Tuesday, March 27, 2012

ជំនួបថ្នាក់ដឹកនាំកំពូលកម្ពុជា-មីយ៉ាន់ម៉ា​អះអាង​ពី​ការ​ពង្រឹង​កិច្ច​សហប្រតិ​បត្តិការ​


នុងនាម ​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​ ២០១២​ នេះ កម្ពុជា​បាន​ប្រកាស​ជំហ​រថា មិន​គាំទ្រ​ចំពោះ​​​​ន​យោ​បាយ​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការដាក់ទណ្ឌកម្ម ​សេដ្ឋកិច្ច​លើ​ប្រទេស​ភូមា​។ នេះ​បើ​តាម​ការ​​ឲ្យ​ដឹង​​​របស់​ឯកឧត្តម​ ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​ បន្ទាប់ពី​កិច្ចប្រជុំ​​​បិទទ្វារ​រវាង​សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយឯកឧត្តម​ប្រធានាធិបតី​សហភាព​មីយ៉ាន់ម៉ា​ យូ ថេន​សេន ( U Thein Sein )  កាលពី​ព្រលប់​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១២​។
​ឯកឧត្តម​ ខៀវ កាញារីទ្ធ បាន​នាំ​ពាក្យ​ពី​កិច្ចប្រជុំ ដែល​ប្រារព្ធ​ធ្វើ​​នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​ថា "​កម្ពុជា​មិន​គាំទ្រ​ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ទៅលើ​ប្រទេស​ភូមា​ទេ ព្រោះ​អី​វា​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពល​រដ្ឋ​ភូមា​"​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បាន​លើកឡើង​ថា ឯកឧត្តម​ប្រធានាធិបតី​សហភាព​មីយ៉ាន់ម៉ា​ ក៏​បាន​សម្តែង​ការគាំទ្រដ​ល់​កម្ពុជា ចំពោះ​បេក្ខភាព​សមាជិក​មិន​អចិន្ត្រៃយ៍​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ អង្គការសហប្រជាជាតិ ដែល​នឹង​ត្រូវ​បោះឆ្នោត​នា​ចុងឆ្នាំ​នេះ​ផង​ដែរ​។ សហភាព​មីយ៉ាន់ម៉ា​​ក៏បាន​គាំទ្រ​កម្ពុជា ចំពោះ​ការផ្តួចផ្តើម​បង្កើត​សមាគម​នាំ​អង្ករ​ចេញ ក្នុង​សមាគម​អាស៊ាន​។

​ដោយ​ហៅថា​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​រយៈពេល​១ម៉ោង ៣០ នាទី ​នៅ​វិមាន​សន្តិភាព​រាជធានី​​ភ្នំពេញ​​​ រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន ​សែន​ ​ជាមួយ​ឯក​ឧ​ត្ត​ម យូ​ ថេ​ន ​សេន​ (U ​Thein ​Sein)​ ប្រធានាធិបតី​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា​ ​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​ មាន​លក្ខណៈ​ជោគជ័យ ​និង​ផ្លែផ្កា​ល្អ​នោះ ​ឯកឧត្តម​ ខៀវ កាញារីទ្ធ​ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​មានប្រសាសន៍ថា ​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ថា ​សហគមន៍​អាស៊ាន​នឹង​ចេញ​ជា​រូប ​រាង​ពិតប្រាកដ​នៅ​ឆ្នាំ ​២០១៥​ បន្ទាប់ពី​មីយ៉ាន់ម៉ា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ​២០១៤​ នោះ។​

សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្រ្តី​បាន​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧ​ត្ត​ម យូ ថេ​ន សេន នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ជា​លើកដំបូង​ក្នុងឋានៈ​ជា​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា និង​បាន​សំដែង​នូវ​ការ​ជឿជាក់​ថា ទស្សនកិច្ច​នេះ​នឹង​ពង្រឹង​ថែមទៀត​នូវ​ចំណងទាក់ទង​ជា​មិត្តភាព​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​ផងដែរ។ សម្តេច​តេ​ជោ​បាន​វាយតម្លៃ​ ចំពោះ​ដំណើរការ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម​នៅ​មី​យ៉ាន់​ម៉ា និង​ការ​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ជាមួយ​ក្រុម​ប្រដាប់​ អាវុធ​ជនជាតិ​ភាគ​តិច​​​នៅ​មី​យ៉ាន់​ម៉ា​នោះ។

សម្តេច​តេ​ជោ​ បាន​ជំរាបជូន​ឧ​ត្ត​ម​ប្រធានាធិបតី សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា អំពី​ភាព​រីករាយ​របស់​បណ្ដា​ប្រទេស និង​អង្គការ​ជាច្រើន ដែល​សម្តេច​​បាន​ធ្វើការ​ជាមួយ ​ដូចជា​ ADB​ សហរដ្ឋអាមេរិក និង​ប្រទេស​មួយ​ចំនួន​ទៀត​ ដែល​បាន​គាំទ្រ​​ចំពោះ ​ការវិវត្តន៍​ជា​លក្ខណៈ​វិជ្ជមាន​ នៃ​សភាពការណ៍​នយោបាយ​នៅក្នុង​មី​យ៉ាន់​ម៉ា។ សម្តេច​តេជោ​ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​បាន​ផ្តល់​ស្បៀង​ដល់​ប្រជាជន​កម្ពុជា​ដែល ​រងគ្រោះ​ដោយ​ទឹកជំនន់​នា​ឆ្នាំ ​២០១១​ កន្លង​ទៅនេះ​។

ឯកឧត្តម​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​មានប្រសាសន៍ឲ្យ​ដឹង​ថា នៅលើ​សភាពការណ៍​នយោបាយ សម្តេច​តេ​ជោ​ បាន​ជំរាប ជូន​ឯកឧត្តម​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​អំពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ ​ព្រឹទ្ធសភា​កាលពី​ថ្ងៃទី ២៩ មករា ហើយ​ដែល​ព្រឹទ្ធសភា​នឹង​ចាប់ផ្តើម​ប្រជុំ​នៅក្នុង​ខែ​នេះ ហើយ​កម្ពុជា​​ក៏​កំពុងតែ​រៀបចំ​ធ្វើ​ការបោះ ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់​នៅ​ថ្ងៃទី ៣ មិថុនា​ខាង​មុខនេះ​ផងដែរ។ ចំពោះ​សភាពការណ៍​សេដ្ឋកិច្ច សម្តេច​តេ​ជោ​ បាន​សំដែង​នូវ​ការរីករាយ​ចំពោះ​ការហោះ​ហើរ​ដោយផ្ទាល់​រវាង​មី​ យ៉ាន់ម៉ា-កម្ពុជា ដែលជា​ឱកាស​មួយ​ក្នុង​ការបង្កើន​ភ្ញៀវ​ទេសចរណ៍​សម្រាប់​ប្រទេស​កម្ពុជា។ សម្តេច​តេ​ជោ បាន​សំណូមពរ​ឲ្យ​មានការ​បង្កើន​ថែមទៀត​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ ប្រទេស​ទាំងពីរ ដោយសារ ថា ប្រទេស​ទាំងពីរ​មាន​សក្ដានុពល​ច្រើន ប៉ុន្តែ​ទំនាក់ទំនង​នៅ​មាន​តិច​នៅឡើយ ដោយ​នៅក្នុង​រយៈ​ពេល ៩ ខែ​ដើមឆ្នាំ ២០១១ កម្ពុជា​នាំចេញ​ទៅ​មី​យ៉ាន់​ម៉ា​តែ​ជាង ៣៨ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ នាំចូល​ពី​មី​យ៉ាន់​ម៉ា​វិញ​តែ ១១ ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។សម្តេច​ក៏បាន​សំណូមពរ​​ឲ្យ​មានការ​បង្កើត សមាគម​នាំ​អង្ករ​ចេញ​ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​កម្ពុជា ដោយ​បាន​បញ្ជាក់ថា នៅក្នុង​អាស៊ាន​មាន ស្ថានភាព ២ គឺ ១ ជា​ក្រុម​ដែល​នាំ​អង្ករ​ចេញ និង​សមាជិក​អាស៊ាន ១ ក្រុម​ទៀត​ជា​អ្នក​នាំ​អង្ករ​ចូល ដែល​ការ​សហការ​គ្នា​នេះ​ជា​កិច្ចការ​ដ៏​ល្អ​មួយ​ដើម្បី​អាច​សម្របសម្រួល​ គ្នា​លើ​បញ្ហា​នេះ។

 
សម្តេច​តេ​ជោនាយក​រដ្ឋ​មន្រ្តី​ ក៏បាន​លើកឡើង​ជម្រាប​ឯកឧត្តម​ប្រធានាធិបតី​សភាព​មីយ៉ាន់​ម៉ា​ផង​ដែរ​ ​ពី​បទ​ពិសោធន៍​របស់​កម្ពុជា​ក្រោយពេល​បញ្ចប់សង្គ្រាម ដោយ​បាន​ចំណាយពេល​រាប់​ទសវត្ស​ដើម្បី​កំចាត់មីន ហើយ​កម្ពុជា​បាន​ត្រៀមខ្លួន​ដើម្បី​ជួយ​ដល់​មី​យ៉ាន់​ម៉ា​លើ​ការ ងារ​នេះ បន្ទាប់ពី​មី​យ៉ាន់​ម៉ា​សម្រេច​បាន​នូវ​សន្តិភាព​ក្នុង​ប្រទេស​របស់​ខ្លួន។ 

សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ថា ឆ្នាំនេះ​កម្ពុជា​ជា​ប្រធាន​អាស៊ាន ដូច្នេះ​ការ​ជំរុញ​ស្មារតី នៃ​សហគមន៍​អាស៊ាន​នេះ ត្រូវតែ​ខ្លាំងក្លា ក្នុង​នោះ​គឺ​ការរៀបចំពង្រឹង​​កិច្ចប្រជុំ​​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម(CLMV)​ឲ្យ​កាន់តែ​រឹងមាំ​ថែម ទៀត និង​ឈានទៅ​សមាហរណកម្ម​នៅក្នុង​សហគមន៍​អាស៊ាន​នាពេល​ខាង​មុខ​។

ឯកឧត្តម ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ថា នៅក្នុង​ជំនួប​នោះ ឯកឧត្តម​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​បាន​អបអរ សាទរ​ចំពោះ​ការ​រីកចម្រើន​នូវ​ចំណងទាក់ទង​រវាង​ប្រទេស​ទាំងពីរ ដែលមាន​រយៈពេល​ជាង ៦០ ឆ្នាំ​មក ហើយ​នោះ។ ឯកឧត្តម​ យូ ថេ​ន សេន មានប្រសាសន៍ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ជា​ទំនាក់​ទំនង​មួយ​ដ៏​ល្អ​រឹងមាំ​ទាំង​ ជាមួយ​រដ្ឋាភិបាល រហូតដល់​ទំនាក់ទំនង​បុគ្គល ដែល​នេះ​ជា​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់ ការ​អភិវឌ្ឍ​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​នោះ។ ឯកឧត្តម​ យូ ថេ​ន សេន បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជា​ជន​កម្ពុជា ដែល​បាន​សំដែង​នូវ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ របស់​ឯកឧត្តម នៅក្នុង​ប្រទេស​កម្ពុជា។ ឯកឧត្តម​ យូ ថេ​ន សេន មានប្រសាសន៍ថា នៅពេល​ចូល​ក្រាបបង្គំ​គាល់​ព្រះ មហាក្សត្រ​លោក​ក៏បាន​យាង​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ទៅធ្វើ​ព្រះ រាជ​ទស្សនកិច្ច​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​នៅក្នុង​ឱកាស​សមស្រប​ណាមួយ ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​​ទាំងពីរ​នោះ។

ឯកឧត្តម ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​កម្ពុជា ដែលជា​និច្ចកាល បាន​បង្ហាញ​នូវ​ការគាំទ្រ​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​នៅក្នុង​វេទិកា​តំបន់ និង​វេទិកា​អន្តរជាតិ ហើយ​ដែល​រូប​លោក​សូម​ចងចាំ​ចំពោះ​ការប្រឹងប្រែង និង​គាំទ្រ​របស់​កម្ពុជា​នេះ។ ឯកឧត្តម​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា បាន​ឯកភាព​ដែល​ថា​ ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​នៅ​ទាប ដែល​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវធ្វើ​យ៉ាងណា​បន្ត​ជំរុញ​សហការ​គ្នា​ឲ្យ​បាន​ថែមទៀត។ឯកឧត្តម​ក៏បាន​ គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម ឲ្យ​មាន​សមាគម​នាំ​អង្ករ​ចេញ ដោយ​បាន​បញ្ជាក់ថា ឥឡូវនេះ​ប្រទេស​មី​យ៉ាន់​ម៉ា​កំពុងតែ​រៀបចំ​បង្កើន គុណភាព​ម៉ាស៊ីនកិនស្រូវ​របស់​ខ្លួន ដែល​នាំ​ឲ្យ​មានការ​សង្ឃឹមថា​មី​យ៉ាន់​ម៉ា​នឹង​ជំរុញ​ឲ្យ​មានការ​នាំ ចេញ​អង្ករ​ឲ្យ​បាន​ច្រើន និង​អាច​សហការ​ជាមួយ​កម្ពុជា​លើ​បញ្ហា​នេះ។

ចំពោះ​សភាពការណ៍​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា ឯកឧត្តម យូ ថេ​ន សេន មានប្រសាសន៍ថា មី​យ៉ាន់​ម៉ា បានលើកឡើង​អំពី​ការប្រឹងប្រែង​ធ្វើកំណែទម្រង់​ប្រព័ន្ធ​ទាំង ៣ នៃ​ប្រជាធិរតេយ្យ​នីយកម្ម គឺ កំណែទម្រង់​នីតិ​បញ្ញត្តិ ​នីតិប្រតិបត្តិ និង តុលាការ ដោយ​លោក​បានលើកឡើង​នូវ​សំណូមពរ​ឲ្យ​មាន កិច្ច​សហ​ប្រតិ​បត្តិការ​​រវាង​សភា​ទាំងពីរ​កម្ពុជា-មី​យ៉ាន់​ម៉ា ដែល​បច្ចុប្បន្ន​នេះ​ប្រទេស​ទាំងពីរ​មាន​កិច្ច សហប្រតិ​បត្តិការ​​តែ​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​តែប៉ុណ្ណោះ។ ឯកឧត្តម យូ ថេ​ន សេន ក៏បាន​លើក ពី​ការរៀបចំ​កំណែទម្រង់ ការសម្រួល​នយោបាយ ដោយសារតែ​បច្ចុប្បន្ននេះ មី​យ៉ាន់​ម៉ា​បានធ្វើការ​ដោះ លែង​លោកស្រី អង់​សាន ស៊ូ​ជី ដោះលែង​អ្នក​ទោសនយោបាយ ប៉ុន្តែ​ទណ្ឌកម្មសេដ្ឋកិច្ច​ក៏​នៅ​មិនទាន់ បាន​លើកលែង​ទាំងស្រុង​ទេ ដែល​មី​យ៉ាន់​ម៉ា​កំពុងតែ​ខិតខំ​ថែមទៀត ហើយ​មី​យ៉ាន់​ម៉ា​នឹង​ខិតខំ​ធ្វើ យ៉ាងណា​ឲ្យ​ការបោះឆ្នោត​នៅពេល​ខាងមុខនេះ​ប្រកបដោយ​តម្លាភាព​នោះ។

ឯកឧត្តម យូ ថេ​ន សេន(U Thein Sein)ប្រធានាធិបតី​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បាន អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល ២ ថ្ងៃ(២១.២២-០៣.២០១២) តាម​ការ​អញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​កម្ពុជា៕