Wednesday, November 23, 2011

គណបក្សប្រឆាំងនៅ​កម្ពុជា​ គ្មាន​សិទ្ធិ​វេតូ​ទេ​


សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន បាន​ប្រកាស​ថា គម្រោង​ពិភាក្សា​នៅ​សភា​ជាតិ នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា លើ​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២ នោះ គឺ​មិន​មាន​ការ​រាំង​ស្ទះ ឬ​បរាជ័យ​ទេ បើ​ទោះ​បី​ជា​គណបក្ស​ប្រឆាំង​​បាន​ប្រកាស​ធ្វើ​ពហិការ ក្នុង​គោល​បំណង​ឲ្យ​គម្រោង​ការ​អនុម័ត​នោះ​ទទួល​បរាជ័យ​ក៏ដោយ។


មាន ​ប្រសាសន៍​​ប្រតិកម្ម​​​ ក្នុង​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន លើក​ទី​១៦ ដែល​ប្រារព្ធធ្វើ​ឡើង​ នា​ព្រឹក​ថ្ងៃទី​២៣​វិច្ឆិកា ឆ្នាំ​២០១១ នៅ​វិមាន​សន្តិភាព​ ​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា "​សំឡេង​ភាគតិច​ចាប់បង្ខំ​សំឡេង​ភាគ​ច្រើន ដោយ​បង្កើត​វិបត្តិ​នៃ​ការជាប់គាំង​នយោបាយ​រយៈពេល​មួយ​ឆ្នាំ ក្រោយ​ការ​បោះ​ឆ្នោត ឆ្នាំ​២០០៣​។ ឥឡូវនេះ​ប្រហែលជា​មាន​ការប៉ុនប៉ង​ភាគតិច ចាប់បង្ខំ​ឲ្យ​ភាគច្រើន​គោរព​តាម​ទៀតហើយ ហើយ​មាន​ការដាក់​គំនាប​មក​ខ្ញុំ​ទៀតថា បើ​មិន​ចរចា​ទេ គេ​នឹង​ធ្វើ​។ តែ​ខ្ញុំ​ប្រាប់​ត្រឡប់​ទៅ​វិញ​ថា បើ​ឆ្កួត ឆ្កួត​តែម្នាក់ឯង​ទៅ ហើយ​បើ​យល់​ល្អ លា​ទាំង ២៦ នាក់​ទៅ​។ តែបើ​លាលែង​នោះ គេ​នឹង​យក​អាសនៈ​​នោះ ទៅ​ឲ្យ​គណបក្ស​ដទៃ​"​។ 
ទាក់ ​ទង​នឹង​ការ​ប្រកាស​លាឈប់​ពី​សមាជិក​រដ្ឋ​សភា​ ដោយ​អ្នក​តំណាង​រាស្រ្តគណបក្ស​ សម រង្ស៊ី ចំនួន​ ៣ រូប​កាល​ពី​ថ្ងៃទី ២១ ខែ​វិច្ឆិកា ឆ្នាំ​២០១១​ ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ការ​ប្រជុំ​រដ្ឋ​សភា​ ដើម្បី​អនុម័ត​ថវិកា​ជាតិ​ឆ្នាំ ២០១២​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី បានមាន​ប្រសាសន៍​បញ្ជាក់​ថា "​ប្រហែលជា​មិន​លា​ទេ ព្រោះ​ស្អែក​នេះ គេ​ប្រហែលជា​ចូលរួម​ប្រជុំ​រដ្ឋសភា​ហើយ គឺ​គេ​លា​តែ ៤ នាក់​ទេ ដើម្បី​ឲ្យ​រដ្ឋសភា មាន​សមាជិក​ត្រឹមតែ ១១៩ នាក់​។ តែ​ខ្ញុំ​ផ្តាំ​ត្រឡប់​​ទៅ​វិញ​ថា កុំ​រង់ចាំ​ចរចា គឺ​កុំ​រង់ចាំ​ឲ្យសោះ​។ ខ្ញុំ​កំពុង​ចរចា​ជាមួយ​វិស័យ​ឯកជន ឬ​សង្គម​ស៊ីវិល​។ ប៉ុន្តែ​មក​ដាក់​លក្ខខណ្ឌ​ឲ្យ​ខ្ញុំ បើ​មិន​ចរចា គេ​នឹង​ធ្វើ​ពហិការ មិន​ចូលរួម​ប្រជុំ គឺ​អត់​បាន​ទេ​។ វា​ខុស​គ្នា​នឹង​ប្រព័ន្ធ ២ ភាគ ៣ ដែល​កូរ៉ុម (រដ្ឋសភា) ត្រូវ​ស្មើនឹង ៨៥ ឬ ៨៧ ទើប​អាច​ប្រជុំបាន​។ ប៉ុន្តែ​ឥឡូវ កូរ៉ុម មានតែ ៦២ ទេ គឺ​អាច​ប្រជុំបាន​ហើយ គ្មាន​បញ្ហា​អ្វី​ទាល់តែសោះ ក្នុងពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា មាន​រហូត​ដល់ ៩០ អាសនៈ ក្នុងចំណោម​អាសនៈ​រដ្ឋសភា​សរុប ១២៣ រូប​។ ដូច្នេះ​កូរ៉ុម មិនចាំបាច់​ខ្ញុំ​ទៅ ឬ​ឯកឧត្តម ស ខេង និង​ឯកឧត្តម ទៀ បាញ់ ទៅ​តែ​គ្រប់​ដែរ​​"​។
សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ទៅ​បក្សប្រឆាំង តាម​វេទិកា​នេះ​ទៅ​វិញ​ផង​ថា "​បើ​ឆ្កួត ឆ្កួត​តែឯង​ទេ កុំ​នាំ​ខ្ញុំ​ឆ្កួត ខ្ញុំ​មិន​ឆ្កួត​ជាមួយ​ទេ​។ វា​មិន​ដែល​សំឡេង​ភាគ​តិច​​ឯណា មក​ចាប់​បង្ខំ ធ្វើ​វេតូ ជំទាស់​នឹង​សំឡេង​ភាគ​ច្រើន​ទេ​។ បក្សប្រឆាំង គ្មាន​សិទ្ធិ​វេតូ​ទេ​។ ហើយ​ក៏​គ្មាន​នរណា​មួយមាន​សិទ្ធិ​វេតូ​ទេ សូម្បី​តែ​ព្រះមហាក្សត្រ ក៏​មិន​មាន​សិទ្ធិ​វេតូ​ទេ​។
សម្តេចតេជោ​ ក៏​បានមាន​ប្រសាសន៍​ឲ្យ​ដឹង​អំពី​សិទ្ធិ​វេតូ​នៅ​ក្នុង​​ប្រទេស​ដទៃ​ថា នៅលើ​ពិភពលោក មានតែ​ប្រធានាធិបតី​អាមេរិក​មួយគត់ ដែល​មាន​សិទ្ធិ​វេតូ ជំទាស់​នឹង​ការសម្រេច​របស់​រដ្ឋសភា​។ ក្រៅពី​នោះ​គ្មាន​ទេ​។ សូម្បី​នៅ​ប្រទេស​បារាំង សភា​ក៏​មាន​ការបោះឆ្នោត និង​ប្រធានាធិបតី ក៏​ត្រូវ​បោះឆ្នោត ប៉ុន្តែ​ប្រធានាធិបតី​បារាំង គ្មាន​សិទ្ធិ​វេតូ នឹង​ការសម្រេច​របស់​រដ្ឋសភា​នោះទេ​"​។


សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន​ សែន ក៏​បាន​បញ្ជាក់​​​ថា "​ចំពោះ​ការលើកឡើង​របស់​គណ​បក្សប្រឆាំង គឺ​ខ្ញុំ​បាន​ចារ​អក្សរ​ត្រឡប់​ទៅ​វិញ​ថា បើ​ឆ្កួត ឆ្កួត​តែឯង​ទៅ ខ្ញុំ​មិន​រវល់​ឆ្កួតជាមួយ​ទេ ហើយ​បើ​យល់​ល្អ លា​ទាំង ២៦ នាក់​ទៅ កុំឲ្យ​វា​ពិបាក​។ អស់លោក​លោកស្រី ជា​អង្គទូត គឺ​គេ​នឹង​គ្រោង​ប្តឹង​ទៅ​អស់លោក​ថា សភា​មិន​គ្រប់​ទឹក​។ សភា​មិន​គ្រប់​ទឹក ឬ​មិន​គ្រប់​ទឹក វា​ស្ថិត​នៅ ថា​តើ​មាន​កូរ៉ុម​ប្រជុំ ឬ​អត់​? បើ​មាន​កូរ៉ុម​ប្រជុំ គឺ​បាន​ហើយ​។ តែ​បើ​អ្នកឯង​លា ត្រូវ​ដាក់​ឈ្មោះ មក​ជំនួស​។ បើ​អ្នកឯង​មិន​ដាក់​ឈ្មោះ​មក​ជំនួស​ទេ គឺ​អ្នកឯង​បោះបង់​អាសនៈ​។ តែ​ឥឡូវ អ្នក​ឯង​មិន​ទាន់​បោះបង់​អាសនៈ​ឯណា ដូច្នេះ​សភា​នៅតែ ១២៣ អាសនៈ​ដដែល​។ ដូច្នេះ​អ្នក​ឯង​លា គ្មាន​ប្រសិទ្ធភាព​ទេ​"៕