Thursday, February 16, 2012

គណបក្ស​ប្រជាជន​កម្ពុជា​បាន​និងកំពុង​ប្រកាន់​យក​ដំណើរ​ការ​ដឹកនាំ​បែប​ប្រជា​ធិបតេយ្យ ក្នុងបក្ស ក៏ដូចក្នុង​ការដឹក​នាំជាតិ


ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១២
អ្នកបោះឆ្នោត​កម្ពុជាប្រហែល​ជាង៩​លាននាក់ នឹងចូលរួម​ការបោះ​ឆ្នោតជ្រើស​តាំង​សមាជិក​ក្រុម ប្រឹក្សាឃុំ-សង្កាត់ ដែលនឹង​ប្រព្រឹត្ដទៅ​ក្នុងថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ២០១២ ដែល​ជាការ​បោះឆ្នោត​សំរាប់ អាណត្ដិ​ទី៣ រៀងរាល់​ប្រាំឆ្នាំ​ម្ដង ស្រប​តាមច្បាប់​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ឆ្នាំ​២០០១។
គណបក្ស​នយោបាយ​ដែលមាន​អាសនៈ​ក្នុងសភា​កំពុង​រៀបចំ​ត្រៀមសំរាប់​ការចូល​រួមការ​បោះ​ឆ្នោត មួយ​ដោយ​សម្ងាត់ ដោយផ្ទាល់ ត្រឹមត្រូវ និងយុត្ដិធម៌ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា បាននិងកំពុង បោះឆ្នោត​ស្ទាបស្ទង់​ជ្រើសរើស​បេក្ខជន​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បីឈរឈ្មោះជាសមាជិកក្រុម ប្រឹក្សាឃុំ-សង្កាត់​ដែល​មាន​ប្រជាប្រិយ​ភាពជាង​គេ ដើម្បីដាក់​ចូល​ក្នុង​បញ្ជី​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ សំរាប់​អាណត្ដិ​ទី៣។
វិធីបោះឆ្នោត​ស្ទាបស្ទង់​ជ្រើសរើស​បេក្ខជនក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​សំរាប់ឈរ​ឈ្មោះឱ្យ​ប្រជាជន បោះឆ្នោត​បាននិង​កំពុង​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវលក្ខណៈ​ដឹកនាំ​តាមបែប​ប្រជាធិ​បតេយ្យ​ផ្ទៃក្នុង​របស់​គណបក្ស ប្រជាជន​កម្ពុជា ហើយ​លក្ខណៈ​ប្រជាធិបតេយ្យ​ក្នុងបក្ស​ត្រូវបាន​អនុវត្ដ​តាំងតែ​ពីឆ្នាំ​២០០២ ពេលដែល​មាន ការ​បោះឆ្នោត​មូលដ្ឋាន​លើក​ដំបូង​ក្នុង​ប្រទេ​សក​ម្ពុជា។
អ្វីដែល​ជាគំរូ​ដឹកនាំ​ប្រកប​ដោយ​ជោគជ័យ​នោះគឺគណ​បក្ស​ប្រជាជន​កម្ពុជា បាននិង​កំពុង​ធ្វើ​សន្និបាត ទូទាំង ១៦៣៣ ឃុំ-សង្កាត់ ដើម្បីបូក​សរុបវាយ​តំលៃកា​រ​អនុវត្ដន៍​ការងារ​កន្លងមក​ពីឆ្នាំ២០០៧-២០១២ និងលើក​ទិសដៅ​ការងារ​សំរាប់​ឆ្នាំ២០១២-២០១៧ ដែលជា​ដំណើរ​ការដឹក​នាំប្រកប​ដោយ​ប្រជាធិបតេយ្យ របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ដោយ​ឡែក គណបក្ស​ប្រឆាំង​នៅប្រទេស​កម្ពុជា​វិញ មេបក្ស​គឺជា​អ្នកជ្រើស​តាំង​បេក្ខជន​សំរាប់ សមាជិកក្រុម​ប្រឹក្សាឃុំ-សង្កាត់ ដែល​ឆ្លុះបញ្ជាំង​ឱ្យឃើញនូ​វ​ការ​ដឹកនាំ​មួយ​មាន​ភាព​ផ្ដាច់​ការ​ក្នុង​បក្ស​របស់ ខ្លួន។ បើសិន​ដូច្នេះ តើបក្ស​ប្រឆាំង​អាចតាំង​ខ្លួនជា​អ្នកប្រជាធិបតេយ្យ​បានដែរ​ឬទេ សំរាប់ការ​ដឹកនាំ​បក្ស ក៏ការដឹក​នាំជាតិ ខណៈ​ពេលដែល​បេក្ខជន​ដែល​ត្រូវឈរ​ឈ្មោះឱ្យ​ប្រជាជន​បោះឆ្នោត​ត្រូវបាន​ចាត់​តាំង ដោយ​មេបក្ស​យ៉ាង​ដូច្នេះ?  សំរាប់​សាធារណៈ​ជនភាគ​ច្រើន​ដែលជា​អ្នកបោះឆ្នោត​យល់​ឃើញ​ថា មេបក្ស ប្រឆាំងបាន​ដឹកនាំ​ផ្ដាច់កា​រ​ក្នុង​បក្ស អាស្រ័យ​ដោយ​លក្ខណៈ​ដឹកនាំ​ផ្អែក​លើ​ចិត្ដ អារម្មណ៍​យល់​ឃើញ របស់​បុគ្គល​ដែលជា​មេដឹក​នាំបក្ស។ ឧទ្ទារហ៍​ថ្មីៗនេះ សមរង្ស៊ី បាន​តម្រូវ​ឱ្យ​ស​មាជិក​បក្ស​របស់ខ្លួន ពិសេស  សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ត្រូវស្បថ និង​ត្រូវដក​ហូត​ទូរស័ព្ទដៃ ដើម្បីបោះឆ្នោត​ដែល​ឆ្លុះ បញ្ចាំងឱ្យឃើញ​នូវការដឹក​នាំមួយ​មានភាព​ផ្ដាច់ការ​ក្នុង​បក្ស​របស់ខ្លួន។
ដូច្នេះ ជីវភាព​នៃសមា​ជិក​គណបក្ស​សមរង្ស៊ី​តែងតែ​ឋិតនៅ​ក្រោមការ​គាបសង្កត់​របស់​មេបក្ស និង ការ​ប្រមាថ​ថ្មីៗនេះ​ដល់មាជិក​របស់ខ្លួន​ពីសំណាក់ យឹម សុវណ្ណ អ្នកនាំពាក្យ​បក្ស​សមរង្ស៊ី​ដែល​បាន​ចាត់ ទុក​សមាជិក​របស់​ខ្លួន​មួយ​ចំនួន ដែលមិន​បានបោះ​ឆ្នោតឱ្យ​បក្ស​សមរង្ស៊ីថា ជាស្លឹក​ឈើជ្រុះ​ពីដើម។
ផ្ទុយទៅវិញ គណបក្ស​ប្រជាជន​កម្ពុជា កាលណា​មានប្រជាធិ​បតេយ្យផ្ទៃ​ក្នុងបក្ស យើង​អាច សន្និដ្ឋាន​បានថា គណ​បក្សនេះ​ដឹកនាំ​រដ្ឋាភិបាល​ក៏មាន​ប្រជាធិបតេយ្យ​ដូច្នោះ​ដែរ។
ជាក់ស្ដែង​ចំពោះ​បេក្ខជន ដែលត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​តែ​ជា បេក្ខជន​ដែល​មាន​ប្រជាប្រិយ​ភាពជាង​គេ ហើយ​ក៏ជា​បេក្ខជន​ដែលនឹង​ទទួល​បាន​ការ​គាំទ្រ និង​ការ​ជឿទុក ចិត្ដពី​ប្រជាជន​នៅមូល​ដ្ឋាន​ផង​ដែរ។
បទពិសោធន៍​បែបនេះ​បានធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​ទទួល​បានជ័យ​ជំនះដ៏​លើស​លុប​ក្នុង​ការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់នៅ​ទូទាំង​ប្រទេស​ពីអាណត្ដិ​មួយ​ទៅ​អាណត្ដិ​មួយ ចាប់តាំង​ពីការ​បោះ ឆ្នោតថ្នាក់​ក្រោម​ជាតិ​លើក​ដំបូង​ក្នុង​ឆ្នាំ​២០០២ និង​លើក​ទី២ ឆ្នាំ​២០០៧។
អ្វីដែល​ប្រជាជន​កម្ពុជា​យល់បាន​យ៉ាងច្បាស់​លាស់​បំផុត​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​កម្មវិធី នយោបាយ​ច្បាស់​លាស់ ដោយ​រាប់ទាំង​គោលការណ៍​១១ខ របស់​គណបក្ស និង​ស្ថាដៃ​ធំៗ យ៉ាង របស់​គណបក្ស ត្រូវបាន​ប្រកាន់​យក និង​អនុវត្ដ​ឥតងាក​រេ ដែលបាន​និងកំពុង​ធ្វើឱ្យ​សង្គ​ម​កម្ពុជា​យើងមាន សន្ដិភាព ស្ថិរភាព សន្ដិសុខ​សណ្ដាប់​ធ្នាប់​នៅ​ទូទាំង​ប្រទេស ព្រមទាំង​ការអភិវឌ្ឍ​ជាបន្ដ​បន្ទាប់​ជូនដល់ ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា។
ដោយ ឡុង សុគុណ