Tuesday, February 7, 2012

សម្តេច​​តេ​ជោ​ស្​វាគមន៍​​​គម្រោង​​វិនិយោគ​​វិស័យ​​អគ្គិសនី ដោយ​​​​ក្រុមហ៊ុន​​វិនិយោគ​​ចម្រុះ​កម្ពុជា​---ថៃ​


​          សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន ​សែន​ នា​ថ្ងៃ​ទី​ ៦​ ខែ​កុ​ម្ភៈ ឆ្នាំ ២០១២​ ​បាន​ស្វាគមន៍​នូវ​ គម្រោង​វិនិយោគ​​លើ​វិស័យ​អគ្គិសនីនៅ​កម្ពុជា​​របស់​ ក្រុមហ៊ុន​អគ្គិសនី Raichaburi Electricity Generating Holding PLC របស់​ថៃ​សហការ​ជា​មួយ​ ក្រុមហ៊ុន​កោះកុង INDUSTRY កម្ពុជា​ ​ ដោយ​សម្តេច​មាន​ប្រសាសន៍វាយ​តម្លៃ​​ថា​ ​គម្រោង​នេះ​នឹង ​ទទួល​បាន​ជោគជ័យ ព្រោះ​បាន​ផ្តល់​នូវ​ផលប្រយោជន៍​រួម​ទាំង​កម្ពុជា ​និង​ ថៃ​​ផង​ដែរ។​
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ឲ្យ​ដឹង​ថា ប្រទេស​ទាំងពីរ(កម្ពុជា​-ថៃ)​​កំពុង​ត្រូវការ និង ខ្វះខាត​ថាមពល ដោយ​សម្តេច​បានផ្តល់​អនុសាសន៍​ឲ្យ​ក្រុមហ៊ុនចម្រុះ​នេះ​ស្វែងរក​អ្នកសិក្សា ដែល​ឯករាជ្យ​ដើម្បី វាយតម្លៃ​លើ​ផលប៉ះពាល់​បញ្ហា​បរិស្ថាន នៅក្នុង​គម្រោង​អភិវឌ្ឍអគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​​នេះ។ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ ឲ្យ​ក្រុមហ៊ុន​ពិនិត្យ​លើ​ការជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស ដើម្បី​ឲ្យ​ពួក​គេ​អាច​យកមកប្រើ​ប្រាស់ បាន​នៅក្នុង​រោងចក្រ​នេះ នៅ​ពេល​ដែល​រោងចក្រ​បាន​បើក​ដំណើរ​ការ​។ 
ឯកឧត្តម អ៊ាង ​សុផល្លែត ​ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា​ ​នៅ​ពេលទទួល​បាន​​ការ​​អនុញ្ញាត​ ឲ្យ​​ចូល​ជួប​សំដែង​ការ​គួរ​សម​នៅ​វិមាន​​សន្តិភាព​ក្នុង​រាជធានី​​ភ្នំពេញ​ លោក ណុប​ពល​ មីលីន​ហ្គាង​ហ្គូន​ (NOPPOL MILINTGANGGOON) អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អគ្គិសនី Raichaburi Electricity Generating Holding PLC  បាន​ស្នើ​សុំ​សម្ត​ច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ផ្តល់​នូវ​ការ​គាំទ្រ​ចំពោះ​​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​លោក ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​កោះកុង INDUSTRY ដើម្បី​សាងសង់ រោងចក្រ​អគ្គិសនី​ប្រើ​ដោយ​ធ្យូងថ្ម ដែល​មាន​កម្លាំង ១៨០០ មេ​ហ្គា​វ៉ា​ត់​នៅ​ខេត្តកោះកុង។ លោក NOPPOL  បាន​គោរព​រាយការណ៍​ជូ​ន​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ថា Raichaburi Electricity Generating Holding PLC គឺជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​ថៃ ដែល​ទុន​ចំនួន ៤៥%ជា​ទុន​របស់​អាជ្ញាធរអគ្គិស​នី​ថៃ និង បាន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​កាលពី​ឆ្នាំ ២០០០ និង ជា​ក្រុម​ហ៊ុន​​ដែល​ផលិត​អគ្គិ​ស​នី​ឯករាជ្យ ដោយមាន​បទពិសោធន៍​ធ្វើ​នៅក្នុង​ប្រទេស​ឡាវ និង​ប្រទេស​ដទៃទៀត​ផងដែ​រ។
លោក NOPPOL បាន​ថ្លែងថា ក្រុមហ៊ុន​របស់​លោក​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ដ៏​ទំនើប ជាមួយ​បច្ចេកវិទ្យា​ដែល បាន​ប្រើប្រាស់​នៅក្នុង​ប្រ​ទេស​ឡាវ​មកកាន់​កម្ពុជា​ ដែល​បច្ចេកវិទ្យា​នោះ​ប្រើប្រាស់​មិន​ប៉ះពាល់​បរិស្ថាន ហើយនឹង​លក់​អគ្គិសនី មក​ឲ្យ​កម្ពុជា​ក្នុង​តម្លៃ​ពិសេស ចំណែក​ថាមពល​អគ្គិសនី​ដែល​នៅ​សេសសល់ នឹង​លក់​ទៅ​ឲ្យ​ប្រទេស​ថៃ​វិញ។
លោក NOPPOL MILINTGANGGOON បាន​ថ្លែងថា ការសិក្សា​ក្នុង​ជំហាន​ដំបូង​គឺ​បានធ្វើ​រួចមក ហើយៗក៏បាន​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​នឹង​ត្រូវ​បានធ្វើ​បន្ត​នៅ​ពេលដែល​ការសិក្សា​នេះ​បាន​បញ្ចប់​ ហើយ​ក្រុមហ៊ុន​នឹង​ផ្តល់​ឯកសារ​ជូន​ក្រសួង​ឧស្សាហកម្ម រ៉ែ និង ថាមពល និង ក្រសួងបរិស្ថាន កម្ពុជា ដើម្បី​ធ្វើការ​ពិនិត្យ​លើ​គម្រោង​វិនិយោគ​នេះ​៕