Thursday, March 1, 2012

ពិធី​សម្ពោធ​អាគារ​សិក្សា​ថ្មី៣ខ្នង ២ជាន់ ៣០ បន្ទប់ នៅវិទ្យាល័យហ៊ុន សែន ផ្តៅជុំ ឃុំផ្តៅជុំ​​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម វិទ្យាល័យ​ខ្ពប​អាទាវ និង​វិទ្យាល័យ​សំពៅ​ពូន​នៅ​ខេត្ត​កណ្តាល​


អាគារសិក្សា៣ខ្នង ២ជាន់ ៣០បន្ទប់​ ដែល​១ខ្នង​​ ស្ថិត​ក្នុង​​​វិទ្យាល័យ​ផ្តៅជុំ ហ៊ុន សែន ផ្តៅជុំ  ស្រុក​ជើង​ព្រៃ​ខេត្ត​កំពុង​ចាម​ ២ ខ្នង​ទៀត​​ស្ថិត​នៅ​ វិទ្យាល័យខ្ពបអាទាវ ឃុំខ្ពបអាទាវ ស្រុកលើកដែក និងវិទ្យាល័យ​សំពៅពូន ស្រុក​កោះ​ធំខេត្តកណ្តាល​ជាអំណោយ​តាម​រយៈ​មរតក​សាសន៍​រ​បស់សព​លោក ហ្គែតហាត ម៉ូតាលីក (GERHARD MOTALIK)អ្នកនិពន្ធអូទ្រីស តាមរយៈ លោកជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធាន កាកបាទ​ក្រហម​កម្ពុជា​ត្រូវបាន​​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់ ជា​ផ្លូវ​ការ ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ ២០១២ ក្រោម​អធិប​តី​ភាព​​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ​ អាន  ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី​ និងលោកជំទាវ តំណាងដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនាបតីតេជោ​ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ។

លោក វុលហ្គាង កូពេកស្គី (Wolfgang KOPETZKY) អគ្គលេខាធិការ កាកបាទក្រហម អូទ្រីស តំណាង ម្ចាស់ អំណោយ​​ បាន​ចាប់​អារម្មណ៍​សម្តែង​នូវ​ការ​រី​ក​រាយ​ ​ចំពោះពិធី​សម្ពោធ​ប្រគល់ នូវ អាគារ​សិក្សា នាពេល នេះ។ លោក វុលហ្គាង កូពេកស្គី (Wolfgang KOPETZKY) បាន​មាន​ប្រសាសន៍ថា ការអប់រំគឺ ជាធាតុមួយ​យ៉ាងសំខាន់​សម្រាប់ការ​អភិវឌ្ឍន៍​សង្គម​ដោយហេតុ​ថា មាន​ការសិក្សា​ច្រើន​រួមបញ្ចូល​ទាំងកំរិត​យល់ដឹង​នៃ​ការអប់រំ និងជំនាញ​នៃ​ប្រជាជនមាន​ការពាក់ព័ន្ធ​យ៉ាងខ្លាំងទៅ​លើសុខមាល​ភាព​នៃបុគ្គល និង​សង្គម​ជាតិ កំណើន​នសេដ្ឋកិច្ច និងកំរិតជីវ​ភាពសង្គម។ ការអប់រំ​ក៍​អាចបង្កើន​នូវផ្នត់គំនិត ដែល ដែល​យុវជន​អាចបណ្តុះ​នូក្តីស្រមៃ និងក្តី​សង្ឃឹម​សម្រាប់​ពេល​អនាគត។ ការអប់រំ​ក៍មិនអាច​កាត់ផ្តាច់​បានពី​សាលា​រៀន ដែល​ជាទីកន្លែងអាចឲ្យ​យើងធ្វើ​ការអាន និងរៀន​សរសេរ ហើយ​និង​ក្លាយ​​​ជាអ្នកចេះផងដែរ។
ថ្លែងទៅកាន់អង្គពិធី​ដែល​ប្រារព្ធ​ធ្វើ​ឡើង ​នៅ នៅវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ស្ថិតក្នុងឃុំ​ផ្តៅ​ជុំស្រុកជើងព្រៃ​ ខេត្ត​កំពង់​ចាម ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​មានប្រសាសន៍ ចាត់​ទុក​ កាយវិការ​ដ៏សប្បុរ​សធម៌​និង​មានសមាន​ចិត្ត​ដ៏ថ្លៃថ្លា របស់​សព​លោក ហ្គែតហាត ម៉ូតាលីក ព្រមទាំង​ទឹកចិត្ត និង​សកកម្មភាព​គាំទ្រពីកាក​បាទក្រហម​អូទ្រីស រដ្ឋាភិបាល​អូទ្រីស ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ពីកាកបាទក្រហម​កម្ពុជា គឺពិតជា​កាយ​វិការ​ដ៏គួរឲ្យ​គោរព និង​ស្ញប់ស្ញែង​ជាទីបំផុត ដែល​ចូលរួមយ៉ាង​សកម្មក្នុង​បេសក​កម្ម​មនុស្សធម៌​នេះ។  

ឯកឧត្តម​បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា តាមគំនិត​ផ្តួចផ្តើម​របស់លោក​ជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា មរតក​ដែលទទួល​បានពី​លោក ហ្គែហាត ម៉ូតាលីក ត្រូវ​បាន​​ប្រើប្រាស់​សម្រាប់​ជាប្រយោជន៍ សាធារណៈ និង​ប្រជាជន​ខ្មែរយើង​នោះ គឺការ​កសាង​អាគារសិក្សា​ចំនួន ៣ខ្នង ដែលមាន​ប្លង់រួមមួយ ហើយ​មួយខ្នងៗ​មាន​កម្ពស់ ២ជាន់ និងមាន​បន្ទប់រៀនចំនួន ១០ ដែល​សរុបថវិកា​សាងសង់អស់ ៤៥៩.០៤៨ ដុល្លារសហរដ្ឋអាមេរិក ដោយឡែក ​ចំពោះថវិកា​ ដែលនៅសល់​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ជួយ​ដល់​កុមារកំព្រា​ និង​លើក​ទឹកចិត្តឱ្យ​កាកបាទ​ក្រហម​កម្ពុជា​បន្តបំពេញ​បេសក​កម្ម​នេះ ប្រកបដោយ​ជោគជ័យ ពិសេស​គឺ​ជួយ​ដល់​កុមារី ក្រោម​អាយុ ១៤ ឆ្នាំ ដែលគ្មានទីជម្រក។ មុននឹង​​សម្ពោធ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​នូវអគារសិក្សា​ទាំងនេះ យើងទាំង​អស់គ្នាសូម​ឧទ្ទិស​គោរពចំពោះ​វិញ្ញាណក្ខ័ន្ធ​សព​ ព្រមទាំង​នឹកដល់​គុណូបការៈ និង​ទឹក​ចិត្ត​ដ៏សប្បុរ​សធម៌​​របស់​លោក ហែហ្គា ម៉ូតាលីក អតីតអ្នក​និពន្ធ​ជនជាតិ​អូទ្រីស ដែលបាន​ធ្វើ​មរតក​ជូន​កាកបាទ​ក្រហម​កម្ពុជា។

សូម​​បញ្ជាក់ថា លោក ហ្គែហាម៉ូតាលីក (GERHARD MOTALIK) ជាអ្នកនិពន្ធជនជាតិ​អូទ្រីស ដែល​បានទទួល​មរណភាព​នៅថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ២០០៩ និង​​ដែលបាន​ធ្វើអំណោយ​ជាកេរមរតក​ដ៏ថ្លៃថ្លា​ជូន​កាកបាទ​ក្រហម​កម្ពុជា តាមរយៈ​តុលា​ការ​ក្រុងវីយ៉ែន ​ សរុបជា​ថវិកា​ចំនួន​ ៩៩៩.២៩៣,២៣ ដុល្លារសហរដ្ឋអាមេរិក​
ទាក ​ទង​និង​ការ​ផ្តល់​អំណោយ​នេះ​ឯកឧត្តម​បណ្ឌិត សុខ អាន បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា  ដោយ​សារ​បេសកកម្ម និង​សកម្មភាព​មនុស្សធម៌​ពិតៗរបស់​កាក​បាទ​ក្រហម​កម្ពុជានៅ ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​ធ្វើឱ្យ​សាធារណ​ជន​​ទូទៅមាន​ការជឿជាក់​និងចូលរួម ព្រម​ទាំង​មានការ​ទទួលស្គាល់​នៅលើ​ឆាក​អន្តរជាតិ ទើប​ធ្វើឱ្យលោក ហ្គែហាត ម៉ូតាលីកមានការចាប់​អារម្មណ៍​យ៉ាងខ្លាំង។ ខ្លឹម​សារ​សំខាន់​ៗ​នៃ​មរតក​សាសន៍​របស់​លោក ហ្គែហាត ម៉ូតាលីក មាន​សេចក្តី​ជាអាទិ៍ថា ទ្រព្យសម្បត្តិ​របស់ខ្ញុំទាំង​អស់ ទាំងចលនៈ និង​អចលនទ្រព្យ សូមប្រគល់ជូនកាកបាទ​ក្រហម​កម្ពុជា...” ។ ទន្ទឹមនេះ ខ្ញុំសូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កាកបាទ​ក្រហមក ​ម្ពុជា​ ក្នុងការរក្សា​តម្លៃ​មរតកនេះ​ឱ្យ​បាន​​យូរអង្វែង តាមរយៈ​ការកសាង​អគារសិក្សា ៣ខ្នង នៅវិទ្យាល័យ​ខ្ពបអាទាវ ស្រុកលើក​ដែក ខេត្ត​កណ្តាល វិទ្យាល័យ​សំពៅពូន ស្រុក​កោះធំ ខេត្តកណ្តាល និង​វិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម។ កិច្ចខិតខំ​ប្រឹងប្រែង​ទាំង​នេះ គឺពិត​ជាបេសក​កម្ម​ដ៏​ឧត្តុង្គ​​ឧត្តម​ដែលបាន​ឆ្លើយតប​ទៅនឹង​គោលបំណង​​ របស់ម្ចាស់​មរតក ហើយបាន​ធ្វើ​ឱ្យ​​ឈ្មោះ​របស់គាត់ស្ថិតនៅដិតជាប់ជាមួយប្រជាជន និងទឹកដីកម្ពុជាថែមទៀតផង។ ជាមួយគ្នា​នេះ​ដែរ ខ្ញុំសូមគាំទ្រ​ដល់​កាកបាទ​ក្រហម​កម្ពុជា​ក្នុងការ​ប្រើ​ប្រាស់​ថវិកាដែល​ នៅសល់ក្នុង​កញ្ចប់​ថវិកា​មរតក​នេះ សម្រាប់​ជួយដល់​កុមារីគ្មាន​ទីជម្រក ដែល​មានអាយុ​ក្រោម ១៤ ឆ្នាំ។

ដោយ​ឡែក​​លោក​ លន់ លឹមហៃ អភិបាល​រងខេត្ត​កំពង់ចាម បាន​ថ្លែង​​ឲ្យ​ដឹង​​ថា ពិធី​សម្ពោធ​អាគារ​សិក្សា​ថ្មី​​ ស្ថិត​ក្នុង​​​វិទ្យាល័យ​ផ្តៅជុំ ហ៊ុន សែនផ្តៅជុំ  ស្រុក​ជើង​ព្រៃ​ខេត្ត​កំពុង​ចាម នេះគឺជា​សមិទ្ធិផលថ្មី​មួយបន្ថែម​ទៀតសំរាប់​បំរើឲ្យ​វិស័យ​អប់រំ។​ ជាក់​ស្តែង​គ្រាន់តែ​អាគារ​​​សិក្សារបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​លោកជំទាវ​នៅទូទាំង​ខេត្ត​មាន​ចំនួន សរុប ៥៨៤ខ្នង ស្មើនិង ៣០១១ បន្ទប់ ដោយឡែក​នៅស្រុក​ជើងព្រៃ មាន​ចំនួន ២០ ខ្នង មាន​៩​៣បន្ទប់។ ក្នុងនាម​ប្រជាពល​រដ្ឋ​ទូទាំង​ខេត្ត​កំពុង​ចាម​ លោក​ លន់ លឹមហៃ បាន​មាន​ប្រសាសន៍​ថា សូមប្តេជ្ញា​ថែរក្សា សមិទ្ធិផល​ទាំងអស់​នេះឲ្យបាន​គង់វង្ស​សំរាប់​កូនចៅ និង​ពល​រដ្ឋនៅខេត្ត​កំពុងចាម​ជំនាន់​ក្រោយៗទៀត។