Monday, January 17, 2011

លោកនេ​ត សាវឿន​សម្តែង​ការសោកស្តាយ​ចំពោះ​កំហុសឆ្គង​របស់​ប៉ូលិស​

 លោក​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ក្នុង​ពិធី​តែងតាំង​លោក​ខេង ស៊ុំ ជា​ស្នងការ​ខេត្ត​បន្ទាយមានជ័យ​នៅ​រសៀល​នេះ

បន្ទាយមានជ័យ: ថ្លែង​ក្នុង​ពិធី​តែងតាំង​លោក​ខេង ស៊ុំ ជា​ស្នងការ​ខេត្ត​បន្ទាយមានជ័យ​នៅ​រសៀល​នេះ លោក​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ កំហុសឆ្គង​របស់​មន្ត្រី​ប៉ូលិស​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ប៉ូលិស​ក្រសួង​មហាផ្ទៃ​មួយ​ចំនួន​។​

​បើ​តាម​លោកនាយ​អគ្គស្នងការ​នគរបាល​ជាតិ មន្ត្រីប៉ូលិស​ដែល​ប្រព្រឹត្ត​ខុសឆ្គង​មាន​ចាប់ពី​ថ្នាក់​ស្នងការ ស្នងការរង​រហូតដល់​នាយ​ការិយាល័យ​និង​នាយក​ផ្នែក និង​ដែល​រាលដាល​រហូត​ដល់​ស្ថាប័ន​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ​គឺ​លោក​មឹក ដា​រ៉ា និង​លោក​ជា ឡេង​។​

​លោក​នេត សាវឿន​បានចាត់ទុក​ទង្វើ​របស់​ប៉ូលិស​ទាំងនោះ​ថា​បាន​ធ្វើឲ្យ​បាត់បង់​កិត្តិយស​និង​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ដែល​ប៉ូលិស​គ្រប់​គ្នា​ជាពិសេស​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​ត្រូវ តែ​ខិតខំ​ស្តារ​មុខមាត់​និង​ជំនឿ​ចិត្ត​របស់​ប្រជាពលរដ្ឋ​ឡើងវិញ​។​

​លោក​អះអាង​ថា ក្រសួងមហាផ្ទៃ ក៏ដូចជា​រដ្ឋាភិបាល​បាន​ចាត់ទុកថា​នេះ​ជា​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​មួយ​របស់​ប៉ូលិស​ដែល​មាន​មេ​ប៉ូលិស​ធំៗ​បាន​ប្រព្រឹត្ត​ការលក់ដូរ​គ្រឿងញៀន ទទួល​សំណូក ដោះលែង​ជនល្មើស និង​ក្លែងបន្លំ​ឯកសារ​ ។

លោក​បាន​ផ្តាំផ្ញើ​ឲ្យ​ស្នងការ​ថ្មី និង​ប៉ូលិស​ទាំងអស់​ស្តារ​មុខមាត់​ប៉ូលិស​ឡើងវិញ​តាមរយៈ​ការអនុវត្ត​ការងារ​ឲ្យបាន​ត្រឹមត្រូវ និង​ជា​ពិសេស​គោរព​ច្បាប់​យ៉ាង​ខ្ជាប់ខ្ជួន​និង​មាន​ការទទួលខុសត្រូវ​ខ្ពស់​បំផុត​ចំពោះ​មុខ​ប្រជាពលរដ្ឋ​។ លោក​អះអាង​ថា​ការសោកស្តាយ​ដ៏​ធំធេង​នៅ​ពេល​នេះ​គឺ​មិនមែន​សោក​ស្តាយ​ប៉ូលិស​ប៉ុន្មាន​នាក់​ដែល​ត្រូវ​គេ​ចាប់ខ្លួន​នោះ​ទេ តែ​សោកស្តាយ​កំហុសឆ្គង​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​។​

​លោក​នេត​ សាវឿនក៏​បាន​ថ្លែង​គាំទ្រ​ផងដែរ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​បាន​ចាត់ការ​រឿង​នេះ​គឺ​ចាត់ការ​ទៅ​លើ​មន្ត្រី​គណបក្ស​ប្រជាជន​តែ​ម្តង​។ ដូច្នេះ​វា​ជា​ការបង្ហាញ​ថា អង្គភាព​នេះ​ពិតជា​មាន​ការប្តេជ្ញាចិត្ត​ក្នុង​ការលុបបំបាត់​អំពើពុករលួយ​មិន​មែន​ដូច​ការរិះគន់​របស់​បក្សប្រឆាំង​និង​សង្គម​ស៊ីវិល​មួយចំនួន​នោះ​ឡើយ​៕

ដោយ : សុផុន