Saturday, February 18, 2012

រាជរដ្ឋាភិបាល​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួប​ពិភាក្សា​អំពី​បទ​ពិសោធន៍​ នៃ​កិច្ច​អន្ត​រាគមន៍​សង្គ្រោះ​ក្នុង​គ្រោះ​ធម្មជាតិ​ទឹក​ជំនន់​ឆ្នាំ​២០១១


រាជ ​រដ្ឋាភិបាល​និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​(NGO)​ចំនួន ២៩ បាន​ជួប​ពិភាក្សា​ជាមួយ​គ្នា​ជា​លើក​ដំបូង​នៅ​វិមាន​សន្តិភាព​កាល​ពី​ថ្ងៃទី ​១៧ កុម្ភៈ​ ឆ្នាំ ២០១២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ​សម្តេច​អគ្គ​​មហា​សេ​នា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និង ជា​ប្រធាន​គណៈ​កម្មាធិការ​​ជាតិ គ្រប់គ្រង​គ្រោះ​មហន្ត​រាយ ដើម្បី​ពិនិត្យ​រួម​គ្នា​លើ​លទ្ធផល​ នៃ​កិច្ច អន្ត​រាគមន៍​របស់​រាជ​​រដ្ឋាភិបាល និង NGO ក្នុង​ការ​ជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​គ្រោះ ធម្មជាតិ​ទឹក​​ជំនន់​ក្នុង​ឆ្នាំ​២០១១​កន្លង​មក​នេះ។

នៅ ​ក្នុង​កិច្ច​ប្រជុំដែល​​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​វីដេអូ​ ខុនហ្វឺរិន​ទៅ​តាម​បណ្តា រាជធានី ខេត្ត ក្រុង ទូទាំង​ប្រទេស និង ជា​ពិ​សេស​ជាមួយ និង បណ្តា​អង្គភាព​កង​កំលាំង​ប្រដាប់​អាវុធ នៅ​ទូទាំង​ប្រទេស​​​ផង​ដែរ សម្តេចអគ្គ​មហា​សេនា​បតី​​​តេ​ជោ ហ៊ុន សែន បាន​សំដែង​នូវ​ការ​កោត​សរ​សើរ និង វាយ​តំលៃ​ខ្ពស់​ដល់​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល ផ្នែកឯកជន ប្រទេស​ជា​មិត្ត​នានា​លើ​សកល​​លោក សប្បុរស​ជន ក៏​ដូច​ជា​តំណាង​គណបក្ស​នយោបាយ ពិសេស​គណបក្ស​ប្រជាជន​កម្ពុជា និង កង​កំលាំង​ប្រដាប់​អាវុធ​ទាំងអស់ ដែល​បាន​ចូល​រួម​ចំណែក​មិន​អាច​កាត់​ថ្លៃ​បាន​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​​អន្តរា​គមន៍​ជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ ដោយ​គ្រោះ​ធម្មជាតិ​ទឹក​ជំនន់​ក្នុង​ឆ្នាំ ២០១១ ​ទទួល​បាន​លទ្ធផល​ដ៏​ត្រចះត្រចង់​បំផុត។

ក្រោយ​ពី​បាន​ប្រជុំ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ និង​បទពិសោធន៍​ជា​មួយ​បណ្តា​តំណាង​អង្គការ​ NGO ដែល​ចូល​រួម​ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ក៏បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​ភារកិច្ច​មួយ​​ចំនួន ដើម្បី​ត្រៀម​នូវ​រាល់​លក្ខណៈ​សម្បត្តិ​គ្រប់​បែប​យ៉ាង ក៏​ដូច ជា​វិធាន​ការ​នានា​ក្នុង​ការ​ទប់​ស្កាត់ ក៏​ដូច​ជា​អន្តរាគមន៍​ជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ ក្នុង​ឆ្នាំ ២០១២ ដែល​មាន​ការ​ប៉ាន់​ស្មាន​ថាន​នឹង​មាន​ទឹក​ជំនន់​ធំ និង បណ្តា​ឆ្នាំ​ខាង​មុខ ​គណៈ​កម្មា​ធិការ​​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដែល​មាន​តួនា​ទី​សំខាន់​ក្នុង​ការ​សម្រប​សម្រួល​ ត្រូវ​​បន្ត​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​កៀរ​គរ​នូវ​ការ​គាំទ្រ​ដ៏​ ទូលំទូលាយ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ពន្ធ័ អង្គការ​ជាតិ-អន្តរជាតិ អង្គការ​ក្រៅ​រដ្ឋាភិបាល​ថ្នាក់​តំបន់ ភ្នាក់ងារ​អង្គការ​សហប្រជា​ជាតិ គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈមនានា​។

-បង្កើន ​ល្បឿន​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កសាង​សមត្ថភាព​ចាំ​បាច់​លើ​ថ្នាក់ សហគមន៍ ថ្នាក់​ក្រោម​ជាតិ ថ្នាក់​ជាតិ ដើម្បី​គ្រប់​គ្រង​កាត់​បន្ថយ​គ្រោះ​​មហន្ត​​រាយ ដែល​ជា​ទិសដៅ​រួម ក្នុង​ការ​ពង្រឹង​យន្ត​ការ​ជាតិ​នៃ​ការ​​បញ្ជ្រាប ការ​កាត់​បន្ថយ​គ្រោះ​ភ័យ​នៃ​គ្រោះ​​មហន្តរាយ កំណត់​ការ ទទួល​ខុស​ត្រូវ​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់​មូល​ដ្ឋាន ដោយ​ធ្វើ​ការ​ពិភាក្សា​ទូលំ​ទូលាយ និង​លើក ស្ទួយ​ការ​យល់​ដឹង​ក្នុង​ចំណោម​អ្នក​ពាក់​ព័ន្ធ​ទាំងអស់។

-បង្កើត ​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ និង កែ​សំរួល​លិខិត​បទ​ដ្ឋាន​ផែន​ការ​សកម្ម ភាព ដើម្បី​លើក​ស្ទួយ​ការ​អនុវត្តន៍​ការ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ លើក​កំពស់​ការ​ចូល​រួម​របស់​សហ គមន៍​លើ​ការ​កាត់​បន្ថយ​គ្រោះ​ភ័យ នៃ​គ្រោះ​មហន្ត​រាយ ដោយ​ពង្រឹង​ឡើង​វិញ​នូវ​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន ជា​មុន​ងាយ​យល់​បាន ដែល​ប្រើប្រាស់​ដោយ​ប្រជាពលរដ្ឋ​តាម​មូល​ដ្ឋាន។ រៀប​ចំ​ពង្រឹង​សមត្ថភាព សំរាប់​កក់​ត្រា​វិភាគ​បូក​សរុប​ផ្សព្វផ្សាយ និង ការ​ផ្លាស់​ប្តូរ​ព័ត៌មាន ស្ថិតិ និង ទិន្នន័យ​ស្តីពី​មុខ​សញ្ញា គ្រោះថ្នាក់ គ្រោះភ័យ ផល​ប៉ះពាល់ និង ការខូចខាត ព្រម​ទាំង​រៀប​ចំ​វិធី​សា​ស្រ្ត​សំរាប់​ធ្វើ​ការ​ប៉ាន់​ប្រមាណ និង ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់។ ធ្វើ​កិច្ច​សហប្រតិបត្តិការ​ថ្នាក់​តំបន់ និង អន្តរជាតិ ដើម្បី​ប៉ាន់​ប្រមាណ និង ត្រួត​ពិនិត្យ​មុខ​សញ្ញា​គ្រោះ​ថ្នាក់ ដែល​បង្ក​ឲ្យ​មាន​គ្រោះ​មហន្ត​រាយ ការ​ផ្លាស់ប្តូរ និង ផ្តល់​​ព័ត៌មាន​ជា​មុន​តាម​រយៈ​ការ​រៀប​ចំ​ឲ្យ​បាន​ល្អ។

-រៀប ​ចំ​បច្ចេក​សព្ទ័​ទាក់ទង​ការងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​សំរាប់​ ប្រើប្រាស់​ក្នុង​ការ​អភិវឌ្ឍន៍ ស្ថាប័ន ប្រតិបត្តិការ​ឯកសារ​បណ្តុះបណ្តាល ។ បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អង្គការ​ដៃ​គូ​លើ​ការ បណ្តុះ​បណ្តាល​មន្រ្តី​គ្រប់​គ្រង​គ្រោះ​មហន្តរាយ និង ការ​បន្សាំ​នៃ​ការ​ប្រែប្រួល​​អាកាស​​ធាតុ។ រៀប​ចំ​ស្ថាប័ន​សម្រប​សម្រួល​​កិច្ចការ​គ្រោះ​អាសន្ន ដើម្បី​សហការ​ជាមួយ​ដៃគូ និង មជ្ឈមណ្ឌល​សំរបសំរួល ជំនួយ​មនុស្ស​ធម៌​អាស៊ាន ក្នុង​ការ​លើក​កំពស់​សមត្ថភាព​ការ​ត្រៀម​រៀប​ចំ​និង​ឆ្លើយ​តប​គ្រោះ​ មហន្តរាយ នៅ​ថ្នាក់​សហគមន៍ ថ្នាក់​ក្រោម​ជាតិ និង ថ្នាក់​តំបន់​ ជា​ពិសេស​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន។ បន្ត​ពង្រឹង និង ពង្រីក​សកម្មភាព​កសាង​ផែន​ការ​ត្រៀម​បំរុង​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ និង ថ្នាក់​មូល​ដ្ឋាន​សហ​គមន៍​ ដើម្បី​ធានា​កិច្ច​សំរបសំរួល​បាន​កាន់​តែ​លឿន និង ឆាប់​រហ័ស​ក្នុង​ការ​ឆ្លើយ​តប​គ្រោះ​អាសន្ន និង គ្រោះ​មហន្តរាយ និង បន្ត​អនុវត្ត​ការងារ​គំរោង​គ្រប់គ្រង និង ទប់​ស្កាត់​ជម្ងឺ​ផ្តាសាយ​បក្សី និង គំរោង​ស្តារ​ឡើង វិញ​ក្រោយ​គ្រោះ​មហន្តរាយ​កើត​មាន​ឡើង។

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ បាន​ស្នើ​ដល់​គ្រប់​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​ទាំង​អស់ ត្រូវ​បង្កើន​នូវ​ចំណេះ​ដឹង របស់​សាធារណៈ​ជន​ទូទៅ​អំពី​ការ​ប្រុង​ប្រយ័ត្ន​នានា ដែល​ត្រូវ​ប្រកាន់​យក​ដើម្បី​បញ្ចៀស​ឥទ្ធិពល​គ្រោះ​ថ្នាក់។ ត្រូវ​ផ្សព្វផ្សាយ​កម្មវិធី​ការ​យល់​ដឹង​សាធារណៈ និង ការ​ត្រៀម​រៀប​ចំ​ទៅ​នឹង​គ្រោះ​មហន្តរាយ​នៅ​សហគមន៍ ដែល​អាច​កាត់​បន្ថយ​ជា​អតិបរមា​នូវ​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ និង អាយុ​ជីវិត ដែល​កន្លង​មក​អង្គការ​អន្តរជាតិ និង អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​នៅ​កម្ពុជា​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ ទិដ្ឋភាព​​នានា ក្នុងការ​ជួយ​ដល់​សហគមន៍ ការ​កាត់​បន្ថយ​គ្រោះ​ភ័យ​នៃ​គ្រោះ​មហន្តរាយ ពិសេស​បន្ត​យក​ចិត្ត​ទុក​ដាក់​កំណត់​អត្ត​សញ្ញាណ និង សេចក្តី​ត្រូវ​ការ​សំរាប់​ការ​យល់​ដឹង​ជា​សាធារណៈ ដែល​សំខាន់​ត្រូវ​ផ្តោត ទៅ​លើ​សហគមន៍​ងាយ​រង​គ្រោះ។

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​មាន ​ប្រសាសន៍​បញ្ជាក់​​ថា ដើម្បី​លុប​បំបាត់​​ភាព​មិន​ច្បាស់​លាស់​អំពី​ប្រភព​ព័ត៌មាន ដែល​មាន​សារៈ​សំខាន់​សំរាប់​ផែន​ការ​ស្តារ​ឡើង​វិញគឺ​​ចាំ​បាច់​ត្រូវ​ឲ្យ​ មាន​ការ​សំរបសំរួល​ពី​ថ្នាក់​​មូលដ្ឋាន និង ថ្នាក់​ក្រោម​ជាតិ​នូវ​តួ​លេខ​នៃ​ការ​ប៉ះពាល់ ការ​បាត់បង់ និង ការ​ខូចខាត តាម​វិស័យ នីមួយៗ​ឲ្យ​បាន​ឯកភាព​រវាង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ និង អាជ្ញាធរ​មូល​ដ្ឋាន​ដោយ​ត្រូវ​កំណត់​ប៉ាន់​ប្រមាណ សម​ស្រប​ចៀស​វាង​ការ​ប្រទាំង​គ្នា។

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ សំដែង​នូវ​ការ​ស្វាគមន៍ ចំពោះ​ការ​ផ្តល់​អនុសាសន៍អំពី​​បទ​ពិ​សោធន៍​លើ​ការងារ​​​របស់ NGO ក្នុង​កិច្ច អន្តរាគមន៍​សង្រ្គោះ​ប្រជាពលរដ្ឋ​ក្នុង​គ្រោះ​ធម្ម​ជាតិ​ទឹក​ជំនន់​កាល​ពី​ ពេល​កន្លង​មក ។ ទាក់​ទិន​នឹង​សំណូម​ពរ​ឲ្យ​មាន​​ការ​រៀប​ចំ​​​វេទិកា​រវាង​រាជ​រដ្ឋាភិបាល និង NGO ដូច​វេទិកា​រាជ​រដ្ឋាភិបាល​ផ្នែក​ឯកជន​ដែរ​នោះ សម្តេច​តេជោបាន​​ផ្តល់​ភារ​កិច្ច​ជូន​ឯកឧត្តម គាត ឈន់ ឧប​នាយក​រដ្ឋមន្រ្តី ​និង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្បុជា (CDC) ធ្វើ​កិច្ច​សំរបសំរួល​ជាមួយ​នឹង​តំណាង NGO ជាមុន​សិន ដើម្បី​ឈាន​ទៅ សំរេច​បាន​នូវ​វេទិកា​រវាង​រាជ​រដ្ឋាភិបាល និង NGO ក្នុង​ពេល​វេលា​សម​ស្រប​។ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ក៏​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​​ឧបនាយក​រដ្ឋមន្រ្តី គាត ឈន់ ជួប ​ពិភាក្សា​ជាមួយ​​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ដើម្បី​ពិនិត្យ​អំពី​លទ្ធភាព​សុំ​ឲ្យ​មាន​ការ​ពន្យា​​ការ​សង​បំណុល​ ដែល​ប្រជាពលរដ្ឋក្រី​ក្រ​​រង​គ្រោះ​ដោយ​សា​រ​ទឹក​ជំនន់​ជំពាក់​ផង​ដែរ​។​

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្រ្តី​ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​ព្រះ​រាជាណាចក្រ​កម្ពុជា​មាន​អង្គការ​ក្រៅ រដ្ឋាភិបាល​ចំនួន ៣​១០៩ ដែល​បំពេញ​បេសក​កម្ម​មនុស្ស​ធម៌​ផ្សេង​ៗ​គ្នា ដូច្នេះ​វេទិកា​របស់​យើង​មិន អាច​កើត​ឡើង​បាន​ទេ ប្រសិន​បើ​មិន​មាន​ការ​សំរបសំរួល​ជាមុន​សិន រវាង​តំណាង​រាជ​រដ្ឋាភិបាល​ជា មួយ​នឹង​តំណាង NGO  ពីព្រោះ​ថា យើង​មិន​អាច​អញ្ជើញ​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង ៣១០៩ នោះ មក​ធ្វើ​ការ​បក​​ស្រាយ​លើ​បញ្ហា​មួយ​ចំនួន​ក្នុង​ពេល​ប្រជុំ​តែ​មួយ​បាន​ទេ។
​ឯកឧត្តម​ ញឹម វណ្ណដា ទេស ​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​​​ជា​អនុប្រធានទី១ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ (គ.ជ.គ.ម) បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ឥទ្ធិពល​នៃ​ទឹក​ជំនន់​ឆ្នាំ ២០១១ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ រាជធានី ខេត្ត ចំនួន​ ១៨ ស្រុក ខ័ណ្ឌ ក្រុង ១២២ និង​ ឃុំ សង្កាត់ ៦៨៧ ប្រជាជន​រង​គ្រោះ​ជិត ២ លាននាក់​លើ ៣៥៤.២១៧​ គ្រួសារ​។ ក្នុង​នោះ​មាន​ប្រជាជន​ចំនួន​ ២៥០ នាក់​ ដែល​ក្មេង​ ៥២% បាន​​ស្លាប់​ផល​ដំណាំ​កសិកម្ម​ មាន​ស្រូវ​ និង​ដំណាំ​រួម​ផ្សំ​រាប់​ម៉ឺន​ហិកតា​ ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវ​ជាតិ​ ផ្លូវ ខេត្ត​ ផ្លូវ​លំ​ រាប់​ពាន់​គីឡូម៉ែត្រ ប្រព័ន្ធ​ធារាសាស្រ្ត​រាប់​​រយ​គីឡូម៉ែត្រ​ ​ សាលា​រៀន​ មណ្ឌល​សុខភាព​​ វត្ត​អារាម ផ្ទះ​សំបែង​ប្រជាជន​ បាន​រង​ការ​ខូច​ខាត និង​លិច​លង់​​ ដែល​គិត​តម្លៃ​ជា​ទឹក​អស់​ប្រមាណ​ ៥០០ លាន​ដុល្លារ​អាមេរិក​។​ ក្នុង​សភាព​ការ​គ្រោះ​មហន្តរាយ​ដែល​កើត​ឡើង​ដោយ​ធម្ម​ជាតិ​ និង​ដោយ​មនុស្ស​បង្ក​ធ្ងន់​ធ្ងរ​យ៉ាង​ដូច្នេះ​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី បាន ​ដាក់​ចេញ​នូវ​បទ​បញ្ជា​ការ​ពារ​ប្រាសាទ​ និង​ទឹក​ដី​ដ៏​ពិសិដ្ឋ​របស់​ព្រះ​រាជា​ណាចក្រកម្ពុជា​ឲ្យ​បាន​ដោយ​ដាច់​ខាត និង​សង្គ្រោះ​ឆ្លើយ​តប​ដល់​ប្រជាជន​ ភៀស​សឹក​ ក្នុង​នោះ​មាន​គ្រួសារ​កង​ទ័ព​ផង​។​

ឯកឧត្តម​ ញឹម វណ្ណដា បាន ​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ប្រជាជន​រង​គ្រោះ​ ៣៥៤.២១៧ គ្រួសារ​ គឺ​បាន​ឆ្លើយ​តប​​បាន​ឆាប់​រហ័ស​ចំនួន​ ៤៧៩.៤៨១ គ្រួសារ​ ដោយ​ក្នុង​គ្រួសារ​នីមួយ​ទទួល​បាន​នូវ ស្បៀង​ ថ្នាំ​ពេទ្យ ថវិកា សម្ភារៈ​ផ្សេង​ៗ ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ឡើយ​។​ ឯកឧត្តម​ ញឹម វណ្ណដា ចាប់ ​ទុកថា ថា​ការជួយ​សង្គ្រោះ​នេះ​ជា​បទ​ពិសោធ​ន៍​មួយ​ដ៏​ល្អ​ នៅ​ពេល​ដែល​ទឹក​ជំនន់​មាន​ទំហំធំធេង​ តែ​ការ​សង្គ្រោះ​ប្រជា​ជន​បាន​លឿន​ទាន់​ពេល​វេលា​ មាន​កម្លាំង​ចម្រុះ​ក្រោម​ការ​ដឹក​នាំ​ដោយ​អាជ្ញា​ធរ​ខេត្ត រាជធានី បាន​ធ្វើ​ការ​សម្រប​សម្រួល​ពី​ខ្សែ​បណ្តោយ​គណៈកម្មាធិការ​គ្រប់​គ្រង​គ្រោះ​ មហន្តរាយ​ ខេត្ត កាកបាទ​ក្រហម​ខេត្ត មន្ទីរ​ជំនាញ​នានា​ អាជ្ញាធរ​ ស្រុក ខ័ណ្ឌ ឃុំ សង្កាត់ ភូមិ​ និង​អង្គការ​មិន​រដ្ឋាភិបាល​ ដែល​ឈរ​ជើង​នៅ​តាម​កន្លែង​រងគ្រោះ​នីមួយៗ​។​

សូម ​បញ្ជាក់​ថា ក្រៅ​ពី​សម្ភារៈ​សង្គ្រោះ​ដែល​ផ្តល់​ដោយ រាជរដ្ឋាភិបាល​ ព្រះ​បរមរាជវាំង​ កាកបាទ​ក្រហម​កម្ពុជា អំណោយ​​សង្គ្រោះ​ដែល​ទទួល​បាន​ពី​បណ្តា​ប្រទេស​ជា​មិត្ត​ និង​អង្គការ​សហប្រជាជាតិ អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ មាន​ប្រមាណ​ជាង​ ២២ លាន​ដុល្លារ​អាមេរិក​​៕