Wednesday, February 8, 2012

បទអត្ថាធិប្បាយ៖ ក្នុង​ដំណើរ​បច្ចុប្បន្ន​នេះ សម រង្ស៊ី នឹង​បញ្ចប់​អាជីព​នយោបាយ​របស់ខ្លួន​យ៉ាង​ឆាប់


           ប្រសិនបើ សម រង្ស៊ី មិនឃ្លុំមាត់ខ្លួនឯងឱ្យបានឆាប់នោះទេ គាត់នឹងបញ្ចប់អាជីពនយោបាយ របស់ខ្លួនក្នុងពេលដ៏ឆាប់។ លើកលែង​តែគាត់​បដិសេធ​ទៅនឹង អ្វីដែល​ត្រូវបាន​ធ្វើ​សេចក្តី​រាយការណ៍​ដោយ ​សារព័ត៌មាន The Cambodia Daily ចុះថ្ងៃច័ន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១២ ដែល​និយាយថា «និយាយ អំពី​ស្ថានភាពនយោបាយនាពេលថ្មីៗក្នុងប្រទេសភូមានោះ លោក សម រង្ស៊ី បាន​ធ្វើការប្រៀប​ធៀប​ខ្លួន​  ក្នុងនាម​​ជា​​មេដឹក​​នាំ​បក្ស​ប្រឆាំងនៅកម្ពុជា ទៅនឹងស្ថានភាពរបស់លោកស្រី Aung San Suu Kyi ដែល​ ជាមេដឹក​នាំគាំ​ទ្រ​ប្រជា​ធិបតេយ្យ​របស់​ភូមា​នោះ ថាជាការមិនត្រឹមត្រូវ ស្រមើស្រមៃ និង​ការ​ប្រឌិត» បើមិនដូច្នោះទេ សម រង្ស៊ី កំពុងតែ​ស្ថិតនៅ​ក្នុងឆ្នាំង​ខ្ទះដ៏ក្តៅ​ដោយ​មិន​អាច​ប្រកែក​បាន។

          ក្នុងពេលនេះ យើងជឿលើសេចក្តីរាយការណ៍ដោយសារព័ត៌មាន The Cambodia Daily នេះសិន ចុះ។ វាមានន័យជាក់លាក់ និងគួរឱ្យ​ជឿបានថា សម រង្ស៊ី មិន​ចេះពី​របៀ​បកត់​ត្រា​ពិន្ទុ​នៃតារាង​តុល្យការ នយោបាយរបស់ខ្លួនទេ។ សម រង្ស៊ី មិនដឹងពី​កន្លែង​ដែល​ត្រូវកត់​ត្រាអ្វីជាវិជ្ជមាន និង​អ្វីជា​អវិជ្ជមាន​ក្នុង កិច្ចការនយោបាយរបស់ខ្លួនទេ។ មុនពេលគាត់បើកមាត់របស់គាត់ ប្រការ​សំខាន់​បំផុត​សម្រាប់​អ្នក នយោបាយមួយរូបនោះគឺថា គាត់ចាំ​បាច់​ត្រូវតែ​សង្កេត​ពិនិត្យប្រវត្តិ​របស់ខ្លួន​ជាមួយ​នឹង​ប្រវត្តិ​របស់លោកស្រី Aung San Suu Kyi ឱ្យបានជាមុនសិន។ សួរនរណាក៏ដោយ ក្នុង​ពិភព​លោក​ទាំងមូល ទោះជាអ្នកគាំទ្រ និងអ្នក​អាណិត​អាសូរ​គាត់ដែល​ជាអ្នក​មាន​សច្ចៈ​ធម៌​ចិត្តឥតលំអៀង ទោះជា​សមាជិកនៃថ្នាក់ដឹកនាំ គណបក្ស សម រង្ស៊ី ក៏ដោយ ក៏គ្មាន​នរណា​មួយ​អាច​នឹង​មាន​ភាព​ព្រហើន​​​ក្នុងការ​ប្រៀប​ធៀប សម រង្ស៊ី ទៅនឹងមេដឹកនាំគាំទ្រប្រជាធិបតេយ្យរបស់ភូមា Aug San Suu Kyi នោះដែរ ទោះ ជាក្នុងស្ថានភាពណា ក៏ដោយ។ នេះជា​ភស្តុតាង​ច្បាស់​ណាស់ថា សម រង្ស៊ី គ្មាន​គោល​​ការណ៍នៃក្រមសីលធម៌ និងគ្មានសមត្ថភាព គិតគូរ និងវិនិច្ឆ័យច្បាស់លាល់។ គាត់គឺជា​គ្រោះ​ថ្នាក់​​ដល់​ខ្លួនឯង និងអ្នកដទៃទៀត ក្នុងគណបក្សសមរង្ស៊ី។ គាត់មាន​អារម្មណ៍​ពេញចិត្ត​ទៅនឹង​ភាព​ជាអ្នកដឹកនាំនៃគណបក្ស សម រង្ស៊ី ដែលជាបក្សប្រឆាំងរបស់ខ្លួន តែប៉ុណ្ណោះ ហើយ​គាត់ពិត​ជាមិន​បាន​គិតគួរទាល់តែសោះចំពោះគណបក្ស សម រង្ស៊ី ក្នុងនាម​ជា​គណបក្ស នយោបាយមួយ។

          សម រង្ស៊ី មានគោលជំហរប្រែប្រួល និងអារម្មណ៍ឆាប់ផ្លាស់ប្តូរ។ ចាប់តាំងពីគាត់ភៀសខ្លួនទៅ ក្រៅ​ប្រទេសដោយខ្លួនឯង ដើម្បី​គេចពី​ទោសជាប់ពន្ធនាគារមក គាត់បាន​និយាយ​ជាច្រើន​ដង​ហើយ​ថា ​ការបោះឆ្នោតមួយនៅកម្ពុជាដោយគ្មានវត្តមានរបស់សម រង្ស៊ី គឺមាន​លក្ខណៈមិនត្រឹមត្រូវ មិន​ស្រប​ច្បាប់ និងមិនអាចទទួលយកបាន។ ប៉ុន្តែការ​ទទួល​បាន​អាសនៈ​ព្រឹទ្ធសភា​ទៅតាម​ការ​គ្រោង​ទុក ​អាស្រ័យ​ការបែងចែកតាមការគណនារូបមន្តគណិតសាស្រ្ត ទោះបីគណបក្សសមរង្ស៊ីបាត់បង់ ១៧៩ សំឡេងដែលជាសំឡេង គាំទ្រ​របស់​មេដឹកនាំ ស្នូលថ្នាក់ជាតិ និងមូលដ្ឋានក្នុងចំណោម សមាជិក​សភាជាតិ និងសមាជិកក្រុម ប្រឹក្សាឃុំសង្កាត់នៃគណបក្សសមរង្ស៊ីក៏ដោយ នោះ​ពិត​ជាត្រូវ​ចិត្ត​ សម រ​ង្ស៊ី ខ្លាំងណាស់ហើយ គឺជាការ ដែលផ្តល់ឱ្យគាត់នូវហេតុផល ដើម្បី​ទទួល​យក​លទ្ធផល​នេះ ​ហើយ​ធ្វើយ៉ាងនេះ​ គឺជាការអបអរសាទរ ចំពោះដំណើរការបោះឆ្នោតនេះទាំងមូល។ សេចក្តី​ថ្លែង​ការណ៍​សំខាន់ៗ ជាច្រើនរបស់ សម រង្ស៊ី ប្រឆាំង​ទៅនឹង​គណៈ​កម្មាធិការជាតិ​រៀបចំការ​បោះឆ្​នោត (គជប) ប្រឆាំងទៅនឹងការបោះឆ្នោតសកល និងអសកល ជាច្រើន​ដែល​បាន​រៀបចំ​ឡើង​ក្នុង​ប្រទេស​​កម្ពុជា​ក្នុងពេលកន្លងមក ត្រូវបានបង្ហាញថាគឺជាឆាកល្ខោនដើម្បី ទាញ​ចំណាប់​អារម្មណ៍​តែប៉ុណ្ណោះ។ គាត់អាច​និយាយ​ប៉ុន្មាន​ដងក៏​បានតាមដែលគាត់និយាយ ចង់និយាយថា កម្ពុជាគឺ «អាក្រក់​ជាង» ភូមា ដូចដែលរាយការណ៍ដោយសារព័ត៌មាន The Cambodia Daily ។ ការ និយាយដូច្នេះគ្មានន័យអ្វីទាល់តែសោះ ហើយក៏គ្មានតម្លៃសោះតែម្តង។

          កង្វះខាតនៃភាពសមហេតុផលនៅក្នុងអ្វីដែលសម រង្ស៊ី បានធ្វើ និងក្នុង​អ្វីដែល​គាត់បាន​និយាយ គឺជាក់ស្តែងណាស់ ហើយ​ស្តែង​ចេញ​មកយ៉ាងច្បាស់លាស់ដូចជាក្នុងករណី ក) ដក​បង្គោល​តំរុយព្រំដែន ដែលប្រើប្រាស់ដើម្បីកំណត់ខ្សែព្រំដែននៅក្នុងខេត្តស្វាយរៀង ជាជាង​សកម្មភាព​ដោយប្រើប្រាស់ប្រព័ន្ធ ព័ត៌មាន នីតិវិធីសភា និងមធ្យោបាយផ្លូវច្បាប់ និងសមស្របដទៃទៀត និង ខ) អង្វរសុំ​ឱ្យមាន​ការ​លើក លែងទោសពីសំណាក់សម្តេចតេជោ ហ៊ុន សែន ក្រោយ​ពីបាន​និយាយ​ចោទ​ប្រកាន់យ៉ាងអាក្រក់ និង សាហាវ​ជា​ច្រើន​លើក​ច្រើន​សារនៅ​ក្នុង​ប្រទេស និងនៅបរទេស។ ដើម្បីបញ្ជាក់ពីចំណុចនេះ វាគឺជាការ សក្តិសមណាស់ ក្នុងការលើកយកខ្លឹមសារនៃលិខិតរបស់ សម រង្ស៊ី ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៦ ដែល និយាយថា៖ «ខ្ញុំមានការ​សោកស្​តាយ​ចំពោះ​រាល់​ទង្វើ​ខុស​ឆ្គង​របស់​ខ្ញុំទៅលើសម្តេច ដូចជា​ការ​ចោទ​ប្រកាន់ សម្តេចថា ជាអ្នកនៅពីក្រោយខ្​នងនៃ​ការវាយប្រហារដោយគ្រាប់បែកទៅលើបាតុករនៅមុខរដ្ឋសភាជាតិ កាលពីថ្ងៃ ទី៣០ ខែ មិថុនា ឆ្នាំ​១៩៩៧ ចោទប្រកាន់សម្តេចថាមានបំណងធ្វើឃាតមន្ត្រីថ្នាក់ខ្ពស់៥រូប ហើយនិង ការចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ផ្សេងៗ​ទៀត» ។ល។ និង ។ល។ បន្ទាប់មក សម រង្ស៊ី បាន បន្តថា៖ «ចាប់​ពីថ្ងៃ​នេះទៅ ​ខ្ញុំនឹងផ្លាស់ប្តូរឥរិយាបទរបស់ខ្ញុំ ដើម្បី​បញ្ចប់​បញ្ហា​ទាំងនោះ ​និងការពារមិនឱ្យ បញ្ហាដូច​នោះកើតឡើងជាថ្មីទេ»។ ដូច្នេះវាគឺជាកិច្ចការរបស់អ្នកវិភាគចិត្តវិទ្យាក្នុងការប្រកាសអំពីជំងឺខួរក្បាល
របស់ សម រង្ស៊ី។ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស គ្រាន់តែបានបំពេញការងារនាំយកការពិត និង សច្ចភាព បង្ហាញជូនសាធារណជន និងជាពិសេសសមាជិកនៃគណបក្សសម រង្ស៊ី តែប៉ុណ្ណោះ។

          ក្នុងដំណើរបច្ចុប្បន្ននេះ វាទំនងជាមាន «ចលនាទម្លាក់ចោល សម រង្ស៊ី» ដែលនឹង​ញាស់កើត​ចេញ ​ពីកំហឹង​នៃថ្នាក់ដឹកនាំ និង​សមាជិក​នៃគណបក្សសមរង្ស៊ី។

ថ្ងៃទី៨ ខែ កុម្ភៈ ឆ្នាំ២០១២
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស