Monday, January 31, 2011

អត្ថាធិប្បាយ: អតីត​មេដឹកនាំ​កំពូលៗ​ខ្មែរក្រហម​នាំគ្នា​ក្រឡុក​តុលាការ ​

ភ្នំពេញ​: សវនាការ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់​ខៀវ សំផន នួន ជា និង​អៀង ធិរិទ្ធ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​មករា​នេះ បាន​ជួប​នឹង​ភាពច្របូកច្របល់​យ៉ាងខ្លាំង​ដោយសារ​តែ​ពួក​អតីត មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ​បាន​នាំគ្នា​ដើរចេញ​ពី​អង្គ​សវនាការ​ជា​បន្តបន្ទាប់​ក្រោម ហេតុផល​ផ្សេងៗ​។

​ដំបូង​ឡើយ អៀង ធិរិទ្ធ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​ និង​ជា​ភរិយា​របស់​អៀង សារី​ បាន​ដើរចេញ​ពី​សវនាការ​ដោយ​ប្រគល់សិទ្ធិ​ឱ្យ​មេធាវី​ជា​អ្នកឆ្លើយ​ជំនួស​។ ហេតុផល​ របស់ ​អៀង ធិរិទ្ធ​ គឺ​គាត់​បដិសេធ​មិនស​ហការ​ជាមួយ​តុលាការ​ជាពិសេសមិន​ចូលរួម​ អង្គ​សវនាការ​នេះ​ទេ​។ ​មួយសន្ទុះ​ក្រោយមក នួន ជា អតីត​ប្រធាន​រដ្ឋសភា​ក៏បាន​ដើរ ចេញ​ពី​សវនាការ​ទៀ​ត​ក្រោម​ហេតុផល​សុខភាព​។

​មើល​ទៅ​សវនាការ​ព្រឹក​នេះ​មិន​ខុស​ពី​ចាប់​ក្តាម​ដាក់​ចង្អេរ​ឡើយ​។ ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងនេះ​បាន​បង្ហាញ​យ៉ាងច្បាស់​តាំងពី​ដើមទី​មក​ម្ល៉េះ​ថាពួកគេមិន​សហការ ​ជាមួយ​តុលាការ​ឡើយ​។ ក្នុងន័យនេះ ហេតុផល​សុខភាព​របស់ ​នួន ជា ​អាច​គ្រាន់តែ  ​ជា​លេស​ដើម្បី​គេចចេញ​ពី​សវនាការ​តែប៉ុណ្ណោះ​។ នេះ​ជា​ចំណុច​ដែល​តុលាការ​គួរ ​ពិនិត្យ​ផងដែរ​ដើម្បី​កុំឱ្យ​ពួកគេ​បន្ត​ក្រឡុក​តុលាការ​ដូច​មេអាប៉ោង​ទៀត​។ 

នេះ​ត្រឹម​សវនាការ​សុំ​នៅក្រៅ​ឃុំ​ផង ចុះ​ទម្រាំ​ដល់​សវនាការ​កាត់ក្តី​សំណុំរឿង​០០២ ​នៅពេល​ខាងមុខ​នេះ តើ​ពួកគេ​នឹង​សម្តែងឬទ្ធិដាក់​តុលាការ​យ៉ាងណា​ទៀត​?

​គិត​ទៅ ពួក​មេដឹកនាំ​ខ្មែរក្រហម​ទាំងនេះ​ពិតជា​មាន​សំណាង​ណាស់​។ បន្ទាប់ពី​បានដឹកនាំ​ប្រទេស​ឱ្យ​មាន​របប​ប្រល័យ​ពូជសាសន៍​កាប់សម្លាប់​ពលរដ្ឋ​ខ្លួនឯង​អស់​រាប់​លាន​នាក់ ពួកគេ​អាច​បន្ត​រស់នៅ​ក្នុង​សេរីភាព​រហូតដល់​ពេល​ចាប់ខ្លួន​គឺ​នៅពេលដែល​ពួកគេ​មាន​វ័យចាស់​ទៅហើយ​។ 

ឥឡូវនេះ ទោះបីជា​ពួកគេ​ត្រូវបាន​ឃុំខ្លួន​ក៏​មែន​ម​ពិត ក៏ប៉ុន្តែ ​អ្នក​ទាំងនោះ​មាន សំណាង​ខ្លាំងណាស់​បើ​ធៀប​នឹង​អ្នកទោស​ផ្សេង​ទៀត​ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ឬ​បទ​មជ្ឈឹម​ក្នុង​ទំហំ​ទោស​តិច​ជាង​ទោសអតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ​ឆ្ងាយ​ណាស់ តែ​អ្នកទោស​ទាំងនោះ គ្មាន​វាសនាទទួលបាន​ការការពា​រ​និង​បីបាច់​ថែទាំដូច​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំង​នេះ​ឡើយ​។
 
​ប៉ុណ្ណឹង​ហើយ​ពួកគេ​នៅ​មិន​អស់ចិត្ត​ឡើយ ដោយ​បាន​សម្តែង​អាកប្បកិរិយា​ដូចជា សម្បើម​ខ្លាំង​ណាស់​។ ពួកគេ​មិន​បាន​សម្តែងការសោកស្តាយ​ចំពោះ​ទង្វើ​កាលពី អតីតកាល​របស់​ខ្លួន​សូម្បី​តែ​បន្តិច​ក៏​គ្មាន​ដែរ​។ 

ដូច្នេះ តុលាការ​គួរតែ​ចាត់វិធានការ​តឹងរ៉ឹង​បន្តិច​ចំពោះ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ​ដើម្បី​កុំឱ្យ​ពួកគេ​បន្ត​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ដាក់​តុលាការ​តាម​អំពើ​ចិត្ត​យ៉ាង​ដូច្នេះ​៕

ដោយ : បញ្ញវន្ត