Thursday, May 3, 2012

ភូមិគំរូ​ត្រូវ​បាន​សម្ពោធ និង​ប្រគល់​ជូន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ឥស្លាម​ចំនួន​៤៩​គ្រួសារ​នៅ​ស្រុក​កោះ​ធំ​ខេត្ត​កណ្តាល



ភូមិ ​គំរូ មួយ​ដែល​មាន ព្រះវិហារ សាលា​រៀន និង​លំនៅ​នៅដ្ឋាន​​ចំនួន ៤៩ ខ្នង​ កសាង​​ឡើង​ដោយ​ គំរោង​សប្បុរសធម៌​នៃ​ សមាគមន៍​សំរប​សំរួល​សង្គម​នៃ​ប្រទេស​គូវ៉ែត សហការ​ជា​ដៃគួ​ដ៏​ល្អជាមួយ​សមាគមន៍​សប្បុរស​ធម៌ដើម្បី​អភិវឌ្ឍ​កម្ពុជា ស្ថិត​ក្នុង​ភូមិ​ប្រធាតុ ឃុំ​ព្រែកស្តី ស្រុក​កោះធំ​ខេត្ត​កណ្តាល ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើ​ប្រាស់​ក្រោម​អធិបតី​ភាព​ឯកឧត្តម​បណ្ឌិត​ សភាចារ្យ សុខ អាន ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី និង​ជាតំណាង​ដ៏​ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹកថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១២។

ក្នុង ​ពិធី​សម្ពោធ​ភូមិ​គំរូ​ ដែល​មាន​តម្លៃ​​ចំនួន ៤៩០,៦០៧.០០ ដុល្លារ​សហរដ្ឋ​អាមេរិក (បួនរយ​កៅសិប​ពាន់​ប្រាំមួយ​រយប្រាំ​ពីរ​ដុល្លារ) សាង​សង់​​​នៅលើផ្ទៃ​ដីសរុប​ប្រមាណ ៦,៤៨០ ម៉ែត្រ​ការ៉េ ឯកឧត្តម​បណ្ឌិត សុខ អាន ឧប​នាយក​រដ្ឋមន្រ្តី ​ ក្នុងនាម​សម្តេច​អគ្គម​ហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​សម្តែង​នូវ​ការ​កោត​សរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លោក​ឧកញ៉ា សុះ កំរី ​ចាងហ្វាង​នៃគណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា ឯកឧត្តម អូស្មាន ហាស្សាន់ ប្រធាន​អង្គការ​​មូលនិធិ​អភិវឌ្ឍន៍​មុស្លិម​កម្ពុជា ព្រម​ទាំង​ឯកឧត្តម លោក​ជំទាវ អស់​លោក លោកស្រី​ ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​សាសនា​​ឥស្លាម ដែលបាន​ខិតខំ​ប្រឹងប្រែង​ដឹក​នាំ​កិច្ចការ​សាសនា​ឥស្លាម  និង​សហគមន៍​សាសនិក​ឥស្លាម​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ឲ្យមាន​ទំនាក់ទំនង​ល្អរវាង​ផ្ទៃ​ក្នុង​សាសនា​ឥស្លាម ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ក៏ដូច​​​ជា​​ទំនាក់ទំនង​ល្អជាមួយ​សាសនា​​ដទៃ ដើម្បី​សុខដុម​នីយកម្ម និងការ​អភិវឌ្ឍ​ប្រទេស​ជាតិ។ ​

ឯកឧត្តម​បណ្ឌិត សុខ អាន បាន ​កោត​សរសើរ និង​ថ្លែងអំណរ​គុណដល់​រាជរដ្ឋា​ភិបាល និង​ប្រជាជន​គូវ៉ែត សមាគម​សម្រប​សម្រួល​សង្គម​នៃ​ប្រទេស​គូវ៉ែត សមាគមស​ប្បុរសធម៌​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា អង្គការ​ប្រភព​ល្អ សមាគម​មនុស្ស​ធម៌​​អាប់​ទុល​ឡោះ​អាន់​ណូរី ​ដែល​បានផ្ដល់​ការគាំទ្រ និង​ជំនួយ​ឧបត្ថម្ភ ជាពិសេស វិស័យ​សិក្សា​ធិការ និង​សង្គម​កិច្ច ក្នុង​ការ​រួម​​​ចំណែក​​​ស្ដារ និង​អភិវឌ្ឍ​សង្គម​ជាតិ​នៅ​កម្ពុជា។

ឯកឧត្តម ​ឧប​នាយក​រដ្ឋ​មន្រ្តី បាន​មាន​ប្រសាសន៍​ចាត់​ទុក​ ការជួប​ជុំគ្នា​នៅថ្ងៃ​នេះជា​សក្ខី​ភាព​បញ្ជាក់​នូវទឹក​ចិត្ត​ស្រលាញ់​ រាប់អាន និង​ការជួយ​គ្នាទៅ​វិញ​ទៅមក​ពី​ សំណាក់​សាសនិក​ឥស្លាម​ក្នុងនិង​ក្រៅ​ប្រទេស ហើយ​ក៏បង្ហាញ​ពីសេរីភាព​ខាងជំនឿ និង​ការគោរព​ប្រតិបត្តិ​ខាង​ផ្លូ​វ​សាសនា​នៅ​ព្រះរា​ជា​ណាចក្រ​កម្ពុជា​ ផងដែរ​។ ឯកឧត្តម​បណ្ឌិត សុខ អាន ​មាន​ប្រសាសន៍​បញ្ជាក់​ថា បងប្អូន​ខ្មែរ​ឥស្លាម​ទាំងអស់​មានសិទ្ធិ​សេរី​ភាព​យ៉ាង​ពេញ​លេញ​ក្នុងការ​ គោរព​ប្រតិបត្តិ​សាសនា​តាម​ជំនឿ​របស់ខ្លួន ការ​សាងសង់​វិហារ ទីកន្លែង​ថ្វាយបង្គុំ មជ្ឈម​ណ្ឌល និង​សាលា​រៀន​ឥស្លាម​ជាច្រើន ជា​ពិសេស ​សិទ្ធិ​គ្របក្បាល​តាមប្រ​ពៃណី​សាសនា​ឥស្លាម​នៅ​តាម​ទីសាធារណៈ សិទ្ធិ​ប្រើប្រាស់​ឧបករណ៍​បំពង​​សម្លេង​តាម​វិហារ​នៅ​រាល់​ម៉ោង​ចូល​ ថ្វាយបង្គំ​គ្រប់​ទី​កន្លែង សិទ្ធិ​ប្រារព្ធ​ពិធីសូត្រ​គម្ពីរគូរអាន​ជា​លក្ខណៈ​​ជាតិ និងសិទ្ធិ​ប្រារព្ធ​ពិធី​បុណ្យទាន​ផ្សេងៗ​តាម​ប្រពៃណី​សាសនា​ឥស្លាម​​​របស់​ បង​ប្អូន​ដោយ​ស្រប​តាម​​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រកម្ពុជា​។​ សមិទ្ធផល​ថ្មីនេះ​ពិត​ជាបាន​រួម​ចំណែក​ដល់​ការកាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ បង​ប្អូន​ ដែល​កន្លង​មកមាន​ជីវភាព​ខ្វះខាត អ្នកខ្លះ​រស់នៅ​លើ​ទូក​នេសាទ អ្នកខ្លះ​ទៀត​រស់​នៅ​​លើ​ខ្ទម​ចាស់​ទ្រុឌទ្រោម​ហើយ​សង់នៅ​លើដី​ជួលទៀត​ផង។ ដើម្បីឲ្យ​សមិទ្ធ​ផល​ទាំងនេះ​ស្ថិត​នៅ​គង់វង្ស និងក្លាយ​ជា​មរតក​សម្រាប់​កូនចៅ សូម​បងប្អូន​មេត្តា​ចូលរួម ​​ថែរក្សា ការពារ និង  ប្រើ​ប្រាស់​​​ឲ្យ​សមស្រប​តាមតម្រូវ​ការឆ្លើយ​តបទៅ​នឹងបំណង​របស់​ម្ចាស់​ ជំនួយ ដូច​មាន​កំណត់​ក្នុង​លក្ខខណ្ឌ​​​ដែល​បាន​ព្រមព្រៀង​រវាងបង​ប្អូន​ជាមួយ​ នឹងម្ចាស់​ជំនួយ និង​ស្របតាម​គោលការណ៍​របស់​សាសនា​ឥស្លាម​​​​ជា​ទី​គោរព​​របស់បងប្អូន។ ឯកឧត្តម​បណ្ឌិត សុខ អាន​ មាន​ប្រសាសន៍​ផ្តល់​ជា​អនុសាសន៍​ថា សូមបង​ប្អូនចង​ចាំ និង​ផ្ដាំផ្ញើទៅ​កូនចៅ​គ្រប់​ៗ​គ្នាថា​សមិទ្ធ​ផល​​ទាំងអស់​នេះ​ ទោះបី​ជាចំណែក​ដ៏តូច​ក៏ដោយ គឺ​សុទ្ធតែ​ជា​សម្បត្តិ​វ៉ាកាហ្វ​​ (Wakaf) សម្រាប់​​បងប្អូន​នៅ​ទីនេះ គ្រាន់​តែ​មាន​សម្បត្តិ​ខ្លះជា​វ៉ាកាហ្វ​រួម ដូចជា វិហារ សាលា​រៀន ស្រះ ជាដើម ហើយ​សម្បត្តិ​ខ្លះជា​វ៉ាកាហ្វ​ពិសេស សម្រាប់​គ្រួសារ​នីមួយៗ​ ដែល​ធម៌​វិន័យ​សាសនា​ឥស្លាម​​បាន ហាម​ឃាត់​ពី​ការ​លក់​ ហាម​ដោះដូរ​ ហាម​​ដាក់​បញ្ចាំ ហាមជួល ​។ល។ ប៉ុន្តែអាច​ក្លាយ​ជាមរតក​ដល់​កូន ចៅ ចៅទួត ចៅលួត តទៅ ក្នុងការ​គ្រប់គ្រង​ និង​ប្រើប្រាស់។ ខ្ញុំមាន​ជំនឿ​យ៉ាងមុត​មាំ​ថា បង​ប្អូន នឹង​ប្រើ​ប្រាស់ ភូមិគំរូ​​ដែល​មានផ្ទះ​ សាលារៀន និង​វិហារនេះ​យ៉ាង​មាន​ប្រសិទ្ធភាព ស្រប​តាមវិន័យ​ធម៌​របស់​សាសនា​ឥស្លាម។

នៅទីបញ្ចប់ ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​ក៏បាន​អញ្ជើញ​ចែក​អំណោយ​ដល់​ប្រជាពល​រដ្ឋ ចំនួន ៤០០​នាក់ ដែល​ម្នាក់ៗ​ទទួល​បាន​សារុង១ និង​ថវិការ ១០០០០​រៀល យុវជន​កាយរឹទ្ធ និង​យុវជន​កាកបាទ​ក្រហម​សរុប ២០០ នាក់ ម្នាក់ៗ​ទទួល​បាន១០០០០​រៀល សិស្សានុសិស្ស​២០០នាក់ ម្នាក់ៗ ទទួល​បាន ១០០០០ រៀល សិស្សា​នុសិស្ស​ឥស្លាម ៥០​នាក់​ទទួល​បាន​ឯកសណ្ឋាន​សិស្ស សៀវភៅ​២ក្បាល ប៊ិច១ ថវិការ ២០០០​រៀល និងបំពាក់​មេដាយ​ឥស្សរយស​ជូន​សប្បុរសជន ព្រម​ទាំងកាត់​ខ្សែបូរ​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់​ភូមិគំរូ​ សម្រាប់​បង​ប្អូន​​ពល​រដ្ឋ​ខ្មែរ​ឥស្លាម​ចាប់​ពីពេល​នេះ​តទៅ។