Tuesday, November 15, 2011

បទវិចារណកថា គណបក្សប្រឆាំងប្រកាសខ្លួន​បំ​ផ្លាញ​ផលប្រយោជន៍​ជាតិ



ការប្រកាសធ្វើ​ពហិការមិន​ចូល​រួម​ប្រជុំអនុម័ត​លើគម្រោង​កញ្ចប់​ថវិការជាតិសម្រាប់​​ឆ្នាំ ២០១២ នៅ​រដ្ឋសភា របស់​អ្នក​តំ​ណាង​រាស្ត្រ​ទាំង​២៦​រូប​នៃ​គណបក្ស​សម រង្ស៊ី​  ​គឺជា​សារមួយ​ដ៏​ជាក់​លាក់​បង្ហាញ​ប្រាប់​ដល់​ប្រជាពល​រដ្ឋទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ថា​ គណបក្សប្រឆាំង​មួយ​នេះ​ បាន​ និង​កំ​ពុង​ដើរចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​​ក្នុង​ឋានៈ​ខ្លួន​ជាអ្នក​តំ​ណាង​រាស្ត្រ​ ឬមាន​តម្លៃស្មើនឹង​ការ​ប្រកាសខ្លួន​បំ​ផ្លាញ​ផល​ប្រយោជន៍​ជាតិ​ទាំង​មូល។

មិន​ខុសអ្វី​ពី​ពាក្យ​ចាស់​បូរាណ​បាន​ពោល​ទុក​មក​ថា « មិន​ជួយ​ចូក​ជួយ​ចែវ​ យកជើង​រាទឹក​»។ ទស្សនៈ​នេះ​ត្រូវ​បាន​គណបក្ស​ប្រឆាំង​សម រង្ស៊ី​ យក​មកអនុវត្ត​ ដើម្បី​​អ្វី​មួយ​ជាការ​ដើរ​ផ្ទុយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​ត្រូវ​គោរព​ និង​បំ​រើ​ផល​ប្រយោជន៍​ប្រជារាស្ត្រជាធំ​ ក្នុង​ការ​រស់​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​។

ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​បែប​នេះ​ ​សមដូច​ប្រសាសន៍​អះ​អាង​បញ្ជាក់​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​​ នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ បាន​ថ្លែង​ថា​ គឺជាចេតនាបំ​ផ្លាញ​ជាតិ​ មិន​ចង់​ឱ្យ​មាន​ការ​អភិវឌ្ឍន៍​ប្រទេស​ ដែល​នោះ​គ្រាន់​តែ​ជា​ផែន​ការ​ឥតប្រយោជន៍​។

នៅ​ពី​ក្រោយ​កលល្បិច​នៃ​ការប៉ុនប៉ង​អនុវត្តគម្រោង​ការ​ឱ្យ​អ្នក​តំ​ណាង​រាស្ត្រ​៤រូប​លាលែង​ពី​តួនាទី និង​ឈាន​ដល់​ការ​ប្រកាសជាចំ​ហរថានឹង​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​ទាំង​២៦រូប​នៃអ្នក​តំ​ណាង​រាស្ត្រ​ដោយ លោក សម រង្ស៊ី​ដើម្បី​បង្ក​ឱ្យ​មាន​អធម្ម​នុញ្ញភាព​ក្នុង​ស្ថាប័ន​កំ​ពូល​មួយ​នេះ​ គឺអាចចាត់​ទុក​ថា​ជា​ប្រថ្នូរ​អាក្រក់​ថ្មី​មួយ​ទៀត​សម្រាប់​គណបក្ស​ សម រង្ស៊ី​ ដែល​នឹង​ឈាន​ទៅ​រក​វិថី​ដ៏​គ្រោះ​ថ្នាក់​ ដូចគ្នា​នឹងបទ​វិភាគ​របស់​វិទ្យុ​អន្តរជាតិ​មួយ​និយាយ​ភាសាខ្មែរ ដែល​បាន​ផ្សាយ​កាលពី​ពេល​ថ្មីៗនេះ​ ថា​ « សកម្ម​ជន​បក្ស​ប្រឆាំង​ប្រឈម​នឹង​ស្ថានភាព​ខ្សោះ​ខ្យល់»

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ គម្រោង​ការ​ទុចរិត​នេះ វាគ្រាន់​តែ​ជា​ផែន​ការ​រារាំង​ ជំ​ទាស់​នឹង​ដំ​ណើរការ​អភិវឌ្ឍ​ប្រទេស​ ដើម្បី​គ្រាន់​តែ​ជាការ​ប្រឆាំង​ ដោយ​មិន​បាន​រួម​ចំ​ណែក​ការ​កសាង​ និងការ​​រក្សានូវ​ស្ថេរភាព​នយោបាយ​ និង​ការ​បង្រួម​បង្រួម​ជាតិ​នោះ​ឡើយ​ គឺវាជា​ការ​បើក​យុទ្ធនាការ​ក្តៅ​ដើម្បី​ផ្តួលរំលំរាជ​រដ្ឋា​ភិបាល​កម្ពុជា ឬ​វាគ្រាន់​តែ​ជាការ​បំ​ពក់​ភ្លើង​ ដែល​នឹង​នាំឱ្យ​មាន​នូវ​ភាព​ចលាចល វឹក​វរ ក្រោម​ឥទ្ធិ​ពល​នៃជំ​ហាន​បដិវត្តន៍​ផ្កាម្លឹះ​ ដែល​ត្រូវ​បាន​វាយ​បំ​បែកដោយ​កណ្តាប់​ដៃដែក​ថែប​របស់​សម្តេច​តេជោ​នាពេល​ថ្មី​ៗ។ បើ​និយាយ​ឱ្យ​ចំ​បញ្ហា​ វាគ្រាន់​តែ​ជា​ការ​បង្កើត​រឿង​ថ្មី​ដើម្បី​យក​មក​រំ​ងាប់​បញ្ហាផ្ទៃ​ក្នុង​គណបក្ស​របស់​ខ្លួន​ដែល​កំ​ពុង​តែ​បែកខ្ទេចខ្ទាំ ​ជាច្រើន​ចំណែក​ហើយ​នោះ ដែល​វិបត្តិ​ដ៏​ជ្រាល​ជ្រៅ​នេះ​ មិន​អាច​ប្រែមក​ជាល្អប្រសើ​រវិញ​បាន​ឡើយ​។​

ការ​ចាប់​ផ្តើម​ដួល​រលំ​ មុន​ពេល​អនុវត្តផែន​ការ​ វាបាន​ក្លាយ​ទៅ​ជាទម្លាប់​របស់​គណបក្ស​សម រង្ស៊ី​ ទៅ​ហើយ ហើយ​គណបក្ស​មួយ​នេះ​ ក៍​បាន​ទទួល​នូវ​មេរៀន​ជាបន្តបន្ទាប់​ផង​ដែរពី​សម្តេច​តេជោ​ ក្រោយ​ពី​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​បក្ស​ប្រឆាំង​មួយធ្វើ​ការ​ប្រៀប​ធៀប​ការ​ដឹក​នាំ​របស់​សម្តេច​ ទៅ​នឹង​របបរបស់​លោក កាដាហ្វី ដែល​ត្រូវ​បាន​សម្លាប់​នាពេល​ថ្មី​ៗ​​។ សម្តេចតេជោ​​ បាន​ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ ប្រសិន​បើ​នៅ​តែបន្ត​រិះ​គន់​ដោយ​គ្មាន​មូល​ដ្ឋាន​មកលើ​សម្តេច​ បែប​នេះ​ ដែល​សម្តេច​បាន​ចាត់​ទុក​ថា​ ជាការ​ប្រមាថ​ដល់​អាយុ​ជី​វិត​របស់​លោក ជាមួយ​នឹង​ការ​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​មាន​ការ​ចាំ​បាច់​ដើម្បី​ការ​ពារ​រដ្ឋធម្មនុញ្ញ ការ​ពារ​ឯកភាព​ជាតិ​ និង​ស្ថេរភាព​នយោបាយ​ ដោយ​មិន​អនុញ្ញាតឱ្យ​បក្ស​ប្រឆាំងបាន​សម្រេច​នូវ​សកម្ម​ភាព​នោះ​ឡើយ​។

វាជា​រឿង​ដ៏​ចម្លែក​បំ​ផុត​ ដែល​អ្នក​តំ​ណាង​រាស្ត្រ​ ជាប់​ឆ្នោត​ដោយ​សម្លេង​គាំ​ទ្រ​ពី​ប្រជាពល​រដ្ឋ តែ​ពួក​គេ​ក្បត់​ នឹង​ឆន្ទៈរាស្ត្រ​ ហើយ​គិត​តែ​ពី​ប្រយោជន៍​បក្ស​ពួក​ ក្រុម​នយោបាយ​របស់​ខ្លួន​។ ពី​ព្រោះ​ថា​ ការ​ខិត​ខំ​កៀង​គររក​ជំ​នួយ​ដើម្បី​ការ​អភិ​វឌ្ឍ​ គឺ​ជា​ករណី​កិច្ច​ដ៏​ចាំបាច់​របស់រាជ​រដ្ឋាភិបាល​ ។ ដោយ​ឡែក​ការ​អនុម័ត​កញ្ចប់​ថវិកាដើម្បី​បការ​អភិ​វឌ្ឍ​ប្រទេស​ គឺ​ចាំ​បាច់​ត្រូវ​តែ​មាន​ការ​ចូល​រួម​ផ្តល់​សេចក្តី​គាំ​ទ្រ​ពី​អ្នក​តំ​ណាង​រាស្ត្រ​។ដូច្នេះ​ការចូល​រួម​សម្រេច​គាំទ្រ​កញ្ចប់ថវិការ​មានន័យ​ថាគឺជាការ​ចូលរួម​ជួយ​កសាង​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដូចជា​ថវិការ​សំរាប់​កសាង​ហេចដ្ឋា​រចនាសម្ព័ន្ធ​នានា រួមមាន​សាង​សង់​ផ្លូវ ថ្នល់ ស្ពាន ប្រឡាយ​ទឹក មន្ទីពេទ្យ សាលារៀន ​។ល។និង​។ល។

ត្រង់នេះ​សបញ្ជាក់​ឲ្យឃើញថា​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ទាំង២៦រូប បើ​មិន​ចូល​រួម ​​ក្នុង​ការ​សម្រេច​គាំទ្រកញ្ចប់​ថវិការ​ជាតិមែន​នោះ​ វាស្តែង​ឲ្យឃើញថា ក្រុមតំណាង​រាស្រ្តទាំងនោះ ស្មើ​នឹង​បំផ្លាញ​ជាតិ​ពេញទី  គឺការ​មិន​ចង់ឲ្យ​ប្រជាពលរដ្ឋមាន៖ ផ្លូវ ថ្នល់ ស្ពាន សាលារៀន  មន្ទីទេព្យ និង​ការ​អភិវឌ្ឍន៍​ផ្សេង​ៗ​ជាច្រើន​ទៀត​។ ការ​ធ្វើ​ពហិការ មិនចូល​ប្រជុំ និង​រហូតដល់​គំរាមថា លា​ឈប់ពី​តំណែង​តំណាង​រាស្រ្ត​ នេះគឺជាការធ្វើវិទ្ធង្សនា នឹង​បង្អាក់​ដំណើរ​ការក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។​

វារិត​តែ​បង្ហាញ​កាន់​តែ​ច្បាស់​ថែម​ទៀត​ថា​ ការ​ពុំ​បាន​ចូល​រួម​​ជួយ​កសាង​ជាតិរបស់​គណបក្ស​ប្រឆាំង គឺជាការ​កាត់​បន្ថយ​នូវ​អ្នក​គាំ​ទ្រកំ​រិត​អប្បរិមា​ ឬនិង​អាចឈានទៅ​រកការ​រលំ​រលាយ​ទាំង​ស្រុង​នៃ​បក្ស​ប្រឆាំង​មួយ​នេះ​ ហើយផ្ទុយ​ទៅ​វិញ​ ​ប្រជាពល​រដ្ឋនិង​រិត​តែ​មាន​ជំ​នឿជឿ​ជាក់​កាន់​តែ​ខ្លាំង​មកលើ​រាជ​រដ្ឋាភិបាល​ ជាពិ​សេសគណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​ខិត​ខំកសាង និង​អភិ​វឌ្ឍប្រទេស ពី​មួយថ្ងៃទៅមួយថ្ងៃ ដែល​មាន​ការ​រីក​ចំ​រើន​ស្ទើរគ្រប់​វិស័យ​ ដែល​គណបក្ស​ប្រឆាំង​ពិបាក​នឹង​យក​ប្រៀប​ឈ្នះ​បាន​

បន្ថែម​ពី​លើ​នេះ​ សម្ដេចតេជោ ក៏បាន​រិះគន់ ទៅកាន់​អ្នក​នយោបាយ មួយ​រូប​ដែល​លើកឡើងមួយឃ្លាថា រដ្ឋាភិបាល​យក​ការ​អភិវឌ្ឍន៍​មក​បិទបាំង​អំពើ​ផ្ដាច់កា​រ​របស់ខ្លួន។ ត្រង់​ចំណុច​នេះ សម្ដេច​ក៏បានសួរ ត្រឡប់​ទៅវិញថា តើបិទ​បាំង​អំពើ​ផ្ដាច់​ការ ត្រង់ណា ? អត់​លទ្ធិ​ប្រជា​ធិបតេយ្យ អត់មាន​សិទ្ធិ​បញ្ចេញ​មតិ​ឬ​មួយ​យ៉ាង​ណា ? សម្ដេច តេជោ បាន​លើក ឡើងទៀតថា សិទ្ធិទាំងអស់ នេះ គឺផ្ដើមចេញពីសិទ្ធិរស់រានមានជីវិត សិទ្ធិ ទទួ​ល​ចំណី​អាហារ សិទ្ធិទទួល​បាន​ការ​ព្យា បាល និង​សិទ្ធិ​ទទួល​បាន​ការ​អប់រំ ដូច្នេះតើ មេបក្ស​ប្រឆាំង​រូបនេះ មានសិទ្ធិ​មូល​ដ្ឋាន​ទាំង៤​ដែរ​ឬអត់ ?
        
  វាជាការ​ពិត​មុន​នឹង​និយាយ​អំពី​សិទិ្ធ​បញ្ចេញ​មតិ​ត្រូវចាប់​ផ្តើម​គិតពី​សិទិ្ធរស់​រានមាន​ជីវិតមុន​គេសិន បើ​គ្មានជីវិត​ផង​តើមាន​សិទិ្ធ​បញ្ចេញ​មតិ​មក​ពីណា?ប្រជាពល​រដ្ឋ​កម្ពុជា​គ្រប់​រូប​បាន​ដឹង​ថា គណបក្ស​ប្រជា​ជន​កម្ពុជា បានជួយ​សង្រ្គោះ​ជីវិត​ប្រជាពល​រដ្ឋ​កម្ពុជាឲ្យរួច​ផុត​ជីវិត​ពីការ​កាប់​សម្លាប់នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល​ពត ទាន់​ពេល​វេលា​នៅថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩ បាន​ធ្វើឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជាមាន​ជីវិត​ឡើង​វិញ ​បាន​ន័យថា មានជីវិត​ទើបមាន​សិទ្ធិ​បញ្ចេញមតិ កម្ពុជាបាន​ផ្តើមចេញ​ពីចំណុច​សូន្យ រហូត​មានការ​រីកចំរើន​ដូច​សព្វ​ថ្ងៃនេះ គឺវាឆ្លងកាត់​បញ្ហា​ជាច្រើន​ទម្រាំ​ឲ្យអន្តរជាតិ​ទទួល​ស្គាល់ជា​ប្រទេស​កម្ពុជាជា​ប្រទេសអច្ឆរិយៈ ល្បីល្បាញ​ពាស​ពេញ​ពិភព​លោក គឺកើត​ឡើង​ដោយ​ក្រោមការ​ដឹកនាំ​របស់រាជ​រដ្ឋាភិបាល​កម្ពុជា នៃ​គណបក្សប្រជាជន​កម្ពុជា។   ប្រទេស​កម្ពុជា​ក្រោយ​ឆ្នាំ១៩៩៣ រហូតមក​ដល់សព្វ​ថ្ងៃ បាន​ប្រកាន់​នូវ​ប្រ​ទេស​ដែល​មាន ព្រះមហាក្សត្រ ទ្រង់​ប្រតិបត្តិ​តាមរដ្ឋ​ធម្មនុញ្ញ និងតាម​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្យ មាន​ការបោះឆ្នោត ៥ឆ្នាំម្តងៗ  យ៉ាងទៀងទាត់  ហើយគណបក្ស​នយោបាយ​មាន​សិទ្ធិ​រិះគន់យ៉ាង​ទូលំទូលាយមកលើរាជ រដ្ឋាភិបាល។

          ជារួម គណបក្ស​ប្រឆាំង​គ្មាន​គោលការណ៍​ណាមួយ​ច្បាស់លាស់​ក្នុង ការបំរើ​ផល​ប្រយោជន៍​ដល់ ប្រជាពល​រដ្ឋកម្ពុជា​នោះទេ គឺមាន​តែ​យុទ្ធ​នាការ​ប្រឆាំង​ ដោយ​គ្មាន​ការ​ចូល​រួម​ ក្នុង​ន័យថា​«មិនជួយចូកមិនជួយចែវថែមទាំងយកជើងរាទឹក» ឬ​អាច​និយាយ​បាន​ថា​ គណបក្ស​ប្រឆាំង​សម រង្ស៊ី​ បាន​ និង​កំ​ពុង​ប្រកាស ខ្លួន​បំ​ផ្លាញ​ផល​ប្រយោជន៍​ជាតិ​ទាំង​មូល៕
រួម ជាតិ