Monday, November 14, 2011

សម្តេចតេជោនាយករដ្ឋមន្រ្តីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិមិត្តភាពកម្ពុជា-កូរ៉េ





កំណាត់ផ្លូវ ​ជាតិ​លេខ ៣ ពី​ចោមចៅ​រាជធានី​ភ្នំពេញ​ ទៅកាន់​ទីរួមខេត្ត​កំពត ដែល​កសាង​ឡើង​ដោយ​​ឥណទាន​កំចី​របស់​សាធារណ រដ្ឋកូរ៉េ ត្រូវ​​បាន​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់​ជាផ្លូវ​ការ​ហើយ​នៅ​ថ្ងៃទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០១១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បំផុត​របស់​សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន  និង​ឯកឧតត្តម ចាង ហូជីន(Jang Ho Jin) ឯកអគ្គរដ្ឋទូត នៃសាធារណ​រដ្ឋកូរ៉េប្រចាំ​នៅកម្ពុជា ហើយ​ត្រូវបាន​ប្រសិទ្ធ​នាមថា ជាផ្លូវមិត្តភាព​កម្ពុជា​-កូរ៉េ ដូច​គ្នានឹង​ចំណែកផ្លូវ​ជាតិ​លេខ ៣ ពី​ត្រពាំងរពៅ មកដល់​ទីរួម​ខេត្តកំពត​ផងដែរ។​


សម្តចតេជោនា​យករដ្ឋមន្រ្តី​មានប្រសាសន៍ឲ្យ ​ដឹងអំពី​ផល​ប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់​ហិរញ្ញប្ប​ទាន​បរទេស​ ក្នុងពិធីសម្ពោធ​ថា គំរោង​ទាំងបួន ដែលប្រើ​ប្រាស់​ដោយ​ហិរញ្ញ​ប្ប​ទាន​របស់សាធារ​ណ​រដ្ឋ​កូរ៉េ និង បី​គំរោង​ទៀត ដែល​ប្រើប្រាស់​ហិរញ្ញប្ប​ទានរបស់​ធនា​គារ​​អភិវឌ្ឍន៏​​អាស៊ី និង ជំនួយឥត​សំណង​របស់​ប្រទេស​អូស្ត្រាលី ដែល​​​​កំពុងតែបើក​ការដ្ឋាននេះ​ គឺ​​សុទ្ធ​តែ​ជា​ហេដ្ឋា​រចនាសម្ពន្ធយុទ្ធសាស្រ្ត​ក្នុងនោះ​សំណង់​​ ប៉ុស្តិ៍ត្រួតពិនិត្យការ​ឆ្លងកាត់ព្រំ​ដែន គឺជា​ការ​ជួយ លើកកំពស់ប្រសិទ្ធភាពភាព​ និង ផាសុខភាព ក្នុង​​ការឆ្លង​កាត់​ព្រំដែន ហើយ​ការធ្វើឲ្យ​ប្រសើរ​ឡើងកំណាត់​ផ្លូវជាតិ​លេខ ៣ ពីទីរួមខេត្ត​កំពត​ដល់​វាល​រេញគឺ​ជាការ​ធ្វើឲ្យ​បណ្តាញ​ផ្លូវ​តភ្ជាប់​ទៅនឹង ​ផ្លូវជាតិ លេខ ៤ ឆ្ពោះ ទៅកាន់​កំពង់ផែ​សមុទ្រទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះ​សី​ហនុ មាន​ភាពប្រទាក់​ក្រឡា​បំពេញ​សក្តានុ​ពល​ឲ្យ​គ្នា ទៅ​វិញ​ទៅ​មក ក្នុងតួនា​ទី​ជា​ច្រក​របៀង​សមុទ្រស្រប​ទៅនឹងការយកចិត្ត​ទុក​ដាក់របស់​សហគមន៏ អន្តរ​ជាតិ ជា​ពិ​សេស​ ប្រទេសក្នុង​មហា​​អនុតំបន់​មេគង្គ និង កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា វៀតណាម​។ សម្តេច​តេជោ​បាន ​បញ្ជាក់​ថា ដោយ​សារ​តែ​បណ្តាញ​​ផ្លូវ​ទាំង​នេះ ​ដែលមិន​ត្រឹម​តែបំរើ​ឲ្យ​ចរាចរណ៍ដឹក​ជញ្ជូនតភ្ជាប់​ពីរាជធានីភ្នំពេញ និង​ ពីតំបន់​ដទៃ​នៃប្រទេស​កម្ពុជា ​ទៅ​កាន់កំពង់​ផែសមុទ្រប៉ុណ្ណោះទេ​គឺថែមទាំងបានបំពេញ​តួនាទី​ជាផ្លូវ ​វាង​រំដោះ​ការ​កក​ស្ទះ​​ចរាចរណ៏ ដែល​រាជរដ្ឋាភិបាល​កម្ពុជាកំពុង​តែខិតខំ​ដោះ​ស្រាយ ​ដើម្បី​កាត់​​បន្ថយ​គ្រោះ ថ្នាក់ចរាចរណ៏ ដែល​បណ្តាលឲ្យមានពិការ​ភាព និង បាត់បង់​ជីវិត​មនុស្សព្រម​ទាំង​​បាត់បង់​ទ្រព្យ​​សម្បត្តិ​រដ្ឋ និង​ ទ្រព្យ​សម្បត្តិ​ឯកជនជាច្រើននោះ ។

សម្តេចតេជោ ថ្លែងឲ្យ ​ដឹង​អំពី​ប្រសិទ្ធ​ភាព​សេដ្ឋកិច្ច​​ដែល​ទទួល​បាន​ពី​ផ្លូវ​ជាតិ​នេះ​ថា ជារួម​ផ្លូវ​ជាតិ​លេខ ៣ និង ​បណ្តាញផ្លូវ​ដែល​បែក​​ចេញពីផ្លូវ​ជាតិលេខ ៣ នេះ គឺជា មធ្យោបាយ ដែល​អាច​ជួយ​សំរួល​យ៉ាង​ធំធេង​​ដល់ការ​ផ្លាស់​ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម​លើគ្រប់​វិស័យ និង ទេសចរណ៏​​តាមច្រក​របៀង​សមុទ្រ​ខាងត្បូង​ឈាងខាងលិច​ឆ្ពោះ​​ទៅ​ប្រទេស​ថៃ និង ពី​តំបន់​របៀង​ឆ្នេរ​នេះ ទៅ​កាន់​រាជធានី​ភ្នំពេញ និង ទៅកាន់​ប្រទេស​​វៀត​ណាម ឡាវ តាមផ្លូវ​គោកដោយងាយស្រួល ហើយ​ឆាប់រហ័ស និង មានតម្លៃទាប​ផង​ដែរ ។ ដូចនេះ​ហើយ ​ទើបដៃ​គូអភិវឌ្ឍន៏​បាន​កំណត់​ថា ជា​ចំណែក​​មួយ នៃ​អនុ​របៀង​សេដ្ឋ​កិច្ច មាត់​សមុទ្រភាគ ខាង ត្បូង​របស់​មហា​អនុតំបន់​មេគង្គ ដែល​ត​ភា្ជប់​បណ្តាញ​ផ្លូវ​អាស៊ាន​លេខ​ ១២៣ ពី​ប្រទេស​ថៃ​មក​ប្រទេស កម្ពុជា​តាមរយៈ​ផ្លូវជាតិ​លេខ​ ៤៨ ដោយ​ឆ្លង​កាត់​ផ្លូវជាតិ​លេខ ៤ និង ផ្លូវជាតិ​លេខ ​៣ ត្រង់​ចំណុច​ផ្លូវ បំបែក វាលរេញ ហើយ​បន្ត​ហួស​​ទៅប្រទេស​វៀតណាម​តាម​ផ្លូវ​ជាតិលេខ ៣៣ ច្រក​ព្រំដែន​កម្ពុជា-វៀតណាម ព្រែក​ចាក (កំពត) សាសៀរ (ហាទៀង) និង ​តាម​ផ្លូវជាតិ​លេខ ២ តាម​ច្រកភ្នំដិន​ ដែលអាច​ជួយ​ជំរុញ​សន្ទុះ នៃការធ្វើ​សមាហរ​ណ​កម្មរបស់​កម្ពុជា ​​ទៅ​ក្នុង​តំបន់លើ​គ្រប់​វិស័យ ដែល​អាច​ជួយ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សំរេច​ជោគជ័យ​លើ​គោល​​ដៅនៃ​កម្មវិធី​លើក​កំពស់កំណើន​សេដ្ឋ​កិច្ច​ជាតិ និង ជីវិភាព​ប្រជាពល​រដ្ឋ ឲ្យ​ប្រសើរ​ទ្បើង​ជា​លំដាប់ ។


សម្តេចតេជោ ថ្លែង​បន្តឲ្យ​ដឹង​​ថា ការសម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ៣ និង​ការ​សម្ពោធ​បើក​ការដ្ឋាន​ផ្លូវ​បន្ថែម​ទៀត គឺ​ជាលទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​កម្រិត​កំពូល​រវាង​ប្រមុខរដ្ឋាភិបាល​ កម្ពុជា និង​ប្រធានា​ធិបតី របស់​សាធរណ​រដ្ឋ​កូរ៉េ ទាំង​អតីត​ប្រធានាធិបតី គឹម ដេ យ្យុង និង​ប្រធានធិបតី​បច្ចុប្បន្ន លី ម្យុងបាក់ ដែល​សុទ្ធ​តែបាន​គាំទ្រ​នូវគម្រោង​ទាំងឡាយ​របស់កម្ពុជា​។

ឯកឧត្តម ចាង ហូជីន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅកម្ពុជា​ថ្លែង​ថា រដ្ឋាភិបាល និង ប្រជាជន​សាធារណរដ្ឋ​កូរ៉េ​មានសេចក្តី​សោមនស្ស​រីករាយ​ក្រៃលែង​ដោយ​បានចូល​ រួម​ចំណែក​នៅ ក្នុង ឱកាស​នេះ ដើម្បី​គម្រោង​កែ​លម្អ​នូវ​ហេដ្ឋា​រចនា​ស័ម្ពន្ធ​របស់​ប្រទេស​មួយនេះ។ ឯកឧត្តម ចាង ហូជីន មាន​ប្រសាសន៍​ថា ខ្ញុំសូម​សំដែង​នូវការដឹង​គុណយ៉ាង​ជ្រាល​ជ្រៅ ចំពោះ​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ ចំពោះ ការ​គាំទ្រ​យ៉ាង​ខ្លាំង​​ក្លា​ដល់ការអនុវត្ត​ប្រកបដោយ​សុវត្ថិភាព​យ៉ាង​ រឹងមាំ នូវចំណង​មិត្តភាព និង កិច្ចសហ ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរនោះ។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តី​ក្រសួងសាធារណការ និង ដឹកជញ្ជូន​ថ្លែងថា ការចំណាយ​ថវិកា​សរុប សម្រាប់​ការសាង​សង់​កំណាត់​ផ្លូវជាតិ​លេខ ៣ ប្រវែង ១៣៤,៨០គម ពី​ចោមចៅ​ដល់​ទីរួមខេត្ត​កំពត​មាន ប្រមាណ ៤១,៥ លាន​ដុល្លារអាមេរិក ក្នុងនោះ​កំចីឥណទាន​ពីរដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​ចំនួន ៣៦,៩ លាន​ដុល្លារ​អាមេរិក និង ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន ៤,៦ លានដុល្លារ​អាមេរិក​ដោយ ប្រើប្រាស់​រយៈ​ពេលសាង​សង់​ចំនួន ៣៦ ខែគិត​ចាប់ពី​ថ្ងៃទី ០២ ខែ​មិថុនា ឆ្នាំ ២០០៨ និងបាន​បញ្ចប់ រួច រាល់​កាល​ពីថ្ងៃទី ០១ ខែ​មិថុនា ឆ្នាំ ២០១១ កន្លង​ទៅ​តាម​ពេល​វេលា​កំណត់។
ឯកឧត្តម ​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការដ្ឋាន​ផ្លូវជាតិ​លេខ​៣១,៣៣,១១៧ និងផ្លូវវាង​ទីរួម​ខេត្ត​កំពត មាន​ប្រវែង​សរុប ១០៦គីឡូម៉ែត្រ​ ដែល​បានបើក​ការដ្ឋាន​នេះនឹង​ត្រូវ​ចំណាយ​ថវិកា​​សរុប​ប្រមាណ ៣៥,៣ លាន ដុល្លារ​អាមេរិក ក្នុង​នោះថវិកា​កម្ចីឥណទាន​ពីរដ្ឋាភិបាល​នៃសាធារណរដ្ឋកូរ៉េចំនួន ៣០ លានដុល្លារ អាមេ រិក និង ថវិកាបដិភាគ​រាជរដ្ឋាភិបាល​កម្ពុជាចំនួន ៥,៣ លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​ប្រើប្រាស់​រយៈពេល​សាងសង់ចំនួន ៣០ ខែ គិតចាប់ពីថ្ងៃ ទី០១ ខែសីហា ឆ្នាំ២០១១ រហូត​ដល់ខែម​ករា ឆ្នាំ ២០១៤ ខាងមុខ។ 




ចំណែក ​គម្រោង​ធ្វើឱ្យប្រសើរ​ឡើងវិញ​ផ្លូវជាតិលេខ ៣៣ ពីកំពង់​ត្រាច​ដល់​ព្រំដែន​កម្ពុជា-វៀត ណាម​ប្រវែង ១៥,៨៤គ.ម និង​គម្រោងឯ​ទៀតៗ​នឹងត្រូវ​ចំណាយ​ថវិកា​សរុប ១៨,៧០ លានដុល្លារ​អាមេរិក ក្នុង​នោះ​ថវិកា  បដិភាគ​របស់រាជរដ្ឋាភិបាល​កម្ពុជាចំនួន ១,១ លាន​ដុល្លាអាមេរិក ត្រូវ​ប្រើរយៈពេល​សាង សង់​ចំនួន ១៨ ខែ គិត​ចាប់ពី​ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១១ រហូត​ដល់ចុង​ខែធ្នូ ឆ្នាំ២០១២ ។

សូម ​បញ្ជាក់ថា ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវជាតិ​មិត្តភាព​កម្ពុជា-កូរ៉េ​ ក៏​មាន​ការ​ប្រកាស​បើក​ការ​ដ្ឋាន​នាពេល​​ជាមួយ​គ្នា​នោះ​ដែរ​​រួមមាន​គម្រោង ​កែលម្អផ្លូវចំនួន ៦ គម្រោងមាន​ប្រវែង​សរុប​​ ១០៦ គ.ម ដែល បួនគម្រោង​ត្រូវ​​បានអនុវត្ត​ក្រោម​ឥណទាន​កម្ចី​របស់​សាធារណ​រដ្ឋកូរ៉េ គឺ​(១) ផ្លូវជាតិលេខ ៣១ ចាប់​ពីបែក គូស ដល់​កំពង់​ត្រាច (២) ផ្លូវ​ជាតិលេខ ៣៣ ចាប់ពី​កំពង់​ត្រាច ដល់​ទីរួម​ខេត្ត​កំពត (៣) ផ្លូវ​ខេត្ត​លេខ ១១៧ ចាប់ពី​អង្គ​សុភី​ផ្លូវបំបែក​ផ្លូវជាតិ​លេខ ៣១​ ដល់​តន់​​ហន់​(ព្រំដែនកម្ពុជា-វៀតណាម)​ និង (៤) ផ្លូវ វាង​ទីរួម​ខេត្ត កំពត ចាប់​ពីឃុំ​ជុំគ្រៀល​ បំបែក​​​ផ្លូវ​ជាតិ​លេខ ៣៣ ដល់ឃុំ​កំពង់​គ្រែង ចំណុច​បំបែក​ផ្លូវជាតិ​លេខ ៣ និង ​បី គម្រោងទៀត​អនុវត្ត​ក្រោម​​ឥណ​ទាន​កម្ចីរបស់​ធនាគារ​អភិវឌ្ឍន៏អាស៊ី និង​ ជំនួយ​ឥតសំណង​របស់​ប្រទេស​អូស្ត្រា​លី គឺ​គម្រោង​ធ្វើឲ្យ​ប្រសើរ​ទ្បើងវិញផ្លូវ​ជាតិ​លេខ ៣៣ ពី​កំពង់ត្រាច​ដល់​ព្រំដែន​កម្ពុជា-វៀតណាម គម្រោង​​​សាង​សង់ប៉ុស្តិ៍​ព្រំដែន ​កម្ពុជា-វៀតណាម ព្រែកចាក (កំពត) សាសៀរ (ហាទៀង)​ និង​គម្រោង​ថែ​ទំា​ផ្លូវ​ជាតិលេខ ៣ ពីទី​រួមខេត្ត​កំពតដល់​វាលរេញ ។

តាមរយៈ ​ឯក​អគ្គ​រដ្ឋទូត​សាធារណៈរដ្ឋ​កូរ៉េ​បាន​ឲ្យ​ដឹង​ថា ជំនួយ​សរុបរបស់​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ផ្តល់​ដល់កម្ពុជា​តាមរយៈ​កំចីឥណទាន​សម្រាប់​ការអភិវឌ្ឍន៍​ សេដ្ឋកិច្ច នឹង​កើន​ឡើង​ចំនួន ៣៤០ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ។