នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ នៅទីស្តីការគណៈរដ្ឋមន្រ្តី មានបើកកិច្ចប្រជុំមួយស្តីអំពី កំណែទម្រង់រដ្ឋបាល ជាពិសេសគឺកំណែទម្រង់ប្រព័ន្ធបៀវត្សន៍មន្រ្តីរាជការស៊ីវិលដើម្បីប្រសិទ្ធិភាព ការងារនិងការផ្តល់សេវាសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និង ជាប្រធានក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល។
នៅក្នុងកិច្ចប្រជុំដែលមានការចូលរួមពីថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងប្រទេស និងអង្គការដៃគូរអភិវឌ្ឍន៍ចំនួន ១២ ឯកឧត្តម បណ្ឌិតសភាចារ្យសុខ អាន បានមានប្រសាសន៍ឱ្យដឹងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោក្នុងការជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈដើម្បីទទួលបានប្រសិទ្ធភាពការងារ តាមរយៈការបង្កើតស្តង់ដាសេវាសាធារណៈ ការពង្រឹងការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងការធ្វើកំណែទម្រង់ប្រព័ន្ធបៀវត្សរបស់មន្រ្តីរាជការស៊ីវិលផងដែរ។
ឯកឧត្តម បណ្ឌិសភាចារ្យ សុខ អាន បានមានប្រសាសន៍ឱ្យដឹងថាសមិទ្ធិផលនៃកំណែទម្រង់ រដ្ឋបាលសាធាណៈ ចែកជា ៣ដំណាក់កាល ដូចខាងក្រោម ៖
-ដំណាក់
កាលទី ១ ក្នុងទស្សវត្សន៍ឆ្នាំ៩០ ក្នុងរយៈពេលនៃការបង្រួបបង្រួម និងផ្សះផ្សាជាតិគឺការធ្វើសមាហរណកម្មមន្រ្តីមកពីគ្រប់ភាគីនយោបាយ ឱ្យទៅក្នុងរដ្ឋបាលឯកភាពជាតិក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលបានផ្តួចផ្តើមដោយសម្តេចអគ្គមហាសេនា
បតីតេជោ ហ៊ុន សែន។
-ដំណាក់កាលទី២ ពីឆ្នាំ២០០០ ដល់ ២០០៦ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការជំរឿនមន្រ្តីរាជការស៊ីវិលទូទាំងប្រទេស និងបានលុបបំបាត់ចោលមន្រ្តីខ្មោច ជាង ១ម៉ឺនាក់នាក់ សន្សំ បានថវិការដ្ឋជាច្រើនដើម្បីដំឡើងប្រាក់បៀវត្សន៍មន្ត្រីរាជការ។ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង់ធនធានមនុស្សកាន់តែបានល្អ តាមរយៈការអនុវត្តយុទ្ធសាស្រ្តសនិទានកម្មមុខងារសាធារណៈ។ ក្រៅពីនេះ រាជរដ្ឋាភិបាលបានពង្រឹងនីតិរដ្ឋក្នុងរដ្ឋបាលសាធារណៈ តាមរយៈការអនុវត្តច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា និងលក្ខន្តិកៈដោយឡែកសម្រាប់សម្រាប់គ្រប់គ្រងមន្រ្តីរាជការស៊ីវិល ដែលគ្រប់ដណ្តប់លើវិស័យចំនួន ៦រួមមាន៖ វិស័យរដ្ឋបាលទូទៅ វិស័យរដ្ឋបាលដែនដី វិស័យការទូត វិស័យអប់រំ វិស័យសុខាភិបាល និងវិស័យបច្ចេកទេស។
-ដំណាក់កាលទី៣ ពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ន ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឱ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈដែលក្នុងនោះ មានការចងក្រងនិងបោះពុម្ពកម្រងព័ត៌មានសេវាសាធារណៈ ដែលតាមរយៈនេះ ប្រជាពលរដ្ឋអាចធ្វើការតវ៉ាទៅក្រុមប្រឹក្សាកំណែទ
ម្រង់រដ្ឋបាល ឬទៅអង្គភាពប្រឆាំងអំពើពុករលួយអំពីកំហុសឆ្គងណាមួយ ដែលបង្កឡើងដោយអ្នកផ្តល់សេវា និងការបង្កើតទីភ្នាក់ងារប្រតិបត្តិការពិសេសធ្វើជាយន្តការក្នុងវិស័យសុខាភិបាល ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើឡើង ដែលគ្របដណ្តប់ជាង ៣០០ មណ្ឌលសុខភាព។ តាមរយៈក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈការបង្កើតទីភ្នាក់ងារមុខរបរបានរួមចំណែកជួយបណ្តុះបណ្តាល និងរកការងារធ្វើជួនប្រជាពលរដ្ឋ។
តាមរយៈសមិទ្ធផលកំណែទម្រង់ខាងលើនេះឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍បញ្ជាក់ថា កំណើននៃប្រាក់បៀវត្សន៍មន្រ្តីរាជការស៊ីវិលជាមធ្យម បានកើនឡើងចំនួន ៥៤០% បើប្រៀបធៀបនឹងប្រាក់បៀវត្សន៍មន្រ្តីរាជការស៊ីវិលឆ្នាំ២០០១។
ក្នុងគោលបំណងជំរុញការកែទម្រង់ ឱ្យកាន់តែស៊ីជម្រៅនិងទទួលបានប្រសិទ្ធភាពការងារកាន់តែខ្ពស់ឡើង ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានលើក គោលដៅជាយុទ្ធសាស្រ្តចំនួន ៣ ក្នុងវិស័យរដ្ឋបាលសាធារណៈ៖
ទី១. ត្រូវកែលម្អរគុណភាពនិងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អជាងនេះថែមទៀតតាមរយៈ ការបង្កើតនូវស្តង់ដាសេវាសាធារណៈ ចំនួន ៥ គឺ
ក. ភាពងាយស្រួលក្នុងការចូលយកសេវាសាធារណៈ
ខ. គុណភាពព័ត៌មាន
គ. ភាពឆ្លើយតប នៃសេវាសាធារណៈទៅនឹងតម្រូវការរបស់ប្រជាជន
ឃ. គុណភាពសេវាសាធារណៈ គឺការគោរពតាមពេលវេលា តម្លៃ និងលក្ខខណ្ឌកំណត់
ង. យន្តការផ្តល់មតិរបស់ប្រជាពលរដ្ឋលើការផ្តល់សេវាសាធារណៈ
ទី២. ត្រូវគិតគូរអំពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្សឱ្យបានល្អប្រសើរ ដើម្បីបង្កើន ប្រសិទ្ធិភាពការងារ និងត្រូវជំរុញឱ្យមានការផ្លាស់ប្តូរអាកប្បកិរិយាមន្រ្តីរាជការស៊ីវិលពីអ្នក ត្រួតត្រាឱ្យទៅជាអ្នកផ្តល់សេវាមានប្រសិទ្ធភាព។
ទី៣. ត្រូវរៀបចំប្រព័ន្ធបៀវត្សថ្មីមួយឲ្យមានកម្រិតបៀវត្សមួយសមស្របនឹងថវិកាជាតិ និងមានផលប៉ះពាល់ជាវិជ្ជមានដល់គុណភាពនៃការផ្តល់សេវាសាធារណៈ និងប្រសិទ្ធភាព ការងាររបស់មន្រ្តីក្នុងការផ្តល់សេវា។ដៃគូអភិវឌ្ឍបានស្វាគមន៍ និងអបអរសាទរចំពោះលទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេច កន្លងមកក្នុងវិស័យកំណែទម្រង់រដ្ឋបាល ហើយបានគាំទ្រ និងប្តេជ្ញាសហការយ៉ាងជិតស្និទទៅមុខទៀត។ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អានបានស្វាគមន៍ការចូលរួមពីបណ្តាប្រទេស និងអង្គការអន្តរជាតិដែលជាដៃគូរអភិវឌ្ឍន៍ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕