Thursday, December 30, 2010

ជនជាតិ​ថៃ​៧​នាក់​ត្រូវបាន​ចោទប្រកាន់​ពី​តុលាការ​ខ្មែរ​

ជន​ជ្រុលនិយម​ថៃ​ដែល​សមត្ថកិច្ច​ព្រំដែន​ខ្មែរ​ចាប់​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ​ម្សិលមិញ​ត្រូវបាន​ចោទប្រកាន់ ដោយ​ព្រះរាជអាជ្ញា​តុលាការ​រាជធានី​ភ្នំពេញ​ពិរ​ករណី​គឺ ទី​១​ពី​បទ​ចូលក្នុង​ដី​ខ្មែរ​ខុសច្បាប់ និង​ទី​២ ពី​បទ​ចូលក្នុង​តំបន់​យោធា​ក្នុង​បំណង​ទុច្ចរិត​។ ​នេះ​បើ​តាម​ឲ្យដឹង​ពី​លោកសុក រឿន ព្រះរាជអាជ្ញារងអមតុលាកា​ររាជធានី​ភ្នំពេញ​។ បើ​យោង​តាម​ច្បាប់​កម្ពុជា​បទ​ចោទប្រកាន់​ទី​១ អាច​ប្រឈម​នឹង​ការកាត់ទោស​ពី​៣​ខែ​ទៅ​៦​ខែ រីឯ​បទ​ចោទ​ទី​២​ប្រឈម​នឹង​ការផ្តន្ទាទោស​ពី​៦​ខែ ទៅ​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​ទៅ​២​លាន​រៀល​។ ​ជនជាតិ​ថៃ​ទាំង​៧​នាក់​នេះ​ត្រូវបាន​ប៉ូលិស​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​បញ្ជូនទៅ​តុលាការ​នៅ ព្រឹក​ថ្ងៃ​ទី​៣០​ធ្នូ​នេះ​ដើម្បី​សាកសួរ​និង​ចោទប្រកាន់​។​​ប្រភព​ពី​តុលាការ​ឲ្យដឹងថា ពេល​មក​ដល់​តុលាការ​ជន​ទាំង​៧​នាក់​មិន​ព្រម​ឆ្លើយ​នឹង​សំណួរ របស់​តុលាការ​ទេ រហូត​ទាល់តែ​ឯកអគ្គរាជទូត​ថៃ​មក​ដល់​បាន​ព្រម​និយាយ​។ នេះ​ជា​មូលហេតុ ដែល​នាំឲ្យ​ការសាកសួរ​បានអូសបន្លា​យ​ពេល​យ៉ាង​យូរ​។ ​ជនជាតិ​ថៃ​ទាំង​៧​នាក់​នោះ​ដែល​ក្នុងនោះ​មាន​ស្រី​ពីរ​នាក់​រួមមាន​១.​លោក​ផាន់​លី​ត វី​ឃី​ត​សេត ​អាយុ ៤៧​ឆ្នាំ ជា​សមាជិក​សភា​, ២.​លោក​កាត់​ផុន​ថាក់ ឈឺ​ឆាក់​សា​វី អាយុ​៤១​ឆ្នាំ​ជា​សមាជិក​សភា (​ក្រុម​អាវ​លឿង​), ៣.​លោក​ចាយ​ណៃ អាយុ​៣៤ ជា​អ្នក​ថតរូប​, ៤.​លោកស្រី សារ៉ាក់​លី​ត អាយុ​៤៨ ឆ្នាំ​, ៥.​លោកស្រី​ទ្រី​សែន​ឌិន​ឡឺត​អាយុ​៥៧​ឆ្នាំ​ជា​លេខា​បក្ស (​ក្រុម​អាវ​លឿង​),៦.​លោក​វីរ​:​ស៊ុម ខ្លា​ម​ឃិត អាយុ​៥៣​ឆ្នាំ (​ខាង​ក្រុម​អាវ​លឿង​),​និង​៧, លោកណូ​ទ្រី​កិន​ផា​ណា​សាប៊ូ​ន​អាយុ​៥០​ឆ្នាំ​។​​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​រាជធានី​ភ្នំពេញ​លោក ប្រាសាទ ប្រាសាទ វិនិច្ឆ័យ ក៏​បាន​មក​ចូល​អង្កេត​មើល​ដំណើរការ​សាកសួរ​ជនជាតិ​ថៃ​ទាំងនោះ​នៅ​ឯ​តុលាការ​ផង​ដែរ​នៅ​ព្រឹក​មិញ​នេះ​។ ​គួររំលឹកថា កងការពារ​ព្រំដែន​កម្ពុជា​លេខ​៥០៣​ប្រចាំ​ស្រុក​អូជ្រៅ​ខេត្ត​បន្ទាយមានជ័យ​បាន​ចាប់​ឃាត់​ជនជាតិ​ថៃ​៧​នាក់ ដែល​ក្នុងនោះ​រួមមាន​សមាជិក​សភា​២​រូប​ផង បន្ទាប់​ពី​កង​យោធា កម្ពុជា​បាន​ចាត់ទុកថា ជនជាតិ​ថៃ​ទាំង​នោះ​កំពុង​ធ្វើ​សកម្មភាព​នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​។ ​ប្រភព​ពី​ព្រំដែន​ស្រុក​អូជ្រៅ​បាន​បញ្ជាក់​អោយដឹងថា​ការចាប់ខ្លួន​នោះ​ត្រូវបាន​ធ្វើ​នៅ​ម៉ោង​១០​ព្រឹក ថ្ងៃ​ពុធ​ទី​២៩​ធ្នូ នៅពេល​ដែល​ជនជាតិ​ថៃ​ទាំង​៧​នាក់​នោះ កំពុង​ថត​វីដេអូ​និង​ផ្តិត​រូបថត​នៅ​ចំនុច បង្គោល​ព្រំដែន​លេខ​៤៦ នៅក្នុង​ភូមិ​ជោគជ័យ ឃុំ​អូ​បី​ជាន់ ស្រុក​អូជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ ​ទីតាំង​នេះ នៅ​ទល់មុខ​ភូមិ​ណង​ចាន់ ស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ​។ ជនជាតិ​ថៃ​ទាំងនោះ​ត្រូវបាន បញ្ជូន​មក​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ​៕