Saturday, October 8, 2011

សម្តេច​តេជា ហ៊ុន សែន​ផ្តល់​អនុសាសន៍​ដល់​គណៈ​ប្រតិ​ភូ​នាវា​យុវ​ជន របស់​ប្រទេស​កម្ពុជា​ឲ្យ​​បង្កើន​​ទំនាក់​ទំនង​​ល្អ​ជា​មួយ​​យុវជ​ន​​​ អាស៊ាន


ឯកឧត្តម ​ អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ​នាយករដ្ឋមន្រ្តី​ឲ្យដឹងថា​ នៅក្នុង​ពិធី​សំណេះ​សំណា​លដែល​មានរយៈពេល​ប្រមាណ ៣ ម៉ោង​នៅវិមាន​សន្តិភាព នា​ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០១១ សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​បាន ធ្វើ​ការណែ​នាំ និង ផ្តល់​អនុសាសន៍​ដល់​ប្រតិភូ​យុវជន​កម្ពុជា​ទាំងអស់​គប្បី​ជំរុញ​ការពិភាក្សា ​​លើកិច្ចសហ​ប្រតិបត្តិការ​ក្នុង​ស្រទាប់​យុវជន​ពី​បណ្តា​ប្រទេស​និមួយៗ​ ពិសេស​ ត្រូវមាន​ការចង​ចាំថា​ពួកគេទាំង​ ២៩ រូប នេះ គឺជា​តំណាង​ប្រជាពល​រដ្ឋ​កម្ពុជា​ទាំង ១៤ លាន​នាក់។ សម្តេច​តេជោ​បាន​ក្រើន​រំលឹក​ដល់​យុវជន​ទាំង អស់កុំភ្លេចនូវតួនាទីរបស់ខ្លួន ដែល​ជាយុវជន​តំណាង​ឲ្យ​អធិបតេយ្យ​ភាព​ជាតិ និង មាន​សិទ្ធ​ដូចគ្នា​ក្នុងការប្រាស្រ័យ​ទាក់ទង​ជាមួយនិង​ប្រជាជាតិទាំង​អស់​ នៅលើ​សកល​លោក។



សម្តេចតេជោនាយក​រដ្ឋមន្រ្តី​ បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា មូល​ហេតុ​សំខាន់​ដែល​កម្ពុជាចូល​ជា​សមាជិក នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មាន​កត្តា​សំខាន់ៗ​ចំនួន ៤ គឺទី ១ មានគោល​ការណ៍មិន​ជ្រៀត​ជ្រែក ចូល កិច្ចការ​ផ្ទៃក្នុង​រ​បស់ប្រ​ទេស​ផងខ្លួន ទី ២ បញ្ហា​ស្មារតី​សហគមន៍​នោះសោត​គឺរបៀបការងា​ររបស់​អាស៊ាន ដែល​ធ្វើការ​តាមស្មារតី​កុងសង់​ស៊ីស ទី ៣ ដើម្បី​ផលប្រយោជន៍​ខាង​សេដ្ឋកិច្ច និងទី ៤ គឺជាច្រក​ទំនាក់​ទំនងការ​ទូត​របស់​កម្ពុជា​ជាមួយ និង បណ្តា​ប្រទេស​ទាំងអស់​លើ​ពិភពលោក។
លោក ធាម រតនៈ ប្រធាន​គណៈប្រតិភូនា​វាយុវជន​កម្ពុជា​បានសំដែង​នូវការ​សប្បាយ​រីករាយ​ជាទី បំផុត​ជូនចំពោះ​សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី ដែល​បានផ្តល់​ឱកាសឲ្យ​ប្រតិភូ​យុវជន​កម្ពុជា​បាន​ចូលជួប​សំដែង​ការ​គួរសម និង បាន​ទទួលនូវ​អនុសាសន៍​ដ៏ខ្ពង់​ខ្ពស់ពី​សម្តេចតេ​ជោនាយក​រដ្ឋមន្រ្តី​មុន​ នឹងចេញ ដំណើរ​ទស្សន​កិច្ចតាម​នាវា​យុវជន​អាស៊ាន​ជប៉ុន​លើកទី ៣៨ នេះ។ លោក ធាម រតនៈ បាន​ថ្លែងថា កម្មវិធី នេះ​មាន​សារ​សំខាន់​ខ្លាំង​ណាស់ ពោលគឺ​ដើម្បី​ពង្រីក​ការយល់ដឹង​រវាង​យុវជន​នៃបណ្តា​ប្រទេស​ជាសមា ជិក​អាស៊ាន​ទាំងអស់​ជា​មួយយុវជន​នៃ​ប្រទេស​​ជប៉ុននោះ។
គណៈប្រតិភូ ​នាវាយុវជន​អាស៊ាន​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ទាំង ២៩ នាក់ បាន​សំដែង​នូវ​ការ​ប្តេជ្ញាចិត្ត​នូវ​ចំពោះ​មុខ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ថានឹង​ខិតខំ​ប្រឹង​ប្រែង​ផ្សព្វផ្សាយ​វប្បធម៌ បង្កើន​ចំណេះ​ដឹង រក្សា​ចំណង​មិត្តភាព​រវាង​យុវជន អាស៊ាន​ជាមួយ និង យុវជន​ជប៉ុន ហើយ​នៅពេល​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ​នឹងចែក​នូវរំលែក​បទពិសោធន៍ និង ចំណេះ​ដឹង​ដល់​យុវជន​កម្ពុជា​ផហដែរ។
ចាប់ ​តាំងពីពេល​ដែល​ប្រទេស​កម្ពុជា​បាន​ចូល​ជាសមាជិក​ពេញ​សិទ្ធិ របស់​សមាគម​ប្រជាជាតិ​អាស៊ី អាគ្នេយ៍​នៅខែ​មេសា​ឆ្នាំ ១៩៩៨ មកគណៈប្រតិភូ​យុវជន​កម្ពុជា​បានចូល​រួម​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ាន ​ជប៉ុន​មិន​ដែល​អាក់ខាន​ម្តងណា​ឡើយ។ ក្នុងឆ្នាំ ២០១១ នេះគណៈ​ប្រតិភូយុវ​ជន នៃ​ប្រទេស​អាស៊ាន​ទាំង​អស់នឹង ធ្វើការ​ជួប​ជុំគ្នា​នៅទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​នៅថ្ងៃទី ២៥ តុលា ឆ្នាំ ២០១១ មុននឹងការ​ចេញ​ដំណើរ​ទស្សនកិច្ច​ទៅកាន់ ប្រទេស​ជាសមាជិក​របស់​អាស៊ាន​ផ្សេងៗ​ទៀត​​ ក្នុង​កម្ម​វិធី​ដែល​មាន​រយៈ​ពេល​​ ៥៣ ថ្ងៃ។