Tuesday, December 20, 2011

ឯកឧត្តម​បណ្ឌិត សុខ អាន សម្ពោធ​ជើង​ហោះហើរ​សៀមរាប​-ខេត្ត​ព្រះសីហនុ​ របស់​ក្រុម​ហ៊ុន​អាកាស​ចរ​ជាតិ​កម្ពុជា អង្គរ​អ៊ែរ​



           ជើង​ហោះ​ហើរ​ ៣ដង ក្នុង​១ សប្តាហ៍​រវាង​ខេត្ត​ សៀម​​រាប​ និង​ខេត្ត​ព្រះសីហនុ​របស់​ក្រុម​ហ៊ុន អាកាសចរ​ជាតិ​កម្ពុជា​អង្គរអ៊ែរ​ ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​នា​រសៀល​ថ្ងៃទី ១៩ ខែ​ធ្នូ ឆ្នាំ ២០១១ នៅ​ព្រលាន​យន្តហោះ​អន្ត​រជាតិ​ខេត្តព្រះ​សីហនុ​ (កងកេង) ​ដោយ​ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋ ​មន្រ្តី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី ។​ តំណាង​ស្ថាន​ទូត​វៀតណាម និង​ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ ព្រម​ទាំង​លោក​ Luis-Roch BURGARD ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អាកាសយានដ្ឋាន​កម្ពុជា​ និង​ជា​អគ្គនាយក​នៃ​ក្រុម​ហ៊ុន​ VINCI ព្រម​ទាំង​​មន្រ្តី​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​រាជរដ្ឋា​ភិបាល​ជា​ច្រើន​ អ្នក​ទៀត​ក៏​មាន​វត្តមាន​ក្នុង​ពិធី​សម្ពោធជើង​ហោះហើរ​ សៀម​​រាប​ និង​ខេត្ត​ព្រះសីហនុ​របស់​ក្រុម​ហ៊ុន អាកាសចរ​ជាតិ​កម្ពុជា​អង្គរអ៊ែរផង​ដែរ​។

          ឯកឧត្តម​បណ្ឌិត សុខ អាន បាន ​មាន​ប្រសាសន៍ថា ការចាប់ផ្តើម​ដំណើរ​ការការ​ហោះហើរ​រវាង ខេត្ត​សៀមរាប និង​ខេត្តព្រះ​សីហនុ របស់​ក្រុមហ៊ុន​​អាកាសចរ​កម្ពុជា​អង្គរ​អ៊ែរ​ជាមោទនភាព​មួយ​ថ្មីទៀត របស់​ជាតិ​យើង​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​តភ្ជាប់​តំបន់ទេសចរណ៍​វប្ប​ ធម៌នៃទី​ក្រុង​អង្គរ ជា​មួយ​តំបន់ឆ្នេរ​របស់កម្ពុជា ហើយក៏ជា​ការ​ចាប់ផ្តើមឲ្យ​មាន​ដំណើរ​​ការ​​​​ជា​ប្រក្រតី​ឡើង​វិញ​ របស់អា​កាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហនុ​ផងដែរ បន្ទាប់ពី​អាកាស​​​​យាន​​ដ្ឋាន​​នេះ​បានផ្អាក​ដំណើរ​ការមួយ​រយៈ និង​បានធ្វើការ​អភិវឌ្ឍ​បន្ថែម​ហេដ្ឋារចនា​សម្ព័ន្ធ​អាកាស​យាន​​ដ្ឋាន​​​ឲ្យ ​ស្របតាម​ស្តង់ដា​អន្តរជាតិ ។ ពិធី​សម្ពោធ​ជើង​ហោះ​ហើរ​នាថ្ងៃ​នេះ បញ្ជាក់​ឲ្យ​ឃើញ​​ផងដែរ ពីការ​យក​ចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ចាំបាច់​​នានា ពិសេស​ក្នុងវិស័យ​អាកាសចរ​ស៊ីវិល ដើម្បីបង្ក​លក្ខណៈ​ឲ្យកាន់​តែ​ងាយ​ស្រួល​ថែម​ទៀត សម្រាប់​ភ្ញៀវ​ទេសចរជាតិ​និងអន្តរជាតិ មកទស្សនា​ខេត្ត​ព្រះ​សី​ហ​នុ ដែល​យើង​សង្ឃឹម​ថា តាមរយៈ​ការ​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាស​ចរជាតិ កម្ពុជា​អង្គរអ៊ែរ​ ដំណាល​ គ្នា​ជាមួយ​ការចាប់​ផ្តើម​ដំណើរ​ការ​ជា​ប្រក្រតី​របស់​អាកាស​យានដ្ឋាន​ អន្តរជាតិ​នេះ នឹងប្រែក្លាយ​ខេត្តព្រះសីហនុទៅជា​ច្រក​ទ្វារ​ដ៏​សំខាន់​​សម្រាប់​ភ្ញៀវទេស​ ចរបរទេស មក​ទស្សនា​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ក្នុងខេត្ត​ព្រះសីហនុ កំពត និង​កោះកុង ។ ការ​តភ្ជាប់​រវាង​តំបន់ឆ្នេរ ​ទៅ​កាន់តំបន់​ទេសចរណ៍​វប្បធម៌​នៃ​ទីក្រុងអង្គរ និង​ផ្តល់​ភាព​ងាយ​ស្រួល​បន្ថែម​ទៀត​ជូន​ភ្ញៀវទេស​ចរ ឲ្យមាន​លទ្ធភាព​ទស្សនា​តំបន់​ទេសចរណ៍​វប្បធម៌​ក្នុង​ខេត្ត​សៀមរាប និង​តំបន់​ឆ្នេរ ជាមួយ​និង​កញ្ចប់​ទេសចរណ៍​តែមួយ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​អាច​ស្នាក់​នៅ​​កម្ពុជា​កាន់​តែយូរ ។

        ឯកឧត្តម​បណ្ឌិត សុខ អាន បាន ​មាន​ប្រសាសន៍​បន្ថែម​ថា ​ ការចាប់​ផ្តើមដំណើរ​ការការ​ហោះហើរ​រវាង ខេត្ត​សៀម​រាប និងខេត្ត​ព្រះសីហនុ របស់​ក្រុមហ៊ុន​ អាកាស​​​ចរជាតិ​កម្ពុជាអង្គរ​អ៊ែរ នៅពេល​នេះ បាន​បង្ហាញ​​ឲ្យ​ឃើញ​ច្បាស់​ពីការ​រីកចំរើន របស់​ក្រុមហ៊ុន​អាកាស​ចរជាតិ ​កម្ពុជាអង្គរ​អ៊ែរ ​ក្នុង​អាជីវកម្ម​របស់​ខ្លួន ជា​ពិសេស​ការអនុវត្ត​ប្រកប​ដោយ​ជោគជ័យ នូវ​ចក្ខុវិស័យ​ដ៍ភ្លឺថ្លារ​បស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក ​រដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា ដែល​បានផ្តល់​ការណែនាំ​ដ៍ខ្ពង់ខ្ពស់ ឲ្យ​បង្កើត​ក្រុមហ៊ុន​អាកាសចរ​ជាតិ កម្ពុជាអង្គរ​អ៊ែរ ក្នុងរូបភាព​ជា​ក្រុម ​ហ៊ុនចម្រុះ រវាងភាគី​កម្ពុជា និង​ក្រុមហ៊ុន​អាកាសចរ​ជាតិ​វៀតណាម ក្រោម​គំរោង​ទឹកប្រាក់​វិនិយោគ ១០០ លាន​​ដុល្លាអា​មេរិក កាល​ពីខែ​កក្កដា ឆ្នាំ២០០៩ កន្លង​ទៅនេះ។

ចាប់​អារម្មណ៍​ក្នុង​ពិធី​សម្ពោធ​ជើង​ហោះ​ហើរ​​របស់​ក្រុម​ហ៊ុន អាកាសចរ​ជាតិ​កម្ពុជា​អង្គរ​អ៊ែរ​នោះ​ដែរ​ឯកឧត្តម សូ​ ម៉ារ៉ា រដ្ឋ​លេខាធិការ​ និង​ជា​តំណាង​របស់​ឯកឧត្តម ថោង ខុន រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍​បាន​ស្វាគមន៍​ការ​បើក​ឲ្យ​មាន​ជើង​ហោះហើរ​រវាង​ខេត្ត​ព្រះ​សីហនុ និង​ខេត្ត​សៀម​រាប​ដោយ​ឯកឧត្តម​ សូ ម៉ារ៉ា បាន​​មាន​ប្រសាសន៍ថា នេះ​គឺ​ជា​លទ្ធផល​នៃ​កិច្ច​ប្រឹង​ប្រែង​របស់​​ឯកឧត្តម​បណ្ឌិត សុខ អាន ​ ដើម្បី​លើក​កម្ពស់​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​​បរទេស​ ដែល​មាន​កំណើន​ក្នុង​អត្រា ២៧% ក្នុង​ ១ ឆ្នាំ ជា​ពិសេស​នឹង​ជួយ​ឲ្យតំបន់​ឆ្នេរ​នៅ​ក្នុង​​ខេត្ត​ព្រះ​សីហនុមាន​ការ​ វិឌ្ឍន៍​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ជា​មិន​ខាន​​ ។​ ឯកឧត្តម​ សូ ម៉ារ៉ា បាន ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា យោង​តាម​ការ​ស្ទង់​មតិ​ក្នុង​ចំណោម​ភ្ញៀវ​ដែល​មក​ទស្សនា​ប្រាសាទ​អង្គរ​នៅ​ ខេត្ត​សៀម​រាបតាម​ជើង​យន្តហោះ​ ជាង​ ១លាននាក់​ មាន​ ២៥% ចង់​បន្ត​ដំណើរ​មកទស្សនា​តំបន់​ទេស​ចរណ៍​ធម្មជាតិ​នៅ​ក្នុង​​ខេត្ត​ព្រះ​ សីហនុ។ ឯភ្ញៀវ​ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះ​សីហនុ​តាម​នាវា​មាន​ ៤៥% ចង់​​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​​វប្បធម៌​ក្នុង​ខេត្ត​សៀម​រាប​។ ឯកឧត្តម​ សូ ម៉ារ៉ា បាន ​ប៉ាន​ស្មាន​ថា នៅ​ក្នុង​ឆ្នាំ ២០១១ បើទោះ​បី​ជា​បណ្តា​ប្រទេស​ផ្សេង​ៗ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ នៅ​កម្ពុជា​អាច​ទទួល​បាន​ភ្ញៀវ​ទេស​ចរណ៍​ប្រមាណ ២,៨ លាន​នាក់​។ នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ សូ ម៉ារ៉ា ក៏​បាន​អំពាវ​ នាវ​សុំ​ឲ្យ​រាជរដ្ឋាភិបាល ពិសេស​អគ្គនាយក​កំពង់​ផែ​ខេត្ត​ព្រះ​សីហនុ​ជួយ​រៀប​ចំ​ធ្វើ​យ៉ាង​ណា​ សម្រួលសេវា​ជូន​​ដល់​​ភ្ញៀវ​ទេស​ចរណ៍​ ដែល​ធ្វើ​ដំណើរ​តាម​នាវា​មក​ទស្សនា​ខេត្ត​ព្រះ​សីហនុ​ផង​ដែរ​។​

ឯកឧត្តម​ តឹករ៉េត ​សំរេច ​ ប្រធាន​​ក្រុមប្រឹក្សាភិបាល នៃ​​ក្រុមហ៊ុន​អាកាស​ចរ​ជាតិ​កម្ពុជា​អង្គរអ៊ែរ​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ជើង​ហោះហើរ​សៀម​រាប-ខេត្ត​ព្រះសីហនុ​ ជា​ជំហាន​ដំបូង​ដំណើរ​ការ​ ៣ ដង​ ក្នុង​ ១ សប្តាហ៍​ ហើយ​អាច​នឹង​ដំណើរ​ការ​ហោះហើរ​រៀង​រាល់​ថ្ងៃ​នៅ​ពេល​តម្រូវ​ការ​​របស់​ភ្ញៀវ ​កើន​ឡើង​។​ ឯកឧត្តម​ តឹករ៉េត ​សំរេច បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​អាកាស​ចរ​ជាតិ​កម្ពុជា​អង្គរអ៊ែរ​ ដែល​បង្កើត​ឡើង​កាល​ពីថ្ងៃទី ២៧ ខែ​កក្កដា ឆ្នាំ ២០០៩ ​ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅ ​ក្នុង​អំឡុង​ខែ​មករា​ ឆ្នាំ ២០១២ ខាង​មុខ​នេះ​ នឹង​មាន​បើ​ក​ជើង​ហោះ​ហើរ​ថ្មី​មួយ​ទៀត​ រវាង​ខេត្ត​សៀម​រាប ទៅ​កាន់​ទីក្រុង​ សេអ៊ូល នៃ​សាធារណៈរដ្ឋ​កូរ៉េ​​ ហើយ​ជា​បន្ត​បន្ទាប់​​ក្រុមហ៊ុន​អាកាស​ចរ​ជាតិ​កម្ពុជា​អង្គរអ៊ែរ នឹង​ពង្រីក​ជើង​ហោះ​ហើរ​ទៅ​កាន់​ទីក្រុង​សំខាន់​ៗ​ចំនួន​ ២០ នៅ​ក្នុង​បណ្តាប្រទេស​អាស៊ាន​ ប្រទេស​ចិន​ ជប៉ុន និ​ង ឥណ្ឌា​៕​