Tuesday, March 13, 2012

ពិធីសច្ចាប្រណិធាន និង​បំពាក់​កន្សែង​ជូន​នវ​កាយ​រិទ្ធិ​ នៅ​ខេត្ត​កំពង់​ស្ពឺ​



នៅ ​ព្រឹក​ថ្ងៃ​​ទី​១៣ ខែមីនា ឆ្នាំ ២០១២ នៅ​មន្ទី​រ​អប់​រំ​យុវជន​ និង​កី​ឡា​ខេត្ត​កំពង់​ស្ពឺ មាន​ប្រារព្ធ​ពិធី​​​សច្ចា​ប្រណិធាន​ និង​បំពាក់​កន្សែង​ជូន​នវកាយរិទ្ធិ​ចំនួន​ ៣២២៦ នាក់ ក្នុង​នោះ​មាន​នារី ១៦៧១នាក់ ក្រោម​​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ អាន ឧបនាយក​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​។​
ឯកឧត្តម កង ហ៊ាង អភិបាល​ខេត្ត​កំពង់​ស្ពឺ​ និង​ជា​ប្រធាន​ក្រុម​​ប្រឹក្សា​កាយ​រិទ្ធិ​ជាតិ​​​កម្ពុជា​ខេត្ត​កំពង់​ស្ពឺ ​ បាន​ថ្លែង​ចាត់​ទុក​ការ​បំពាក់​កន្សែង​ជូន​នវ​កាយរិទ្ធិ​នា​ពេល​នេះ​ ពិត​ជា​បាន​រួម​ចំណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​យុវវ័យ​អំពី​ការ​ងារ​​ សីលធម៌​សង្គម ដែល​តម្រូវ​ឲ្យ​យុវវ័យ​ជំនាន់​ក្រោយ​ក្លាយ​ទៅ​ជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ​ និង​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​ ដែល​ជា​យុវជន​ពោពេញ​ដោយ​ចំណេះ​ដឹង​ ចំណេះធ្វើ​ មាន​សីល​ធម៌​រស់​នៅ​ល្អ និង​ចេះ​រួម​រស់​ជា​មួយ​គ្នា​ ដោយ​សុខដុម​រមនា​ ក្នុង​សង្គម​ជាតិ​ទាំង​មូល​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ រួម​ចំណែក​ក្នុង​ការ​កសាង​ធន​ធាន​មនុស្ស​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ​ និង​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាល​ទី​២ ក្រោម​​​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ។​ ឯកឧត្តម កង ហ៊ាង បាន ​ឲ្យ​ដឹង​ថា ការ​កសាង​យុវជន​កាយរិទ្ធិក្នុង​ឆ្នាំ ២០១២​ ​ដែល​ត្រូវ​បំពាក់​កន្សែង​នា​ពេល​នេះ​មាន​ចំនួន​ ៣២២៦ នាក់ ក្នុង​នោះ​ស្រី ១៦៧១ នាក់​។ បើ​គិត​សរុប​ពី​ឆ្នាំ ២០០១ ដល់ ឆ្នាំ ២០១២ កាយរិទ្ធិ​ជាតិ​កម្ពុជា ខេត្ត​កំពង់​ស្ពឺ​មាន​ចំនួន​ ៦៥៧៦ នាក់​ ក្នុង​នោះ​ស្រី ៣៣៤៣ នាក់​។
មាន​ប្រសាសន៍​សំណេះ​សំណាល​ជា​មួយ​នវកាយ​រិទ្ធិ​ខេត្ត​កំពង់​ស្ពឺ​ ឯក​ឧត្តម​បណ្ឌិត​ សុខ អាន​ ​បាន​​ពាំ​នាំ​នូវ​ការ​នឹក​រលឹក​ និង​ការ​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​​ពី​សំណាក់​​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន​សែន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ ដែល​ជា​គរុគណ​​នៃ​កាយ​រិទ្ធិ​ជាតិ​ក​ម្ពុជា​។​ ឯក​ឧត្តម​បណ្ឌិត​ សុខ អាន​ បាន ​សារទរ​ និង​កោត​សរសើរ​ចំពោះ​ការ​រីក​ចម្រើន​នៃ​កាយ​រិទ្ធិ​ជាតិ​កម្ពុជា​ខេត្ត​ កំពង់​ស្ពឺ​ ដោយ​ឯកឧត្តម​ចាត់​ទុក​ថា កាយ​រិទ្ធិ​ជាតិ​កម្ពុជា​ខេត្ត​កំពង់​ស្ពឺ ជា​កម្លាំង​ស្នូល​សម្រាប់​​អភិវឌ្ឍន៍​ខេត្ត​ក៏​ដូច​ជា​សង្គម​ជាតិ​ទាំង​មូល​ ។​
ឯក​ឧត្តម​បណ្ឌិត​ សុខ អាន បាន​មាន​ប្រសាសន៍​ថា ដោយ​អនុវត្ត​តាម​ស្មារតី​នៃ​មហា​សន្និបាត​​​លើក​ទី​២​ និង​ផែន​ការ​យុទ្ធ​សាស្រ្ត​ឆ្នាំ ២០១០-​២០២០ របស់​កាយ​រិទ្ធិ​ជាតិ​កម្ពុជា​ កាយ​រិទ្ធិ​ជាតិ​កម្ពុជា​រាជធានី​ខេត្ត បាន​ជម្រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការ​ពង្រី​ក​កម្លាំង​កាយរិទ្ធិ​ប្អូន​ និង​កាយរិទ្ធិ​រៀម​ច្បង​នៅ​តាម​គ្រឹះ​ស្ថាន​​សិក្សា​នានា​នៅ​ទូទាំង​ប្រទេស​ ដែល​ធ្វើ​ឲ្យ​យុវជន​ទទួល​ស្គាល់​ច្បាស់​ថា ការ​​អប់​រំ​តាម​រយៈចលនា​កាយរិទ្ធិ​ គឺ​ពិត​ជា​មាន​សារៈសំខាន់​ និង​មិន​អាច​ខ្វះ​បាន​ ដែល​ផ្តល់​នូវ​សក្កានុពល​ពេញ​លេញ​ខាង​ផ្លូវ​កាយ​ ផ្លូវ​បញ្ញា​ ផ្លូវ​សង្គម​ ផ្លូវ​ចិត្ត​ និង​ផ្លូវ​អវេគ​ និង​ធ្វើ​ឲ្យ​យុវជន​បាន​អភិវឌ្ឍន៍​ខ្លួន​ ប្រកប​ដោយ​ឆន្ទៈ​ វិរយ
មនៈសិការ ​វិជ្ជាជីវៈ​ ថាមពល​ កម្លាំងកាយ​ ប្រាជ្ញា​ស្មារតី ចំណេះ​ដឹង​ ចំណេះ​ធ្វើ​ ជំនាញ​និមិត្តកម្ម​ និង​នវានុវត្ត​ ដែល​ជា​កត្តា​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ផ្នែក​សេដ្ឋ​កិច្ច និង​សង្គម​កិច្ច​ នា​ពេល​បច្ចុប្បន្ន​ និង​នា​ពេល​អនាគត​ប្រកប​ដោយ​និរន្តរភាព​។​
ជាទី​បញ្ចប់​ជា​មួយ​នឹង​ការ​ផ្តល់​អនុសាសន៍​ណែនាំ​ ដើម្បី​ពង្រីក​ និង​ពង្រឹង​ចលនា​កាយរិទ្ធិ​ ឯកឧត្តម​បណ្ឌិត​ សុខ អាន ក៏ ​បាន​ផ្តល់​នូវ​ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរស​ជន​នានា​ សម្រាប់​ជួយ​ពង្រឹង​ចលនា​​​កាយរិទ្ធិ​ជាតិ​កម្ពុជា​ខេត្ត​កំពង់​ស្ពឺ​ផង​ដែរ ​៕