Friday, January 27, 2012

សម្តេច​​​តេ​ជោ​​ចង់​​ខ្ចី​​លុយ​កូ​រ៉េ​​​សម្រាប់​អភិវឌ្ឍ​​​បណ្តាញ​​​​អគ្គិសនី​​​នៅ​​កម្ពុជា


​នៅ​វិមាន​សន្តិភាព នា​ថ្ងៃ​ទី ២៦ ខែមករា ឆ្នាំ ២០១២ សម្តេច​​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន បាន​​​ស្នើ​ឲ្យ​ឯកឧត្តម​ JAE HYUN SHIN ឯកអគ្គរដ្ឋទូត​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ធនធាន​រ៉ែ និង ថាមពល នៃ​សាធារណរដ្ឋ​កូរ៉េ ពាំនាំ​នូវ​ការ​ផ្តាំ​​ផ្ញើ​ជូន​ចំពោះ​ឯកឧត្តម ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ពិនិត្យ​ផ្តល់​ប្រាក់​កំចី​ ដើម្បី​កសាង​បណ្តាញ​ចែក​ចាយ​អគ្គិសនីដែល​កំពុង​ត្រូវ​ការ​​​​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​​ និង​បាន​ស្វាគមន៍​ចំពោះ​បំណង​របស់​ក្រុម​ហ៊ុន​កូរ៉េ​ក្នុង​ការ​រុក​រក​ និង​ធ្វើ​អាជី​វកម្ម​ធន​ធាន​រ៉ែ​នៅ​កម្ពុជា។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា ក្នុង​ឱ​កាស​ចូល​ជួប​សំដែង​ការគួរ​សមចំពោះ​ សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​ ឯកឧត្តម​ JAE HYUN SHIN បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​​ថា ដំណើរ​ទស្សនកិច្ច របស់​ឯកឧត្តម​​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​បញ្ជាក់​អំពី​បំណង​ នៃ​សាធារណរដ្ឋ​​កូរ៉េ​ក្នុង​ការ ចូលរួម​អភិវឌ្ឍ​វិស័យ​ធនធាន​រ៉ែ  ប្រេងកាត និង ថាមពល​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ឯកឧត្តម​ SHIN  បាន បន្ត​ថា ក្រុម​ហ៊ុន​កូរ៉េ​បាន​ធ្វើ​ការសិក្សា​លើ​ធនធាន​រ៉ែ​នៅ​ខេត្ត​ព្រះវិហារ តាកែវ កំពង់ស្ពឺ ហើយ​នៅ​ពេល​ការសិក្សា បាន​បញ្ចប់​នោះ ឯកឧត្តម​​ស្នើ​ឲ្យ​មានការ​គាំទ្រ​ពី​សម្តេចតេជោ​​នាយក​រដ្ឋមន្ត្រី ដើម្បី​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​ធ្វើ​អាជីវកម្ម នៅ​តំបន់​នោះ។ ឯកឧត្តម​ JAE HYUN SHIN បាន​ស្នើ​ឲ្យ​សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​គាំទ្រ​ការ​សហការ​របស់​ក្រុមហ៊ុន​កូរ៉េ​​ជាមួយ​ដៃ​គូ​កម្ពុជា ដើម្បី​រុករក​ធ្វើ​អាជីវកម្ម​លើ​ធនធាន​រ៉ែ​នៅ​កម្ពុជា ហើយ​ឯកឧត្តម​​ក៏​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​លើ​ការ​វិនិយោគ​ធនធាន​ប្រេងកាត និង ថាមពល​ផង​ដែរ។ 
ឯកឧត្តម​ អ៊ាង សុផល្លែត ឲ្យ​ដឹង​ថា សម្តេច​អគ្គ​មហាសេ​នា​បតី​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍ ចំពោះ​គម្រោង​វិនិយោគ​នេះ ដោយ​បាន​​មានប្រសាសន៍ថា ក្រុមហ៊ុន​របស់​ភាគី​កូរ៉េ ដែល​បានការ​សិក្សា​នៅ កម្ពុជា​ពេល​ដែល​បាន​ទទួល​លទ្ធផល​ហើយ ក្រុមហ៊ុន​ដែល​ធ្វើការ​សិក្សា​នោះ​នឹង​ត្រូវ​​ទទួល​បាន​អាទិភាព ក្នុង​ការ​ធ្វើ​អាជីវកម្ម។ សម្តេច​តេជោ​ បាន​ស្វាគមន៍​ចំពោះ​បំណង​ចាប់​ដៃគូ​សហការ​ជាមួយ ក្រុមហ៊ុន​កម្ពុជា​នៅ​ក្នុង​ការរុករក និង ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​នៅ​កម្ពុជា​។ ចំពោះ​បញ្ហា​ប្រេងកាត សម្តេច​​តេ​ជោ​​បាន​ធ្វើ​ការណែនាំ ឯកឧត្តម​ JAE HYUN SHIN ឯកអគ្គរដ្ឋទូត​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ធនធាន​រ៉ែ និង ថាមពល នៃ​សាធារណរដ្ឋ​កូរ៉េ ឲ្យ​បន្ត​សហការ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ប្រេងកាត​កម្ពុជា ថែមទៀត៕