Wednesday, February 22, 2012

សមាជិក​ជាន់​ខ្ពស់​គណបក្ស​សម​រង្ស៊ី ខេត្ត​កំពង់ចាម ១៧ នាក់​ មក​ចូលរួម​​​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​



នា​​ព្រឹក​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១២ នៅ​ទី​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់​ចាម​ឯកឧត្តម​ ជា សុផារ៉ា សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អនុប្រធាន​ទី​១ ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ខេត្ត​កំពង់ចាម រួម​ជាមួយ​និង​ឯកឧត្តម​ ហ៊ុន ម៉ានិត បុត្រា​​សម្ដេច​តេជោ​ ហ៊ុន សែន បាន​ធ្វើ​ពិធី​ទទួល​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត ​ស្រុក និង​ឃុំ​ នៃ​គណបក្ស​សមរង្ស៊ី​ខេត្ត​កំពង់ចាម​ចំនួន ១៧ នាក់ ដែល​បាន​បោះ​បង់​​គណបក្ស​សម​ រង្ស៊ី​ មក​ចូលរួម​ជាមួយ​គណបក្ស​ប្រជា​ជន​​កម្ពុជា។ 

​          លោក បាន សុធា និងលោក​ លី សូផាត អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម នៃ​គណបក្ស​សមរង្ស៊ី បានបញ្ជាក់​ថា មូលហេតុ​ដែល​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ស្រុក​មួយចំនួន នៃ​គណបក្ស​សមរង្ស៊ី សម្រេច​មក​ចូលរួម​ជាមួយ​នឹង​គណ​បក្ស​ប្រជាជន​កម្ពុជា នាពេលនេះ ដោយសារ​តែ​គណបក្ស​ស​ម​រង្ស៊ី គ្មាន​គោលនយោបាយ​ច្បាស់លាស់ ហើយ​គណបក្ស​សមរង្ស៊ី ប្រឆាំង​ផ្កាប់មុខ គ្មាន​ការអភិវឌ្ឍ ចេះ​តែ​និយាយ​តែ​ប្រឆាំង ដើម្បី​បន្ទុច​បង្អាក់ ការផ្ដល់​ជំនួយ​ពី​បរទេស សម្រាប់​អភិវឌ្ឍន៍​ជាតិ​។ អតីត​មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស​ សម រង្ស៊ី ខេត្ត​កំពង់​ចាម​បាន​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​នោះ​ថា មាន​អំពើ​ពុករលួយ នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី​ទាំង​ខេត្ត និង​ទាំង​ថ្នាក់ជាតិ និង​បក្ខពួក​គ្រួសារនិយម​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​។​ លោក លី សូផាត​ បាន​ចាត់​ទុក​គណបក្ស សម រង្ស៊ី សព្វ​ថ្ងៃ​ប្រៀប​ដូច​សំពៅ​ដែល​គ្មាន​ក្តោង ទូក​អត់​ច្រវ៉ា កាណូត​គ្មាន​ម៉ាស៊ីន​ ដែល​វិល​វល់​មិន​អាច​ទៅ​មុខ​រួច​។​ លោក លី សូផាត បញ្ជាក់​ថា បង​ប្អូន​​ ដែល​​មក​ចូលរួម​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ដោយ​សារ​ឃើញ​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​គណបក្ស​​ប្រជាជន​កម្ពុជា ដែល​មាន​សម្តេច​ទាំង​បី​ជា​ប្រមុខ​ បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ មាន​ការ​អភិវឌ្ឍន៍ ពិសេស​ក្នុង​គណបក្ស​មាន​ការ​ដឹក​នាំ​​​ប្រកប​ដោយ​​ប្រជាធិបតេយ្យ​។​

ជា​មួយ​នឹង​ការ​​ស្វាគមន៍​ និង​ថ្លែង​អំណរគុណ​ចំពោះ​អតី​ត​សមានជិក​គណបក្ស​ សម រង្ស៊ី ដែល​បាន​ផ្តល់​យុត្តិធម៌​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ ឯកឧត្តម ជា សុផារ៉ា បាន​ចាត់​ទុក​វត្ត​មាន​អតីត​សមាជិក​គណបក្ស សម រង្ស៊ី មក​ចូលរួម​ជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​របត់​នយោបាយ​ថ្មី​មួយ​របស់​បង​ប្អូន​ក្នុង​ការ​ចូលរួម​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។​ ឯកឧត្តម ជា សុផារ៉ា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តាំង​ពី​​ថ្ងៃទី ២៨ មិថុនា ឆ្នាំ ១៩៥៤ មក​ដល់​ពេល​បច្ចុប្បន្ន​​ គណបក្ស​ប្រជាជន​កម្ពុជា​មាន​គោល​នយោបាយ​ដឹក​នាំ​ច្បាស់​លាស់​ ដែល​អនុម័តដោយ​មហាសន្និបាត​គណបក្ស​ មិន​មែន​ចេះ​តែ​នឹក​ឃើញ​ថាៗ​នោះ​ទេ​។ ការ​សម្រេច​ជោគជ័យ​ក្នុង​ការ​បង្រួបបង្រួម​ជាតិ កសាង​សន្តិភាព និង​អភិវឌ្ឍន៍​ជាតិ​ បាន​ធ្វើ​ឲ្យ​​​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​។​ដោយ​បាន​ចាត់​ទុក​ សម្តី​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ សម រង្ស៊ី ចោទ​ប្រកាន់​អ្នក​ចាក​ចេញ​ថា ជា​សាច់​ស្អុយ​ ស្លឹក​ឈើ​ជ្រុះ ថា​ជា​សម្តី​ប្រមាថ​ដល់​កិត្តិយស​អ្នក​ដែល​ខំ​ជួយ​កសាង​គណបក្ស​​ សម រង្ស៊ី​ ឯកឧត្តម​ ជា សុផារ៉ា​ បាន​បញ្ជាក់ថា គណបក្ស​ប្រជាជនកម្ពុជា​​គ្មាន​គោល​នយោបាយ​ពេល​ក្តៅ​ប្រើ​ចង្កឹះ ពេល​ត្រជាក់​បោះ​បង់​ចោល​នោះ​ទេ​។​ ឯកឧត្តម ជា សុផារ៉ា បាន​ពន្យល់​ថា ស្លឹក​ឈើ​ដែល​ជ្រុះ​ មាន​ន័យ​ថា ដើម​ឈើ​នោះ​រលួយ​ឬស អស់​ហើយ​រង​ចាំ​តែ​ថ្ងៃ​ដួល​រលំ​ប៉ុណ្ណោះ។ ​
​​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១២ អតីត​សមាជិក​គណបក្ស​សិទ្ធិមនុស្ស ១០ នាក់ នៅ​ខេត្ត​កំពង់ចាម ដឹកនាំ​ដោយ​លោក វ៉ាន់ ស៊ី​វឿន អតីត​សមាជិក​ព្រឹទ្ធសភា គណបក្ស​សមរង្ស៊ី នៅ​អាណត្តិ​ទី​២ ក៏​បាន​មក​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​កំពង់ចាម​​ផង​ដែរ។ អតីត​សមាជិក​​គណបក្ស​សិទ្ធិ​មនុស្ស​ទាំង ១០ នាក់​នោះ ទើបតែ​បាន​ចាកចេញ​ពី​គណបក្ស​សមរង្ស៊ី ទៅ​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១១៕​