Friday, December 2, 2011

សេចក្តីបំភ្លឺ របស់​អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស សារព័ត៌មាន The Bangkok Post យល់ស្ទើរតែខុសទាំងអស់ស្តីពីការកាត់ក្តីខ្មែរក្រហម


          បទវិចារណកថា​របស់​សារព័ត៌​មានThe Bangkok Post ចុះ​ថ្ងៃទី​២៩ ខែវិច្ឆិកា ដែល​ទាក់ទង​ទៅ​នឹង ការ​កាត់​ក្តីនា​ពេល​បច្ចុប្បន្ន​ចំពោះ​អតីត​មេដឹក​នាំ​របប​ខ្មែរ​ក្រហម​ មាន​ចំណុច​មិន​ត្រឹម​ត្រូវ​ជាច្រើន​ ដែល​ខ្លះខុស ខ្លាំង និងខ្លះ​ខុស​តិច​តួច។ ចំណុច​ទាំងនោះ​មាន​ដូច​តទៅ៖

១. ចំណង​ជើង​នៃបទ​វិចារណកថា​នោះ ដែល​ហៅ​ដំណើរ​ការ​នីតិវិធី​នេះថា​ជា «ការកាត់​ក្តីឆាក​ល្ខោន​មួយ» គឺ ជាការ​លើក​ឡើង​ដ៏ខុស​ឆ្គង​មួយ ដែល​បទវិចារណកថា​នោះមិន​បាន​ផ្តល់​ហេតុ​ផល​ពន្យល់​ត្រឹម​ត្រូវអ្វីនោះ​ទេ។ ជាង​នេះទៅ​ទៀត ប្រយោគ​ទី១ គឺផ្ទុយ​ទៅនឹង​ចំណង​ជើង​ទៅហើ​យ ដោយ​បាន​បញ្ជាក់​ថាតុលាការ​នេះ គឺ ជា «តុលាការ​អន្តរជាតិ​ដ៏សំខាន់​បំផុត​នៃសម័យ​កាល​របស់​យើង»។

២. ចាប់​ផ្តើម​សវនាការ​នៃការ​កាត់​ក្តីនេះ មានរយៈ​ពេល​បីថ្ងៃ មិនមែន​ពីរថ្ងៃ​ទេ។

៣. ចុង​ចោទ មាន​សុខភាព «មិន​ខ្សោយ​ពេក​ទេ» ដែល​ថាមិន​អាចដឹង​អំពីលទ្ធផល​នៃការ​កាត់​ក្តីនេះ​បាន។ ការ អះអាង​ដែលថា​ចុងចោទ​មាន​សុខភាព​ខ្សោយ​ពេក​នោះ អាចនឹង​សមហេតុ​ផល តែ​ក្នុង​ករណី​ដែល​ពួកគេ មានសុខភាព​ខ្សោយ​ពេក ដែល​មិនអាច​ដឹងថា​តើពួក​គេនឹងនៅ​ក្នុង​ពន្ធនាគារ ឬត្រូវ​ដោះលែង​ឱ្យមាន សេរីភាព។ តាម​ពិត ចុង​ចោទ​ពីររូប​ក្នុង​ចំណោម​ចុងចោទ​ទាំងបី​រូបនោះ​ មានសុខភាព​ខ្លាំងគ្រប់​គ្រាន់​ក្នុង​ការ ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ចាប់ផ្តើម​ដ៏វែង។ ចុងចោទ​ទីបី​គឺ អៀង សារី នោះ បាន​អាន​សេចក្តី​ថ្លែងការណ៍ខ្លី មួយ ហើយ​មិនបាន​និយាយ​អ្វីបន្ថែម​ទៀត​ទេ ដោយសារ​តែការ​គិតគូរ​ពិចារណា​ផ្លូវច្បាប់។

៤.  «ទំហំដ៏​ធំធេង​នៃឧក្រិដ្ឋកម្ម​របស់​របប​ខ្មែរ​ក្រហម បានត្រូវ​គេដឹង​យូរ​មក​ហើយ ប៉ុន្តែមិន​ដែលត្រូវ​បាន​សម្រេច ដោះស្រាយ​ជាសា​ធារណៈ ឬអាច​និយាយ​បានក្នុង​ករណី​ជាច្រើន​ថាមិន​ដែលត្រូវ​បាន​ទទួល​ស្គាល់ជា សាធារណៈ​នោះ​ទេ។ ឧក្រិដ្ឋ​កម្មទាំង​នេះ ប្រហែល​ជាមិន​ត្រូវបាន​បញ្ចូល​ធ្វើជា​ព័ត៌មាន​សំខាន់​នៅ​លើទំព័រ សារព័ត៌មាន The Bangkok Post នោះទេ ប៉ុន្តែ​ឧក្រិដ្ឋកម្ម​ទាំង​នេះ ត្រូវបាន​គេលើក​យកមក​និយាយ​ជា ញឹក​ញាប់​នៅក្នុង​ប្រទេស​កម្ពុជា ទាំង​ក្នុង​ការចង​ចាំនៃ​រដ្ឋាភិបាល និងផ្នែក​ឯកជន ក៏ដូច​ជានៅ​ក្នុង​សំណេរ ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​អត្ថបទ និង​សៀវភៅ​បោះពុម្ព​ផ្សាយ​របស់​អ្នក​រួចផុត​ពី​សេចក្តី​ស្លាប់នានា ភាពយន្ត ឯកសារ​ផ្សេងៗ ការងារ​សិល្បៈ ។ល។ លើស​នេះ​ទៀត ក៏មាន​ការកាត់​ក្តីកំបាំង​មុខ​ចំពោះ ប៉ុល ពត និង​អៀង សារី ក្នុងឆ្នាំ១៩៧៩ នៅក្នុង​ប្រទេស​កម្ពុជា។

៥. អង្គ​សវនាការ​នេះ ទើបតែត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៦​ប៉ុណ្ណោះ។ ដូច្នេះ វាមិនអាច​ទៅរួច​នោះទេ ដែលថា​អង្គសវនា​ការនេះ​ចំណាយ​ពេល «រាប់ទសវត្សរ៍» គ្មានបាន​ធ្វើអ្វីទាំង​អស់ លើក​លែង​តែ «ការ​បង្កើត ឱ្យមាន​ប្រព័ន្ធ​កាត់ក្តី»។ វាពិបាក​នឹងយល់​ច្បាស់​ពីពាក្យ «អ្វីទាំង​អស់» ដែល​អ្នក​និពន្ធ​បទវិចារណ​កថា របស់ The Bangkok Post នោះ​សរសេរ​មានន័យ​យ៉ាង​ម៉េច? ប៉ុន្តែ​វាប្រហែល​ជាសំដៅ​ទៅ​លើការ​អនុម័ត របស់​ចៅក្រម​ទៅលើវិធាន​តុលាការ​ហើយ​មើល​ទៅ។ អង្គសវនាការ​ខ្មែរក្រហម​នេះ បាន​ចំណាយ​ពេល អស់មួយ​ឆ្នាំ ដើម្បី​អនុម័ត​វិធាន​របស់​ខ្លួន។ នេះ​ប្រហែល​ជាហាក់​ដូចជា «រាប់​ទសវត្សរ៍» ចំពោះ​បុគ្គល​ខ្លះ​ ប៉ុន្តែ​ការងារ អនុម័ត​វិធាន​ក្នុងអង្គ​សវនាការ​នេះ ត្រូវបាន​បញ្ចប់យ៉ាង​លឿនជាង​នៅក្នុង​អង្គ​សវនាការ អន្តរជាតិ​ដទៃៗ​ទៀត នៅ ក្នុង​សម័យ​បច្ចុប្បន្ននេះ។

៦. «រដ្ឋា​ភិបាល​កម្ពុជា គឺជា​អ្នកបង្អាក់​ដំណើរការ​ដ៏ធំ​បំផុត ជាពិសេស​គឺ នាយករដ្ឋមន្ត្រី ហ៊ុន សែន»។ អ្វីដូច ដែលបាន​សរសេរ​នៅលើ​សារព័ត៌មាន The Bangkok Post នេះ ធ្វើឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្តេច តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នក​ទទួលខុស​ត្រូវលើការ​ធ្វើឱ្យ​អង្គសវនាការ​នេះ ប្រើពេល «យ៉ាងយូរ» (មួយឆ្នាំ) ក្នុងការ​អនុម័ត​វិធាន​របស់​ខ្លួន។ ប៉ុន្តែ អ្នកនិពន្ធ​រូបនោះ ប្រហែល​ជាកំពុង​តែ​ព្យាយាម ឱ្យគេយល់​ផងដែរ​ថា អង្គ​សវនាការ​នេះមិនបាន​ធ្វើអ្វីទៀត​ជាដុំកំភួន​នោះទេ។ ជាភ័ស្តុតាង អ្នក​និពន្ធរូប នោះ​មិនបាន​ដឹងទេ​ថា ការរៀបចំ​ការកាត់​ក្តីក្នុង​កម្រិត​សំខាន់ និងស្មុគស្មាញ​របៀប​នេះ ទាមទារ​នូវពេល វេលាដ៏​ជាក់លាក់​មួយ ក្នុងការ​ធ្វើកិច្ចការ​ដូចជា ការសំភាសន៍​ជាមួយ​សាក្សី និងប្រមូល​ភ័ស្តុតាង។ នេះ ហើយគឺជា​អ្វីដែល​អង្គសវនា​ការនេះ​បាន និង​កំពុងធ្វើ ដែល​បន្ថែមទៅ​លើការបើក​សវនាការ​កាត់ក្តី​លើ ឌុច អង្គ​សវនាការ​នេះមិនត្រូវ​បានរាំង​ស្ទះដោយ​រាជរដ្ឋា​ភិបាល ឬអ្នកណា​ផ្សេងទៀត​នោះទេ។

៧. «រដ្ឋាភិបាល​បរទេស​នានា រួមមានទាំង​ថៃផង​ដែរនោះ ពេលខ្លះ ​មានការ​អល់អែក ហើយមិន​ដែល​ស្វាគមន៍ ចំពោះការបង្កើត​ឡើងនូវតុលាការ​ពិសេស​ដើម្បីកាត់​ទោស មេដឹកនាំខ្មែរ​ក្រហមនោះទេ»។ ដោយ​មិន ដែលអល់​អែកក្នុងការ​សំដែងពីភាព​ល្ងង់ខ្លៅ​របស់ខ្លួន អ្នកនិពន្ធ​នៃបទវិចារណកថា​របស់​សារព័ត៌មាន The Bangkok Post រូបនេះ ប្រាប់យើង​ថា មានតុលាការ​ច្រើនជាង​មួយ ដែល​កាត់ទោស​មេដឹកនាំ​ខ្មែរ ក្រហម។ ជាការ​ពិត ជាង​នេះទៀត​នោះ ការពន្យារ​ពេលក្នុង​ការ​បង្កើត​អង្គសវនាកា​រនេះ មិនមែន​ដោយ​សារ តែខ្វះនូវការ​ស្វាគមន៍​ពីសំណាក់​រដ្ឋាភិបាល​បរទេស​នោះទេ ប៉ុន្តែ​ដោយ​សារការ​ពិតដែល​ថា មេដឹក​នាំខ្មែរ ក្រហម​នានា​មិនបាន​ស្ថិតក្នុង​ការឃាត់​ខ្លួន។ ចាប់តាំង​ពីពេល​ដែល​មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ បានត្រូវ គេបណ្តេញ​ចេញពី​អំណាច​ក្នុងដើម​ឆ្នាំ១៩៧៩ នោះ ពួកគេ​ត្រូវបាន​ការពារ និងគាំទ្រ​ផ្នែកការ​ទូត ផ្នែក សម្ភារៈ ហិរញ្ញវត្ថុ និងយោធា ដោយរដ្ឋាភិបាល​បរទេស​មួយ​ចំនួន។ ការគាំ​ទ្រនេះ បានត្រូវ​ធ្លាក់ចុះ ទើបតែ​ក្រោយ​ឆ្នាំ១៩៩៣​តែប៉ុណ្ណោះ ហើយ​ក្នុងកាលៈ​ទេសៈដ៏អំណោយ​ផលជាង​មុននេះ នៅចុង ទសវត្សរ៍​ឆ្នាំ១៩៩០ នយោ​បាយ ឈ្នះ-ឈ្នះ របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ទទួល​បានជោគ​ជ័យក្នុង​ការ​កំទេច កំលាំង​យោធា និងរចនា​សម្ព័ន្ធ​នយោបាយ​ខ្មែរ​ក្រហម។ មានតែ​នៅខណៈ​ពេលនេះ​ទេដែល​ការកាត់​ក្តី អាចធ្វើ​ទៅបាន។

៨. ប៉ុល ពត «បានស្លាប់​នៅលើគ្រែ​របស់ខ្លួន​នៅក្នុងខេត្ត​ដាច់​ស្រយាល​មួយ»។ នេះជា​ការត្រឹម​ត្រូវ ប៉ុន្តែ មិនពេញ​លេញ​នោះទេ។ ប៉ុល ពត បានស្លាប់​នៅឆ្ងាយ​ពីទីក្រុង​ភ្នំពេញ ប៉ុន្តែ​គេអាច​ធ្វើដំណើរ​ទៅដល់ ហើយ នៅតែស្ថិត​នៅក្នុង​ប្រទេស​កម្ពុជា។ ទីតាំងនោះ​គឺ​នៅជិត​ទៅនឹង​ព្រំដែន​អន្តរជាតិ​មួយ។

៩. នាយក​រដ្ឋមន្ត្រី ហ៊ុន សែន «ខ្លាចទៅ​នឹងសំណួរ​ដែលសួរ​ថាតើគាត់​មានទំនាក់​ទំនងជិត​ស្និទ្ធប៉ុនណា​ទៅ​នឹង មេដឹកនាំ​កំពូល ក្នុងនាម​ខ្លួនគាត់​ជាមេ​បញ្ជាការ​យោធា​ខ្មែរក្រហម​មួយ​រូប»។ ទេ សម្តេច ហ៊ុន សែន មិន ខ្លាច​នោះទេ។ គ្មាន​នរណាម្នាក់​ដែលអាច​ត្រូវបាន​គេយក​ចិត្តទុក​ដាក់ខ្លាំង​នោះ ធ្លាប់​បានចោទ​ប្រកាន់ សម្តេច ថាមាន​តួនាទីខ្ពស់​នៅក្នុង​ឋានានុ​ក្រមខ្មែរ​ក្រហម​នោះឡើយ។ សម្តេច ហ៊ុន សែន បានរង​របួស​ជាទម្ងន់ នៅ​ថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ មួយ​ថ្ងៃមុន​ពេលដែល​ខ្មែរក្រហម​បានចូល​កាន់កាប់​ភ្នំពេញ។ សម្តេច បាន​ត្រូវ​សម្រាក​ព្យាបាល ក្នុង​មន្ទីរពេទ្យ​រហូតដល់​ខែមករា ឆ្នាំ១៩៧៦។ នៅខណៈ​ពេលនោះ សម្តេច ហ៊ុន សែន មាន​អាយុមិន​ដល់ ២៤ឆ្នាំ ផង។ គ្មាន​មេដឹក​នាំខ្មែរ​ក្រហម​សំខាន់ណា​ដែលមាន​អាយុ​ប៉ុន នេះទេ។ សម្តេច បាន​ត្រូវបញ្ជូន​ទៅតំបន់ បូព៌ា​ (តំបន់មួយ​នៃតំបន់​ប្រាំពីរ​ដែល​ខ្មែក្រហម​បានបែង​ចែក ប្រទេស)។ នៅក្នុង​តំបន់​បូព៌ានេះ មានប្រាំ​ភូមិភាគ។ សម្តេច ហ៊ុន សែន បានត្រូវ​ចាត់តាំង​ជាមេ បញ្ជាការរង​នៃកងវ​រសេនាធំមួយ​ក្នុងចំណោម​កង​វរសេនា​ធំបី ដែលឈរ​ជើងនៅ​ក្នុងភូមិភាគ​មួយនៃ​ភូមិភាគ ទាំង​ប្រាំ។ សម្តេច មានឋានៈ​ទី៧ នៅ​ក្នុង​ឋានានុ​ក្រមយោធា​នៃតំបន់​នោះ។ អ្នកនិពន្ធ​នៃបទ​វិចារណកថា របស់​សារព័ត៌មាន The Bangkok Post រូបនោះ ហាក់​ដូចជា មិនដឹងថា សម្តេច ហ៊ុន សែន បានដឹង យ៉ាង​រហ័ស​អំពីគ្រោះ​មហន្តរាយ​ដែលខ្មែរ​ក្រហម​បានកំពុង​ធ្វើឱ្យ​មានឡើង ហើយ​បានប្រថុយ​ជីវិតរបស់ សម្តេច ដោយជួយ​ធ្វើឱ្យ​របប​នោះដួល​រលំ។

          វាជាការ​លំបាក​ដើម្បីដឹង​ថាតើភាព​ល្ងង់ខ្លៅ ឬការ​សរសេរ​ពណ៌នាខុស​ឆ្គងដោយ​ចេតនា​នោះ ដែល​ជា មូលហេតុ​ធំបំផុត​នៅក្នុង​ការតាក់តែង​បទវិចារណកថា​របស់​សារព័ត៌មាន The Bangkok Post នេះ។ ទោះជា ហេតុផល​មួយណា​ក៏ដោយ ក៏មិន​បានធ្វើ​ឱ្យសារព័ត៌មាន​នេះទទួល​បានកា​រជឿទុក​ចិត្តនោះ​ទេ។

រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១១
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
នៃទីស្តីការគណៈរដ្ឋមន្ត្រី