Wednesday, April 4, 2012

រដ្ឋមន្រ្តី​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​កម្ពុជា-វៀត​ណាម​ ឯក​ភាព​បង្កើត​ទំនាក់​ទំនង​ផ្ទាល់​តាម​ទូរស័ព្ទ​



ឯកឧត្តម​​បណ្ឌិត សុខ អាន ឧបនាយក​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា និង​ឯកឧត្តម វូ ឌឹក ដាម (Vu Duc Dam) រដ្ឋ ​មន្រ្តី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ បាន​ឯកភាព​គ្នា​នា​ព្រឹក​ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១២ ថា នឹង​បង្កើត​ទំនាក់​ទំនង​គ្នា​ដោយ​ផ្ទាល់​តាម​ទូរស័ព្ទ​ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ រវាង​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី​នៃ​ប្រទេស​ទាំង​ពីរ ឲ្យ​បាន​កាន់​តែ​ជិត​ស្និទ​។

ក្នុង​​ជំនួប​នៅ​វិមាន​មិត្ត​ភាព នៃ​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី​ ឯកឧត្តម វូ ឌឹក ដាម (Vu Duc Dam) ដែល​អម​ដំណើរ​ ឯក​ឧត្តម​​ ង្វៀន តាន់​យុង នាយក​រដ្ឋ​មន្រ្តី​​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ មក​ចូលរួម​សន្និសីទ​កំពូល​អាស៊ាន​នៅ​រាជធានីភ្នំពេញ​ បាន​​កោត​សរសើរ និង​សារទរ​​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ និង​សមិទ្ធផល​នានា​ ដែល​​​ព្រះ​រាជាណាចក្រ​កម្ពុជាសម្រេច​បាន​ ។  ឯកឧត្តម វូ ឌឹក ដាម (Vu Duc Dam) មាន​ប្រសាសន៍​ថា ឯកឧត្តម​មាន​ជំនឿ​ថា កម្ពុជា​នឹង​សម្រេច​ជោគ​ជ័យ​ក្នុង​ការ​រួម​ចំណែក​កសាង​សហគមន៍​អាស៊ាន​ ក្នុង​តួនាទី​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ ពិសេស​ការ​កសាង​ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរវៀតណាម-កម្ពុជា​ ​កាន់​តែ​ល្អ​ប្រសើ​​ថែម​ទៀត​។​ ឯកឧត្តម វូ ឌឹក ដាម (Vu Duc Dam) មាន​ប្រសាសន៍​បន្ត​ថា ឆ្នាំនេះ​ជា​ខួប​ទី​ ៤៥ ឆ្នាំ នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​​ពីរ​(កម្ពុជា-វៀត​ណាម​) ក្នុង​នាម​រដ្ឋ​មន្រ្តី​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី​ ឯកឧត្តម​នឹង​ខិត​ខំ​អនុវត្ត​តាម​ការ​ណែ​នាំ​របស់​នាយក​រដ្ឋ​មន្រ្តី​នៃ​ ប្រទេស​ទាំង​ពីរ​ ពិសេស​ការ​រៀប​ចំ​សន្និសីទ​ធុរជន​រវាង​ប្រទេស​កម្ពុជា​វៀត​ណាម​ នៅ​ពេល​ខាង​មុខ​​​ឲ្យ​បាន​ជោគជ័យ​ ដើម្បី​ជម្រុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​ សេដ្ឋ​កិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​។​ ឯកឧត្តម វូ ឌឹក ដាម (Vu Duc Dam) ក៏​បាន​អញ្ចើញ​ ឯកឧត្តម​​បណ្ឌិត សុខ អាន ​ទៅ​បំពេញ​ទស្សនៈ​កិច្ច​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ ក្នុង​ពេល​វេលា​សមស្រប​ណា​មួយ​។​

មាន​ប្រសាសន៍​ក្នុង​ឱ​កាស​នោះ​ឯកឧត្តម​​បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​ជូនពរ​ ឯកឧត្តម វូ ឌឹក ដាម (Vu Duc Dam) ដែល​ត្រូវ​បាន​តែ​ង​តាំង​ជា​រដ្ឋ​មន្រ្តី​នៃ​ទី​ស្តីការ​គណៈរដ្ឋ​មន្រ្តី នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ និង​បាន​ស្វាគមន៍​វត្តមាន​​របស់គណៈប្រតិភូ​ នៃ​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី​វៀតណាម​នៅ​រាជធានី​ភ្នំពេញ​។​ ឯកឧត្តម​​បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​ថា ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពី​រ​ មានការ​រីក​ចម្រើនទាំង​​គណបក្ស​ រដ្ឋាភិបាល និង​ប្រជាជន​។​ ឯកឧត្តម​​បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍ថា ក្នុង​ឆ្នាំ ២០១២​ នេះ​​ ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ មាន​តម្លៃ ២៨០០ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ គឺ​ច្រើន​ជាង​ប្រទេស​ផ្សេង​ៗ​ ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះរាជា​ណាចក្រ​កម្ពុជា។ ឯកឧត្តម​បណ្ឌិត សុខ អាន សង្ឃឹម ​ថា តម្លៃ​នៃ​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​រវាង​ប្រទេស​ទាំង​ពីរ​នឹង​មាន​កំណើន​ថែម​ ទៀត​នា​ពេល​ខាង​មុខ​។ ជាក់​ស្តែង​ជើង​យន្ត​ហោះ​វៀតណាម​មក​កាន់​ ខេត្ត​សៀម​រាប​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ពេល​ខ្លះ​មាន​កំណើន​ច្រើន​ជាង​ជើង​យន្ត​ហោះ​ពី​ បាងកក​ប្រទេស​ថៃ មក​ខេត្ត​សៀម​រាប​។​ ដោយ​រំលឹក​ឡើង​វិញ​ពីរ​ភ្ញៀវ​ទេស​ចរណ៍​ជប៉ុន​ សាធារណរដ្ឋ​កូរ៉េ​ ដែល​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​ច្រើន​នាពេល​កន្លង​មក​ ហើយ ​តាម​រយៈ​ភ្ញៀវ​ទេស​ចរណ៍​នេះ​ ទំនាក់​ទំនង​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ និង​វិនិយោគ​ពី​ប្រទេស​ជប៉ុន​ និង​កូរ៉េ​មាន​ការ​កើន​ឡើង​នោះ ឯកឧត្តម​​បណ្ឌិត សុខ អាន មាន​ប្រសាសន៍​ថា តាម​រយៈ​ភ្ញៀវ​ទេស​ចរណ៍​វៀតណាម​ ដែល​កំពុង​កើន​ឡើង​ក្នុង​លំដាប់​លេខ​​១ ទំនាក់​ទំនង​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ និង​វិនិយោគ​ពី​ប្រទេស​វៀតណាម​ ក៏​នឹង​កើន​ឡើង​ផង​ដែរ​។ ឯកឧត្តម​​បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍បញ្ជាក់​​ថា ឯកឧត្តម​ និង​លោក​ជំទាវ​ ម៉ែន សំអន ឧបនាយក ​រដ្ឋ​មន្រ្តី​ប្រចាំ​ការ​ នឹង​ទៅ​ធ្វើ​ទស្សន​កិច្ច​​នៅ​សាធារណ​សង្គម​និយម​វៀតណាម​ក្នុង​ឆ្នាំ ២០១២ នេះ​ តាម​ការអញ្ជើញ​។​ ដើម្បី​ឲ្យ​ទំនាក់​ទំនង​រវាង​ទី​ស្តីការ​​ប្រទេស​ទាំង​ពីរកាន់​តែ​មាន​ភាព​ ជិត​ស្និទ​ ឯកឧត្តម​​បណ្ឌិត សុខ អាន បាន​ស្នើ​ឲ្យ​មាន​ទំនាក់​ទំនង​គ្នា​ដោយ​ត្រង់​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ ហើយ​បញ្ហា​នេះ​​ទទួល​បាន​ការ​គាំទ្រ​ពី​សមភាគី​វៀត​ណាម ឯកឧត្តម វូ ឌឹក ដាម (Vu Duc Dam)។​