Wednesday, January 5, 2011

កម្ពុជា បង្កើន​កម្លាំង ខណៈ​បាតុករ​អាវ​លឿង​ថៃ លើកគ្នា មក​កាន់​តំបន់​ព្រំដែន តែ​ត្រូវ​រារាំង

នៅ​ព្រឹក​ថ្ងៃទី​៥​មករា ឆ្នាំ​២០១០​នេះ នៅ​ចំណុច​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៅ​បង្គោល​ព្រំដែន​កម្ពុជា​-​ថៃ លេខ ៤៦ និង ៤៧ កងកម្លាំង​កម្ពុជា ត្រូវបាន​បង្កើន​ច្រើន ដោយ​ក្នុង​នោះ មាន​កង​កម្ម៉ង់ដូ កម្លាំង​នគរបាល និង​ប៉េ​អឹម ត្រូវបាន​បញ្ជូន​ទៅ​កាន់​ព្រំដែន​ ។ ការបង្កើន​កម្លាំង​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ចំណុច​ភូមិ​ជោគជ័យ​របស់​កម្ពុជា និង​ភូមិ​ណង​ចាន់ របស់​ថៃ ដើម្បី​ការពារ កុំ​ឲ្យ​បាតុ​ក​រអាវ​លឿង​ថៃ រុលចូល​ទឹកដី​កម្ពុជា ដែល​ក្រុម​ជ្រុលនិយម​ថៃ​ទាំងនោះ ចាត់ទុកថា ជា​ទឹកដី​របស់​ថៃ ​។​

​    ​ប្រភព​ពី​ជាយដែន បានបញ្ជាក់​ថា ការបង្កើន​កម្លាំង​កម្ពុ​ជា នៅ​ទល់ដែន​ថៃ​នេះ គឺ​ទប់ទល់​នឹង​បាតុករ​អាវ​លឿង​ថៃ ហើយ​បើ​បាតុករ​ទាំងនោះ ចូល​ទឹកដី​កម្ពុជា គឺ​យើង​មិន​ប្រើ​អាវុធ​ទប់ទល់​ឡើយ តែ​យើង​ប្រើកម្លាំង ចាប់ខ្លួន​បាតុករ​ថៃ​ទាំង​នោះ ហើយ​បញ្ជូន​ទៅកាន់​ទោស ក្នុង​តុលាការ ដូច​ករណី​ជនជាតិ​ថៃ ៧ នាក់ ដែល​ត្រូវ​បាន​កងកម្លាំង​កម្ពុជា ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៩​ធ្នូ ឆ្នាំ​២០១០ ​។​
​    ​ដោយឡែក​នៅ​ឯ​សាលាខេត្ត​បន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​៥​មករា​នេះ កិច្ចប្រជុំ​មួយ ត្រូវបាន​ធ្វើឡើង ដើម្បី​វាយតម្លៃ​ពី​សភាពការណ៍​ព្រំដែន​កម្ពុជា និង​ថៃ នៅ​ទិសពាយ័ព្យ ពិសេស​នៅ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ការពារ​ព្រំដែន កុំឲ្យ​មាន​ការរំលោភបំពា​ន ​។​
​    ​កិច្ចប្រជុំ​នោះ ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អតីត​អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ដោយ​មាន​ការចូលរួម​ពី​អភិបាលខេត្ត អភិបាលស្រុក មេបញ្ជាការ​កងទ័ព និង​នគរបាល​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ ​។​
​    ​ប្រភព​ពី​កិច្ចប្រជុំ បានឲ្យដឹងថា មាន​ការវាយតម្លៃ​ថា ព្រំដែន​កម្ពុជា និង​ថៃ នៅ​ខេត្ត​បន្ទាយមានជ័យ មាន​ភាព​តានតឹង ហើយ​ផុយស្រួយ ដែល​តម្រូវ​ឲ្យ​កម្ពុជា បង្កើន​កម្លាំង ដើម្បី​ទប់ទល់​នឹង​កម្លាំង​ទាំង​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​របស់​ថៃ ខ្លាចក្រែង​កងទ័ព​ថៃ យក​លេស​ទប់ទល់​បាតុករ​ថៃ ហើយ​ឆ្លៀត​ចូល​ទឹកដី​កម្ពុជា ​។​
​    ​អង្គប្រជុំ ក៏​បាន​គូសបញ្ជាក់ថា មិន​ឲ្យ​បទពិសោធន៍​នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ត្រូវបាន​ថៃ​ប្រើប្រាស់​នៅ​ព្រំដែន​ខេត្តបន្ទាយមានជ័យ​ឡើយ​ ។ បទពិសោធន៍​នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ កាលពី​ថ្ងៃ​ទី​១៥​កក្កដា ឆ្នាំ​២០០៨ គឺ​កងទ័ព​ថៃ បាន​ចូល​រំលោភ ឈ្លានពាន​លើ​ទឹកដី​កម្ពុជា ជិត​ប្រាសាទ​ព្រះវិហារ ក្រោម​លេស​ថា ចូល​មក​ការពារ​ជនជាតិ​ថៃ ៣ នាក់ ដែល​បាន​ចូល​ទឹកដី​កម្ពុជា ដោយ​ខុសច្បាប់ នៅ​ចំណុច​មុខ​ប្រាសាទព្រះវិហារ របស់​កម្ពុជា​ ។​
​    ​សូមបញ្ជាក់​ថា មកដល់​ព្រឹក​ថ្ងៃទី​៥​មករា​នេះ បាតុករ​អាវ​លឿង​ថៃ បាន​ប្រមូលផ្តុំ នៅ​ស្រុក​គោក​ធ្យូង ដើម្បី​ដង្ហែ​ក្បួន​បាតុកម្ម ទៅ​កាន់​តំបន់​ព្រំដែន​កម្ពុជា និង​ថៃ ចំណុច​បង្គោល​លេខ ៤៦ នៅ​ភូមិ​ជោគជ័យ របស់​កម្ពុជា និង​ភូមិ​ណង​ចាន់ របស់​ថៃ​។ ក៏ប៉ុន្តែ​បាតុករ​ថៃ​ប្រហែលជា ៥០០ ទៅ ៦០០ នាក់​នោះ បាន​ប៉ះទង្គិច​ជាមួយ​អ្នកភូមិ​ជាយ​ដែន ទាហាន​បូព៌ា ទាហាន​ឈុតខ្មៅ​ថៃ និង​កង​តម្រួត​ថៃ ដោយ​មាន​ការប្រតាយប្រតប់ បណ្តា​ឲ្យ​របួស និង​ចាប់ខ្លួន​មេ​បាតុករ​អាវ​លឿង​ថៃ​ ។ ​
​    ​សេចក្តីរាយការណ៍​ពី​ជាយ​ដែន បានបង្ហាញ​ថា ការប៉ះទង្គិច ដែល​កើតចេញ​ពី​ការរារាំង​ដំណើរ​របស់​បាតុករ​អាវ​លឿង​ថៃ​នោះ កើតឡើង​នៅក្នុង​ភូមិ​ប៉ា​រ៉ៃ ក្នុង​ស្រុក​អារញ្ញ​ប្រាថេត និង​នៅភូមិ​អាង​សិលា ក្នុងស្រុក​គោក​ធ្យូង ជាប់​ព្រំដែន​កម្ពុជា ក្នុង​សង្កាត់​ប៉ោយ​ប៉ែត និង​ឃុំ​អូរ​បី​ជាន់ ​។​
​    ​ក្នុង​ព្រឹត្តិការណ៍​នោះ រថពាសដែក របស់​ទាហាន​ថៃ ៥ គ្រឿង រួម​ទាំង​ទាហាន​ឈុតខ្មៅ និង​ទាហាន​ប៉ា​រ៉ា​ថៃ ប្រមាណ ៣០០ នាក់ ត្រូវបាន​គេ​បញ្ជូន​ទៅ​កាន់​តំបន់​ព្រំដែន ជិត​បង្គោល​ឡាក់​លេខ ៤៦ ដើម្បី​រារាំង​ក្រុមបាតុករ​ថៃ​ ។​
​    ​សូម​រម្លឹកថា បាតុករ​អាវ​លឿង​ថៃ បាន​ធ្វើ​បាតុកម្ម​តវ៉ា នៅ​ខេត្ត​ស្រះកែវ ជាប់​នឹង​ខេត្ត​បន្ទាយមានជ័យ​របស់​កម្ពុជា ពីរ​បី​ថ្ងៃ​មក​ហើយ ដើម្បី​ទាមទារ​ឲ្យមាន​ការដោះលែង​ជនជាតិ​ថៃ ៧ នាក់ ដែល​មាន​ទាំង​សមាជិក​សភា​ថៃ ២ នាក់​ផង​ ។ ជនជាតិ​ថៃ​ទាំង ៧ នាក់​នោះ បាន​ចូល​ទឹកដី​កម្ពុជា ដោយ​ខុសច្បាប់ នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ ៤៦ ក្នុងភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ ជនជាតិ​ថៃ​ទាំង ៧ នាក់​នោះ ត្រូវបាន​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ភ្នំពេញ ដើម្បី​រង់ចាំ​ការកាត់ទោស ដែល​អាច​នឹង​ធ្វើឡើង​នា​ថ្ងៃទី​៦​មករា ឆ្នាំ​២០១១