Friday, June 3, 2011

បទអត្ថាធិប្បាយ៖ អ្នកកាសែត AP ប្រើប្រាស់ភាព ល្ងង់ខ្លៅរបស់ខ្លួន មកបង្រៀន ព្រះមហាក្សត្រ កម្ពុជា


         វាច្បាស់ណាស់ គឺជាអ្វីដែល​អ្នកកាសែត​ហៅថា « ថ្ងៃមិនសូវ​មានដំណឹង » ។ ប្រធានការិយា ល័យ​កាសែត Associated Press ប្រចំា​នៅទីក្រុង​បាងកក​ លោក Denis Gray ដែល​ត្រូវ​តែ ផលិត «ព័ត៌មាន» សម្រាប់​អតិថិជន​របស់ AP ប៉ុន្តែវាមិន​មានការ​ប្រយុទ្ធ​គ្នានៅតាម​ព្រំដែន កម្ពុជា-ថៃ យុទ្ធនា​ការបោះឆ្នោត​នៅក្នុង​ប្រទេសថៃ​កំពុងតែ​ប្រព្រឹត្ត​ទៅ ហើយ​ក៏គ្មាន​រលក​យក្ស​សូណា​មីតូច ណាមួយ​នៅក្បែរ​នេះ​ដែរ។ តើត្រូវ​ធ្វើអ្វី?
          Gray បានដោះស្រាយ​បញ្ហារបស់​គាត់នេះ​តាមរយៈ​ការចាប់​ផ្តើម​ពណ៌នា​គួរឲ្យ​រង្គៀស និង មើលស្រាល​មកលើ​ប្រមុខ​រដ្ឋកម្ពុជា គឺព្រះ​មហាក្សត្រ នរោត្តម សីហមុនី។ តាម​ការ​សរសេ​រ​របស់ Gray សម្តេច​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជាអ្នក​ធ្វើឱ្យ​ព្រះមហាក្សត្រ «ជា​អ្នកទោស​នៅ ក្នុង​ព្រះបរមរាជវំាង​របស់ព្រះអង្គ» ដែលហ៊ុំព័ទ្ធ​ទៅដោយ «អ្នកឃ្លាំមើល» ដែល​ជាពាក្យ​ប្រមាថ ដែល Gray និយាយ​សំដៅ​ទៅលើបុគ្គលិក​នៅក្នុង​ព្រះបរម​រាជវំាង។
          ចេតនា​របស់ Gray ដើម្បី​ពិពណ៌នា​ព្រះមហាក្សត្រ​ថា ជាអ្នកទោស​គួឱ្យ​អាណិត​របស់ លោក​នាយករដ្ឋមន្ត្រី​ដ៏ឆ្លាត​វ័យ មានកល​ល្បិច និងគ្មាន​ធម៌មេត្តា គឺជាការ​បន្ថែមល្បោយ​ជាមួយ នឹង​ពាក្យ​សម្តី​របស់​សមាជិក​សភាគណបក្ស​ប្រឆាំង សុន ឆ័យ ដែល​មិន​បាន​និយាយ​ច្បាស់​ថា ព្រះមហាក្សត្រ​ជាប់​ពន្ធនាគារ​នោះទេ ប៉ុន្តែ​មាន​លក្ខណៈ​ដូចជា​ថា ព្រះអង្គ​ទទួល​យក​រាជា​ភិសេក ដោយ​មានការ​គាប​សង្កត់​ពីព្រះ​មាតា និង​បិតា​របស់​ព្រះអង្គ។ នេះ​មិនមែន​ជាការ​ពិតទេ ដោយ​សារតែ​វាពិ​បាក​ដឹង​ថា តើ​លោក សុន ឆ័យ ដឹង​យ៉ាង​ដូច​ម្ដេច។ តើនេះ​លោក Gray គិតថា ព្រះ វររាជ​មាតា និងព្រះ​វររាជបិតា​ជាតិពិត​ជាមាន​ជំនឿ​ទុកចិត្ត​ទៅលើ​លោក សុន ឆ័យ​​ មែនឬ?។
        ប្រហែល​ជាការ​ពោលអះអាង​ប្រកបដោយ​ការប្រមាថ​បំផុត​របស់​លោក Gray នោះគឺ៖ «ប្រាំពីរ​ឆ្នាំក្រោយ​មក (បន្ទាប់ពី​ឡើង​គ្រងរាជ) ភាព​ស្រងូត​ស្រងាត់ ឯកោ និង​ការ​បោះបង់​ឲ្យ នៅ​តែ​ព្រះអង្គ​ឯង គឺជា​ពាក្យ​ដែល​សម្តែង​នូវក្តី​អាណិត​អាសូរ​ដែល​ប្រជាជន​កម្ពុជា​តែង​តែ​ប្រើ ជា​រឿយៗ នៅពេល​ដែល​ធ្វើការ​ពណ៌នា​អំពី​ព្រះមហាក្សត្រ​របស់ខ្លួន» ដោយ​គ្មាន​ឈ្មោះ គ្មាន​ភាព​ជាក់​លាក់ គឺគ្មាន​អ្វីទាំង​អស់​ជាភស្តុតាង៖ អត្ថបទ​របស់ Gray មើល​ទៅ​អណ្តែត​អណ្តូង​ដូច​ជា ចំរៀង​ក្នុងល្ខោន​អូប៉េរ៉ា​ច្រើន​ជាង​អាជីព​សារព័ត៌មាន​ដែលគាត់​សរសេរ​ថា ត្រូវ​បាន​ឯកោ​ជាមួយ នឹង​អនុស្សាវរីយ៍​ពេល​សប្បាយ​រីករាយ មុនពេល​ដែល​ព្រះអង្គ​ក្លាយ​ជា​ព្រះមហាក្សត្រ​ដ៏រា​រែក របស់​កម្ពុជា » ។
          ហើយ​ដើម្បី​បំពេញ​ការសរ​សេរបែប​វាយប្រហារ​ដ៏ខ្លាំង​នេះ គឺមាន​ការកុហក​ទាំងស្រុង​ជា ច្រើន៖ «ព្រះរាជ​ពិធី​ចំរើន​ព្រះជន្មាយុ​របស់​ព្រះអង្គ​កន្លង​ផុត​ទៅនា​ពេលថ្មីៗ​នេះមាន​ការចាប់​អារម្មណ៍ តិច​តួច» ដូច​ដែល​មនុស្ស​គ្រប់​រូបទាំង​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​កន្លែង​ដ៏ទៃ​ទៀត​បាន​ដឹង គឺមាន ថ្ងៃឈប់​សម្រាក​ជា​សាធារណៈ​បីថ្ងៃ ដោយ​រួមមាន​ទាំងការ​បាញ់​កាំជ្រួច​នៅមុខ​ព្រះបរមរាជវាំង ជាមួយ​នឹងការ​ប្រគុំតន្ត្រី​ដែល​សម្តែង​ដោយ​តន្ត្រីករ​ខ្មែរ និង​កូរ៉េដែល​គ្រប់​កម្មវិធី​ទាំង​អស់​ត្រូវ បាន​ផ្សព្វផ្សាយ​តាមគ្រប់​បណ្តាញ​វិទ្យុ និង​ទូរទស្សន៍។
          ការបង្ហាញ​ខុសពី​ការ​ពិត និង​ប្រកប​ដោយ​ការ​ប្រមាថ​របស់​លោក Gray មក​លើ​ព្រះ មហាក្សត្រ​ថា ជា​អ្នកទោស​គ្មាន​ពំនឹង​នោះ គឺត្រូវ​បាន​រៀបចំ​ឡើង​សំដៅ​បង្កើត​នូវអារម្មណ៍​នៃក្តី អាណិត​ដែល​គាត់ (Gray) សង្ឃឹម​ថា ធ្វើឲ្យ​អំណះ​អំណាង​ដ៏សំខាន់​របស់​គាត់​បាន​ត្រឹមត្រូវ។ នោះគឺ​ថារាជ​រដ្ឋាភិបាល​បាន​ដក​ហូត​អំណាច​ព្រះមហាក្សត្រ​ដោយ​ខុស​ច្បាប់ ហើយ​ថា រាជា​និយម ស្ថិតនៅ​ក្រោម​ការគំរាម​កំហែង។
          Gray មិនទាំង​ចូល​ចិត្ត និង​មិន​ទាំង​យល់​ពីរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នេះ​ផង។ ដូច្នេះ គាត់​ស្វែង​រក និង​ដក​ស្រង់សម្តី​ពីមនុស្ស​ណា​ដែល​មាន​ឥរិយា​បថ​ដូច​គាត់។ លោក សុន ឆ័យ ហៅ​ព្រះមហាក្សត្រ​ថា «ស្តេច​អាយ៉ង» ពីព្រោះ «អំណាច​របស់​ព្រះអង្គ​ត្រូវបាន​គេកាត់​បន្ថយ​ទាល់ តែអស់» មន្ត្រីវ័យ​ក្មេង​មួយ​រូប​នៅក្នុង​កន្លែង​មួយ​នោះ​ប្រាប់ Gray ថា «ព្រះមហាក្សត្រ​មាន​បញ្ហា មួយ គឺគ្មាន​អំណាច»
            នៅក្នុង​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៃព្រះ​រាជាណាចក្រ​កម្ពុជា​ មាត្រា ៧ និង​៨ បាន​ចែង​ច្បាស់​ណា​ស់​ថា៖ « ព្រះ​មហាក្សត្រ​កម្ពុជា​ទ្រង់​គ្រងរាជ​សម្បត្តិ ប៉ុន្តែព្រះ​អង្គមិន​កាន់​អំណាច​ឡើយ»។ ព្រះមហា​ក្សត្រ​ព្រះ​អង្គជាព្រះ​ប្រមុខ​រដ្ឋ​មួយ​ជីវិត។ អង្គព្រះ​មហាក្សត្រ​មិន អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។ ព្រះមហាក្សត្រ​ទ្រង់​ជានិមិត្ត​រូបនៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ។ ព្រះមហាក្សត្រ ព្រះ​អង្គជាអ្នក​ធានាឯករាជ្យ​ជាតិ អធិប​តេយ្យ និង បូរណភាព​ទឹកដី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​ជាអ្នក​ធានា​ការគោរព​សិទ្ធិ និង​សេរីភាព​របស់ ប្រជា​ពល​រដ្ឋ ​និងការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ។ ប្រជាជន​កម្ពុជា​បាន​យល់​ច្បាស់​អំពី​ស្មារតីនៃ​មាត្រា​ខាង​លើនេះ។ព្រះ​មហាក្សត្រ​ព្រះ​អង្គ​តែង​តែគង់​នៅអព្យា​ក្រឹត មិន​ពាក់​ព័ន្ធនឹង​បញ្ហា​នយោបាយ​​​ដូច​ដែល Gray ចង់ឲ្យ​ទ្រង់ចូល​ពាក់ព័ន្ធ​នោះឡើយ ។
          ជាការ​គួរឲ្យ​ខកចិត្ត​ដែរ Gray ធ្វើឲ្យ​អន្តរាយ​ដល់​ជំហរ​របស់ខ្លួន​គាត់​ផ្ទាល់ នៅ​ពេលដែល គាត់ព្យាយាម​ប្រៀបធៀប​ផ្ទុយគ្នារ​វាង​ព្រះមហាក្សត្រ និងតួនាទី​ជាប្រវត្តិ​សាស្ត្រ​របស់​សម្តេចឳ។ Gray បន្តរៀបរាប់​តាមរបៀប​ល្ខោន​អូប៉េរ៉ា (soap opera) ទៀតថា «វាមិនមែន​ដូច្នេះ ជា​និច្ចកាល នោះទេ» ។ «នរោត្តម សីហនុ ដែលជា​ព្រះបិតា​ដ៏មាន​ភាពទាក់​ទាញ និងមាន​ទេព​កោសល្យ របស់​ព្រះ​មហាក្សត្រ សីហមុនី បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​ដូចជា​មនុស្ស​ដ៏មហិមា​ជាច្រើន ទសវត្ស» ។ អ្វីដែល Gray ភ្លេច ឬមិន​ដែលដឹង​នោះ គឺថា​នៅពេល​ដែលព្រះ​មហាវីរ​ក្សត្រ ព្រះ​វរ​រាជ​បី​តា​ជាតិ​ខ្មែរ សម្តេច​ព្រះ​នរោត្តម សីហនុ ដឹក​នាំ​នយោបាយ​កម្ពុជា​ក្នុង​ទសវត្ស​ឆ្នាំ ៦០ នោះ ព្រះ​អង្គមិន​មែន​ជាព្រះមហាក្សត្រ​សោយ​រាជនោះទេ ។ នៅពេល​ដែលព្រះ​អង្គ​សម្រេច​ចិត្ត​ចូល​ប្រឡូក​ក្នុង​នយោបាយ ព្រះ​អង្គបាន​ដាក់​រាជសម្បត្តិ​ហើយ ហើយ​នៅពេល​ដែល​ព្រះ​អង្គបាន​ត្រឡប់​មកវិញ​ជាព្រះ​មហាក្សត្រ​ក្នុងឆ្នាំ ១៩៩៣ នោះ គឺដើម្បី​គ្រងរាជ​សម្បត្តិ ប៉ុន្តែ​មិន​មែន ដើម្បី​កាន់​អំណាច​នោះ​ទេ ដូច​ដែល​រដ្ឋធម្មនុញ្ញ​បាន​ចែង ។
          ដោយ​ចងខ្លួន​គាត់​ជាមួយ​ចំណង​ជាច្រើន​ទៀត Gray អះអាង​ថា «ទោះ​បីជា​រដ្ឋធម្មនុញ្ញ បានថ្វាយ​ព្រះ​មហាក្សត្រ​នូវអំណាច​យ៉ាង​ច្រើន​ក៏ដោយ ក៏​អំណាច​ទាំងនោះ​មិនដែល​ត្រូវ​បាន ផ្តល់នោះទេ»។ Gray បានពន្យល់​ហេតុផល​នៃការ​អះអាង​នេះដោយ​ដកស្រង់​សំដី​ទីប្រឹក្សា​ជាន់​ខ្ពស់​ព្រះមហាក្សត្រ​គឺ​លោក សឺន ស៊ូប៊ែរ្តិ៍ ដោយ​មានន័យ​ជា​រួមថា «រដ្ឋាភិបាល​បាន​រាំង​ខ្ទប់ ការ​អនុម័ត​ទៅលើខពីរ​ដែលមាន​ចែងក្នុង​រដ្ឋធម្មនុញ្ញ​ដែរ​នោះ​គឺ៖ ការ​បង្កើត​ឧត្តម​ក្រុមប្រឹក្សា ការពារជាតិ​ដែលមា​នអំណាច​ខ្លាំង ហើយ​មាន​ព្រះ​មហាក្សត្រ​ជាអ្នក​ដឹកនាំ ហើយ​និង​សមាជជាតិ ប្រចាំឆ្នាំ​ដែលអាច​នឹង​បន្ត​ប្រពៃណី​ឲ្យប្រជារាស្ត្រ​ធ្វើការ​តវ៉ាផ្ទាល់​ទៅកាន់​ព្រះមហាក្សត្រ» ។
          Gray ពិពណ៌នា​បញ្ហា​នេះ​ ដោយ​លើក​យក​សម្តី​របស់​លោក​សឺន ស៊ូប៊ែរ្តិ៍ ហាក់​ដូច​ជា​ក្នុង​ន័យ​ចង់​ឲ្យ​កម្ពុជាវិល​ត្រឡប់​ទៅ​រក​របបរា​ជានិយម​ផ្តាច់​ការ​នៃ​អតី​តកាល​វិញ ។ ស្រដៀង​គ្នានេះ​ដែរ រដ្ឋ​ធម្មនុញ្ញ​មិនបាន​កំណត់​សមាជជាតិ​ថា​ជាមធ្យោបាយ​របស់​ប្រជារាស្ត្រ​ក្នុង​ការតវ៉ា​ផ្ទាល់​ទៅកាន់​ព្រះមហាក្សត្រ​នោះទេ»។ ព្រះ​មហាក្សត្រ គឺធ្វើជា​អធិបតី ប៉ុន្តែ​តួនាទី​របស់​សមាជ ​គឺទទួល​យក​អនុសាសន៍​ដើម្បី​ឲ្យ​អាជ្ញាធរ​រដ្ឋ និង​រដ្ឋសភាជាតិ​ធ្វើការ​ពិចារណា។ ហើយ​ស្ថាប័ន​ទាំង​នេះ​មិនមែនជា​អ្វីដែល​ត្រូវបាន​លុបបំបាត់​ចោល​ នៅពេល​ដែល​ព្រះមហាក្សត្រ ព្រះ​វររាជ​បីតា​ជាតិ​សម្តេច​ព្រះនរោត្តម សីហនុ ដាក់រាជ​នៅក្នុង​ឆ្នាំ ២០០៤ នោះ​ទេ។ ទោះ​បីជារដ្ឋ​ធម្ម​នុញ្ញឆ្នាំ ១៩៩៣ និយាយពី​ស្ថាប័ន​ទាំងនេះ​ថាជា​ស្ថាប័ន​ដែល នឹងត្រូវ​បង្កើត​ដោយ​ច្បាប់​ក៏ដោយ ក៏មក​ដល់​ពេល​នេះ​ប្រទេស​កម្ពុជា​មិនទាន់​គិតថា មាន​តម្រូវ​ការចាំបាច់​សម្រាប់​បង្កើត​ស្ថាប័ន​ទាំង​នេះ​​​នៅ​ឡើយទេ។     ថ្មីៗនេះ​ប្រទេស​កម្ពុជា​ទើប​នឹង​បាន​អនុម័តច្បាប់​សមាជ​រដ្ឋ​សភា និង​​​ព្រឹទ្ធ​​សភា ដើម្បី​ដោះ​ស្រាយបញ្ហា​សំ​ខាន់ៗរបស់​ប្រទេសជាតិ​តាម​តម្រូវការ​ចាំបាច់។​ ​
          Gray ថែមទាំង​អាចបង្ហាញ​អារម្មណ៍​ឈឺចាប់​ចំពោះការ​ពិតដែល​ថា «ព្រះ​មហាក្សត្រ សីហមុនី គ្រាន់​តែមាន​ការពាក់ព័ន្ធ​ក្រោម​បែប​ពិធីការ​ប៉ុណ្ណោះ​ជាមួយ​នឹង​តុលាការ​ខ្មែរ​ក្រហម» ។ ច្បាស់​ណាស់​ព្រះមហាក្សត្រ​ទ្រង់​មាន​សុភវិនិច្ឆ័យ​ជាង Denis Gray ។ តើ Gray ចង់​ឲ្យព្រះ មហាក្សត្រ​ធ្វើអ្វី? កោះ​អញ្ជើញ​ចៅក្រម​មក ហើយ​ប្រាប់ពួក​គេពីអ្នក​ដែលទ្រង់​គិតថា​មាន​ទោស ឬ? បណ្តេញ​មេធាវី​ដើមចោទ​មួយចំនួន​ចេញឬ?
          Gray ថែម​ទាំង​បារម្ភ​ថា ព្រះ​មហាក្សត្រមិន​បាន​រៀប​អភិសេក ដូច្នេះ​ហើយ «ទំនង​ជាមិន មាន​រាជ​ទាយាទ​ទេ»។ ច្បាស់​ណាស់ គាត់មិន​បានដឹង​នោះទេ​ថាតើ​ព្រះមហាក្សត្រ​កម្ពុជា​ត្រូវ បាន​ជ្រើសរើស​ដោយ​របៀប​ណា​ទៅតាម​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែគ្មាន​មូលហេតុ​ដែលគាត់​គួរត្រូវ​ដឹង ច្បាស់ពី​ប្រធាន​បទ​នេះ ជាង​ប្រធាន​បទ​ដទៃ​ទៀត​នោះ​ទេ ។
បើ​យោង​តាម​ច្បាប់ស្តី​ពី​របប​សារព័ត៌មាន​មាត្រ​១៣ ចែង​ថា​ សារព័ត៌មាន​មិន​ត្រូវ​បោះ​ពុម្ព ផ្សាយ​ ឬផ្សាយ​បន្ត​ការមិន​ពិត​ដែល​ជា​ការ​ជេរ​ប្រមាថ ការ​មាក់​ងាយ​ដល់​ស្ថាប័ន​ជាតិឡើយ។​ ការ​ផ្សាយ​បែប​នេះ​ អាច​ត្រូវ​ផ្តន្ទាទោស ។
រាជ​ធានី​ភ្នំ​ពេញ​ ថ្ងៃ​ទី​ ០៣ ខែ មិថុនា ឆ្នាំ ២០១១
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស