Thursday, November 3, 2011

បទវិចារណកថា តើលោកស្រី មូរ សុខហួរ ជាអ្នកតំណាងរាស្ត្រ ឬជាអ្នកនាំពាក្យ ឱ្យអង្គការមិនមែនរដ្ឋាភិបាល?


           លោកស្រី មូរ សុខហួរ​ ​ បាន​ និង​កំ​ពុង​និយាយ​បំ​ផ្លើស ភូត​កុហក ដើម្បី​អ្វី​មួយ​ ដែល​គេអាច​ចាត់​ទុក​ថា​ ជា​អ្នក​នយោបាយស្ទាត់​ជំ​នាញ​ ពូ​កែខាងការ​​បោកប្រាស់ ឬក៏អាចនិយាយ​បាន​ថា ​ជាអ្នក​នាំ​ពាក្យ​ដ៏​ពិសេស​ម្នាក់​​ ​របស់​​​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ក្រុម​តូច​ ដែល​កំ​ពុង​ទាញ​នីតិរដ្ឋនៅ​កម្ពុជា​ឱ្យ​ដើរថយ​ក្រោយ​ គឺ​លោកស្រី​ពុំ​សក្តិ​សម​ជាអ្នក​តំ​ណាង​​​​រាស្ត្រនោះ​ទេ។
​           ការ​ពោល​ដូច្នេះ ដោយ​យោងថា​ លោកស្រី​ មូរ សុខហួរ​ បាន​កសាង​នូវ​កំ​ហុសដ៏​ធំថ្មី​​មួយទៀត​ បន្ថែម​ពីលើ​រឿង​អាស្រូវ​ ដែល​ធ្លាប់​កើត​មានក្នុង​រឿង​ក្តី​ក្តាំ​ នៅ​ពីក្រោយ​បទ​បរិហារ​កេរ្តិ៍​ជេរ​ប្រមាថថ្នាក់​ដឹក​នាំ​ប្រទេស​ ដែល ផ្តើម​ចេញ​ពី​ការ​និយាយ​​​បំ​ផ្លើស គ្មាន​ការ​ពិត នាពេល​កន្លង​មក ។     មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ លោកស្រី​ មូរ សុខ​ហួរ ​ហាក់​ដូច​ជា​កំ​ពុង​ធ្វើខ្លួន​ជាអ្នក​ចម្រៀង​អាយ៉ៃ បំ​រើការ​ឱ្យ​​ក្រុម​តន្ត្រី​មួយ​វង់ ​​ ដែល​មានបក្សពួក​​​ ខ្សែរយៈ​ ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ក្តាប់​​តូច​ ប​ង្កើត​បាន​ជាក្រុមប្រឆាំង​មួយ ដែល​និយម​ចូល​ចិត្តរិះ​គន់​រាជ​រដ្ឋាភិបាល​ ដោយ​​ប្រើ​ប្រាស់​ប្រព័ន្ធ​ឃោសនា​ ដើម្បី​បន្ទរសំ​ឡេង​ទៅ​ខាងក្រៅ​។
            តាម​រយៈ​ការស្រង់​សម្តី​​ចុះ​ផ្សាយក្នុង​សារព័ត៌មាន The Cambodia Daily ថ្ងៃ​ទី​០២ ខែ វិច្ឆិកា ឆ្នាំ ២០១១ លោកស្រី​ មូរ សុខហួរ បាន​និយាយ​បំ​ប៉ោង​ព័ត៌មាន ពាក់​ព័ន្ធ​នឹងរឿង​ក្តី​នៃ​សំ​ណុំ​រឿង​ជះ​ទឹក​អាស៊ីត​​ ទៅ​លើ​តារាសិល្បៈ នាង​ តាត ម៉ារី​ណា​ កាលពី​ឆ្នាំ ១៩៩៩  ដែល​តុលាការ​បាន​ចាត់​ការ​ចប់​សព្វ​គ្រប់ និង​អនុវត្តត្រឹម​ត្រូវតាម​​ដំ​ណើរការ​នៃ​និតិ​វិធី​រួចហើយ​ ​ ប៉ុន្តែ​ ត្រូវ​បាន​លោកស្រី​ មូរ​ សុខហួរ អះ​អាង​ដូច្នេះ​ថា​ ៖ ករណី​របស់​ តាត​ ម៉ារីណា​ មិន​ដែល​ធ្លាប់​មាន​ការ​ចាប់​ខ្លួនជន​ល្មើសណាម្នាក់​មក​ផ្តន្ទាទោស​នោះ​ទេ  និង​បាន​បន្ត​ថា​ ជន​ល្មើសនៅ​តែ​មាន​សេរី​ភាព​ »។
          ការ​ចេញ​មក​អត្ថាធិប្បាយ​បោក​បញ្ឆោត​សាធារណមតិ​ដូចនេះ​ គឺអាច​ទុក​ថា​ ជាការ​រួម​គំ​និត​គ្នា​បង្កើត​​នូវ​ក្បាលម៉ាស៊ីនប្រឆាំង​នឹង​ប្រព័ន្ធ​ យុត្តិ​ធម៌​ ពី​ព្រោះ​សំ​ណុំរឿង​នេះ​ ត្រូវ​បានអនុវត្តចប់​សព្វ​គ្រប់​ និង​សាល​ក្រម​បាន​ចូល​ជាស្ថាពរ​ហើយ​ គឺមិន​មែន​ដូច​ការ​ចោទ​ប្រកាន់​អំ​ពី​និទណ្ឌភាព​ទៀត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ សម្តី​របស់​លោកស្រី​មូរ សុខហួរ​ គឺបាន​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ជាពិសេស ​មន្ត្រី​តុលាការ​ ដែល​បាន​កសាង​សំ​ណុំ​រឿង​ និង​ចាត់​ការ​ករណី​នេះ​ យ៉ាង​ត្រឹមត្រូវ​ ផ្អែក​លើ​ភស្តុ​តាង​​ដាក់​បន្ទុក​ ហើយ​ជន​ល្មើសក៏​បាន​ទទួល​​​​ទោសទណ្ឌរួចហើយ​ដែរ ទៅ​តាម​ការ​​កំ​ណត់​នៃ​ច្បាប់​។
          ករណី​ជះ​ទឹក​អាស៊ីត​ ទៅ​លើ​នាង​តាត ម៉ារី​ណា​ បាន​កើត​ឡើង​កាលពី​១២ឆ្នាំកន្លង​ទៅ​។ បើតាម​ការ​បញ្ជាក់​របស់​ប្រធាន​សាលាដំ​បូង​ ​ ​អតី​តក្រឡាបញ្ជី​ ព្រះ​រាជ​អាជ្ញា និង​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំ​ពេញ​ ដែល​ជាសាក្សី​ និង​ក៏​ជា​អ្នក​អនុវត្ត​ផ្ទាល់​ក្នុង​សំ​ណុំ​រឿង​នេះ​ បាន​ផ្តល់​កិច្ច​សម្ភាសន៍ក្នុង​បទ​យក​ការណ៍​មួយ​ ស្តី​ពី​    «តើរាជរដ្ឋាភិបាលបាន​ធ្វើអ្វីខ្លះ​ដើម្បី​កំណែទម្រង់​ច្បាប់​​ និង​ប្រព័ន្ធយុត្តិធម៌នៅ​កម្ពុជា​? ដែល​​ត្រូវបាន​ចាក់​ផ្សាយ​​ជា​សាធារណៈ​ តាម​រយៈស្ថានីយ៍​វិទ្យុ​ និង​​ទូ​រទស្សន៍អប្សរា​ កាលពី​ថ្ងៃ​ទី​៥ ខែ កក្កដា​ ឆ្នាំ ២០១១ លោក សួស ឡា​ ជាមួយ​នឹងការ​លើក​បង្ហាញ​នូវ​សំ​រង់​សាល​ក្រម​ព្រហ្ម​ទណ្ឌ​ ដែល​បាន​ចូល​ជាស្ថាពរនៅ​ថ្ងៃ​ទី​១៣ ខែ មី​នា​ ឆ្នាំ ២០០១ បាន​មាន​ប្រសាសន៍​ថា« ចំពោះ​ព័ត៌មាន​ដែល​ថា រឿង​ តាត ម៉ារីណា​ អត់​ទាន់​បាន​ជំនុំជំរះ​នោះ​ជា​រឿង​មិន​ពិត​ទេ​ ខ្ញុំ​ជា​អតីត​ក្រឡាបញ្ជី​នៃ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​ ២០០០ ហើយ​ខ្ញុំ​ជា​អ្នក​ទទួល​ជំនុំ​ជំរះ​ក្នុង​រឿងនេះ​ផ្ទាល់​តែ​ម្តង។ លោកសួស ឡា​ បាន​បន្ត​ថា​ យើង​បាន​បើក​សវនាការ​​នៅ​ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០០០​ ក្នុង​ពេល​នោះ​ជន​ជាប់​​ចោទ​​​គេច​​ខ្លួន​ អត់​បាន​ចូល​សវនាការ​ទេ​ ហើយ​ខាង​ជន​រងគ្រោះ​ក៏អត់​បាន​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋប្ប​វេណីដែរ​។ ក្រោយ​ពេល​ជំនុំ​ជរះ​ហើយ ខ្ញុំ​ចេញ​លិខិត​ជូន​ដំណឹង​ពីសាល​ក្រម​កំបាំង​មុខ​ទៅ​ជន​ជាប់​ចោទ​ ហើយ​បន្ទាប់​មក​នៅ​ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០០១ សាលក្រម​ហ្នឹង​ចូល​ជា​ស្ថាពរ ដោយ​សារ​អត់​មាន​អ្នក​ចូល​មក​ប្តឹង​តវ៉ា​តាម​កំណត់​ច្បាប់​ទេ អញ្ចឹង​ខ្ញុំ​ក៏​បាន​សម្រង់​សាលក្រម​មួយ​ទៀត​ គឺ​សម្រង់​សាលក្រម​ស្ថាពរ​នេះ »។
អតី ​តព្រះ​រាជ​អាជ្ញារងនៃសាលាដំ​បូង​រាជ​ធានី​ភ្នំ​ពេញ​ ​លោក យ៉េត ចរិយា ក៏​បាន​ឱ្យ​ដឹង​ដែរថា​ « ក្នុង​រឿង​នេះ​គ្មាន​ដើម​បណ្តឹង​រដ្ឋប្បវេណី​ទេ​​ ទោះ​បី​គ្មាន​ដើម​បណ្តឹង​រដ្ឋប្បវេណី​ តំណាង​អយ្យ​ការ​ជា​ម្ចាស់​បណ្តឹង​អាជ្ញា​នោះ​បាន​សម្រេច​​បើ​កការ​​ស៊ើប​សួរ ​ទៅ​ចៅ​ក្រម​ស៊ើប​អង្កេត​ ហើយ​ចៅ​ក្រម​ស៊ើប​អង្កេត​ក៏បាន​អនុវត្ត​តាម​នីតិវិធី​បញ្ជូន​​រឿង​ហ្នឹង​ទៅ​ ជំនុំជុំរះ​តាម​ផ្លូវ​ច្បាប់ ​​ហើយ​រឿង​នេះ​​បាន​ជំនុំ​ជំរះ​រួច​ហើយ ​គឺ​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ ឯគូរកន​គ្មាន​សវតាជាតិ​នោះ​ យើង​សម្រេច​បង្អង់​បណ្តឹង​អាជ្ញា បច្ចុប្បន្ន​គេ​ហៅថា លើក​លែង​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​សវតាជាតិ ដូច្នេះ​និទណ្ឌភាព​ ​គ្មាន​ទេ​ គឺ​ដំណើរ​ការ​នីតិវិធី​ដើរ​តាម​ផ្លូវ​ច្បាប់​ »។
ចំ ​ណែក​ឯ លោក ជីវ កេង​ ប្រធាន​សាលាដំ​បូង​រាជ​ធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​ថា​ ករណី​រឿង​ជះទឹក​អាស៊ីត​ទៅ​លើ​ កញ្ញា​ តាត ​ម៉ា​រីណា នេះ ​​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​បាន​ជំនុំជំរះរួច​ហើយ​ តាម​សាលក្រម​លេខ​ ៧៨ ជ ចុះថ្ងៃទី ២៨ ខែ​ធ្នូ ឆ្នាំ ២០០០ ហើយ​សាល​ក្រម​នេះ ​គឺ​បាន​ចូល​ជា​ស្ថាពរ​ទៅ​ហើយ​ ដោយ​​សម្រេច​ផ្តទ្ទាទោស​​ជន​ល្មើស​ក្នុង​រឿង​នេះ​ គឺ​ដាក់​ពន្ធនាគារ​ ១ ឆ្នាំ ហើយ​ទោសនោះ​ត្រូវ​បាន​ព្យួរ​ដោ​យ​សាកល្បង​រយៈ​ពេល​ ៥ ឆ្នាំ។​ អញ្ចឹង​ករណី​នេះ​ មាន​ការ​អនុវត្ត​ចប់សព្វ​គ្រប់​រួច​អស់​ហើយ ដូច្នេះ​​​ ការ​ផ្សព្វ​ផ្សាយថា​ ​តុលាការ​មិន​បាន​ចាត់​ការ​ទៅ​លើ​ករណី​នេះ​ គឺ​ជា​រឿង​មិន​ពិត​នោះ​ទេ​។
ដូចគ្នា ​នេះ​ដែរ​ លោក​ ទូច ណារ៉ុថ ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំ​ពេញ​  បាន​​​បញ្ជាក់​ថា​ ៖ ករណី​នេះ​ មាន​ការ​ផ្តន្ទាទោសរួច​ហើយ​ ដោយ​មាន​លិខិត​ជូន​ដំ​ណឹង​ពី​សាល​ក្រម​កំ​បាំង​មុខ​ទៅ​ជន​ជាប់​ចោទ​  និង​មាន​ឯកសារដែល​ជា​សំ​រង់​សាល​ដី​កានៅនឹង​ដៃរបស់​លោក​ផ្ទាល់​នៅ​ពេល​នេះ​ ។លោក ទូច ណារ៉ុថ បាន​បន្ថែម​ថា​ការ​ដែលអង្គការ​មួយ​ចំ​នួន​ ក៏​ដូច​ជា​ក្រុម​អ្នក​រិះ​គន់​អំពី​និទណ្ឌភាព​ គឺពួក​គេធ្វើ​ការ​ចោទ​ប្រកាន់ដោយ​ពុំ​មាន​មូល​ដ្ឋាន​សោះ​ឡើយ​ ។ លោក​ថា​ ក្នុង​រឿង​នេះ​​ តុលា​ការ​បាន​សំ​រេចផ្តន្ទាទោសជន​ល្មើសពី​បទ​បង្ក​របួសស្នាម​ដោយ​ចេតនា​ ដែល​រហូត​មក​ដល់​ពេលបច្ចុប្បន្ន​នេះ​ គឺ​វាផុត​អាជ្ញាយុកាលនៃ​ការ​ព្យួរទោសហើយ​​។
​ តាម​រយៈ​ការ​បកស្រាយ​ជា​សាធារណៈ​ អំពី​ការពិត​ជាក់​ស្តែង​របស់​មន្ត្រី​តុលាការ​ និង​​អាជ្ញាធរ​មាន​សមត្ថ​កិច្ចទាំង​នេះ​​ គឺជាឯកសារផ្លូវ​ច្បាប់​ដ៏​មាន​សារសំ​ខាន់​ ទុកសំ​រាប់​ធ្វើ​ជាមេរៀន​ដល់​លោកស្រី​ មូរ សុខហួរ​ ក្នុង​ន័យ​បញ្ជាក់​ថា​ ក្នុង​ឋានៈ​ជា​អ្នក​តំណាង​រាស្ត្រ គួរគប្បី​ធ្វើ​នយោបាយ​ត្រូវ​ប្រកាន់​លើ​ភាព​សុច្ចរិត​ យុត្តិ​ធម៌​ និង​ទទួល​យក​ការពិត​ ។ ជាង​នេះ​ទៅ​ទៀត​ តួនាទី​របស់​អ្នក​តំ​ណាង​រាស្ត្រ​ គឺការ​​ចូល​រួម​លើក​កំ​ពស់​ការ​គោរព​​ និង​អនុវត្ត​ច្បាប់​ និង​គប្បី​ធ្វើ​ខ្លួន​ជាបុគ្គល​ដែល​រួម​ចំ​ណែក​ដើម្បី​កំ​ណែទម្រង់​ច្បាប់​ និង​យុត្តិ​ធម៌​ ឱ្យ​បាន​ប្រសើរ​ឡើង​នៅ​កម្ពុជា ដែល​ពុំ​គួរក្បត់​នឹង​ឆន្ទៈរបស់​ប្រជាពល​រដ្ឋម្ចាស់​ឆ្នោត​ ដើម្បី​បំ​រើតែផល​ប្រយោជន៍​បុគ្គល​ និង​បក្សពួក​ខ្លួន​​ ជាពិសេស បើ​ត្រចៀក​​ឮហើយពុំ​គួរ​ធ្វើ​ជាថ្លង់ មិន​ដឹង​មិន​ឮ ហើយ​ប្រកាន់​ខ្ជាប់​នូវ​ឧបាយកល​ទុចរិត​ មួល​បំ​ភ្លៃការពិត​ បំ​ប៉ោងព័ត៌មាន​ នោះ​ពុំ​សក្តិ​សមជាអ្នក​តំ​ណាង​រាស្ត្រ​ទេ  ផ្ទុយ​ទៅ​វិញ​ ទង្វើ​របស់​លោកស្រី​ មូរ សុខហួរ​ វាគ្រាន់​តែ​ជាការ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ឥរិយាបទ តំ​ណាង​ឱ្យ​អ្នក​នាំ​ពាក្យ​របស់​ក្រុម​អង្គការ​​​​មិន​មែន​រដ្ឋាភិបាល​មួយ​ ចំនួន​ ដែល​មាន​និន្នាការ​ «ប្រឆាំង​ដើម្បី​​ការ​បំ​ផ្លាញ​ តែ​ប៉ុណ្ណោះ» ៕

ដោយៈ ពូន សំរេច