ថ្ងៃទី៣០
ខែធ្នូ ឆ្នាំ២០១១
លោកជុំ កុសល
សំណួរ៖ ដំណើរការបោះឆ្នោតព្រឹទ្ធសភា
នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ ខាងមុខនេះ គឺជាការបោះឆ្នោតអសកល
ដែលមានន័យថា អ្នកដែលមានសិទ្ធិទៅចូលរួមក្នុងការបោះឆ្នោតគឺមានសមាជិកក្រុមប្រឹក្សាឃុំ
សង្កាត់ និងសមាជិករដ្ឋសភា។ ប៉ុន្តែអ្វីដែលចម្លែក
ដែលយើងត្រូវយកមកបកស្រាយនៅពេលនេះ គឺគណបក្ស សម រង្ស៊ី មេបក្សរបស់ខ្លួនបានចេញបទបញ្ជាយ៉ាងតឹងរ៉ឹងមួយ
ដែលអាចនិយាយបានថាគឺជាសិទ្ធិអំណាចផ្តាច់ការចំពោះអង្គបោះឆ្នោតរបស់ខ្លួន។
ម្យ៉ាងទៀតសារព័ត៌មានក៏បានផ្សាយជាទូទៅផងដែរ ក្នុងនោះកាលពីថ្ងៃពុធ
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីលោកបានអំពាវនាវឲ្យអង្គការសិទ្ធិមនុស្សមួយចំនួនដែលមានបេសកកម្មនៅកម្ពុជាឲ្យចាប់អារម្មណ៍ក្នុងរឿងនេះផង
ពីព្រោះវាជាការរំលោភសិទ្ធិធ្ងន់ធ្ងរណាស់ទៅលើសិទ្ធិបុគ្គលនៃប្រជាពលរដ្ឋ។
ថ្ងៃ២៨ ខែកុម្ភៈ គេនឹងចាប់បង្ខំឲ្យអង្គបោះឆ្នោតទៅស្បថស្បែរនៅមុខវត្ថុសក្កិសិទ្ធិក្នុងទីតាំងណាមួយដែលមានខ្ទមអ្នកតា
ឬក៏ក្នុងវត្តអារាមណាមួយដែលសក្តិសិទ្ធិ។ នៅយប់នោះគេនឹងដកទូរស័ព្ទទាំងអស់ពីអង្គបោះឆ្នោត
ផ្តាច់ការទំនាក់ទំនងពេញមួយយប់ ទម្រាំបោះឆ្នោតហើយបានគេប្រគល់ឲ្យវិញ។
នៅក្នុងន័យនេះតើលោកបណ្ឌិត យល់ឃើញយ៉ាងម៉េច ចំពោះគណបក្សមួយដែលគេធ្លាប់តាំងខ្លួនថាជាគណបក្សមានប្រជាធិបតេយ្យ
ឲ្យតម្លៃសិទ្ធិប្រជាពលរដ្ឋ ហើយបែរជាទៅធ្វើបែបនេះទៅវិញ?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ចំណុចនេះហើយដែលប្រជាពលរដ្ឋត្រូវពិចារណាចំពោះ
គណបក្សប្រឆាំង ដែលតែងតែលេងសម្តីថាខ្លួនជាអ្នកប្រជាធិបតេយ្យ ទាមទារឲ្យមានការបោះឆ្នោតសេរី
និងយុត្តិធម៌ ប្រជាធិបតេយ្យ និងតែងតែទាមទារឲ្យលើកស្ទួយសេរីភាពរបស់បុគ្គល ពិសេសសេរីភាពនយោបាយ
ក៏ដូចជាសេរីភាពនៃការសម្តែងមតិ ក៏ដូចជាសេរីភាពក្នុងការជ្រើសរើស។
ប៉ុន្តែបើយើងពិនិត្យមើលសំបកក្រៅនៃការលេងសម្តីរបស់គេនេះ គឺហាក់បីដូចជាមិនឆ្លុះបញ្ចាំងភាពពិតនៃរចនាសម្ព័ន្ធផ្ទៃក្នុងនយោបាយរបស់គេឡើយ។
ខ្ញុំចង់បញ្ជាក់ថា មុននឹងឈានទៅរកការប្រើសេរីភាពនៅក្នុងការសម្រេចអ្វីមួយ
ទោះបីជានៅក្នុងកិច្ចការនយោបាយក៏ដោយ គឺត្រូវនៅក្នុងបក្សនោះមានទម្រង់នៃដំណើរការជាក់លាក់៣យ៉ាង
ដែលគេហៅថាតម្លាភាពនៃដំណើរការនយោបាយ។ ទី១ គឺសេរីភាពក្នុងដំណើរការបង្កើតឆន្ទៈនយោបាយរបស់អ្នកនយោបាយក្នុងបក្សរបស់ខ្លួន។
ទី២សេរីភាពក្នុងការសម្តែងឆន្ទៈនយោបាយ នៅក្នុងផ្ទៃក្នុងបក្សរបស់ខ្លួន។ ទី៣
គឺសេរីភាពក្នុងការសម្រេចឆន្ទៈនយោបាយរបស់ខ្លួន។ គណបក្សប្រឆាំងដែលអួតខ្លួនឯងថាប្រជាធិបតេយ្យ
ប៉ុន្តែធាតុពិតផ្ទៃក្នុងនៃគណបក្សរបស់ខ្លួនបាត់បង់នូវធាតុទាំងបីនេះ
គឺបានន័យថាមិនមែនជាប្រជាធិបតេយ្យដូចអណ្តាតដែលគេលេងសម្តីនោះទេ។
យើងអាចពិនិត្យមើល មួយតំណាក់កាលម្តងៗ។ ឧទាហរណ៍ ករណីរឿងបោះឆ្នោតអសកលគឺបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
ដែលអង្គបោះឆ្នោតមានចំនួនតែប៉ុន្មានម៉ឺននាក់ប៉ុណ្ណោះ គឺសមាជិក
សមាជិការក្រុមប្រឹក្សាឃុំ សង្កាត់ និងសមាជិករដ្ឋសភា១២៣
បច្ចុប្បន្ននេះ។អញ្ចឹងចំនួនមនុស្សគឺមិនច្រើនទេ ហើយបើយើងគិតទៅអង្គបោះឆ្នោតមកពីគណបក្ស
សម រង្ស៊ី ដែលជាគណបក្សប្រឆាំង គឺរិតតែតិចទៅទៀតងាយស្រួលពិនិត្យណាស់។
យើងសួរថា តើសមាជិក ឬក៏អង្គបោះឆ្នោត របស់គណបក្ស សម រង្ស៊ី ម្នាក់ៗគឺសមាជិក សមាជិការក្រុមប្រឹក្សាឃុំ
សង្កាត់ មួយរូបៗនោះ តើមានសេរីភាពចូលរួមក្នុងការបង្កើតឆន្ទៈនយោបាយឬអត់?
បានន័យថាការបង្កើតឆន្ទៈនយោបាយរបស់ខ្លួនក្នុងការស្រឡាញ់ពេញចិត្ត
និងគាំទ្របេក្ខជនគណបក្ស សម រង្ស៊ី
ក្នុងបញ្ជីឈ្មោះរបស់ខ្លួននៅតាមភូមិភាគនីមួយៗឬអត់? ។ ទី២
តើមានសេរីភាពក្នុងការបង្កើតឆន្ទៈនយោបាយថានឹងគាំទ្រឬមិនគាំទ្រ
ស្រឡាញ់ឬមិនស្រឡាញ់ ឬកែលំអរបេក្ខភាពឈរឈ្មោះ។ល។ ថាខ្លួនមានសេរីភាពក្នុងការសម្តែងឆន្ទៈដែរឬអត់?
ឧទាហរណ៍ ការសម្តែងឆន្ទៈគាំទ្របេក្ខភាព ឬបេក្ខជនឈរឈ្មោះក្នុងបញ្ជីគណបក្សសម
រង្ស៊ី នៅភូមិភាគភ្នំពេញ ថាតើបុគ្គលិកលក្ខណៈរបស់បុគ្គលនោះសមនឹងទទួលយកតំណែងជាសមាជិកព្រឹទ្ធសភាឬអត់?
តើសមាជិក ឬអង្គបោះឆ្មោតរបស់គណបក្ស សម រង្ស៊ី អាចបញ្ចេញមតិនៅផ្ទៃក្នុងបក្សខ្លួនឯងឬអត់?
បើអត់មានទេគឺចូលដល់ចំណុចទី៣ គឺដំណើរការសម្រចនូវឆន្ទៈនយោបាយក្នុងការជ្រើសរើសបេក្ខជន
គឺគេត្រូវរើសរបស់ណាដែលគេមើលឃើញថាល្អហើយ
គឺមិនអាចបង្ខំឲ្យគេរើសដោយមិនបានសម្តែងឆន្ទៈ និងបង្ខំឲ្យគេទៅរើសរបស់មួយដែលគេអត់ចង់នោះគឺទៅអត់រួច។
ចំណុចនេះគឺយើងចង់បង្ហាញអំពីប្រជាធិបតេយ្យផ្ទៃក្នុងរបស់គណបក្ស សម
រង្ស៊ី ដើម្បីឲ្យប្រជាពលរដ្ឋយល់ និងកុំចេះតែជឿនូវវោហាស័ព្ទរបស់អសលោកអ្នកនយោបាយប្រឆាំងទាំងនោះ
ដែលចូលចិត្តអួតថាខ្លួនឯងប្រជាធិបតេយ្យ ហើយវាយប្រហារគណបក្សដឹកនាំរដ្ឋាភិបាលថាគេមិនប្រជាធិបតេយ្យ
ប៉ុន្តែបញ្ហាផ្ទៃក្នុងរបស់គណបក្សខ្លួនផ្ទុះចេញរហូត។ ការផ្ទុះចេញនៃបញ្ហាពីក្នុងគណបក្សនយោបាយ
មិនមែនសុទ្ធតែជាការចោទប្រកាន់ថារត់ទៅរកលាភសាការៈទេ។ ទី១កាលណា គេចូលទៅក្នុងគណបក្សនយោបាយណាមួយដែលគេសម្រេចចិត្តគឺគេចង់ចូលរួមចំណែកនៅក្នុងទស្សនៈរបស់គេក្នុងការបង្កើតការសម្តែង
និងការសម្រេចនូវឆន្ទៈនយោបាយផ្ទៃក្នុងបក្ស។ ប៉ុន្តែបើគេចូលរួមហើយ គេមានតែតួនាទីតែគេអត់បានចូលរួមសម្រេច
ចូលរួមសម្តែង ចូលរួមបង្កើត អញ្ចឹងថ្ងៃណាមួយគណបក្សនោះនឹងផ្ទុះ។ ជាក់ស្តែងយើងឃើញហើយ
គណបក្ស សម រង្ស៊ីក្តី គណបក្ស កឹម សុខាក្តី គឺតែងតែផ្ទុះរហូត ដោយសារតែខ្វះនូវសារធាតុបីចំណុចដែលខ្ញុំបានលើកមកនេះ។
ចំណុចមួយទៀត តើសេរីភាពនៃការជ្រើសរើស
សេរីភាពនៃការសម្រេចចិត្តលើសន្លឹកឆ្នោតជាដើម ដែលចំនួននៃអ្នកដែលចូលរួមក្នុងអង្គបោះឆ្នោតមានតែប៉ុន្មានម៉ឺននាក់នោះ
ជាពិសេសគណបក្ស សម រង្ស៊ីដែលយើងទទួលព័ត៌មានឃើញថាទៅជាឲ្យមានការស្បថស្បែរ។
តើភាពស្បថស្បែរនោះ ទោះបីជារឿងអរូបីយ ប៉ុន្តែចេតនាដែលតម្រូវឲ្យអង្គបោះឆ្នោតស្បថនោះវាជាការសង្កត់សង្កិនផ្លូវចិត្តមួយបាត់ទៅហើយ។
ទោះបីជាអ្នកជឿរូបីយក្តី អរូបីយក្តី
តែការតម្រូវឲ្យស្បថស្បែរក្នុងការសម្រេចចិត្តបោះឆ្នោត បានន័យថាមេគណបក្សប្រឆាំង
មានបញ្ហាមួយដែលមិនទុកចិត្តសមាជិកគណបក្សខ្លួនឯងបាត់ទៅហើយ ។ លោក សម
រង្ស៊ី តែងតែអួតថាសមាជិកគាត់ក្លាហានៗ មុះមុតរហូត។ ប៉ុន្តែបើដូច្នោះមែនទៅចាំបាច់អីភ័យព្រួយខ្លាចគេមិនបោះឆ្នោតឲ្យក្នុងបញ្ជីបេក្ខភាពគណបក្សខ្លួននោះ។
នេះបញ្ជាក់ថា សម្តីខាងក្រៅហាក់ដូចជាជឿជាក់ ប៉ុន្តែទង្វើហាក់បីដូចជាប្រឆាំងគ្នាទាំងស្រុង។ចំណុចមួយទៀត
ទី១មេបក្សគៀបសង្កត់ឲ្យមានការស្បថស្បែរ។ ទី២ តើការស្បថស្បែរហ្នឹងគេស្បថស្បែរដោយស្មគ្រចិត្ត
គឺសាម៉ីខ្លួនស្បថដោយស្មគ្រចិត្ត ឬក៏ស្បថស្បែរដោយតម្រូវចិត្ត?
បើដោយស្មគ្រចិត្តគឺមិនខ្លាចនឹងអនុវត្តទៅតាមឆន្ទៈរបស់គេទេ។ តែបើជាការស្បថស្បែរតម្រូវចិត្តមេបក្ស
បានន័យថាលទ្ធផលប្រាកដជាប្រាសចាកពីអ្វីដែលលោក សម រង្ស៊ីចង់បានហើយ។អញ្ចឹងបើជាការស្បថស្បែរដោយតម្រូវចិត្ត
អ្នកចាំមើលលទ្ធផលបោះឆ្នោតនៅថ្ងៃ២៩ ខែមករា ឆ្នាំ២០១២ ចុះ។ នេះជាចំណុចដែលខ្ញុំលើកពីទិដ្ឋភាពទូទៅប៉ុណ្ណោះ
គឺមិនទាន់និយាយពីទិដ្ឋភាពរំលោភច្បាប់នៅឡើយទេ។
-មតិលោកជុំ កុសល
បើនិយាយពីការស្បថដោយស្មគ្រចិត្តគឺអត់មានទេ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ
ខ្ញុំចាំបានថាកាលពីឆ្នាំ២០០៧ ខ្ញុំជាអ្នកទទួលបាននូវខ្លឹមសារសម្បថនោះមុនគេ ហើយមិនចាំបាច់ចង់ដឹងថាចេញពីប្រភពណាទេ។
គឺគណបក្ស ជាអ្នកសរសេរនូវខ្លឹមសារនេះតែម្តងដោយសរសេរនូវពាក្យធ្ងន់ៗ
ហើយគេយកទៅចែកជូនឲ្យអង្គបោះឆ្នោត បន្ទាប់មកគេនាំទៅស្បថនៅមុខព្រះអង្គដងកាល
មានវត្តត្រឡែងកែង ដែលគេគិតថាជាតាំងដែលសក្តិសិទ្ធិ
ហើយឲ្យអ្នកដែលចូលរួមស្បថនោះនិយាយឲ្យឮៗតាមអ្វីដែលគេបានសរសេរនៅលើក្រដាសនោះ។
អញ្ចឹងបើអង្គបោះឆ្នោត គាត់អុជធូបស្បថដោយស្មគ្រចិត្តនោះទើបមិនមែនជាការបង្ខំ។
ប៉ុន្តែនេះជាការរៀបចំដោយគណបក្ស សម រង្ស៊ី តែម្តងគឺមេបក្សជាអ្នកចាត់ឲ្យធ្វើ។
ចំណុចនេះយើងមានការភ្ញាក់ផ្អើល នៅពេលដែលយើងឮយ៉ាងដូច្នេះ ពីព្រោះយើងធ្លាប់ឮគណបក្សនេះថាជាគណបក្សប្រជាធិបតេយ្យ
គណបក្សគោរពសិទ្ធិមនុស្ស ស្របទៅតាមបាវចនាស្អីដែលគេថាសច្ចៈធម៌ សីលធម៌
យុត្តិធម៌ នោះ ប៉ុន្តែការអនុវត្តគឺប្រាស់ចាកទាំងស្រុង។
សម្រាប់ឆ្នាំ២០១២នេះ គឺកាន់តែធ្ងន់ធ្ងរជាងឆ្នាំ២០០៧កន្លងទៅទៀត។ ឆ្នាំ២០០៧
គឺមានតែតម្រូវឲ្យស្បថទេ តែអារឿងដកហូតទូរស័ព្ទនៅពេលនេះគឺមានទាំងស្រុងតែម្តងដើម្បីផ្តាច់ទំនាក់ទំនង។
-មតិលោកបណ្ឌិត ឈឹម ផលវរុណ
ប្រជាពលរដ្ឋអាចនឹកឃើញពីការបោះឆ្នោតព្រឹទ្ធសភាកាលពីឆ្នាំ២០០៧
ពេលនោះសមាជិកនៃអង្គបោះឆ្នោតរបស់គណបក្ស សម រង្ស៊ី ប្រហែលជាខ្ទង់៣០០នាក់ មិនបានបោះឆ្នោតគាំទ្របេក្ខភាពក្នុងបញ្ជីគណបក្ស
សម រង្ស៊ីទេ។ អញ្ចឹងយើងអាចពិចារណាមើល ក្នុងចំណោមសមាជិកនៃអង្គបោះឆ្នោតសរុបរបស់ខ្លួនជាង៣០០នាក់នោះ
បើគិតជាភាគរយគឺប្រហែល ២០% ទៅ៣០% មិនបោះឆ្នោតគាំទ្រ គឺជារឿងមួយដែលមិនធម្មតាទេ
បានន័យថាគណបក្សនោះមានបញ្ហាប្រជាធិបតេយ្យផ្ទៃក្នុង និងបញ្ហាការដឹកនាំអតនោម័ត្តរបស់មេបក្សហើយ។
ប៉ុន្តែគណបក្សនេះ មិនកែចរិត បែរជាដាក់សម្ពាធកាន់តែខ្លាំងទៅផ្ទៃក្នុងគណបក្សរបស់ខ្លួន
រហូតនៅសល់រយះពេល១ខែជិតបោះឆ្នោត បែរជាដាក់សម្ពាធរហូតមានការដកទូរស័ព្ទទៅទៀត។
បើសិនជាមានករណីធ្វើដូច្នេះមែន អ្នកនឹងបាត់បង់សម្លេងពីអង្គបោះឆ្នោតរបស់ខ្លួនច្រើនជាងឆ្នាំ២០០៧។
ពីព្រោះទោះបីជាអ្នកគៀបសង្កត់ពីខាងក្រៅយ៉ាងណាក្តី
ប៉ុន្តែនៅពេលដែលអង្គបោះឆ្នោតម្នាក់ៗទៅដល់កន្លែងសម្រេចសន្លឹកឆ្នោត
គឺអង្គបោះឆ្នោតអាចសម្រេចចិត្តដោយសេរីគ្មានការព្រួយបារម្ភ ពីព្រោះការរៀបចំបោះឆ្នោតដោយ
គ ជ ប ដែលគណបក្សប្រឆាំងច្រើនតែចោទ ប៉ុន្តែការពិតការរៀបចំរបស់ គ ជ ប
ក្នុងការបោះឆ្នោតគឺធានានូវភាពសម្ងាត់ និងដោយសេរី១០០% ហើយគ្មាននរណាដឹងពីការសម្រេចចិត្តរបស់អង្គអ្នកបោះឆ្នោតទេ។
អញ្ចឹងខ្ញុំជឿថាអង្គបោះឆ្នោតរបស់គណបក្ស សម រង្ស៊ី ប្រាកដជាយល់អំពីគោលការណ៏បោះឆ្នោតដោយសេរី
និងដោយសម្ងាត់យ៉ាងជាក់លាក់។ សរុបមក នៅពេលដែលមានការគៀបសង្កត់កាន់តែខ្លាំង បានន័យថាមានការមិនទុកចិត្ត្កាន់តែខ្លាំង
គឺបរាជ័យកាន់តែខ្លាំង។
-មតិលោកជុំ
កុសល
ខ្ញុំចង់ឲ្យជនរួមជាតិញែកឲ្យដាច់ ពីព្រោះមានអង្គការសង្គមស៊ីវិលមួយចំនួន
គាត់ដូចជាមានការភ័ន្តច្រឡំ អំពីរឿងពាក្យសម្បថនេះ។ សូមកុំយកការដែលគណបក្ស សម
រង្ស៊ី
គាត់បង្ខំឲ្យអង្គបោះឆ្នោតទៅស្បថស្បែរបោះឆ្នោតឲ្យគណបក្សខ្លួនទៅប្រៀបធៀបទៅនឹងការស្បថស្បែរនៃសមាជិកសភា
និងសមាជិកនៃរាជរដ្ឋាភិបាលនៅមុខនៅមុខព្រះភ័ក្រព្រះមហាក្សត្រ គឺវាខុសគ្នា។
នៅលើពិភពលោកនេះ នៅពេលដែលថ្នាក់ដឹកនាំ ជាពិសេសប្រទេសដែលប្រកាន់របបប្រជាធិបតេយ្យ
ដូចនៅសហរដ្ឋអាមេរិក ជាដើម នៅពេលដែលគាត់ទទួលបានសម្លេងដឹកនាំរដ្ឋាភិបាល គឺគាត់ទៅស្បថដើម្បីចូលកាន់តួនាទីដឹកនាំប្រទេស។
យ៉ាងណាមិញ គ្រប់នីតិកាល ក្រោយពីយើងបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ត្រហើយក្រោយពីប្រជុំដំបូង
គឺសភាយើងចូលទៅស្បថនៅមុខព្រះភគ្រ័សម្តេចអគ្គព្រះមហាសង្ឃរាជទាំងពីរគណៈ
ព្រះភគ្រ័ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង ដើម្បីចូលកាន់ដើម្បីបម្រើប្រទេសជាតិ
ហើយខ្លឹមសារសម្បថគឺមិនធ្ងន់ធ្ងរហួសហេតុទេ ក្រៅពីនោះក៏មានសមាជិករាជរដ្ឋាភិបាល
ក្រុមប្រឹក្សានៃអង្គចៅក្រម ក្រុមប្រឹក្សាធម្មនុញ្ញ ជាដើម គឺស្បថដើម្បីបម្រើជាតិ
មិនមែនដើម្បីបម្រើប្រយោជន៍គណបក្សទេ មិនបម្រើប្រយោជន៍បុគ្គល ឬស្ថាប័ននីតិបុគ្គលណាមួយទេ។
ក៏ប៉ុន្តែ ចំពោះគណបក្ស សម រង្ស៊ី វិញដែលបង្ខំឲ្យអង្គបោះឆ្នោតរបស់ខ្លួនទៅស្បថនេះ
វាមិនមែនបង្ខំឲ្យស្បថដើម្បីបម្រើប្រយោជន៍ជាតិទេ គឺបង្ខំឲ្យបោះឆ្នោតជូនគណបក្សខ្លួនដែលជានីតិបុគ្គលមួយតែប៉ុណ្ណោះ
ហើយរាល់ខ្លឹមសារនៃពាក្យសម្បថនេះ វាធ្ងន់ធ្ងរណាស់ និងជាការបង្ហាញឲ្យឃើញពីការគៀបសង្កត់ផ្លូវចិត្តរបស់សមាជិកខ្លួន។
ការដាក់ចេញនូវនយោបាយផ្តាច់ការបង្ខំឲ្យសមាជិកខ្លួនស្បថបែបនេះ ទី១គឺជាការមើលស្រាលទៅដល់សមាជិកខ្លួនបាត់ទៅហើយ។
ទី២ ជាការរំលោភទៅលើសិទ្ធិបុគ្គល ពីព្រោះពាក្យថាបោះឆ្នោត គឺសំដៅទៅលើការសម្រេចដោយបុគ្គលជាអ្នកគូស
គឺមិនអាចបង្ខំបានទេ។ ខ្ញុំសូមលើកយកច្បាប់បោះឆ្នោតមកបង្ហាញបន្តិច។
យោងតាមជំពូកទី១១ ប្រការ១១ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៣
ដែលរៀបចំដោយ គ ជ ប ។ « ការធ្វើការគៀបសង្កត់
ឬគំរាមកំហែង ឬបង្ខំធ្វើសម្បថឲ្យគេបោះឆ្នោតជូនគណបក្សនយោបាយរបស់ខ្លួន
ឬគណបក្សនយោបាយណាដែលខ្លួនចូលចិត្តនឹងត្រូវទទួលទោសទណ្ឌដោយពិន័យជាប្រាក់ពី ៥លានរៀល
ទៅ២៥លានរៀល ដោយពុំទាន់គិតដល់ទោសទណ្ឌផ្សេងទៀតចំពោះជនណា ឬក៏គណបក្សណាដែលបានប្រព្រឹត្តិអំពើរំលោភច្បាប់
ប្រសិនបើរកឃើញថាមានកំហុសមែននោះ។ការពិន័យ និងដាក់ទោសទណ្ឌនេះក៏មានចែងក្នុងមាត្រា១២៤ថ្មី
នៃច្បាប់ស្តីអំពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាផងដែរ »។
ឥឡូវយើងក្រឡេកមើលសកម្មភាពរបស់គណបក្សសម រង្ស៊ី
ដែលគាត់បានធ្វើនេះ គឺថិតនៅក្នុងកន្សោមនេះទាំងអស់។ ទី១ រំលោភសិទ្ធិប្រជាពលរដ្ឋ
ដែលត្រូវមានទោស និងត្រូវពិន័យថែមទៀត។
-មតិលោកបណ្ឌិត ឈឹម ផលវរុណ
ត្រង់ចំណុចនេះបើយើងពិនិត្យទៅលើទិដ្ឋភាពច្បាប់ គឺមានបរិបទ២
បង្ហាញពីភាពខុសគ្នា។ ទី១ ហៅថាស្បថ ឬសច្ចាប្រណិធានចូលកាន់តំណែង គឺមានន័យថាបុគ្គលនោះត្រូវបានជ្រើសតាំងរួចហើយ
គឺមិនមែនមុនការជ្រើសតាំងទេ ហើយសំដៅទៅលើបុគ្គលជាប់ឆ្នោត
ឬបុគ្គលដែលបានតែងតាំងមុននឹងចូលកាន់តំណែង។ ប៉ុន្តែគេមិនដែលឲ្យអ្នកដែលប្រើសិទ្ធិបោះឆ្នោតទៅស្បថស្បែរនោះទេ។
រីឯគណបក្ស សម រង្ស៊ី បានធ្វើបញ្ច្រាស់ទៅវិញ។ យើងពិចារណាមើលទាំងអស់គ្នា
តើការដែលតម្រូវឲ្យស្បថ របស់អង្គបោះឆ្នោតគណបក្ស សម រង្ស៊ី
និងឈានទៅដល់ការដកហូតទូរស័ព្ទនោះ មានន័យថាកាន់តែលែងទុកចិត្តគ្នាមែនទែនហើយ។
ដូច្នេះលក្ខណៈសម្បត្តិរបស់គណបក្សប្រឆាំងនៅកម្ពុជា
គឺមិនមានលក្ខណៈសម្បត្តិប្រជាធិបតេយ្យផ្ទៃក្នុងទេ
ប៉ុន្តែពូកែទម្លាក់កំហុសទៅលើអ្នកដ៏ទៃ។ អញ្ចឹងក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូនទៅដល់អស់លោក
លោកស្រីដែលថិតនៅក្នុងអង្គបោះឆ្នោតនៃគណបក្សសម រង្ស៊ី លោកនឹងពិចារណាឃើញ
ពីព្រោះលោកក៏ជាប្រជាពលរដ្ឋដែលមានសិទ្ធិស្មើភាពដូចប្រជាពលរដ្ឋដ៏ទៃដែរ
លោកក៏ជាប្រជាពលរដ្ឋដែលត្រូវបានច្បាប់ការពារដែរ ប៉ុន្តែនៅពេលដែលគណបក្សរបស់លោកប្រើនយោបាយផ្តាច់ការ
គៀបសង្កត់ផ្លូវចិត្តអស់លោក ដកហូតសិទ្ធិទំនាក់ទំនងរបស់លោក
និងសិទ្ធិបញ្ចេញមតិរបស់លោកយ៉ាងដូច្នេះ តើអស់លោក លោកស្រីមានការឈឺចាប់ទេ?
តើអស់លោក លោកស្រីអាចពិចារណាថាទង្វើរបស់មេបក្សរបស់ខ្លួនវាជាការធ្វើដោយខុសច្បាប់មកលើខ្លួនឬទេ?
ចម្លើយគឺពិតប្រាកដណាស់ថា បងប្អូន កំពុងតែទទួលរង
ការឈឺចាប់យ៉ាងអយុត្តិធម៌ពីគណបក្សរបស់បងប្អូនហើយ អញ្ចឹងខ្ញុំគិតថាបងប្អូនពិចារណាទៅ
ថាគួរបោះឆ្នោតឲ្យ ឬមិនគួរបោះឆ្នោតឲ្យ ? បើគេធ្វើរបៀបនេះដាក់បងប្អូននោះ។
ចំណុចមួយទៀត បងប្អូនត្រូវជឿខ្ញុំចុះ នៅកន្លែងបោះឆ្នោតបងប្អូនពិតជាយល់ច្បាស់ណាស់
អំពីនីតិវិធីនៃការបោះឆ្នោត ។ ការបង្ខិតបង្ខំគឺមានតែមួយភ្លែតទេ
ដូចជានាំទៅស្បថអីនោះ ក៏ប៉ុន្តែឧត្តមគតិបងប្អូនគឺបានកំណត់ច្បាស់ហើយថាត្រូវបោះឆ្នោតឲ្យគណបក្សណានោះ
នៅពេលដែលបងប្អូនចូលទៅដល់ក្នុងបន្ទប់សម្ងាត់ គឺគ្មាននរណាមួយទៅចាប់បានទេ។
ឆន្ទៈសម្រេចរបស់បុគ្គលម្នាក់នៅក្នុងការគូសសន្លឹកឆ្នោត គឺថិតនៅក្នុងក្បាលទេ។
ឧបមាថាខ្លួនជាអ្នកទ្រទ្រង់សម្រាប់អង្គបោះឆ្នោតរបស់គណបក្ស សម រង្ស៊ី មែន
គាំទ្រសកម្មភាពនយោបាយរបស់គណបក្ស សម រង្ស៊ីមែន ក៏ប៉ុន្តែនៅពេលដែលគាត់ដើរចូលទៅក្នុងទីតាំងបោះឆ្នោត
គាត់បានសម្រេចចិត្តថា អញត្រូវសម្រេចចិត្តចុងក្រោយថាបោះឆ្នោតគាំទ្របេក្ខភាពគណបក្សប្រជាជនកម្ពុជាហើយ
គាត់គូសទៅ នោះគឺជាសិទ្ធិស្របច្បាប់របស់គាត់ទេ គឺអត់មានទោសទេ។ អញ្ចឹងសូមជនរួមជាតិពិចារណាទៅ
ជាពិសេសអង្គបោះឆ្នោតគណបក្ស សម រង្ស៊ី នោះ បើតែរបៀបហ្នឹងមិនបាច់ទៅបោះឆ្នោតឲ្យទេ
ជឿខ្ញុំទៅ។
ជាចុងក្រោយ ខ្ញុំចង់បញ្ជាក់ថាបើអង្គបោះឆ្នោតរបស់គណបក្ស សម
រង្ស៊ី គ្មានសិទ្ធិសម្តែងមតិក្នុងគណបក្សទេ
គឺអាចសម្តែងមតិនៅក្នុងសន្លឹកឆ្នោតទៅ ដើម្បីជាសារព្រមានដល់មេដឹកនាំគណបក្សប្រឆាំង។
ពីព្រោះការបោះឆ្នោតនៅឆ្នាំ២០០៧ ជាង៣០០នាក់ មិនបោះឆ្នោតឲ្យ
ជាសារមួយហើយតែមេដឹកនាំគណបក្សប្រឆាំងពុំព្រមទទួលស្គាល់សារនោះ បែរជារកវិធីគៀបសង្កត់។
អញ្ចឹងអង្គបោះឆ្នោតព្រឹទ្ធសភាសម្រាប់ឆ្នាំ២០១២នេះ ធ្វើសារមួយទៀតដើម្បីឲ្យធ្ងន់ជាងសារឆ្នាំ២០០៧
គឺសម្រេចចិត្តតាមឆន្ទៈរបស់ខ្លួន ពេលនោះការបាត់បង់សម្លេងគាំទ្ររបស់គណបក្ស សម
រង្ស៊ី កាន់តែច្រើនជាងមុននឹងជាការបង្ហាញនូវសារដ៏ធ្ងន់ថែមទៀតដើម្បីឲ្យមេដឹកនាំគណបក្សប្រឆាំង
ធ្វើការកែលំអរផ្ទៃក្នុងគណបក្ស ជាពិសេសឲ្យគោរពសិទ្ធិនយោបាយរបស់សមាជិកគណបក្សខ្លួននៅថ្នាក់ក្រោម៕
សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី