Wednesday, January 25, 2012

បទវិចារណកថា ៖ លោក កឹម សុខា​​​​​ បើក​យុទ្ធនាការ​វាយ​ប្រហារ​លើ​គណបក្ស​រាជានិយម​ពីរ


គណបក្សរាជានិយមពីរ គឺគណបក្សហ្វ៊ុនស៊ីនប៉ិច និង​គណបក្សនរោត្តមរណឬទ្ធិ ត្រូវបានទទួលរង​នូវការរិះ​គន់​ និងវាយប្រហារ​យ៉ាងខ្លាំង​ពី​សំណាក់​មេដឹកនាំគណបក្សសិទិ្ធមនុស្សរបស់​លោក កឹម សុខា ដោយ​គេបានបន្ទាបបន្ថោកថា គណបក្សទាំងពីរនេះ គឺជាគណបក្សខ្សោយ និងមិ​ន​មែនជាដៃគូរប្រកួត​ប្រជែង​ ដ៏មានប្រៀបក្នុងការបោះឆ្នោតនៅពេលខាងមុខនោះទេ ។
លោក កឹម សុខា ថ្លែងអះអាងដូចនេះ នៅទី​ស្នាក់ការកណ្តាល​របស់គណបក្ស​សិទ្ធិមនុស្ស​នៅភ្នំពេញ​ជាមួយនឹង​ ការទស្សន៍ទាយ​ទុកជា​មុនថា លោក អាចដឹងអំពីលទ្ធផលនៃការបោះឆ្នោតសកលឆ្នាំ២០១៣ គឺ​គណបក្ស​ទាំងពីរនោះ​ប្រហែល​ជាពុំទទួល​បាន១អាសនៈ​ទៀត​ផង។
          នេះជាការចាប់ផ្តើមបើកយុទ្ធនាការវាយប្រហារដោយឈលើហេតុផលបន្តិចបន្តួច ដើម្បីធ្វើការវាយ​សន្ធាប់ទៅលើ​គណបក្សរាជា​និយម​ ទាំងពីរដែលកំពុងតែថមថយឥទ្ធិពល ហើយក៏ត្រូវបានគេមើល​ឃើញ​ផងដែរថា លោក កឹម សុខា បាន និងកំពុងប្រើល្បិចបំបែក​ដើម្បីឆក់​យក​កម្លាំង​ក្នុងការពង្រឹង​គណបក្ស​ របស់ខ្លួន ស្របពេលដែលនរោត្តមរណឬទ្ធិ និងគណបក្សហ្វ៊ុនស៊ីនប៉ិច ហាក់ដូចជា​ពុំឃើញ​មាន​សកម្មភាព​ឃោសនាលេចធ្លោរ និងអាចទាក់ទាញប្រជាពលរដ្ឋបាន។
 ម្យ៉ាងវិញទៀតលោក កឹម សុខា ក៏បានសម្លឹងឃើញមើលផងដែរ​អំពីជោគជ័យចំពោះ​មុខ​នៅ​ពេល​ដែលគណបក្សសម រង្ស៊ី កំពុងបែក​បាក់​ផ្ទៃក្នុង​ដ៏ធ្ងន់ធ្ងរ ដែលអាចជាឱកាសមួយសំរាប់លោក កឹម សុខា តម្លើងតម្លៃខ្លួនឯង ជាបក្ស​ប្រឆាំងនាំមុខ​ដើម្បីប្រកួត​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា ។
          បើទោះជាស្ថានការណ៍នយោបាយតម្រូវឲ្យលោក កឹម សុខា មានឱកាសបែបនោះក្តី ក៏ប៉ុន្តែមិន​ប្រាកដថា គណបក្សសិទ្ធិមនុស្ស នឹងអាចបំបែកសម្លេងពីបក្សសម រង្ស៊ី ឬក៏ពីគណបក្សរាជានិយមទាំងពីរ​នោះបានដែរ ដោយហេតុថា «ស្ថិតក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះលោក កឹម សុខា ត្រូវ​បាន​ទទួលរងនូវការ​វាយ​បំបាក់ប្រ​​ជា​​​ប្រិយភាព តាមរយៈលេចឮនូវព័តមានអំពីការមានប្រពន្ធចុងច្រើន ការ​សន្យា​ខ្យល់ ការ​បដិសេធមិនទទួលស្គាល់តម្លៃនៃសន្តិភាពក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ និងការភូត​កុហក់បោកប្រាស់​ជាច្រើនទៀត ដែលជាសញ្ញាឃើញច្បាស់អំពីភាពបរាជ័យនៅពេលខាងមុខ»។
          ទាំងអស់នេះ គឺជានយោបាយរបស់បក្សប្រឆាំង​​ដែលគ្រាន់តែនាំគ្នាបន្លឺសម្លេង​រិះគន់វាយប្រហារ ​លាប​ពណ៌ និងបំបែក​បំបាក់ទៅ​លើ​គណបក្សដ៏ទៃ ដែលមិនដឹងថាខ្លួនឯងជាបក្សដែលអន់ ហើយក៏មិន​បាន​ចូល​រួម​ចំ​ណែកណាមួយ ក្នុង​ការកសាងភាពកក់ក្តៅ ក៏ដូច​ជាការ​អភិវឌ្ឍន៍ជូនជាតិមាតុភូមិ និងផ្តល់ទំនុក​ចិត្ត​សម្រាប់​ប្រជា​ពលរដ្ឋនោះទេ។ ផ្ទុយទៅវិញ គេបានមើលឃើញដោយផ្ទាល់ភ្នែកថា មានតែ​គណ​បក្ស​ប្រជាជនកម្ពុជាតែ​ប៉ុណ្ណោះ ដែលបានជួយដោះស្រាយបញ្ហាផ្ទាល់​ជូនប្រជាពលរដ្ឋ ឆ្លើយបត​តាមតម្រូវការ​ជាក់​ស្តែងបន្ទាប់​ពីបាន​ឈ្នះ​ឆ្នោតពីមួយអាណត្តិ​ ទៅមួយអាណត្តិ ហើយក៏ជាគណ​បក្សដែលស្ថិតនៅក្នុង​ដួងចិត្ត​របស់ពលរដ្ឋកម្ពុជាជារៀងរហូត។
ដូច្នេះនយោបាយវាយប្រហាររបស់លោកកឹម សុខា ទៅលើគណបក្សរាជានិយមទាំងពីរ និង​កល​ល្បិច​​ដណ្តើមសម្លេងពីគណបក្សសម រង្ស៊ី គឺជាលទ្ធផលរំ​ពឹងទុក ​គណបក្សសិទិ្ធមនុស្សអាចនឹងត្រូវ​បានគណបក្ស​ទាំងបីដែលរងគ្រោះនោះ នឹងខឹងសម្បា ​ឬអាចចាប់​ផ្តើម​ធ្វើជា​សត្រូវ​ហែកហួរគ្នា ចាប់ពីពេលនេះតទៅ ។
បើពិតជាឈានដល់ការឈ្លោះប្រកែកគ្នាមែន ​ពេល​នោះ​ហើយដែលគណបក្ស​ប្រឆាំងទាំង​អស់​នោះ​មានពេល​វេលា​គ្រប់​គ្រាន់​ ដើម្បី​តវ៉ា​យក​ខុសត្រូវ ឈ្នះចាញ់ តែរៀងៗខ្លួន ហើយនិង​បាត់បង់​ឱកាស​ទាំងស្រុង​ក្នុង​ការបង្រួបបង្រួមជាតិ ក៏ដូចជាឆ្លើយ​តបតាម​សំណូម​ពរ​របស់ប្រជាពលរដ្ឋ។
          យើងខ្ញុំដែលជាអ្នកនិពន្ធនៅរង់ចាំតាមដាន និងអង្កេត​មើលសកម្មភាពទាំងឡាយនៅ​ពីក្រោយទង្វើ​ដុត​បញ្ឆេះកំហឹង​ដែលផ្តើម​ឡើង ​ដោយ​លោក កឹម សុខា តើវានឹង​ទទួលលទ្ធផលបែប​ណា? «​អ្នកសាបព្រួស​ខ្យល់​ប្រាកដជាទទួលបានមកវិញនូវព្យុះសង្ឃរា វាជា​ទណ្ឌកម្ម​ដែល​ត្រូវ​ទទួល នេះជាក្រិតក្រមនៃច្បាប់ធម្មជាតិ ដែលពួកគេមិនអាចគេចផុតពីបណ្តា​​សារនោះឡើយ» ហើយជ័យជំនះនឹងត្រូវ​បាន​ធ្លាក់​មកលើកណ្តាប់ដៃ​របស់​គណបក្សដែលបាន​កសាង​ សន្តិភាព និងការអភិវឌ្ឍន៍ជាក់ស្តែងបានជាប្រយោជន៍​សម្រាប់ប្រជា​ពលរដ្ឋ៕
ដោយៈរួម ជាតិ