៣២ឆ្នាំ នៃថ្ងៃរំដោះប្រជាពលរដ្ឋចេញពីមហាសោកនាដ្ឋកម្មបនប្រល័យពូជសាសន៍ប៉ុលពត គឺថ្ងៃទី៧ ខែ មករា ឆ្នាំ១៩៧៩ បាននាំឲ្យមានការចាប់ផ្តើមជាថ្មីនូវសិទ្ធិរស់រានមានជីវិត និងសិទ្ធិដ៏ទៃជាច្រើនទៀត ទាំងនោះ គឺជាសក្ខីភាពនៃប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន នៃគុណបំណាច់របស់ឥស្សរជនជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានិងកងទ័ពវៀតណាមជាមិត្ត ដែលបានកំទេចនូវរបបដ៏ឃោរឃៅយង់ឃ្នង ហើយបាននាំមកនូវដង្ហើមរស់មកដល់សព្វថ្ងៃ។
ដូច្នេះថ្ងៃ៧ មករា មិនមែនជាសត្រូវរបស់ជនណាមួយឡើយ ចុះហេតុអ្វីបានជាក្រុមគណបក្សប្រឆាំង និងអង្គការសមាគមជ្រុលនិយមមួយចំនួននៅកម្ពុជា មានការប្រមាថ និងទោមនស្សជាមួយថ្ងៃ៧មករាទៅវិញ? ដែលក្នុងចំណោមនោះ អ្នកដែលរិះគន់ថ្ងៃ៧មករាជាប្រចាំគឺគណបក្ស សម រង្ស៊ីដែលយើងសុំមិនអត្ថាធិប្បាយអ្វីទៀតទេក្នុងខណៈ ពេលនេះ ។ដោយឡែក មេដឹកនាំគណបក្សសិទ្ធិមនុស្ស លោកកឹម សុខា បាននិយាយថា ថ្ងៃ៧មករា គឺជាថ្ងៃដែលយួនឈ្លានពាន ឬជាថ្ងៃដែលកម្ពុជាត្រូវបានគ្រប់គ្រងដោយយួន និងថារដ្ឋាភិបាលសព្វថ្ងៃជាអាយ៉ងរបស់ប្រទេសជិតខាងថែមទៀត។ ចំណែកឯ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលមានតែគំនិតប្រឆាំងបាននិយាយ ដូចគ្នាថា ថ្ងៃ៧មករាមិនមានសារៈសំខាន់អ្វីទេ ជាមួយនឹងការលើកសរសើរពីថ្ងៃទី២៣តុលា ឆ្នាំ១៩៩១ ថ្ងៃនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទើបជាថ្ងៃសំខាន់ ។ ជារួម ពួកអ្នកប្រឆាំងបានបន្តុះបង្អាប់ថ្ងៃ៧មករាដោយចោទថា«ជាថ្ងៃដាក់ខ្នោះទៅវិញ» ។
ឥឡូវ យើងសូមទាញការចាប់អារម្មណ៍មហាជនមកពិចារណានិងពិនិត្យមើលទៅលើទិដ្ឋភាពជាក់ស្តែងនៃសង្គមកម្ពុជាសព្វថ្ងៃ តើសាធារណៈមតិចាត់ទុកថ្ងៃ៧មករាមានអត្ថន័យយ៉ាងដូចម្តេចក្នុងដួងចិត្តរបស់ខ្មែររាប់លាននាក់?
ការពិតថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ត្រូវបានប្រជាពលរដ្ឋជាសាក្សីរស់ដែលបានឆ្លងកាត់ក្នុងរបបនោះកំណត់ទុកថា ជាថ្ងៃកំណើតទី២ដ៏មានអត្ថន័យ ។ មានថ្ងៃ៧មករា ទើបមាននូវការផ្សះផ្សាបង្រួបបង្រួមជាតិ ឯកភាពទឹកដី ស្ថិរភាពនយោបាយ ការកសាងនិងអភិវឌ្ឍប្រទេសរីកចំរើនមកដល់សព្វថ្ងៃ។ ជាក់ស្តែងដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សូម្បីតែអង្គការសហប្រជាជាតិក៏ទទួលស្គាល់ថា មានរបបឃោរឃៅប្រល័យពូជសាសន៍ប៉ុល ពត ដែរ ហើយគេដឹងថាថ្ងៃ៧មករា គឺជាថ្ងៃរំដោះប្រជាជនកម្ពុជាពិតប្រាកដ ទើបមានការបង្កើតសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមមកដល់សព្វថ្ងៃ។
សូមរំលឹកថា ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប្រជាជនកម្ពុជាទាំងក្មេងចាស់ ប្រុស ស្រី ត្រូវបានទទួលរងនូវការធ្វើទារុណកម្មពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមយ៉ាងលំបាកវេទនាជាទីបំផុត ដូចជាការកាប់សម្លាប់ បង្ខំឲ្យធ្វើការងារជាទម្ងន់ហួសកម្លាំង បង្អត់អាហារ វាយដំ ចាប់ដាក់គុកច្រវ៉ាក់ ពេលឈឺគ្មានថ្នាំព្យាបាល ការរស់នៅត្រូវបែកបាក់ព្រាត់ប្រាស់និរាស្ត្រក្រុមគ្រួសារញាតិមិត្ត បងប្អូន គឺរបបនោះស្មើនឹងរស់នៅក្នុងឋាននរកអវចីយ៍ ជារួមគឺក្នុងរបបនោះត្រូវបានបំផ្លាញដល់ឬសគល់ ហើយសង្គមមានតែគ្រោះភ័យអន្តរាយ និងកលយុគ្គ គ្មានទេសិទ្ធិសេរីភាព។ ប៉ុន្តែ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺកម្ពុជា បានប្រែក្លាយមុខមាត់ថ្មី សង្គមពោរពេញទៅដោយសន្តិភាព ស្ថិរភាពនយោបាយ ហើយបាននិងកំពុងដំណើរការយ៉ាមត្រូវទៅតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស យកច្បាប់រដ្ឋធម្មនុញ្ញធ្វើជាដំបូល ជាមួយនិងការបើកទូលាយនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ក្នុងនោះទាំងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សិទ្ធិធ្វើនយោបាយ សិទ្ធិទទួលបានការអប់រំ ជំនឿសាសនា ការប្រកបរបរទទួលទានដោយសេរី និងសិទ្ធិជាច្រើនទៀត ដែលក្នុងចំណោមសិទ្ធិសេរីភាពទាំងនោះ សិទ្ធិរស់រានមានជីវិត គឺជារឿងដ៏សំខាន់បំផុតដែលពុំគួរត្រូវបានជនមួយក្តាប់តូចមើលរំលង ឬក៏ប្រមាថចំពោះអ្នកជួយរំដោះខ្លួនឲ្យរួចពីការកាប់សម្លាប់នោះបានឡើយ។
មតិមហាជនទូទៅគេបានដឹងច្បាស់ណាស់ថា ក្រុមគណបក្សនយោបាយប្រឆាំង គឺមិនបានរួមចំណែកក្នុងការរំដោះប្រទេសជាតិទេ ផ្ទុយទៅវិញពួកគេបានមកនាំគ្នាយ៉ាងគគ្រឹកគគ្រេងមកធ្វើនយោបាយនៅក្រោយពេលប្រទេសកម្ពុជាមាននូវសន្តិភាព ហើយថែមទាំងប្រមាថថ្ងៃនៃការរស់រានជីវិតទៀត តើនោះមានតម្លៃអ្វីសម្រាប់អត្តភាពជាអ្នកនយោបាយដ៏សុច្ចរិតនោះ។ មិនខុសអ្វីពីប្រសាសន៍របស់សម្តេចតេជោ បានថ្លែងថា ក្រុមប្រឆាំងថ្ងៃ៧មករា ឬចាត់ទុកថ្ងៃ៧មករាជាសត្រូវ គឺក្រុមនោះប្រៀបបានទៅនឹងក្រុមគាំទ្ររបបប្រល័យពូជសាសន៍ប៉ុល ពត ដែលគួរត្រូវបានកាត់ទោស។
រួម ជាតិ