​ប្រឹក្សា​ឃុំ​​ទាំង​14​​ក្នុង​ខេត្ត​បន្ទាយ​​មានជ័យ

ខេត្ត​បន្ទាយ​មានជ័យ ៖ ​កាលពី​ថ្ងៃទី​​៣០ ​កក្កដា ​​កន្លង​ទៅ​នេះ ​​លោក ​​យឹម ឆៃលី ​ឧប​នាយក​រដ្ឋ​មន្ត្រី​​ និងជា​ប្រធាន​​ក្រុម​​ប្រឹក្សា​​ស្តារ​អភិ​វឌ្ឍន៍​វិស័យ​កសិកម្ម ​​និង​ជ​ន​បទ ​និង​ លោក​ កែ គឹម​យ៉ាន ​​ឧបនាយក​រដ្ឋ​មន្ត្រី​​ និង​ជា​ប្រធាន​​​អាជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​​ប្រឆាំង​គ្រឿងញៀន ​បាន​នាំ​យក​​គោ​យន្ត​​​​ចំនួន​១៤​គ្រឿង ​ទៅផ្តល់​ជូន​ដល់​​ក្រុម​ប្រឹក្សា​​ឃុំ​ចំនួន​​​១៤​ក្នុង​ខេត្ត ដើម្បី​​ជួយ​​​ជំរុញ​​ដល់​វិស័យ​ក​សិកម្ម​ ។
​​លោក អ៊ុង អឿន​ អភិបាល​​ខេត្ត​បាន​រាយ​ការណ៍​​​ឱ្យ​ដឹង​ថា ​​ខេត្ត​បន្ទាយ​មានជ័យ​​​មាន​ស្រុក​ចំនួ​ន​​​​​​៧​ និង​​ក្រុង​​ចំនួន​​២ ​មាន​ឃុំ​ចំនួន​​៥​៥ ​និង​សង្កាត់​​ចំនួន​​​១០ ភូមិ​​ចំនួន​​៦៦២​ ក្នុង​នោះ​​ភូមិ​ទទួល​​ស្គាល់​​​ជា​ផ្លូវ​ការ​មាន​ចំនួន​​៦៣៨​​ ដែល​​មាន​​ប្រ​ជា​ពលរដ្ឋ​​សរុប​​​ចំនួន​ ៧០២.៣៦៩​នាក់ (ស្រី​​ចំនួន ​​៣៥៤.៨៦៩​​នាក់) ស្មើ​នឹង​ ១៥៥.៥៥៨​គ្រួសារ​​បើ​ប្រៀប​ធៀប​នឹងឆ្នាំ​​​២០១០ ​កើន​ឡើង​​ចំនួន​​ ៤.១២៧​នាក់​ ។​
លោក​អភិ​បាល​ខេត្ត​​​​បាន​បន្ត​ទៀត​ថា ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​​មាន​ប្រជា​ពលរដ្ឋ​​​​​៨០% ​​ជា​កសិករ​​​ និង​​២០%​ជា​អាជីវករ ​ហើយ​ជា​​ខេត្ត​​ជង្រុក​ស្រូវ​​​ដ៏​ធំ​មួយ​នៅក្នុង​​ប្រទេស​កម្ពុជា​ ​។ ទោះ​ជា​ខេត្ត​បន្ទាយ​មានជ័យ​ ជួប​គ្រោះ​​ទឹក​ជំនន់​​​រយៈ​ពេល​​២​ឆ្នាំ​ជាប់​គ្នា ​និង​នៅ​ឆ្នាំ​​​២០១២ ​នេះ​ជួប​​​គ្រោះ​រាំង​ស្ងួត​​យ៉ាង​ណា​ក៏ដោយ ​ក៏រាជ​រដ្ឋា​ភិបាល​​ ពិសេស លោក​ឧបនាយក​រដ្ឋ​​មន្ត្រី​​ ​យឹម​ ឆៃ​លី ​​​​​​​និងលោក​​ឧបនាយក​រដ្ឋ​មន្ត្រី​​ កែ គឹម​យ៉ាន ​ ​​តែង​តែ​​​យក​ចិត្ត​​ទុក​ដាក់​​​ជួយ​ដោះ​ស្រាយ​ជានិច្ច​​នៅ​ក្នុង​​វិស័យ​​កសិកម្ម​​នេះ ។ ​ជា​ក់​ស្តែង​ពេល​នេះ​​លោក​ឧបនាយក​រដ្ឋ​មន្ត្រី បាន​​​នាំ​យក​​គោ​យន្ត​​១៤​គ្រឿង​មក​ផ្តល់​​​ជូន​ដល់​​ក្រុម​ប្រឹក្សា​​​ឃុំ​ចំនួន​​​១៤​ក្នុង​​ខេត្ត​​​ ​ដើម្បី​​ជួយ​​ដល់​វិស័យ​​កសិកម្ម ។​
លោក​ឧបនាយក​រដ្ឋ​​មន្ត្រី​​ ​យឹម​ ឆៃ​លី ​​​​​​និង​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​​​ កែ គឹម​យ៉ាន ​ ​បាន​មាន​មតិ​​សំណេះ​សំណាល​​​បន្ត​​បន្ទា​ប់​​ថា ​នៅ​ប្រទេស​កម្ពុជា​​ គឺ​មាន​​ខេត្តម​ួយ​ចំនួន​​​ធំ​ដែល​​កំពុង​​​ជួប​​គ្រោះ​រាំង​ស្ងួត​​ ទោះ​ជា​យ៉ាង​​ណា​ក៏ដោយ​​​​រាជ​​រដ្ឋាភិបាល​​​​កម្ពុជា​​ ដែល​មាន​សម្តេច​​​​អគ្គ​មហា​សេនាបតីតេជោ​​ ហ៊ុន សែន​ ​ជានាយក​រដ្ឋ​មន្ត្រី​​ ​និង​លោក​ជំទាវ​​កិត្តិ​​​ព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី ​ហ៊ុន សែន​​​ ជាប្រធាន​​កាក​បាទ​ក្រហម​កម្ពុជា ​​បាន​យក​ចិត្ត​ទុកដាក់​​ជួយ​ដល់​​​ប្រជា​កសិករ​​​​ដែល​ជួប​ការ​លំបាក​ ​។ ដូច​ជា​​នៅ​ថ្ងៃ​នេះ លោក​បាន​​​នាំ​យក​គោ​​​យន្ត​ចំនួន​​​១៤​គ្រឿង មកផ្តល់​ជូន​ដល់ក្រុម​ប្រឹក្សា​​​ឃុំ​សម្រាប់​​​ជួយ​ដល់​​ប្រជា​​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​ការ​លំ​បាក​​​ផ្សេងៗ​ ​​ពិសេស​​​​មធ្យោបាយ​​​បម្រើ​​ដ​ល់​ការ​​ងារ​​កសិកម្ម​ ៕

លទ្ធ​ផល​នៃ​ការ​បង្ក្រាប​បទល្មើស​ជលផល​ក្នុង​រដូវ​ហាម​ឃាត់​

កំពង់ធំ ​៖​ ការ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជលផល​ជា​បន្តបន្ទាប់​ក្នុង​រដូវ​បិទ​នេសាទ​នៅ​ស្រុក​កំពង់ស្វាយ​ប៉ែក​លើ​នោះ ​បាន​ឆ្លុះបញ្ចាំង​ពី​អសមត្ថភាព​ឬ​អត់​ទទួលខុសត្រូវ​របស់​សមត្ថកិច្ច​ជលផល​សង្កាត់​កំពង់ស្វាយ។
​ ​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​ចូលរួម​ក្នុង​ការ​ដុត​បំផ្លាញ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១២​នៅក្នុង​ឃុំ​កំពង់​គោ​ បាន​និយាយ​ឲ្យ​ដឹង​ថា​ជា​ញឹកញាប់​ក្នុង​ពេល​កន្លងមក និង បច្ចុប្បន្ន​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ និង បើក​នេសាទ ក្នុង​ដែន​សមត្ថកិច្ច​រដ្ឋបាល​ជលផល​សង្កាត់​កំពង់ស្វាយ​ខាងលើ​នោះ ពុំ​សូវ​ឃើញ​សមត្ថកិច្ច​នេះ ចេញ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព និង តម្លាភាព​ខាង​ផ្លូវច្បាប់​នោះ​ទេ ផ្ទុយទៅវិញ មាន​មន្ត្រី​ខ្លះ​បាន​ទៅ​ជំរិត​យក​លុយ​ពី​បទ​ល្មើស​ទាំងនោះ​ បង្កើត​រឿងអាស្រូវ​ពុំ​ចេះ​ចប់​ទៀត​ផង​។​
​ ​បទល្មើស​ជលផល​ដែល​ដុត​បំផ្លាញ​ចោល​ ដែល​មាន​ការចូលរួម​ពី​មន្ត្រី​ជលផល​ខណ្ឌ និង អាជ្ញាធរ​ព្រមទាំង​ប្រជាពលរដ្ឋ​នេះ គឺជា​លទ្ធផល ការ​បង្ក្រាប​របស់​សមត្ថកិច្ច​នគរបាល​អធិការដ្ឋាន​ស្រុក​កំពង់ស្វាយ​រួម​សហការ​ជាមួយ​អង្គការ​អភិរក្ស​ជលផល​បរិស្ថាន សត្វព្រៃ និង ព្រៃឈើ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ កំពង់​គោ និង ឃុំ​សាន​គរ​។​
​ ​ឧបករណ៍​បទល្មើស​នេះ​មាន​លូ​ស្បៃ​មុង​ចំនួន​៥៧​លូ របាំង​សាច់​ឈឹម ប្រវែង ២២៤០ ម៉ែត្រ អួន​ក្រហម​ប្រវែង​១០០​ម៉ែត្រ បង្គោល​៧៤១​ដើម និង លែង​កូន​ត្រី​រៀល និង លិញ ចំនួន​១៥០​គីឡូក្រាម​។​
​ ​លោក អនុសេនីយ៍​ឯក យន់ ឆៃ​យាន​ អធិការរង​ស្រុក​កំពង់ស្វាយ​ដែល​ដឹក​នាំចេញ​បង្ក្រាប​នេះ បាន​និយាយថា ការចេញ​បង្ក្រាប​២​លើក​គឺ​ថ្ងៃទី​២៧ ខែកក្កដា និង លើក​ទី​២ នៅ​ថ្ងៃទី​២ ខែសីហា គឺ​សមត្ថកិច្ច​ជលផល ខណ្ឌ​កំពង់ធំ​មក​សហការ​ជាមួយ​កម្លាំង​របស់​គាត់​(​យាន់​ឆៃ​យាន​) និង អង្គការ។ ចំណែក​សមត្ថកិច្ច​រដ្ឋ​បាល​ជលផល​សង្កាត់​កំពង់ស្វាយ​នេះ​វិញ លោក​សុំ​មន​បរិយាយ​ទេ គឺ​ស្រេច​តែ​ការ​មើលឃើញ​របស់​ប្រជាពលរដ្ឋ​ចុះ​៕
កង​ចេស្ដា​