Tuesday, March 26, 2013

បទវិភាគ៖ សុទិដ្ឋិនិ​យម​ចំពោះ​ការ​អភិ​វឌ្ឍន៍​នៅ​កម្ពុជា





អាណត្តិ​​ដឹកនាំ​​របស់​​សម្តេច​តេជោ មាន​​សមិទ្ធ​ផល​​ជា​​ស្ពាន​ធំៗ ១៧​កន្លែង ឆ្លងកាត់​​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់​



សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៣ បាន​មាន​ប្រសា​ស​ន៍​ឲ្យ​ដឹង​ថា ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​សម្តេចមាន​ស្ពាន​ធំៗ​ត្រូវ​បាន​ដាក់ឲ្យ​ប្រើប្រាស់ និង​កំពុង​សាងសង់សរុប​ចំនួន​ ១៧កន្លែង ដែ​ល​ស្ថិត​នៅ​តាម​ដង​ទន្លេមេគង្គ ទន្លេ​សាប និង​ទន្លេបាសាក់​។

នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​កោះធំ ខេត្តកណ្តាល ឆ្លងកាត់​ទន្លេបាសាក់ ក្រោម​កម្ចីសម្បទាន​របស់​ប្រទេស​ចិន សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ក្នុង​អាណត្តិ​របស់​សម្តេចជា​នាយ​ករ​ដ្ឋ​មន្ត្រី សម្តេច​មិន​យកលុយទៅ​ដាក់​ក្នុង​ហោប៉ៅ​របស់​ប្រជា​ពល​រដ្ឋ​ដោយផ្ទាល់​ទេ តែ​សម្តេច​បាន​យក​លុយ​ទៅ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និង​ស្ពាន ដូច​លំនាំ​នៅ​សម័យ​សង្គម​រាស្ត្រ​និយម​របស់​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​។ សម្តេចតេជោ​បានមាន​ប្រសាសន៍​បញ្ជាក់​ថា តាម​ដង​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ មាន​ស្ពាន​ចំនួន ១៧ ដែល​បាន​សាង​សង់​ដាក់ឲ្យ​ប្រើប្រាស់ ដូចជាស្ពាន​គី​ហ្ស៊ូ​ណាជាដើម ស្ពាន​ខ្លះកំពុង​សាងសង់ និង​មាន​គម្រោង​សាងសង់​។ ស្ពាន​ភាគច្រើនបានមក​ពី​ជំនួយ និង​ប្រាក់​កម្ចី​របស់​ប្រទេស​ចិន។

សម្តេចតេ​ជោ​ថ្លែង​ថា នេះ​ជា​នយោបាយ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់​ប្រទេស ដែល​បញ្ហា​ទាំង​អស់​នេះ ​ប្រជាពលរដ្ឋ​អាច​នឹង​វិនិច្ឆ័យ​បាន​ថា តើ​អ្នកណា​ជា​អ្នកធ្វើ​ពិត​ប្រាកដ? ហើយ​ប្រជា​ពល​រដ្ឋ​បាន​ទទួល​សេចក្តី​សុខ​ក្រោម​ការដឹកនាំ​របស់ខ្ញុំ។ អ្នក​កាច់ចង្កូត​រាជ​រដ្ឋាភិ​បាល ​គឺ​ខ្ញុំ​ជា​អ្នក​កាច់។ សម្រេច​បញ្ហាធ្វើ​ផ្លូវ​ធ្វើ​ស្ពាន ​ឬ​ធ្វើ​ប្រឡាយ ​គឺ​សម្រេច​លើ​នាយករដ្ឋ​មន្ត្រី ឥឡូវនេះ​អ្នក​កោះធំ​ទទួល​បាន​ផល​ហើយ អ្នក​ផ្សារ​ត្រូវ​ភ្លើង​ឆេះ​អស់រលីង​ ក៏​នឹង​បាន​ផ្សារ​លក់​នៅពេល​ខាង​មុខ​នេះ។ ឥឡូវ​ខ្ញុំ​សុំ​សន្លឹកឆ្នោត​ម្នាក់​មួយ​សន្លឹក​បាន ​ឬ​អត់? គូស​ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣​។ រឿង​អី​ក៏​ហៅរក ហ៊ុន សែន ដែរ​ ឥឡូវ ហ៊ុន សែន សុំ​វិញ​ម្តង​ហើយ បើ​ស្រឡាញ់ ហ៊ុន សែន បើ​អាណិត ហ៊ុន សែន បើ​ពេញចិត្ត ហ៊ុន សែន បើ​ជឿ​ទុក​ចិត្ត ហ៊ុន សែន សូម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ ១សន្លឹក​ៗ ​ហើយ​ពេល​នោះ​លទ្ធភាព​នៃ​ការ​បន្ត​ទាំងឡាយ​នឹង​ត្រូវ​ធ្វើ​បន្ត​ជាមិនខាន​ឡើយ។ សម្តេចតេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​មាន​ប្រសាសន៍​បញ្ជាក់ផង​ដែរ​ថា ខ្ញុំ​ក៏​នៅតែ​ជឿ​ជាក់​ថា គណ​បក្ស​ប្រជា​ជន​ក៏​នឹង​មានលទ្ធភាព​ដើម្បី​រក្សា​អាសនៈ​មិន​តិច​ជាង ២ភាគ៣ នៅក្នុង​សភា​បន្ត​ទៅ​ទៀត ដើម្បី​ងាយ​ស្រួល​ធ្វើ​ការ។

គួរ​បញ្ជាក់​ថា យោង​តាម​សង្កថា​របស់​សម្តេច​តេជោ​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​សមិទ្ធផល​ជា​ស្ពាន​ធំៗចំនួន​១៧កន្លែង ​ត្រូវ​បាន​កើតឡើង​ក្រោម​ការដឹកនាំ​របស់​សម្ដេច និង​គម្រោង​សម្រាប់​ការសាងសង់​បន្ថែម​ទៀត រួមមាន៖ ១,ស្ពាន​មិត្តភាព​កម្ពុជា-ចិន​សេកុង ប្រវែង ១០៥៧ម៉ែត្រ​ បាន​ដាក់ឲ្យ​ប្រើប្រាស់​រួចហើយ​ ដែល​ភ្ជាប់​ពី​ខេត្ត​ស្ទឹង​ត្រែង​ជាមួយ​ព្រំដែន​ឡាវ។ ២,ស្ពាន​មិត្តភាព​កម្ពុជា-ចិន ខេត្តស្ទឹងត្រែង ១៧៣១ម៉ែត្រ​ កំពុង​សាង​សង់​ត​ភ្ជាប់​រវាង​ខេត្តស្ទឹងត្រែង​ទៅ​ខេត្តព្រះវិហារ តាមផ្លូវ​ជាតិលេខ៩ ដែល​ជា​ផ្លូវ​ថ្មី។ ៣,ស្ពាន​មិត្តភាព​កម្ពុជា-ចិន​មេគង្គ​ ក្រុង​ក្រចេះ ជា​បេក្ខភាព​គម្រោង​ឆ្នាំ២០១៥ សម្រាប់ត​ភ្ជាប់ក្រុង​ក្រចេះ​ឆ្លង​កាត់​ទន្លេមេគង្គ​ទៅដល់​កំពង់ថ្ម ខេត្ត​កំពង់ធំ។ ៤, ស្ពាន​មេគង្គ​ក្រូចឆ្មារ-ស្ទឹងត្រង់​ ស្ថិត​នៅក្នុង​ស្រុក​ក្រូចឆ្មារ​ ខេត្ត​កំពង់ចាម ជា​ផ្នែក​នៃ​ការ​សាង​សង់​ផ្លូវ ៧១C ពី​ត្បូងឃ្មុំ-ក្រូចឆ្មារ-ចំការលើ ដែល​ជា​បេក្ខភាព​គម្រោង​ឆ្នាំ២០១៥ ត្រូវ​សុំ​ជំនួយ​ពី​ប្រទេស​ចិន។ ៥,ស្ពាន​មិត្ត​ភាព​កម្ពុជា-ជប៉ុន​គី​ហ្សូ​ណា​ស្ថិតនៅ​ក្រុង​កំពង់ចាម ដែល​បាន​សាងសង់​រួច។ ៦,ស្ពាន​កោះ​ប៉ែន​ប្រវែង ៧៨៩​ម៉ែត្រ ​ស្ថិត​ក្នុង​ក្រុង​កំពង់ចាម កំពុង​សាងសង់​ដោយ​ថវិកាជាតិ​ត​ភ្ជាប់​ពី​ក្រុង​កំពង់​ចាម​ទៅកាន់​ដី​កោះ។ ៧,ស្ពានចាស់​(ជ្រោចង្វារ)ដែល​បាន​សាងសង់​ជំនាន់​សង្គមរាស្ត្រនិយម ហើយ​ត្រូវ​កាត់​ផ្តាច់​ឆ្នាំ១៩៧៣ ដែល​ត្រូវបាន​ត​ភ្ជាប់​ឡើងវិញ​នៅ​ឆ្នាំ១៩៩៥ ក្រោម​ជំនួយ​របស់​ជប៉ុន។ ៨, ស្ពាន​មិត្តភាព​កម្ពុជា-ចិន​ជ្រោយ​ចង្វារទី២ ប្រវែង ៧១៩ម៉ែត្រ​ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​កំពុង​សាង​សង់​។ ៩,ស្ពាន​មិត្តភាព​កម្ពុជា-ចិន ព្រែក​តា​មាក់ ១០៦៦ម៉ែត្រ ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​រួច​ហើយ។ ១០,ស្ពាន​របស់​ឧកញ៉ា លី យុង​ផាត់ ព្រែក​ព្នៅ​ប្រវែង ៨២០ម៉ែត្រ ​ស្ថិត​ក្នុង​ឃុំ​ព្រែក​ព្នៅ ខេត្ត​កណ្តាល​បាន​សាងសង់​រួចហើយ។ ១១,ស្ពានមិត្តភាព​កម្ពុជា-ចិន ​ព្រែកក្តាម ​ប្រវែង ៩៧៥ ម៉ែត្រ ​ស្ថិត​នៅ​ក្នុង​ឃុំ​កោះ​ចិន ស្រុក​ពញា​ឮ ខេត្តកណ្តាល បាន​សាងសង់​រួច និង​ដាក់​ឲ្យ​ដំណើរការ​រួចហើយ។ ១២,ស្ពាន​មិត្ត​ភាព​កម្ពុជា-ចិន ​ឆ្លង​ទន្លេសាប ដែល​ជា​ស្ពាន​វែង​ជាងគេ​មាន​ប្រវែង ៣៥០០ម៉ែត្រ​ ស្ថិត​ក្នុង​ក្រុង​កំពង់​ឆ្នាំង ខេត្តកំពង់ឆ្នាំង ​ជា​ផ្នែក​នៃ​ការ​សាងសង់​ផ្លូវ​ជាតិ​លេខ ៥០C ពី ផ្សារ​ក្រោម​កំពង់ឆ្នាំង ភូមិ​ចានល់ ភូមិ​រកា ទៅដល់​ឃុំ​ស្រ​យ៉ូវ​ខេត្ត កំពង់ធំ ដែល​​ជា​បេក្ខភាព​គម្រោង​ពី​ប្រទេស​ចិន។ ១៣,​ស្ពាន​មិត្តភាព​កម្ពុជា-ចិន​អ្នក​លឿង ​ដែល​កំពុង តែ​សាង​សង់​ប្រវែង ២២១៥ម៉ែត្រ។ ១៤,ស្ពាន​ព្រះមុនីវង្ស​ទី២ ប្រវែង ២៦៩ម៉ែត្រ ដែល​បាន​សាង​សង់​រួចហើយ។ ១៥,ស្ពាន​មិត្តភាពកម្ពុជា-ចិន ​តាខ្មៅ​ប្រវែង ៨៥៥ម៉ែត្រ ​ស្ថិត​ក្នុង​ក្រុង​តាខ្មៅ​កំពុងតែ​សាងសង់​ស្ពាន​ ទី១៦ គឺ​ស្ពាន​កោះធំ  និងស្ពាន​ទី១៧ គឺ​ស្អាង​ស្ថិត​នៅ​ក្នុង​ស្រុក​ស្អាង ​ខេត្ត​កណ្តាល។

នៅក្នុងពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​កោះធំ ក្រោម​កម្ចីសម្បទាន​របស់​ប្រទេស​ចិន ដែល​ជាសក្ខីភាពនៃការ​រីក​ចម្រើនក្នុង​ទំ​នាក់​ទំន​ង​រវាង​ប្រទេស​ទាំងពីរ ​ព្រះ​រាជាណាចក្រ​កម្ពុជា-សាធារណ​រដ្ឋ​ប្រជាមានិត​ចិន សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍ដោយសម្តែង​នូវ​ក្តី​សង្ឃឹម​ថា ថ្នាក់ដឹកនាំ​ថ្មី​របស់​ប្រទេស​ចិន នឹង​បន្ត​នូវ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​រវាង​ប្រជា​ជាតិ​ទាំងពីរ ដែល​ធ្លាប់​មាន​តាំង​ពី​អតីតកាល រហូត​មក​ដល់​បច្ចុប្បន្ន និង​បន្ត​ទៅ​អនាគត​ជាមិនខាន​ឡើយ។ ​

សម្ដេច​តេជោ​បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​ពិតជា​មាន​ការ​រីករាយ​ដោយ​បាន​ឃើញ​ថា អ្វី​ដែល​ជា​ទំនាក់​ទំនង​រវាង​កម្ពុជា​ជាមួយ​ចិន ត្រូវ​បាន​ធ្វើ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ពី​កម្រិត​មួយ ទៅ​កាន់​កម្រិត​មួយទៀត ដោយ​ចាប់តាំងពី​ឆ្នាំ២០០០ រហូតមកដល់​ពេលនេះ គឺ​ភាព​ដៃគូ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​កម្ពុជា-ចិន ​កំពុង​បាន និង​អនុវត្ត ហើយ​នៅពេល​ខាងមុខ​នឹង​ដាក់​ចេញ​នូវ​ផែនការ​សកម្ម​ភាព​គ្រប់​ជ្រុងជ្រោយ​ ដើម្បី​ជោគជ័យ​នៃ​ភាព​ដៃគូ​ជា​យុទ្ធសាស្ត្រ​នេះ។ សម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា ខ្ញុំ​សង្ឃឹមថា ទំនាក់​ទំនង​រវាង​ក​ម្ពុ​ជា-ចិន​នឹង​​រឹងមាំ​ដូចជា​ស្ពាន​ឆ្លងកាត់​ទន្លេ​ទាំងអស់​របស់​យើង ព្រោះ​យើង​បាន​សាកល្បង​រវាង​ទំនាក់​ទំនង​នេះ​ ចាប់​តាំងពី​ព្រះករុណា ​ព្រះបាទ សម្តេច​ព្រះ នរោត្តម សីហនុ ជាមួយ​យ​នឹង​ថ្នាក់​ដឹក​នាំ​ចិន ដូចជា​លោក​ប្រធាន ម៉ៅ សេទុង និង​នាយករដ្ឋមន្ត្រី ជូ អេ​ន​ឡាយ ជាដើម។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថ្លែង​ថា ឥឡូវ​មកដល់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ជាមួយ​ខ្ញុំ​នៅ​បន្ត​ជាមួយ​មេដឹកនាំ​ចិន​ពី​ជំនាន់​មុន​នេះ​ គឺ​ប្រធានាធិបតី ហ៊ូ ជីន​តាវ និង​នាយក​រដ្ឋមន្ត្រី វេន ជា​បាវ ហើយ​ឥឡូវនេះ​មកដល់​ដំណាក់​កាល​ប្រធានាធិបតី​ថ្មី ស៊ី ជិន​ពីង និង​នាយករដ្ឋមន្ត្រី លី កេ​កាង ហើយ​ខ្ញុំ​មានការ​ពេញចិត្ត​ពេញ​ថ្លើម​ជាមួយនឹង​អ្វី ដែល​បាន​កើតឡើង​ក្នុង​ទំនាក់ទំនង​ជាមួយមិត្ត​ចិន។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​តាមរយៈ​ឯកអគ្គរដ្ឋ​ទូតចិន​ ជូន​ចំពោះ​ការ​ផ្តល់​ជំនួយឧប​ត្ថ​ម្ភ​គាំទ្រ​ទាំងឡាយ​របស់​មិត្ត​ចិន ដែល​បាន​ផ្តល់​ចំពោះ​កម្ពុជា​ ព្រោះ​អន្តរ​សកម្ម​អំពី​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បាន​មក​ពី​ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត​ បាន​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​រីក​លូត​លាស់​នៅក្នុង​រយៈកាល ១៥ឆ្នាំ​ ចុង​ក្រោយ បន្ទាប់ពី​ប្រទេស​កម្ពុ​ជា​មាន​សន្តិភាព​ពេញលេញ​មក។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រ​សា​ស​ន៍​ឲ្យ​ដឹង​ថា តាម​គម្រោង​ សម្ដេច​​នឹង​ជួប​ជាមួយ​ប្រ​ធានាធិបតី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឯកឧត្តម ស៊ី ជិន​ពីង នៅ​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ នៅក្នុង​កោះហៃ​ណាន់ អំឡុង​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី៦ ខែមេសា ​មុន​នឹង​ជួប​ចរចា​ផ្លូវការ​ជាមួយ​ឯកឧត្តម លី កេ​កាង នៅ​ទីក្រុង​ប៉េកាំង។

ឯកឧត្តម ​ត្រាំ ​អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មានប្រសាសន៍ថា ការ​សាង សង់​ស្ពាន​កោះធំ​ គឺជា​គំរោង​យុទ្ធសាស្ត្រ​មួយ​យ៉ាង​សំខាន់​សំរាប់​ត​ភ្ជាប់​ទំនាក់ទំនង និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​យ៉ាងច្រើន​កុះករ​នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាង​លិច​ទន្លេ​បាសាក់ ឲ្យ​បាន​ងាយស្រួល​ និង​ឆាប់រហ័ស។ ស្ពាន​កោះធំ​ និង​បណ្តាញ​ផ្លូវ​ត​ភ្ជាប់​ដែល​បាន និង​កំពុង​សាងសង់នេះ នឹង​ក្លាយទៅជា​សរសៃឈាម​ដ៏​សំខាន់​មួយ​ក្នុង​ការ​រួម​ចំណែ​ក​ប្រែក្លាយ​តំបន់​ដាច់​ស្រយាល​តាមព្រំដែន ពិសេស​តំបន់​ជាប់​ព្រំប្រទល់​វៀតណាម​អា​ចត​ភ្ជាប់​មកកាន់​ទីប្រជុំជន​បាន​ បង្ក​លទ្ធភាព​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​ពិសេស​ស្រុក​កោះធំ​ និង​ស្រុក​លើកដែក​ដែល​ខ្វះ​ផ្លូវ​គមនា​គមន៍ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ឡើង។

ស្ពាន​កោះធំ​មាន​ប្រវែង ៤១៥ម៉ែត្រ​ មាន​ទទឹង ១៣,៥ម៉ែត្រ ​ជា​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​ទី២ បន្ទាប់ពី​ស្ពាន​តាខ្មៅ នៅ​ព្រែក​សំរោង ក្រុង​តាខ្មៅ ខេត្តកណ្តាល។ ស្ពាន​នេះ​នឹង​ចំណាយ​អស់​ថវិកា​សរុប ១៩,៣៤លាន​ដុល្លារ​អាមេរិក ​ជា​កម្ចី​ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថវិកាបដិភាគ​របស់​រាជ​រ​ដ្ឋា​ភិ​បាល​កម្ពុជា។ ការសាងសង់​ស្ពាន​នេះ​មាន​រយៈពេល ៣៦ ខែ​ចាប់ពី​ខែមីនា​ ឆ្នាំ២០១៣ គ្រោង​បញ្ចប់​នៅ​ខែមីនា ​ឆ្នាំ២០១៦ សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ផ្លូវ​ស្ពាន​ប្រទេស​ចិន និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​សំណង់​ក្វាង​ចូវ​វ៉ាន​អាន​របស់​ប្រទេស​ចិន។

អាជ្ញាធរ​​អប្សរា និង​ស្ថាន​​ទូត​អូស្ត្រាលី​​ប្រគល់​ និង​ទទួល​​ផែនការ​​គ្រប់​​គ្រង​ទេស​ចរណ៍​​តំបន់​អង្គរ



ផែនការ​គ្រប់​គ្រង​ទេសចរណ៍ ​ជា​សមិទ្ធផល​កសាង​ឡើ​ង​ដោយជំនួយ​នៃ​ប្រទេស​អូស្ត្រា​លី និង​ថវិកាបដិភាគពី​រាជរដ្ឋាភិបាល​កម្ពុជា ដែលជា​គម្រោង​មួយ​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​គ្រប់​គ្រង​បេតិកភ័ណ្ឌ​អង្គរ ត្រូវ​បាន​ធ្វើ​ពិធីប្រគល់ និង​ទទួល នៅ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ នា​ព្រឹក​ថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ​២០១៣ រវាង​អាជ្ញារ​អប្សរា និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ព្រះ​រាជាណាចក្រកម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនា​យក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​មាន​ការ​ចូល​រួមជាសាក្សី​ពី​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក​ជំទាវ អាន ឡឺម៉េស (Ann Lemaistre) តំណាង​អង្គការយូនេស្កូ​ប្រចាំ​ព្រះ​រាជាណា​កច្រ​កម្ពុជា ព្រម​ទាំងមន្ត្រី​​ថ្នាក់​ដឹកនាំ​នៃ​រដ្ឋាភិបាលកម្ពុជា​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ទៀត។

ដោយ​បាន​ចាត់​ទុក​ថា ការ​ប្រគល់-​ទទួល​ផែនការ​គ្រប់​គ្រង​ទេសចរណ៍​ ជា​ពិធី​ដ៏​មាន​សារៈ​សំខាន់ និង​ជាសមិទ្ធ​ផលជា​ប្រវត្តិសាស្ត្រ​នៃការ​ងារ​ការ​អភិរក្ស និង​អភិវឌ្ឍន៍តំបន់​អង្គរ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន ដែល​ជា​ប្រធាន​អាជ្ញាធរអប្សរាផង​ដែរ បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជា​ជន​អូស្ត្រាលី​ ​ ក្នុង​ការផ្តល់​ជំនួយ​សប្បុរស​ ដើម្បីជួយ​ថែរក្សា និង​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៃ​តំបន់​បេតិកភ័ណ្ឌ​អង្គរ ក៏​ដូច​ជា​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​អង្គការ​យូនេស្កូ ដែល​បាន​ជួយ​សម្រប​សម្រួល ក៏​ដូច​ជា​ដៃ​គូដទៃ​ទៀត​ក្នុង​សកម្ម​ភាព​ទាក់​ទង​លើ​វិស័យ​នេះ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រាសាទ​អង្គរ​វត្ត​ ត្រូវ​បាន​ចុះ​ក្នុងបញ្ជី​ជា​បេតិកភ័ណ្ឌ​ពិភពលោក ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​កាល​ពី​ឆ្នាំ១៩៩២។ ឆ្នាំបន្ត​បន្ទាប់​គណៈកម្មាធិការ​អន្តរជាតិ​សម្រប​សម្រួល​អង្គរ (ICC Angkor) ត្រូវ​បាន​បង្កើត​ឡើង​។ តាំង​ពី​ការ​ចាប់​ផ្តើម ICC Angkor និង​អាជ្ញាធរ​អប្សរា រួម​ជាមួយ​បណ្តា​ប្រទេស និង​អង្គការ​អន្តរជាតិ​ជា​ច្រើន​ បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ជោគ​ជ័យ នៅ​ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​អង្គរ ដែល​នាំ​ឲ្យ​មានការ​ដក​ចេញ​តំបន់​អង្គរ ពី​បញ្ជី​បេតិកភ័ណ្ឌ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​នាឆ្នាំ​២០០៤។ បច្ចុប្បន្ន​ ក្រោម​ការ​សម្របសម្រួល​នៃ ICC-Angkor មាន​ប្រទេស​ចំនួន​១៦ និង​អង្គការ​អន្តរជាតិ​ជាង​៣០ បាន​និង​កំពុងអនុវត្ត​គម្រោង​ជាង​៦០ ដើម្បី​ស្តារ​ និង​ជួស​ជុល​ប្រាសាទ​នានា​ ក្នុង​តំបន់​អង្គរ។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា ជាមួយ​នឹងការ​ទាក់ទាញ​​ពី​ភាព​សម្បូរ​បែបនៃ​វប្បធម៌ និង​ធម្មជាតិ​នៃ​ព្រះ​រាជាណា​កច្រកម្ពុជា នយោបាយ​បើក​ចំហរ​ជើង​មេឃ​ដែល​ផ្តើម​ឡើងដោយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ពិសេស​ស្ថិរភាព​នយោបាយ សន្តិសុខ និង​សន្តិភាពទូទាំង​ប្រទេស​ ក៏​ដូច​ជា​កែលម្អមធ្យោបាយគាំទ្រ និងហេដ្ឋារចនា​សម្ព័ន្ធ​ បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ មក​ទស្សនា​កម្ពុជា​កើន​ឡើងពីប្រមាណ១១៨ពាន់​នាក់ ក្នុង​ឆ្នាំ​១៩៩៣ មក​ជាង​ ៣,៥លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០១២។ ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១១ ចំនួន​ទេសចរ​អន្តរជាតិ​បាន​កើន​ឡើងចំនួន ២៨,២ ភាគរយ សម្រាប់​ខេត្ត​សៀម​រាប និង ​២៤,៤ ភាគរយ​ សម្រាប់​ទូទាំង​ប្រទេស​។ ចំនួន​ភ្ញៀវ​ទេសចរអន្តរជាតិ​ រំពឹង​ថានឹង​កើន​ឡើង​ដល់ ៤,៥លាននាក់ នៅ​ឆ្នាំ​២០១៥។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​វាយ​តម្លៃ​ថា ទេសចរណ៍​ជា​អាវុធ​មុខ​ពីរ ដែល​ទាម​ទារ​ឲ្យ​មាន​ការ​គ្រប់​គ្រង​ល្អ​។ រាជរដ្ឋាភិបាល​កម្ពុជា រួម​ជាមួយ​នឹង​បណ្តាដៃគូ​កន្លង​មក​បាន​ពិចារណា​ថ្លឹង​ថ្លែង និង​ដាក់​ចេញ​នូវ​វិធានការណ៍​ជា​ច្រើន​ ក្នុង​ការលុប​បំបាត់​កង្វះ​ខាតនានា​ដែល​មាន​ ដើម្បី​បាន​ទទួល​ផលអំពីវិស័យ​ទេសចរណ៍។ ឯកឧត្តមបណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍បញ្ជាក់​ថា ការ​ពិត​ផែនការ​គ្រប់​គ្រងទេសចរណ៍​ត្រូវ​បាន​សម្រេច​ឡើង​នៅ​ក្រោម​គម្រោង​ក្របខ័ណ្ឌគ្រប់​គ្រង​បេតិកភ័ណ្ឌ​អង្គរ ជាមួយ​នឹង​ការ​រួម​វិភាគ​ទាន​ដ៏​មាន​សារៈ​សំខាន់​ពី​រដ្ឋាភិបាល​អូស្ត្រាលី រាជរដ្ឋាភិបាល​កម្ពុជា និង​ការ​សម្របប្រួល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​របស់ការិយាល័យ​អង្គការ​យូនេស្កូ នៅ​រាជធានីភ្នំពេញ​ ដែល​ជា​មាគ៌ា​នៃ​ការ​ធ្វើ​សមាហ​រណ​កម្មដ៏ល្អ​មួយសម្រាប់​គ្រប់​គ្រង​ទេសចរណ៍​នៅ​តំបន់​អង្គរ។ គោល​បំណងជា​ពិសេស គឺ​ការ​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​នៃ​គ្រប់​គ្រង​ និង​សម្រប​សម្រួល​ចំពោះ​កំណើន​ដ៏​ឆាប់​រហ័ស​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​នៅ​ប្រាសាទអង្គរ ដោយ​ធ្វើការ​កែលម្អ​បទពិសោធន៍ អ្នក​ទស្សនា​ ធ្វើ​ឲ្យ​រួម​តូច​នូវ​ផលប៉ះពាល់​នានា បង្កើ​ត​ភាព​ជា​ដៃគូ​នៅ​ក្នុង​ឧស្សាហកម្ម​ទេសចរ ណ៍​ផ្តល់​នូវ​ចំណូល​ចំពោះ​ប្រជា​ជន​មូលដ្ឋាន​ និង​ម្ចាស់​ភាគ​ហ៊ុន​នានា។

ទាក់​ទង​នឹង​គម្រោង​ផែនការ​គ្រប់​ទេសចរណ៍​នេះ ឯកឧត្តមបណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍ថា ការផលិត​ផែនការ គឺ​ជា​កត្តាសំខាន់​មួយ​ ប៉ុន្តែ​ការ​អនុវត្ត​ផែនការ​ គឺ​កាន់​តែ​មាន​សារៈសំខាន់​ថែម​ទៀត។ ជំហាន​បន្ទាប់​របស់​យើង គឺការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព និង​មាន​ប្រសិទ្ធផល នៃ​ផែនការ​គ្រប់​គ្រង​ទេសចរណ៍​។ ខ្ញុំ​ផ្ទាល់​ខ្លួន​ នឹង​ពិនិត្យ​ករណី​នេះ។

លោក​ជំទាវ ផេនី រីឆាត (Penny Richards) ឯកអគ្គ​រដ្ឋ​ទូត​អូស្រាលី​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ផែន​ការ​ណ៍​គ្រប់​គ្រង​ទេសចរណ៍​នេះ (TMP) ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រុម​គម្រោង​ក្របខ័ណ្ឌ​គ្រប់​គ្រង​បេតិកភ័ណ្ឌ​ ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម Godden Mackay Logan heritage ព្រម​ជាមួយ​នឹង​បណ្តា​ដៃ​គូ​នៃ​គម្រោង​ដទៃ​ទៀត រួម​មាន​ អាជ្ញាធរ​អប្សរា អង្គការ​យូនេស្កូ និង​ធាតុ​ចូល​ពី​សមាសភាព​ផ្សេងៗទៀត ដែល​ក្នុង​នោះ​មាន​ក្រសួង​ទេសចរណ៍ផង​ដែរ។ ផែនការ​គ្រប់​គ្រង​ទេសចរណ៍ នឹង​ជួយ​គ្រប់​គ្រង និង​សម្របសម្រួល​នូវ​ការ​រីក​ចម្រើន​ដ៏​ឆាប់​រហ័ស​នៃ​វិស័យ​ទេសចរណ៍​នៅ​តំបន់​អង្គរ។

លោក​ជំទាវ អាន ឡឺម៉េស (Ann Lemaistre) តំណាង​អង្គការ​យូនេស្កូ​ប្រចាំ​នៅកម្ពុជា ដែលជា​ស្ថាប័ន​សម្រប​សម្រួលការ​ងារ​អភិរក្ស និង​អភិវឌ្ឍន៍តំបន់​បេតិកភ័ណ្ឌអង្គរ បាន​កោត​សរសើ​អាជ្ញាធរ​អប្សរា ក៏​ដូច​ជា​អាជ្ញា​ធរ​ខេត្ត​សៀម​រាប ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការងារ​នា​ពេល​កន្លង​មក៕