Friday, February 10, 2012

សម្តេច​​តេជោ​​ជម្រុញ​ឲ្យ​​ពង្រឹង​​ប្រសិទ្ធ​ភាព​​ការ​ងារ​ នៅ​តាម​​​​ក្រសួង​​ស្ថាប័ន​​ដែល​​មាន​​កន្លែង​​ធ្វើការ​​ល្អ


​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន​ នា​ព្រឹក​​ថ្ងៃ​ទី ​៩ ខែកុ​ម្ភៈឆ្នាំ២០១២ នេះ ​បាន​ជំរុញ​ឲ្យ​មាន​ការ​ពង្រឹង​បន្ថែម​ទៀត​ នូវ​ប្រសិទ្ធភាព​ក្នុង​ការងារ​​មន្រ្តី​រាជ​ការ​សម្រាប់​ពេល​បច្ចុប្បន្ន ​និង​ សម្រាប់​អនាគត​ផង​ដែរ​ នៅ​ពេល​​មាន​កន្លែង​ធ្វើ​ការ​ល្អ​។​

អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អាគារ​រដ្ឋបាល​ថ្មី ​នៃ​ទីស្តី​ការ​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម ​និង​ សំណង់​​​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ មានប្រសាសន៍ថា ខ្ញុំ​សូម​ផ្តាំ​ដល់​គ្រប់​ក្រសួង ស្ថាប័ន ដែលមាន កន្លែង​ធ្វើ​ការ​ល្អ​ហើយ  ប្រសិទ្ធភាព​ការងារ​ត្រូវតែ​ខ្ពស់។ខ្ញុំ​សូម​ស្មើ​ឲ្យ​មន្ត្រីរាជការ​ ទាំងអស់ នៃ​ក្រសួង​រៀបចំ​​​ដែ​ដី  នគរូបនីយកម្ម និង សំណង់ ក៏ដូចជា​ក្រសួង ស្ថាប័នឯទៀតៗ ត្រូវ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​​ឲ្យ​បាន​សកម្ម និង ខ្លាំងក្លា​បន្ថែមទៀត នៅលើ​មូលដ្ឋាន​នៃ​អាគារ​ថ្មី​ដ៏​រឹងមាំ និង មាន​ឧបករណ៍ សំភារៈ​ដ៏​សំបូរបែប ក្នុង​បុព្វហេតុ​រៀបចំ​លើកកម្ពស់​វិស័យ​ដែនដី និង សំណង់ សុរិយោដី និង ភូមិ សាស្ត្រ និង វិស័យផ្សេងៗ​ទៀត​​ឲ្យ​​មាន​​វឌ្ឍនភាព​រីកចម្រើន​រុងរឿង​ទាំង​បច្ចុប្បន្ន និង ទៅ​អនាគត។ 

សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ ថ្លែងថា អាគារ​រដ្ឋបាល​ដែលមាន​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ ផាសុខ​ភាព​​នេះ បាន​ក្លាយទៅជា​សមិទ្ធផល​ថ្មី​ធំ​បង្គួរ​មួយ​ក្នុងចំណោម​សមិទ្ធផល​ជាច្រើន ដែល​បាន និង កំពុង​អភិវឌ្ឍ​ដោយ​រាជរដ្ឋាភិបាល​ក្នុង​គោលដៅ ដើម្បី​បម្រើ​សេវាកម្ម​សាធារណៈ​ឲ្យ​កាន់តែ​ប្រសើរ ឡើង​ថែម​ទៀត។ សម្តេចតេជោ​ក៏ ​បាន​មាន​ប្រសាសន៍​​កត់សម្គាល់ថា នយោបាយ«យក​សេះ ដូរ​សេះ»មិនមាន​អ្វីដែល​ចម្លែក​ទេ ព្រោះ​នៅ​ប្រទេស​ខ្លះ​គេ​ដូរ​រហូតដល់​ទៅ​ទីក្រុង ដោយ​លក់​ទីតាំង​ចាស់​ដើម្បី​យកប្រាក់​មក​សាងសង់​ទី ក្រុង​ថ្មី​ដូចគ្នានេះដែរ។ ទោះបី​យ៉ាង​ណា​ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការដោះដូរ​ទី តាំង​នេះ​មិនអាច​ធ្វើបាន​ជាទូទៅ​នោះទេ។

សម្តេចតេជោ​មានប្រសាសន៍ ​ថា សូមកុំ​ជ្រុល​ខ្ញុំ​អនុញ្ញាត​ឲ្យ​ផ្លាស់ប្តូរ​នៅ​តំបន់​មួយចំនួន…ប៉ុន្តែ​ ទីតាំង​ដែល​ត្រូវ​អភិ រក្ស ត្រូវតែ​អភិរក្ស ដូចជា​ក្រសួង​ហិរញ្ញវត្ថុ ទីចាត់ការគយ និង រដ្ឋាករ ធនាគារជាតិ​នៃ​កម្ពុជា ក្រសួង ការពា​ជាតិ អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា…សុទ្ធតែជា​ទីតាំង អតីត​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​អភិរក្ស​។

ឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែ​ដី  នគរូបនីយកម្ម និង សំណង់ បាន​ថ្លែងឲ្យ​ដឹង​ថា អាគារ​រដ្ឋបាល​ថ្មី ​នៃ​ទីស្តី​ការ​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម ​និង​ សំណង់នេះ​​​មាន​កម្ពស់ ៩ ជាន់ ដែល ចាប់ផ្តើម​សាងសង់​កាលពី​ខែកញ្ញា ឆ្នាំ ២០០៩ បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ ២០១១​។អាគារ​នេះ​បំពាក់​ដោយ ប្រព័ន្ធ​សន្តិសុខ​សុវត្ថិភាព​ប្រព័ន្ធគ្រប់គ្រង​មន្ត្រីរាជការ ប្រព័ន្ធ​ទូរស័ព្ទ បណ្តាញ​ទិន្នន័យ បណ្តាញ អគ្គិសនី បណ្តាញទឹក ជណ្តើរយន្ត​ចំនួន ៤ ដែល​កំណត់​ឲ្យ​ប្រើ​ពី​ជាន់​ទី ៣ ឡើងទៅ។
ឯកឧត្តម អ៊ឹម ឈុនលឹម បញ្ជាក់​ថា ថា ពិធី​សម្ពោធ​នៅពេលនេះ ជាការ​សម្ពោធ​អាគារ នៃ​ទីស្តីការ​របស់​ក្រសួង​ក៏ពិតមែន ប៉ុន្តែ​បើ​ពិនិត្យ​គម្រោង​ទាំង​មូលនៃ​ការ​ការសាងសង់​អាគារ​ធ្វើ ការ​ថ្មី​ក្នុង​គម្រោង​តែមួយ​នេះ ដែល​រួមមាន​អាគារ​ធ្វើការ​ថ្មី​ចំនួន ១១៨ អាគារ​នៅតាម​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​កើតឡើង​ដោយ​រូបមន្ត«យក​សេះ ដូរ​សេះ» របស់​សម្តេចតេជោ​នាយករ​ដ្ឋ​មន្ត្រី ដែល​ពិធី​នេះ ពិត​ជាមាន​អត្ថន័យ​ធំធេង​ណាស់ ដែល​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៅ​ទូទាំងប្រទេស​ពុំ​អា​ចរក​ពាក្យ​អ្វី ដើម្បី​ថ្លែង​អំណរ​គុណ​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​អស់​បានឡើយ។

ឯកឧត្តម ​​ទេស​រដ្ឋ​មន្ត្រីក៏​បាន​​បញ្ជាក់ឲ្យ​ដឹង​ថា ​វិស័យ​សំណង់​បាន​ងើប​ឡើង​វិញ ដោយ​ការ​វិនិ​យោគ​​នៅ​ឆ្នាំ​​២០១១ លើ​សំណង់​អគារ​​​គិត​តម្លៃ​​ប៉ាន់​ស្មាន​​ សរុប​ទាំង​អស់​​ទាំង​សំណង់​ថ្នាក់​ជាតិ អន្តរ​ជាតិ​ និង​ថ្នាក់​រាជ​ធានី​​-ខេត្ត​ ចេញ​លិខិត​​អនុ​ញ្ញាតសាង​សង់​២.១២៩​គម្រោង ស្មើ​​ទុន​សរុប​ទាំង​ថ្លៃ​​សំណង់​ ទាំងថ្លៃ​​ដី​តាម​ទីផ្សារ​​បច្ចុ​​ប្បន្ន​១.៧៣៤.៥៩៨.៥៨៤​ដុល្លារ​អាមេរិក​ ធៀប​នឹង​​ឆ្នាំ​២០១០ ​ដែល​​មាន​ចំនួន​២.១៤៩​គម្រោង ​ស្មើ​នឹង​​ទុន​​សរុប​៨៤០.៤៥៩.៥២៨​ដុល្លារ​អាមេរិក​ គឺ​​កើន​ឡើង​ជាង​១០៦% ។ ដោយ​​ឡែក​ចាប់​ពី​​មាន​ច្បាប់​អនុ​ញ្ញាត​​ឱ្យ​ជន​បរទេស​មាន​កម្ម​សិទ្ធិ​​​ លើ​ចំណែក​​​នៃ​អគារ​សហ​​កម្ម​​សិទ្ធិ​​មាន​ជន​​បរទេស​​ចំនួន​២៨៦​​នាក់​បាន​ ទិញ​​ផ្ទះ​ចំនួន​​៦៧០​​ឯកតា ម​កដ​ល់​ពេល​នេះ។

ទាក់​ទង​នឹង​​ការចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ ​ឯកឧត្តម អ៊ឹម ឈុនលឹម បានបញ្ជាក់ ថា គិត​មកដល់​ដំណាច់ឆ្នាំ ២០១១ ប័ណ្ណ​ដែល​បាន​ចែកជូន​ដល់​ម្ចាស់​ដី​រួចហើយ​មាន​ចំនួន ១ ៩៩៧ ២៦៧ ប័ណ្ណ លើ​ក្បាលដី​ចំនួន​ជាង ២ លាន ៥ សែន ដែល​បាន​ប្រមូល​ទិន្នន័យ​រួចហើយ​។​ ​សម្រាប់​ការអនុវត្ត​​​គោលនយោបាយ​​​​​​​ផ្តល់​ដី​សម្ប​ទាន​​សង្គម​​​កិច្ច​ ជូន​អតីត​​​កង​កម្លាំង​​​ប្រដាប់​អាវុធ​​​​ និងគ្រួសារ ឯកឧត្តម​​ទេស​រដ្ឋ​មន្ត្រី​​ អ៊ឹម ឈុនលឹម បាន​មាន​ ប្រសាសន៍ឲ្យ​ដឹង​ថា ​សម្រាប់វគ្គទី១ ​​ផែនការ​​ថវិកា​ជាតិ​ឆ្នាំ២០១១ ​បានផ្តល់​ឱ្យ​សម្រាប់​​២​ពាន់​គ្រួសារ តែចំនួនគ្រួសារ​ជាក់ស្តែង​​​ដែល​ត្រូវ​​​បាន​ជ្រើស​រើសសម្រាប់​​​​ទទួលដី​​ មាន​ចំនួន​៤.១១១​គ្រួសារ។ ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១១ ​កន្លងទៅ គណៈ​កម្មា​ធិការ​​សម្បទាន​​​ដីសង្គមកិច្ចថ្នាក់ជាតិ​ បាន​​​​ធ្វើ​ការ​​​បែងចែក​តាមរយៈ​​​ការ​ចាប់​ឆ្នោត​​ជ្រើស​រើស​យក​ដី​ឡូត៍​ លំនៅឋាន ដីឡូត៍​កសិកម្ម​ចំនួន៥​​កន្លែង ​​ក្នុង​ខេត្ត​ចំនួន៥​សម្រាប់អ្នកទទួល​ចំនួន​២​.១០៨​គ្រួសារ​ ។ គណៈ​កម្មាធិការ​​នឹងបន្ត​​ធ្វើ​ការ​បែង​ចែក​​តាមរយៈ​​​​​​ការ​ចាប់ឆ្នោត​ ក្នុងខេត្ត​​​​១១​ទៀត នាពេល​បន្តបន្ទាប់​​​រហូតដល់​គ្រប់ចំនួន​៤.១១១​គ្រួសារ ដែល​ត្រូវ​ទទួល​បានការអភិវឌ្ឍ​​​ពេញ​លេញ ។

សម្តេចតេជោ​នាយករដ្ឋមន្ត្រី ដែល​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ប័ណ្ណកម្មសិទ្ធិ ដីធ្លី​លើក​ដំបូង នៃ​ការចុះបញ្ជី​ដីធ្លី​ជាង ១ ពាន់​ក្បាលដី​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែ​តា​សុខ ក្នុងស្រុក សំរោង ខេត្តតាកែវ កាលពី​ថ្ងៃទី ២ ធ្នូ ឆ្នាំ ២០០០  បាន​មានប្រសាសន៍ ថា នេះ​ជា​ចំណុច​ចាប់ផ្តើម​យ៉ាងសំខាន់​នោះ។ សម្តេច​តេ​ជោ​ មានប្រសាសន៍ថា «ខ្ញុំ​រីករាយ​នឹង​ចែក​ប័ណ្ណ​ទី ៣ លាន​ជូន​ដល់​ប្រជាពលរដ្ឋ ក្នុងនាម​ខ្ញុំ​ជា​ស្ថាបត្យករ មួយរូប​បង្កើត​ឲ្យ​មាន​ឡើងវិញ​នូវ​របប​កម្មសិទ្ធិឯកជន ដែល​ក្នុងនោះ​ក៏មាន​កម្មសិទ្ធិឯកជន​លើ​ដីធ្លី​នេះ ផងដែរ»។

សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ការងារ​ចុះបញ្ជី​ដីធ្លី​ជា​ការងារ​អាទិភាព​មួយ​របស់ រាជរដ្ឋាភិបាល ដែល​ក្រសួង​រៀបចំ​ដែ​ដី នគរូបនីយកម្ម និង សំណង់ និង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ តែ​សហការ​បន្ត​ខិតខំ​ជំរុញ​ទៅមុខ ទោះបី​ស្ថានភាព​កាន់កាប់​ដី​បច្ចុប្បន្ន​មាន​ស្ថិរភាព​ជាទូទៅ​ហើយ​ក្តី ពី ព្រោះ​ចំណុច​នេះ​ជា​កិច្ចការ​ដ៏​សំខាន់​នៅក្នុង​ប្រព័ន្ធ​ចុះបញ្ជី ដែល​ត្រូវ​បានកំណត់​នៅក្នុង​ច្បាប់​ភូមិបាល ក៏ដូចជា​ក្នុង​ក្រមរដ្ឋប្បវេណី​របស់​យើង ជាពិសេស​ការទប់ស្កាត់ និង លប់បំបាត់​នូវ​ទំនាស់​ដែល​កើត ចេញពី​ដីធ្លី​នេះ៕​