Friday, June 6, 2014

​សន្និសីទ​សារព័ត៌មាន​ ស្តីពីការ​បកស្រាយ​បំភ្លឺទៅនឹង​នយោបាយបោកប្រាស់​





សន្និសីទ​សារព័ត៌មាន​ ឯកឧត្តម​ កែវ រ៉េមី ​រដ្ឋលេខាធិការ​ និងជាអនុប្រធាន​អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស​ ស្តីពីការ​បកស្រាយ​បំភ្លឺទៅនឹង​នយោបាយបោកប្រាស់​ និងការដុតកំហឹង​ជាតិសាសន៍ ​របស់គណកប្ស​ប្រឆាំង​

គណបក្ស​ប្រឆាំង​កំពុង​បំបោង​ព័ត៌មាន​គ្មានការ​ពិតដើម្បី​មូលង្កាច់​ថ្នាក់ដឹក​នាំរាជរដ្ឋាភិ​បាល​

ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការ នៃ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី និងជាអនុ​ប្រធាន​អង្គ​​ភាពព័ត៌មាន និង​ប្រតិកម្ម​​រហ័ស បាន​ប្រតិកម្ម​ទៅនឹង​សម្តី​របស់​ប្រធាន អនុប្រធាន​គណបក្ស​សង្គ្រោះជាតិដែល​និយាយ​​នៅវត្តសាមគ្គីរង្ស៊ី​ថា ជាការ​បំភ្លៃ​ និង​បំផ្លើស​ការ​ពិត​ផ្ទុយ​ពី​ប្រវត្តិសាស្ត្រ និង​កត្តា​ច្បាប់។

ក្នុង ​ឱកាស​ធ្វើ​សន្និ​សីទ​កាសែត នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ២០១៤ ឯកឧត្តម កែវ រ៉េមី បាន​លើក​ឡើង​ថា គណបក្ស​ប្រឆាំង​បាន​ និង​កំពុង​បន្ត​ការ​ឃោសនា​មូល​បង្កាច់​ តាំង​ពី​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោតសកល​ជ្រើស​រើស​តំណាង​រាស្ត្រ អាណត្តិ​ទី​៥ នា​ពេល​កន្លង​មក រហូត​មក​ទល់​នឹង​បច្ចុប្បន្ននេះ​ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល ជា​ពិសេស​ បង្ករ​នូវ​ភាព​អយុត្តិធម៌ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សម្តេច​តេជោ​ នាយករដ្ឋមន្ត្រី។ ឯកឧត្តមបាន​បញ្ជាក់​​​ថា “​នៅពេល​ឃោសនា​នោះ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​កុ​ហក់​សុទ្ធសាធ ប៉ុន្តែ​ធ្វើ​ដូចជា មែនទែន​ពីព្រោះ​នៅពេល​ទៅ​ឃោសនា​នៅ​ជនបទ​បាន​ទាមទារ​អោយ​អង្ករ​ឡើងថ្លៃ​ ដើម្បីឲ្យប្រជាពលរដ្ឋ​លក់​អង្ករ​បាន​ថ្លៃ ប៉ុន្តែ​នៅពេល​ពួកគាត់​ទៅ​ឃោសនា​នៅ​ទីប្រជុំជន​ដែល​មាន​ទីក្រុងភ្នំពេញ​ ជាដើម បែរជា​និយាយ​ថា​ ទំនិញ​សព្វសារពើ ព្រមទាំង​អង្ករ​ថ្លៃ​ណាស់ ហើយ​នៅពេល​បាន ជាប់ឆ្នោត​នឹង​ធ្វើ​ឲ្យ​ស្រូវ​អង្ករ​ចុះថោក”​។

ករណី ​ដែល​គណបក្ស​ប្រឆាំង ​ប្តឹង​​កាកបាទក្រហម​កម្ពុជា ​ទៅ​កាក​បាទក្រហម​អន្តរជាតិ នៅ​​​ទីក្រុងហ្សឺណេវ ពាក់​ព័ន្ធ​នឹងករណី​ប្រជា​ពលរដ្ឋ​ខេត្ត​ក្រចេះដែល​មានទំនាស់​ដីធ្លី​ ឯកឧត្តម កែវ រេមី បានពន្យល់​​ថា  ភារកិច្ច​របស់​កាកបាទក្រហម​មិនមែន​ជាការ​រក​ដីធ្លី រក​ផ្ទះ​សម្បែង​ជូន​ប្រជា​ពលរដ្ឋ​​ទេ ​ទាំង​កាក​បាទក្រហម​អន្តរជាតិ​ក៏ដោយ។

ឯកឧត្តម កែវ រ៉េមី បាន​បញ្ជាក់​ថា បើ​សិន​ជា​កាក​បាទ​ក្រហម​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​គិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធ្វើ​ការងារ​មិនល្អ​ទេ ការក​ចំណូ​ល​​សម្រាប់​ជួយ​ប្រជាពល​រដ្ឋ​​រង​គ្រោះ​ធម្មជាតិ សួរ​ថា ទឹក​លុយ​ហ្នឹង​កើន​អត់? យើង​ពិនិត្យ​មើល​ការ​រក​ថវិកា​សម្រាប់​ជួយ​ជន​រងគ្រោះ​ មានការកើន​ឡើង​រហូតជា​រៀង​រាល់​ឆ្នាំ​។ ​បើ​សិន​ជាការ​ចំណាយ​គ្មាន​តម្លាភាព ធ្វើការ​ងារ​គ្មាន​សុច្ចរិត​ភាព​ត្រឹម​ត្រូវ ថវិកា​ហ្នឹង​ម៉េច​នឹង​អាច​កើន​បាន​ រហូត​ដល់​កាក​បាទ​ក្រហម​អន្តរជាតិ​គេ​កោត​សរសើរ​កាក​បាទក្រហម​យើង(កម្ពុជា)។

ទាក់ទង ​ទៅនឹងការ​ចោទ​ប្រកាន់​របស់​គណបក្ស​ប្រឆាំង​លើ​បញ្ហា​ព្រំដែនជាមួយ​ប្រទេស​ វៀតណាម​ ​ឯកឧត្តម កែវ រ៉េមី បាន​មាន​ប្រសាសន៍ពន្យល់​ថា នៅពេល​ដែល​កម្ពុជា​មាន​ទំនាស់​ជាមួយ​ថៃ​ជាមួយ​រដ្ឋាភិបាល​អភីសិត ពួក​ក្រុមជ្រុល​និយម​ថៃ​ដែល​ចង់​បាន​ទឹក​ខ្មែរ​ប្រាសាទ​ព្រះវិហារ​ ដែល​យើង​កំពុង​តស៊ូ​ស្វិត​ស្វាញគ្រប់​វិធានការណ៍ទាំង​អស់ ​(ច្បាប់ ការទូត កង​ទ័ពឈរ​នៅ​ព្រំដែន​) គាត់ (គណបក្ស​ប្រឆាំង) ​ទៅឈរ​ជាមួយ​ពួក​ជ្រុល​និយម​ថៃដែល​ចង់​បាន​ទឹក​ដី​យើង​ ហើយ​មាន​អ្នក​ខ្លះ​ទៀត​ទៅ​អង្គុយ​ធ្វើ​សន្និសីទ​កាសែត​នៅ​ទី​នោះ។ ​ទង្វើ​របស់​គណបក្ស​ប្រឆាំង​ដែល​មិនធ្វើការ​ថ្កោល​ទោស​ប្រទេស​ថៃ​ដែល​ឈ្លាន​ ពាន​កម្ពុជា​នា​ពេល​កន្លង​មក​នោះ ឯកឧត្តម​មាន​ប្រសាសន៍ថា រាជរដ្ឋាភិបាល​មិន​អាច​ទទួល​យក​បាន​។

ឯកឧត្តម កែវ រ៉េមី បាន​មាន​ប្រសាសន៍​ថា ទាក់​ទង​បញ្ហា​ព្រំដែន​នេះ ខ្ញុំ​ស្កប់​ចិត្ត​ក្រោយ​ពី​បាន​ស្តាប់​នូវ​ការ​បំភ្លឺ​របស់​សម្តេច​តេជោ​ នាយករដ្ឋមន្ត្រី​នៅ​ក្នុង​អង្គសភា កន្លង​មក​នេះ ឆ្លើយ​ចំពោះ​ឯកឧត្តម​ សុន ឆ័យ ឃើញ​ថា ល្អ ហើយ​តថភាព​ដែល​យើង​មិន​អាច​ប្រកែក​បាន​។ តាម​ពិត​គាត់ (សម្តេច​តេជោ) អត់​ចង់​បង្ហាញ​លាត​ត្រដាង​នៅ​ក្នុង​រដ្ឋ​សភា​ទេ ពីព្រោះ​វា​ទាក់​រឿង​ប្រវត្តិ​សាស្ត្រ ម៉េច​អាច​កែ​ប្រែ​បាន​ បារាំង​កាន់​កាប់​ទឹក​ដី​យើង​ជិត​១០០ឆ្នាំ​។ “អ្វី​ដែល​សម្តេច​មាន​ប្រសាសន៍​នៅ​ក្នុង​សភា ខ្ញុំ​ស្ងប់​ចិត្តទទួល​យក​បាន ក្នុង​នាមខ្ញុំ​ជា​ខ្មែរ​ម្នាក់ ពី​ព្រោះ​​ទឹក​ដី​មិនមែន​ជា​របស់​នរណាម្នាក់​ទេ គឺ​របស់​យើង​គ្រប់​រូបទាំង​អស់​គ្នា​”​។ ឯកឧត្តម​បញ្ជាក់​ថា អង្គភាពព័ត៌មាន និង​ប្រតិកម្ម​រហ័ស ​អាច​នឹង​ចាក់​ផ្សាយបន្ត​ទៅ​ទៀត ទាក់​ទង​ប្រសា​សន៍​​សម្តេច​តេជោដែល​បាន​បំភ្លឺជូនជន​រួម​ជាតិ​ក្នុង​សភា​រយៈ ​ពេល​ជាង ៥ម៉ោង គ្រប់​គ្រាន់​ទាំង​ផ្លូវ​ច្បាប់​ ស្ថានភាព ភាព​ជាក់​ស្តែង​នៃ​ការ​រស់​នៅរបស់​​ប្រជា​ពលរដ្ឋ​ទាំង​ពីរ​ ដែល​រស់​នៅ​តាម​ប្រពៃណី ទាក់​ទង​ទៅនឹង​ប្រវត្តិសាស្ត្រ​ ទាក់​ទង​ទៅនឹង​រដ្ឋ​ធម្មនុញ្ញ​ឃើញ​ថា គ្រប់​គ្រាន់។​

ឯកឧត្តម ​ កែវ រ៉េមី បាន​មាន​ប្រសាសន៍​បន្ត​ថា បើ​សិន​ជា​រាជរដ្ឋាភិបាល​អនុញ្ញាតឲ្យ​ប្រទេស​វៀតណាម ខិត​បង្គោល​ព្រំដែន​យក​ទឹក​ដី​យើង​ស្រេច​ចិត្ត សួរ​ថា តើ​យើង​បង្កើត​គណៈកម្មការ​ព្រំដែន​ក្នុង​ការ​ចរចា​បោះ​បង្គោល​តំរុយ​ព្រំដែន ​ហ្នឹង​ធ្វើ​អ្វី?។ សម្តេច​បាន​មាន​ប្រសាសន៍​ហើយ បើ​សិន​ជា​អាយ៉ង​មែន មិន​គិត​ទឹក​ដី​ទេ​ យើង​បង្កើត​គណៈកម្មាធិការ​ចរចាធ្វើ​អី?​ គាត់(វៀតណាម) ​បោះ​អី​បោះ​ទៅ យក​ចូល​ត្រង់​ណា​ចូល​ទៅ អាហ្នឹង​បើ​សិន​ជា​មិនគិ​ត​ទឹក​ដី។

ឯកឧត្តម ​ កែវ រ៉េមី បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​ក្នុង​ប្រសាសន៍​របស់​សម្តេច​ទាក់​ទង​នឹង​បូរណភាព​ទឹក​ដី​ អធិបតេយ្យភាព គឺ​ជា​ភារកិច្ច​ កាតព្វកិច្ច​ចម្បង​បំផុត​របស់​រាជរដ្ឋាភិបាល​ដែល​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ កិច្ច​ការ​នេះ។

ដោយឡែក ​ចំពោះ​​ទឹក​ដី​កូសាំង​សីនកម្ពុជាក្រោម ឯកឧត្តម​ កែវ រ៉េមី បាន​មាន​ប្រសាសន៍​​​រំលឹក​ឡើង​វិញ​ថា ​បានបាត់​ទាំង​ស្រុង​នៅ​ក្នុង​ឆ្នាំ​១៩៤៩ លោក (សម្តេចតេជោ) កើត​ក្នុង​ឆ្នាំ​១៩៥២ ហើយ​ស្រាប់​តែចោទ​ថា​ លោក​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​កម្ពុជាក្រោម ទឹក​ដី​កោះ។ ឯកឧត្តម​លើក​ជា​សំណួរ​ថា តើ​យុត្តិធម៌​ទេ​ យើង​ទាំង​អស់​គ្នា​គប្បីពិចារណា​ចំណុច​ហ្នឹង។

ទាក់ ​ទង​រឿង​ប្រវត្តិសាស្ត្រ​អាណានិគម​បារាំងកាន់​កាប់​ទឹក​ដី​ខ្មែរ ឯកឧត្តម​រដ្ឋ​លេខាធិការ​បញ្ជាក់​ថា យើង​អត់​មាន​ព្រំដែន​ច្បាស់​លាស់​រវាង​វៀតណាម ជាមួយ​យើង​ទេ លោក (សម្តេច​តេជោ) បាន​មាន​ប្រសាសន៍​ហើយ​ថា ព្រំដែន​ខ្មែរ​ជាមួយ​អាណ្ណាម​ គឺ​ជា​ខ្សែ​ព្រំដែន​បែង​ចែក​តាម​ខ្សែ​របស់​រដ្ឋ​បាល​របស់​បារាំង​ទេ ក្នុង​ការ​គ្រប់​គ្រង​បែប​រដ្ឋបាល​ ហើយ​យើង​មាន​ព្រំដែន​ច្បាស់​លាស់​ជាមួយកូសាំង​សីនលក្ខណៈអន្តរជាតិ ហើយ​មាន​បង្គោល​បោះកាលណោះ​មាន​ ១២៤បង្គោល​​។

ឯកឧត្តម កែវ រ៉េមី បានមាន​ប្រសាសន៍​ថា ការ​លើក​ឡើង​ទាំងឡាយ​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក៏ដូចជា​លោក កឹម សុខា គឺជា​ការ​លើក​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ថា​ពិត ហើយ​ជាការ​លើក​ឡើង​បែប​មិន​ដឹង​អី​ទាល់តែសោះ​។ ទាក់ទង​ទៅ​នឹង​ការ​លើក​ឡើង​ថា នៅពេល​គណបក្សសង្គ្រោះ​ជាតិ​ជាប់ឆ្នោត​នឹង​អនុញ្ញាតឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​ ចេញចូល​ដោយ​ មិនបាច់​មាន​លិខិត​ឆ្លង ដែន​នោះ ត្រូវ​បាន​ឯកឧត្តម កែវ រ៉េមី បញ្ជាក់​​​ថា ការ​លើកឡើង​នោះ​ហាក់ដូចជា​មិន​យល់​អ្វី​ទាល់តែសោះ ព្រោះ​ការ​ចេញ​ចូល​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ដោយ​ប្រើ​លិខិតឆ្លងដែន​គឺជា ​រឿង​ធម្មតា បើ​មិនដូច្នោះ​ទេវា​នឹង​ក្លាយទៅជា​អនាធិបតេយ្យ​។​

​ ​ទាក់ទិន​​ការចោទប្រកាន់​លើ​រាជរដ្ឋាភិបាល ក៏ដូចជា​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ថា មានបំណង​សម្លាប់​ខ្មែរ​តាម​ការ​បញ្ជា​របស់​វៀត​ណា​ម​នោះឯកឧត្តម​ កែវ រ៉េមី បាន​អះ​អាង​​ថា បើ​មានបំណង​សម្លាប់​ពូជសាសន៍​ខ្មែរ​ដដែល​ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ចាំ​បាច់​កសាង​កំលាំងដើម្បី​រំដោះប្រទេស​ពីរ​បប ប៉ុល ពត ថា​បាន​នឹង​កំពុង​កាប់សម្លាប់​ប្រជាពលរដ្ឋ​ខ្លួនឯង​យ៉ាង​សាហាវព្រៃផ្សៃ​នោះ​ ឡើយ​។ ម្យ៉ាងទៀត​ក្រោយពី​សង្គ្រោះ ឬ​រំដោះប្រទេស​ឲ្យរួច​ផុត​ពី​របប​ដ៏​សាហាវយង់ឃ្នង​នោះ​ឡើយ សម្តេចតេជោ​បាន​គិត​គូរ​ដ​ល់​ប្រជាពលរដ្ឋ​ គឺ​បាន​ធ្វើការ​អភិវឌ្ឍន៍​ប្រទេស​តាំងពី​បាតដៃទទេ និង​យកចិត្តទុកដាក់​គ្រប់បែបយ៉ាង​ដើម្បី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​កាត់បន្ថយ​ភាព​ក្រីក្រ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​រហូត​មក​មាន​អ្វី​គ្រប់យ៉ាង​ដូច​ពេល​បច្ចុប្បន្ន​នេះ​។​

​ ឯកឧត្តម កែវ រ៉េ​មី បាន​បញ្ជាក់​ថា ការចោទប្រកាន់ ឬ​ការ​លើក​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​បែប នេះ​គឺជា​រឿង​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រទេសជាតិ​ក្នុងនាម​ជា​ ថ្នាក់ដឹកនាំ​។ ឯកឧត្តម​បន្ត​ថា នេះ​មិនទាន់បាន​ឡើង​កាន់​អំណាច​ផង ចុះ​ទម្រាំ​ឡើង​កាន់​អំណាច​ទៀត​នឹង​ទៅជា​យ៉ាងណា​?។ ដូច្នេះ​ប្រទេសនី​មួយៗ​មានការ​ចាំបាច់​ណាស់​ចំពោះ​ការ​ជ្រើសរើស​មេដឹកនាំ​ ដែល​ចេះ​ទទួលខុស​ត្រូវ​មាន​មនុស្ស​ធម៌​នៅក្នុង​ខ្លួន​។​

​ ​ទាក់ទង ​ទៅ​នឹង​ការចោទប្រកាន់​មួយទៀត​ដែល​លោក កឹម សុខា បាន​លើក​ឡើង​ថា រដ្ឋាភិបាល​បាន​រៀបចំ​ឲ្យ​មាន​ការ​ស្លាប់​លើ​ស្ពាន​លើ​កោះ​ពេជ្រ​កាលពី​ ប៉ុន្មាន​ឆ្នាំមុន​នោះ ឯកឧត្តមរដ្ឋ​លេខាធិការ​ បានមាន​ប្រសាសន៍​អះអាង​ថា នេះ​ជា​ការ​លើកឡើង​មួយ​ដោយ​គ្មាន​មូលដ្ឋាន​ទាល់តែសោះ​ ដោយ​​បាន​បញ្ជាក់​ថា ករណី​ផ្អើល​ជាន់គ្នា​ស្លាប់​នេះ​បាន​កើតឡើង​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ លើពិភពលោក​ដែល​គ្មាន​អ្នកណា​ចង់ឲ្យ​កើតឡើង​ទេ ពី​ព្រោះ​ការ​កើត​ឡើង​នេះ​វា​ គ្មាន​ចំណេញ​បន្តិចសោះ​ដល់​រាជរដ្ឋាភិបាល ប៉ុន្តែ​ផ្ទុយទៅវិញ​ជា​ការ​ចំណេញ​ដល់​គណបក្សប្រឆាំង​។ ឯកឧត្តម​បាន​លើក​ជា​ឧទាហរណ៍អំពី​គ្រោះ​ថ្នាក់​រត់​ជាន់​គ្នា​ស្លាប់​​រាប់​ រយ រាប់​ពាន់​នាក់ថា មាន​នៅ​គ្រប់​ទីកន្លែង ដូច​ជា​ នៅ​ប្រទេស​អ៊ីរ៉ាក់ ឥណ្ឌា និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​។

​ ​ឯកឧត្តម​ កែវ រ៉េ​មី ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ​បញ្ហាមួយទៀត​នៅ​ពេល​ដែល​ទៅ​ឃោស​នា​​នៅ​ខេត្តសៀមរាប​ទាក់ទង​ទៅ​នឹង​អាជ្ញាធរ ​អប្សរា ដោយ​គាត់​លើក​ឡើង​ថា ប្រ​សិន​​បើ​ឈ្នះ​​ឆ្នោត​នឹងឲ្យ​ប្រជាពលរដ្ឋ​សង់​លំនៅដ្ឋាន​នៅក្នុង​ តំបន់អង្គរ ​ដែល​គ្រប់គ្រង​ដោយ​​អាជ្ញាធរ​អប្សរា​ដោយ​សេរី ប៉ុន្តែ​នៅ​ពេល​ដែល​និយាយ​ជាមួយ​អង្គការ​យូ​នី​ស្កូ បែរជា​និយាយ​ថា​ប្រសិនបើ​គាត់​ដឹកនាំ​ប្រទេស​មិន​ឲ្យ​មាន​ការ​ធ្វើ​ ផ្ទះសម្បែង​អនាធិបតេយ្យ​នៅក្នុង​តំបន់​អង្គរ​បែបនេះ​ទេ​៕

បទវិភាគនយោបាយ៖ កម្ពុជាក្រោម និងដែនដីអតីតកាល

រ័ត្ន​ សណ្ដាប់

នៅក្នុងសម្រែកបន្លឺទ្បើង យ៉ាងព្រោងព្រាតតាម​​បណ្ដោញព៌ត័មានសង្គម កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤​ ដែលបងប្អូនខែ្មរកម្ពុជាក្រោម​បានធ្វើពិធី គម្រប់ ៦៥ឆ្នាំ នៃការបាត់បង់ទឹកដី កម្ពុជាក្រោម ក្នុងនោះខ្ញុំក៏បានចាប់អារម្មណ៍អ្វី ​ដែលពួក​គេ រៀបចំប្រារព្វពិធីរំលឹកខួប ទឹកដីនោះ ​​ ដែលបានប្រព្រឹត្ដិនៅវត្ដសាមគ្គីរង្ស៊ី ក្នុងរាជធានីភ្នំពេញ ហាក់ញាំងចិត្ដខ្ញុំឲ្យនឹក ឃើញទៅដល់ រឿងរ៉ាវ ប្រវត្ដិសាស្រ្ដ កាលពីសម័យអាណាចក្របារាំង ដែលជាអាណានិគមលើ​ប្រទេស ឥណ្ឌូចិន និងមក លើ ប្រទេសកម្ពុជា ពី « ឆ្នាំ១៨៦៣ ដល់ឆ្នាំ ១៩៥៣ » ពិសេសការសម្រេចរបស់បារាំង នៅឆ្នាំ១៩៤៩ ​ប្រគល់​ទឹកដីមួយភាគធំជាចុងក្រោយ គ្របដណ្ដប់លើភូមិសាស្រ្ដចំនួន ២១ខេត្ដ ដែលហៅថា «​ កម្ពុជាក្រោម» នោះឯង ។

            ព្រឹត្ដិការណ៍នៃការប្រារព្ធខួបនេះ បានប្រព្រឹត្ដទៅជារៀងរាល់ឆ្នាំ ក្រោយពីមានកិច្ចព្រម ព្រៀងសន្ដិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលបានចុះហត្ថលេខា​ព្រមព្រៀង​រវាង​ប្រទេស​១៨ ​​ក្នុងនោះ​មានមហាអំណាច​ធំៗទាំង៥​ រួមទាំងអង្គការ​សហប្រជាជាតិ​ និងប្រទេស វៀតណាម ផងដែរ​ ។

ខ្ញុំតែងតែតាមដាន​កម្មវិធីនេះ យ៉ាងយកចិត្ដទុកដាក់​ ព្រោះជាបទពិសោធន៍មួយនៃ ប្រវត្ដិសាស្រ្ដ ដែលយើង​ជាខ្មែរ​​ត្រូវ​ចង​ចាំនូវ​មេរៀន​ដ៏​ជូរចត់នៃ​ការបែកបាក់សាមគ្គីជាតិ​ដែលបាន​កើតមាន​កាលពីអតីតកាល​ ប៉ុន្ដៃដែលបែរជា ធ្វើឲ្យខ្ញុំ​មានការ​ភ្ញាក់​ផ្អើល​​ និងខកចិត្ដ​យ៉ាងខ្លាំងនា​ពេលនេះ គឺនៅពេល​ឃើញ​មេដឹក​នាំ ​គណបក្សសង្រ្គោះ​ជាតិ​​យក​វេទិកា​នេះ ​ទៅបំភ្លៃ​ ឲ្យ​ទៅ​ជា វេទិកា​របស់គណបក្សខ្លួនទៅវិញ ​​​ក្នុងន័យកេងចំណោញផលប្រយោជន៍ នយោបាយរបស់ខ្លួន ដោយធ្វើការបំភាន់មតិជាតិ និង អន្ដរជាតិ​ ញុំាង​ដល់​សារព៌ត័មាន​បរទេស​ដែលបោះ​ទីតាំង​ក្នុងស្រុកមួយចំនួន​ សរសេរ​ពីរឿងនយោបាយ​​ អធិបតេយ្យ​របស់ប្រទេស​​ប្រាសចាក ​ច្បាប់ជាតិ នឹងច្បាប់អន្ដរជាតិ ទាំងស្រុង។ ​មេដឹកនាំបក្សប្រឆាំង​ទាំងពីររូប​ លោកសម រង្ស៊ី និង         លោក កឹម សុខា ​បានលើកចំណុច​សំខាន់ៗមួយចំនួន​ ដែល​ញុំាំងដល់ការបញ្ជោះ​ឲ្យ​មានកំហឹង​រវាង ប្រជាជាតិ​នៃប្រទេស​ទាំង​ពីរ​ និងយកច្បាប់អន្ដរជាតិ​ស្ដីពី​ព្រំដែន​មក​ជាន់ឈ្លី​នោះគឺ៖​

            -​ បានចោទថា​ រដ្ឋាភិបាល​បច្ចុប្បន្ន​ បានអនុញ្ញាត​ឲ្យវៀតណាម​​ រំកិល​ព្រំដែន​។​ ត្រង់ចំណុចនោះ​ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន​ បានធ្វើ​ការឆ្លើយ​បំភ្លឺ​​យ៉ាងគ្រប់ជ្រុង​ជ្រោយ​​ នៅក្នុងកិច្ច​ប្រជុំសភា​ កាលពីថ្ងៃទី​​០៩ ខែសីហា  ឆ្នាំ​​២០១២​ គឺរាល់​ការចុះកិច្ច​ព្រម​ព្រៀង​គ្នា​ពី​បញ្ហា​ព្រំដែន​កម្ពុជា តែង​តែ​ឈរ​លើ​គោលជំហរ​ ផែន​​ទី​ដែល​ព្រះ​ករុណា​សម្ដេច​ ព្រះបាទ​នរោត្ដម​សីហនុ​ (ព្រះបរមរតនកោដ្ឋ)​ ព្រះ​អង្គ​បានយកទៅតម្កល់នៅ​អង្កការសហប្រជាជាតិនៅឆ្នាំ១៩៦៤។​​

            -​ បានចោទ​​រាជរដ្ឋាភិបាល​ថា​​ បានអនុញ្ញាត​ឲ្យប្រជា​ជន​វៀត​ណាម​ ហូរចូល មករស់នៅក្នុងប្រទេសកម្ពុជា។ ត្រង់ចំណុច​នេះ​ ត្រូវបាន​គេនឹកឃើញ​ដល់​សំដី​អួត​កេ្អងក្អាងរបស់​មេបក្សប្រឆាំងថា ពេល​បក្សខ្លួន​ជាប់ឆ្នោត​ ខ្លួន​នឹង​ធ្វើ​ច្បាប់​អនុញ្ញាត​ឲ្យ​ប្រជាជនវៀតណាម​ចំនួន​២៥០០០០នាក់​ឲ្យបាន​ចូល​សញ្ជាតិកម្ពុជា។ ត្រង់ចំណុច​នេះ តើជា អ្វីទៅវិញ ?​

            - បានសន្សាថាបើបក្សប្រឆាំងជាប់ឆ្នោត​ និងធ្វើច្បាប់ឲ្យ​​កម្ពុជាក្រោម​ទៅជាខេត្ដមួយ របស់ ព្រះរាជាណាចក្រកម្ពុជា​។ ត្រង់ចំណុចនេះគឺ​កាន់តែធ្វើឲ្យខ្ញុំហួសចិត្ដទៅទៀត​ ព្រោះជាការ ប្រមាថជាន់ឈ្លី​​អធិបតេយ្យ​នៃប្រទេស​នីមួយៗ​ ដែលផ្ទុយពីច្បាប់អន្ដរជាតិទាំងស្រុង។

 ​ក្នុងនាមខ្ញុំជាអ្នកប្រវត្ដិសាស្រ្ដ ជាប្រជាពលរដ្ឋខ្មែរមួយរូប ដែលរស់នៅលើទឹកដី ដែលមាន អធិបតេយ្យ​ពេញលេញ មានខ្សែព្រំដែនអន្ដរជាតិច្បាស់លាស់ ត្រូវបានសម្ដេចព្រះបាទនរោត្ដម សីហនុព្រះប្រមុខរដ្ឋ (ព្រះបរមរតនកោដ្ឋ) ដែល​ព្រះអង្គបានតម្កល់ទុកផែនទីរបស់ប្រទេសខ្មែរ នៅ អង្គការសហប្រជាជាតិកាលក្នុងឆ្នាំ ១៩៦៤កន្លង មកនេះ។​ ​ការតម្កល់នេះ មានន័យយ៉ាង ជាក់ស្ដែងថា កម្ពុជាបានស្នើសុំឲ្យបណ្ដាលប្រទេសទាំងឡាយក្នុងពិភពលោកទទួលស្គាល់ព្រំដែន បច្ចុប្បន្នរបស់កម្ពុជា បន្ទាប់ពីឆ្លងកាត់សម័យសង្គ្រាម​ជា​មួយប្រទេសជិតខាងកន្លងមក ឆ្លងកាត់ អាណានិគមរាប់ទស្សវត្សរ៍ ឆ្លងកាត់សង្គ្រាមលោកទាំងពីរលើកព្រះមហាក្សត្រខ្មែរ កាលណោះ​ទ្រង់ ចង់ឃើញ ព្រះរាជាណាចក្រកម្ពុជាមួយ នៅគង់វង្សស្ថិតស្ថេរ តកូន តចៅ រៀងទៅ។

            ជាការពិត​ណាស់​នរណា​ក៏ដឹងដែរថា​  នាសម័យអង្គរ ពូជពង្សខ្មែរជា​អាណាចក្រមួយ ធំធេង ណាស់ ល្បីរន្ទឺពាសពេញពិភពលោក ដែលជាអាណាចក្រមួយមាន​អនុភាពនៅក្នុងភូមិភាគ អាស៊ីអាគ្នេយ៍។ អាណាចក្រខ្មែរ ដោយសារតែមានវិបត្ដិផ្ទៃក្នុង ដោយសារ​តែការដណ្ដើមឥទ្ធិពល ពី ជាតិសាសន៍នៃប្រទេសជិតខាង ទើបមានព្រឹត្ដិការណ៍អាណា​និគមន៍​មកលើកម្ពុជាពីឆ្នាំ ១៨៦៣ នេះឡើង។ ក្នុងកាលៈទេសៈនោះ កម្ពុជាបានឆ្លងកាត់សង្គ្រាមដណ្ដើម ផលប្រយោជន៍នៃ  ប្រទេសធំៗក្នុងពិភពលោក​ និងសង្គ្រាមក្នុងតំបន់ជាច្រើនលើក ច្រើនសារជាបន្ដបន្ទាប់ ដែលជា​កត្ដាញ៉ាំងឲ្យមាតុភូមិដ៏បឋររបស់យើង ត្រូវបាត់បង់ដោយសារសេចក្ដីសម្រេច របស់អាណានិគម បារាំង។

            បើងាកមកនិយាយពី​ប្រទេស​ទាំងទ្បាយ  ដែលរស់នៅលើភូមិភាគអាស៊ីអាគ្នេយ៍​កាល ណោះ ពុំមាន​បច្ចេក​ទេស​ និង ឯកទេសច្បាប់អន្ដរជាតិច្បាស់លាស់ ទើបការ បែងចែកខ្សែបន្ទាត់ព្រំ​ដែន​ឲ្យមាន​លក្ខណៈជាអន្ដរជាតិ ដែលប្រទេសសាមីទាំងអស់អាចទទួលបាននោះ គឺអា​ស្រ័យ​ទៅ​លើ​ការចរចារ  ពឹងផ្អែកទៅលើបច្ចេកទេសរបស់មហាអំណាចទាំងអស់  ក្នុងនោះរួមមាន  បារាំង ជប៉ុន និងអាមេរិក។ល។  
            ក្នុងន័យនេះ តាមទស្សនៈរបស់អ្នកប្រវត្ដិសាស្ដ្រ ក៏ដូចជាអ្នកឯក​ទេសផ្នែកច្បាប់​អន្ដរ​ជាតិ​ ​ជំនាញខាងកំណត់ខ្សែបន្ទាត់ព្រំដែននោះ គឺពុំអាចបកក្រោយ​វិញបាន​ឡើយ។ ខ្សែបន្ទាត់​ព្រំដែនដែលចែកខ័ណ្ឌសីមា រវាងប្រទេសជិតខាងមួយ និងប្រទេសជិតខាងមួយ គឺត្រូវតែខិត​ខំថែរក្សាឲ្យបានភ្ជាប់ខ្ជួនចាប់ពីថ្ងៃចុះហត្ថលេខាដែលបានព្រមព្រៀងរួចហើយនះ​។

            ការព្រមព្រៀងលើខ្សែបន្ទាត់ព្រំដែនថ្មី តែងតែមានប្រទេសខ្លះត្រូវបាត់បង់ទឹកដីដូន​តា​​របស់ ខ្លួននិងប្រទេសខ្លះបានកើនទំហំផ្ទៃដីរបស់ខ្លួន។ ឧទាហរណ៍ ខ្មែរបានដណ្ដើមមក​វិញ​នូវខេត្ដ មួយចំរៀកបាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង។ល។ ដែលត្រូវសៀមដណ្ដើមយកនោះ​បង្ខំបង្វែរមកឲ្យខ្មែរវិញ ប៉ុន្ដែជាអកុសល គឺបារាំងបានសំរេចកាត់ដែនដីកូសាំងស៊ីន និងដែនដី កោះ​ខ្មែរមួយចំនួនទៀតឲ្យទៅវៀតណាម។

            ហេតុដូច្នោះហើយ​បានជាយើងឃើញថា ជនជាតិខ្មែររាប់លាននាក់ដែលគេហៅ រត់មាត់ថា ខ្មែរសូរិនបាន​ស្ថិតក្នុង​ទឹកដីព្រះរាជាណាចក្រថៃ រីឯជនជាតិខ្មែររាប់លាននាក់ទៀត ដែលគេហៅថា ​ខ្មែរកម្ពុជា​ក្រោមនោះនៅក្នុងប្រទេសវៀតណាម។ ជាក់ស្ដែងយើងឃើញថា​ វប្បធ៌ម សាសនា ទំនាមទំលាប់ ប្រពៃណី អក្សរសាស្រ្ដ​របស់ជនជាតិមួយ​ គឺមិនអាចក្លាយ​ទៅជាជាតិសាសន៍ ដទៃទៀតបានឡើយ។

            ខ្ញុំយល់ថា អ្វីដែលបាន​រៀបរាប់ខាងលើ មិនគួរ​ពួកបក្សប្រឆំាង​យករឿងរ៉ាវ​ពីអតីត​កាលមករក ស៊ី​បោក​ប្រាស​ប្រជាពលរដ្ឋ​ខ្មែរ​​ ពិសេស​អ្នក​ដែលបាន​បោះឆ្នោត​គាំទ្រ​បក្សខ្លួន​ និង បោក ប្រាស​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ និងអុចបញ្ជោះកំហឹងនៃជនជាតិ​ទាំង​ពីរ​គឺ​ខ្មែរ​ និង វៀតណាម ​ដែលបច្ចុប្បន្នកំពុងរស់នៅយ៉ាងសុខក្សេមក្សាន្ដ​ជា​ប្រទេស​​ជិតខាង​គ្នានោះទេ​។ ព្រោះ ថាអ្វីៗដែល អតីតអ្នកដឹកនាំរបស់ខ្មែរយើងក្ដី របស់ប្រទេសជិតខាងក្ដី ក្រោម​ការសំរបសំរួល របស់មហាអំណាច នាពេលនោះក្ដី​ គឺចង់ឃើញប្រជាជន ប្រជាជាតិទាំងអស់​ចេះរស់នៅជាមួយគ្នា យោគយល់គ្នា រកស៊ីជាមួយគ្នា ដោយសន្ដិភាពក្នុងរង្វង់ខ្សែបន្ទាប់ព្រំដែនមួយ​ដែលជាខ័ណ្ឌ សីមាអន្ដរជាតិ។


បទអត្ថាធិប្បាយ​ ៖ សម្តី​បំភ្លើស​ការ​ពិត​របស់​មេបក្ស​ប្រឆាំង​ គឺ​ដើម្បី​បិទបាំង​នូវភាព​បរាជ័យ

ទោះបី​ ជាបក្ស​ប្រឆាំង​ខំ​ប្រឹង​បើក​យុទ្ធនា​ការ​ បំពុល​បរិយាកាស​នយោ​បាយ​ទាំង​នៅក្នុង​ និង​ក្រៅ​ប្រទេស​ ក៏​លទ្ធផល​របស់​ពួកគេ​ ត្រូវ​ទទួល​បរាជ័យ​ជាបន្តបន្ទាប់​។ នយោបាយ​អុច​អាល​ ញុះ​ញង់​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​បាតុកម្ម​នៅក្នុងប្រទេស​ ក៏​ត្រូវ​សហគមន៍​អន្តរជាតិ​មិន​គាំ​ទ្រ​ ហើយ​ត្រូវ​បាន​ប្រទេស​ទាំង​នោះ​ ជំរុញ​ឲ្យ​មាន​ការ​ចរចា​នយោបាយ​វិញ​ទើ​បជាការ​ប្រសើរ​។
មក​ដល់​ពេលនេះ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ បាន​ដឹក​នាំ​ប្រទេស​ជិត​មួយឆ្នាំ​ទៅ​ហើយ​ និង​មិនមាន​ការជាប់​គាំង​ សេដ្ឋកិច្ច​ ឬការ​មិនទទួល​ស្គាល់​ពី​បណ្តា​ប្រទេស​នានា ដូច​ការ​ស្រែក​អះអាង​របស់​ បក្ស​ប្រឆាំង​ឡើយ​។ ជាក់​ស្តែង​ ពីធីប្រកាស​ប្រគល់ ទទួល​បដិមា​ បីអង្គ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅទី​ស្តីការ​គណៈរដ្ឋ​មន្ត្រី នាពេល​ថ្មីៗនេះ​ ពិត​ជា​កើត​ចេញ​ពី​​កិច្ច​ខិត​ខំប្រឹងប្រែង​ប្រកប​ដោយ​ជោគជ័យ​របស់រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំប្រកប​ដោយ​គតិ​បណ្ឌិតរបស់សម្តេច​តេជោ ហ៊ុន សែន និង​ដោយ​មាន​ការចូលរួម​ជាដៃគូ និង​ការ​ទទួល​ស្គាល់រាជរដ្ឋាភិបាល​ស្រប​ច្បាប់​អាណត្តិ​ទី​៥​នេះ​ ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក អង្គការយូណេស្កូ សាលា​បារាំង​ចុងបូព៌ា(EFEO) និងអ្នក​ជំនាញ​ដទៃទៀត​ជាច្រើន​នាក់​ផង​នោះ​ ទើប​ឈាន​ដល់​​​ការ​ប្រកាស​ប្រគល់បដិមាដ៏​ធំទាំង​បី​​ គឺ ទុរយោធន៍ ភីម និង​ ពលរាម ​ត្រឡប់​មកកាន់​ប្រទេស​របស់ខ្លួនវិញ ដោយ​សុវត្ថិភាព​ បន្ទាប់​ពី​​​វត្ថុ​បុរាណ​ទាំង​នោះ​បាន​បាត់​បង់​ទៅ​អស់​រយះ​ពេល​ជាង​៤០ឆ្នាំ​​ ។​ 
ជោគជ័យ​ថ្មី​មួយទៀត​ របស់​រាជរដ្ឋាភិបាល​ គឺ​ពិធី​បើក​កិច្ច​ប្រជុំ​បច្ចេ​កទេស​លើក​ទី២៣​របស់ គណៈ​កម្មាធិការ​អន្តរជាតិ សម្រ​ប​សម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិ​សាស្រ្ត​អង្គរ (អាយ ស៊ី ស៊ី អង្គរ) នៅ​ខេត្ត​សៀម​រាប​ ដែលមាន​ការ​ចូល​រួម​ពី​បណ្តាប្រទេសជាច្រើន​​លើពិភព​​លោក​។​ ដូច្នេះ តើ​ជារាជរដ្ឋាភិបាល​បច្ចុប្បន្ន​ មិន​ស្រប​ច្បាប់​ដូច​បក្ស​ប្រឆាំង​ឃោសនា​ដែរឬទេ​?​​
ដោយសារ​​តែ​ភាព​​ចចេស ​រឹង​រូស​ មានៈ​ មិន​ព្រម​​ទទួល​ស្គាល់​នូវ​បរាជ័យ ពីការ​បោះឆ្នោត​​របស់​ខ្លួន​ មេបក្ស​​ព្រះអាទិត្យ​ទាំ​ង​ពីរ​នាក់​ កាន់​តែក្រពុល​មុខ​ ម្លោះ​ហើយ​តែង​ឆ្លៀត​យក​គ្រប់​វេទិកា​ វាយ​ប្រហារ​​​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជាគណបក្ស​ឈ្នះ​ឆ្នោត​ ដោយ​ភ្លេច​គិត​ពី​ប្រយោជន៍​​ជាតិ​​​ ។​ វោហាសាសន៍​របស់ លោក កឹម សុខា និង​លោក សម រង្ស៊ី​ ដែល​បាន​និយាយ​នៅ​​វត្ត​សាមគ្គី​រង្សី​ កាល​ពី​ថ្ងៃ​ទី០៤ ខែមិថុនា​ ឆ្នាំ​២០១៤ ថ្មីៗនេះ​ គឺ​ជាសម្តី​ឥត​ខ្លឹមសារ​ គ្មាន​គិត​ពី​អធិបតេយ្យ​ជាតិ​ បន្ត​​នយោបាយ​ភូត​កុហក​ សន្យាខ្យល់​ជាមួយ​ប្រជាពលរដ្ឋ​​ម្តង​ហើយ​​ម្តង​ទៀត។
 
 លោក​ សម រង្ស៊ី ​សន្យា​ទៀត​ហើយ​​ថា ប្រសិន​បើ​គណបក្ស​ខ្លួន​ឈ្នះ​ នឹង​អនុញ្ញាត្តិ​ឲ្យខ្មែរ​ក្រោម​ ដែល​បច្ចុប្បន្ន​ គឺ​ជា​​ប្រជាជន​វៀត​ណាម​ ​​រស់​នៅ​អតីតកម្ពុជា​ក្រោម​ចូល​មក​ទឹក​ដី​កម្ពុជា​ដោយ​សេរី​ មិន​ចាំ​បាច់​មាន​លិខិត​ស្នាម​ ឬលិខិត​ឆ្លង​ដែន​អ្វី​ទាំងអស់​​ ​ហើយ​សន្យា​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ឲ្យ​គ្រប់​ៗ​គ្នា​ថែម​ទៀតផង​​ ទន្ទឹម​ពេល​ដែល​ខ្លួន​ទៅ​ជួប​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​និយាយថា​ បើ​ខ្លួន​ឈ្នះ​នឹង​មិន​អនុញ្ញាត្តិ​ឲ្យ​ជន​ជាតិ​វៀត​ណាម​ហូរ​ចូល​កម្ពុជា​ ជាដាច់​ខាត​​ ឬ​ថា​នឹង​ប្រើ​ច្បាប់​អន្តោ​ប្រវេសន៍្ត​ ចំពោះ​ពួក​គេ​ ឬលើក​ពី​ការ​បន្លំ​ចុះឈ្មោះឲ្យ​ជន​ជាតិ​វៀតណាម​ ដើម្បី​បាន​បោះឆ្នោត​​។ល។​​ នយោបាយ​ឡប់​ៗ​ ម្តង​ទៅ​មុខ ម្តង​ថយក្រោយ​ មិន​ច្បាស់​លាស់​​បែប​នេះ​ តើ​ប្រជា​ពលរដ្ឋ​​គួរ​បោះ​ឆ្នោត​ឲ្យ​ដឹក​នាំ​ប្រទេស​​ដែរ​ឬទេ?​ តាមពិត​ វាជាពាក្យ​ដើម្បី​បិទបាំង​នូវ​ការ​បរាជ័យ​របស់​បក្ស​សង្គ្រោះ​ជាតិ​តែ​ប៉ុណ្ណោះ​។​
ចំណែក លោក កឹម សុខា វិញ​ រឹត​តែ​ពុល​ទឹក​មាត់​ថែម​ទៀត​។​ ដើម្បី​ឲ្យ​លើស​លោកប្រធាន​ សម រង្ស៊ី​ ក្នុង​ន័យ​ទាក់​ទាញ​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ​ លោក​បាន​និយាយរហូត​​ដល់​ហ៊ាន​ស្នើ​ច្បាប់​ក្នុង​រដ្ឋ​សភា​ ដើម្បី​ឲ្យ​ប្រជាជន​វៀតណាម​ទាំង​នោះ​មក​រស់​នៅ​ក្នុងទឹក​ដី​កម្ពុជា​ ដោយ​​ស្រប​ច្បាប់​ទៀត​ផង​។ ចំណុច​នេះ​បញ្ជាក់​ថា​ ដោយ​សារ​តែ​ភាព​ចង់​ឈ្នះ​ ចង់​ឡើង​កាន់​អំណាច​ និង​ដើម្បី​កេង​ចំណេញ​ខាង​នយោបាយ​ លោក​ កឹម​ សុខា​ ហ៊ាន​យកអធិបតេយ្យជាតិ​ ទៅ​សន្យា​​ដោះ​ដូរ ដោយ​បើក​ចំហរ​ឲ្យ​ខ្មែរ​ក្រោម​ ដែល​ជាប្រជាជន​វៀត​ណាម​ ហូរ​ចូលមក​​កម្ពុជា​ដោយ​សេរី​​ ។ ឧបមាថា បើ​បក្ស​​សង្គ្រោះ​ជាតិ​ កាន់​អំណាច​ នៅពេល​ដែល​ឈ្នះ​ឆ្នោត​ ហើយ​ប្រសិន​បើ​ ​រដ្ឋាភិបាល​វៀត​ណាម​ បញ្ជូន​ជន​ជាតិ​របស់​គេ​ ពី​តំបន់​ផ្សេងៗ​ទៀត​ មក​រស់​នៅ​តំបន់​កម្ពុជា​ក្រោម​ ហើយ​ធ្វើ​លិខិត​​បញ្ជាក់​ថា​ពិត​ជាខ្មែរ​ក្រោម​ ពេល​នោះ​ជន​ជាតិ​វៀត​ណាម​ អាច​មក​រស់​នៅ​យ៉ាង​ស្រប​ច្បាប់​ ដូច​ការ​សន្យា​របស់​ លោក កឹម សុខា និង​លោក សម រង្ស៊ី​ ជា​មិន​ខាន​។ តើ​ពួក​លោកទាំង​ពីរ​ ​ជាអ្នក​ស្នេហា​ជាតិ ឬជាអ្នក​រៀប​គម្រោង​លក់​ជាតិឲ្យ​វៀតណាម​ ​ដោយ​ឈាម​ត្រជាក់?​ ដូច្នេះ​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​​ ចំពោះ​នយោបាយ​ បោកប្រាស់ ភូត​កុហក សន្យាខ្យល់ ​របស់​មេបក្ស​ទាំង​ពីរ​។​​
មេ​បក្សទាំង​ពីរ​ ថែម​ទាំង​បាន​បំភ្លើស​អំពី​រឿង​ឧបទ្ទវហេតុ​នៅស្ពាន​​កោះពេជ្រ​ថា​ជាគម្រោង​ សម្លាប់​មនុស្ស​របស់​រាជរដ្ឋាភិបាល​ថែម​ទៀត​ ។ ពាក្យ​ចោទប្រកាន់​ថា រាជរដ្ឋាភិបាល​បាន​បង្កើត​ព្រឹត្តិការណ៍​​សម្លាប់​ខ្មែរ​នៅ​កោះ​ពេជ្រ​ និង​មាន​គោលបំណង​សម្លាប់​នៅពេល​ថ្ងៃបុណ្យ​អ៊ុំទូក​ ដើម្បី​យក​ហេតុ​ការណ៍​បំបិទ​ចោល​ពិធីបុណ្យ​អ៊ុំ​ទូក គឺ​ជាបទ​បរិហារ​បំភ្លើស​ការពិត​ របៀប​ប្រជាភិថុត​ ដើម្បី​កេង​ចំណេញ​នយោបាយ សុទ្ធសាធ​។ ​​ការ​ចោទប្រកាន់ដោយ​ងងើល​បែប​នេះ​ មិន​គួរ​អត់​ឱន​ដោយ​ផ្លូវ​ច្បាប់​ឡើយ​ យើង​សង្ឃឹម​ថា​រាជ​រដ្ឋាភិបាល​ នឹង​ពិនិត្យ​មើល​អំពី​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ ដែល​បាន​និយាយមួល​បង្កាច់​ បំភ្លើសការ​ពិត​នោះ​។​​ 
ការ​ផ្អាក​ប្រារព្ធពិធី​បុណ្យ​អ៊ុំទូក​ គឺ​ជាការ​ចូល​រួម​រំលែក​ព្រះរាជ​​មរណៈទុក្ខ​ ចំពោះ​ការ​ចូល​ទី​វង្គត​របស់​អតីត​ព្រះ​មហាវីរៈក្សត្រនៃ​យើង​ ដែល​ព្រះអង្គ​មាន​គុណ​បំណាច់​ដ៏​ខ្ពង់​ខ្ពស់​មិនអាច​កាត់​ថ្លៃ​បាន​ចំពោះ​ប្រទេស​ជាតិ​។ ម្យ៉ាង​ទៀត​ ការ​ផ្អាក​នូវ​ព្រះ​រាជ​ពិធី​បុណ្យ​នេះ​ម្តង​ទៀត​ កាល​ពី​ឆ្នាំ​២០១៣ ក៏​​ដើម្បី​បច្ចៀស​នូវ​អសន្តិសុខ​របស់​​​ប្រទេស ដែល​ទើប​តែ​បាន​រៀប​ចំ​នូវ​ការ​បោះ​ឆ្នោត​សកលហើយ​ដែល​ត្រូវ​គណបក្ស​ប្រឆាំង​បង្ក​ព្យុះ​ភ្លៀង ហេតុ​នេះ​រាជ​រដ្ឋាភិបាល​ផ្អាក​ធ្វើ​ពិធី​នៅ​ខាង​មុខព្រះ​បរម​រាជ​វាំង​ ប៉ុន្តែ អនុញ្ញាតិអោយ​ប្រជា​ពល​រដ្ឋធ្វើ​ពិធី​នោះ​នៅ​តាម​បណ្តាខេត្ត​ជា​ធម្មតា វាមិន​មែន​ជា​ការ​អាក់​ខាន​ប្រារព្ធ​ពិធី​ដោយ​សារ​វៀត​ណាម​ជា​អ្នក​បញ្ជា​មក​លើ​រាជ​រដ្ឋាភិបាល ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ​។
ជារួម​ ការ​លើក​ឡើង​របស់​លោក កឹម​ សុខា​ និង​លោក សម រង្ស៊ី​ គឺ​ជារឿង​ភូត​កុហក​ ដើម្បី​ទាក់​ទាញ​​ប្រជា​ប្រិយភាព​​ នៅ​គ្រប់​​វេទិកា​ដែល​ខ្លួន​បានចូល​រួមតែ​ប៉ុណ្ណោះ​​ ដោយ​មិន​បាន​គិត​ពី​កិត្តិយស​របស់​ខ្លួន បន្តិច​​សោះ​ឡើយ​​។ រហូត​មក​ដល់​ពេល​នេះ​ ការ​សន្យាខ្យល់​របស់​មេ​បក្ស​ប្រឆាំង​ គឺ​បាន​ត្រឹម​នៅ​តែ​​ជា​​ពាក្យ​​​សន្យា​​​ខ្យល់​​​ដដែល​ ហើយ​​សូម្បី​តែ​ក្រុម​តំណាង​រាស្ត្រ​របស់​ខ្លួន​ ក៏​អស់​កម្លាំង​កាយ​ កម្លាំង​ចិត្ត ក្នុង​ការ​ចុះ​មូល​ដ្ឋាន​ដែរ​ ព្រោះ​ម្នាក់​ៗ​រីង​ខ្លួន​អស់​ទៅ​ហើយ​ ដោយ​ការ​នាំ​គ្នា​ដើរតត្រុក​តាម​មេៗរបស់​ពួក​គេ៕​​​​​​

ដោយ ៖ ពង្ស សុក្រឹត្យ

Le CIC-Angkor - 23ème session technique 4 et 5 juin 2014 – Allocution de cloture de Son Excellence le Vice-primier Minitre Dr. SOK An Président de l' Autorité nationale APSARA