Thursday, October 13, 2011

សេចក្តី​ប្រកាស​​ព័ត៌មាន ស្តី​ពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​ពិសេស​ ថ្ងៃទី ១៣ ខែ ​តុលា​ ​ឆ្នាំ២០១១



     ថ្ងៃទី១៣ ខែ តុលា ​ ឆ្នាំ២០១១ វេលាម៉ោង ១៥​ និង០០នាទី នៅវិមាន​សន្តិភាព​មានបើក​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រីពិសេស​ ក្រោម​អធិបតីភាព​ដ៍ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​នៃព្រះរា​ជាណា​ចក្រ​កម្ពុជា ក្នុងអាណត្តិទី ៤ ដើម្បីពិភាក្សា​ វាយ​តម្លៃ​ផល​ប៉ះ​ពាល់​ដោយ​សារ​ទឹក​ជំនន់​ និង​វិធានការ​ដោះ​ស្រាយ​​​​​ ។
   
     ក្រោយ​ពី​បាន​ស្តាប់របាយការណ៍ដែល​ធ្វើ​ឡើង​ដោយ​ឯកឧត្តម​ លឹម គានហោ រដ្ឋ​មន្រ្តី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ ឯក​ឧត្តម​ ចាន់ សារុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​ ឯកឧត្តម​ ញឹម វណ្ណដា ទេស​រដ្ឋ​មន្រ្តី​ អនុ​ប្រធាន​ទី​១​គណៈគម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ លោកជំទាវ ពុំ ចន្ទីនី​ អគ្គលេខាធិការ​កាក​បាទ​ក្រហម​កម្ពុជា​ និង​ឯកឧត្តម គាត ឈន់ ឧបនាយក​​រដ្ឋ​មន្រ្តី​​ រដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​ អំពី​ផល​ប៉ះ​ពាល់​ ដល់​ជីវភាព​ និង​ធ្វើ​ឲ្យ​បាត់​បង់​អាយុជីវិត​ប្រជាពលរដ្ឋ​ចំនួន ២៤៧ នាក់ ​ការ​បង្ក​បង្កើន​ផល​ ​ ក៏ដូច​ជា​សត្វ​ពាហនៈ ដោយ​សារ​គ្រោះ​ទឹក​ជំនន់​គិត​ត្រឹម​ថ្ងៃទី ១៣ ខែ​តុលា ឆ្នាំ ២០១១​ និង វិធាន​ការ​ជាក់​ស្តែង​នានា​ដែល​បាន​អនុវត្ត​ ដើម្បី​ជួយ​សង្គ្រោះ​ ការ​បង្ការ​ហានិភ័យ​នានា​ ព្រោះ​តាម​ការ​ព្យាករណ៍​ទឹក​ភ្លៀង​នៅ​បន្ត​អូស​បន្លាយ​រហូត​ដល់​ពាក់​កណ្តាល​​ខែ​វិច្ចិកា ​ឆ្នាំ​២០១១​ ​ក៏​ដូច​ជា​ការ​ត្រៀម​ស្តារ​ឡើង​វិញ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ការ​បង្ក​បង្កើន​ផល​រួចមក កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋ​មន្ត្រី​ពិសេស បាន​សម្រេច​​​ ​៖
      ១-​ផ្អាកការ​រៀបចំកម្រិត​ជាតិ​ក្នុង​រាជធានីភ្នំ​ពេញ​នូវ​​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ បណ្ដែត​​ប្រទីប​ និង​សំពះព្រះខែ​​ សម្រាប់​​ឆ្នាំ ២០១១ ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ៩ -១០ និង​១១ ខែវិច្ឆិកា​ តែ​រក្សាការ​ឈប់​សំរាកជូន​ដល់​មន្រ្តី​រាជការ និយោជិក​ កម្មករ​​​ ​និង​រក្សា​ការ​ធ្វើ​​នូវ​ពិធី​បុណ្យ​ចំរើន​ព្រះជន្មវស្សា​ព្រះ​មហាវីរៈក្សត្រ​​ ទិវាបុណ្យ​ឯករាជ្យ​ជាតិ​ ៩ វិច្ឆិកា​ និង​ខួប​ ២០ ឆ្នាំ នៃ​ការ​យាង​និវត្ត​​​​ចូល​មាតុប្រទេស​របស់​ព្រះ​មហា​វីរៈក្សត្រ​​​​ដដែល​។​ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន បាន​​មាន​ប្រសាសន៍​ថា ដោយ​សារ​ទឹក​ជំនន់​ឆ្នាំ ២០១១ នេះ​នៅ​អូស​បន្លាយ​ ហើយ​ហានិភ័យ​​នៅ​មាន​កម្រិត​ខ្ពស់​សម្រាប់​ប្រជាពលរដ្ឋ​ ការ​ផ្អាក​​ការ​រៀបចំ​​កម្រិត​ជាតិ​ នូវព្រះរាជ​​​ពិធី​បុណ្យ​អុំទូក​ បណ្ដែត​​​​ប្រទីប​ និង​សំពះព្រះខែ គឺ​ដើម្បី​ប្រមូល​កម្លាំង​ និង​ធនធាន​ទៅ​បំរើ​ឲ្យ​ការ​សង្គ្រោះ​ប្រជាពលរដ្ឋដែល​រង​គ្រោះ​​ និង​ការ​ស្តា​រ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​ទទួល​រង​ការ​ខូច​ខាត​។ ដោយ​ឡែក​​នៅ​មូលដ្ឋាន​ប្រជាពលរដ្ឋ​ អាជ្ញាធរ​ដែន​ដី​អាច​រៀប​ចំ​ពិធី​បុណ្យ​នេះ​ជា​ធម្ម​តា​តាម​ប្រពៃណី​ និង​លទ្ធភាព​ដែល​មាន​។​
     ២-​​សម្រាប់​ការ​ជួយ​សង្គ្រោះ​ដល់​ប្រជា​ពលរដ្ឋ​ ដែល​ទទួល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន បាន​សម្រេច​ឲ្យ​ប្រមូល​ផ្តុំ​ការ​ជួយ​សង្គ្រោះ​តែ​មួយ​ច្រក​គឺ​ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មន្តរាយ​ ​កាក​បាទ​ក្រហម​កម្ពុជា​ និង​អាជ្ញាធរ​ដែន​ដី​ សហការ​គ្នា​ ដោយ​ប្រើ​ប្រាស់​ជំនួយ​របស់​រាជរដ្ឋាភិបាល​ និង​អំណោយ​របស់​កាក​បាទ​ក្រហម​កម្ពុជា​។​ ដើម្បី​ធានា​ឲ្យ​ការ​​ផ្តល់​ជំនួយ​សង្គ្រោះ​បាន​ទាន់​ពេល​ និង​ដល់​ដៃ​ប្រជាពលរដ្ឋ​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​កង​កម្លាំង​ខេមរភូមិន្ទ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​ និង​កង​ពល​តូច​លេខ​៧០ ព្រម​ទាំង​មធ្យោបាយ​សម្រាប់​ជួយ​ វិចខ្ចប់ លើកដាក់ និង​ ដឹកជញ្ជូន​ផង​ដែរ​។
     -សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ បាន​ស្វាគមន៍​នូវ​រាល់​ជំនួយ​សង្គ្រោះ​នានា​ពី​បណ្តាប្រទេស​ជា​មិត្ត​ ក៏​ដូច​ជា​អង្គការ​ដៃគូរនានា​ ​​ដោយ​បាន​អនុញ្ញាត​ឲ្យ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ជា​អ្នក​សម្រប​សម្រួល​ធ្វើ​យ៉ាង​ណា​ឲ្យ​ម្ចាស់​ជំនួយ​​គេ​អាច​អនុវត្ត​ការ​ផ្តល់​ជំនួយ​សង្រ្គោះ​​នេះ​ដោយ​ខ្លួន​គេ​។
     -​ទោះ​បី​ជា​គ្រោះ​ទឹក​ជំនន់ឆ្នាំ ២០១១ នេះ ​បំផ្លាញ​​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ ក៏​ប៉ុន្តែ​រាជរដ្ឋាភិបាល​នៅ​តែ​រក្សាបាន​សន្តិសុខ​ស្បៀង​ក៏​ដូច​ជា​លទ្ធភាព​នៃ​​ការ​នាំ​ចេញ​អង្ករ​ដដែល​សម្រាប់​ឆ្នាំ ២០១២ ខាង​មុខ​នេះ​​។​

អង្គប្រជុំគណៈរដ្ឋមន្ត្រី បានបិទសម័យប្រជុំនៅវេលាម៉ោង ១៧ និង ៣៥ នាទី។
         
រាជធានីភ្នំពេញ ថ្ងៃទី១៣   ខែតុលា​  ​​ ឆ្នាំ២០១១