តាមប្រភពព័ត៌មាន ពីមន្ត្រីយោធានៅតាមខ្សែបន្ទាត់ព្រំដែនបានឱ្យដឹងថា គ្រាន់តែការប្រយុទ្ធគ្នាដោយចុងអាវុធផ្តើមផ្ទុះឡើងមិនដល់ ២០នាទីផង កងទាហានសៀមច្រើននាក់បានស្លាប់រាយប៉ាយ បើទោះណានៅមិនទាន់មានសេចក្តីរាយការណ៍ពីចំនួនអ្នកស្លាប់ នៅឡើយក៏ដោយ ក៏ប៉ុន្តែជុំវិញការបាញ់គ្នាដ៏កក្រើយនៅតាមខ្សែបន្ទាត់ព្រំដែន ខេត្តព្រះវិហារនេះ ទាហានសៀមបានបាក់ទ័ពរត់ចូលទៅក្នុងទឹកដីរបស់គេវិញ គឺរត់ហួសផ្ទះក្រហមសៀមខ្លួនឯងទៅទៀត ហើយផ្ទះក្រហមសៀមនេះក៏ត្រូវបានឆេះរួចហើយដោយសារតែ គ្រាប់កាំភ្លើងធុនធ្ងន់បាញ់ទៅបាញ់មកបង្កជាអណ្តាតភ្លើង សន្ធោសន្ធៅ ។
ការផ្ទុះ អាវុធអូសបន្លាយជាង១ម៉ោងទាហានកម្ពុជាបានវាយលុកចូលកាន់ កាប់លេណ ដ្ឋានរបស់ទាហានសៀមជាច្រើនកន្លែង ដែលមានទីតាំងស្ថិតនៅហួសផ្ទះក្រហមបន្តិច ដោយរឹបអូសបានសំភារសឹកមួយចំនួន ព្រមទាំងគ្រឿងឧបភោគ បរិភោគជាច្រើនទៀតផង ហើយជាមួយគ្នានេះផងដែរ មូលដ្ឋានឈរជើងរបស់ទាហានសៀមមួយចំនួនត្រូវបានឆេះ និងលើកទង់ជ័យ.សសុំចុះចាញ់ និងសុំចរចាបញ្ឈប់ការបាញ់គ្នា ប៉ុន្តែទាហានកម្ពុជាបានច្រានចោលដោយហេតុថាមូលដ្ឋានយោធារបស់សៀម ផ្សេងទៀតកំពុងប្រយុទ្ធគ្នានៅឡើយ...នៅលើសមរភូមិប្រយុទ្ធ ពេលមើលពីលើប្រាសាទព្រះវិហារទៅឃើញផ្សែងខ្មួលខ្មាញ់អណ្តែតត្រសែត ដូចផ្សិតយឺតៗ ឡើងទៅលើអាកាសផុតចុងព្រឹក្សា ហាក់នាំចិត្តឱ្យរន្ធត់តក់ប្រមា ចំពោះសង្គ្រាមមួយឈុតនេះពន់ពេកណាស់ ។ ជុំវិញខ្សែត្រៀមឈរជើងរបស់ទាហានសៀម គេឃើញខ្មោចទាហានសៀមរដូករណែល និងរាយប៉ាយគួរឱ្យព្រឺ និងសង្វេគ ដោយមានភ្ជាប់ជាមួយសាក់កាដូ កាទូសសៀ និងកាំភ្លើងជាប់ខ្លួនផងដែរ ។
សូមបញ្ជាក់ថា ស្នូរកាំភ្លើងតូច-ធំបានផ្ទុះលាន់កក្រើកឡើងផ្ទួនៗគ្នា កាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី៤ កុម្ភៈ ២០១១ គឺជាការផ្ទុះអាវុធស្របច្បាប់របស់ទាហានកម្ពុជា ដើម្បីការពារទឹកដី និងធ្វើឡើងយ៉ាងម៉ឺងម៉ាត់បណ្តេញទាហានសៀមឱ្យដកថយទៅវិញ ខណៈទាហានសៀមឈ្លានពាននេះធ្វើផ្លូវឈូសឆាយចូលទៅកាន់តំបន់ សំបុកឃ្មុំទឹកដីកម្ពុជាដែលជាដែនបំរាមចុងក្រោយ ។ មន្ត្រីយោធាកម្ពុជាបាននិយាយឱ្យដឹងថា មុនពេលផ្ទុះអាវុធគឺទាហានកម្ពុជាបានដាក់បំរាមរួចហើយ កុំឱ្យទាហានថៃឈូសឆាយផ្លូវចូលមកដល់ចំណុចសំបុកឃ្មុំ ឱ្យសោះ ព្រោះថា នេះជាទឹកដីរបស់កម្ពុជា ប៉ុន្តែទាហានសៀមនៅតែក្បាលរឹង រុលចូលដដែល គឺមានបំណងឈ្លានពានទឹកកម្ពុជាយ៉ាងពិតប្រាកដ ដែលបំណងរបស់គេគឺចូលមកឈរជើងក្នុងរង្វង់ផ្ទៃដី៤,៦គីឡូម៉ែត្រការ៉េ និងវត្តកែវសិក្ខាគិរីស្វារៈ ដូច្នេះទាហានកម្ពុជាដាច់ខាតត្រូវតែប្រើសិទ្ធិស្វ័យការពារ ជាកំហិត ទោះជាស្លាប់រស់ក៏ដោយ ។
ការផ្ទុះបានចាប់ផ្តើមចេញពីតំបន់សំបុកឃ្មុំហើយរាលដាលតៗគ្នា ទៅដល់តំបន់ភ្នំទ្រព្យ វាលឥន្ទ្រី និងតាសឹម ព្រមទាំងនៅតាមខ្សែបន្ទាត់ព្រំដែនជាច្រើនកន្លែងទៀត ស្ថិតនៅស្លាបខាងឆ្វេងប្រាសាទព្រះវិហារ គឺទាហានកម្ពុជាបានប្រើកាំ ភ្លើងធុនធ្ងន់ និងស្រាលជាច្រើនសន្ធាប់ទៅលើទាហានសៀមឱ្យបាក់ទ័ពបត់ចូលទៅ ដល់ចំណុចផ្ទះក្រហមវិញដែលថៃអះអាងថា ជាទឹកដីរបស់ពួកគេ ។ ចំណែកនៅតាមបន្ទាត់ព្រំដែនខេត្តឧត្តរមានជ័យឯណោះវិញ តំបន់ប្រាសាទតាមាន់ធំ ពុំមានការផ្ទុះអាវុធកើតឡើងនោះទេ បើទោះណាទាហានទាំង២ភាគីកម្ពុជា-ថៃកំពុងរំជើបរំជួលត្រៀម ជើងការប្រយុទ្ធរៀងៗខ្លួនក៏ដោយ ៕
ដោយ ៖ កោះឯករាជ្យ