Sunday, January 30, 2011

ទស្សនៈ ៖ ការបង្ករឿងជាថ្មីរបស់ថៃដើម្បីប្រកាសសង្រ្គាមឈ្លានពានកម្ពុជា


ជាថ្មីម្តងទៀត ប្រទេសថៃកំពុងតែរន្ថើនធ្វើសង្រ្គាមមកលើកម្ពុជា បន្ទាប់ពីមានសេចក្តីថ្លែងការណ៏​ របស់​នាយករដ្ឋមន្រ្តីថៃ អាប់ភីស៊ីត វេចាជីវ៉ា ដែលត្រូវបានស្រង់សំដីកាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១១ ដោយកាសែត The Nation ក្រោមចំណងជើងថា ភ្នំពេញត្រូវតែដកទង់ជាតិចេញ” និងបណ្តាញ​ឃោសនា​ដទៃទៀត ដោយបាននិយាយថា កម្ពុជាគ្មានសិទ្ធិបង្ហូតទង់ជាតិរបស់ខ្លួននៅលើតំបន់ព្រំដែន​វិវាទ ស្ថិតនៅជិត​ប្រាសាទ​ព្រះវិហារទេ។​ សេចក្តីថ្លែងការណ៏​របស់​នាយក​រដ្ឋមន្រ្តីថៃបែបនេះ គឺជា​ទង្វើ​មួយដើម្បី ជាលេសប្រកាស​សង្រ្គាមឈ្លានពានកម្ពុជា។ រដ្ឋាភិបាល​ថៃ​គ្មានសិទ្ឋិប្រើកំលាំង យោធា​ប្រឆាំង​នឹង​អធិបតេយ្យ​ភាពរបស់ប្រទេសណាមួយនោះឡើយ។ ទីតាំងដែល​នាយករដ្ឋមន្រ្តី អាប់ភីស៊ីត ទាមទារឲ្យ​រដ្ឋាភិ​បាល​កម្ពុជា​ ដកទង់ជាតិរបស់ខ្លួនចេញនោះត្រូវបានគេដឹងយ៉ាងច្បាស់ថា ជាវត្តកែវសិក្ខាគិរីស្វារៈ ជា​ទី​កន្លែងដែល កងទ័ពថៃបានឈ្លានពាន​ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨។

បើនិយាយអំពីទំនាក់ទំនងរវាង កម្ពុជា-ថៃ នោះ វាច្បាស់ណាស់ថាទាំងមតិជាតិ និងអន្តរជាតិ បានដឹងយ៉ាងប្រាកដថា ប្រទេសទាំងពីរមានខ្សែបន្ទាត់ព្រំដែនមួយយ៉ាងច្បាស់​លាស់ដោយផ្អែកលើផែនទី​ដងរែក ខ្នាត ១/២០០.០០០ នៃឧបសម្ព័ន្ឋ១ ដែលត្រូវបានផលិតឡើងនៅឆ្នាំ ១៩០៨ ស្របតាម​អនុសញ្ញា ឆ្នាំ១៩០៤ និងសន្ឋិសញ្ញា ឆ្នាំ១៩០៧ ទាំងស្រុង។ អាស្រ័យហេតុនេះ វាច្បាស់ណាស់ថា ពុំមានតំបន់ វិវាទ ឬត្រួតស៊ីគ្នានោះទេ។ ផ្ទុយទៅវិញ អំពើប្រទូស្តរាយដោយប្រទេសថៃ ដែលបានគូស​ផែន​ទីសំងាត់ ជាឯកតោភាគី ដែលគ្មានភាពស្របច្បាប់ជាអន្តរជាតិ គឺដើម្បីបំរើនូវ​មហិច្ឆតា​របស់​ប្រទេសនេះដើម្បី ឈ្លានពានកម្ពុជា និងដណ្តើមយកទឹកដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ឬក៏​ជាង​នេះទៅទៀត ដាក់​ទឹក​ដី​កម្ពុជាជាឧបសម្ព័ន្ឋដោយបង្ខំតាមមធ្យោបាយយោធា ក្នុងការប៉ុនប៉ង​បែប​អត្តឃាត​ដ៏ឆ្កួតលីលាដើម្បីយក ឈ្នះដោយកំលាំងបាយ ប៉ុន្តែត្រូវបានបរាជ័យតាមមធ្យោបាយ​ផ្លូវច្បាប់​អន្តរជាតិរួចទៅហើយ។

កាលពីថ្ងៃទី២៨ ខែ មករា ឆ្នាំ២០១១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា បានចេញសេចក្តីប្រកាសមួយ ដោយដកស្រង់សេចក្តីសំរេចតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលមានខ្លឹមសារដូចខាងក្រោម៖
១.“…ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីក្រោមអធិបតេយ្យរបស់ប្រទេសកម្ពុជា”។
២. “…ប្រទេសថៃមានកាតព្វកិច្ច ដកកំលាំងទ័ព ឬប៉ូលីស ឬអ្នក​ថែរក្សាផ្សេងៗ ឬឆ្មាំដទៃទៀត ដែលបានដាក់នៅប្រាសាទ ឬក្នុងតំបន់ជុំវិញ​ប្រាសាទ​ដែល​ស្ថិតក្នុងទឹកដីកម្ពុជា”។

សេចក្តីប្រកាសខាងលើក៏បានបញ្ជាក់សាជាថ្មីផងដែរនៅ មាត្រា ១(គ) នៃអនុស្សរណៈនៃការ​យោគយល់​គ្នា​រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីអំពី​ការ វាស់វែង និងកំណត់​ខ័ណ្ឌសីមាព្រំដែនគោកដែលបានចុះហត្ថលេខា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ដែលទទួល​ស្គាល់​ផែនទីផងដែរ ដូចបានរៀបរាប់ខាងលើ ថាជាមូលដ្ឋានច្បាប់សំរាប់ការវាស់វែង និង​កំណត់​ ខ័ណ្ឌ​សី​មា​ព្រំដែន​គោក រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

យោងតាមផែនទីដែលផលិតដោយគណៈកម្មការ បារាំង-សៀម  វត្តកែវសិក្ខាគិរីស្វារៈ ដែល​ប្រជាជនកម្ពុជា​បាន​កសាងឡើងកាលពីឆ្នាំ១៩៩៨ ច្បាស់​ណាស់មានទីតាំងស្ថិតនៅក្នុងទឹកដី​កម្ពុជា។ ហេតុនេះការដាក់​បង្ហោះ​ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅលើវត្តនេះគឺជាការសមស្របតាមច្បាប់។

ម្យ៉ាងវិញទៀតសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថាសេចក្តីថ្លែងការណ៏របស់ នាយករដ្ឋមន្រ្តីថៃ ដែលធ្វើឡើងស្របគ្នានឹងការធ្វើសមយុទ្ធយោធារបស់ថៃ តាមបណ្តោយព្រំដែនជាប់​ប្រទេសកម្ពុជា គឺជាអំពើប្រទូស្តរាយយ៉ាងច្បាស់ក្រឡែត និងជា​ទង្វើ​ដើម្បីជាលេស សំរាប់​ឈ្លានពាន​កម្ពុជា​នា​ថ្ងៃ​អនាគត​យ៉ាង​ជាក់​ច្បាស់។ ហើយ កម្ពុជាមិនអាចទទួលយកដាច់ខាត និងបដិសេធយ៉ាង​ដាច់​អហង្ការ​ចំពោះសេចក្តីថ្លែងការណ៏ដែលមានលក្ចណៈមើល​ងាយមើលថោក​បែប​នេះ​។

ដោយមានឯកសារគតិយុត្តិទទួលស្គាល់ជាអន្តរជាតិ គួបផ្សំជាមួយនឹងការ​កាន់កាប់ទឹកដី​ក្រោម អធិប​តេយ្យជាក់ស្តែងរបស់កម្ពុជា គឺជាមូលដ្ឋានគតិយុត្តិដ៏រឹងមំាសំរាប់កម្ពុជា ដែលថៃ​មិនអាច​រំលោភ​បំពានបានជាដាច់ខាត។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា​ម្តងហើយម្តង​ទៀតបាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់នូវជំហរដ៏រឹងមាំរបស់ខ្លួនក្នុងការប្រើប្រាស់សិទ្ធិស្វ័យការពារ ដូចមានចែងក្នុងមាត្រា ៥២ និង៥៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។​
­­
ទោះបីជាយ៉ាងណាក៏ដោយ គួរកត់សំគាល់ថា រាជរដ្ឋាភិបាលកម្ពុជាតែងបានប្រកាន់ខ្ជាប់ ដោយ​ឥតងាករេនូវមធ្យោបាយសន្តិវិធីតាមរយៈយន្តការដែលមានស្រាប់ទាំងអស់ក្នុងការដោះស្រាយបញ្ហាព្រំដែរវាងប្រទេសទាំងពីរ។ ដូច្នេះ ការព្រមានចង់ប្រើកំលាំងទ័ពប្រឆាំងនឹងកម្ពុជា ឆ្លុះបញ្ចាំងយ៉ាង​ច្បាស់​ពី​បំណងទុច្ចរិតរបស់រដ្ឋាភិបាលក្រុងបាងកក ក្នុងការប្រើប្រាស់កម្ពុជាជាចំណាប់ខ្មាំងនៃនយោបាយ​ផ្ទៃ​ក្នុង របស់ខ្លួន ចំពេលដែលក្រុមអ្នកតវ៉ាទាំងពួកអាវក្រហម និងអាវលឿងកំពុងប្រមូលផ្តុំគ្នាយ៉ាង​ច្រើន​សន្ធឹកន្ធាប់ ធ្វើការតវ៉ាយ៉ាងធំប្រឆាំងនឹងរដ្ឋាភិបាល មុនពេលមានការបោះឆ្នោតសកល​ដែលនឹង​​ធ្វើ​ឡើងក្នុងឆ្នាំនេះ។
          នេះគឺជាយុទ្ឋសាស្រ្តនយោបាយដែលបានគិតគូយ៉ាងដិតដល់ ដោយក្រុមមនុស្សនៅក្នុងគណបក្ស ប្រជាធិបតេយ្យដែលកំពុងកាន់អំណាច ក្នុងការទូងស្គរប្រកាសសង្រ្គាម និងបំផុសអារម្មណ៍​ជាតិនិយម​ជ្រុល ​ដើម្បីបង្វែរការយកចិត្តទុក្ខដាក់ប្រជាជនខ្លួន ចេញពីវិបត្តិនយោបាយផ្ទៃក្នុងរបស់​ខ្លួន​ដែល​បង្ក​ឡើង ដោយក្រុមប្រទូស្តរាយពហុពណ៌ និងសកម្មជនប្រដាប់អាវុធ។
            សកម្មភាពទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ពីបំណងទុច្ចរិតរបស់ពួកល្ងង់ខ្លៅថៃ ដែលបញ្ឆេះ​ឡើង ដោយពួកអាវលឿង និងបក្ខពួករបស់គេ ក្នុងខណៈដែលពួកគេធ្វើអ្វីៗសព្វបែបយ៉ាង​ជាមួយនឹងរបៀបវរៈ ច្បាស់លាស់នោះគឺ ឈ្លានពានកម្ពុជាជាមួយគំនិតជាតិនិយមដ៏ងងឹតងងល់ និងរក្សា​​អំណាចនយោបាយ នៅក្រុងបាងកក។
          ដោយសារការប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងជៀសវាងភាពតានតឹងដែលមិនមានភាពចាំបាច់ នោះ កម្ពុជាបានដកចេញនូវថ្មពីរផ្ទាំងដែលសរសេរថា តំបន់នេះជាកម្មសិទ្ធិរបស់កម្ពុជា ហើយបាន​ឈ្លានពាន
 ដោយកងទ័ពថៃក្នុងឆ្នាំ ២០០៨ ចេញពីវត្តកែវសិក្ខាគិរីស្វារៈ​។
            នេះមិនមែនជាសញ្ញាប្រាប់ដល់ប្រទេសថៃ និងនាយករដ្ឋមន្ត្រីទំនើងរបស់ខ្លួន ឲ្យគិតថាជាសកម្មភាព កំសោយ ហើយបានចិត្តដោយទាមទារឲ្យកម្ពុជា ដកទង់ជាតិចេញពីទឹកដីរបស់កម្ពុជានោះទេ។​ នេះគឺមាន​
ន័យស្មើទៅនឹង កម្ពុជាប្រាប់ទៅថៃ ឲ្យដកទង់ជាតិថៃចេញពីប៉ុស្តិ៍ព្រំដែននៅខាងថៃ។ ត្រូវចាំថាហឹង្សានឹងនាំ​
មក​នូវហឹង្សា។​
          ទង្វើបែបអគតិ ដែលបង្ហាញឱ្យឃើញតាមរយៈការបំពានលើនិយាម​ដែល​ទទួលស្គាល់ជាអន្តរជាតិ ការបំពានទំនាក់​ទំនងទ្វេភាគី និងពហុភាគី គឺជាភាពល្ងីល្ងើពកថ្ងាសរបស់​ក្រុម​ស្រទាប់ជាន់​ខ្ពស់​បំផុត​ថៃ។

(ដោយ ធី ម៉ូហាន អ្នកវិភាគនយោបាយនៅកម្ពុជា)