Friday, October 28, 2011

វេទិកា​​បណ្ឌិត​​​សភា​​​ស្តី​ពី​ កិច្ច​​សហប្រតិបត្តិ​ការ​​សន្តិសុខ​​ក្នុង​​តំបន់​អាស៊ី ប៉ាស៊ីហ្វិក ៖ បញ្ហា​​ប្រឈម​ និង​ក្តីសង្ឃឹម​


          ឯកឧត្តមបណ្ឌិត តាវ សេងហួរ ទេស​រដ្ឋមន្រ្តី​ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក ​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី​ បាន​ប្រកាស​នារសៀល​ថ្ងៃទី ២៦ ខែ​តុលា ឆ្នាំ ២០១១ នៅ​វេទិកា​បណ្ឌិត​សភា​ចំហរ​លើក​ទី​៥ ស្តី​ពី​ កិច្ច​សហប្រតិបត្តិ​ការ​សន្តិសុខ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក ៖ បញ្ហា​ប្រឈម​ និង​ក្តីសង្ឃឹម​​ ដែល​​ប្រារព្ធធ្វើឡើង​អស់​រយៈ​ពេល​មួយ​ថ្ងៃ​ ដោយ​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា សហការ​ជា​មួយ​មូលនិធិ​ខុនរ៉ាត់អាដិនណៅអ៊ែ​​​នៅ​សណ្ឋាគារ​​ឡឺរូយ៉ាល់​​ រាជធានីភ្នំ​ពេញ​។


          ដោយ​បាន​​​ចាត់​ទុក​ការ​រៀប​ចំវេទិកា​​បណ្ឌិត​សភា​ចំហរ​ថា ជា​សក្ខី​ភាព​នៃ​វឌ្ឍនភាព​ការងារ​របស់​ វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជាក្នុងការ​ ជម្រុញ​ឲ្យ​មាន​សកម្ម​ភាព​ស្រាវ​ជ្រាវ ការ​បោះពុម្ភ​សៀវ​ភៅ​ និង​ទស្សនាវដ្តី​ ឯកឧត្តមបណ្ឌិត តាវ សេងហួរ បាន​មាន​ ប្រសាសន៍​ឲ្យ​ដឹង​ថា បញ្ហា​សន្តិសុខ​ ជាប្រធាន​បទ​ដ៏​​មាន​សារៈ​សំខាន់​ ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​​នយោបាយ​ជាតិ​ និង​អន្តរជាតិ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ដោយ​ហេតុ​ថា បញ្ហា​នេះ​ជា​កូន​សោរ​គន្លឹះ​សម្រាប់​ធា​នា​ឲ្យ​បាន​នូវ​សន្តិសុខ​ ស្ថិរភាព​ វិបុលភាព​ និង​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។ បច្ចុប្បន្ន​ បញ្ហា​សន្តិសុខ​ត្រូវ​បាន​គេ​លើក​យក​មក​ពិភាក្សា​ និង​ដោះ​ស្រាយ​ មិន​ត្រឹម​តែ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ និង​គណបក្ស​នយោបាយ​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ក្នុង​ចំណោម​គ្រឹះ​ស្ថាន​សិក្សា​ស្រាវ​ជ្រាវ​ មតិសាធារណៈ សហគមន៍​មូលដ្ឋាន​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផង​ដែរ​។​
          ឯកឧត្តម​បណ្ឌិត​បាន​មាន​ប្រសាសន៍​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ នាយករដ្ឋមន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​កំណត់​យ៉ាង​ច្បាស់​នូវ​គោល​នយោបាយ​ពាក់​ព័ន្ធ​នឹង​សន្តិសុខ​ជាតិ​ ដោយ​ប្រកាន់​ខ្ជាប់​នូវ​ជំហរ​រស់​នៅ​ដោយ​សន្តិ​សហ​វិជ្ជមាន​​ជាមួយ​​ ប្រទេសជិត​ខាង សំដៅ​ប្រែក្លាយ​តំបន់​តាម​ព្រំដែន​ឲ្យ​ទៅ​ជា​តំបន់​មាន​​​​​​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​។ ជាក់​ស្តែង​កម្ពុជា​ជានិច្ច​កាល​ប្រកាន់​ជំហរ​ជា​អ្នក​ស្រលាញ់​សន្តិភាព​ ក្នុង​ការ​ដោះស្រាយ​ជម្រោះ​ដោយ​ការ​ចរចា និង​ការ​ព្យាយាម​បញ្ជៀស​ឲ្យ​បាន​នូវ​ការ​ប្រើ​កម្លាំង​ទ័ព។ ជាង​នេះ​ទៅ​ទៀត​ កម្ពុជា បាន​បញ្ជាក់​នូវ​ជំហរ​គាំទ្រ​ដល់​ការ​កាត់​បន្ថយ​ការ​រត់​ប្រណាំង​សព្វាវុធ​ ដើម្បី​រួម​ចំណែក​ដល់​ដំណើរ​ការ​​កសាង​វប្បធម៌​សន្តិភាព​។ បទពិសោធ​ទាំង​នេះ​បាន​បង្ហាញ​​នូវ​ភាព​ចាស់​ទុំ​ខាង​ផ្នែក​នយោបាយ​ការ​ទូត​ នយោបាយ​ការពារជាតិ​ និង​ការងារ​មនុស្ស​ធម៌​ ពិសេស​ការ​ស្វែង​រក​សន្តិភាព​ដោយ​មិន​មាន​ការ​បង្ហូរឈាម​ តាម​រយៈ​ការ​អនុវត្ត​គោល​នយោបាយ​ឈ្នះ​ឈ្នះ​។​
          ​ឯកឧត្តមបណ្ឌិត តាវ សេងហួរ បាន ​មាន​ប្រសាសន៍​បញ្ជាក់​ថា បទពិសោធ​ជោគ​ជ័យ​របស់​កម្ពុជា ក្នុង​ការ​កសាង​ឲ្យ​បាន​នូវ​ឯកភាព​ជាតិ​ និង​ការ​បង្រួប​បង្រួម​ជាតិ​ទាំង​ស្រុង​ឡើង​វិញ​ជាលើក​ដំបូង​ក្នុង​អំឡុង​ ជាង​ ៥ សតវត្ស​ចុង​ក្រោយ​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ដើម្បី​សម្រេច​ឲ្យ​បាន​គោល​ដៅ​នេះ​ មាន​តែ​ឆន្ទៈ​ចង់​ដោះ​ស្រាយ​បញ្ហា បំណង​ចង់​រស់​ក្នុង​សន្តិភាព​ និង​ការ​ចេះ​គិត​គូរ​អំពី​សុវត្ថិភាព តម្លៃ​មនុស្ស​ និង​ការ​គោរព​ផល​ប្រយោជន៍​គ្នា​ទៅវិញ​ទៅមក​ទេ ដែល​ជា​កត្តា​កំណត់​ដ៏​ចម្បង​​មិន​អាច​ខ្វះ​បាន​។​
          លោក​សាស្រ្តាចារ្យ​បណ្ឌិត សុខ ទូច អនុប្រធាន ​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ឲ្យ​ដឹង​ថា វេទិកា​បណ្ឌិត​​សភា​​ស្តី​ពី​ កិច្ច​សហប្រតិបត្តិ​ការ​សន្តិសុខ​ក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក៖ បញ្ហា​ប្រឈម​ និង​ក្តីសង្ឃឹម​ មាន​វាគ្មិន​ចូល​រួម​ចំនួន​ ១១ រូប និង​អ្នក​ចូលរួម​ប្រមាណ​ជា ៣២០ នាក់ ដែល​ជា​អង្គទូត សាស្រ្តាចារ្យ អ្នក​ស្រាវជ្រាវ​ បេក្ខជនបណ្ឌិត មន្រ្តី​រាជការ មន្រ្តី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ អ្នក​សារព័ត៌មាន និង​ប្អូន​ៗ​និស្សិត​មក​ពី​គ្រឹះ​ស្ថាន​ឧត្តម​សិក្សានានា ។​
          លោក​សាស្រ្តាចារ្យ​បណ្ឌិត សុខ ទូច ឲ្យ​ដឹង​ថា​ អង្គវេទិកា​ដែល​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​មួយ​ថ្ងៃ​បាន​ពិភាក្សា​លើ​ប្រធាន​បទ​ចំនួន​ ៣ រួម​មាន​៖
-កិច្ច​ពិភា​ក្សា​លើក​ទី១ “បញ្ហា​សន្តិសុខ​ជា​ប្រពៃ​ណី​ និង​មិន​មែន​ជា​ប្រពៃណី​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​”
        វាគ្មិន​ទី​១ ឯកឧត្តម​​បណ្ឌិត​សភាចារ្យ​ រស់ ចន្ត្រាបុត្រ​ ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន​ ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ឯកឧត្តម​​បណ្ឌិត​សភាចារ្យ​ រស់ ចន្ត្រាបុត្រ​ បាន​ផ្តល់​បទ​ឧទ្ទេស​អំពី​ “​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ៖ កិច្ច​សហ​ប្រតិបត្តិ​ការ​ និង​ការ​ប្រឈម​”។ ឯកឧត្តម​បាន​លើក​ឡើង​ជា​រួម​នូវ​ទិដ្ឋ​ភាព​ប្រវត្តិនយោបាយ​នៃ​ប្រទេស​ និងតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ចាប់​ពី​សតវត្សរ៍​ទី​១៩ រហូត​មក​​បច្ចុប្បន្ន​ នៃ​សម័យ​កាល​កែ​ទម្រង់​សេដ្ឋកិច្ច​ និង​សមាហរណកម្ម​សេដ្ឋកិច្ច​តាម​តំបន់​ ដែល​ការ​វិវត្តន៍​ថ្មី​ៗ​នេះ​ ត្រូវ​បាន​លើក​ឡើង​ពាក់​ព័ន្ធ​នឹង​ការ​ងើប​ឡើង​របស់​ប្រទេស​ចិន ​នៅ​ចំពោះ​មុខ​វត្ត​មាន​របស់​សហរដ្ឋ​អាមេរិក​ ដែល​តែ​ងតែ​ព្យា​យាម​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​ តាម​រយៈ​ការ​ចាប់​យក​ធ្វើ​ជា​ដៃគូជា​មួយ​ប្រទេស​ខុសៗ​គ្នា​នៅ​ក្នុង​តំបន់​ មួយ​នេះ​ដែល​កំពុង​មាន​សក្តា​នុពល​កើនឡើង​របស់​ខ្លួន​ផង​ដែរ​។ ទន្ទឹម​នឹង​គ្នា​នេះ​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ក៏​បាន​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​នៅ​ក្នុង​តំប​ន់​ ផង​ដែរ​ ដូច​ជា​ករណី​ជម្លោះ​ស្មុគស្មាញ​ក្នុង​ទ្រង់​ទា្រយ​ធំ ក្នុង​ការ​ទាម​ទារ​អធិបតេយ្យ​ភាព​លើ​កោះ​ប្រជុំ​ ប៉ារ៉ាសេល(Paracel) និង ស្ប៉ាតលី (Spratly) បន្ថែម​ពី​លើ​ជម្លោះ​ជា​ប្រវត្តិសាស្រ្ត​ជា​លក្ខណៈ​ទ្វេភាគី​នាពេល​ បច្ចប្បន្ន​រវាង​ប្រទេស​នានា​នៅ​ក្នុង​តំបន់​ រួម​ទាំង​ការ​ឈ្លាន​ពាន​របស់​ប្រទេស​ថៃ​ទៅ​លើ​ប្រទេស​ជិត​ខាង​ខ្លួន​ផងដែរ​។ ឯកឧត្តម​បាន​ស្នើ​ជា​ដំណោះ​ស្រាយ​មួយ​ចំនួន​​ពិសេស​ចំពោះ​ប្រទេស​កម្ពុជា ដែល​កំពុង​ខិត​ខំ​អភិវឌ្ឍន៍​ប្រទេស​ឈរ​លើ​នយោបាយ​សន្តិសហវិជ្ជមាន​ និង​ចាត់ទុក​ប្រទេស​ទាំង​អស់​ជា​មិត្ត​ និង​ជា​ដៃ​គូ​អភិឌ្ឍន៍​ ជា​ពិសេស​ប្រទេស​ជា​សមាជិក​អាស៊ាន​ និង​ការ​ជ្រើស​រើស​យក​ប្រទេស​ចិន​ដែល​ជា​ដៃ​គូ​យុទ្ធសាស្រ្ត​ នយោបាយ​ និង​សេដ្ឋកិច្ច​។ ឯកឧត្តម​បញ្ជាក់ថា នយោបាយ​របស់​កម្ពុជា​តែ​ង​សង្កត់​ធ្ងន់​លើ​មូលដ្ឋាន​សន្តិភាព​ សេរីភាព សមភាព សហប្រតិបត្តិការ និង​ភាពសុខដុម​រម្យនា​ ដោយ​គូស​បញ្ចាក់​ថា ឆ្លង​តាម​បទ​ពិសោធន៍​របស់​កម្ពុជា​ ជម្លោះ​​ប្រដាប់​អាវុធ និង​សង្គ្រាម​មិន​ផ្តល់​​ភាព​ចំណេញ​ដល់​ភាគី​ណា​មួយ​ឡើយ​ ប៉ុន្តែ​ជា​ការ​ផ្តល់​គ្រោះ​មហន្តរាយ​ដល់​តំបន់​ទាំង​មូល​ និង​មនុស្ស​ជាតិ​។
វាគ្មិន​ទី​២ លោក ដាវីដ ហ្វូកែត​ (David Fouquet) នាយកគម្រោង​អាស៊ី-អឺរ៉ុប​ នៃ​វិទ្យាស្ថាន​អឺរ៉ុប​សម្រាប់​ការ​សិក្សា​អាស៊ី។ លោក​បាន​កត់​សម្គាល់​ទៅ​នឹង​សហគមន៍​អឺរ៉ុប​ និង​អាស៊ាន​មាន​បំណង​ កំណត់​អត្តសញ្ញាណ​ផ្នែក​សន្តិសុខ​ថ្មីមួយ នៅ​ក្នុង​សន្ទរកថា​របស់​លោក​អំពី “​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ សន្តិសុខ នយោបាយ​របស់​អាស៊ាន​ ក្នុង​ឆ្នាំ​២០១២​”។
លោក ដាវីដ បាន ​លើក​ឡើង​នូវ​ចំណុច​ជា​ច្រើន​នៅក្នុង​សន្ទារកថា​របស់​លោក​ផ្តើម​ចេញ​ពី​ បេសកកម្ម​ផ្នែក​សន្តិសុខ​ក្នុង​លក្ខណៈ​ប្រពៃណីពីមុន​មក​​ ដែល​ស្ថិត​នៅ​ក្នុង​បរិបទ​ប្រែ​ប្រួល​ជា​ប្រចាំ​ ជា​មួយ​នឹង​បញ្ហា​ប្រឈម​ថ្មី​ទាំង​នៅ​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប​ រួម​នឹង​បញ្ហា​ជម្លោះ​ដែល​សមុទ្រ​នៅ​អាស៊ី។ ក្នុង​ន័យ​នេះ​ លោ​បាន​និយាយ​អំពី​បញ្ហា​សន្តិសុខ​ សន្តិភាព​ និង​មនុស្ស​ជាតិ​ អំពី​ការ​ងើប​ឡើង​​របស់​កង​ទ័ព​ចិន​ បេសកកម្ម​របស់​សហគមន៍​អ៉រ៉ុប​នៅ​កម្ពុជា​ នៅ​ខេត្ត​អាសេ បទេស​ឥណ្ឌូនេស៊ី តំបន់​មិនដាណាវ​ ប្រទេស​ហ្វីលីពីន នៅ​ប្រទេស​លីបី​ និង​នៅ​ក្នុង​ការ​ចូលរួម​ដល់​ការ​កសាង​សហគមន៍​ សន្តិសុខ​អាស៊ាន​ថ្មីមួយ​។ លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​នូវ​ការ​ចូល​រួម​កាន់​តែ​សកម្ម​របស់​អាមេរិក​ ក្នុង​តុល្យភាព​ផ្នែក​សន្តិសុខ​នៅ​ក្នុង​តំបន់​​តាម​រយៈ​ប្រព័ន្ធ​ទំនាក់​ ទំនង​ប្រទេស​ដៃគូ។​
វាគ្មិន​ទី​៣​ ​បណ្ឌិត ឈាង វណ្ណរិទ្ធិ​ នាយក ​​ប្រតិបត្តិ​​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ​ និង​សន្តិភាព​។ លោក​បណ្ឌិត​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​បណ្តា​​ប្រទេស​មហា​អំណាច​ បាន​ពង្រីក​នូវ​ឥទ្ធិពល​ទៅ​តាម​យុទ្ធ​សាស្រ្ត​របស់​ខ្លួន​មក​ក្នុង​តំបន់​ អាស៊ីប៉ាស៊ីហ្វិក​មាន​ប្រទេស​អាមេរិក និងប្រទេស​ចិន​ បាន​ចូល​មក​តំបន់​អាស៊ីអាគ្នេយ៍​ ដែល​មាន​សេណារីយ៉ូ​មិន​សូវ​ល្អ​ នាំ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​បាន​បែង​ចែក​ជា​ពីរ​ក្រុម​ មួយ​ក្រុម​ស្និទ្ធ​ស្នាល​ជា​មមួយ​អាមេរិក​ និង​មួយ​ក្រុម​ទៀត​ស្និទ្ធ​ស្នាល​ជា​មួយ​ចិន ដែល​ស្ថាន​ភាព​បែប​នេះ​អាច​បណ្តាល​ឲ្យ​មាន​អស្ថេរភាព​ក្នុង​តំបន់​ និង​អាច​បង្កើត​ឲ្យ​មាន​វិបត្តិ​ផ្នែក​នយោបាយ​។ មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​ដូចជា ការ​គម្រាម​កំហែង​ផ្នែក​សេដ្ឋកិច្ច និង​សន្តិសុខ អសន្តិសុខ​ម្ហូប​អាហារ ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ បញ្ហា​គ្រោះ​ថ្នាក់​ធម្មជាតិ​ ទំនាស់​ព្រំដែន​ថៃ-កម្ពុជា និង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​។ កម្ពុជា​ក្លាយ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០១២ អាច​បង្កើត​ឲ្យ​មាន​យន្ត​ការ​ដោះ​ស្រាយ​ជម្លោះ​ក្នុង​តំបន់​ និង​អាច​ផ្តល់​នូវ​វេទិកា​មួយ​ ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ទុក​ចិត្ត​ ការជឿជាក់​ និង​ផ្តល់​អត្ថប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក។​
-កិច្ច​ពិភាក្សាទី២“ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​រចនាសម្ព័ន្ធសន្តិសុខ​ ដែល​មាន​ស្រាប់​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​”
វាគ្មិន​ទី​១ សាស្រ្តាចារ្យ​បណ្ឌិត វិកទ័រ ស៊ុមស្គី ​ ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​ក្រុង​មូស្គូ​សហព័ន្ធ​រុស្សី។ លោក​សាស្រ្តាចារ្យ​បាន​លើក​ឡើង​ពី​ការ​ប្រែ​​ប្រួល​បញ្ហា​សន្តិសុខ​នៅ​ក្នុង ​តំបន់​អាស៊ី​តាម​រយៈ​ការ​កើន​ឡើង​ខាង​វិស័យ​យោធា​របស់​ចិន និង​ការ​ស្វែង​រក​តុល្យភាព​អំណាច​របស់​អាមេរិក​នៅ​តំបន់​អាស៊ី។ កត្តានេះ​ជម្រុញ​ឲ្យ​លេច​ចេញ​នូវ​បញ្ហា​ចំរូង​ចំរាស់​ជា​ច្រើន​រវាង​ចិន និង​អាមេរិក​។ លោក​សាស្រ្តា​ចារ្យ​បាន​លើក​ឡើង​ពី​វិធាន​ការ​សំខាន់​មួយ​សម្រាប់​បញ្ជៀស​ នូវ​បញ្ហា​អស្ថេរភាព​សន្តិសុខ​ក្នុង​តំបន់​ គឺ​ទាម​ទារ​ឲ្យ​មាន​ការ​យោគ​យល់​គ្នា​រវាង​ចិន និង​អាមេរិក​ ពីព្រោះ​បញ្ហា​ផល​ប្រយោជន៍​របស់​អាមេរិក​គឺ​ពាក់​ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ នៅ​អាស៊ីបូព៌ា។ កត្តា​នេះ​ទាម​ទារ​ឲ្យ​មាន​វត្ត​មាន​អាមេរិក​ក្នុង​ការ​រក្សា​នូវ​ស្ថេរភាព​ តំបន់​។ លោក​សាស្រ្តា​ចារ្យ​បាន​លើក​ឡើង​ផង​ដែរ​ ពី​តួនាទី​ដ៏សំខាន់​របស់​មហាអំណាច​រុស្ស៊ីក្នុង​ការ​ចូល​រួម​រក្សា​ស្ថេរភាព ​តំបន់​។​ ជារួម​លោកសាស្រា្តចារ្យ​បណ្ឌិត​សន្និដ្ឋានថា បញ្ហា​ស្ថេរភាព​​នៅ​អាស៊ី​អាច​កើត​មាន​ទៅ​បាន​គឺ​មិន​ពឹង​ផ្អែក​តែ​ទៅ​លើ​ ប្រទេស​ណា​មួយ​ទេ។ វាត្រូវ​ពឹង​ផ្អែក​ទៅ​លើ​កម្លាំង​ពហុភាគី​តាម​រយៈ​ការ​សហ​ការ​ផ្នែក​សេដ្ឋ​ កិច្ច​ និង​រក្សា​នូវ​តុល្យភាព​អំណាច​រវាង​ប្រទេស​មហាអំណាច​។​
វាគ្មិន​ទី​២ សាស្រ្តាចារ្យបណ្ឌិត ​បាឡាដាស ហ្គោសល អ្នក ​ស្រាវ​ជ្រាវ​នៃ​វិទ្យាស្ថាន​សិក្សា​សន្តិភាព​ និង​ជម្លោះ​ និង​ជា​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល​ស្រាវ​ជា្រវ​គោ​ល​នយោបាយ​ ​ក្រុង​ញូវ​ដេលី សាធារណរដ្ឋ​ឥណ្ឌា។ លោក​សាស្រ្តាចារ្យ​បាន​លើក​ឡើង​ពី​ ៖ ការ​អភិវឌ្ឍន៍​ជា​ប្រវត្តិសាស្រ្ត​ក្នុង​សតវត្សរ៍​ទី ២១ នេះ​ប្រទេស​ចិន​មាន​ការ​រីក​ចម្រើន​ខាង​វិស័យ​យោធា ជា​ពិសេស​ខណៈ​ដែល​មាន​ការ​ប្រមើល​មើល​ពី​អនាគត​របស់​ប្រទេស​ចិន​ទៅ​លើ​គោល​ នយោបាយ​ការ​បរទេស​ និង​ពិភពលោក​ គឺ​នៅ​តែ​មាន​ភាព​មិន​ច្បាស់​លាស់​។ ប្រទេស​ចិន​រឹត​តែ​មាន​ទំនាក់​ទំនង​ជាមួយ​បណ្តា​ប្រទេស​អាស៊ី និង​ពិភព​លោកទាំង​មូល ខណៈ​ពេល​ដែល​ខ្លួន​ក្លាយ​ជា​មហាអំណាច​តាម​រយៈ​ការ​រីក​ចម្រើន​វិស័យយោធា​ និង​សេដ្ឋកិច្ច​។ ប្រទេស​ចិន​ប្រើ​ប្រាស់​នយោបាយ​ការ​ទូត​ផង​ដែរ​ ដើម្បី​ពង្រីក​អនុត្តរភាព​​នៅ​ក្នុង​តំបន់​។លោក​ សាស្រ្តាចារ្យបណ្ឌិត​បាន​ចង្អុល​បង្ហាញ​ទៀត​ថា ប្រទេស​ចិន​មិន​បាន​បង្ហាញ​នូវ​គោល​ជំហរ​ការ​ទូត​ហ្មត់​ចត់​នោះ​ទេ ប៉ុន្តែ​បែរ​ជា​បង្ហាញ​ឥរិយាបថ​ខាង​យោធា​​យ៉ាង​ខ្លាំង​ក្លា​ជា​មួយ​ឥណ្ឌា​ទៅ ​វិញ។​ ប្រទេស​ឥណ្ឌា​យល់​ឃើញ​ថា នៅ​តែ​មាន​បញ្ហា​ទំនាក់​ទំនង​សន្តិសុខ​ជា​មួយ​ប្រទេស​ចិន ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ប៉ាគីស្ថាន​ដែល​ជា​ប្រទេស​មាន​សព្វាវុធ​នុយក្លែអ៊ែ និង​ជា​គូបដិបក្ខ​របស់​ឥណ្ឌាតាំង​ពី​យូរលង់​មក​ហើយ និង​បញ្ហា​ជម្លោះ​ព្រំ​ដែន​នូវ​មិន​ទាន់​បាន​ដោះស្រាយ​។​


វាគ្មិនទី៣ បណ្ឌិត ញ៉ែម បូរ៉ាដែន ជំនួយការ ​ក្រសួង​ការពារជាតិ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។ លោក​បណ្ដិត​បាន​លើក​ឡើង​​អំពី​ ស្ថាបត្យកម្ម​សន្តិសុខ​ក្នុង​តំបន់​ ដែល​រួម​មាន​ការ​រៀប​ចំ​សន្តិសុខ ដើម្បី​គ្រប់​គ្រង​ និង​កំណត់​តុល្យភាព​ប្រព័ន្ធ​អំណាច​។ លើល​ពី​នេះ​លោក​បាន​លើក​ឡើង​នូវ​ចំណុច​បី​សំខាន់​ៗ ទី១ សម្ព័ន្ធ​យោធា និង​សម្ព័ន្ធ​មិត្ត​ដទៃទី២ កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់អាស៊ាន និង​ទី​៣ កិច្ច​ការ​នានា​ដែល​អាស៊ាន​ត្រូវ​សម្រេច​ឲ្យបាន​។ ជារួម​​លោក​បាន​បញ្ជាក់​ថា សមុទ្រ​ចិន​ខាង​ត្បូង​នៅ​តែ​ជាបញ្ហា​ក្តៅ​សម្រាប់​តំបន់​អាស៊ាន ដូច្នេះ​ជា​ដំណោះ​ស្រាយ​ អាស៊ាន​ត្រូវ​តែ​កសាង​ស្ថបត្យកម្ម​សន្តិសុខ​តំបន់​ ដោយ​ផ្អែក​លើ​ការ​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​គម្រាម​កំហែង​ជាយថាហេតុ​ និង​មិន​មែន​ជា​ប្រពៃណី​។ លើស​ពី​នេះ​ទៀត​អាស៊ាន​ត្រូវ​រៀប​ចំ​ខ្លួន​ជា​ស្រេច​ ដើម្បី​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​ដែល​មាន​តុល្យភាព​អំណាច​ទៀត​ផង​។​
វាគ្មិនទី៤​ សាស្រ្តាចារ្យបណ្ឌិត គីម យ៉ុងហូ ប្រធានដឺប៉ាតឺម៉ង់ ​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ការពារ​​ជាតិ​កូរ៉េ សាធារណរដ្ឋកូរ៉េ​។ លោកសាស្រ្តាចារ្យបណ្ឌិត​​បាន​លើក​ឡើង​ពី​ ឋាមភាព​នៃ​ការ​ផ្លាស់​ប្តូរ​ទំនាក់ទំនង​ចិន-សហរដ្ឋ​អាមេ​រិក​ និង​ទស្សនៈ​ទាន​ពី​កូរ៉េ​ខាង​ត្បូង​ពី​សន្តិសុខ​អាស៊ីឦសាន្ត​ ដែល​ទាក់​ទង​នឹង​ទ្រង់​ទ្រាយ​ និង​ឥទ្ធិពល​នៃ​ទំនាក់​ទំនង​មហា​អំណាច​ចិន​-អាមេរិក​លើ​សណ្តាប់​ធ្នាប់​ សន្តិសុខ​អាស៊ីឦសាន្ត​ ដែល​ពោរពេញ​ទៅ​ដោយ​សហប្រតិបត្តិការ​ និង​ភាព​ប្រឈម​គ្នា​។ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​វិស័យ​យោធា​របស់​ចិន​ និង​ការ​ពង្រីក​ឥទ្ធិពល​សព្វាវុធរបស់​កូរ៉េ​ខាង​ជើង​ បាន​ក្លាយ​បញ្ហា​ប្រឈម​ចម្បង​របស់​ប្រទេស​នានា​ក្នុង​តំបន់​ ជាពិសេស​កូរ៉េ​ខាង​ត្បូង​។​
-កិច្ច​ពិភាក្សា​​លើកទី៣​ “​ទស្សន​វិស័យ​សន្តិសុខ​ និង​គោល​នយោបាយ​ការពារ​ជាតិ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​”
        វាគ្មិនទី១ ឯកឧត្តម​ ផៃ ស៊ីផាន រដ្ឋ ​លេខាធិការ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​។ ឯកឧត្តម​បាន​លើក​ឡើង​ពី​៖ សតវត្ស​រ៍​ទី​២១ ជា​សតវត្ស​រ៍​សហការ​ និង​ឧត្តម​ភាព​អភិវឌ្ឍន៍​។
          ឯកឧត្តម​បាន​លើក​ឡើង​នុវ​ចំណុច​៤ សំខាន់​៖ ទី១-​សម័យ​កាល​នៃ​ការ​ផ្លាស់​ប្តូរ​៖ ការ​រីក​ធំធាត់​ និង​ការ​ចាក់​រឹស​របស់​សហគមន៍​​អាស៊ាន​ពី​ឆ្នាំ ១៩៦៧ និង​បន្ទាប់​ពី​ការ​ចាក​ចេញ​របស់​កង​ទ័ព​សហរដ្ឋ​អាមេរិក​ពីឥណ្ឌូចិន​ ១៩៧៥។​ ទិដ្ឋភាព​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទិដ្ឋ​ភាព​ត្រី​ភាគី រវាង​សហរដ្ឋ​អាមេរិក​ ជប៉ុន និង​ឥណ្ឌា​ នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​តាមរយៈ​ការ​ពិភាក្សា​នៅ​ខែ​តុលា ឆ្នាំ ២០១១ ។ ចំណែក​ឥណ្ឌា ក៏​កំពុង​តែ​ជជែក​ និង​អាច​ផ្តល់​ឲ្យ​បច្ចេក​វិទ្យា​យោធា​ដល់​វៀត​ណាម​ក្នុង​កិច្ច​ការ​ពារ​ ខ្លួន ដូច​ជា​នៅ​ក្នុង​គម្រោង​លក់​ម៉ីស៊ីល​លឿន​ជាង​សំលេង​រយៈ​ចំងាយ​ឆ្ងាយ(BrahMos supersonic cruise missile) ដែល​ជា​បច្ចេក​​ទេស​ទំនើប និង​ផលិត​សហការ​រួម​ឥណ្ឌា-រុស្ស៊ី។ ទី២-​សម័យ​កាល​នៃ​ការ​ប្រមូល​ផ្តុំ​៖ ជា​យន្ត​ការ​ក្នុង​កិច្ច​ពង្រឹង​សន្តិភាព​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ និង​​ឲ្យ​ឧត្តមភាព​អភិវឌ្ឍន៍​ជា​អាទិភាព​ និង​ជា​សេច​ក្តី​ប្រាថ្នា​ ដែល​ខាន​មិន​បាន​របស់​ប្រជាជាតិ​អាស៊ាន អង្គការ​កាបឌី (CAPDI) ឬ​ ក្រុម​នយោបាយ​និយម​កណ្តាល​អាស៊ី​ប៉ាស៊ីហ្វិក​អន្តរជាតិ​ ប្រហែល​ជា​អង្គការ​មាន​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​។ ទី៣-​សម័យ​កាល​នៃ​ការ​កសាង​ស្ថិរភាព​ ភាព​សុខដុម​រមនា​ និង​ភាព​ជាដៃ​គូ​៖ តំបន់​អាស៊ាន​បាន​ក្លាយ​ទៅ​ជា​វេទិការ​សម្រាប់​តំបន់​ផង​ដែរ​ ក្នុង​ការ​ពិភាក្សា​រវាង​សហគមន៍​អាស៊ាន​ និង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ និង​បណ្តា​ប្រទេស​រួម​ជាមួយ​អង្គការ​អន្តរជាតិ​ដទៃទៀត​ នៅ​ក្នុង​ពិភពលោក​ទាំង​មូល​។ យន្ត​ការ​អាស៊ាន​បូក​ក៏​បាន​បង្កើត​វេទិកា​បន្ថែម​មួយ​ទៀត​ ក្នុង​ការងារ​នយោបាយ​យោធា ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​រដ្ឋមន្រ្តី​ការពារ​ជាតិ​(ADMM) មន្រ្តី​ការពារ​ជាតិ​ជាន់​ខ្ពស់​អាស៊ាន​ (ADSO) ​​និង​ក្រុម​ឯកទេស​(EWG) និង​ទី៤-​សម័យ​កាល​នីតិរដ្ឋ និង​បង្កើន​ដៃ​គូ​អហឹង្សា ដើម្បី​ឧត្តម​ភាព​ការ​អភិវឌ្ឍន៍​៖ គោល​បំណង​ និង​ឆន្ទៈ​ជាមួយ​យុទ្ធសាស្រ្ត​របស់​សហគមន៍​អាស៊ាន​មាន​រួច​សេ្រច​ហើយ​ ក៏​ប៉ុន្តែ​ពុំ​ទាន់​ដើរ​ចេញ​ដាច់​ស្រឡះ​ពី​អ្វី​ដែល​គេ​ហៅ​ថា “​ស្ថិត​នៅ​ក្នុង​វេទិកា​ពិភាក្សា​នៅឡើយ​”(Talk Shop) ពុំ​ទាន់​មាន​សកម្ម​ភាព​ ដូច​សហគមន៍​អឺរ៉ុប​ (E.U) នៅឡើយ​។​
          វាគ្មិនទី​២​ ឯកឧត្តម​ ហូ ជីងជាំង ឯកអគ្គរដ្ឋ ​ទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា។ លោក​បាន​លើក​ឡើង​ថា ប្រសិន​បើ​បញ្ហា​មួយ​កើត​ឡើង​ក្នុង​ប្រទេស​មួយ​វាអាច​រាលដាល​ដល់​សហគមន៍​ ក៏​ដូច​ជា​ពិភពលោក​ទាំង​មូល​។ ដូច្នេះ​យើង​ត្រូវ​ចាត់​វិធាន​ការ​រៀបចំ​អំណាច​ជាមុន​ ដូច​ជា​ការ​រៀប​ចំ​ការ​រក្សា​​សន្តិភាព ជា​ប្រព័ន្ធ​ ការ​ពង្រឹង​វិស័យ​យោធា​ និង​ការ​ចរចា​ពហុភាគី​ ឬទ្វេភាគី។ ការ​ពង្រឹង​សន្តិភាព និង​ការ​ផ្លាស់​ប្តូរ​កិច្ច​សហប្រតិបត្តិការ​ ជា​កត្តា​នាំ​មក​នូវ​សន្តិភាព​ក្នុង​តំបន់​ពិត​ប្រាកដ​។ លោក​ក៏​បាន​បន្តថា សព្វ​ថ្ងៃ​ប្រទេស​កូរ៉េ​មាន​សេច​ក្តី​ព្រួយ​បារម្ភ​ ចំពោះ​ការ​ផលិត​មីស៊ីល​រយៈ​ចំងាយ​ឆ្ងាយ​ និង​អាវុធ​នុយក្លេអ៊ែ​របស់​កូរ៉េ​ខាង​ជើង​ថា​ ជាការ​គម្រាម​កំហែង​សន្តិសុខ​ក្នុង​តំបន់​ ក្រុង​សេអ៊ូល​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​នេះ​។ ទាក់​ទង​នឹង​បញ្ហា​នេះ​ កូរ៉េ​ក៏​បាន​​រៀប​ចំ​ការ​ពារ​ខ្លួន​​ផ្ទាល់​ ក៏​ដូច​ជា​ពិភព​លោក​ទាំង​មូល​ ដោយ​មាន​ការ​រួម​គ្នា​ជា​មួយ​ក្រុម​អន្តរជាតិ​ផ្សេងៗ​ ដូច​ជាពង្រឹង​កម្លាំង​យោធា និង​ប្រឹង​អស់​ពី​សមត្ថភាព​ក្នុង​ការ​ចូល​រួម​កសាង​សន្តិភាព បន្ត​ដើរ​តួនាទី​ការ​ពារ​​សន្តិសុខ​ក្នុង​តំបន់​ និង​ពិភពលោក​ និង​ចូលរួម​លុប​បំបាត់​ការរីក​សាយ​ភាយ​អាវុធ​នុយ​ក្លេអ៊ែ​។​
          វាគ្មិនទី៣ លោក ចេហ្វ ដែហ្គល​ (Jeff Daigle) ភារធារី ​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រកម្ពុជា។ លោក​បាន​លើក​ឡើង​ថា អាមេរិក​បាន​រៀប​ចំ​ណុច​សំខាន់​ពីរ​គឺ​សេដ្ឋកិច្ច និង​នយោបាយ ។ ជាមួយ​គ្នានេះ​សហរដ្ឋ​អាមេរិក​ចាំ​បាច់​មាន​ទំនាក់ទំនង​សំខាន់​ ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ និង​សន្តិសុខ​ក្នុង​តំបន់​ផង​ដែរ​។ ក្នុង​ពិភពលោក និង​ក្នុង​តំបន់​នៅ​តែ​មាន​បញ្ហា​អាវុធ​នុយ​ក្លេអ៊ែ​ ការ​គម្រាម​កំហែង​កើត​ឡើង​ពីការ​ធ្វើ​ភេរវកម្ម​ និង​ការ​គម្រាម​កំហែង​ពីធម្មជាតិ។ ដើម្បី​ជំនះ​រាល់​ឧបសគ្គ​ យើង​ត្រូវ​មាន​កិច្ច​សហការ​គ្នា​ទាំង​ផ្នែក​​សេដ្ឋកិច្ច​ និង​យោធា ព្រម​ទាំង​នាំ​គ្នា​ ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​​ឆ្លង​ដែន​។ បញ្ហា​សមុទ្រចិន​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​មាន​គោល​ជំហរ​ចូល​រួម​ សហប្រតិបត្តិការ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។ សហរដ្ឋ​អាមេរិក​បាន​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ជា​មួយ​បណ្តា​ប្រទេស​អាស៊ាន​ដូច​ជា​ការ ​រីក​សាយ​ភាយ​សព្វាវុធ​នុយក្លេអ៊ែ បញ្ហា​សន្តិសុខ​ព្រំដែន ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ និង​បញ្ហា​ថែរក្សា​សុខ​ភាព​។
          វាគ្មិនទី៤ លោក ឡាយ ស៊ុន​ឈាន (LAI XUAN CHIEN) អគ្គ ​ទីប្រឹក្សា​ និង​ជា​អនុប្រធាន​បេសកកម្ម​នៃ​ស្ថាន​ទូត​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ បាន​លើក​ឡើង​ពី​៖ ការ​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​តំបន់​ ប្រទេសនីមួយ​ៗ​គួរ​តែ​ប្រកាន់​ខ្ជាប់​នូវ​ការ​គោរព​ច្បាប់​អន្តរជាតិ​ មាន​តម្លាភាព មាន​កិច្ច​សហប្រតិបត្តិការ​ និង​ការ​យោគយល់គ្នា ជា​ពិសេស​ស្តីពី​ជម្លោះ​នៅ​ដែន​សមុទ្រ​ចិន​ ដែល​ប្រទេស​នីមួយ​ៗ​គួរ​តែ​គោរព​នូវ​បូរណភាព​ និង​មិន​ជ្រៀត​ចូល​កិច្ច​ការ​ផ្ទៃក្នុង​។ ចំពោះ​វៀត​ណាម​ ក្នុង​សមាជិក​អាស៊ាន​នឹង​ព្យាយាម​ដោះស្រាយ​ជម្លោះ​នានា​តាម​បែប​ការ​ទូត​ លើក​លែង​តែ​ករណី​ការពារ​ខ្លួន​ និង​ចៀស​វាង​ជម្លោះ​ប្រដាប់​អាវុធ និង​ប្រកាន់​យក​នូវ​ការ​ដោះ​ស្រាយ​ដោយ​សន្តិវិធី តាម​យន្ត​ការ​ទ្វេភាគី​ និង​ពហុ​ភាគី​ ដែល​មាន​គោល​បំណង​សម្រេច​ឲ្យ​បាន​នូវ​សុខ​សន្តិភាព​ និង​ស្ថេរភាព​៕